Wednesday, November 22, 2017

រាជរដ្ឋាភិបាលកំពុងធ្វើកិច្ចការ៥យ៉ាងសម្រាប់កម្មករនៅក្រៅប្រទេស

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួនជាង ១ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីជាផលប្រយោជន៍របស់ពលករខ្មែរនៅក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើនូវកិច្ចការ៥យ៉ាង ក្នុងការលើកកម្ពស់ជីវភាពពលករខ្មែរ នៅពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការ៥យ៉ាងដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើនាពេលនេះរួមមាន៖
ទី១- រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ បាននិងកំពុងខិតខំជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីធានាបាននូវផលប្រយោជន៍ស្របច្បាប់ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលមិនទាន់ស្របច្បាប់ និងចាត់តាំងទីប្រឹក្សាការងារនៅតាមស្ថានទូតកម្ពុជានៅបរទេសជាដើម។
ទី២- រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយប្រទេសដៃគូ ទទួលស្គាល់ជំនាញទៅវិញទៅមកដូចជាកម្ពុជា-ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ជាងកំបោរ និងបណ្តាញអគ្គីសនី។ នៅសាធារណរដ្ឋកូរ៉េផ្តល់ឱកាសឱ្យពលករទៅរៀនបន្ថែមនៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់បន្ទាប់ពីត្រឡប់មកកម្ពុជាវិញអាចមានជំនាញច្បាស់លាស់។
ទី៣- រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម។ នៅប្រទេសថៃ ពលករខ្មែរទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងសុខភាព។ នៅសាធារណរដ្ឋកូរ៉េ ពលករខ្មែរទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងជីវិត និងសំបុត្រយន្តហោះ។ ពលករខ្មែរស្របច្បាប់នៅគ្រប់ប្រទេសដែលមានគ្រោះថ្នាក់ដល់ជីវិតទទួលបានសំណងស្របតាមច្បាប់ ហើយពលករស្របច្បាប់ទាំងអស់ អាចផ្ទេរប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារនិងធានារ៉ាប់រងសុខភាពមកក្រុមគ្រួសារពលករនៅស្រុកកំណើត។
ទី៤- រាជរដ្ឋាភិបាល កំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តរបបសោធននិវត្តន៍ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទានពីបេឡាជាតិរបបសន្តិសុខសង្គមពីប្រទេសមួយបន្ទាប់ពីចប់កិច្ចសន្យាការងារដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។ ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេសនឹងបានទទួលរបបដូចពលករដែលធ្វើការនៅក្នុងប្រទេសដែរចាប់ពីឆ្នាំ២០១៩ទៅ។
ទី៥- រាជរដ្ឋាភិបាលកំពុងសម្រួលបែបបទជូនពលករនៅក្រៅបរទេសអាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេសធ្វើជាតំណាងដើម្បីស្នើសុំធ្វើលិខិតថ្កោលទោសឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដោយមិនចាំបាច់សាម៉ីខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ។ ដោយឡែកពលករដែលធ្វើការនៅប្រទេសថៃ ត្រូវបានអនុវត្តន៍ឱ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវដើម្បីបំពេញបែបបទស្របច្បាប់៕




សាខាកាំកុងត្រូលខេត្តស្វាយរៀង បន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សនៅវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស

ស្វាយរៀង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារនៃសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម, អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន សាមគ្គី ដូនស ស្ថិតក្នុងស្វាយជ្រុំ ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង៥០០នាក់។
ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះ មានសារៈសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយ អគ្គនាយកដ្ឋានកាំកុងត្រូល។
ការទទួលខុសត្រូវលើ«សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវ ផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយចំនួន៥០០ផ្ទាំង។
បន្ថែមពីនេះ នៅថ្ងៃដដែល ដោយបានកិច្ចសហការពីគណៈកម្មការផ្សារ ក្រុមការងារក៏បានបន្តចុះទៅធ្វើការអង្កេតទីផ្សារដូនស ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ។ ក្នុងនោះក្រុមការងារក៏បានធ្វើតេស្តបឋមលើផលិតផលមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងម្ហូបអារហារ។
ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីត្រូវបានរកឃើញឡើយ តែក្នុងនោះក្រុមការងារក៏បានដកហូតទៅតាមនីតិវិធី នូវផលិតផលមួយចំនួន ដែលមានសភាពមិនប្រក្រតី និងខូចគុណភាព សរុបប្រមាណជាង៣០គីឡូក្រាម សម្រាប់ធ្វើការកំទេចចោល៕










(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសសារជាថ្មីថាកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ

អតីតសមាជិករបស់គណបក្សសង្គ្រោះជាតិ បាន​ដើរចេញ​ជាបន្តបន្ទាប់​ ដើម្បីមកសុំរួមរស់​ជាមួយ​គណបក្សប្រជាជនកម្ពុជា​ស្រុកគិរីវង់​

តាកែវ៖ អតីតសមាជិកក្រុមប្រឹក្សាឃុំសោមម្នាក់ សមាជិកក្រុមប្រឹក្សាឃុំព្រៃអំពកម្នាក់ និងជំទប់ទី២ ឃុំគិរីចុងកោះមា្នក់បន្ថែមទៀតរបស់គណបក្សសង្គ្រោះជាតិដែលទើបរំលាយ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ ដោយសារតែពួកគាត់ បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។

គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានប្រកាសស្វាគមន៍ និងទទួលសមាជិក សមាជិកាថ្មីជាបន្តបន្ទាប់មកពីគណបក្សសង្គ្រោះជាតិ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់លោក កឹម សុខា មេបក្សរបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ នៅតែបន្តស្វាគមន៍ដល់បងប្អូនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀត ដែលមានឆន្ទៈរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាជនដោយស្មោះស្ម័គ្រ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

រហូតមកដល់ពេលនេះ អតីតសមាជិកក្រុមប្រឹក្សាឃុំ និងជំទប់ឃុំ របស់គណបក្សសង្គ្រោះជាតិ ដែលសុំមករួមរស់ជាមួយគណបក្សប្រជាជន ស្រុកគិរីវង់ មានចំនួនសរុប ០៥ នាក់រួមមាន៖
១- លោក តាក ឈៀន សមាជិកក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ ។
២- លោក សុខ លេង ជំទប់ទី២ ឃុំតាអូរ។
៣- លោក ង៉ែត សារ៉ន សមាជិកក្រុមប្រឹក្សាឃុំសោម។
៤- លោក នួន នាន សមាជិកក្រុមប្រឹក្សាជុំព្រៃអំពក។
៥- លោកស្រី កាន់ សុខន ជំទប់ទី២ ឃុំគិរីចុងកោះ៕






លោក សុខ ឥសាន​៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែរឹងមាំ ក្រោយបក្សប្រឆាំងត្រូវបានរំលាយដោយតុលាការកំពូល

