Tuesday, November 21, 2017

តាមរយៈការចុះជួបកម្មករដោយផ្ទាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយដោះស្រាយបញ្ហាប្រឈម ដែលត្រូវបានរកឃើញដល់កម្មករភ្លាមៗ

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមហ៊ុនមានកម្មករ-កម្មការិនីខ្មែរ ធ្វើការប្រមាណជាង ១,០០០នាក់ ធ្វើការផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយ ដែលមានឱកាសបានចុះមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកូនក្មួយកម្មករដោយផ្ទាល់ដើម្បីបានដឹងពីស្ថានភាពការងារ និងជីវភាពរបស់កម្មករកម្មការិនី និងបានថតរូបអនុស្សាវរីយ៍ Selfie យ៉ាងរីករាយផងដែរ។

ក្នុងឱកាសនោះផងដែរ លោកក៏បានជួបកម្មការិនីមានផ្ទៃពោះចំនួន២៣នាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រនេះ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភមួយចំនួនសម្រាប់ជួយពេលសម្រាលកូន។ ក្នុងពេលជួបសំណេះសំណាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការចុះជួបដោយផ្ទាល់ជាមួយកូនក្មួយកម្មករនិយោជិតគឺមិនមែនជារឿងចៃដន្យ ឬរឿងកំប៉ិកកំប៉ុកនោះឡើយ។ នេះគឺជាពេលវេលាសមស្របដើម្បីបានស្វែងយល់អំពីស្ថានភាពសុខទុក្ខការងារកូនក្មួយកម្មករផង និងដើម្បីជំរុញគោលនយោបាយឧស្សាហកម្មជាតិ (២០១៥ -២០២៥) ផង។ តាមរយ:កម្មវិធីសំណេះសំណាលនេះ លោក ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមមួយចំនួនរបស់កូនក្មួយកម្មករ-កម្មការិនីក្នុងពេលបម្រើការងារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរកឃើញ និងបានផ្តល់នូវដំណោះស្រាយសមស្របជាបន្តបន្ទាប់ដែលបានធ្វើឱ្យកម្មកររីករាយសប្បាយចិត្តគ្រប់ៗគ្នា។ គួរបញ្ជាក់ថា ចាប់តាំងពីពេលដែលលោកបានអញ្ជើញចុះជួបកូនក្មួយកម្មករ លោកបានដោះស្រាយបញ្ហា និងផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់កម្មករ និងនិយោជិត ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករឱ្យកាន់តែប្រសើរឡើង៕








រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀប ចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាអាណត្តិទី២

កំពង់ឆ្នាំង៖ នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ ឆ្នាំ២០១៧ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព​លោកស្រី ដោក​ សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត  និងលោក ហ៊ី ណាត អភិបាលរងខេត្ត។

អញ្ជើញចូលរួមក្នុងអង្គវេទិកានេះមាន លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកមេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជុំ វិញខេត្ត  លោកប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាល​អភិបាលរងស្រុក លោកប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជា ការផ្នែក សឹករងស្រុក លោកមេបញ្ជាការ PM ស្រុក លោកមេឃុំ ជំទប់ លោកមេភូមិ ជំនួយការភូមិ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ​ សរុបចំនួន ២៨៩ នាក់ ។

អង្គវេទិកាបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក  ដោយធ្វើការផ្សព្វផ្សាយរបាយកាណ៍ វឌ្ឍនភាព កម្មវិធីវិនិយោគ ​ របាយការណ៍៍ចំណូល​ – ចំណាយប្រចាំឆ្នាំ និងរបាយការណ៍បូកសរុបលទ្ធផល ការងារ លើគ្រប់វិស័យ ឆ្នាំ២០១៧ និងបានពិភាក្សាដោះស្រាយនូវបញ្ហា នៅមូលដ្ឋានដោះស្រាយសំណូមពរ របស់តំណាងប្រជាពលរដ្ឋ  ទទួលបានលទ្ធផលល្អ ។

