Tuesday, December 01, 2020

ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយអត្ថបទមួយដែលថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩»

លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយ ដែលផ្សព្វផ្សាយថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩»។


ទន្ទឹមនឹងការច្រានចោលនេះហើយ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកអ្នកផ្សព្វផ្សាយនេះ យកមកចាត់ការតាមផ្លូវច្បាប់ផងដែរ។


លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចុះផ្សាយអត្ថបទនេះ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់»៕




ម៉ាសរបស់កម្ពុជា ចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត នឹងត្រូវដឹកតាមយន្តហោះ ទៅប្រគល់ជូនរដ្ឋាភិបាលទីម័រឡេស្ត នៅថ្ងៃស្អែក

ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត នឹងត្រូវដឹកតាមយន្តហោះ ទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ។


ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសតាមរយៈ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។


លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ។


គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ។


អំណោយម៉ាស និងសម្ភារបរិក្ខាររបស់កម្ពុជា ប្រគល់ដល់ប្រទេសឡាវ ត្រូវបានដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ចំណែកឯអំណោយម៉ាស និងសម្ភារបរិក្ខារកម្ពុជាប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលឥស្សរជនទាំងពីរសុទ្ធសឹងតែដឹកនាំ តំណាងឱ្យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៕










ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងអ្នកជាសះស្បើយ៣នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។

ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣នាក់ថ្មីនេះរួមមាន៖

* ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

* ស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់បុគ្គលទាំងពីរខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ (ក្នុងចំនួននេះមានរាជធានីភ្នំពេញ ២,១៣១នាក់) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុបដែលបានធ្វើតេស្ត នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤,៨៦៩នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ- ១៩ ថ្មី ចំនួន០៣នាក់ខាងលើនេះដែរ) ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា!។ រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

ដោយឡែកសម្រាប់អ្នកជាសះស្បើយចំនួន៣នាក់វិញរួមមាន៖

* បុរសជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមន្ត្រី ផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ប្រចាំបេសកកម្មនៅ ប្រទេសស៊ូដង់ខាងត្បូង (UNMISS) បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអេត្យូពី (Ethiopia) រួចបានបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

* បុរសជនជាតិហុងគ្រីអាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

* បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ ដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