លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍សារជាថ្មីម្តងទៀតថាប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ គឺមានតែអ្នកនយោបាយដែលមានវិបត្តិ ចំណែកឯប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត ប្រកបកិច្ចការងារជាធម្មតា ព្រោះពេលនេះកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយពេញលេញ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយដែលមានវិបត្តិដោយខ្លួនឯងផ្ទាល់។ ហើយប្រទេសយើងក៏គ្មានអ្នកទោសនយោបាយដែរមានតែអ្នកនយោបាយដែលប្រព្រឹត្តិបទឧក្រិដ្ឋដោយខ្លួនឯង។ ប្រទេសជាតិយើងសព្វថ្ងៃកំពុងមានស្ថិរភាពនយោបាយហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏កំពុងរស់នៅ និងប្រកបការងារយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាមួយនេះមិនមែនជាចំណាប់ខ្មាំងរបស់អ្នកណាមួយទេ បើទោះបីអ្នកណាត្រូវជាប់គុក ជាប់ច្រវ៉ាក់ដោយសារទង្វើខុស ទង្វើក្បត់ជាតិរបស់ខ្លួនគេ ក៏ប្រទេសកម្ពុជានៅបន្តអភិវឌ្ឍន៍ទៅមុខដដែល»៕
No comments:
Post a Comment