Thursday, February 08, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨


  CMF: 8 February, 2024


ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤» និង «ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាពេលនេះ ។ សន្និបាតរយៈពេល ២ ថ្ងៃនេះ ផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទាំងថ្នាក់ជាតិ និង ក្រោមជាតិ ព្រមទាំង អង្គការ, សមាគម, សហគ្រាស, សហជីព និងដៃគូអភិវឌ្ឍន៍ដើម្បីផ្លាស់ប្តូរមតិយោបល់, បទពិសោធ និងឧត្តមានុវត្ត សម្រាប់ជាធាតុចូល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងាររបស់ក្រសួងនៅឆ្នាំបន្ទាប់ ឱ្យកាន់តែប្រសើរ ។

ការរៀបសន្និបាតនេះ ត្រូវធ្វើឡើង ដើម្បីតាមដាន, ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម-ការងារ, ចំណុចខ្លាំង និងចំណុចខ្វះខាត, កាលានុវត្តភាព និងបញ្ហាប្រឈមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាដេញដោលឱ្យបានគ្រប់ជ្រុងជ្រោយ ដែលឈានដល់ការដាក់ចេញនូវកញ្ចប់វិធានការសម្រាប់កែទម្រង់ស្ថាប័ន, លើកកម្ពស់អភិបាលកិច្ច និងកែលម្អក្របខ័ណ្ឌគតិយុត្ត ឱ្យស្របតាមកម្មវិធីនយោបាយដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។


[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

(១) ផែនការសកម្មភាពរស់រវើក មិននៅតែលើក្រដាស មានការត្រួតពិនិត្យ វាយតម្លៃជាប្រចាំ

ខ្ញុំសូមឯកភាពជាមួយ ឯកឧត្តម ហេង សួរ ដែលប្រើពាក្យថា “ផែនការសកម្មភាពដែលរស់រវើក” មិនមែនផែន ការសកម្មភាពដែលសរសេរហើយនៅលើក្រដាស ហើយត្រូវតែអនុវត្តឱ្យដូចបន្ទាត់នោះទេ។​ ត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល។ អ្វីដែលនៅលើក្រដាស ត្រូវកែសម្រួលឱ្យស្របទៅតាមសមិទ្ធកម្មដែលយើងចង់បាន។ យើងត្រូវតែអនុវត្តនៅក្នុងក្របខណ្ឌច្បាប់ ក្របខណ្ឌយុទ្ធសាស្ត្រកម្រិតមួយ ប៉ុន្តែកុំឱ្យវាងាប់ក្រឡា កុំឱ្យធ្វើអ្វីមួយមិនហ៊ានកែប្រែនៅក្នុងក្របខណ្ឌអនុវត្ត។ ពាក្យនេះសំខាន់ណាស់ព្រោះពេលវេលាជាមាសពេជ្រ។ បើចាំដល់ប្រជុំ ១ឆ្នាំ បូកសរុបកែផែនការឆ្នាំក្រោយ យើងខាតអស់ ១២ខែ។ តែ ១២ខែ នេះ​ បើដើរទិសដៅខុសវាអាចជាមូលដ្ឋានកសាងភាពខុសរហូតទៅដល់រាប់ឆ្នាំតទៅទៀត។ អញ្ចឹងទាមទារនូវការវាយតម្លៃជាប់ជាប្រចាំ។ ការតាមដានត្រួតពិនិត្យនោះសំខាន់ណាស់។ ជួនកាលអ្វីដែលយើងដាក់ពីឆ្នាំនេះ វាផ្អែកទៅលើស្ថានភាពអតីតកាល និងបច្ចុប្បន្នកាល វាអត់ឆ្លើយតបទៅនឹងស្ថានភាព ដែលអាចកើតមាននៅអនាគតកាលទេ។​ អញ្ចឹងចាំបាច់ត្រូវកែប្រែទៅតាមស្ថានភាពជាក់ស្តែង។

(២) វិស័យឯកជនជាដៃគូសំខាន់ក្នុងការបង្កើតការងារនិងជំរុញសេដ្ឋកិច្ច

មិនបានន័យថាអត់មានស្ថិរភាពនៃការអនុវត្តនយោបាយទេ។ មិនមែនកែសម្រួល ផ្អែកទៅតាមការនឹកឃើញនោះទេ។ រាល់ការកែសម្រួលទាំងអស់ គឺមានការប្រជុំវាយតម្លៃដូចបានធ្វើ ២ថ្ងៃនេះ ជាកិច្ចការសំខាន់។ ត្រូវមានការចូលរួមពីគ្រប់វិស័យ។ ពិតណាស់ ក្រសួងការងារដឹកនាំសម្របសម្រួល ពង្រឹងនិងរៀបចំក្របខណ្ឌគតិយត្តិនានា និងជំរុញការអនុវត្តសម្រាប់បម្រើឱ្យវិស័យការងារ ប៉ុន្តែអ្នកដែលដើរតួនាទីបង្កើតការងារតែម្តងនោះ គឺមានតួអង្គច្រើន ហើយក្នុងនោះវិស័យឯកជនគឺជាតួអង្គមួយសំខាន់ណាស់។ អញ្ចឹងត្រូវស្តាប់ការចូលរួមមតិជាធាតុផ្សំរបស់វិស័យឯកជនដែលជាដៃគូយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ និងជំរុញសេដ្ឋកិច្ច … ពាក្យមួយម៉ាត់នេះដែលថាជាផែនការរស់រវើក គឺខ្ញុំឯកភាព ហើយកិច្ចការទាំងអស់ត្រូវផ្អែកទៅលើភាពជាក់ស្តែងនិយម កុំផ្អែកទៅលើទ្រឹស្តីនិយម ហើយផ្អែកទៅលើការបត់បែនជាក់ស្តែង ចាត់វិធានការឱ្យបានទាន់ពេលវេលា កាន់តែប្រសើរ។

[ចប់សេចក្តីអធិប្បាយ១]

ផ្អែកតាមរបាយការណ៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាននៅឆ្នាំ ២០២៣ កន្លងទៅ ជាពិសេសការអនុវត្តភារកិច្ច, គោលនយោបាយ និងកម្មវិធីនានា របស់រាជរដ្ឋាភិបាល រួមទាំងការងារអាទិភាពធំៗទាំង៥ ដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ ២០១៩ ប្រកបដោយការទទួលខុសត្រូវ, បុរេសកម្ម, ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ។ ជាលទ្ធផល, លក្ខខណ្ឌការងារ, សុវត្ថិភាព និងសុខភាពការងារ, និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ មានការរីកចម្រើនគួរជាទីមោទនៈ ហើយសិទ្ធិ និងផលប្រយោជន៍គោលរបស់បងប្អូនកម្មករ-និយោជិត, ទាំងនៅក្នុង និង ក្រៅប្រទេស ត្រូវបានការពារ និងលើកកម្ពស់ ជាប់ជាប្រចាំ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ និងអរគុណចំពោះអតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនជំនាន់ ជាពិសេសឯកឧត្តម អ៊ិត សំហេង តែម្ដង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញមុខងារជាសេនាធិការជូនរាជរដ្ឋាភិបាល។ ខ្ញុំធ្លាប់បានធ្វើការផ្ទាល់ជាមួយឯកឧត្តម។ ពិតណាស់ ខ្ញុំនៅកងទ័ពជើងគោក ប៉ុន្តែយើងក៏ជាសមាជិកគណៈកម្មការមួយចំនួនដែលធ្វើការងារក្នុងវិស័យការងារ។ (យើងបាន)ឃើញការខិតខំយកចិត្តទុកដាក់ និងការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ឯកឧត្តម ហេង សួរ ក៏នឹងបន្តជាមួយមន្ត្រីរបស់យើងដើម្បីជំរុញកិច្ចការនេះបន្តទៅទៀត។ នេះគឺជាការងារចាំបាច់ ដើម្បីរក្សានូវលំនឹងនៃនយោបាយ លំនឹងនៃកម្មវិធី និងភាពជាក់ស្តែងដើម្បីជំរុញសេដ្ឋកិច្ចរបស់យើង។

[ចប់សេចក្តីអធិប្បាយ២]

ជាក់ស្តែង, សហគ្រាស-គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ចំនួន ៤០ ៩៧៥ និងមានកម្មករ-និយោជិតចំនួន ១,៧ លាននាក់ ដោយបានទទួលប្រាក់ឈ្នួលសរុបជាមធ្យមជាង ៥,១៨ ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ, នេះមិនទាន់គិតអំពីកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង បងប្អូនពលករខ្មែរធ្វើការនៅបរទេសផង ។ លើសពីនេះ, ក្រសួងក៏បានខិតខំចូលរួមអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង ១០ ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង អនុសាសន៍ ១០ ចំណុច ដែល ខ្ញុំបានណែនាំកាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

(៣) តម្លើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៤ របបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព បណ្តុះបណ្តាលជំនាញបច្ចេកទេស

ក្នុងនោះ ចែកជា២ គឺ ៦ ចំណុច ត្រូវអនុវត្តឱ្យបានក្នុងឆ្នាំ ២០២៣ និង ៤ ចំណុចដែលត្រូវបន្តក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ សូមអបអរ ហើយសូមកោតសររសើរ។ ៦ចំណុច ដំបូងនេះគឺអនុវត្តបាន។ (១) ការដំឡើងប្រាក់ឈ្នួលអប្បរមាឆ្នាំ ២០២៤ … តាមពិតធ្វើមុនភ្ជុំ ព្រោះខ្ញុំបានជួបជាមួយបងប្អូនកម្មករ/ការិនី ថាបើ ឯកឧត្តម ហេង សួរ ដឹកនាំសម្របសម្រួលមិនឡើងទេ ទៅទារលុយនៅផ្ទះគាត់។ អញ្ចឹងក៏បានរៀបចំឡើង តិចច្រើនយើងបានដំឡើងជូនបងប្អូនប្រជាពលរដ្ឋរបស់យើង កម្មករ/ការិនី របស់យើង។ ២. យើងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា (ឆ្នាំ ២០២៣) កន្លងទៅនេះ។

មកដល់ពេលនេះ គិតត្រឹមចុងឆ្នាំ ២០២៣ យើងមានបងប្អូនជាង ៨ម៉ឺននាក់ បានចុះឈ្មោះហើយ។ នេះជាកិច្ចការសំខាន់ ដែលយើងគ្រោងធ្វើយ៉ាងណាផ្តល់នូវសេវាគ្របដណ្តប់ផ្នែកសុខាភិបាលនេះជាសកល។ យើងបានរិះរកគ្រប់រូបមន្តទាំងអស់ ទាំងជាបន្ទុករបស់រដ្ឋ បន្ទុករបស់វិស័យឯកជន និងការចូលរួមបដិភាគរបស់ប្រជាពលរដ្ឋ … ដើម្បីប្រជាពលរដ្ឋ សូម្បីតែបុគ្គលស្វ័យនិយោជន៍ ក៏អាចមានលទ្ធភាពទទួលបាននូវការថែទាំសុខភាពនេះ តាមរយៈការចូលរួមវិភាគទានកម្រិតណាមួយ។ រូបមន្តនេះត្រូវមាននិរន្តរភាព។

៣. ខ្ញុំក៏បានប្រកាសដាក់ឱ្យផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់យុវជន ១,៥ លាននាក់ ហើយក្នុងនោះមកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ក្រសួងបានចាប់ផ្តើមអនុវត្តជាផ្លូវការ ហើយបានបើកវគ្គ ៤៧៨ វគ្គហើយ។ អ្នកដែលចុះឈ្មោះនោះ បានជាង ២ ៧០០០នាក់។ អញ្ចឹងបានន័យថា លទ្ធផលជាក់ស្តែងនៅលើដី គឺជាអ្វីដែលជាសូចនាករសម្រាប់វាស់ភាពជោគជ័យនៃកម្មវិធី។ មកដល់នេះ ក្នុងរយៈពេល ១ខែជាង យើងបានអនុវត្តត្រូវ។ សូមអនុវត្តកិច្ចការនេះបន្តទៀត ដើម្បីជួយក្នុងការកសាងធនធានមនុស្សរបស់យើង។

ក្រសួងការងារ តាមរយៈរបាយការណ៍អម្បាញ់មិញនេះគឺមាន ៥ចំណុច ៣ចំណុចទៀតនេះក៏បានអនុវត្តដោយជោគជ័យ អញ្ចឹងសូមបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍ជូនបងប្អូននៅក្នុងវិស័យការងារ។

[ចប់សេចក្តីអធិប្បាយ៣]

ផ្អែកលើលទ្ធផលនៃការវិភាគស៊ីជម្រៅអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ ចុងក្រោយ, និន្នាការសកលធំៗ, បញ្ហាប្រឈម និងកាលានុវត្តភាព, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាព បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ ដំណាក់កាល សម្រាប់រយៈពេល ២៥ ឆ្នាំទៅមុខ ដោយរក្សាបាវចនា «ការងារ» និង វិស័យអាទិភាព «មនុស្ស» នៅដដែល ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក៏ដូចជាអាណត្តិបន្តបន្ទាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន, ការពង្រឹងអភិបាលកិច្ច, ការកែតម្រូវក្របខ័ណ្ឌគតិយុត្ត និងការជំរុញបរិវត្តកម្មឌីជីថល សំដៅរក្សាស្ថិរភាពទីផ្សារការងារ, លើកកម្ពស់ជីវភាពកម្មករ-និយោជិត និងរក្សាការពារសន្តិសុខសង្គម តាមរយៈ ការកសាងបរិយាកាសវិនិយោគអំណោយផល, ការបង្កើតការងារ, ការធានានិរន្តរភាពការងារ, ការកែលម្អលក្ខខណ្ឌការងារ, ការគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករ-និយោជិត និងការធ្វើសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជាដើម ។

ទន្ទឹមនេះ, ខ្ញុំសូមវាយតម្លៃថា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខ-សង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨» មានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានការ-កំណត់សូចនាករគោលដៅច្បាស់លាស់ និងមានយន្តការសមស្របសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាព, សមិទ្ធផល និងប្រសិទ្ធភាព នៃការអនុវត្ត ជាពិសេស ការលើកកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តកិច្ចការនេះឱ្យសង្គតិភាព ប្រកបដោយជោគជ័យសំដៅរក្សាស្ថិរភាព និង ភាពធន់ នៃទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស ជូនប្រជាពលរដ្ឋកម្ពុជា។

លើសពីនេះ, ខ្ញុំជឿជាក់ថាផែនការយុទ្ធសាស្ត្រនេះ នឹងឆ្លើយតបបានតាមគោលដៅទាំងឡាយ ដែលមានក្នុង កម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, គោលនយោបាយជាតិ និង គោលនយោ-បាយតាមវិស័យពាក់ព័ន្ធ, ក្នុងនោះ យុទ្ធសាស្ត្រទី១ «ការរៀបចំ និង ការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម», យុទ្ធសាស្ត្រទី២ «ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០, សេដ្ឋកិច្ច និងសង្គម ឌីជីថល, និងសេដ្ឋកិច្ចបៃតង», យុទ្ធសាស្ត្រទី៣ «ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាព និង សុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ», យុទ្ធសាស្ត្រទី៤ «ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ប្រកបដោយ សុវត្ថិភាព, គុណភាព និង ប្រសិទ្ធភាព», យុទ្ធសាស្ត្រទី៥ «ការអភិវឌ្ឍរបបសន្តិសុខសង្គម ស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច», និង យុទ្ធសាស្ត្រគាំទ្រទូទៅចំនួន ១ គឺ «ការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅ តាមបច្ចេកវិទ្យាឌីជីថល» ។

