សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ចាត់ទុកលំហូរ ទុនវិនិយោគពីវៀតណាមមកកាន់កម្ពុជា នៅតាមវិស័យសំខាន់ៗជាច្រើន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់នូវកាលានុវត្តភាពដល់ប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញទាំងឡាយផងដែរ។
នៅក្នុងឱកាសធ្វើជាអធិបតីរួមគ្នាជាមួយសមភាគីឯកឧត្តម ង្វៀន តាន់យុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមវៀតណាមក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ កម្ពុជា-វៀតណាមលើកទី៤ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំរីករាយចំពោះលំហូរទុនវិនិយោគវៀតណាមមកក្នុងប្រទេសកម្ពុជា ក្នុងទសវត្សរ៍កន្លងទៅនេះ នៅតាមវិស័យសំខាន់មួយចំនួនរួមមានវិស័យធនាគារ និងហិរញ្ញវត្ថុទូរគមនាគមន៍ កសិ-ឧស្សាហកម្ម ទេសចរណ៍ អាកាសចរណ៍ និងសុខាភិបាល។ ការវិនិយោគទាំងអស់ នេះបានចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតការងារ និងការជំរុញកំណើន សេដ្ឋកិច្ចនៅកម្ពុជា»។
ទាក់ទងនឹងការវិយោគលើវិស័យកសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំ សូមសំដែងនូវការកោតសរសើរដោយស្មោះជូនចំពោះបងប្អូនប្រជាកសិករ វិនិយោគិនក្នុងវិស័យម៉ាស៊ីនកិនស្រូវ និងនាំចេញអង្ករ និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានចាប់ដៃគ្នា សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ធ្វើឲ្យអង្ករខ្មែរយើងត្រូវបាន គេទទួលស្គាល់ជាអន្តរជាតិ តាមរយៈការឈ្នះពានរង្វាន់ «អង្ករល្អបំផុតក្នុងលោក» ពីរឆ្នាំជាប់គ្នា ២០១២-២០១៣ នៅក្នុងវេទិកាអង្ករពិភពលោកនោះ ដែលការទទួលបានពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាមោទនភាពជាតិទាំងមូល។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅរបស់យើងក្នុង ការនាំអង្ករចេញឲ្យបានមួយលានតោននៅឆ្នាំ២០១៥ ខាងមុខនេះ ខ្ញុំក៏សូមអំពាវនាវដល់បង ប្អូនប្រជាកសិករ និងតួអង្គដែលមានការពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំបន្ថែមទៀត ជំរុញការផ្សព្វផ្សាយ ក៏ដូចជាការផលិតស្រូវ-អង្ករ ខ្មែរយើងឲ្យបានទាំងបរិមាណ និងគុណភាព។ សម្តេចតេជោថ្លែងថា កំណើននៃការនាំចេញ និងកេរ្តិ៍ឈ្មោះដែលអង្ករយើងទទួលបានក្លាយជាគំរូល្អសម្រាប់ការបើកផ្លូវដល់ដំណាំកសិកម្មផ្សេងទៀត ដែលមានតម្រូវការខ្ពស់ ដូចជាកៅស៊ូ ដំឡូងមី ពោត សណ្តែកសៀង ស្វាយចន្ទី និងម្រេច ដូច្នេះវិស័យកសិឧស្សាហកម្ម ដែលជាអាទិភាពរំពឹងថា នឹងចាក់ឬសបន្ថែមទៀត និងឈានទៅរកការកសាងមូលដ្ឋាន ផលិតកម្មដ៏រឹងមាំមួយ។
ទាក់ទិនទៅនឹងទំនាក់ទំនងលើវិស័យទេសចរណ៍ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ក្នុងឆ្នាំ២០១៣ កន្លងទៅនេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៤.២លាននាក់ ដែលមានការកើនឡើង១៧ភាគរយបើធៀបនឹងឆ្នាំ២០១២ ក្នុងនោះទេសចរវៀតណាមមានចំនួនជាង៨៥ ម៉ឺននាក់។
សម្តេចតេជោថ្លែងថា ភាពសម្បូរបែបនៃមរតកវប្បធម៌ និងប្រវត្តិសាស្ត្ររមណីយដ្ឋាន ធម្មជាតិ និងវប្បធម៌ ដូចជាព្រៃព្រឹក្សា បឹងបួ សមុទ្រ និងទេសភាពមានលក្ខណៈទាក់ទាញបានធ្វើឲ្យកម្ពុជាកា្លយជាទី ចាប់អារម្មណ៍ នៃភ្ញៀវទេសចរ ប៉ុន្តែទោះជាដូច្នេះក្តី កត្តាចម្បង ដែលចូលរួមដល់កំណើនខ្ពស់ប្រកបដោយគុណភាពនៃវិស័យនេះ គឺស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានខិតខំប្រឹង ប្រែងរួមគ្នាកសាង និងថែរក្សានាពេលកន្លងមក។