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ បានលើកឡើងថា នៅពេលមាន គណបក្សប្រឆាំងធ្វើសកម្មភាព គណបក្សប្រឆាំងមួយនេះមិនបានអនុវត្ត ឱ្យត្រឹមត្រូវតាមតួនាទី របស់ខ្លួនជា គណបក្សនយោបាយនោះទេ តែ​បែរជាដើរតាមការគូសវាស និងធ្វើតាមបញ្ជា របស់ពួកបរទេសប្រព្រឹត្ត តែ អំពើរំលោភច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ រហូតដល់ខ្លួនមានបញ្ហាចំពោះមុខច្បាប់ បែរជាចោទ រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចទៅវិញជាអ្នកធ្វើទុក្ខបុកម្នេញខ្លួន ហើយបានចាត់ទុកខ្លួនឯងដែល ជាអ្នកល្មើសច្បាប់បែរទៅជាជនរងគ្រោះ និងទទួលការគំរាមកំហែងពីគណបក្សកាន់អំណាចទៅវិញ ។
លោក សុខ ឥសាន បាន​បន្ថែម​ថា ដោយសារអំពើល្មើសច្បាប់ធ្ងន់ធ្ងរ ជាពិសេសទង្វើក្បត់ជាតិ នេះ​ហើយទើប គណបក្សប្រឆាំងមួយនេះ ត្រូវប្រឈមមុខចំពោះច្បាប់ស្តីពីគណបក្សនយោបាយ ហើយត្រូវបានរំលាយ ដោយតុលាការកំពូល និងបានហាមថ្នាក់ដឹកនាំគណបក្សរបស់ខ្លួនចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ ឆ្នាំ ។  លោក សុខ​ ឥសាន បាន​សង្កត់​ធ្ងន់ថា បន្ទាប់ពីគណបក្សនេះត្រូវបានរំលាយ ប្រៀបបាន នឹងមេឃខ្មៅងងឹត បែរប្រែមកជាស្រឡះល្អ លែងមានភ្លៀងរលឹម និងខ្យល់ព្យុះបក់បោកដូចមុនទៀតហើយ ។ ដូច្នេះ ក្រោយគណបក្សប្រឆាំងត្រូវបានរលាយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែរឹងមាំ និងដំណើរការ ដោយរលូនដដែល និងកាន់តែមានលក្ខណៈល្អប្រសើរជាងពេលមុនៗ ទៀតផង  ពីព្រោះកម្ពុជា​ លែងមាន អ្នកយកជើងរាវទឹកតទៅទៀតហើយ ៕

វីដេអូអតីតជំទប់ទី១គណបក្សសង្គ្រោះជាតិ ឃុំគោកព្រីង ស្រុកស្វាយជ្រំ និយាយពីមូលហេតុដែលសម្រេចចិត្តចាកចេញពីបក្ស មករួមរស់ជាមួយគណបក្សប្រជាជន



នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សូ ស៊ាប អតីតជំទប់ទី១គណបក្សសង្គ្រោះជាតិ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបញ្ចេញមតិថា កាលពីមុនលោកនៅក្នុងគណបក្សសង្គ្រោះជាតិ ព្រោះមិនបានដឹងពីទង្វើុរក្បត់ជាតិរបស់លោក កឹម សុខា និងបក្ខពួក តែបន្ទាប់ពីដឹងរួចពេលនេះលោកសម្រេចចិត្តចាកចេញដោយស្ម័គ្រចិត្ត ដើម្បីចូលមកគណបក្សប្រជាជនកម្ពុជា ចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ជាតិ។
លោក សូ ស៊ាប ក៏បានអំពាវនាវឱ្យសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិទាំងអស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីរួមគ្នាបម្រើប្រជាពលរដ្ឋដោយពិតប្រាកដ៕

(សូមទស្សនាវីដេអូ) រាជរដ្ឋាភិបាលនឹងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត

លោក សុខ ឥសាន បានលើកឡើងពីសម្ពាធដ៏អយុត្តិធម៌មកលើកម្ពុជា

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅលើពិភពលោកនេះ នៅមិនទាន់មានយុត្តិធម៌នៅឡើយទេ។ ទោះបីសង្គ្រាមត្រជាក់ និងការត់ប្រណាំសព្វាវុធ ត្រូវបានបញ្ចប់ជាទ្រឹស្តីក៏ពិតមែន តែក្នុងការ ជាក់ស្តែងការប្រកួតប្រជែងខាងមនោគមន៏វិជ្ជា និងវប្បធម៌ប្រទេសធំ ខ្លាំង រំលោភ ប្រទេសតូចតាច នៅតែមានកើតឡើងលើពិភពលោក ទោះជារឿងអយុត្តិធម៌ក៏ដោយ ។
លោក សុខ ឥសាន បានបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលមានតួនា ទីកសាងសន្តិភាព ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាពជូនប្រជាជន អនុវត្តវិធានការណ៍ផ្លូវច្បាប់ចំពោះជនល្មើសច្បាប់ ជាពិសេសក្រុមជនក្បត់ជាតិ ក្បត់ប្រជាជន ដោយគ្រាន់តែយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកដាក់បាំងពីមុខ គេនាំគ្នាចោទរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចថាធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង លើអ្នកប្រជាធិបតេយ្យទៅវិញ ។ ជាការគួរឲ្យអស់សំណើចណាស់ទណ្ឌិត និងអ្នកល្មើសច្បាប់ ជនក្បត់ជាតិ បែរជាហៅថាជាអ្នកប្រជាធិបតេយ្យទាំងបំពានការពិតនិងបំពានច្បាប់ទៅវិញ ។ ហើយអ្នកប្រតិបត្តិច្បាប់ ការពារលទ្ធិប្រជាធិបតេយ្យប្រែទៅជាជនផ្តាច់ការជាអ្នករំលោភច្បាប់ ទាំងអយុត្តុធម៌ជាទីបំផុតទៅវិញ។ តើនៅលើលោកនេះមានយុត្តិធម៌ឬទេ? ប្រទេសធំ ខ្លាំងញាំញីប្រទេសតូចតាចឥតស្វាង តែនៅតែគេថាត្រឹមត្រូវ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស មានសីលធម៌។ ម៉្យាងទៀតពួកអាយ៉ង បើមេធំវាថាខៀវវាក៏ថាខៀវ បញ្ជើតថែមថាត្រឹមត្រូវណាស់ល្អណាស់ ដើម្បីបានជាសំឡេងច្រើនមានឧត្តមភាពលើយុត្តិធម៌ គ្របដណ្តប់លើសច្ចៈធម៌ យុត្តិធម៌ បែរទៅជាត្រូវយ៉ាងអយុត្តិធម៌ ។

លោក សុខ ឥសាន បានបន្តទៀតថា នេះហើយដែលហៅថាយុត្តិធម៌ ទាំងអយុត្តិធម៌ នៅលើលោកយើងនេះ ។ តាមពិតទៅជាយុត្តិធម៌របស់មេក្រម៉ី និងពួកអាយ៉ងដែលជាអ្នកបង្កើត ព្យុះ ភ្លៀង ផ្គរលើពិភពលោកដែលមានលក្ខណៈជាប្រព័ន្ធអន្តរជាតិ៕


ខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាស​ផ្ទេរភារកិច្ច ​និងតែងតាំង​មុខតំណែង​អភិបាលរង​ នៃគណៈអភិបាល​ស្រុកទឹកផុស​