ជាមួយនឹងសមិទ្ធផលជាច្រើននាពេលកន្លងមក, ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា ស្របតាមនិន្នាការតំបន់ និង សកលលោក ប្រកបដោយភាពទន់ភ្លន់, រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណងរបស់ខ្ញុំ «ប្រជាជនម្នាក់មានអាជីពមួយ» ។ ក្នុងន័យនេះ, ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម៖

ទី១. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយសម្រួលការផ្ដល់សេវាផ្សេងៗ និងកម្រងសេវាសាធារណៈ ឱ្យឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

(៤) ការផ្ដល់សេវាសាធារណៈក្នុងវិស័យការងារត្រូវសំរេចជាស្ថាពរនៅខែមីនា ឆ្នាំ ២០២៤

កិច្ចការនេះត្រូវធ្វើជាបន្ទាន់ ធ្វើយ៉ាងណាឱ្យហើយនៅក្នុងដំណាច់ខែមីនា ឆ្នាំ ២០២៤ ដើម្បីសម្រួលដល់ការធ្វើការងាររបស់យើង។ ជាទិសដៅ យើងកែសម្រួលកំណែទម្រង់ដើម្បីជួយដល់វិស័យឯកជន។ ពាក្យសាមញ្ញថា “តម្លៃរកស៊ីឱ្យថោក ហើយងាយស្រួល” ឬ “សាមញ្ញហើយធូរថ្លៃ ដើម្បីជំរុញភាពប្រកួតប្រជែង និងងាយស្រួលនៅក្នុងការប្រកបរបរឱ្យមានប្រសិទ្ធភាព” … យើងកំពុងតែធ្វើចេញជាបទដ្ឋានប្រតិបត្តិមួយច្បាស់លាស់នៅក្នុងវិស័យពន្ធដារ។ នេះជាសំណូមពរមួយធំណាស់ពីវិស័យឯកជន ជាពិសេសទាំងក្នុងស្រុកនិងក្រៅស្រុក សូមឱ្យមានលំនឹង សូមឱ្យមានភាពច្បាស់លាស់ និងភាពងាយស្រួល និងដែលអាចព្យាករណ៍ទុកបាននៅក្នុងការងារនេះ។

យើងបានដាក់ចេញគោលនយោបាយច្រើន ប៉ុន្តែនៅគន្លឹះនៃការអនុវត្ត។ អញ្ចឹងធ្វើយ៉ាងណាធានានូវប្រសិទ្ធភាព នូវអ្វីដែលយើងចង់បាន កាត់បន្ថយភាពស៊ាំញាំដែលមិនចាំបាច់។ នៅក្នុងវិស័យការងារដូចគ្នា។ ធ្វើយ៉ាងណាឱ្យសេវាបែបបទផ្សេងៗ ការស្នើសុំផ្សេងៗ មានភាពងាយស្រួល ហើយទៅមុខទៀត យើងត្រូវទំនើបកម្មវាចូលទៅក្នុងឌីជីថល។ អញ្ចឹងមិនចាំបាច់ទៅបំពេញក្រដាសអីទៀតទេ សន្សំក្រដាសផង កាត់បន្ថយការចំណាយផ្សេងៗ ទាំងពេលវេលារបស់បុគ្គលឬមួយក្រុមហ៊ុន ក្នុងការជិះរថយន្តទៅរង់ចាំ​​ ទៅបំពេញបែបបទច្រើនដង។ គ្រប់​ក្រសួងស្ថាប័នទាំងអស់កំពុងតែធ្វើការកែទម្រង់រចនាសម្ព័ន្ធ និងកំណែទម្រង់ប្រព័ន្ធការងារ … ជាជាងយើងរត់ ១០ជំហានបានដល់ ដើរតែ ២ជំហានដល់ហើយ មិនចាំបាច់ចំ​ណាយកម្លាំងរត់ ហើយខ្លីផង។

ពាក្យសាមញ្ញ គឺផ្លូវកាត់តែប្រសិទ្ធភាពដូចគ្នា ដល់គោលដៅដូចគ្នា។ អញ្ចឹងសូមធ្វើយ៉ាងណាជំរុញការកែសម្រួលនិងការរៀបចំនេះឱ្យហើយក្នុងខែមីនាខាងមុខ ព្រោះខ្ញុំបានឯកភាពហើយកាលពី ខែវិច្ឆិកា។ អញ្ចឹងខែមីនា ឆ្នាំ ២០២៤ មិនមែនខែមីនា ឆ្នាំ ២០២៧ ទេ។ ដាក់សូចនាករនិងពេលវេលាច្បាស់​លាស់​ដើម្បីបានផល ព្រោះបើក្រសួងយឺត ១ខែ ក្រុមហ៊ុនត្រូវប្រឈម ១ខែទៀត។ អញ្ចឹងវាធាក់ថយគ្នា។ អញ្ចឹងបើយើងកែសម្រួលបាន ១ខែមុន វាបង្កើនការជួយក្នុងខែនេះ បានផលគុណតគ្នា។

[ចប់សេចក្តីអធិប្បាយ៤]

ទី២. ចំពោះការងារអធិការកិច្ច, ខ្ញុំលើកទឹកចិត្តឱ្យ ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ត្រូវបន្តដឹកនាំយន្តការងារនេះ, ប៉ុន្តែ អធិការកិច្ចត្រូវធ្វើឡើងតែមួយដងគត់ ក្នុង ១ ឆ្នាំ លើគោលដៅតែមួយ ទៅតាមការចាំបាច់ និងតាមការជ្រើសរើស លើកលែងតែមានបណ្ដឹងពីបងប្អូនកម្មករ-និយោជិត ឬ មានឧបទ្ទវហេតុណាមួយកើតឡើង ។ ជាមួយគ្នានេះ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដឹកនាំការធ្វើអធិការកិច្ចអន្តរក្រសួង ដើម្បីលុបបំបាត់ពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់ ។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យអនុវត្តអនុសាសន៍គន្លឹះទាំង ១០ ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងអនុសាសន៍ ១០ ចំណុច ដែលខ្ញុំបានដាក់ចេញកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ទី៤. ត្រូវបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារ- ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ប្រកបដោយគុណភាព ស្របតាម អភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» និង ពង្រីកវិសាលភាពបន្ថែមដល់ក្រុមគោលដៅសំខាន់ៗមួយចំនួនទៀត ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញពីកម្មវិធីនេះ ដូចជា បុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ, យុវជនជនដែលងាយរងគ្រោះ និងសហគ្រិនជាដើម ។

ទី៥. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តបង្កើនការបណ្តុះបណ្តាលជំនាញកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់បំពេញតួនាទីជាអ្នកគ្រប់គ្រងថ្នាក់កណ្តាល នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាស-គ្រឹះស្ថាន ហើយកម្មវិធីបណ្តុះបណ្តាលនេះ ត្រូវរៀបចំឱ្យមានការចុះកម្មសិក្សា, អនុវត្តការងារជាក់ស្តែង នៅតាមសហគ្រាស-គ្រឹះស្ថាន រយៈពេលពី ៤ ខែ ទៅ ៦ ខែ ដើម្បីធានាឱ្យបាននូវគុណភាព, សមត្ថភាព, ជំនាញ, ផលិតភាព និងភាពប្រកួត-ប្រជែងខ្ពស់ ។

ទី៦. ត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករ-និយោជិតដែលកំពុងបំពេញការងារ គ្មានជំនាញ, មិនមានជំនាញគ្រប់គ្រាន់ ឬ ខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ពីការប្រែប្រួលនៃបច្ចេកវិទ្យា និង ពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ; ការជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងការផ្តល់ឱកាស ចុះកម្មសិក្សា, ទទួលការបណ្តុះបណ្តាល និងបង្កើនសមត្ថ-ភាពកម្មករ-និយោជិត នៅនឹងកន្លែងការងារ; ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាលឌីជីថលនៅកន្លែងការងារ, កម្មវិធីបែបចម្រុះ ឬ ឆ្លាស់ ជាពិសេសការផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្ន, និងការអនុវត្តការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក ក្នុងតំបន់អាស៊ានជាដើម ។

ទី៧. ត្រូវបន្តជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ស្របតាមច្បាប់ស្តីពីការងារ តាមរយៈការ-ពិនិត្យលទ្ធភាពក្នុងការទទួលយកសិស្សចូលហាត់ការក្នុងសហគ្រាស-គ្រឹះស្ថាន ដើម្បីអាចរាប់ បញ្ចូលជាការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយផ្ដល់ព័ត៌មាន និងចុះឈ្មោះមកកាន់នាយកដ្ឋានអធិការកិច្ច ក្រោមការសហការជាមួយអង្គការអន្តរជាតិខាងការងារ ។ ក្នុងន័យនេះ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ប្រកបដោយភាពបត់បែន និងផ្តល់ជម្រើសសម្រាប់សហគ្រាស-គ្រឹះស្ថាន ដែលបង្កលក្ខខណ្ឌងាយស្រួល ក្នុងការចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយម្ចាស់សហគ្រាស-គ្រឹះស្ថាន មានជម្រើស ដូចខាងក្រោម៖

– ជម្រើសទី១: ផ្តល់កម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្ដូរជំនាញ (Reskilling) ដល់កម្មករ-និយោជិតរបស់ខ្លួនដោយផ្ទាល់បាន ។

– ជម្រើសទី២: ជ្រើសរើសសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាចេញពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអាចចុះកម្មសិក្សានៅតាមសហគ្រាស-គ្រឹះស្ថានរបស់ខ្លួនបាន ។

– ជម្រើសទី៣: អាចបញ្ជូនវិស្វករ ឬ អ្នកជំនាញ នៅតាមសហគ្រាស-គ្រឹះស្ថានរបស់ខ្លួន ដើម្បីធ្វើបទបង្ហាញ ឬ បាឋកថា ចែករំលែកចំណេះដឹង, ជំនាញ និងបទពិសោធនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

ទី៨. ជាមួយនឹងការជំរុញយុទ្ធនាការថ្នាក់ជាតិស្តីពី «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ», ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តការយកចិត្តទុកដាក់លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សហគ្រិន និងកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និង ពលករខ្មែរនៅក្រៅប្រទេស ដើម្បីទទួលបាននូវការការពារសិទ្ធិ, ជំនាញវិជ្ជាជីវៈ និងកិច្ចគាំពារ-សង្គម ។ ជាមួយគ្នានេះ, ត្រូវបង្កើនប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីផ្សះផ្សាវិវាទការងារ, តំណាងនិយោជក, តំណាងកម្មករ-និយោជិត, និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ។

ទី៩. ដើម្បីបន្ដលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់បងប្អូនកម្មករ-និយោជិត, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (OSH) នៅកន្លែងធ្វើការ ឱ្យបានកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ការងារ និងហានិភ័យនានា ។

ទី១០. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេស សំដៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករ-និយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ, និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និង គ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ។

ទី១១. ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តជំរុញការសិក្សាស្រាវជ្រាវ, នវានុវត្តន៍ និងបច្ចេកវិទ្យានវានុវត្តន៍ តាមរយៈការបង្កើតផលិតផលដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ឬ ធ្វើពាណិជ្ជូបនីយកម្ម (commercialization), ការជំរុញការបង្កើនមជ្ឈមណ្ឌលស្រាវជ្រាវ, អភិវឌ្ឍ និងនវានុវត្ត, ការកៀរគរមូលនិធិជាតិដើម្បីគាំទ្រដល់ការស្រាវជ្រាវ, ការជំរុញឱ្យមានការរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិ និង ការបង្កើនការចូលរួមការប្រកួតប្រជែងអន្តរជាតិ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន តាមរយៈការរៀបចំឱ្យមានកិច្ចសន្ទនារវាងរដ្ឋ, ឯកជន និងដៃគូអភិវឌ្ឍន៍ ឱ្យបានជាប្រចាំ, ការជំរុញការបង្កើតគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បន្ថែម នៅតាមតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្ម, និងការពង្រឹង ពង្រីកក្រុមប្រឹក្សាជំនាញតាមវិស័យ ។

ទី១២. ត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈ ការពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ការពិនិត្យការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាពនៃការអប់រំ និងការអនុវត្តរបបសន្តិសុខសង្គមដល់សហគ្រិន និងកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នក-ស្ម័គ្រចិត្តដទៃទៀត, និងការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខសង្គមផ្នែកប្រាក់សោធន សំដៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ ។

ទី១៣. ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្តដល់ គ្រប់ក្រសួង-ស្ថាប័ន, សូមបន្តចូលរួមក្នុងស្មារតីបុរេសកម្ម ក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ, កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ, និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ សំដៅធ្វើយ៉ាងណាឆ្លើយតបនឹងសំណូមពររបស់វិស័យឯកជន ។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(៥) ដាក់គោលនយោបាយពីលើតែមិនរង្គើខាងក្រោម ទៅមិនរួច ឬរង្គើខាងក្រោមមិនមានយុទ្ធសាស្ត្រ វាច្របូកច្របល់

ជាមួយគ្នានេះដែរ ដូចនៅក្នុងស្ថាប័នថ្នាក់ក្រោមជាតិ អាជ្ញាធររាជធានីខេត្ត ស្រុក ក្រុង ដែលពាក់ព័ន្ធកិច្ចការទាំងអស់នេះ គឺដើម្បីអនុវត្តគោលការណ៍/ផែនការជោគជ័យ ទាល់តែមានរូបមន្តចីរភាពនិងតួអង្គតែមួយ។ ដាក់ពីលើអត់រង្គើក្រោមក៏វាទៅមិនរួច។ រង្គើក្រោមអត់ទិសដៅយុទ្ធសាស្ត្រពីខាងក្រៅ ក៏វាច្របូកច្របល់។ អញ្ចឹងវាទាមទារឱ្យមានវិន័យនៅក្នុងរដ្ឋបាលថ្នាក់ជាតិ (ថ្នាក់)ក្រោមជាតិ ការអនុវត្តត្រូវយល់ពីក្របខណ្ឌសិទ្ធនិងកាតព្វកិច្ច។ យើងធ្វើវិមជ្ឈការ និងវិសហមជ្ឈការ គឺការផ្ដល់សិទ្ធនៅក្នុងការអនុវត្តរបស់មូលដ្ឋាន ដើម្បីឱ្យមានភាពបត់បែន។ ប៉ុន្តែភាពបត់បែននេះ គឺត្រូវស្ថិតនៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រទាំង៤ ដែលដាក់ចេញពីថ្នាក់ជាតិ។ បានន័យថា ថ្នាក់ជាតិកំណត់ទិសដៅ កំណត់ព្រំដែនក្នុងការសហការរវាងស្ថាប័នជំនាញផ្សេងៗ ថ្នាក់ក្រោមជាតិបន្តអនុវត្តតាមជំនាញផ្សេងៗ ដើម្បីយើងធានានូវវិន័យ សណ្ដាប់ធ្នាប់និងប្រសិទ្ធភាពក្នុងការងារ។

(៦) រដ្ឋបង្កលក្ខណៈឱ្យប្រជាពលរដ្ឋភាគច្រើនបំផុតអាចរស់ដោយខ្លួនឯង និងជួយរដ្ឋទំនុកបំរុងអ្នកផ្សេងទៀត

ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង គឺអាស្រ័យទៅលើការបង្កើតការងារហ្នឹងហើយ។ រដ្ឋមិនអាចចិញ្ចឹម​ប្រជាពលរដ្ឋទាំងអស់បានទេ។ រដ្ឋមិនអាចរកត្រីជូនប្រជាពលរដ្ឋទាំងអស់នោះទេ។ រដ្ឋមានតែលទ្ធភាពបង្កលក្ខណៈ​ឱ្យប្រជាពលរដ្ឋភាគច្រើនបំផុតមានលទ្ធភាពរស់នៅដោយខ្លួនឯង ពង្រឹងខ្លួនឯង ហើយជួយរដ្ឋវិញ ដើម្បីជួយចិញ្ចឹមទំនុកបម្រុងអ្នកផ្សេង​។ ការអនុវត្តវិធានការផ្សេងៗ ទាំងប៉ុន្មានចំណុច ដែលដាក់ចេញនេះ និងដែលប្រ​គល់ភារកិច្ចឱ្យក្រសួងការងារ ត្រូវទាមទារនូវការសហការគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និង(ថ្នាក់)ក្រោមជាតិនៅក្នុងការជំរុញកិច្ចការនេះ។ មុននឹងបញ្ចប់ ខ្ញុំសូមលើកចំណុចមួយពាក់ព័ន្ធហ្នឹងទស្សនកិច្ចរបស់ខ្ញុំម្សិលមិញ(ទៅព្រះរាជាណាចក្រថៃ)។

មានការបកស្រាយផ្សេងៗ ជាពិសេសចំណុចរសើបមួយចំនួន ដែលថារដ្ឋាភិបាលយើងក្បត់ជាតិរួចទៅហើយ ទៅលើកិច្ចការមួយចំនួនដែលបានឯកភាពគ្នាធ្វើជាមួយនឹងថៃ។ ទស្សនកិច្ចរបស់ខ្ញុំម្សិលមិញ ចាប់ពីពេលខ្ញុំទទួលជានាយករដ្ឋមន្ត្រី​ ជាទស្សនកិច្ចលឿនជាងគេបំផុតហើយ។ ដល់ម៉ោង៩ ឡើងមកវិញម៉ោង៦កន្លះ គឺក្នុងរយៈពេល ៩ម៉ោង។ មានសំណួរថា ម៉េចក៏លឿនម្លេះ? វាអត់សំខាន់ប៉ុន្មានម៉ោងទេ សំខាន់ធ្វើបានអីខ្លះ។ ម្សិលមិញ យើងបានពិភាក្សាជាមួយនឹងរដ្ឋាភិបាលថៃ ឯកឧត្តម Srettha Thavisin ដែលនេះជាលើកទី២ យើងជួបគ្នា(ជា)ផ្លូវការ។ លើកទី១ នៅខែកញ្ញា ឆ្នាំ២០២៣ នៅកម្ពុជា ដែលជាប្រទេសទី១ ដែលគាត់បានធ្វើទស្សនកិច្ចផ្លូវការ ក្រោយពីទទួលតួនាទីជានាយករដ្ឋមន្ត្រី។ ក៏ជាទស្សនកិច្ចផ្លូវការលើកទី១ របស់ខ្ញុំទៅកាន់ព្រះរាជាណាចក្រថៃក្នុងនាមជានាយករដ្ឋមន្ត្រីផងដែរ។

(៧) ៣ចំណុចធំៗ ជាមួយរដ្ឋាភិបាលថៃ៖ នយោបាយនិងសន្តិសុខ សេដ្ឋកិច្ច និងការងារ កិច្ចការដែលយើងបានពិភាក្សាមានច្រើន តែអាចបង្រួមមកត្រឹម ៣ចំណុចធំៗ។

ទី១ នយោបាយការទូតនិងសន្តិសុខ … យើងជជែកគ្នាច្រើនទៅលើការបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប៉ុន្តែអ្វីមួយដែលជាយុទ្ធសាស្ត្រដែលយើងអាចសម្រេចបាននិងការឯកភាព គឺការតម្លើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ពីភាពជាដៃគូរឹងមាំដើម្បីសន្តិភាព និងវិបុលភាពនៅឆ្នាំ ២០១៧ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ Strategic Partnership។ បើនិយាយក្នុងភាសាការទូតរវាងប្រទេសយើងទាំងពីរ នេះជាចំណុចខ្ពស់បំផុតក្នុងប្រវត្តិនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ទំងន់វាបង្កើតមកអីទៀត? បានន័យថា ពីកម្រិតនេះ​វានឹងពង្រីកវិសាលភាពនៃទំ​នាក់ទំនងគ្រប់វិស័យរបស់យើង។ ទំនាក់ទំនងនោះមិនមែនរាជរដ្ឋាភិបាលអ្នកធ្វើតែមួយទេ គឺប្រជាពលរដ្ឋយើង ក្នុងវិស័យឯកជន ក្នុងវិស័យអប់រំ វប្បធម៌ កសិកម្មផ្សេងៗ គឺបើកច្រកនៅក្នុងការពង្រឹកទំនាក់ទំនងនៃប្រទេសទាំង​ពីរ។

ទី២ គឺសេដ្ឋកិច្ច (និង) ចំណុចទី៣ ពាក់ព័ន្ធនឹងការងារពលកររបស់យើង។ នេះគឺការងារធំៗដែលយើងអាចបង្រួម។ ទាក់ទងសេដ្ឋកិច្ច គឺរាជរដ្ឋាភិបាលយើងបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមមួយចំនួន ហើយរាជរដ្ឋាភិបាលថៃក៏បានឯកភាពនិងពិភាក្សាគ្នាបន្ត ក៏បានលើកនូវគំនិតផ្ដួចផ្ដើមមួយចំនួនដើម្បីយើងពង្រឹងយន្តការនៅក្នុងការពង្រឹងពាណិជ្ជកម្មទំនាក់ទំនងជាមួយគ្នា។ ខ្ញុំក៏បានជួបវិស័យឯកជនថៃ តាមរយៈ ការរៀបចំនូវវេទិការធុរកិច្ចកម្ពុជា​-ថៃ។ អរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មថៃដែលបានសហការរួមគ្នារៀបចំបានល្អ ធ្វើឱ្យវិស័យឯកជនយើងបានជួបគ្នាផង ហើយក៏យើងបានទៅ(ទាក់ម៉ូយ) ពាក្យសាមញ្ញគេថាដើរទាក់ម៉ូយ។

ខ្ញុំបានធ្វើការទាក់(ម៉ូយ)ច្រើនទ្វីបហើយ តាំងពីអាស៊ីរហូតដល់អឺរ៉ុប រហូតដល់អាមេរិក។ ខែក្រោយទៅទាក់ម៉ូយនៅអូស្ដា្រលីទៀត ឆ្លងទ្វីបជិះយន្តហោះទាក់ម៉ូយ។ ពាក្យថាទាក់ម៉ូយនេះ បានន័យថាដើរកៀរគរ ដើរផ្សព្វផ្សាយ ទៅបង្ហាញនិងសង្ឃឹមថានឹងមានចំណាប់អារម្មណ៍ពីវិស័យឯកជន។ ក្នុងនោះ ទី១ វិស័យឯកជនដែលបានកំពុងធ្វើសកម្មភាពនៅកម្ពុជា ក៏សុំថាបន្តជឿទុកចិត្តកម្ពុជាទៀតទៅ និងបន្ថែមនូវឱកាសដើម្បីពង្រីកខ្លួន … យើងហៅអ្នកផ្សេងមកដើម្បីធ្វើកិច្ចការនៅក្នុងការពង្រីកវិសាលភាព … គោលដៅធំរបស់រាជរដ្ឋាភិបាល គឺជំរុញការអភិវឌ្ឍសេដ្ឋ​កិច្ច។

អំពីការបង្កើតការងារ។ ការងារ តើយើងមានស្ថាប័នណាខ្លះ អង្គការណាខ្លះដែលបង្កើត? ទី១ រដ្ឋាភិបាល មន្ត្រីរាជការនិងរដ្ឋាភិបាលរបស់យើង គឺជាអ្នកដែលបង្កើតការងារមួយហើយ ដូចចូលកន្លះលាននាក់ទាំងកងកម្លាំងប្រ​ដាប់​អាវុធអី។ ទី២ នៅក្នុង NGO អង្គការសង្គមស៊ីវិល។ ទី៣ ក្រុមស្វ័យនិយោជន៍ និងទី៤ វិស័យឯកជន។ វិស័យឯកជនដើរតួនាទីធំណាស់នៅក្នុងការរៀបចំនិងបង្កើតការងារនេះ។ ជាតួអង្គដែលបង្កើតការងារមួយដែលមានចីរភាព មានប្រសិទ្ធភាពជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងបានរីកចម្រើនដោយចីរភាព។ ការទាក់ទាញវិស័យឯកជននិងការជួបនេះ គឺដើម្បីបង្កើត(ការងារ)បន្ថែមទៀត។ ជាមួយថៃ យើងមានពាណិជ្ជកម្ម ៨ពាន់លាន(ដុល្លារ)។ សង្ឃឹមថានឹងរុញឱ្យបានកើនក្នុងពេលឆាប់ៗនេះ … យើងបានចុះ MOU ៥ ម្សិលមិញ រួមទាំងការកិច្ចព្រមព្រៀងគយដើម្បីសំរួលនូវលំហូការងារនេះ។ អញ្ចឹងការងារសេដ្ឋកិច្ចដែលធ្វើ គឺមានពាក់ព័ន្ធតែនឹងកិច្ចការនេះ។

(៨) ១៧២គម្រោង ទុនវិនិយោគជិត ៤ពាន់លានដុល្លារ គ្រោងបង្កើតការងារ ១៩ម៉ឺនកន្លែង

ឱ្យតែយើងនិយាយពីទាក់ម៉ូយ មានអ្នកចេញមកថាទាក់ខ្យល់។ ទាក់មិនឃើញអ្នកណាមកសោះ។ រវាងអ្នកថានិងអ្នកធ្វើគឺអ្នកធ្វើទៅដើរកៀរគរគេថាអួតណាស់ និយាយតែខ្យល់គ្មានឃើញមនុស្សមក។ ដល់ពេលមានវិស័យឯកជនមកពីក្រៅ ក្រុមហ៊ុនមកពីអឺរ៉ុប ពីអាមេរិក ជាបណ្ដាញក្រុមហ៊ុនមកកម្ពុជាក្នុងរយៈពេលប៉ុន្មានខែនេះ ជួបផងនិងសិក្សាបន្ថែម គេថាមកពីក្រុមហ៊ុនចិន … ខាង CDC ប្រាប់ថា ក្នុង ៨ខែហ្នឹង យើងមានគម្រោងបង្កើតថ្មី ១៧២ គិតជាទុនវិនិយោគ ៣,៨៦ ពាន់លានដុល្លារ ក្នុងរយៈពេលចាប់ផ្ដើមពីខែសីហា មកដល់ខែមករា (ឆ្នាំ២០២៤)នេះ។ មិនមែនខ្យល់ទេ។ ១៧២គម្រោង ទាំងគម្រោងយើងក្នុងស្រុក ទាំងគម្រោងមកពីក្រៅ មកពី ១០ប្រទេស។ សូម្បីតែនៅក្នុងខែមករា នេះ យើងមាន ៣២គម្រោង គិតជាទុនវិនិយោគជិត ២០០ លានដុល្លារ។

ដឹងគេថាម៉េចទេ? គម្រោង ៣២ ហ្នឹង គឺជាគម្រោងដែល(កើតលើ)ទឹកភ្នែកប្រជាពលរដ្ឋ។ គេរដ្ឋាភិបាលខ្មែរ ឱ្យតែមានគម្រោងវិនិយោគ គឺថាទឹកភ្នែកប្រជាពលរដ្ឋ។ អញ្ចឹងគុណនឹង ៣២ គឺទឹកភ្នែកប្រជាពលរដ្ឋវេទនា ៣២ដង … ទប់គាត់មិនជាប់។ ចាប់ជើងមិនជាប់។ យើងទាក់ម៉ូយ ថាយើងអួតបានខ្យល់។ យើងប្រាប់ថាមកច្រើន គាត់ថាអត់គុណភាព។ បង្កើតការងារ ថាមិនពិតទេ ប្រហែលជារាប់ទាំងអ្នកសុំទាន។ យើងឱ្យទិន្នន័យពិតប្រា​កដ ​ចង់ឆែក ក៏ឆែកមើលទៅ។ ថាអត់ទេ អាហ្នឹងមកមែន តែមកទឹកភ្នែកប្រជាពលរដ្ឋទៀតហើយ។ អញ្ចឹងចប់។ សូមបញ្ជូនសារទៅ។ ពូកែទើសអីទើសម្លេះទេ។ គ្រាន់តែចង់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ នៅទីនេះ តើ ១៧២គម្រោង ដែលទុនវិនិយោគ ៣,៨៦ ពាន់លាន(ដុល្លារ) មិនមែនបានន័យថាបង្កើតភ្លាម គេមកភ្លាមចេញរូបរាងភ្លាមទេ គឺគេបានការសម្រេចដាក់វិនិយោគ ហើយចាប់ផ្ដើមរៀបចំសាងសង់។ គម្រោងខ្លះត្រូវការមួយឆ្នាំទៅពីរឆ្នាំ។ គម្រោងធំត្រូវការពេល ២ទៅ៣ឆ្នាំ សង់អគារសង់រោងចក្រធំៗ។

គម្រោងនេះគ្រាន់តែបញ្ជប់យើងគ្រាន់តែរាប់ក្នុងគម្រោង១៧២ នេះ បើសិនជាបញ្ចប់ ពេលដែលវាបញ្ចប់នៅក្នុងពេលខាងមុខ គម្រោងខ្លះបានចេញរូបរាងរួចទៅហើយ ដោយសារវាអត់ត្រូវការពេលវេលាដើម្បីសាងសង់។ គម្រោងខ្លះនឹងបង្កើតការងារជាង ១៩ម៉ឺនកន្លែងជូនកូនចៅប្រជាពលរដ្ឋយើង។ គេថាខ្ញុំអួត។ ត្រូវហើយខ្ញុំអួតពីខែសីហា ដល់ពេលនេះយើងបាន ១៧២គម្រោង (មានទុនវិនិយោគ) ៣ពាន់ជិត៤ពាន់លាន(ដុល្លារ) ហើយគ្រោងបង្កើតការងារ ១៩ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ខ្ញុំអួតប៉ុណ្ណឹងខុសអី។ ពួកគេអត់ធ្វើអីសោះ ដល់ម៉ោងចូលអង្គុយមុខកាមេរ៉ា … ចេះគ្រប់មុខ។

