យោងតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ដោយឯកឧត្តម ជុំ សុន្ទរី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលករ-ពលការីនីកម្ពុជាចំនួន ០៤រូប ដែលបានទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ហើយជួបប្រទះការ លំបាកក្នុងការងារឱ្យបានវិលត្រឡប់មកមាតុប្រទេសវិញ។
ក្នុងសេចក្ដីជូនដំណឹងដដែលនោះបានបញ្ជាក់ថា ពលករ ពលការិនីទាំង ០៤រូបនោះ មានឈ្មោះដូចជា ៖ ១- ណន គុណធួន ភេទស្រី អាយុ ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ និងបានមក ស្ថានទូត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឱ្យជួយទាមទារប្រាក់ខែពីថៅកែ និងជួយឱ្យបានត្រឡប់មក កម្ពុជាវិញ។ ពលការិនីរូបនេះ បានទទួលប្រាក់ខែគ្រប់ចំនួន ហើយថៅកែបានបង់ថ្លៃពិន័យឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឱ្យ ក្រោយពីការអន្តរាគមទាមទារដ៏ស្វិតស្វាញរបស់ស្ថានទូត។ ២- ម៉ន ស្រីស្រស់ ភេទស្រី អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ និងបានមក ស្ថានទូតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយឱ្យ បានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ម៉ន ស្រីស្រស់ ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរ បណ្តោះឱ្យ។ ៣- ថាំង ប៉ុម ភេទស្រី អាយុ ២៨ ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឱ្យជួយទាមទារប្រាក់ខែពីក្រុមហ៊ុន GPGC International PTE.LTD និងជួយឱ្យ បាន ត្រឡប់មកកម្ពុជាវិញ។
ក្រុមហ៊ុនបានផ្តល់ប្រាក់ខែឱ្យពលការិនី ថាំង ប៉ុម បន្ទាប់ពីស្ថាន ទូតបានធ្វើការអន្តរាគមន៍ទៅក្រុមហ៊ុន។ ៤- ឡេះ យ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ មានស្រុក កំណើតនៅភូមិអូរក្រី ឃុំជីយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ធ្វើការនៅកសិដ្ឋានដាំដំណាំ និងបានមកស្ថានទូត នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០១៦ សុំជួយឱ្យបានត្រឡប់មកកម្ពុជាវិញ។
អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងបាន ផ្តល់អាហារជូនដល់ពលករ ពលការិនីទាំង ០៤រូបនោះផងដែរ។ ពលពលករ-ពលការិនីទាំង០៤រូបនឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK ៥៣៦។
សេចក្ដីជូនដំណឹងនោះបានបញ្ជាក់ទៀតថា ដោយបញ្ហាពលការិនីនៅម៉ាឡេស៊ី និងបញ្ហាស្រ្តីខ្មែរទៅរៀបការ ប្តីនៅប្រទេសចិននៅ តែបន្តកើតមានជាបន្តបន្ទាប់សឹងតែរៀងរាល់ថ្ងៃ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិសូមធ្វើការអំពាវនាវជាថ្មី ម្តងទៀតដល់ឪពុក-ម្តាយ អាណាព្យបាល និងនារីគ្រប់រូបទាំងអស់សូម បង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលបោកប្រាសរបស់មេខ្យល់ហើយ ត្រូវជៀសវាងការធ្វើដំណើរខុស ច្បាប់ទៅកាន់ប្រទេសទាំងនោះ ដែលកន្លងមកបានបង្ហាញ ឱ្យឃើញថាពោរពេញដោយហានិភ័យ៕