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកទឹកផុស ក្រោមអធិបតីភាពលោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន ប៉ុស្តិ៍រដ្ឋបាលឃុំ និងមន្រ្តីរាជការសាលាស្រុកទាំងអស់។
ក្នុងឱកាសនោះបន្ទាប់ពី លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានមានមតិស្វាគមន៍ និងអានរបាយការណ៍បូកសរុបលទ្ធផលការងារដឹកនាំរបស់រដ្ឋបាលស្រុក ជូនគណៈអធិបតី និងសមាជិកអង្គពិធីរួចមក លោក ខឹម ចាន់នឿន នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ឆ្នាំង បានអានសេចក្តីប្រកាសស្តីពីការដំឡើងឋានន្តរសក្តិ និងតែងតាំងមន្រ្តីរាជការ, ប្រកាសស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ។ លោក ហ៊ី ណាត អភិបាលរងខេត្ត បានប្រគល់ និងប្រកាសតែងតាំងមន្រ្តីទាំង៥រូប ចូលកាន់តំណែងជាអភិបាលរងស្រុក និងផ្ទេរភារកិច្ច ទៅកាន់ការងារថ្មីនៅសាលាខេត្តកំពង់ឆ្នាំង ដែលក្នុងនោះរួមមាន៖
១-លោក គឹម វ៉ាន់នី ពីអភិបាលរងស្រុកទឹកផុស ទៅបម្រើការងារនៅសាលាខេត្តកំពង់ឆ្នាំង , ២-លោកស្រី កើត សាវី ពីអភិបាលរងស្រុកទឹកផុស ទៅបម្រើការងារនៅសាលាខេត្តកំពង់ឆ្នាំង , ៣-លោក រ៉ែម ដេត ពីអភិបាលរងស្រុកបរិបូណ៍ ទៅកាន់មុខតំណែងជាអភិបាលរងស្រុកទឹកផុស, ៤-លោក សាំង សុឃឿន ពីអភិបាលរងស្រុកសាមគ្គីមានជ័យ ទៅកាន់មុខតំណែងជាអភិបាលរងស្រុកទឹកផុស។ និង ៥-លោកស្រី ជឹម ចោត ត្រូវបានប្រកាសជាអភិបាលរងស្រុកទឹកផុស។
បន្ទាប់ពីប្រកាស និងប្រគល់ភារកិច្ចជូនមន្រ្តីទាំង៥រូបរួចមក លោក ហ៊ី ណាត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្រ្តីដែលទើបចូលកាន់តំណែងទាំងអស់ថា យើងជាមន្ត្រីបម្រើការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដូច្នេះត្រូវខិតខំបំពេញតួនាទីភារកិច្ចឲ្យបានល្អ និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ពិសេសត្រូវខិតខំបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានតម្លាភាព និងសូមឲ្យមន្រ្តីទាំងអស់ ត្រូវមានចំណងសាមគ្គីភាពផ្ទៃក្នុងល្អ និងលុបបំបាត់ឲ្យអស់នូវភាពអសកម្មផ្សេងៗ ដែលមានកន្លងមក និងខិតខំបំពេញភារកិច្ចឲ្យបានប្រសើរឡើងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ៕



លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា

ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ គណៈប្រតិភូកម្ពុជារួមមានតំណាងមកពីក្រសួងពាណិជ្ជកកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធនាគារជាតិនៃកម្ពុជា គណៈមេធាវី និងស្ថានបេសកកម្មអចិន្រ្តៃយ៍ ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងនាមជាសមាជិកអង្គការ WTO កម្ពុជាមានកាតព្វកិច្ចដូចប្រទេសសមាជិកដទៃទៀតដែរ គឺត្រូវចូលរួមកិច្ចប្រជុំត្រួតពិនិត្យទ្បើងវិញគោលនយោបាយពាណិជ្ជកម្ម (Trade Policy Review – TPR) រៀងរាល់៦ឆ្នាំម្តង ដែលយន្តការ TPR នេះ មានកំណត់ក្នុងឧបសម្ព័ន្ធទី៣នៃកិច្ចព្រមព្រៀងទីក្រុងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការWTO (Marrakesh Agreement Establishing the World Trade Organization) ។
ការត្រួតពិនិត្យនេះ ធ្វើទ្បើងក្នុងគោលបំណងធានានូវគោលការណ៍តម្លាភាព និងអនុលោមភាពនៃនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយ ជាមួយនឹងវិធាននានានៃអង្គការ WTO ព្រមទាំងផ្តល់ឱកាសដល់ប្រទេសសមាជិក តួយ៉ាងកម្ពុជា ពិនិត្យនូវវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកំណែទម្រង់លើវិស័យនានាពាក់ព័ន្ធនឹងរបបពាណិជ្ជកម្ម ក្នុងទិសដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចវិនិយោគ និងធានានូវការប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ជាគោលការណ៍ ប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវធ្វើការត្រួតពិនិត្យគោលនយោបាយខ្លួនជារៀងរាល់៥ឆ្នាំម្តង រីឯប្រទេសអភិវឌ្ឍន៍ដទៃទៀតត្រូវធ្វើក្នុរយៈពេល៣ឆ្នាំម្តង យ៉ាងយូរ។
កិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនេះ ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋាននៃរបាយការណ៍ចំនួនពីរ គឺ ៖
១. របាយការណ៍គោលនយោបាយពាណិជ្ជកម្មកម្ពុជាដែលសរសេរ ដោយលេខាធិការ ដ្ឋាន អង្គការ WTO (Secretariat Report) មាន ៤ ជំពូក៖ ជំពូកទី១ ទាក់ទងនឹង បរិយាកាស សេដ្ឋកិច្ច (Economic Environment) ជំពូកទី២ ទាក់ទងនឹង របបវិនិយោគ និងពាណិជ្ជកម្ម (Trade and Investment Regime) ជំពូកទី៣ ទាក់ទងនឹង គោលនយោបាយពាណិជ្ជកម្មនានា និងការអនុវត្តតាមវិធានការនីមួយៗ (Trade Policies and Practices by Measures) និង ជំពូកទី៤ ទាក់ទងនឹង គោលនយោបាយពាណិជ្ជកម្មនានា និងការអនុវត្តតាមវិស័យនីមួយៗ (Trade Policies and Practices by Sectors)។
២.របាយការណ៍នយោបាយពាណិជ្ជកម្មកម្ពុជា ដែលសរសេរដោយរាជរដ្ឋាភិបាលកម្ពុជា (Government Report) ផ្តោតជាសំខាន់លើ៤ចំណុចធំៗ គឺ៖ (១) វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច (២) ប្រាក់ចំណូល សុខុមាលភាព និងភាពដែលងាយនឹងរងផលប៉ះពាល់នៃសេដ្ឋកិច្ច (៣) ការ ធ្វើ ឱ្យប្រសើរទ្បើងនូវលទ្ធភាពប្រកួតប្រជែងរបស់កម្ពុជា និង (៤) ពាណិជ្ជកម្ម ការអភិវឌ្ឍ និងដៃ គូអភិវឌ្ឍន៍។
ជាមួយគ្នានេះផងដែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់យករបបទីផ្សារសេរី និងសេដ្ឋកិច្ចបើកចំហរ។ ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីឆ្នាំ២០១១មក កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗមានចំនួន ១.៣០២ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំ២០១១ ដែលមានចំនួន ៩១១ ដុល្លារអាមេរិក។ តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយថាមវ័ន្តនេះ បានធ្វើអោយមានការរីកចម្រើនលើសុខុមាលភាពប្រជាជនកម្ពុជា និងបានកាត់បន្ថយភាពក្រីក្រពី ៥៣ ភាគរយ ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥ ភាគរយក្នុងឆ្នាំ២០១៤ និងអត្រាអក្ខរកម្មកើនពី៧៩.៩ ភាគរយក្នុងឆ្នាំ២០១១ ដល់ ៨០.៥ភាគរយ ក្នុងឆ្នាំ២០១៥។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកផងដែរ តាមរយៈរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកដែលបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទី៦ នៅក្នុងពិភពលោក ក្នុងរង្វង់២០ឆ្នាំចុងក្រោយ៕





រដ្ឋប្រហារនៅហ្ស៊ីមបាវ៉េ៖ ស្ថានភាពឈ្នះឈ្នះសម្រាប់ចិន នាពេលឥឡូវនេះ

តើចិនបានបើកដៃដើម្បីដកប្រធានាធិបតីហ្ស៊ីមបាវ៉េលោក Robert Mugabe មែនឬ? គ្មាននរណាមួយនិយាយរឿងនេះទេ។ ក៏ប៉ុន្តែជាការសង្ស័យថា មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ Chiwenga បានទៅទស្សនៈកិច្ចប្រទេសចិនប៉ុន្មានថ្ងៃ មុនពេលដែលគាត់ចេញប្រតិបត្តិការប្រឆាំងលោក Mugabe ។ ប្រហែលជាគ្មាននរណាម្នាក់បានប្រាប់គាត់ថា មិនឱ្យធ្វើនោះឡើយ។

ចិនមានវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅហ្ស៊ីមបាវ៉េ រាប់បញ្ចូលទាំងថ្នាំជក់ ត្បូងពេជ្យ និងការវិនិយោគបង្កើតថាមពល ហើយចិនក៏ជាប្រទេសដែលផ្តល់ជំនួយដ៏ធំបំផុតសម្រាប់ប្រទេសនេះ។

តាមពិតទៅមានការខឹងសម្បា ហើយចិនក៏មានកង្វល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ទៅលើ ការអនុវត្តច្បាប់ដែលមានទំនោរទៅរកប្រជាជនក្នុងស្រុក ដែលលោក Mugabe បានអន្តរាគមន៍ ទាមទារក្រុមហ៊ុនបរទេសទាំងឡាយដែលប្រតិបត្តិការនៅក្នុងប្រទេសនេះ ដើម្បីឱ្យមានជនជាតិហ្ស៊ីមបាវ៉េស្បែកខ្មៅធ្វើជាម្ចាស់ភាគហ៊ុនឱ្យបានភាគច្រើន។ ក្រុមហ៊ុនចិនទាំងឡាយ និងអ្នកដែល មានផលប្រយោជន៍នៅក្នុងនេះទទួលរងផលប៉ះពាល់។

ចិនអាចពិនិត្យទៅលើកិច្ចការទាំងនេះ បើទោះបីជាលោក Mugabe មិនរស់នៅរហូតក៏ដោយ ហើយអ្នកស្នងអំណាចរបស់គាត់ណាម្នាក់នោះ គឺជាជម្រើសរវាងប្រពន្ធរបស់គាត់ឈ្មោះ Grace និងអនុប្រធានាធិបតីដែលត្រូវបានគេបណ្តេញពីតំណែងនាពេលថ្មីៗនេះឈ្មោះ Emmerson Mnangagwa ដែលការបណ្តេញនេះបង្កឱ្យមានរដ្ឋប្រហារ។

ដូច្នេះគឺជាជម្រើសរវាងលោកស្រីឆ្នាសកប៉ាល់ភ្លើង ដែលជាប្រពន្ធមានចរិកលោភលន់ និងអតីតដៃស្តាំរបស់លោក Mugabe ដែលមានកងកម្លាំងទ័ព។ ក្នុងចំណោមពួកគេមានកាំភ្លើង ហើយ ភាគីម្ខាងទៀតមិនមាន។

លោក Mnangagwa ប្រហែលជាដកខ្លួនថយពីការអនុវត្តច្បាប់មានទំនោរទៅរកជនជាតិដើម ខណៈដែលប្រពន្ធរបស់គាត់ ដែលជាស្ត្រីមានគំនិតពុករលួយជាប្រព័ន្ធទំនងជាប្រើប្រាស់ច្បាប់នេះដើម្បីលួចទ្រព្យសម្បត្តិនេះបន្ថែមទៀត។

ទាំងលោក Mugabe និងលោក Mnangagwa បានសង្ឃឹមទៅលើលុយរបស់ចិនអស់រយៈពេលជាច្រើនឆ្នាំហើយ។

និយាយជាទូទៅ គឺជាស្ថានភាពឈ្នះឈ្នះរបស់ចិនតែម្តង។ វាគ្មានអ្វីទាំងអស់ក្រៅពីមេដឹកនាំកាន់អំណាចដ៏យូរ ដែលទទួលផលប្រយោជន៍ទៅលើគំនរទុកដ៏យូរអង្វែងរបស់ប្រជាពល រដ្ឋរបស់ខ្លួន។

ហ្ស៊ីមបាវ៉េជាឧទាហរណ៍មួយ របៀបដែលចិនឈានទៅតំបន់អាហ្វ្រិក។ ទំហំនៃការវិនិយោគ របស់ចិន និងជំនួយទាំងវិស័យឯកជន និងរដ្ឋាភិបាលគឺជាការគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។

ហើយចិនទៅកន្លែងណាដែលគ្មាននរណាទៅ ក៏ប៉ុន្តែខ្លួនប្រហែលជាខ្វះខាតសម្រាប់ការបន្តនូវកាន់អំណាចនោះ។

នោះគឺដោយសារតែខ្លួនបោះនុយឱ្យយ៉ាងសន្ធឹកសន្ធាប់។

របៀបធ្វើការរបស់ចិនគឺទិញក្បាលវណ្ណៈគ្រប់គ្រងអំណាចនៅក្នុងស្រុក ខណៈដែលកសាងនូវពហុកីឡដ្ឋាន អាគាររដ្ឋាភិបាល និងអ្វីៗផ្សេងទៀត ជាការដោះដូរដោយមានអន្តរាគមន៍ពីក្រុមហ៊ុនចិនសម្រាប់ទទួលបានធនធានធម្មជាតិពីប្រទេសមួយ ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងធុរកិច្ចក្នុងស្រុក។

គ្មានការភ្ញាក់ផ្អើលអ្វីទាំងអស់ ជនផ្តាច់ការទាំងឡាយ បើទោះបីជាពួកគេមានឈ្មោះជាប្រធា នាធិបតីផ្តាច់ការក៏ដោយ ជាមន្ត្រីពុករលួយក៏ដោយ និងជាធុរកិច្ចជនក៏ដោយ ក៏សុទ្ធតែជាដៃគូទាំងអស់។ ក្រៅពីលោក Mugabe ក៏មានក្រុមគ្រួសារលោក Dos Santos គ្រប់គ្រងនៅអង់ហ្គោឡា និងប្រធានាធិបតី Jacob Zuma និងក្រុមគ្រួសាររបស់ Gupta នៅអាហ្រ្វិកខាងត្បូង ហើយនិងអ្នកផ្សេងទៀតបានធ្វើកិច្ចការយ៉ាងល្អជាមួយចិន ហើយចិនក៏បានធ្វើត្រឡប់មកវិញដូចគ្នា។

មួយទសវត្សរ៍កន្លងទៅនេះ មានប្រធានាធិបតីអាហ្រ្វិកខាងកើតមួយរូបត្រូវបានគេរាយការណ៍ ថា បានបញ្ជូនមនុស្សដើម្បីយកលុយជារៀងរាល់ខែទៅកាន់អឺរ៉ុប កន្លែងដែលគាត់ដាក់ផ្ញើការលួច របស់ចិន។

ហើយរាល់គម្រោងរចនាសម្ព័ន្ធរបស់ចិនជាញយៗប្រើប្រាស់កម្មករចិនដែលនាំចូល ជាជាងការប្រើប្រាស់មនុស្សនៅក្នុងស្រុក។

មិនប្រាកដថាតើគេធ្វើជាមិត្តម៉េចនឹងកើត។

គម្រោងទាំងអស់នោះ ជាញឹកញាប់រងផលប៉ះពាល់ដោយសារតែបញ្ហាត្រួតពិនិត្យផ្នែកគុណភាព ហើយការជួសជុលទៀតសោតនោះត្រូវបានគេធ្វើនៅពេលក្រោយ។ មិនមានការថែរក្សាទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ ហើយក៏មានការខូចខាត។ នៅអាហ្រ្វិកគឺរងផលប៉ះពាល់ខ្ទេចខ្ទីដូចជាឧបករណ៍បុរាណអញ្ចឹង មុនពេលដែលចិនចេញមុខមកជួសជុល។

ក៏ដូចគ្នាអញ្ចឹងដែរ គម្រោងអភិវឌ្ឍន៍របស់ចិន និងកិច្ចព្រមព្រៀងផ្សេងៗទៀត អាចធ្វើឡើងដោយមានការចងកាតព្វកិច្ចដ៏ធ្ងន់។ បើសិនជាប្រទេសក្រីក្រណាមួយមិនអាចសងបាន ចិនធ្វើជាម្ចាស់គម្រោងនោះ ឬវេចខ្ចប់ទៅកន្លែងណាមួយផ្សេងទៀត។