(៩) នៅតំបន់សមុទ្រត្រួតគ្នារវាងកម្ពុជាថៃ មានរឿងពីរគឺប្រេង និងព្រំដែនទឹក

ទាក់ទងទៅនឹងវិស័យឯកជន ទៅលើកិច្ចការនេះ ការបន្ថែមនិងការទាក់ទាញបន្ថែម។ ម្សិលមិញនៅថៃយើងធ្វើការងារនេះ។ កិច្ចការមួយទៀតដែលជាប់គាំងមក ២០ឆ្នាំហើយ គឺយើងបានឯកភាពគ្នាគ្នាចាប់ផ្ដើមគិតគូរអំពីការទាញផលរួមគ្នាពីប្រេងកាតដែលយើងមាននៅតំបន់(សមុទ្រ)ត្រួតគ្នា។ ហ្នឹងហើយដែលគេជេរខ្ញុំថាក្បត់ជាតិ។ មានលោកម្នាក់នោះ ដែលចេញធ្វើនយោបាយមុនខ្ញុំទៀត ប៉ុន្តែដូចស្ទើរភ្លើងម៉េចទេ ម្ដងនោះថា ហ៊ុន ម៉ាណែត ចូលរៀន West Point ដោយសារពុករលួយ។ គេអ្នកខំដាក់ពាក្យប្រឡងជាប់ទាំងអស់ ដល់ចេញឈ្មោះ ហ៊ុន ម៉ាណែត។ ចង់ជេរអ្នកណា ជេរអាមេរិកឬអី។ អាមេរិកអ្នករើសទាំងអស់។ ឥឡូវគេថា បើសិនជារដ្ឋាភិបាលខ្មែរហ៊ានទៅធ្វើការជាមួយថៃ ដើម្បីអភិវឌ្ឍតំបន់ត្រួតស៊ីគ្នាហ្នឹង ជាអំពើក្បត់ជាតិ ព្រោះនឹងលក់ទឹកដី។ ខ្ញុំសូមពន្យល់។ ថ្ងៃនេះបញ្ជូនសារទៅឱ្យ ក៏ដូចជា(ជំរាប)ប្រជាជនយើងអោយបានយល់ថា នៅតំបន់(សមុទ្រ)ត្រួតគ្នានេះមានកត្តា ២ដែលពាក់ព័ន្ធ។ ទី១ គឺរឿងប្រេង ទី២ គឺរឿងព្រំដែនទឹក។ កិច្ចការព្រំដែនទឹក យើងត្រូវបន្តចរចាដោយប្រុងប្រយ័ត្ន និងដើម្បីការពារផលប្រយោជន៍ជាតិ អធិបតេយ្យភាពជាតិ។ ខាងថៃក៏ដូចគ្នា យើងត្រូវចរចាគ្នាផ្អែកទៅលើបច្ចេកទេសដែលប្រើពេលយូរ ប៉ុន្តែពេលជាមួយគ្នាយើងក៏ដឹងថា​នៅក្នុងតំបន់ហ្នឹងគឺមានប្រេងកាត ហើយប្រេងកាតនេះមិនមែនថានៅក្នុងដីអ្នកណាទេ។ តាមបច្ចេកទេសដែលបានសិក្សារួច គឺវានៅនៅក្នុងដីយើងខ្លះ នៅខាងថៃខ្លះ តែមានព្រំ(ដែននៅ)ខាងលើ។ ជាបច្ចេកទេសយើងបានដឹងហើយ។

(១០) សន្តិសុខឋាមពល ជាយុទ្ធសាស្ត្រយូឬអង្វែងដើម្បីកំណើនសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន

សួរថាហេតុអ្វីបានជាយើងត្រូវពិចារណាទៅលើរឿងនេះ? សន្តិសុខថាមពល គឺជាយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជានិងថៃដូចគ្នា។ គ្មានស្អីធ្វើបាន គ្មានស្អីទៅរួច បើគ្មានថាមពលនោះទេ។ មនុស្សក៏ត្រូវការថាមពលដែរ។ ដាក់បាកាសមួយកំប៉ុងអាចដើរបាន ១០ម៉ោង។ អគារនេះដើរ ម៉ាស៊ីនត្រជាក់ដើរ ត្រូវការភ្លើងអគ្គិសនី រោងចក្រ សហគ្រាសទាំងអស់ដែលត្រូវដើរ។ ឥឡូវត្រូវការថាមពលអគ្គិសនីផលិតដោយសូឡាក្តី ផលិតដោយអីក្តី ផលិតដោយឧស្ម័នក្តី។ អញ្ចឹងដើម្បីកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនត្រូវការថាមពល ហើយបច្ចុប្បន្នថាមពលយើងបង្កើតខ្លួនឯងបានខ្លះ តាមរយៈវារីអគ្គិសនី តាមរយៈសូឡា តិចទៀតយើងសិក្សាពីខ្យល់ និងផ្សេងៗទៀត។ យើងកំពុងចុះហត្ថលេខាជាមួយបារាំងសិក្សាពី hydrogen សាកល្បងទៅលើអីផ្សេងទៀត បង្កើតនៅលើដីយើង ជួយកាត់បន្ទុកមួយចំនួន … ពីមុនយើងនាំចូលធ្យូងថ្មដើម្បីដុត។ ឥឡូវយើងប្រកាសមិនឲ្យមានថាមពល(ដុតដោយ)ធ្យូង។ រោងចក្រដែលមានស្រាប់នៅប្រើ ប៉ុន្តែថ្មីៗទៀត គឺយើងលែងឲ្យមានហើយរោងចក្រអគ្គិសនីរោងចក្រអគ្គិសនីថ្មីដែលប្រើថាមពលធ្យូងថ្ម។

(១១) ដប់ទៅ ១៥ ឆ្នាំខាងមុខ យានយន្តក៏នៅតែត្រូវការប្រើប្រេងសាំងនិងម៉ាស៊ូត

ក្រៅពីនោះ យើងត្រូវការប្រេងរាវនិងឧស្ម័ន។ រថយន្តក៏ត្រូវការដូចគ្នាដែរ។ ឡាន ម៉ូតូ ត្រូវការប្រេង សាំង ម៉ាស៊ូត។ ថ្ងៃក្រោយលែងប្រើសាំង ម៉ាស៊ូត។ ពេលណាមួយនោះ ខ្ញុំមិនដឹងទេ ប៉ុន្តែក្នុងរយៈពេល ៤-១០-១៥ ឆ្នាំទៀត ជៀសមិនផុតគឺនៅតែប្រើ។ បើឡានប្រេងមិនប្រើ ក៏វានៅតម្រូវការផ្សេងៗទៀតដែលត្រូវតែប្រើ។ អញ្ចឹងជាយុទ្ធសាស្ត្រយើងត្រូវការ។ រាល់ថ្ងៃ បើសិនជាយើងត្រូវការពឹងផ្អែកនាំចូលពីក្រៅប្រទេសពីឆ្ងាយច្រើនពេក តម្លៃក៏ដូចជាភាពនឹងនររបស់វាក៏លំបាក។ ឥឡូវគ្រាន់តែសង្គ្រាមនៅមជ្ឈឹមបូព៌ា នៅសមុទ្រក្រហមហ្នឹង ការនាំចេញ នាំចូលរបស់យើងកើនតម្លៃមួយគគោកទៅហើយ។ កប៉ាល់ត្រូវថែម ១៤ ថ្ងៃទៀត គ្រាន់តែដឹកពីនេះទៅអឺរ៉ុប កុងទឺន័រយើងមួយកុងទឺន័រត្រូវឡើងប៉ុន្មានរយ។ បងប្អូននាំចេញមួយចំនួនកំពុងតែលំបាក ព្រោះអ្នកទិញនៅនោះគេអត់គិតរឿងថ្លៃទេ។ របស់ធ្លាប់លក់ទៅឲ្យហាងគេនៅអឺរ៉ុប លក់ប៉ុណ្ណឹងអ្នកឯងលក់តែប៉ុណ្ណឹង អ្នកឯងឡើងថ្លៃប៉ុណ្ណឹង ខ្ញុំលែងសូវទិញ។ អញ្ចឹងរបស់របរយើងក៏ប្រកួតប្រជែង។

(១២) កាត់បន្ថយការពឹងផ្អែកទាំងស្រុងពីប្រភពឆ្ងាយ និងពឹងផ្អែកលើខ្លួនឯងជាយថាហេតុក្នុងវិស័យឋាមពល

អ្វីដែលខ្ញុំចង់លើកនេះគឺថា បើសិនជាយើងគ្មានលទ្ធភាពដកដង្ហើមតាមច្រមុះខ្លួនឯងទេ ពឹងទៅលើខ្យល់ពីខាងក្រៅ ឬអុកស៊ីសែន ឬមួយខ្យល់ទុយោពីខាងក្រៅ យើងអាចលំបាក អត់អាចម្ចាស់ការ។ អញ្ចឹងត្រូវកាត់បន្ថយសមត្ថភាពនិងការពឹងផ្អែកទៅលើអ្វីដែលនៅឆ្ងាយខ្លួន ហើយពឹងលើខ្លួនក្នុងនោះវិស័យថាមពលរបស់យើងនេះឯង។ ការទាញយកថាមពលរួមគ្នា បើកច្រករួមគ្នាសិក្សា និងទាញយកផលប្រេងដែលយើងមានរួមគ្នាផ្តល់ឲ្យប្រ​ទេសកម្ពុជានិងថៃនូវលទ្ធភាពមួយដកដង្ហើមតាមច្រមុះខ្លួនឯងនៅថ្ងៃអនាគត។ ផលយ៉ាងម៉េច? ផលនៅក្នុងការទាញពីប្រេងនេះគឺ ទី១ នៅក្នុងប្លុកហ្នឹងអាចមានប្រេងកាត និងឧស្ម័នធម្មជាតិ ដែលយើងអាចលក់ប្រេង លក់ឧស្ម័ន បានលុយចូលរដ្ឋ។ ទី២ យើងអាចរៀបចំរោងចក្រចម្រាញ់ជាម៉ាស៊ូត ជាសាំង វាអាចកាត់បន្ថយការនាំចូល… បើសិនជាពេលណាមួយវាត្រូវបិទ ស្ទាក់ប្រេងមិនឲ្យមក ឧទាហរណ៍ដូចមួយវឹកកូវីដ១៩ ហ្នឹង សំភារៈមួយចំនួន​ចូលលែងបាន យើងនៅមានដង្ហើមខ្លួនឯងក្នុងស្រុក ឯករាជ្យ ម្ចាស់ការកម្រិតណាមួយ។ បើយើងផលិតខ្លួនឯងអាចទប់ការកើនតម្លៃ។

(១៣) ត្រូវញែកឲ្យដាច់រវាងផលប្រយោជន៍សេដ្ឋកិច្ច និងការចរចាព្រំដែនទឹក

គេវាយគ្នានៅអារ៉ាប់ តម្លៃកើននៅទីនោះ យើងអាចបន្តនៅមាន supply ត្រឹមកម្រិតណាមួយ បើមិនបានដើរទាំងអស់ ក៏ដើរនូវអ្វីដែលជាដង្ហើមសំខាន់ៗ ពេលដែលចាំបាច់។ បើជាឧស្ម័ន យើងអាចយកមកប្រើប្រាស់ រោងចក្រអគ្គិសនីមួយចំនួន គេអាចដុតបាន ដើម្បីបង្កើតជាភ្លើងឲ្យយើងប្រើ ទប់តម្លៃបាន។ ឯបង្កើតឧស្សាហកម្ម petrochemical ស្រុកយើងធ្វើផលិតផលប្លាស្ទិកច្រើនណាស់ ធ្វើពីឧស្ម័ន តុ ទូ អីមួយចំនួនធ្វើពីអាហ្នឹង។ ឥឡូវគេយកធ្វើដល់ទាំងច្រាស់ ថ្នាំដុសធ្មេញទៀត ធ្វើសាប៊ូពីឧស្ម័នហ្នឹង … បើសិនជាយើងមាន យើងអាចកែច្នៃបាន។ មួយទៀត គឺវាបង្កើតការងារផ្ទាល់តែម្តងនៅក្នុងវិស័យពាក់ព័ន្ធហ្នឹង ការរុករកប្រេងហ្នឹង។ បើប្រេងនេះជួយនៅក្នុងការថែទាំនូវតម្លៃ និងធានានូវថាមពលរបស់យើង សន្តិសុខថាមពលរបស់យើងរយៈពេលវែង វាធានានូវចរន្តនៃការវិវត្តសេដ្ឋកិច្ចគ្រប់វិស័យទាំងអស់។ អញ្ចឹងការងារនៅក្នុងវិស័យផ្សេងទៀតក៏អាចជួយបាន។ អ្នកដែលចោទខ្ញុំថា ទទួលយកការអភិវឌ្ឍន៍រួមគ្នាតាមរយៈការទាញយកប្រេងជាការក្បត់ជាតិ (សូម)ទៅគិតមើលទៅ។ តើទាញផលប្រយោជន៍ដើម្បីឲ្យប្រទេសជាតិនិងប្រជាជន ហើយធានាសន្តិសុខថាមពលរបស់យើងរយៈពេលវែងនេះ ជាការក្បត់ជាតិមែនទេ? បើសិនជាគាត់ឡើងមកដឹកនាំ បានន័យថាគ្មានធ្វើអ្វីកើតទេ ពឹងគេរហូត។ យើងរករស់ខ្លួនឯងខ្លះទៅ … សន្តិសុខថាមពលជាផលប្រយោជន៍រួមគ្នា។ សូមញែកឲ្យដាច់រវាងផលប្រយោជន៍សេដ្ឋកិច្ចនិងការសិក្សារួមគ្នា មិនបានធ្វើឲ្យបាត់នូវអធិបតេយ្យភាពក្នុងការចរចាព្រំដែនទេ។ ញែកឲ្យដាច់។ ការចរចាព្រំដែនទឹកត្រូវតែបន្តធ្វើតាមក្រុមបច្ចេកទេស …។

(១៤) ទិសដៅរបស់ សម្តេច តេជោ គឺបញ្ចប់បញ្ហាព្រំដែន ស្រាយបញ្ហាជាតិរយៈពេលវែង ដោយទទួលខុសត្រូវ

ឥឡូវខ្ញុំជូនដំណឹងឲ្យហើយទៅ។ បើនិយាយសាមញ្ញត្រកូលហ៊ុន មិនមានបំណងចង់ធ្វើជាជនក្បត់ជាតិទេ ហើយគ្មានការធ្វើអីមួយឲ្យខុសពីផលប្រយោជន៍ជាតិទេ។ សម្តេចតេជោ ដាក់ទិសដៅចរចារឿងព្រំដែន ដើម្បីកុំឲ្យកូនខ្មែរថ្ងៃក្រោយនៅពាំត្រណោតវាយគ្នាជាមួយប្រទេសជិតខាងដោយសាររឿងព្រំដែន។ យើងចរចាដោយការ​ងារ​ច្បាស់លាស់។ គណៈកម្មាធិការព្រំដែន ឥឡូវចូលរដ្ឋលេខាធិការដ្ឋានហើយ។ យើងចរចាអត់បាយ អត់ទឹក មួយចំណុចៗ។ មន្ត្រីយើងឆ្លងកាត់ទឹក ជិះទូក ជិះអី ដើម្បីទៅមើល កំណត់ធ្វើម៉េចឲ្យបានច្បាស់លាស់ ព្រំដែននេះ។ តើការដោះស្រាយបញ្ហាដើម្បីបញ្ចប់និងធានាកុំឲ្យកូនចៅរបស់យើង និងកូនចៅប្រទេសជិតខាងនៅមើលមុខគ្នាមិនត្រង់ ឈ្លោះគ្នា វាយគ្នា នេះជាការក្បត់ជាតិទេ? អត់ទេ គឺការដោះស្រាយបញ្ហាជាតិរយៈពេលវែង ដោយការទទួលខុសត្រូវ។ ការរួមគ្នាដោះស្រាយ និងទាញផលប្រយោជន៍ពី OCA (Overlapping Claims Area) នេះដូចគ្នាដែរ។ មិនមែនកញ្ចប់ប្រេងហ្នឹង ១០ គីឡូនៅក្នុងដីយើងទេ។ ខាងបច្ចេកទេសបានបញ្ជាក់ហើយថាវានៅទាំងសងខាង។ ធ្វើម៉េចផែនដី បើកើតមកប្រេងទៅនៅចន្លោះហ្នឹង … ប្រេងហ្នឹងមិនមែនទើបកើតឆ្នាំ ១០០០ ជាងទេណា។ វាកើតរាប់ម៉ឺនឆ្នាំទៅហើយ។ មុននឹងទឹកដីកកើត ចែកព្រំដែន។ វានៅហ្នឹង។