សំណួរ និង​សំណូមពរ​មាន​២៣ ចំណុច និង​ស្រាយបំភ្លឺបាន​២៣ ចំណុច។ ចំពោះ​សំណើរ​ និង​សំណូម​ពរ​ណា​ដែល​អាជ្ញាធរគ្រប់​ជាន់​ថ្នាក់មិនអាច​ដោះស្រាយបាន គឺទទួលយក​ និង​ធ្វើរបាយការណ៍​ដាក់ជូន​ថ្នាក់ជាតិពិនិត្យ និង​ដោះស្រាយ​បន្ត។

សំណូមពរដែល​បាន​លើក​ឡើង​រួមមាន៖ យន្ត​ការ​កែលំអរ​បរិស្ថាន និង​អនាម័យ, ការ​ជម្រុញពន្លឿន​ការ​ធ្វើអត្តសញ្ញាណកម្ម, ការ​លំអរ និង​បង្កើត​ប្រព័ន្ធធារាសាស្ត្រ, ការជួសជុលផ្លូវ​, ការ​តបណ្ដាញអគ្គិសនី, ​ការ​ខ្ចី​បុល​ធនាគារ​ ឬស្ថាប័ន​មេក្រូហិរញ្ញវត្ថុ និង​នីតិវិធីនៃការ​សម្រួល​អត្រានុកូលដ្ឋាន ៕




ខេត្តកំពង់ឆ្នាំង រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី វេទិកាព័ត៌មានទាន់ហេតុការណ៍ និងការប្រើទូរស័ព្ទប្រមូលទិន្នន័យពីគ្រោះមហន្តរាយ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី វេទិកាព័ត៌មានទាន់ហេតុការណ៍ និងការប្រើប្រាស់ទូរស័ព្ទប្រមូលទិន្នន័យពីគ្រោះមហន្តរាយ ក្រោមអធិបតីភាពលោក សៀត គឹមលៀង អភិបាលរងខេត្ត និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលរងក្រុង ស្រុក នាយករងរដ្ឋបាលក្រុង ស្រុក មន្ត្រីមន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីលេខាធិការរដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (PCDM) សុប៤៥នាក់។

ថ្លែងក្នុងឱកាសនោះ លោក សៀត គឹមលៀង បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ណាស់ ដែលទាមទារការផ្ដល់ព័ត៌មានតាមរយៈបណ្ដាញសង្គម និងបណ្ដាញផ្សេងៗទៀត ដើម្បីត្រៀមបង្ការ និងឆ្លើយតបមុនពេល ក្នុងពេល និងក្រោយពេលគ្រោះមហន្តរាយ។
ជាងនេះទៅទៀត លោកបានសំណូមពរឱ្យសិក្ខាកាមដែលបានចូលរួមវគ្គបណ្ដាលនេះ ត្រូវតាមដានឱ្យជាប់គ្រប់មេរៀន ព្រោះវគ្គនេះបាននឹងកំពុងដំណើរការរយៈពេលថ្ងៃដោយចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ម្យ៉ាងទៀតនោះ សូមកុំមានការផ្លាស់ប្ដូរគ្នាឱ្យសោះ។ ថ្ងៃនេះអ្នកនេះចូលរួម ស្រាប់តែថ្ងៃស្អែកប្ដូរអ្នកផ្សេងទៀតចូលរួមវិញម្ដង។ ការផ្លាស់ប្ដូរគ្នាបែបនេះ គឺយើងមិនអាចក្ដាប់បានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
ជាចុងក្រោយ លោកក៏បានសំដែងនូវការរំពឹងទុក និងសង្ឃឹមថាគ្រប់សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ និងសិក្សាបទពិសោធន៍ពីគ្នាទៅវិញ ទៅមកសំដៅរួមគ្នាទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយនៅសហគមន៍ និងមូលដ្ឋានរបស់ខ្លួន៕





(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ អ្នកមិនស្មោះត្រង់នឹងជាតិ តែស្មោះត្រង់នឹងបក្ស

(សូមទស្សនាវីដេអូ) លោក សុខ ឥសាន បានចោទជាសំនួរថា តើឯណាទៅស្តង់ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅលើលោកនេះ?