ចិនសង្ឃឹមថា កងទ័ពរំដោះប្រជាជនចិនបង្ហាញខ្លួនដើម្បីការពារវិនិយោគរបស់ខ្លួន ជាពិសេសគម្រោងដែលទាក់ទងនឹងការទាញធនធានរ៉ែធម្មជាតិនៅអាហ្រ្វិក។ កងទ័ពចិនដែលប្រចាំនៅ Djibouti ទំនងជាចូលអន្តរាគមន៍ដើម្បីចូលការពារសហគមន៍ចិននៅក្នុងស្រុក នៅពេលដែលមានការធ្វើមិនគាប់បីទៅលើមនុស្សនៅក្នុងស្រុក ដោយសារតែអំពើពុករលួយ ហើយនិងការអនុវត្តសេដ្ឋកិច្ចបែបបង្ខំរបស់ចិននៅទីនោះ។

បើទោះបីជាចិនពេញចិត្តចំពោះជនផ្តាច់ការទាំងឡាយ និងពុករលួយក៏ដោយ ក៏បស្ចិមលោក មិនគួរនៅស្ងៀមដែរ។ បើទោះបីជាមានពាក្យដំបូន្មានក៏ដោយ ក៏បស្ចិមលោកបានធ្វើកិច្ចការតិចតួចដើម្បីជ្រោមជ្រែងដល់រដ្ឋាភិបាលស្មោះត្រង់នៅអាហ្វ្រិក នូវអ្វីដែលទ្វីបអាហ្វ្រិកចង់បាននោះនៅ ក្នុងរយៈពេលជាច្រើនឆ្នាំ ឬចាប់តាំងពីចិនបានក្លាយខ្លួនជាមហាអំណាច។ មានចៅក្រមអាហ្វ្រិក ម្នាក់ថ្មីៗនេះបានពិពណ៌នាជំនួយមស្ចិមប្រទេសទៅកាន់អាហ្រ្វិក ដូចជាការធ្វើលុយសារចុះសារឡើងអញ្ចឹង។

គាត់បានចង្អុលបង្ហាញថា លុយដែលបានលួចដោយមន្ត្រីពុករលួយថ្នាក់លើត្រូវបានបញ្ជូនទៅអឺរ៉ុប ឬអាមេរិក ខណៈដែលធនាគារក្នុងស្រុកត្រេកអរចង់បានទទួលលុយនោះ។ រដ្ឋាភិបាលបស្ចិមប្រទេសបញ្ជូនជំនួយបរទេស ថែមទាំងធ្វើបាឋកថាស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។ លុយនោះត្រូវបានលួយម្តងទៀត ហើយបញ្ជូនត្រឡប់ទៅអឺរ៉ុបវិញ ហើយដំណើរការនោះចេះតែសារចុះសារឡើងអញ្ចឹងតទៅទៀត។

លោក Mugabe បានកាន់អំណាចអស់រយៈពេល ៣៧ ឆ្នាំ និយាយថា វាសម្បើមដៃណាស់។ បើទោះបីជាមានព័ត៌មានស្តីពីសិទ្ធិមនុស្សដ៏អាក្រក់មិនខ្វល់ប្រជាធិបតេយ្យ លួចទ្រព្យសម្បត្តិប្រទេសនេះ ក៏បស្ចិមលោកបានធ្វើការតិចតួចដើម្បីឱ្យគាត់មានការទទួលខុសត្រូវនូវទង្វើរបស់គាត់ តាមពិតទៅអឺរ៉ុបថែមទាំងបានដើរតួនាទីដ៏ចម្បងដើម្បីលើកគាត់ឱ្យកាន់អំណាច គ្មាននរណាម្នាក់នឹកខ្វល់អំពីរឿងនោះទេនៅថ្ងៃនេះ។

លោក Mugabe ញយៗធ្វើដំណើរទៅហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី។ គាត់ទៅសិង្ហបុរីដើម្បីព្យាបាលជម្ងឺ ចាប់តាំងពីគាត់កាន់អំណាចកាលពីឆ្នាំ១៩៨០ គាត់បើកឡានចេញពីវិមានរបស់គាត់បួនប្រាំគឺឡូម៉ែត្រចេញពីទីក្រុង Harare ដើម្បីតែទៅរកមន្ទីពេទ្យណាដែលមានចំណាត់ថ្នាក់ពិភពលោក៕


ប្រភព : ASIA TIMES ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧

ចិន និង​កូរ៉េ​ខាង​ត្បូង​បាន​ដោះ​ស្រាយ​លើ​ឥទ្ធិ​ពល​ នៃ​ដំណើរ​ទស្ស​ន​កិច្ច​របស់​លោក Trump​

​ខណៈ​ដែល​ប្រ​ធានា​ធិប​តី Donald Trump បាន​ត្រឡប់​ទៅ​កាន់​អា​មេ​រិក​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ចរយៈ​ពេល ​១៣ ថ្ងៃ​ទៅ​កាន់​ប្រ​ទេស​ចំនួន​ ៥ នៅ​ក្នុង​តំបន់​អាស៊ី​​ តំបន់​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប៉ះ​ពាល់​យូរ​អង្វែង​ដែល​គាត់​បន្សល់​ទុក។
នេះ​គឺ​ជា​ទំនាក់​ទំនង​ដ៏​ផុត​ស្រួយ​របស់​ប្រ​ទេស​មហា​អំណាច​បំផុតទាំង​បី ដូច​ជា​កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន ដែល​លោក ​Trump បានធ្វើ​ទស្ស​ន​កិច្ច​ អាច​លេច​ជា​សកម្ម​ភាព​ឡើង​បន្ទាប់​ពី​ដំណើរទស្ស​ន​កិច្ច​របស់​គាត់។
ទស្ស​ន​វិស័យ​របស់​ទី​ក្រុង​សេអ៊ូល
ការ​សរសេរ​តាម Twitter និង​ការ​លើក​ឡើង​មុនៗ​របស់​ប្រ​ធានា​ធិប​តី​អំពី​កូរ៉េ​ខាង​ជើង​ រួម​ទាំង​ការ​និយាយថា ការ​គំរាម​កំហែង​ណា​មួយនឹង​ត្រូវ​បាន​ជួប​ជា​មួយ​ «​ការ​បាញ់​ត្រឡប់​ទៅ​វិញ​ដោយ​គ្មាន​ត្រា​ប្រ​ណី» និង​បាន​ដាក់​ហាស្ស​នាមលោក Kim Jong Un ថា ជា​«​​កូន​ក្មេង​ដែល​ចូល​ចិត្ត​គ្រាប់​រ៉ុក្កែត» បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ក្តី​បារម្ភ ដែល​គាត់​អាច​បំបាក់​មុខ​របប​កូរ៉េ​ខាង​ជើង​ម្តង​ទៀតក្នុង​អំឡុងពេល​​ទស្ស​ន​កិច្ចរបស់​គាត់​ ហើយ​ក៏​បាន​បង្ក​ឱ្យ​មាន​ភាព​តាន​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​នៅ​ឧប​ទ្វីប​កូរ៉េ។
មន្រ្តី​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​បាន​ប្រុង​ប្រ​យ័ត្ន​ផង​ដែរ​ពី​ទំនាក់​ទំនង​របស់​លោក Trump ជាមួយ​នឹង​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ លោក ​​Shinzo Abe ដែល​​មាន​ការ​ស្អប់​ខ្ពើម​គ្នា​ជា​ប្រ​វត្តិ​សាស្រ្តចំពោះ​ការ​ដាក់​អាណានិគម​របស់​ជប៉ុន​ចាប់​តាំង​ពីឆ្នាំ​១៩១០ រហូត​ដល់​ឆ្នាំ​១៩៤៥។
ជា​មួយ​នឹង​ការ​ឡើង​កាន់​អំណាច​របស់​លោក Trump មាន​សេចក្តី​រាយ​ការណ៍ និង​បទ​វិ​ចារ​ណ​កថា​ក្នុង​ស្រុក​បាន​សរសេរ​ពោរ​ពេញ​ដោយ​ការ​ទាយ​ទុក និង​ក្តី​បារម្ភ​ថា ​អា​មេ​រិក​មិន​មែន​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​រឹង​មាំ​របស់​កូរ៉េ​ខាង​ត្បូងតទៅ​ទៀតទេ​ ដូច្នេះ​ហើយទីក្រុង​សេអ៊ូល​គួរ​តែ​ផ្តោត​លើ​ការ​កសាង​ទំនាក់​ទំនង​បន្ថែមទៀត​ជា​មួយ​នឹង​​ចិន។
សុន្ទរ​កថា​របស់​លោក Trump​ និយាយទៅ​កាន់​សភា​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃពុធ​ ក៏​ត្រូវ​បាន​គេ​ដឹង​ឮយ៉ាង​ច្បាស់​ផង​ដែរ។ អ្នក​សរសេរ​បទ​វិ​ចារ​ណ​កថា​បាន​សរសេរ​នៅ​លើ​សារ​ព័ត៌​មាន​ Chosen Ilbo ដែល​ជា​សារ​ព័ត៌​មាន​ធំជាង​គេ​បំផុត​របស់​កូរ៉េ​ខាង​ត្បូង​ ដោយ​បាន​កត់​សម្គាល់​ថា លោក Trump បាន​និយាយ​សំដៅ​លើ​ឈ្មោះលោក Kim Jong Un តែ​ម្តង​គត់ «គាត់​បាន​សម្តែងឫកពារ​យ៉ាង​សម្បើម​ថា​ជា​បុរស​រដ្ឋ​ដែល​លេង​សម្តី​តាម​របៀប​អ្នក​នយោ​បាយ​អា​មេ​រិក ដោយ​និយាយ​ឱ្យ​ផល​ប្រ​យោជន៍អា​មេ​រិក​​មុន​គេ​បង្អស់»។