(១៥) កម្ពុជានិងថៃ រួមគ្នាវិនិយោគធានាសន្តិសុខថាមពលសម្រាប់ប្រទេសរៀងៗខ្លួន រយៈពេលវែង

ឥឡូវមិនឲ្យយើងទាញផលប្រយោជន៍ដើម្បីប្រ​ទេសជាតិរបស់យើង ប្រជាជនយើង ឲ្យយកធ្វើអី? អញ្ចឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថៃ គឺរួមគ្នាវិនិយោគលើកិច្ចការនេះ ដើម្បីទាញផលប្រយោជន៍ធានានូវការវិវត្តប្រទេសជាតិ ធានានូវជីវភាពរស់នៅរបស់ប្រជាជន និងធានានូវសន្តិសុខថាមពល សម្រាប់ប្រទេសរៀងៗខ្លួន នៅក្នុងរយៈពេលវែង … មិនមានអ្វីដែលខុសពីគោលការណ៍ ផលប្រយោជន៍ជាតិទាំងពីរនោះទេ គឺរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រយោជន៍ជាតិ។ ចំណុចនេះត្រូវបានលើកឡើងពិភាក្សាគ្នា។ ខាងថៃក៏មានអ្នកមានមតិមួយចំនួន កម្ពុជាក៏មាន។ តាំងពីចាប់ផ្តើម មានការវាយលុកមកចោទឯងក្បត់ជាតិតែម្តង។ ឥឡូវខ្ញុំសូមបញ្ជាក់ទៅលើកិច្ចការនេះ ២ឲ្យដាច់ពីគ្នា។ កិច្ចការព្រំដែនត្រូវកំណត់ឲ្យបានច្បាស់លាស់និងការទទួលខុសត្រូវ ដើម្បីដោះស្រាយឲ្យចប់នៅពេលខាងមុខ ដើម្បីកុំឲ្យកូនចៅរាប់ពាន់ឆ្នាំទៀត នៅតែមិនទាន់ដាច់ស្រេច តែយើងត្រូវទទួលខុសត្រូវផ្អែកលើបច្ចេកទេសរបស់គណៈកម្មការដែលយើងមាន ដើម្បីទាញផលពីឧស្ម័ន និងពីដែនរួមនេះដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង។

(១៦) ភាគីថៃឯកភាពតាមសំណើរបស់កម្ពុជាបង្កើតអគ្គកុងស៊ុលនៅសុងខ្លា

ក្រៅពីសេដ្ឋកិច្ច … ទៅប្រទេសថៃ បើមិននិយាយពីរឿងពលករខ្មែរនៅថៃ យើងអត់បានបំពេញកាតព្វកិច្ចយើងជារដ្ឋាភិបាលទេ។ រដ្ឋាភិបាលមានភារកិច្ចទទួលខុសត្រូវតាមរដ្ឋធម្មនុញ្ញ និងជាកាតព្វកិច្ចមនុស្សធម៌ និងជាកាតព្វ​កិច្ចជាតិ គាំពារប្រជាពលរដ្ឋខ្មែរនៅទីណាក៏ដោយ។ ខ្ញុំទៅកូរ៉េ ទៅជប៉ុន តែងតែជួបជាមួយបងប្អូន ហើយខិតខំដាក់គោលនយោបាយផ្សេងៗ ដើម្បីដោះស្រាយជូន។ ទូតយើងនៅនោះក៏បានធ្វើការងារ នៅអឺរ៉ុប នៅអាមេរិក មានទូតយើងនោះ ប្រជាពលរដ្ឋខ្មែរ ទោះបីជាគាត់ចូលសញ្ជាតិបារាំង ចូលសញ្ជាតិផ្សេងៗនៅអឺរ៉ុប នៅអាមេរិក យើងនៅតែបន្តជួយគាត់តាមអ្វីដែលអាចធ្វើទៅបាន។ គាត់នៅតែជាខ្មែរដដែល។ ទៅថៃខ្ញុំក៏បានធ្វើកិច្ចការនេះ។ ឯកឧត្តម ហេង សួរ បានលើកមួយចំនួនហើយ។ ក្នុង ២លើក ដែលខ្ញុំជួបជាមួយនាយករដ្ឋមន្ត្រីថៃ យើងក៏បានធ្វើការមួយចំនួនជាមួយនឹងរាជរដ្ឋាភិបាលថៃ។ ទី១ កម្ពុជាបានសម្រេចបង្កើតអគ្គកុងស៊ុលមួយនៅសុងខ្លា ខាងភាគីថៃបានឯកភាពហើយ។ យើងបានរៀបចំកំណត់ទីតាំង ហើយគ្រោងបើកឆាប់ៗខាងមុខ។ ដើម្បីអី? ដើម្បីផ្តល់ភាពងាយស្រួលដល់សេវាគាំពារដល់បងប្អូនប្រជាពលរដ្ឋយើងដែលធ្វើការនៅភាគខាងត្បូងថៃ ជាជាងឡើងមកបាងកក ព្រោះឥឡូវយើងមានតែនៅបាងកក ហើយនៅសាកែវ។ បង្កើតកុងស៊ុលហើយ ត្រូវដាក់ទីប្រឹក្សាការងារនៅហ្នឹងទៀតដើម្បីជួយ។

(១៧) តម្លៃទិដ្ឋាការការងារនិងសេវាបន្តសុពលភាព ត្រូវបានបន្ថយពី ២ ពាន់បាត មកត្រឹមតែ ៥០០ បាត

មួយវឹកកូវីដ១៩ អីផ្សេងៗ ប្រជាពលរដ្ឋពលករយើងមានច្រើននៅនោះ តែស្ថានទូត និងទីប្រឹក្សាការងារ បានធ្វើសកម្មភាពជួយបងប្អូន ហើយក៏អរគុណនូវយន្តការជាច្រើនដែលបានជួយដល់បងប្អូនយើង។ អរគុណដល់ម្ចាស់ផ្ទះ ភាគីថៃ ដែលបានយកចិត្តទុកដាក់ទៅលើកិច្ចការគាំពារ ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ ដែលមានកូរ៉េ ជប៉ុន អីជាដើម ដែលបានជួយគាំពារទៅដល់ពលករខ្មែរនៅទីនោះ … កន្លងទៅ ខ្ញុំក៏បានស្នើសុំកាត់បន្ថយនូវតម្លៃទិដ្ឋាការការងារ។ កាលនោះយើងស្នើ ៤ឆ្នាំ ហើយឯកឧត្ដម សេដ្ឋា ថាវីស៊ីន លោកក៏បានឯកភាពមួយជំហានគឺទិដ្ឋាការការងារដែលចេញពីទូត បានកាត់ពី ២ ០០០ បាត ទៅ ៥០០ បាតហើយ អនុវត្តពីខែ១១។ ទី២ គឺភាគីថៃបានកាត់បន្ថយតម្លៃសេវាបន្តសុពលភាព ពី ១ ៩០០ បាត ទៅ ៥០០ បាត ដែលយើងចរចាគ្នា រដ្ឋាភិបាលទាំងពីរចរចា។ បានផលទៅអ្នកណា? បានផលទៅបងប្អូនយើងហ្នឹងឯង … អនុវត្តរហូតទៅដល់ឆ្នាំ២០២៧ ហើយចាំយើងពិនិត្យមើល ចរចាទៀតបើសិនជាអាច។

(១៨) ក្រសួងការងារកម្ពុជានិងថៃ គប្បីចរចាអោយមានការការចល័តរបបសន្តិសុខសង្គមរវាងប្រទេសទាំងពីរ

ម្សិលមិញនេះ គឺយើងចរចាបន្ថែម។ ទី១ គឺស្នើសុំឲ្យចល័តរបបសន្តិសុខសង្គមរវាងប្រទេសទាំងពីរ។ បានន័យថាម៉េច? បងប្អូនកម្មករ និយោជិតយើង ដែលធ្វើនៅទីនេះ កន្លែងដែលមាន ប.ស.ស ពេលដែលគាត់ទៅថៃ អាចផ្ទេរទៅបាន។ អ្នកដែលធ្វើការរោងចក្រថៃ ក៏មាន ប.ស.ស ដូចគ្នាដែរ គេហៅឈ្មោះអី ខ្ញុំមិនដឹងទេ តែជាប្រ​ព័ន្ធសង្គមដែលក្រុមហ៊ុនត្រូវបង់។ បច្ចុប្បន្ននេះ បើសិនជានៅស្រុកថៃ ហើយមកវិញ គាត់បាត់ហើយ។ អញ្ចឹង​គាត់ធ្វើការ ២០ឆ្នាំ ត្រឡប់មកវិញ អាហ្នឹងអត់មកជាមួយទេ។ យើងចរចាថាគាត់ ធ្វើការនៅឯណោះ ៤-៥ ឆ្នាំ គាត់សន្សំហ្នឹងបាន ពេលដែលគាត់មកវិញ សូមផ្ទេរមកធ្វើការនៅនេះវិញឱ្យបានទៀត។ គិតកុំឲ្យរាប់ថ្មីឡើងវិញ។ ថៃដែលធ្វើការនៅស្រុកខ្មែរដូចគ្នា។ មានប្រជាជនថៃធ្វើការនៅនេះ ក៏បាន ប.ស.ស។ ពេលទៅវិញ ក៏ផ្ទេរទៅវិញដែរ។ ផ្ទេរមិនមែនតែកញ្ចប់ ប.ស.ស ទេ រាប់ទាំងអតីតភាពការងារ និងការទទួលស្គាល់ជំនាញទៀតនោះ។ បើគាត់ធ្វើការនៅឯណោះប៉ុន្មានឆ្នាំ ដល់មកវិញ យើងបូកអាហ្នឹងដើម្បីគិតរឿងប្រាក់រឺត្រែត គិតគោលការណ៍រឺត្រែត គិតអតីតភាពការងារជូន​។ កន្លងទៅយើងអត់មានអាហ្នឹង គាត់ធ្វើការប៉ុន្មានឆ្នាំ ត្រឡប់មកវិញ អត់រាប់ទេ រាប់ពីសូន្យឡើងវិញ។ហ្នឹងយើងគិតគូរដើម្បីចរចាលើការងារនេះ។ អ្នកនៅថៃក៏ដូចគ្នា។ បើសិនជាប្រជាពលរដ្ឋខ្មែរឬថៃ គាត់ធ្វើការម្ដងនៅនេះម្ដងនៅនោះ គាត់អត់ខាតទេ ព្រោះមានក្រុមហ៊ុនខ្លះគេបញ្ជូនទៅមកអញ្ចឹង គេមានសាខាថៃនៅខ្មែរ។ អញ្ចឹងគាត់ទៅម្ដង ៥ឆ្នាំៗ បូកទៅបាន ២០ឆ្នាំ បើគាត់ដូរពីរបីដង។ សូមក្រសួងការងារទាំងពីរហ្នឹងចរចាគ្នាតទៅទៀត … ព្រោះវាស្របនឹងស្មារតីរបស់អាស៊ានដែរ គឺមានផ្ទេររបបសង្គម។ ហ្នឹងបានផលទៅអ្នកណា? គឺសម្រាប់ពលកររបស់យើង បងប្អូន​របស់យើងដែលនៅទីនោះ។ ពលករថៃដែលធ្វើការស្រុកខ្មែរ ក៏បានផលដូចគ្នា អញ្ចឹងបានទាំងពីរប្រទេស។

(១៩) សូមភាគីថៃផ្ដល់ទិដ្ឋាការការងារលើលិខិតធ្វើដំណើរឲ្យពលករពេលធ្វើអន្តោប្រវេសន៍

យើងបានស្នើសុំភាគីថៃផ្ដល់ទិដ្ឋាការ​ការងារនៅលើលិខិតធ្វើដំណើរឲ្យពលករនៅពេលដែលឆ្លងអន្តោប្រវេសន៍ … ព្រោះបច្ចុប្បន្នក្រសួងកំពុងរៀបចំការស្នើសុំតាមអនឡាញ។ ឥឡូវយើងបំពេញបែបបទ រឿង passportយើងធ្វើផ្ទៃក្នុង។ តែសុំទៅថៃ​ យើងត្រូវមកបិទ sticker ចុងក្រោយនៅស្ថានទូត។ sticker ការងារ មកបិទនៅភ្នំពេញ។ អញ្ចឹងគាត់នៅបន្ទាយមានជ័យ ក៏ត្រូវជិះឡានមកភ្នំពេញដែរដើម្បីបិទអាហ្នឹង។ ឥឡូវ​យើងស្នើសុំថា មិនបាច់គាត់មកភ្នំពេញទេ។ ឯកឧត្ដមឯកអគ្គរាជទូតថៃមានមកឬទេ? … បានន័យថា ប្រជាពលរដ្ឋយើងមិនចាំបាច់មកភ្នំពេញទេ។ ពេលដែលបំពេញបែបបទអនឡាញ គេ approve អនឡាញអីហើយ គាត់ទៅដល់ព្រំដែន គេបិទឲ្យនិងចេញទៅតែម្ដង។ បើមកភ្នំពេញ គឺចាំ ៣ ទៅ ៥ ថ្ងៃ ដើម្បីបិទ ហើយធ្វើដំណើរទៀត។ បើអ្នកនៅក្បែរព្រំដែន ត្រូវមក(ភ្នំពេញ)ហ្នឹងហើយបានទៅទៀត។ ឥឡូវ យើងធ្វើបែបនេះស្រួល។ អញ្ចឹងបងប្អូនគាត់ចេញទៅស្រួលតែម្ដងដើម្បីបន្ធូរកាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា …។

(២០) បង្កើតការងារក្នុងស្រុកជាអាទិភាពចម្បង តែមិនបិទជម្រើសទៅធ្វើការនៅក្រៅប្រទេស

ថាអញ្ចឹង រាជរដ្ឋាភិបាលខ្មែរ អត់គិតបង្កើតការងារខ្លួនឯងទេ គិតតែរុញទៅធ្វើ(ការនៅក្រៅប្រទេស)? និយាយឲ្យច្បាស់ ការបង្កើតការងារក្នុងប្រទេសជាអាទិភាពចម្បង តែយើងមិនបិទជម្រើសប្រជាពលរដ្ឋយើងទៅធ្វើការងារនៅក្រៅទេ។ ថៃគាត់ខ្វះកម្លាំងពលកម្ម ដោយសារពលករគាត់មួយចំនួនច្រើនចេញទៅអ៊ីស្រាអែល ទៅអីនោះ រត់ចល័តអញ្ចឹង។ ខ្ញុំសួរឯកឧត្ដម សេដ្ឋា ថាវីស៊ីន ថាម៉េចប្រជាពលរដ្ឋឈប់ចល័តមកពីអ៊ីស្រាអែល? គាត់ថា ឥឡូវស្ថានភាពរាងគ្រាន់បើ ឥឡូវប្រជាជនថៃដែលត្រឡប់មកវិញ ត្រឡប់ទៅអ៊ីស្រាអែលវិញហើយ។ ខ្ញុំនៅអង់គ្លេស នៅក្នុងវិស័យសុខាភិបាល ខ្វះគិលានុបដ្ឋាយិកា ព្រោះគាត់នាំគ្នាទៅធ្វើការនៅអាមេរិក។ អញ្ចឹងគាត់ត្រូវការនាំយកមកពីបាគីស្ថាន ពីឥណ្ឌាអីមក​។ យើងបើកជម្រើស។ យើងខិតខំបង្កើនខាងក្នុង យើងចរចាគ្នាដើម្បីពង្រីកសក្ដានុពលការអភិវឌ្ឍព្រំដែនប្រទេសទាំងពីរ។ អញ្ចឹងយើងបង្កើតការងារបន្ថែមនៅព្រំដែន។ យើងមិនបិទច្រកទេ តែបងប្អូនទៅក្រៅយើងត្រូវគិតគូរពីគាត់។ អត់មានអ្នកណាបិទបានទេ។ ឥឡូវភូមានៅថៃប៉ុន្មាន? ជិត ៣លាននាក់។ ពេលដែលលោកស្រី អោង សានស៊ូឃ្យី ជាប់ឆ្នោត គាត់ទៅថៃ គាត់ទៅហៅពលករគាត់ត្រឡប់ទៅវិញទាំងអស់។ គាត់ថា «តោះ! យើងទៅផ្ទះយើង»។ ប៉ុន្តែជាក់ស្ដែង ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំមុនសង្រ្គាមនៅ​ភូមារីកខ្លាំង សេដ្ឋកិច្ចកើនក៏ដោយក៏នៅមានពលករទៅមក។

