Wednesday, December 21, 2016

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកើនដល់៥ពាន់លានដុល្លា

ហាណូយ)៖ នៅក្នុងពិធីលៀងសាយភោជន៍ នៅទីក្រុងហាណូយ ដែលនាយករដ្ឋមន្ត្រីវៀតណាមរៀបចំជូននាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ នេះ គឺប្រមុខដឹកនាំ នៃប្រទេសទាំងពីរបានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយបានល្អដើម្បីថែរក្សានូវសុខសន្តិភាព និងពង្រឹងទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអោយកើនឡើង ៥ពាន់លានដុល្លា ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនទៅមុខ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងជំនួបពិភាក្សាគ្នារវាងមេដឹកនាំប្រទេសកម្ពុជា-វៀតណាម ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបោះជំហានទៅមុខនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ នាពេលកន្លងមកដែលនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងជាច្រើនប្រជាជននៃប្រទេសទាំងពីរ ហើយមេដឹកនាំទាំងពីរក៏ បានឯកភាពគ្នាថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺពិតជាមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ប្រជាជាតិទាំងពីរ។ តាមរយៈនោះ មេដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែង។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនេះក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សម្រាប់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើន ទ្វេឡើង ថែមទៀតក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា៕



ប្រមុខដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម មានបំណងជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលបំផុត

(ហាណូយ)៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រាន់ ដាយក្វាង បានបង្ហាញជំហររួមគ្នា ជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យឈានដល់ដំណាក់កាលថ្មីមួយទៀត និងបានសន្យាជាមួយគ្នាថា នឹងជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលបំផុតនោះ។
នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅវិមានរដ្ឋ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាលើកនេះ ជាការបើកផ្លូវម្តងទៀត ក្នុងការទំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏មានបំណងចង់ឃើញប្រទេសទាំងពីរ ពង្រីកឲ្យអស់នូវសក្តានុពល ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យឈានដល់ចំណុចកំពូលផងដែរ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកប្រធានរដ្ឋវៀតណាមបានឯកភាពជាមួយ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ក្នុងស្រទាប់យុវជននៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាឲ្យយុវជន នៃប្រទេសទាំងពីរដែលជាសរសរទ្រូងនៃប្រទេសជាតិ មានទំនាក់ទំនង កិច្ច សហប្រតិបត្តិការឲ្យកាន់តែល្អិតរមួតទ្វេឡើងថែមទៀត។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថ្លែងនូវអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ដែលមកដល់ពេលនេះធនធានមនុស្សដែលវៀតណាម បានជួយបណ្តុះបណ្តាលកំពុងតែមានសមត្ថភាពពិតប្រាកដ ក្នុងការដឹកនាំកសាងប្រទេសជាតិ កំពុងមានអភិវឌ្ឍន៍រីកចំរើនដ៏គួរឲ្យកត់សំគាល់បំផុត៕



FBI បានបង្ហាញដីកាសម្រាប់ការស៊ើបអង្កេតអ៊ីម៉េលគ្លីនតុន

FBI បានធ្វើឯកសារជាសាធារណៈមួយដែលទាក់ទងទៅនឹងរឿងដ៏ចម្រូងចម្រាស់មួយនៃការបើកការស៊ើបអង្កេតឡើងវិញទាក់ទងនឹងអ៊ីម៉េលរបស់ លោកស្រី Hillary Clinton ខណៈដែលបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យបានស្តីបន្ទោសថាកាប្រកាសនៃការស៊ើបអង្កេតនេះហើយជាមូលហេតុធ្វើឱ្យលោកស្រីចាញ់ឆ្នោត។
ការស៊ើបអង្កេតរបស់សហព័ន្ធបានធ្វើឡើងសំដៅលើអ៊ីម៉េលផ្ទាល់ខ្លួនរបស់លោកស្រី Clinton ខណៈពេលដែលលោកស្រីនៅជារដ្ឋលេខាធិការ ដែលត្រូវបានបិទនៅខែកក្កដា ខណៈដែលនាយកគ្រប់គ្រង FBI Jame Comey បានធ្វើនូវសន្និសិទកាសែតមួយដើម្បីពន្យល់ថាហេតុអ្វីបានជាគាត់ផ្តល់យោបល់ថានាយកដ្ឋានយុត្តិធម៌មិនគួរលូកដៃក្នុងរឿងនេះទេ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៨ តុលា លោក Comey បានផ្ញើលិខិតមួយទៅកាន់សភា ដើម្បីជូនដំណឹងអំពីការទាញយកមកវិញនូវអ៊ីម៉េលទាំងឡាយណាដែលត្រូវបានពាក់ព័ន្ធនឹងករណីនេះ។
អ៊ីម៉េលដែលជាដើមចមត្រូវបានរកឃើញនៅក្នុងកុំព្យូទ័រដែលជារបស់អតីតសមាជិកសមាជ លោក Anthony Weiner និងជាជំនួយការរបស់ប្តីលោកស្រី Clinton។ Weiner ត្រូវបានចោទប្រកាន់ពីការផ្ញើរូបភាពអាសអាភាសទៅកាន់អនីតិជន។
តុលាការសង្កាត់ លោក Peter Kevin Castel បានបញ្ជាឱ្យបញ្ចេញដីកាស្វែងរក សំណើររបស់ FBI កាលពីថ្ងៃអង្គារ។
ក្នុងនោះក៏មានការកត់សំគាល់ផងដែរអំពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការបោះឆ្នោត មុននឹងលិខិតរបស់ Comey ត្រូវបានបញ្ចេញ ខណៈដែលរដ្ឋបាលរបស់លោក Obama បានប្រកាសថាសេវា Obama Care នឹងកើនឡើងប្រជាប្រិយភាពខ្លាំងក្នុងឆ្នាំ ២០១៧។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសមជាមួយ​ ប្រធានរដ្ឋសភា វៀតណាម

នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ លោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា លោកស្រី ង្វៀន ធីគីមងិន   ប្រធានរដ្ឋសភាវៀតណាម បានមានប្រសាសន៍ សម្តែង នូវការវាយតំលៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផល នៃជំនួបពិភាក្សាទ្វេភាគីដែលប្រមុខរដ្ឋាភិបាល នៃប្រទេស ទាំងពីរដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តីមកកាន់ប្រទេសវៀតណាមនៅពេលនេះ ពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៣ ដែលបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមមានប្រសាសន៍បន្តថា លោកស្រីមានការសប្បាយរីករាយខ្លាំងណាស់ ដោយបានជួបសន្ទនាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីជាថ្មីម្តងទៀត បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។
នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកស្រីប្រធានរដ្ឋសភា ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោក និងគណៈប្រតិភូ។ លោកបន្តថា លោកពិតជាមានការរីករាយដែលរដ្ឋសភានៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតរមួត ពិសេសការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាគ្នានេះដែរលោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងនូវការកោតសរសើរបំផុត ជូនចំពោះថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម ដែលជារៀងដរាបរៀងមកតែងតែជួយដល់កម្ពុជា ពិសេសក្នុងគ្រាដែលកម្ពុជាជួបប្រទះនូវការលំបាក និងគ្រោះធម្មជាតិនាពេលកន្លងមក៕