Friday, April 25, 2014
បទអត្ថាធិប្បាយ៖ គួរបញ្ឈប់ការធ្វើអាជីវកម្មលើសពលោក ឈុត វុទ្ធី !
ជាការខុសឆ្គងបំផុត
ដែលក្រុមបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន នៅតែបន្តចិញ្ចឹមបញ្ហានៅពីក្រោយករណីស្លាប់របស់សកម្មជនការពារព្រៃឈើ
លោក ឈុត វុទ្ធី ដែលបានស្លាប់កាលពី២ឆ្នាំមុន
នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយសារទំនាស់ជាមួយមន្ត្រីកងរាជអាវុធហត្ថម្នាក់
ឈ្មោះ អ៊ិន រតនា ដែលអ្នកទាំងពីរត្រូវបានគេដឹងថា មានអត្តចរិតឆេវឆាវដូចគ្នា
បានបណ្តាលអោយបុរសទាំងពីរនាក់នេះស្លាប់នៅក្នុងព្រៃ
ដោយសារជម្លោះពាក្យសម្តីដ៏ខ្លាំងក្លា និងការមិនយោគយល់អធ្យាស្រ័យគ្នា។
ជាការពិតណាស់ ឈុត វុទ្ធី
ពិតជាត្រូវបានបាញ់សម្លាប់ដោយឈ្មោះ អ៊ិន រតនា ប្រាកដមែន ហើយ បុគ្គលិកម្នាក់របស់ក្រុមហ៊ុនធីមប៊ឺហ្គីន
ឈ្មោះ រ៉ាន់ បូរ័ត្ន ពិតជាបានដណ្តើមកាំភ្លើងពីឈ្មោះ អ៊ិន រតនា
ក្នុងគោលបំណងរាំងស្កាត់កុំឱ្យបាញ់បន្ថែម
ហើយក៏បណ្តាលឱ្យរាលកៃកាំភ្លើង ផ្ទុះត្រូវឈ្មោះ អ៊ិន រតនា
ស្លាប់នៅនឹងកន្លែង
នេះបើតាមលទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មការចម្រុះដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល
លើករណីស្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា
ឆ្នាំ២០១២ ។
គ្មានហេតុផលណាមួយដែលគួរត្រូវបានគេទម្លាក់ការស្លាប់នេះមកលើរាជរដ្ឋាភិបាល
ថា ជាអ្នកបង្កឡើងនោះទេ សូម្បីទាំងការចោទប្រកាន់ថា ការស្លាប់របស់ ឈុត
វុទ្ធី វាជាការគំរាមកំហែងទៅលើសកម្មជនការពារព្រៃឈើ
ពីព្រោះហេតុផលនៃការស្លាប់នោះវាជាករណីនៃការប្រឈមមុខដាក់គ្នា
បណ្តាលមកពីចិត្តខ្លាំងរៀងៗខ្លួន និងវាជាជម្លោះបុគ្គល
មិនពាក់ព័ន្ធជាមួយនឹងការបញ្ជាពីអ្នកណាម្នាក់ឡើយ។
នៅលើសាកសពរបស់លោក ឈុត វុទ្ធី មានសញ្ញាមួយចំនួនគួរឱ្យកត់សម្គាល់
ជាមួយនឹងសម្ភារៈផ្សេងៗ ដែលបង្ហាញពីចរិតនៃបុគ្គលរឹងរូស ។ លោក ឈុត វុទ្ធី
បានចាក់សាក់ពាសពេញខ្លួន កាលនៅរស់ ហើយត្រូវបានគេដឹងថា គាត់ គឺជាជនដែលមានអត្តៈចរិតកាចសាហាវ
សម្តីច្រឡោងខាម និងនៅជាប់ខ្លួនមានប្រើប្រាស់អាវុធខ្លីធុន
ប៉េអាម៉ាប់១ដើម គ្រាប់១៩គ្រាប់នៅក្នុងបង់។ ពិតមែនហើយថា
ផ្នែកខ្លះនៃសកម្មភាពរបស់គាត់ជាអ្នកការពារពីការកាប់បំផ្លាញព្រៃឈើ
ប៉ុន្តែ លោកក៏ជាផ្នែកមួយដែលបានទទួលផលចំណេញជាច្រើនពីការងារនោះ ទាំងលុយកាក់
និងកេរ្តិ៍ឈ្មោះ។ លោកឈុត វុទ្ធី
ជាប្រធានអង្គការមួយប៉ុណ្ណោះ តើហេតុអ្វីបានជាគាត់មានអាវុធនៅជាប់នឹងខ្លួន?