ច្បាប់រដ្ឋធម្មនុញ្ញចែងថា មិនអាចធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការដូររបបបានឡើយ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាតំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ នៅរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញចែងថា មិនអាចធ្វើវិសោ​ធនកម្មច្បាប់ពាក់ព័ន្ធនឹងការដូររបបបានឡើយ។

ពាក់ព័ន្ធនឹងការលើកឡើងពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះ​ លោក សុខ ឥសាន បានបញ្ជាក់ថា កម្ពុជាអនុវត្តន៍របបសភានិយម ដូចនេះតំណាងរាស្ត្រជាអ្នកជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី គ្មានមូលហេតុត្រូវកំណត់អាណត្តិនាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជារាស្ត្រមានការគាំទ្រនោះឡើយ។ លោកបានលើកឡើងជាសំួរថា ចុះគណបក្សដែលចាញ់ហេតុអ្វីមិនព្រមកំណត់អាណត្តិមេបក្សរបស់ខ្លួនទៅ?






អតីតសមាជិកក្រុមប្រឹក្សាក្រុង ឃុំ សង្កាត់ បក្សសង្គ្រោះជាតិ ក្នុងខេត្តតាកែវចំនួន២៣នាក់ សុំចូលរួមជាមួយគណបក្សប្រជាជន

គិតមកដល់ពេលនេះ អតីតសមាជិកក្រុមប្រឹក្សាក្រុង ឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិ២៣នាក់ហើយ ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ហើយសុំចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សមាជិកទាំងអស់ដែលបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងខេត្តតាកែវ សុទ្ធតែបានអះអាងថា ដោយសារការភ័ន្តច្រឡំ អំពីគោលនយោបាយ និងសកម្មភាពគណបក្សសង្គ្រោះជាតិ ដែលតាមពិត សកម្មភាពទាំងនោះគឹជាការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយថ្មីៗនេះតាមរយៈ វីដេអូឃ្លឹប របស់លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហាញយ៉ាងច្បាស់លាស់ ពីអ្វីៗដែលជាការឃុបឃិត និងធ្វើតាមការរៀបចំរបស់បរទេស ដោយមិនគិតពីមហន្ដរាយដល់ប្រទេសជាតិ និងភាពសុខសាន្ដ របស់ប្រជាជនឡើយ ដូច្នេះទើបពួកគាត់សម្រេចចិត្តមករួម រស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីបានចូលរួមបម្រើប្រជាពលរដ្ឋ ការពារសន្តិភាព និងអភិវឌ្ឍប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា។

អតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ បានចុះចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា រួមមានសមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ០១នាក់ និងសមាជិក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ២២នាក់ ក្នុងនោះមាន៖
១.ស្រុកត្រាំកក់ : សរុប ០៣នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំអង្គតាសោម ២នាក់ និងឃុំតាភេម ០១នាក់, ២ស្រុកបាទី : សរុប ០៣នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំចំប៉ី ០១នាក់ និងឃុំកណ្តឹង ០២នាក់, ៣ស្រុកសំរោង : សរុប០១នាក់ សមាជិកក្រុមប្រឹក្សាឃុំសំរោង ០១នាក់, ៤.ស្រុកគិរីវង់ : ០៣នាក់ ក្នុងនោះសមាជិកក្រុប្រឹក្សាឃុំព្រះបាទជាន់ជុំ ០១នាក់ ឃុំតាអូ ០១នាក់ និងឃុំសោម ០១នាក់, ៥.ក្រុងដូនកែវ : សរុប ០៣នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាសង្កាត់រកាក្រៅ ០២នាក់ និងសង្កាត់រកាក្នុង ០១នាក់, ៦.ស្រុកកោះអណ្តែត : សរុប ០១នាក់ សមាជិកក្រុមប្រឹក្សាឃុំរមេញ ០១នាក់, ៧.ស្រុកបូរីជលសារ : សរុប ០១នាក់ សមាជិកក្រុមប្រឹក្សាឃុំគោកពោធិ៍ ០១នាក់, ៨.ស្រុកទ្រាំង : ០៣នាក់ ក្នុងនោះ សមាជិកក្រុមប្រឹក្សាឃុំព្រៃស្លឹក ០១នាក់ ឃុំសំបួរ ០១នាក់ និងឃុំរនាម ០១នាក់, ៩.ស្រុកព្រៃកប្បាស : សរុប ០២នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំតាំងយ៉ាប ០១នាក់ និងឃុំពោធិ៍រំចាក ០១នាក់, ១០.ស្រុកអង្គរបូរី : សរុប ០២នាក់ សមាជិកក្រុមប្រឹក្សាឃុំគោកធ្លក ០២នាក់ ៕
