(២១) លំហូរពលកម្ម ជានិន្នាការទូទាំងពិភពលោក

សំខាន់បំផុត ការជំរុញលំហូរពលកម្មនេះគឺជានិន្នាការពិភពលោក … វាជានិន្នាការនៃពិភពលោក នូវការជំរុញលំហូរនៃមនុស្ស។ អត់មានប្រទេសណាមួយនៅលើពិភពលោកប្រកាន់ទីផ្សារសេរីដាក់គោលដៅដើម្បីហាមមនុស្សមិនឲ្យចេញទៅរកការងារទេ។ នៅអឺរ៉ុបគេបង្កើនលំហូរទាំងអស់។ លុបចោល ដាក់ពាណិជ្ជកម្មសេរី គឺដើម្បីកុំឲ្យមានឧបសគ្គសម្រាប់លំហូរមនុស្ស ពីអាល្លឺម៉ង់ទៅធ្វើនៅបារាំង ដើម្បីជួយសម្រួល ព្រោះប្រទេសខ្លះលើសពលកម្ម ប្រទេសខ្លះខ្វះ។ នៅជប៉ុនគាត់ខ្វះពលកម្ម គាត់ត្រូវការ(ពលករ)មកពីប្រទេសផ្សេង។ ពីកូរ៉េ ពីអី ក៏ទៅធ្វើការនៅនោះកន្លែងខ្លះ​ វិស័យខ្លះ កូរ៉េនឹងមកុំ។ ឥឡូវយើងស៊ីញេពាណិជ្ជកម្មសេរីនេះ នៅថ្នាក់តំបន់ជា​មួយនឹងអូស្រ្តាលី RCEP នេះ ជាមួយអាស៊ានដើម្បីឱ្យលំហូរទាំងពាណិជ្ជកម្ម ទាំងវត្ថុធាតុដើមទំនិញ មនុស្ស កាន់តែងាយស្រួល ដើម្បីឱ្យសេដ្ឋកិច្ចនៃតំបន់អាស៊ានទាំងមូលអត់មានព្រំដែន ជារោងចក្រមួយដែលរលូន។

(២២) កសាងហេដ្ឋារចនាសម្ព័ន្ធ រុញរោងចក្រ/សហគ្រាស តំបន់សេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋាន

យើងមិនហាមប្រជាពលរដ្ឋរបស់យើង មិនឱ្យជម្រើសទៅធ្វើការនៅក្រៅប្រទេសទេ។ យើងខិតខំបង្កើតការ​ងារនៅខាងក្នុងប្រទេស រុញទៅដល់មូលដ្ឋាន ដើម្បីកុំឱ្យគាត់(ពិបាកស្វែងរកការងារធ្វើ) សូម្បីចំណាកស្រុកនៅក្នុងប្រទេសក៏យើង មិនចង់អោយមានដែរ។ ចង់លើកទឹកចិត្តឱ្យគាត់នៅ(នឹងកន្លែង)។ អញ្ចឹងបានយើងធ្វើផ្លូវធ្វើអី រុញ(ការងារ)ទៅដល់មូលដ្ឋាន រោងចក្រ សហគ្រាសផ្សេងៗ តំបន់សេដ្ឋកិច្ចផ្សេងៗ ដែលបង្កើតឡើង។ ខ្ញុំថា កុំដាក់នៅតំបន់ដែលរីកចម្រើនហើយ ទៅរកកន្លែងណាដែលវាមិនទាន់មានសក្ដានុពល។ រុញទៅហ្នឹងទៅ បង្កើតការងារនៅហ្នឹង កុំឱ្យគាត់មក(រកការងារនៅឆ្ងាយ)។ ទាញភ្លើង ទាញអីទៅដល់។ ប៉ុន្តែការធានានៃជម្រើសបងប្អូន(ចង់ធ្វើការ)នៅខាងក្រៅត្រូវតែមាន ហើយការគាំពាររបស់គាត់ត្រូវតែមាន។

(២៣) បបួលភាគីថៃពិចារណារៀបចំសង្ក្រាន្តកម្ពុជានិងថៃ

ចុងក្រោយ ខ្ញុំបានលើកនូវសំណើមួយទៀត។ ខ្ញុំបានបបួលឯកឧត្តម សេដ្ឋា ថាវីស៊ីន ថា ដោយសារជិតចូលឆ្នាំហើយ យើងចូលឆ្នាំទាំងពីរ។ រឿងហ្នឹង ថ្ងៃមុនក៏មានការយល់ច្រឡំច្រើន។ រឿងថៃ គាត់សុំចុះបេតិកភណ្ឌសង្រ្កាន្ត​។ ថៃមិនមែនយករបស់ខ្មែរ(យកទៅ)ចុះទេ។ សង្រ្កាន្តនេះ វាមាននៅប្រទេសដែលប្រកាន់ពុទ្ធសាសនា។ សង្រ្កាន្តនៅកម្ពុជា និងសង្រ្កាន្តនៅថៃ។ (ថៃ)គាត់ចុះសង្រ្កាន្តនៅថៃ។ យើងក៏មាន(សង្រ្កាន្ត)ដែរ។ ក្រសួងវប្បធម៌របស់យើងថ្ងៃមុន ក៏កំពុងពិចារណាក្នុងការដាក់សង្រ្កាន្តកម្ពុជាជាបេតិកភណ្ឌដែរ។ វប្បធម៌(កម្ពុជានិងថៃ) វាស្រដៀងគ្នា ដូច Muay Thai និងគុនខ្មែរអញ្ចឹង។ កាលយើងចុះគុនខ្មែរហ្នឹង ក៏បងប្អូនប្រជាពលរដ្ឋថៃមួយចំនួនក៏មានការយល់ច្រឡំថា អាហ្នឹងរបស់គាត់ ហើយមិនឱ្យចុះ។ ប៉ុន្តែវប្បធម៌វាខុសគ្នា។ ប្រទេសពីរស្រដៀងគ្នា តែដាច់ដោយឡែកពីគ្នា។ អញ្ចឹងសង្រ្កាន្តដែលថៃ គាត់ចុះ “សង្រ្កាន្ត in Thailand” ហ្នឹងឈ្មោះរបស់គាត់ មិនមែនសង្រ្កាន្ត(របស់ខ្មែរទេ) … កម្ពុជាក៏មានសិទ្ធិចុះសង្រ្កាន្តនៅកម្ពុជាដែរ។ វាអត់មានបញ្ហាអីទេ។ កុំយករឿងយល់ច្រឡំធ្វើឱ្យឈ្លោះគ្នា រវាងប្រទេសជាតិទាំងសងខាង។

(២៤) ក្រសួងវប្បធម៌គួររៀបចំជាអត្តសញ្ញាណខ្មែរបង្ហាញកូនចៅជំនាន់ក្រោយ

ថ្ងៃមុន ខ្ញុំថតរូបជាមួយគ្រួសារខ្ញុំ។ គាត់ពាក់ឆៀងនេះ។ បងប្អូនជាច្រើននាំគ្នាខម្មិន។ សូម្បីតែប្រជាជនថៃក៏ខម្មិនដែរថាអរគុណដែលគាំទ្រអាវរបស់គាត់។ ខ្ញុំឱ្យឆែកជាមួយប្រភពផ្សេងៗ នៅក្រសួងវប្បធម៌ ឆែកជាមួយលោកជំទាវ ភឿង សកុណា គាត់ឱ្យចម្លើយមួយបែបទៅ ដោយសារផ្អែកលើស្អីៗ ដូចយើងពាក់រាំរបាំ។ ប៉ុន្តែឆែកជា​មួយនឹងសាលាវិចិត្រសិល្បៈអីផ្សេងៗ ស្រដៀងគ្នា។ ប៉ុន្តែអ្វីដែលយើងមាននោះ ទាំងឌិនទាំងប៉ាក់អីហ្នឹង វាជារបស់ខ្មែរ។ វាមានខ្លះក្រាស់ ខ្លះស្ដើង ដែលបងប្អូន​ខ្លះអត់ទាន់ច្បាស់ គិតថាស្ដើងរបស់ថៃ ក្រាស់របស់ខ្មែរ។ អត់ទេ! វាមានស្រដៀងគ្នាតិចៗ។ អញ្ចឹងទាមទារ​ឱ្យមានការយល់ដឹងឱ្យបានច្បាស់។ ខ្ញុំគិតថា ក្រសួងវប្បធម៌របស់យើងគួររៀបចំជាអត្តសញ្ញាណ ជាការបង្ហាញ show ឱ្យច្រើនអំពីអ្វី(ជារបស់ខ្មែរ) ដើម្បីឱ្យក្មេងៗជំនាន់ក្រោយយល់ច្បាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំថាអ្វីទៅ(ជារបស់ខ្មែរ របស់ថៃ)​ … ខ្ញុំទៅឡាវថ្ងៃមុន គឺវាំងមួយនៅកណ្ដាលឡាវហ្នឹងគឺព្រះអង្គម្ចាស់ខ្មែរមួយអង្គ ការជាមួយនឹងម្ចាស់ក្សត្រីរបស់ឡាវ។ វាឆ្លង វប្បធម៌ស្រដៀង។ អញ្ចឹងការរៀបចំនូវឯកសណ្ឋាន រៀបចំនូវអត្តសញ្ញាណឱ្យបានច្បាស់លាស់ ខ្ញុំថាជាការងារសំខាន់។ ក្រសួងកិច្ចនារីក៏អាចចូលរួមរក្សាបេតិកភណ្ឌ ថែរក្សាតម្លៃសម្បតិ្តវប្បធម៌យើងផង។ កន្លែងខ្លះវាស្រដៀងគ្នា … កុំឱ្យខ្មែរជំនាន់ក្រោយច្រឡំគ្នា ឈ្លោះគ្នា។ វាដូចរឿងព្រំដែនអញ្ចឹង។ សូម្បីតែអ្នកបកស្រាយខ្មែរយើងខ្លះ ក៏មិនទាន់ច្បាស់ផង ដែលធ្វើឱ្យមានការយល់ច្រឡំ។ ឱ្យតែវែងរបស់គេ ហើយខ្លីរបស់យើង។ អត់ទេ! វាមានកម្រិតរបស់វា …។

(២៥) ស្នើភាគីថៃ មិនគិតថ្លៃសេវាចេញចូលប្រទេសទាំងពីរពេញមួយខែមេសា

ត្រឡប់មកវិញ រឿងចូលឆ្នាំនេះ រឿងសង្រ្កាន្តថៃ សង្រ្កាន្តអី ប៉ុន្តែវានៅតែចូលឆ្នាំ។ អញ្ចឹង ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីថៃថា “ឯកឧត្តម! យើងជិតចូលឆ្នាំហើយ។ កាដូជូនប្រជាពលរដ្ឋយើងទាំងសងខាងទៅ។ ឥឡូវតម្លៃសេវាទិដ្ឋាការអនុញ្ញាតបងប្អូនចេញចូលហ្នឹងយើងមិនបាច់យកទេ។ អញ្ចឹងប្រជាពលរដ្ឋខ្មែរមកលេងចូលឆ្នាំ ទៅវិញមិនបាច់បង់ថ្លៃ re-entry ហ្នឹងទេ”។ គាត់ថា “​ឯកភាព”។ ឥឡូវកំពុងតែគិត។ គាត់ផ្ដល់សញ្ញាវិជ្ជមាន ហើយ អាចថា ខែមេសាហ្នឹងចាំគេប្រកាស។ ធម្មតាចូលទៅ ១០០០បាត ចេញម្ដងចូលវិញបង់ ១០០០បាត។ ឥឡូវខ្ញុំបបួល គាត់ថាមិនអីទេ (រឿងហ្នឹង) ដើម្បីអបអរសាទរទាំងអស់គ្នា … ចូលឆ្នាំនេះ សូមឯកឧត្តម ហេង សួរ ជា​មួយ​នឹងក្រសួងការងារ រៀបចំនៅតាមបណ្ដាប្រទេសមួយចំនួន ដូចជានៅកូរ៉េ នៅអី ឡើងទៅសប្បាយជាមួយនឹងបងប្អូន។ ស្ថានទូតយើងផ្សេងៗនៅតាមគ្រប់ប្រទេស ដែលមិនមានពលករក៏ដោយ ប្រមូលនិស្សិតយើងអីទៅ នេះគឺខ្ញុំសូមលើកទឹកចិត្ត ហ្នឹងគឺសប្បាយ យូរៗជួបគ្នាម្ដង។

ខ្ញុំ(ធ្លាប់)មានអារម្មណ៍កាលនៅរៀនសាលាទាហាន … កាលហ្នឹងល្អម្យ៉ាង អត់មានហ្វេសប៊ុក អត់មានអី។ បើមាន កាន់តែឈឺចាប់ទៀត។ អាមេរិកមានចូលឆ្នាំអី។ យើងនៅកំពុងលត់ដំនៅហ្នឹង ហើយអត់មានទូរស័ព្ទ អត់មានអី មើលអត់ឃើញ អញ្ចឹងអត់ដឹង។ បើសិនជាឥឡូវ ឃើញតែគេរាំអី បាញ់ទឹកបាញ់អី យើងកាន់តែមាអារម្មណ៍នឹកប្រទេស។ តែអត់អី។ នៅក្រៅប្រទេស បងប្អូនភាគច្រើននៅជិតគ្នា។ កន្លែងខ្លះនៅដាច់ពីគ្នា ធ្វើការងាររៀងខ្លួនៗ យប់ចូលផ្ទះ។ រកពេលជុំគ្នា អបអរសាទរ។ បើមានសិល្បករយើងល្បីៗឡើងទៅទៀតក៏ល្អ ព្រោះកន្លងទៅ មាន​ ខេម មានអី។ ឱ្យមានកាន់តែច្រើន កាន់តែសប្បាយ ទាំងនៅថៃ ទាំងអី សប្បាយទាំងអស់គ្នា។ រឿងឈ្មោះថា សង្រ្កាន្តនៅថៃ សង្រ្កាន្តកម្ពុជា ឬមួយក៏ចូលឆ្នាំថ្មីអី វាជារឿងមួយ ប៉ុន្តែវប្បធម៌ប្រពៃណីរបស់យើង ប្រជាពលរដ្ឋ បូកទៅអ្នកដែលកាន់ប្រពៃណីវប្បធម៌របស់យើងហ្នឹង ទាំងឡាវ ទាំងយើង ទាំងអីហ្នឹង បូកគ្នាប្រមាណជិត ១០០លាននាក់។ សប្បាយទាំងអស់គ្នាពេលហ្នឹង ហើយក្រសួង(ស្ថាប័ន)ចូលរួមធ្វើ …។