មុននឹងឈានដល់ការស្លាប់របស់ ឈុត
វុទ្ធី និងមន្ត្រី PM ឈ្មោះ អ៊ិន រតនា។ ករណីនេះ
កើតឡើងដោយសារ ឈុត វុទ្ធី បានលបចូលថតរូប
ដោយគ្មានការអនុញ្ញាតិពីម្ចាស់ទីតាំងក្រុមហ៊ុនមួយ ភ្លាមៗនោះ ឈ្មោះ
រ៉ាន់ បូរ័ត្ន និង អ៊ុន ឆន បុគ្គលិកក្រុមហ៊ុននោះ បានហាមឃាត់
មិនព្រមស្តាប់ និងបានទាមទារដកយកម៉េម៉ូរីក្នុងម៉ាស៊ីនថត ហើយ ឈុត
វុទ្ធី មិនព្រមឱ្យ និងពុំព្រមសម្របសម្រួល រហូតបង្កទំនាស់
រាលដាលដល់ឈ្មោះ អ៊ិន រតនា ក៏បានបង្កការបាញ់សម្លាប់តែម្តង។ ប៉ុន្តែ ឈ្មោះ
អ៊ិន រតនា ក៏បានស្លាប់ភ្លាមៗដែរនៅពេលដែលឈ្មោះ រ៉ាន់ បូរ័ត្ន ហក់ចូលទៅដណ្តើមកាំភ្លើង
ហើយកាំភ្លើងនោះក៏បានរាលកៃត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នាជាមួយមន្ត្រីកងរាជអាវុធហត្ថម្នាក់
កាលណោះ លោក ឈុត វុទ្ធី មានកាយវិកាកោងកាច និងព្រហ៊ើន ស្រែកគំរាមគេ
និងថា បើហ្នែងចង់បាញ់ បាញ់មក..... មន្ត្រី PM ឈ្មោះ អ៊ិន រតនា
ក៏ជាមនុស្សឆេវឆាវស្រាប់ដែរនោះ ក៏ស្ទុះទៅក្បែររថយន្ត និងយកកាំភ្លើងបាញ់ទម្លុះរថយន្ត
បណ្តាលឱ្យស្លាប់ ឈុត វុទ្ធី ដែលស្ថិតនៅក្នុងរថយន្តនោះ)។
ដោយយោងលើលទ្ធផលស៊ើបអង្កេតដ៏សុក្រិត
និងដែលត្រូវបានបើកកកាយ បញ្ជាក់បង្ហាញយ៉ាងច្បាស់លាស់ដោយសាក្សីឃើញផ្ទាល់ភ្នែកនៅនឹងកន្លែងកើតហេតុ
ជាមួយនឹងការប្រមូលចងក្រងភ័ស្តុតាង
និងចុះស្រាវជ្រាវផ្ទាល់ដោយក្រុមអ្នកជំនាញ និងមានការសហការជាមួយមន្ត្រីតុលាការផងនោះ រហូតមកដល់ពេលនេះ
គឺគ្មានភាពមន្ទិលណាមួយទៀតឡើយជុំវិញករណីស្លាប់របស់លោក ឈុត វុទ្ធី
ហើយជនដែលពាក់ព័ន្ធនឹងករណីស្លាប់នេះ ក៏បានស្លាប់
និងម្នាក់ទៀតក៏បានទទួលទោសព្រហ្មទណ្ឌរួចហើយដែរ
ពីបទមនុស្សឃាដដោយអចេតនា គឺលោក រ៉ាន់ បូរ័ត្ន ។
ខ្ញុំសូមការអនុញ្ញាតិលើកយកបញ្ហានេះ
មកបង្ហាញជាថ្មីដោយសារតែក្រុមបក្សប្រឆាំង សកម្មជនអ្នកគាំទ្រលោក ឈុត
វុទ្ធី មួយចំនួន និងអង្គការសង្គមស៊ីវិលខ្លះ មិនព្រមទទួលយកការពិត ហើយខំប្រឹងពង្រីកបន្ថែម
ដោយការបំភ្លៃហេតុការណ៍ដើម្បីបំរើផលប្រយោជន៍បក្ខពួក