កម្ពុជាត្រូវការច្បាប់ដើម្បីកុំឱ្យប្រជាធិបតេយ្យក្លាយជាអនាធិបតេយ្យ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ប្រជាធិបតេយ្យពុំមានស្តង់ដាររួមនោះទេគឺអាស្រ័យលើបរិបទនៃសង្គមនីមួយៗដូចនេះកម្ពុជាត្រូវការច្បាប់ដើម្បីកុំឱ្យប្រជាធិបតេយ្យក្លាយជាអនាធិបតេយ្យ។ លោកបានថ្លែងដូចនេះនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិនៅរាជបណ្ឌិតសភាកម្ពុជា។

លោក គឹម សន្តិភាព បានបញ្ជាក់ថា ច្បាប់រដ្ឋធម្មនុញ្ញបានចែងថាប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ។ លោកបន្ថែមថាប្រជាពលរដ្ឋមានសិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរ ។ល។ ប៉ុន្តែសិទ្ធិនោះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ និងមានព្រំប្រទល់ជាមួយសិទ្ធិអ្នកដទៃ។

លោក គឹម សន្តិភាព ក៏បានបញ្ជាក់ថា យើងត្រូវអនុវត្តន៍សិទ្ធិរបស់យើងដោយមិនឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ​ ឫប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​​ និងសន្តិសុខជាតិបានឡើយ៕




អ្នកនាំពាក្យគណបក្សកាន់អំណាច លើកឡើង៤ចំណុច ដែលឆ្លុះបញ្ចាំងពីសភាពការណ៍កម្ពុជា

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នូវចំណុចសំខាន់ៗចំនួន៤ ដែលឆ្លុះបញ្ចាំងពីសភាពការណ៍ទូទៅនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖

១-រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតនាខែកក្កដា២០១៨ តាមការគ្រោងទុក និងស្របតាមរដ្ឋធម្មនុញ្ញ ដែលក្នុងការបោះឆ្នោតនោះ មានគណបក្សជាច្រេីនចូលរួមប្រកួតប្រជែង ស្របតាមគោលការណ៏ប្រជាធិបតេយ្យសេរីពហុបក្ស ។

២- ទោះបីគ្មានវត្តមានបក្សនយោបាយមួយ ដែលត្រូវបានរំលាយដោយតុលាការកំពូល ក៏នៅមានគណបក្សនយោបាយច្រើនទៀត ធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងស្មើភាពគ្នារវាងគណបក្សនឹងគណបក្សដែរ។ ដូចនេះ លទ្ធិប្រជាធិបតេយ្យនឹងនៅតែមានជីវិតរស់រវើក មិនមែនអត់ពីបក្សប្រឆាំងមួយទៅ ប្រជាធិបតដយ្យនៅកម្ពុជាត្រូវស្លាប់នោះទេ។ ពីមុនឆ្នាំ២០១៣ មិនទានមានវត្តមានគណបក្សសង្គ្រោះជាតិទេ ហេតុដូចម្តេចបានជាកម្ពុជាមានប្រជាធិបតេយ្យទៅបាន?

៣-ស្ថាប័នរដ្ឋសភានៅតែជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា។ ការរំលាយគណបក្សប្រឆាំង និងការបែងចែកអសនៈឲ្យគណបក្សដទៃ គឺអនុវត្តស្របតាមននីតិវិធីដែលមានចែងក្នុងច្បាប់ ដែលកសាងឡើងដោយរដ្ឋសភាជាតិ តំណាងឆន្ទៈរបស់ប្រជាជនពិតៗ។ ចំណែកបក្សប្រឆាំង ដែលបានបោះបង់ចោលឆន្ទៈរាស្ត្រ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ពោលគឺត្រូវតុលាការកំពូលរំលាយនោះឯង។