លោ Xi ត្រូវ​បាន​គេ​ផ្តល់​អំណាច​ឱ្យ
ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ និង​មាន​ផែន​ការ​ដទៃ​ទៀត​​របស់​គាត់​ទៅ​កាន់​ទី​ក្រុង​ប៉េ​កាំង លោក Trump មិន​បាន​មើល​ឃើញ​ទិដ្ឋ​ភាព​ច្រើន​នៅ​ក្នុង​ប្រ​ទេស​ចិន​ទេ ក៏​ប៉ុន្តែ​គាត់​បាន​មើល​ឃើញ​សកម្ម​ភាព​ជា​ច្រើន​របស់​ប្រ​ធានា​ធិប​តី​ Xi Jinping ទៅ​វិញ។
ការ​ប្រែ​ប្រួល​របស់​កូរ៉េ​ខាង​ត្បូង
ប្រ​សិន​បើ​ប្រ​ជា​ជន​កូរ៉េ​ខាង​ត្បូង​បាន​មើល​ពី​ការ​ធ្វើ​បដិ​សណ្ឋា​រ​កិច្ច​របស់​ជប៉ុន​ចំពោះ​លោក Trump គឺ​ជា​របៀប​មួយ​ដែល​មាន​ការ​ច្រណែន​ឈ្នា​នីស ការ​ស្នាក់​នៅ​របស់​គាត់​នៅ​ក្នុង​ប្រ​ទេស​ចិន​ត្រូវ​បាន​គេ​វិភាគ និង​វាយ​តម្លៃ​ដោយ​យក​ចិត្ត​ទុក​ដាក់។
ប្រ​ធានាធិប​តី​កូរ៉េ​ខាង​ត្បូង​ លោក Moon Jae-in បាន​សង្កត់​ធ្ងន់​​ពី​សារៈ​សំខាន់​នៃ​សមតុល្យ​ការ​ទូត​ជា​ថ្មី​ម្តង​ទៀត​ ដែល​ប្រ​ទេស​មានតុល្យភាព​រវាង​មហាអំណាច​អាមេ​រិក និង​ប្រ​ទេស​ចិន​ដែល​ទើប​ងើប​ឡើង​នា​ពេល​ថ្មីៗ​នេះ នៅ​ពេល​ដែល​រឿង​តូច​ក្លាយ​ជា​រឿង​ធំ។ ប្រ​វត្តិ​នៃ​សម្ព័ន្ធ​មិត្ត​រវាង​អា​មេ​រិក និង​កូរ៉េ​ខាង​ត្បូង​មាន​​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ឥរិយាបថ​របស់​លោក Trump នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង​បាន​ធ្វើ​ឱ្យ​មាន​ការ​លើក​ជា​សំណួរ​ឡើង ថាតើ​ការសេពគប់​​ជា​មួយ​នឹង​អា​មេ​រិក​អាច​ទៅ​មុខ​រួច​​ដែរ​ឬ​ទេ៕
​ប្រភព: ABC News ចុះថ្ងៃទី២១ ខែ​​​​​​វិច្ឆិកា​​​ ឆ្នាំ២០១៧

ចិន ហ្វីលីពីនបានព្រមព្រៀងគ្នាដើម្បីបញ្ចៀសការប្រើកម្លាំង នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង

យោងតាមសេចក្តីថ្លែងការណ៍រួមបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រទេសចិននៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានឱ្យដឹងថា ប្រទេសចិន និងហ្វីលីពីនបានព្រមព្រៀងគ្នាដើម្បីបញ្ចៀសការប្រើកម្លាំងក្នុងការដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេលើបញ្ហាសមុទ្រចិនខាងត្បូង។

ចិន និងហ្វីលីពីនមានជម្លោះដ៏យូរមកហើយលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែទំនាក់ទំនងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោមប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។

សេចក្តីថ្លែងការណ៍រួម ដែលធ្វើឡើងដោយភ្នាក់ងារសារព័ត៌មាន Xinhua ផ្លូវការរបស់ចិនបាននិយាយថា ចិន និងហ្វីលីពីនបានអះអាងជាថ្មីអំពីសារៈសំខាន់នៃសន្តិភាពនៅក្នុងសមុទ្រចិនខាងត្បូង និងសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា វាគួរតែមិនមានអំពើហិង្សា ឬការគំរាមកំហែងនៃអំពើហិង្សា ហើយជម្លោះគួរតែត្រូវបានដោះស្រាយ តាមរយៈការពិភាក្សារវាង «បណ្តាប្រទេសដែលមានអធិបតេយ្យភាព»។

សេចក្តីថ្លែងការណ៍បាននិយាយថា «ភាគីទាំងពីរជឿថា ជម្លោះដែនទឹកមិនមែនជាចំណុចល្អក់កករទាំងស្រុងនៃទំនាក់ទំនង ចិន-ហ្វីលីពីន។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលបានសង្ខេបការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ លោក Duterte បានកត់សម្គាល់ពី «ការបង្កើនទំនាក់ទំនងរវាងអាស៊ាននិងចិន» នៅក្នុងសមុទ្រចិនខាងត្បូង។

គាត់បាននិយាយដោយក្តីសង្ឃឹមនៅដើមឆ្នាំ២០១៨ នៅវៀតណាម ដែលភាគីទាំងពីរនឹងជួបប្រជុំគ្នានៅដំបូងបំផុតថា ដោយមើលឃើញពីសន្ទុះវិជ្ជមាននោះ យើងរំពឹងថា នឹងមានការប្រកាសអំពីការចាប់ផ្តើមនៃការចរចាប្រកបដោយចីរភាពលើក្រមប្រតិបត្តិជាមួយចិន។