និងក្រុមរបស់ខ្លួន។
ក្នុងករណីស្លាប់របស់លោក ឈុត
វុទ្ធី មិនមានអង្គការសិទ្ធិមនុស្សណាមួយចេញមុខមកអះអាងថា
ខ្លួនមានភ័ស្តុតាងយ៉ាងនេះ ឬយ៉ាងនោះ ដាក់ជូនតុលាការ
ដើម្បីបញ្ជាក់ពីការស្លាប់នោះ ដូចអ្វីដែលពួកគេបានមួលបង្កាច់មកលើរាជរដ្ឋាភិបាលនោះឡើយ។
សកម្មភាពនៃការធ្វើអាជីវកម្មរបស់ពួកគេ
បានឆក់យកសាកសពស្ទើរតែគ្រប់ករណីទាំងអស់ និងបិទបាំងការពិត
ផ្លុំបំប៉ោង និងជួយផ្សព្វផ្សាយបន្ទរដោយបណ្តាញឃោសនាដែលគ្មានវិជ្ជាជីវៈ
ក្នុងនោះ មានវិទ្យុអាស៊ីសេរី ក៏បានក្លាយជាឧបករណ៍បំពងសំឡេងលើករណីនេះផងដែរ។
ការផ្សព្វផ្សាយក្នុងករណីស្លាប់ ដោយគ្រាន់តែបំរើនយោបាយប្រឆាំង
និងការសម្អុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល
ត្រូវបានអ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរីមួយចំនួនប្រចាំនៅកម្ពុជា និងនៅឯវ៉ាស៊ីនតោនឌីស៊ី
សហរដ្ឋអាមេរិក
បានធ្វើការសហការយ៉ាងស្អិតរមួតក្នុងការតាក់តែងជាសាច់រឿងដ៏វែងអន្លាយ
និងពោរពេញទៅដោយទេពកោសលក្នុងការច្នៃប្រឌិត ពីហេតុការណ៍ពិតឱ្យទៅជាមិនពិត
និងប្រែពីរឿងមិនពិត ផ្សែផ្សំបន្លំគេឯង ឱ្យស្តាប់ទៅហាក់ដូចជាពិតមែនទែន។
ពួកគេបង្កើតសាច់រឿងនេះឡើង គឺដើម្បីសម្អុយ អំពីកម្ពុជា ជារៀងរាល់ពេលវេលា
និងស្ទើរតែគ្រប់រដូវកាល ដើម្បីអ្វីមួយដែលពួកគេទទួលបានប្រាក់ខែនៃការងាររបស់ខ្លួន
ហើយលុយទាំងអស់នោះផ្តល់ឱ្យដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ពិតមែនហើយថា
ក្រុមអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអាស៊ីសេរីទទួលប្រាក់ខែពីអាមេរិក
ប៉ុន្តែ ពួកគេមិនត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែប្រាក់ខែ
និងភាពល្អមើល
បើទោះជាប្រទេសជាតិត្រូវវឹកវរ ចលាចលដោយឥទ្ធិពលនៃព័ត៌មានពីសរបស់ពួកគេនោះទេ
ពួកគេអាចប្រឈមនឹងផ្លូវច្បាប់នៅថ្ងៃណាមួយ ដើម្បីបកស្បែកព្រមាន ជាការឆ្លើយតបទៅនឹងភាពទុច្ចរិតរបស់ខ្លួន
ដែលមិនគោរពក្រមវិជ្ជាជីវៈសារព័ត៌មាន។
