(ភ្នំពេញ)៖ គោលនយោបាយ៧ចំណុចរបស់បក្សភ្លើងទៀនដែល លោក សុន ឆ័យ អតីតភ្នាក់ងារចារកម្មរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងអង្គសមាជរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភានេះ គ្មានអ្វីថ្មីទាល់តែសោះពោល គឺជាគោលនយោបាយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ឲ្យអនុវត្តជាយូរមក ហើយ។ ជាក់ស្តែង៖
*ចំណុចទី១៖ ស្តីពីសិទ្ធិអំណាច៖ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាឃុំសង្កាត់ គឺជាគោលនយោបាយដែលរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្តជាច្រើនអាណត្តិមកហើយ។ ប្រជាពលរដ្ឋមានសិទ្ធិចូលរួម ឬត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ ឬចូលរួមក្នុងវេទិកាសាធារណ: ដែលរៀបចំដោយមន្ត្រីថ្នាក់ជាតិ និងថ្នាក់ឃុំសង្កាត់ដើម្បីស្តាប់ការ សម្រេចរបស់អាជ្ញាធរ មូលដ្ឋានផង និងផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាផង។
* ចំណុចទី២៖ ស្តីពីសេវា សាធារណៈ ក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានធ្វើកំណែទម្រង់ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ បានឆាប់រហ័ស និងមិនយកកម្រៃ ហើយបើត្រូវបង់សេវាក៏ត្រូវបង់ទៅតាមការកំណត់របស់រដ្ឋ។ ការបង្កើតការិយាល័យ ច្រកចេញចូលតែមួយ គឺជាឧទាហរណ៍ជាក់ស្តែងដែលរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានដាក់ឲ្យអនុវត្តជាច្រើនឆ្នាំមកហើយ និងកំពុងទទួលបានលទ្ធផលដ៏គាប់ប្រសើរ។ ប្រជាពលរដ្ឋកំពុងទទួលផលពីការិយាល័យច្រកចេញចូលតែមួយ តាមរយៈការទទួលបានសេវាឆាប់រហ័ស ងាយស្រួល និង ដោយគ្មានបង់កម្រៃសេវាក្រោមតុឡើយ។
* ចំណុចទី៣៖ ស្តីពីសន្តិសុខសុវត្ថិភាព៖ គ្មានគ្រឿងញៀន គ្មានអំពើអបាយមុខ ក៏គណបក្សភ្លើងទៀនចម្លងចេញពីគោលនយោបាយភូមិឃុំ មានរបស់គណបក្សប្រជាជនកម្ពុជាដែរ។ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលត្រូវបានប្រកាសដាក់ចេញជាច្រើនឆ្នាំមកហើយ គឺសំដៅធ្វើឲ្យភូមិឃុំមានសន្តិសុខ ល្អ គ្មានគ្រឿងញៀន និងអំពើអបាយមុខនានា។ ទោះយ៉ាងណា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលដែលគ្មានប្រទេសណា អាចលុបបំបាត់ទាំងស្រុងបានឡើយរាប់ទាំងមហាប្រទេសជឿនលឿនផងដែរ។
* ចំណុចទី៤៖ ការការពារកម្មសិទ្ធិដីធ្លី និងធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ក្រោយចាកចេញពីរបបខ្មែរក្រហម ពលរដ្ឋខ្មែរគ្មានកម្មសិទ្ធិឯកជនទេ រាប់ទាំងកម្មសិទ្ធិដីធ្លីផង។ ប៉ុន្តែគឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយដែលបានដឹកនាំធ្វើកំណែទម្រង់រៀបចំឲ្យមានកម្មសិទ្ធិឯកជន និង
កម្មសិទ្ធិដីធ្លីរហូតដល់បច្ចុប្បន្ន។
ហើយបើនិយាយពីការធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា គ្មាននរណាអាចធ្វើបានដូចគណបក្សប្រជាជនកម្ពុជានោះទេ។ ចាប់តាំងពីបាតដៃទទេ គ្មានស្បែកជើងពាក់ គ្មានកង់ជិះ រហូតពលរដ្ឋខ្មែរ បាននិងកំពុងរស់ក្នុងភាព សម្បូរសប្បាយ យានយន្តស្ទះណែន ពេញផ្លូវដូចសព្វថ្ងៃ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។
* ចំណុចទី៥៖ ស្តីពីការខ្ចីបុល និងការបង្កើតមូលនិធិជួយជនក្រីក្រ ក៏ជាកិច្ចការដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានធ្វើរួចហើយដែរ។ ជាក់ស្តែង ពលរដ្ឋខ្មែរជាច្រើនបានទទួល ផលពីសេវាកម្ចីឥណទានដើម្បីយក ទៅបង្កើតមុខរបរ អាជីវកម្ម និងទិញផ្ទះសម្បែងជាដើម។ ក្នុងករណីដែលពលរដ្ឋដែលជាកូន បំណុលជួបហានិភ័យ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយ តាមរយៈការសម្របសម្រួលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីពន្យារពេលនៃការសង ឬការរៀបចំឡើងវិញនូវឥណទាន ដូចករណីវិបត្តិកូវីដ១៩ ជាដើម។
និយាយពីមូលនិធិសម្រាប់ជួយគ្នាវិញ គឺមានស្ទើរតែគ្រប់ស្ថាប័ន។ ចំណែកពលរដ្ឋក្រីក្រក៏តែងតែ ទទួលបាននូវការយកចិត្តទុកដាក់ជួយពីសំណាក់អាជ្ញាធរផង កាកបាទក្រហមកម្ពុជាផង និងពីក្រុមការងារ ចុះជួយមូលដ្ឋានផង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផង។ល។
* ចំណុចទី៦៖ ស្តីពីប័ណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ៖ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានអនុវត្តជាយូរមកហើយ តាមរយៈការផ្តល់ប័ណ្ណសមធម៌ជូនដល់ពលរដ្ឋក្រីក្រ និងការចេញកាត «បសស» ដល់បុគ្គលិក និយោជិតក្នុងវិស័យឯកជន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនដើម្បីទទួលបានការព្យាបាលជំងឺដោយឥតបង់ប្រាក់។ ក្រៅពីនោះ ក៏នៅមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់មូលដ្ឋានទៀតផង។
* ចំណុចទី៧៖ ស្តីពីឱកាសដូចគ្នាក្នុងការអប់រំ ក៏រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញជាយូរមកហើយដែរក្រោមទិសស្លោក «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»។ កំណែទម្រង់វិស័យអប់រំក៍កំពុងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
សរុបមកវិញ គោលនយោបាយទាំង៧ចំណុចរបស់គណបក្សភ្លើងទៀន គឺបានចម្លងចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំងស្រុង ពោលគឺបក្សភ្លើងទៀនពិតជាគ្មានធនធានមនុស្សដើម្បីសរសេរជាគំនិតថ្មី ដើម្បីលើកមកឃោសនារក សំឡេងឆ្នោតឡើយ។ នេះជាហេតុផលដែលសកម្មជន និងបេកជន ពេញសិទ្ធិ និងបេក្ខជន បម្រុងសម្រាប់ការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនជាច្រើន បានចាកចេញពីគណបក្សនេះហើយ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