៤-នយោបាយការបរទេសរបស់កម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺកសាង និងពង្រីកមិត្តភាព សាមគ្គីភាព ជាមួយគ្រប់ប្រទេសលើពិភពលោក ដោយមិប្រកាន់និន្នាការនយោបាយ ព៌ណសម្បុរ ជាតិសាសន៍ ឬប្រទេសតូច-ធំឡើយ។ ទំនាក់ទំនងកម្ពុជាជាមួយមិត្តអន្តរជាតិ គឺឈរលើគោលការណ៍គោរពគ្នា ស្មើភាព ស្មើសិទ្ធិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ដូច្នេះមិនថាអាមេរិក ក៏ដូចប្រទេសចិនដែរ សុទ្ធតែជាមិត្តរបស់កម្ពុជាដូចគ្នា។ ចំពោះជំនួយ កម្ពុជាទទួលយកទាំងអស់ ទោះផ្តល់ដោយប្រទេសណាក៏ដោយ ទោះតិចក្តី ច្រើនក្តី គឺកម្ពុជាស្វាគមន៍ទាំងអស់ ។ ប៉ុន្តែកម្ពុជាមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយបរទេសជាដាច់ខាត ហើយដាច់ខាតមិនលក់ក្បាលឲ្យបរទេស បម្រើបរទេស បំផ្លាញឯករាជ្យ និងអធិបតេយ្យភាពជាតិឡើយ ៕


អតីតជំទប់ទី១ ឃុំមានរឹទ្ធ និងសមាជិកក្រុមប្រឹក្សាស្រុកសណ្តាន់ មកពីគណបក្សសង្គ្រោះជាតិ ប្រកាសសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ធំ៖ អតីតជំទប់ទី១ ឃុំមានរឹទ្ធ ០១រូប និងអតីតសមាជិកក្រុមប្រឹក្សាស្រុកសណ្តាន់ ខេត្ត កំពង់ធំ ០២រូប មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសចុះចូលជាមួយ គណបក្ស ប្រជាជនកម្ពុជាដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស៕





ខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សា​ខេត្ត​ អាណត្តិទី២​ ក្នុងគោលដៅទី៣​

សៀមរាប៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្នុងគោលដៅទី៣ ក្រោមអធិបតីភាពលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សង់ រីហា អភិបាលរងខេត្ត តំណាងអភិបាលខេត្ត និងលោក សឺង គង់ តំណាងអាជ្ញាធរជាតិអប្សរា។ ក្នុងវេទិកានោះក៏មានការចូលរួមពីស្រុកចំនួន៣រួមមាន៖ ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកជីក្រែង ដែលមានសមាសភាពសរុបចំនួន៦៧៥នាក់ ស្រី១៨៦នាក់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាសំខាន់ចំនួន៣ រួមមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទឹកស្អាត អប់រំ ព្រៃឈើក្នុងតំបន់ឧទ្យានជាតិ តម្លៃកសិផល និងប្រព័ន្ធធារាសាស្ត្រដែលកើតឡើងនៅមូលដ្ឋានរបស់ពួកគាត់។

ជាមួយនឹងការលើកសំណួរ សំណូមពរខាងលើត្រូវបានមន្ទីរ អង្គភាពពាក់ព័ន្ធបានឆ្លើយបំភ្លឺនៅនឹងកន្លែងភ្លាមៗ។ ដោយឡែក ចំពោះសំណួរ សំណូមពរជាលាយលក្ខអក្សអង្គវេទិកានឹងឆ្លើយបំភ្លឺនៅពេលក្រោយ។

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្សព្វផ្សាយដល់វេទិកាអំពីការបំពាក់ដៃ-ជើងសិប្បនិមិត្ត ចាប់ថ្ងៃទី២០ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលស្តារសម្បទាខេត្ត។

ជាមួយគ្នានេះដែរ លោកនាយកទីចាត់ការរដ្ឋបាល ក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អំពីបញ្ហាការកែសម្រួលសំបុត្រអត្រានុកូលដ្ឋាន និងការធ្វើមោឃភាពដែលក្រសួងមហាផ្ទៃ បានធ្វើការកំណែទម្រង់ ដោយបានផ្លាស់ប្តូរនីតិវិធីក្នុងការកែតម្រូវពីស្ថាប័នតុលាការ មកកែសម្រួលនៅក្រសួងមហាផ្ទៃវិញ។

សូមបញ្ជាក់បន្ថែមផងដែរថា ការកែតម្រូវសំបុត្រកំណើតត្រូវបញ្ជាក់តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត រួចបញ្ជូនទៅក្រសួងមហាផ្ទៃ៕