ទន្ទឹមនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនវិនិយោគវៀតណាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍ថា ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលវៀតណាម ដែលមានឯក ឧត្តម ង្វៀន តាន់យុង ជាប្រមុខនឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជា តាមរយៈការជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានកាន់តែរឹងមាំថែមទៀត នៅក្នុងគោលដៅបន្តជួយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរបស់យើងពិតជានាំមកនូវភាពសម្បូរសប្បាយដល់ប្រទេស និងប្រជាជនយើងទាំងពីរ ហើយចំណងមិត្តភាពកម្ពុជា-វៀតណាមកាន់តែរឹងមាំ និងស្អិតល្មួតតទៅយូរអង្វែង។
សម្តេចតេជោថ្លែងបញ្ជាក់ថា ខ្ញុំមានមោទនភាពនឹងជម្រាបជូនថា ការខិតខំទាំងអស់របស់យើងក្នុងរយៈពេលមួយទសវត្សរ៍ កន្លងទៅបានផ្តល់ផលល្អត្រឡប់មកវិញគួរឲ្យកត់សម្គាល់ដោយបានឲ្យធ្វើមានកំណើនប្រកបដោយស្ថិរភាព និងជោគជ័យជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាមានការជឿជាក់លើខ្លួនឯងថា ឥឡូវនេះយើងកំពុងស្ថិតនៅលើច្រកផ្លូវដ៏សំខាន់មួយ ក្នុងការបោះជំហានទៅមុខឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងប្រកបដោយសុទិដ្ឋិនិយម និងសេចក្តីសង្ឃឹម។
តាមរយៈសុន្ទរកថារបស់សម្តេចតេជោបានឲ្យដឹងថា ក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះកំណើនប្រកបដោយចីរ ភាពក្នុងកម្រិតប្រមាណ ៨% ជាមធ្យមក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១២ សម្រេចបានផលិតផលសរុបក្នុងស្រុកកើនឡើង ៧.៣% ដោយតាមការប៉ាន់ប្រមាណជាបឋម របស់វិទ្យាស្ថានជាតិស្ថិតិកំណើនសេដ្ឋកិច្ចឆ្នាំ២០១៣ នេះអាចនឹងសម្រេចបានចំនួនជាង ៧% ដែលនៅតែជាអត្រាល្អនៅឡើយធៀបទៅនឹងកំណើនសេដ្ឋកិច្ច នៃប្រទេសមួយចំនួនក្នុងតំបន់។ ផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗបានកើនពី ៧៦០ដុល្លារ ក្នុងឆ្នាំ២០០៨ ដល់ជិត ១ ០០០ដុល្លារ ក្នុងឆ្នាំ២០១២ និងជាង ១ ០០០ ដុល្លារ នៅឆ្នាំ២០១៣។
ទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងរយៈពេលមធ្យមយើងរំពឹងទុកថា សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដោយសារតែការខិតខំប្រឹងប្រែងនៃវិស័យសំណង់ វិស័យវាយនភ័ណ្ឌ វិស័យទេសចរណ៍ វិស័យកសិកម្ម និងការពង្រីកវិសាលភាពសេដ្ឋកិច្ចទៅលើវិស័យមិនមែនកសិកម្ម ដែលជាហេតុធ្វើឲ្យយើងអាចរំពឹងទុកបានថា កំណើនទូទៅជាមធ្យមអាចនឹង សម្រេចបានក្នុងរង្វង់ប្រមាណ ៧% ក្នុងមួយឆ្នាំ។
សម្តេចតេជោបានមានប្រសាសន៍វាយតម្លៃ អំពីបញ្ហាដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន និងបញ្ហាប្រឈមថា៖ ប្រសិនបើយើងគ្មានស្ថិរភាព គ្មានភាពដែលអាចប៉ាន់ប្រមាណ អ្នកធុរជន និងវិនិយោគិនគ្មានទំនុកចិត្ត និងគ្មានការជឿជាក់លើសមត្ថភាពក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល។ ដូចគ្នានេះដែរ តើកំណើននៃការវិនិយោគនឹងបន្តកើនឡើងដូចឆ្នាំ២០១៣ ទៀតដែរទេ? ក្នុងខណៈដែល (១) ពួកអគតិមួយចំនួនបន្តបំពុលបរិយាកាសសង្គម (២) ប្រាក់បៀវត្សរ៍កម្លាំងពលកម្មនៃប្រទេសជិតខាងមាន ភាពប្រកួតប្រជែង និងជាពិសេស (៣) ការងើបឡើងនៃប្រទេសមីយ៉ាន់ម៉ា ដែលបាន និងកំពុងបើកទ្វារយ៉ាងទូលំទូលាយធ្វើការ ស្វាគមន៍ការវិនិយោគ។