អាស៊ាន និងចិនបានពិភាក្សាគ្នាអំពីច្បាប់ជាច្រើន ស្តីពីរបៀបធ្វើសកម្មភាពនៅក្នុងដែនទឹកដែលមានជម្លោះដើម្បីចៀសវាងគ្រោះថ្នាក់ និងបង្កើនភាពតានតឹង។

លោក Duterte បាននិយាយថា ភាគីទាំងពីរក៏បានទទួលជោគជ័យផងដែរនៅក្នុងការសាកល្បងហៅខ្សែទូរស័ព្ទបម្រើការបន្ទាន់ ក្នុងចំណោមក្រសួងការបរទេសស្តីពីរបៀបគ្រប់គ្រងបញ្ហាដែនសមុទ្របន្ទាន់។

គាត់បាននិយាយថា «តាមទស្សនៈរបស់យើង មានវិធានការជាក់ស្តែងដែលអាចកាត់បន្ថយភាពតានតឹង និងហានិភ័យនៃគ្រោះថ្នាក់ ការយល់ច្រឡំ និងការវាយតម្លៃខុស»៕

ប្រភព : Reuters ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧


(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការលាលែងរបស់សមាជិក គ.ជ.ប ៣រូបពីខាងបក្សប្រឆាំង គឺមិនប៉ះពាល់ដល់ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឧបត្ថម្ភបន្ថែមចំពោះអ្នកដែលសម្រាលបានកូនភ្លោះ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា អ្នកដែលទទួលបានកូនភ្លោះ៣ លោកនឹងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល ហើយសម្រាប់អ្នកទទួលបានកូនភ្លោះ៤ ទទួលបាន ១០លានរៀល។ លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ ឧបត្ថម្ភ​៤០ម៉ឺន​រៀល សម្រាលកូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
បន្ថែមពីលើនេះ លោកបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដោយចំណាយថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល សម្រាប់កម្មការិនីដែលសម្រាលបានកូនភ្លោះបីនាក់ និងឧបត្ថម្ភ ១០លានរៀលសម្រាប់កូនភ្លោះបួននាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ត្រូវចាំឱ្យច្បាស់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកើតមានតែក្នុងផ្ទៃនៃសន្តិភាពប៉ុណ្ណោះ មិនអាចកើតក្នុងផ្ទៃនៃសង្រ្គាមនោះឡើយ។ លោកក៏បានអំពាវនាវឱ្យកម្មករ-កម្មការិនី និងប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីបន្តការអភិវឌ្ឍ និងរក្សាការងារដែលកំពុងមានក្នុងដៃរបស់ពួកគេ៕






ខេត្តកំពង់ឆ្នាំង ​រៀបចំពិធីប្រកាស​ផ្ទេរភារកិច្ច​ និងតែងតាំងមុខ​តំណែងអភិបាល​ អភិបាលរង​ស្រុកជលគីរី​

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាជលគីរី ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរងស្រុកជលគីរី។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក អម សុភា នាយករដ្ឋបាលសាលាខេត្ត លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោក លោកស្រីចៅសង្កាត់លោកមេប៉ុស្តិ៍ក្នុងក្រុង និងមន្រ្តីរាជការសាលាក្រុងកំពង់ឆ្នាំង សរុបចំនួន១៥៦នាក់។

លោក យិន សាវ៉េន អតីតអភិបាលស្រុកជលគីរី បានមានមតិស្វាគមន៍ដោយបានលើកឡើងនូវលទ្ធផលសំខាន់ៗដែលសម្រេចបានកន្លងមករបស់ស្រុកជលគីរី ដោយមានការរីកចំរើនលើគ្រប់វិស័យនិងធានាបានសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក អម សុភា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអានអនុក្រឹត្យលេខ១១៦៩អនក្រ.តតចុះថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ត្រូវបានផ្ទេរភារកិច្ចលោក ហៃមនោរម្យ ភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក យិន សាវ៉េន ដែលត្រូវផ្ទេរភារកិច្ចទៅអភិបាលក្រុងកំពង់ឆ្នាំង និងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៥០៤៤ ប្រក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងស្រុកចំនួន៤រូប រូមមានលោក ធូ ផល្លី, លោក លី ផល្លីន, លោក ដូវ គឹមស៊ីន និងលោកស្រី ទេស សុវណ្ណា។

បន្ទាប់ពីគណៈអធិបតី បានប្រគល់អនុក្រឹត្យត្រា និងប្រកាសរួចមកលោក ហៃ មនោរម្យបានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងគណៈអភិបាលស្រុក និងជាបណ្តាការិយាល័យ អង្គភាពជុំវិញស្រុក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យបានល្អប្រសើរ យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងបន្តអភិវឌ្ឍន៍សោភ័ណ្ឌភាពរបស់ស្រុក ក្នុងទិសដៅឲ្យទីក្រុងស្អាត និងមានសេវាកម្មល្អ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះដោយសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ លោកក៏បានផ្ដាំផ្ញើដល់លោក ហៃ មនោរម្យ អភិបាលស្រុកដែលទើបផ្ទេរភារកិច្ចមកកាន់ក្រុងកំពង់ឆ្នាំងថ្មី ឲ្យខិតខំបំពេញភារកិច្ចឲ្យបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ការធ្វើកំណែទម្រង់មានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយដោះស្រាយទំនាស់ដីធ្លី បញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងមានតម្លាភាពចំពោះមន្រ្តីក្រោមឱវាទ ជាពិសេសត្រូវសហការក្នុងជួរគណៈអភិបាលក្រុងកំពង់ឆ្នាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕




អ្នកនាំពាក្យគណបក្សកាន់អំណាចទាត់​ចោល​គោល​បំ​ណង​ទុច្ចរិត​របស់​ទណ្ឌិត​ សម រង្ស៊ី ដែល​ចង់ដោះ​ស្រាយ​តាម​របៀបរបស់​​ដែល​ហៅថា « ជាកញ្ចប់ »

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ដែលបច្ចប្បន្នកំពុងរស់នៅនិរទេសខ្លួនឯនាយសមុទ្រ ហើយគ្មានតួនាទីអ្វីសោះ បានចេញមុខមកដាក់បញ្ហាជាដំណោះស្រាយសម្រាប់កម្ពុជា ដែលកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ  ។

ឆ្លើយ​តប​ទៅ​នឹង​គោល​បំ​ណង​ទុច្ចរិត​របស់​ទណ្ឌិត​ សម រង្ស៊ី នេះ​ លោក សុខ ឥសាន បាន​អះអាង​ថា​ រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញ​ពីឆន្ទៈរបស់ប្រជាជនកម្ពុជា គឺមានតួនាទីការពារសន្តិភាព ស្ថិរភាពនយោបាយ សេចក្តីសុខជូនប្រជាជន ។ លោកបន្ថែម​ថា ទន្ទឹមនឹងនេះក៏មានវិធានការផ្លូវច្បាប់ចំពោះរាល់ជនដែលប្រព្រឹត្តល្មើសច្បាប់ ជាពិសេសក្រុមជនដែល​លក់ក្បាលឲ្យបរទេស ប៉ុនប៉ងបំផ្លាញសេចក្តីសុខ សន្តិភាពស្ថេរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា  គឺ​កម្ពុជា មិនអនុញ្ញាត្តឲ្យមានការបំផ្លាញណាមួយជាដាច់ខាត ។

លោក សុខ ឥសាន​ បាន​សង្កត់​ធ្ងន់​ថា « ​ក្រុមជនក្បត់ជាតិ គ្មានតួនាទី និងសិទ្ធិអ្វីបន្តិចសោះ ក្នុងការដាក់លក្ខ័ណ្ឌមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់បន្ទុក ដាក់កំហុសមកលើរាជរដ្ឋាភិបាល ហើយបង្ខំឲ្យដោះលែងក្រុមជនក្បត់ជាតិ និងអង្គការចាត់តាំងក្បត់ជាតិនោះ ជាការមិនអាចទៅរួចជាដាច់ខាត ហើយគ្មានជាដាច់ខាត ទោះចេញតាមរូបភាពណាក៏ដោយ» ។