ដូចគ្នានេះដែរ ក្រុមអ្នកនយោបាយប្រឆាំង គួរបញ្ឈប់ទៅនូវវប្បធម៌ធ្វើអាជីវកម្មលើសាកសព
។ ទង្វើបែបនោះ វាគ្មានតម្លៃណាមួយដែលអ្នកនយោបាយសុចរិតត្រូវប្រកាន់យក
ដោយពុំផ្អែកលើហេតុការណ៍ពិតនោះទេ។
ភាពថ្លៃថ្នូរ កិត្តិយស កេរ្តិ៍ឈ្មោះរបស់បុគ្គលដែលគោរពច្បាប់
និងស្រឡាញ់ប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ ហើយពិតជាគិតគូរឧត្តមប្រយោជន៍ជាតិពិតប្រាកដ
គេមិនយកល្បែងភូតកុហក ធ្វើការផ្សព្វផ្សាយ បំពុលសាធារណមតិនោះទេ។
សំណុំរឿងករណីស្លាប់របស់ ឈុត វុទ្ធី និងមន្ត្រី PM អ៊ិន រតនា ត្រូវបានបិទបញ្ចប់ហើយ
ដោយមូលហេតុ គឺជនបង្កបញ្ហាទាំងពីរនាក់បានស្លាប់ទៅជាមួយគ្នា
ដោយសារជម្លោះបុគ្គលទាស់ទែងគ្នា។
ដូច្នេះ
គ្មានហេតុផលអ្វីដែលថា ឃាតករដែលបានបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅមិនទាន់ត្រូវបានវែកមុខរកឃើញនោះទេ។
យ៉ាងណាមិញ កាជួបជុំរបស់ក្រុមសកម្មជនព្រៃឈើមួយចំនួននៅទីកន្លែងស្លាប់របស់លោក
ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤នេះ វានឹងមិនមានប្រយោជន៍អ្វីសម្រាប់យុត្តិធម៌ក្នុងករណីស្លាប់នោះទៀតឡើយ
ដោយសារហេតុផលជុំវិញការស្លាប់នោះត្រូវបានលាតត្រដាងចប់សព្វគ្រប់អស់ហើយ
រួមជាមួយនឹងចំណាត់ការរបស់តុលាការត្រឹមត្រូវតាមនីតិវិធីផ្លូវច្បាប់នាពេលកន្លងមកផងដែរ។
ហេតុនេះ សូមអ្នកនយោបាយប្រឆាំង និងសង្គមស៊ីវិលមួយចំនួន
គួរគិតពិចារណាឡើងវិញ និងអាចនិយាយបានថា គួរល្មមដល់ពេលឈប់បង្កទំនាស់
និងការបែកបាក់សង្គមជាតិ
និងក៏ល្មមដល់ពេលបិទបញ្ចប់ទំព័រភូតកុហករបស់ខ្លួន
ហើយងាកមកទទួលយកនូវការពិតផង ដើម្បីភាពរីកចំរើន និងអភិវឌ្ឍនៃសង្គមជាតិ។ ឈុត
វុទ្ធី គួរបានទៅចាប់ជាតិកំណើតថ្មីនៅសុគតិភព។ វិញ្ញាណរបស់គាត់
មិនមែនស្ថិតនៅសម្រាប់ធ្វើជាខ្ញុំកញ្ជះរបស់អ្នកនយោបាយបោកប្រាស់បង្កដោយក្រុមគណបក្សប្រឆាំង
និងបក្ខពួកដែលកំពុងតែកេងចំណេញនោះទេ៕
អត្ថបទ៖
សុខ សំណាង
(អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា)
Subscribe to:
Posts (Atom)