បញ្ហាវាតែងតែមាន ដូចប្ដីប្រពន្ធអញ្ចឹង។ យើងដោះស្រាយទៅ។ តែកុំយករឿងអវិជ្ជមានយកមកគ្របដណ្ដប់នូវអ្វីដែលវិជ្ជមាន ដូចជាការលើកកម្ពស់ទំនាក់ទំនងការទូតរវាងយើងនិងថៃ។ ខ្ញុំបាននិយាយជាមួយនឹងនាយករដ្ឋមន្រ្តីថៃថា​យើងគ្មានជម្រើសទេ យើងមិនអាចលើកប្រទេសយើង ស្អែកឡើងខ្ញុំកាត់មួយកំណាត់ គាត់កាត់មួយកំ​ណាត់យកទៅដាក់នៅកណ្ដាលសមុទ្រប៉ាស៊ីហ្វីក ឬទៅអាត្លង់ទិចទេ។ យើងនៅតែជាប់គ្នាដដែល។ ដូនតាបង្កើតមក ដីនៅហ្នឹងរាប់លានឆ្នាំហើយ គ្រាន់តែក្រោយមកមានការចែកតំបន់ ចែកអី ចែកព្រំដែន គ្រប់គ្រងរៀងៗខ្លួន ប៉ុន្តែយើងនៅជាមួយគ្នា យើងរីកចម្រើនជាមួយគ្នា អ្នកភូមិផងល្អ​ជាមួយគ្នា ជាដៃគូយុទ្ធសាស្រ្តបន្ថែមទៀត។

(២៦) ១០ ម៉ោង នៃការសំរេចបានសមិទ្ធផលជាយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន

អញ្ចឹង ក្នុងមួយថ្ងៃមែន … ១០ម៉ោងមែន ប៉ុន្តែសមិទ្ធផលជាយុទ្ធសាស្រ្ត ក៏ដូចជាការចាប់ផ្ដើមគិតគូរផលជាច្រើនសម្រាប់ប្រទេសទាំងពីរ ជាពិសេសសម្រាប់បងប្អូនកម្ពុជាយើងនៅទីនេះ ……… នេះហើយគឺជាអ្វីដែលខ្ញុំសូមបញ្ជាក់បន្ដិចជូនបងប្អូន ព្រោះនៅទីនេះមានផ្សាយ LIVE … អាចបងប្អូននៅថៃ ពលករនៅថៃចាំមើលដែរថា នាយករដ្ឋមន្រ្តីខ្មែរមកហ្នឹង មកធ្វើអី? មកមួយថ្ងៃហ្នឹង មកតែសម្រាប់ជប់លៀងឬម៉េច? អត់ទេ។ ចរចាសម្រាប់បងប្អូន និងសម្រាប់ផលប្រយោជន៍ជាតិរបស់យើងទាំងពីរ។ ពាក់ព័ន្ធទៅនឹងការងារ ពាក់ព័ន្ធទៅនឹងរឿងពលករ យើងគាំពារបន្តទៀត ហើយកិច្ចការនេះ ​សូមឱ្យក្រសួងការងារបន្ដធ្វើការជាមួយក្រសួងការងារថៃ ដើម្បីយើងជំរុញកិច្ចការមួយចំនួនទៀត។ ក្រសួងថាមពលរបស់យើង រៀបចំដើម្បីចរចាបន្ថែមទៅមុខទៀត ហើយយន្តការមួយចំនួន ដែលយើងបានឯកភាពគ្នាកាលពីម្សិលមិញនេះ … អញ្ចឹងបានគេថា កម្មវិធីដាក់មួយថ្ងៃអញ្ចឹង ណែនពេញ តើមិនហត់ទេឬ? ខ្ញុំថាអត់អីទេ។ សម្រាប់ខ្ញុំ គឺចង់បានពេលជិះយន្តហោះមកផ្ទះវិញ ខ្ញុំសប្បាយចិត្ត។ បានន័យថា ម៉ោងខ្ញុំប្រើអស់ហើយជាជាងនៅអង្គុយចុចទូរទស្សន៍មើលនៅអូតែល អត់ធ្វើអី។ ប្រើអស់ដើម្បីបំ​ពេញ​កាតព្វកិច្ចក្នុងនាមជាប្រមុខរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន …។

[ចប់សេចក្ដីអធិប្បាយ៥]

ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និង ទិសដៅការងារ ឆ្នាំ ២០២៤» របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ការប្រកាស ដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨», ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក, លោកស្រី និងអង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ!


------------------------

Selected Comments Samdech Moha Bovor Thipadei Hun Manet, at the closing of the 2023 annual review and the work directions in 2024, and the launch of the strategic plan for the development of labor, social security and vocational training 2024-2028 

[Unofficial Translation]


CMF: 

[4]

[The prepared text] The Ministry of Labor and Vocational Training must strive to successfully implement the reform measures introduced by the Royal Government at the 19th Royal Government-Private Sector Forum on November 13, 2023, by facilitating the provision of various services and a series of public services in response to requests from the private sector. (1) this work must be done urgently by the end of March 2024 to facilitate our work. As a result, we are reforming to help the private sector […], we have put in place a lot of policies, but the key of implementation is to ensure efficiency […] reduce unnecessary complications. As for the area concerning labor, make the procedural services more flexible, and digitalize it […]

[5]

(2) Put the policy on top, but do not shake the bottom is impossible, or shake below, there is no strategy, it is confusing

For sub-national institutions, the capital, provincial, district and municipal authorities involved in these tasks, in order to implement the principles/plans successfully, there needs a sustainable formula and a single role to play. Otherwise, what we introduced at the top will not be performing at the bottom. Or if there is performance at the bottom but there were no strategic directions, it is also chaotic. Thus, it requires discipline in the national and (sub) national administration, and the implementors must understand the framework of rights and obligations. We decentralize and deconcentrate, empowering local practice to be flexible […] within the four strategic frameworks set out at the national level. This means that the national level sets the direction, sets the boundaries in cooperation between various professional institutions, and the sub-national level continues to apply various skills so that we can ensure discipline, order and efficiency in work […]

(3) Three major issues with the Thai government: politics and security, economy and employment

There are various interpretations, especially on some sensitive points, that the government betrayed the national interests owing to the agreement it goes into with Thailand […] we have discussed numerous issues but let me summon them into three major ones. Firstly, politics, diplomacy and security […] strategically, we agree on raising the level of bilateral relations from a strong partnership for peace and prosperity in 2017 to a strategic partnership level […]; secondly, on the economic front, (and) thirdly, issues relating to our workers […]. In terms of economics, the Royal Government has set out a number of initiatives, and the Royal Government of Thailand has agreed and discussed further, and raised a number of initiatives for us to figure out mechanisms to strengthen trade relations […] and regarding job creation […] you know we have institutions that create jobs – the government, NGOs, civil society organizations, the self-employed group, and fourth, the private sector […] the attraction of the private sector through this meeting (with the Thai investors) is to create (more jobs). With Thailand, we have a trade of eight billion (US dollars) […] we have signed five MOUs yesterday, including a customs agreement to facilitate this workflow […]

(4) Two things – oil and maritime border in Cambodia-Thailand OCA

In Thailand, we have been able to accomplish another task that has been stagnant for 20 years. We have agreed to start thinking about the joint extraction of oil we have in the OCA (overlapping claim are) in (the offshore) region. That is why some (in the opposition) call me a traitor […] I would like to explain […] in this OCA, there are two factors involved. The first is the oil issue, the second is the maritime border issue. The border affairs, we must continue to negotiate carefully and to protect national interests, and national sovereignty. Based on the techniques, the negotiation will take a long time. At the same time, we know that there is oil in that area and this oil does not belong to anyone. Technically studied, some of it is on our side and some of it is on the Thai side […]

(5) Extracting oil together will give Cambodia and Thailand the opportunity to breathe through their own noses in the future

People may ask why we need to consider this? Energy security is a long-term strategy for Cambodia and Thailand alike […] what I wanted to say we cannot depend entirely on other people’s tube to breath in the air or we would lose out national ownership or independence. Therefore, we need to reduce our dependency on things that are far away and depend on ourselves, including our energy sector. Opening the door to learning and extracting the oil together will give Cambodia and Thailand the opportunity to breathe through their own noses in the future […]

(6) Distinguish between economic interests and maritime border negotiations

[…] The petrochemical industry […] creates jobs in the fields related to oil exploration […] long-term energy security ensures the flow of economic development in all sectors […] would the efforts to withdraw benefit for the nation and the people and ensure the long-term energy security be a betrayal (to the country)? […] please distinguish between economic interests and maritime border negotiations, which we will continue to work on it with the technical team […] solving the (border) issue is to end (misunderstanding) and ensure that our children and the children of the neighboring countries do not look at each other unfairly, in a quarrel way, and conflict. Would doing this be a treason? Not at all. It is a long-term solution to national problems […] so, together we remove the setbacks and jointly take advantage of the OCA (Overlapping Claims Area) […]

(7) Consulate General in Songkhla; work permit visa and renewal fees and stickers, mobile NSSF transfer

In the two meetings with the Thai Prime Minister, we discussed a number of issues with the Royal Government of Thailand. First, Cambodia decided to set up a consulate general in Songkhla, the Thai side agreed. We have set the location and plan to open soon […] to facilitate support services for our citizens working in southern Thailand […]; regarding the work permit visas, we have agreed to bring the cost down from 2,000 baht to 500 baht, and we will apply it from November. The Thai side has also agreed to reduce the renewal fee from 1,900 baht to 500 baht, as negotiated […] we also have more in discussion. We request the transfer of mobile social security system between the two countries. What does that mean? […] where there is NSSF (national social security fund), when our workers go to work in Thailand, they can transfer their NSSF to the working place (to continue it) […] the same applies to Thais who work in Cambodia […] we have asked the Thai side to provide stickers of work permit visas on travel documents to workers at the time of immigration […] rather than having to come for it at the (Thai) embassy (in Phnom Penh) […]

(8) To consider organizing the Cambodian and Thai Sankranta

I asked (the Thai Prime Ministere) His Excellency Setha Thavisin as the New Year/Sangkranta is approaching, if we can celebrate the New Year or Sangkranta (of the two countries together). There have been some confusions regarding the fact that Thai asked for the accession of Sankranta as one of the world heritages. Thailand does not take away what belong to the Cambodians. Countries holding on with Buddhism are celebrating Sangkranta. (Thailand) works on entitling the Thai Sangkranta. They have not asked to list the Cambodian (Sangkanta). We have our own Sangkranta. The Ministry of Culture and Fione Arts has the other day considered seeking the placement of the Cambodian Sankranta as one of the world heritages […] do not cause strife between the two nations over confusions […] and I think the Ministry of Culture and Fine Arts should organize a Khmer national identity to showcase what (belongs or identifies Khmer) for children of the next generation to understand clearly so as not to be confused as to what (belongs to Khmer, and/or Thai) […]

(9) Request the Thai Prime Minister to forgo the reentry visa fee for the month of April

[…] let me get back to the Sangkranta issue […] I talked to the Thai Prime Minister, “as we are close to the New Year, maybe you and join me in giving our people on both sides the gift that they do not have to pay the (re-entry) visa fee. The Cambodian people who come to visit on New Year shall not have to pay the re-entry visas fees” […] the Thai Prime Minister says that (issue) would be fine to celebrate together […] this New Year, (the Minister of Labor and Vocational Training) His Excellency Heng Sour, should organize (the Khmer New Year) in some countries, such as in Korea, and join with our people to enjoy the festivity. Our embassies in every country that does not have workers could gather our students for this reason as a get together once in a long while […]

(10) 10 hours of achieving strategic achievements for the benefit of the nation and the people […] (I spent) 10 hours (in Thailand), but achieved strategic achievements, as well as a lot of initiatives for both countries […] some people asked if I was not tired at all to have a full-day schedule like that. For me, I wanted to fly home as soon as I could (finish the wrok that I go for) […] I wish to spend all the time available (finishing the works) rather than sitting and watching TV in the hotel […] to fulfill my every duty as the head of government and for the benefit of the nation and the people […]./.

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចដែលបានចុះបញ្ជី មានការកើនឡើងយ៉ាងខ្លាំង


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា  សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ចំនួន ៤៩,០៧៥ និងមានកម្មករ និយោជិត ចំនួន ១,៧០០,០០០នាក់ ដោយបានប្រាក់ឈ្នួលសរុប ជាមធ្យមជាង ៥,១៨ ប៊ីលាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។


នាឱកាសនោះដែរ សម្តេចធិបតីបានថ្លែងបន្តថា ការកើនឡើងនូវតួលេខខាងលើ គឺមិនទាន់គិតពីកម្មករនិយោជិតខាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនខ្មែរធ្វើការនៅក្រៅប្រទេសផងទេ។ លើសពីនេះក្រសួងនានា បានខិតខំចូលរួមឣនុវត្តប្រកបដោយជោគជ័យនូវឣនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោ ឣតីតនាយករដ្ឋមន្ត្រី និងឣនុសាសន៍ទាំង១០ របស់សម្តេចធិបតីដែលបានដាក់ចេញកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានកំពុងខិតខំទាក់ទាញឣ្នកវិនិយោគ ដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ខែសីហា ឆ្នាំ២០២៣ មកដល់ខែមករា ឆ្នាំ២០២៤ នេះមក គឺកម្ពុជាបានទាក់ទាញអ្នកវិនិយោគចំនួន ១៧២គម្រោង គិតជាទុនវិនិយោគ ៣,៨៦ពាន់លានដុល្លារ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។


សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងគម្រោងវិនិយោគទុននៅកម្ពុជាទាំង ១៧២គម្រោង ជាគម្រោងវិនិយោគក្នុងស្រុក និងក្រៅស្រុក មានប្រមាណចំនួន ១០ប្រទេសនេះ ដែលអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាង ១៩ម៉ឺនកន្លែង។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅក្នុងខែមករាឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគចំនួន ៣២គម្រោង គិតជាទុនវិនិយោគជិត ២០០លានដុល្លារ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការងារត្រូវខិតខំអនុវត្តអោយបានជោគជ័យ នូវវិធានការកែទម្រង់ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនិងសមិទ្ធផលនាពេលកន្លងមក ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារអោយកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានាស្របតាមនិន្នាការតំបន់ និងសកលលោកប្រកបដោយភាពទន់ភ្លន់ រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវវិធានការកែទម្រង់ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយសម្រួលការផ្តល់សេវាផ្សេងៗនិងកម្រងសេវាសាធារណៈ ហើយឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់អោយអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កិច្ចការងារនេះត្រូវធ្វើជាបន្ទាន់ ហើយធ្វើយ៉ាងណាអោយហើយនៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៤ ដើម្បីសម្រួលនៅក្នុងការធ្វើកិច្ចការងារ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «ត្រកូលហ៊ុន គ្មានបំណងណាមួយក្បត់ជាតិទេ គឺមានតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»


សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមប្រឆាំងដែលចូលចិត្តរិះគន់ត្រកូលហ៊ុន ដោយសម្ដេចបានសង្កត់ធ្ងន់ថា «ត្រកូលហ៊ុន គ្មានបំណងណាមួយក្បត់ជាតិនោះទេ គឺមានតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា»។ 