អ្នកនាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ថា នេះគ្រាន់តែជាឧបាយកលពិសពុល ឃុបឃិតជាមួយជនបរទេសមួយចំនួនដែលខួរក្បាលពោរពេញទៅដោយមនោគមន៏វិជ្ជាអាណានិគម និងអនុត្តរភាពនិយម ព្រមទាំងសង្គ្រាមត្រជាក់ហួសសម័យតែប៉ុណ្ណោះ ដែលចង់ប្រោះព្រំឲ្យពួកអាយ៉ងប្រតិកិរិយាបានរស់ឡើង​វិញ ដើម្បីមកបំផ្លាញ សន្តិភាព និងសមទ្ធិផលសង្គមជាតិ ដែលជាទិសដៅយុទ្ធសាស្ត្ររបស់ពួកគេ ។

សម្រាប់​ លោក សុខ ឥសាន​ យល់​ថា របស់ដែលហៅថា ដំណោះស្រាយជាកញ្ចប់របស់ទណ្ឌិត សម រង្ស៊ី វាគ្រាន់តែជាឧបាយកលទុច្ចរិតបម្រើមហិច្ឆតារបស់បរទេស និងបំផ្លាញជាតិ និងប្រជាជនកម្ពុជាហើយប្រោះព្រំឲ្យខ្មោចបក្សដែល​រលាយ ស្លាប់​ទៅ​នោះ រស់ឡើងវិញតែប៉ុណ្ណោះ  លោកថា កម្ពុជាជាប្រទេសមានឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ ដែលកំពុងធ្វើដំណើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាកម្មករ-កម្មការិនីនឹងទទួលបានការតម្លើងប្រាក់បៀវត្សអប្បបរមាជារៀងរាល់ឆ្នាំ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ ប្រាក់បៀវត្សអប្បបរមារបស់កម្មករកម្មការិនីនឹងឡើងពី១៥៣ដុល្លារ ទៅដល់១៧០ដុល្លារ ហើយនឹងឡើងជារៀងរាល់ឆ្នាំទៀតផង។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «ការឡើងប្រាក់បៀវត្សអប្បបរមាឆ្នាំនេះឡើងខ្ពស់ណាស់គឺចំនួន១៧ដុល្លារស្មើនឹងជាង១០% ហើយឡើងមិនមែនតែឆ្នាំនេះទេ ឡើងរាល់ឆ្នាំ ក្មួយៗត្រូវចាំថា ប្រាក់បៀវត្សអប្បបរមារបស់ក្មួយៗគឺនឹងឡើងជារៀងរាល់ឆ្នាំតាមយន្តការត្រីភាគី»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អ្វីៗដែលបានមកទាំងអស់នេះ បានមកដោយសារការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនបានមកដោយសារគណបក្សប្រឆាំងនោះទេ។ លោកបានបន្ថែមថាយើងបានធ្វើដំណើរមកដល់ទីនេះដោយសារប្រទេសយើងមានឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព ហើយសន្តិភាពនេះហើយដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕





ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីអន្តរាគមជួយពលករ-ពលការិនីខ្មែរចំនួន១៣នាក់ បានត្រឡប់មកមាតុភូមិកំណើតវិញ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន បញ្ជាក់ពីការខិតខំរបស់ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី ក្នុងការជួយអន្តរាគមឱ្យពលករ និងពលការិនីខ្មែរចំនួន១៣នាក់ ដែលចាញ់បោកមេខ្យល់ ទៅធ្វើការនៅទីនោះ ឱ្យបានត្រឡប់មកមាតុភូមិ កំណើតរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព។
ពលករចំនួន៨នាក់ និងពលការិនី៥នាក់ សរុបចំនួន១៣នាក់នោះ បានចាញ់បោកមេខ្យល់ នាំចេញទៅធ្វើ ការ នៅប្រទេសម៉ាឡេស៊ី ហើយពួកគេបានទៅរកស្ថានទូតខ្មែរនៅម៉ាឡេស៊ី ដើម្បីឱ្យជួយអន្តរាគមន៍ ពួកគេបាន ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីរងទុក្ខលំបាក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ពួកគេទាំង១៣នាក់ បានត្រឡប់មកដល់មាតុភូមិ កម្ពុជាវិញ ជាបន្តបន្ទាប់អស់ហើយ ចាប់តាំងពីថ្ងៃទី១២ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសទាំងស្រុង៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសសារជាថ្មីថាកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានមានប្រសាសន៍សារជាថ្មីម្តងទៀតថាប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ គឺមានតែអ្នកនយោបាយដែលមានវិបត្តិ ចំណែកឯប្រជាពល​រដ្ឋធ្វើដំណើរកម្សាន្ត ប្រកបកិច្ចការងារជាធម្មតា ព្រោះពេលនេះកម្ពុជាមានសុខសន្តិភាព សុវត្ថិ​ភាព ស្ថេរភាពនយោបាយពេញលេញ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះ​សំណាលជាមួយកម្មករកម្មការិនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានបញ្ជាក់ថា កម្ពុជាគ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយដែលមានវិបត្តិដោយខ្លួនឯងផ្ទាល់។ ហើយប្រទេសយើងក៏គ្មានអ្នកទោសនយោ​បា​យដែរមានតែអ្នកនយោបាយដែលប្រព្រឹត្តិបទឧក្រិដ្ឋដោយខ្លួនឯង។ ប្រទេសជាតិយើងសព្វថ្ងៃកំពុងមានស្ថិរភាពនយោបាយហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏កំពុងរស់នៅ និងប្រកបការ​ងារយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាមួយនេះមិនមែនជាចំ​ណា​ប់ខ្មាំងរបស់អ្នកណាមួយទេ បើទោះបីអ្នកណាត្រូវជាប់គុក ជាប់ច្រវ៉ាក់ដោយសារទង្វើខុស ទង្វើក្បត់ជាតិរបស់ខ្លួនគេ ក៏ប្រទេសកម្ពុជានៅបន្តអភិវឌ្ឍន៍ទៅមុខដដែល»




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការលាលែងរបស់សមាជិក គ.ជ.ប ៣រូបពីខាងបក្សប្រឆាំង គឺមិនប៉ះពាល់ដល់ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនោះទេ

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៣រូប ពីខាងគណបក្សប្រឆាំង ដែលបានលាលែងចេញពីតួនាទីនោះ វាមិនបានធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនោះទេ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា យើងអាចរៀបចំឱ្យទៅគណបក្សហ៊ុនស៊ិនប៉ិចមួយរួប ជាអនុប្រធាន និងគណបក្សសញ្ជាតិកម្ពុជាមួយរូប និងម្នាក់ទៀតត្រូវជ្រើសរើសពីអង្គការក្រៅរដ្ឋាភិបាល។លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន១៣,៥៦៥នាក់ មកពីរោងចក្រចំនួន២៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទជាសំណួរថា តើការលាលែងរបស់សមាជិកគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត មកពីគណបក្សសង្គ្រោះជាតិ៣រូបនោះ គឺជាការស្មោះត្រង់ចំពោះជាតិ និងប្រជាជន ឬស្មោះត្រង់ជាមួយបក្ស?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចៅហ្វាយពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជាគឺប្រជាជន ហើយលោកសុខចិត្តឱនក្បាលជាមួយប្រជាជន បម្រើប្រជាជន ដាច់ខាតមិនឱនក្បាលជាមួយបរទេសនោះឡើយ៕