ដោយឡែក ឯកឧត្តម ង្វៀន តាន់យុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍លើកឡើងពីការវិវត្តន៍ថ្មីៗ នៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគរវាងប្រទេសទាំងពីរ (វៀតណាម-កម្ពុជា) ដែលមានការកើនឡើងជាលំដាប់។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមានប្រសាសន៍ថា បច្ចុប្បន្នគម្រោងវិនិយោគរបស់វៀតណាម មកកម្ពុជាមានចំនួន ១២៨គម្រោង មានទុនវិនិយោគសរុបជិត ៣ ០០០លានដុល្លារ។ ដោយឡែកគម្រោងវិនិយោគរបស់កម្ពុជានៅប្រទេសវៀតណាមមានចំនួន ១៣គម្រោង ស្មើនឹង ៥៤លានដុល្លារអាមេរិក។
ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ផ្តាំផ្ញើសូមឲ្យបន្តគាំទ្រ ការពារអ្នកវិនិយោគនៃប្រទេសទាំងពីរ ដោយយកចិត្តទុកដាក់ក៏ដូចជាការកាត់បន្ថយបែបបទច្បាប់ ការប្រឹក្សាយោបល់សម្រាប់អ្នកវិនិយោគនៃប្រទេសទាំងពីរផងដែរ។ ដោយសំអាងទៅលើសក្តានុពលវិនិយោគផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ដែលប្រទេសទាំងពីរ (វៀតណាម-កម្ពុជា) មាន ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម បានស្នើសុំឲ្យមានការយកចិត្តទុក ដាក់លើបញ្ហាមួយចំនួនមានជាអាទិ៍ ការបង់ពន្ធ និងប្រាក់ជួលដីត្រូវបានតម្លៃថោកសមរម្យ។
បញ្ហាទំនាក់ទំនងរវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ ត្រូវផ្សព្វផ្សាយបែបបទកិច្ចព្រមព្រៀង ទាំងឡាយសម្រួលដល់អ្នកវិនិយោគ ការពារយន្តការពិភាក្សាដោះស្រាយ សម្រាប់អ្នកវិនិយោគផ្លាស់ប្តូរព័ត៌មានបទពិសោធន៍រវាងស្ថាប័នក្រសួង និងអ្នកវិនិយោគពីគ្នាទៅវិញទៅមក ។
រដ្ឋាភិបាលក្រសួងស្ថាប័ននានា នៃប្រទេសទាំងពីរកម្ពុជា-វៀតណាមត្រូវគាំទ្រអ្នកវិនិយោគទុនទាំងនៅប្រទេសវៀតណាម និងកម្ពុជា។ រដ្ឋាភិបាល ក្រសួងស្ថាប័ន នៃប្រទេសទាំងពីរត្រូវចូលរួមថែរក្សាការពារអ្នកវិនិយោគដោយឈរលើច្បាប់ នៃប្រទេសទាំងពីរ។
ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម បានសំដែងនូវក្តីសង្ឃឹមថា សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-វៀតណាមលើកទី៤នេះ នឹងចូលរូមចំណែកធ្វើឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ (វៀតណាម-កម្ពុជា) ឈានដល់ចំនួន ៥ ០០០លានដុល្លារក្នុងឆ្នាំ២០១៥ ខាងមុខនេះ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ កម្ពុជា-វៀតណាមលើកទី៤ តំណាងអ្នកវិនិយោគ នៃប្រទេសវៀតណាមដែលក្នុងនោះរួមមានលោក ជិន វ៉ាន់ម៉ើយ ប្រធានក្រុមហ៊ុនអន្តរជាតិជីកសិកម្មផ្កាយប្រាំ លោក ដុង ឡាំ ប្រធានក្រុមហ៊ុនស្ករ ខាមាដេនូ និងលោក ជិន ហួងវៀត ប្រធានមន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានឡើងធ្វើបទអន្តរាគមន៍លើកឡើងពីបរិយាកាសល្អទាក់ទិនពីកិច្ចការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្ដម ង្វៀន តាន់យ៉ុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ (ថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៤) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