សម្តេចធិបតីបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលវេលាក្នុងការចរចាបោះបង្គោលព្រំដែនដើម្បីកុំឱ្យកូនខ្មែរជំនាន់ក្រោយ ឈ្លោះគ្នាជាមួយប្រទេសជិតខាង ដែលអាចបង្កជាសង្រ្គាមទៅថ្ងៃអនាគត។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរទៅក្រុមប្រឆាំងវិញ ថាតើការដោះស្រាយបញ្ចប់បញ្ហាព្រំដែនដើម្បីកុំឱ្យមានសង្រ្គាមឈ្លោះគ្នា គឺជាអំពើក្បត់ជាតិមែនឬទេ។ សម្តេចធិបតី បានបន្តថា ការចរចាក្នុងការអភិវឌ្ឍរួមគ្នាដើម្បីទាញយកប្រេង គឺដើម្បីធានាផលប្រយោជន៍រយៈពេលវែង ដើម្បីធ្វើការអភិវឌ្ឍជាតិ និងសន្តិសុខថាមពល៕

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការកំណត់សូចនាករច្បាស់លាស់




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ មានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានការកំណត់សូចនាករច្បាស់លាស់ និងមានយន្តការសម្របសម្រួលសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព សមិទ្ធិផល និងប្រសិទ្ធិភាពនៃការអនុវត្តជាពិសេសការលើកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបតិ្តការរវាងក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលទាមទារឱ្យមានការចូលរួមគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តកិច្ចការងារនេះអោយបានសុង្គតិភាពប្រកបដោយជោគជ័យ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផែនការយុទ្ធសាស្រ្តនេះនឹងឆ្លើយតបបានតាមគោលដៅទាំងឡាយ ក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ គោលនយោបាយជាតិ និងគោលនយោបាយតាមវិស័យពាក់ព័ន្ធ ដោយក្នុងនោះ៖

ទី១-ការរៀបចំគោលនយោបាយទីផ្សារអនុវត្តន៍គោលនយោបាយសកម្ម និងទីផ្សារការងារសកម្ម 

ទី២-ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយឆ្លើយតបទៅនឹងបរិវត្តឧស្សាហកម្ម ៤.០ សង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង 

ទី៣-ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជជីវៈស្របតាមការវិត្តនៃពិភពការងារ

ទី៤-ការពង្រឹងការគ្រប់គ្រងទេសន្តប្រវេសន៍ការងារប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព 

ទី៥-ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការអភិវឌ្ឍនៃស្ថានភាពសង្គមសេដ្ឋកិច្ច និងយុទ្ធសាស្រ្តគាំទ្រទូទៅ គឺការទំនើបកម្មស្ថាប័ននិងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់អោយអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ១៧២គម្រោង មានទុនវិយោគជិត៤ពាន់លានដុល្លារ និងអាចបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋជាង១៩ម៉ឺនកន្លែង ហើយគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។


សម្តេចធិបតី បានថ្លែងដូចនេះនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តួអង្គការងារនៅក្នុងប្រទេសកម្ពុជាយើង រួមមាន មន្រ្តីរាជការ អង្គការក្រៅរដ្ឋាភិបាល ស្វ័យនិយោជ និងវិស័យឯកជន ដែលទាំងអស់នេះ គឺជាតួអង្គដែលបង្កើតការងារប្រកបដោយចីរភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យឯកជនជាដៃគូយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ




សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តួឣង្គបង្កើតឱកាសការងារមានច្រើន ប៉ុន្តែវិស័យឯកជនបានចូលរួមចំណែកជាមួួយវិស័យរដ្ឋយ៉ាងសកម្ម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។


សម្តេចធិបតី បានថ្លែងបន្តថា វិស័យឯកជនគឺជាដៃគូយ៉ាងសំខាន់នៅក្នុងការបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចជាតិ។ ដូចនេះ ពាក្យថា «ផែនការការងាររស់រវើក» គឺកិច្ចការងារទាំងឣស់ត្រូវពឹងផ្ឣែកលើភាពជាក់ស្តែងនិយម ដោយមិនត្រូវពឹងផ្ឣែកទៅលើទ្រឹស្តីនិយមនោះទេ តែត្រូវផ្ឣែកលើការបត់បែនតាមភាពជាក់ស្តែង និងត្រូវចាត់វិធានការឲ្យបានទាន់ពេលវេលា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាពជាដៃគូយុទ្ធសាស្រ្ត គឺជាទំនាក់ទំនងកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ

 

Uploading: 121229 of 121229 bytes uploaded.


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ព្រះរាជាណាចក្រថៃ កម្ពុជា និងថៃ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។


សម្តេចធិបតី បានថ្លែងដូចនេះនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនេះដែរ ក៏នឹងបើកច្រកឱ្យប្រទេសទាំងពីរ កម្ពុជា ថៃ ពង្រីកទំនាក់ទំនងលើគ្រប់វិស័យផងដែរ៕

រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកទៅលើលទ្ធផលវិភាគស៊ីជម្រៅអំពីសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ និន្នាការសកលធំៗ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដែលជាយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរយៈពេលវែងត្រូវអនុវត្តជា ៥ ដំណាក់កាលសម្រាប់រយៈពេល២៥ឆ្នាំ ទៅមុខដោយរក្សាបាវចនាការងារ និងវិស័យអាទិភាពមនុស្សនៅដដែល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលអណត្តិទី៧ ក៏ដូចជាអាណត្តិបន្តបន្ទាប់ដែលដឹកនាំគណបក្សប្រជាជនកម្ពុជានឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន ការពង្រឹងអភិបាលកិច្ច ការកែតម្រូវក្របខណ្ឌគតិយុត្ត និងការជំរុញបរិវត្តកម្មឌីជីថលសំដៅរក្សាស្ថិរភាពទីផ្សារការងារ លើកម្ពស់ជីវភាពកម្មករនិយោជិក និងរក្សាការពារសន្តិសុខសង្គមតាមរយៈការកសាងបរិយាកាសវិនិយោគអំណោយផល ការបង្កើតការងារ ការធានានិរន្តភាពការងារ ការកែលម្អលក្ខខណ្ឌការងារ ការគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិក និងការធ្វើសុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈជាដើម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់អោយអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល ដើម្បីផែនការសកម្មភាពរស់រវើក



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការសកម្មភាពរស់រវើក មិនមែនជាផែនការសកម្មភាពដែលសរសេរហើយ នៅក្រដាស និងឣនុវត្តឲ្យដូចបន្ទាត់នោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។


សម្តេចធិបតី បានថ្លែងបន្តថា ផែនការសកម្មភាពការងាររស់រវើក គឺត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល ឣ្វីដែលមាននៅលើក្រដាសត្រូវកែសម្រួលឲ្យស្របទៅតាមសមិទ្ធកម្មដែលយើងចង់បាន។ ជាការពិតត្រូវឣនុវត្តនៅក្នុងក្របខណ្ឌច្បាប់ ជាក្របខណ្ឌកម្រិតមួួយហើយ ប៉ុន្តែការឣនុវត្តកុំងាប់ក្រឡា ឬខ្លាចមិនហ៊ានកែប្រែ ពីព្រោះ «ពេលវេលាជាមាសពេជ្រ»៕

ឯកឧត្តម លី ធុជ៖ កម្ពុជា បានធ្វើការបោសសម្អាតបានជា៣ពាន់គីឡូម៉ែត្រឡា ដែលមានទំហំធំជាងគេក្នុងចំណោមប្រទេស ដែលកំពុងបោសសម្អាតគ្រាប់មីននៅលើពិភពលោក



ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី0៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានអនុសញ្ញាអូតាវ៉ា (ស្តីពីការហាមឃាត់ប្រើប្រាស់មីនប្រឆាំងមនុស្ស) ដែលអនុញ្ញាអូតាវ៉ានេះ គឺមានគោលដៅបញ្ចប់នូវការឈឺចាប់ទុក្ខវេទនារបស់ប្រជាពលរដ្ឋពិភពលោក ក៏ដូចជាកម្ពុជា ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។


ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសរើសកម្ពុជាធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីននេះ គឺដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ឋាប់ធ្នាប់គ្រប់គ្រាន់ទាំងអស់។ ហើយដែលពិសេសនោះ គឺកម្ពុជាបានផ្សព្វផ្សាយទៅពិភពលោកថា កម្ពុជាចប់ពីសង្គ្រាមហើយ មានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរសប្បាយ។ 


បន្ថែមពីលើនេះ ឯកឧត្តមបានបន្ថែមថា ដោយកាលពីមុនកម្ពុជាជាប្រទេសមានសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើន ឥឡូវរាជរដ្ឋាភិបាលបានធ្វើការបោសសម្អាតបានជា៣ពាន់គីឡូម៉ែត្រឡា ដែលមានទំហំធំជាងគេក្នុងចំណោមប្រទេស ដែលកំពុងបោសសម្អាតគ្រាប់មីននៅលើពិភពលោក។


ឯកឧត្តម លី ធុជ បានបន្តថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីននេះ នឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានគណៈប្រតិភូនៃរដ្ឋភាគី អនុសញ្ញាអូតាវ៉ា ចំនួន ១៦៤ប្រទេស និងអង្គការអន្តរជាតិនានាជាច្រើនទៀតអញ្ជើញមកចូលរួម។ 


ដើម្បីឱ្យការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបានល្អ គណៈប្រតិភូអន្តរក្រសួងនៅថ្ងៃនេះ បានចុះពិនិត្យទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងសណ្ឋាគារសុខាសៀមរាប ដើម្បីត្រៀមរៀបចំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូឱ្យបានល្អប្រសើរ។


សូមបញ្ជាក់ថា ប្រទេសកម្ពុជាយើងរហូតមកដល់ពេលនេះមានខេត្តចំនួន ១៨ ក្នុងចំណោម ២៥រាជធានី ខេត្ត បានអស់មីន ដែលនេះជាជោគជ័យដ៏ធំមួយ ហើយនៅសល់ ០៧ ខេត្តទៀត ដែលជាខេត្តនៅជាប់ព្រំដែនថៃ ដែលកំពុងធ្វើការបោសសម្អាតជាបន្តបន្ទាប់ទៀត និងគ្រោងបញ្ចប់ទាំងអស់នៅត្រឹមឆ្នាំ២០២៥៕






សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេលមួយថ្ងៃលើទឹកដីថៃ

 



(បាងកក, ថៃ)៖ នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅទីក្រុងបាំងកក ប្រទេសប្រទេសថៃ។


នៅវេលាម៉ោង៨ព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចេញទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃ តបតាមការអញ្ជើញរបស់​លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ ដំណើរទស្សនកិច្ចដ្បិតថាត្រឹមរយៈពេលត្រឹមមួយថ្ងៃតែមានគុណ​​តម្លៃខ្ពស់​ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដែលបន្តនាំផ្លែផ្កាជាឧត្តម​ប្រយោជន៍​សម្រាប់ប្រជាជាតិទាំងពីរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយទៅជាមេដឹកនាំប្រទេសជាមិត្តដំបូងគេ ដែលបានទស្សនកិច្ចជាផ្លូវ​ការនៅក្នុងប្រទេសថៃ បន្ទាប់ពីប្រទេសនេះបង្កើតបានរាជរដ្ឋាភិបាលថ្មីកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លង​ទៅ​នេះ។ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការទទួលបដិសណ្ឋារកិច្ចប្រកប​ដោយ​ភាពកក់ក្តៅ និងកិត្តិយសជាទីបំផុតចាប់តាំងពីដាក់ជើងជាន់ដីព្រលានយន្តហោះរបស់ថៃ។


នៅឯវិមានរាជរដ្ឋាភិបាលថៃឯណោះវិញ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានធ្វើឡើងយ៉ាងមហោឡារិកជា​ទី​បំផុតដោយលោក សេដ្ឋា ថាវីស៊ីន។ កម្រាលព្រំក្រហមឆ្អិនឆ្អៅ កងកិត្តិយស និងកងត្រែទ័ព ត្រូវបានរៀបចំ​ជា​ការ​ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។


បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន បានជួបពិភាក្សាការ​ងារទ្វេភាគីប្រកបដោយភាតរ និងស្និទ្ធស្នាលជាទីបំផុត។ ក្នុងជំនួបនោះសម្តេចធិបតី និងលោកនាយករដ្ឋ​មន្ត្រីថៃ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ច​សហប្រតិ​បត្តិ​​ការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់​ពីការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​​ទាំងពីរលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។


ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាព​លើ​ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី «ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេស​ទាំងពីរ។


ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល ដោយបាន​បង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហ​ប្រតិ​បត្តិ​ការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាង​ព្រំ​ដែន​ប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។


ក្រោយជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានធ្វើជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាធិការ​លើ​អនុស្សារណៈ​កិច្ច​សហប្រតិបត្តិការចំនួន៥ ហើយក៏បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាជុំវិញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។


អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខានាពេលនោះរួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់​បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ

៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ

៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ

៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។


ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងមានប្រជា​ប្រិយភាព ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាន់មូហាម៉ាត់ណ មះថា ប្រធានរដ្ឋសភាថៃ និងលោកសាស្ត្រាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភាថៃផងដែរ។



ក្នុងជំនួបជាមួយប្រធានរដ្ឋសភា និងព្រឹទ្ធសភាថៃ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស​រីករាយចំពោះដំណើរទស្សនកិច្ច និងការបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល។ សម្តេចធិបតី ក៏បានគូសរំលេចពីលទ្ធផលនៃជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រកបដោយផ្លែផ្កាខ្ពស់​ក្នុង​ស្មារតីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ។ ជាពិសេសការព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងពី «ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។


ប្រធានរដ្ឋសភា និងព្រឹទ្ធសភាថៃ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសថៃ។ ប្រធានរដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។


នៅវេលាល្ងាចមុននឹងធ្វើដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីក្នុង​វេទិកាធុរកិច្ច​កម្ពុជា-ថៃ រៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មថៃ ក៏ដូចជាសមាគមមិត្តភាព​កម្ពុជា-ថៃ។ វេទិកានេះ មានការចូលរួមពីវិនិយោគិន និងធុរជននៃប្រទេសទាំងពីរចំនួន ៣០០នាក់ មកពីក្រុមហ៊ុនសរុប ១៦៦ក្រុមហ៊ុន។


តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃនេះ នឹងក្លាយជាកាលានុវត្តភាពថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ​ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។


កម្ពុជា និងថៃ បានដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥៕


សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ


នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។


ក្នុងជំនួបនេះ ឯកឧត្តម ផនភេត វិឈិតឆុលឆៃ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ។ ឯកឧត្តមប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា ក៏បានសម្ដែងនូវសេចក្តីរីករាយ ដោយបានទទួលដំណឹងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានផ្តាំផ្ញើនូវសាកសួរសុខទុក្ខជូន សម្ដេចតេជោ ហ៊ុន សែន ផងដែរ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ រវាង ប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានជម្រាបអំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ជាពិសេសការតំឡើងកម្រិតនៃទំនាក់ទំនងពី “ភាពជាដៃគូរឹងមាំដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀតលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខថាមពល ការដោះមីន ការងារ អប់រំ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕




សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ


នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅព្រះរាជាណាចក្រថៃ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដែលសម្តេចធិបតី ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ បន្ទាប់ពីឯកឧត្តម សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។  ឯកឧត្តមប្រធានរដ្ឋសភា ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ ហើយឯកឧត្តមបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។


ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋសភាថៃ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ជាពិសេស ការតំឡើងកម្រិតនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ពី ”ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍នូវវត្តមាននៃឯកឧត្តមប្រធានរដ្ឋសភា នៅព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។ សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ហើយសម្ដេចធិបតីមានជំនឿជាក់ថា ឯកឧត្តមប្រធានរដ្ឋសភា នឹងមានជំនួបជាច្រើនទៀតជាមួយនឹង សម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខនេះ ៕