រដ្ឋមន្រ្តីរតនាគារអាមេរិក លោក Steve Mnuchin កាលពីថ្ងៃអាទិត្យបាននិយាយថា ប្រធានាធិបតី Donald Trump ចង់បញ្ចៀសសង្រ្គាមនុយក្លេអ៊ែរជាមួយនឹងកូរ៉េខាងជើង ហើយ «នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលយើងអាចធ្វើបាន» ដើម្បីបញ្ចៀសជម្លោះនេះ។
លោក Mnuchin បាននិយាយតាមសារព័ត៌មាន ABC ថា «ខ្ញុំអាចធានាចំពោះអ្នកថា អាទិភាពទី១ របស់ប្រធានាធិបតី គឺសុវត្ថិភាពរបស់ប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង។ ប្រធានាធិបតីមិនចង់ឱ្យមានសង្រ្គាមនុយក្លេអ៊ែរទេ ហើយយើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលយើងអាចធ្វើឱ្យប្រាកដថា រឿងនោះនឹងមិនកើតឡើងទេ»។
លោក Trump បានបង្កើនពាក្យសម្តីប្រឆាំងនឹងកូរ៉េខាងជើងម្តងទៀតកាលពីចុងសប្តាហ៍ ដោយបានព្រមានរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសនេះថា គាត់ និងមេដឹកនាំ Kim Jong Un «នឹងនៅមិនបានយូរតទៅទៀតទេ» នៅពេលដែលទីក្រុងព្យុងយ៉ាងវាយប្រហារយ៉ាងគំហុកលើសម្ព័ន្ធមិត្តរបស់អាមេរិក។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារលើអាមេរិកដីគោកជាមួយនឹងរ៉ុក្កែតរបស់ខ្លួន គឺចៀសមិនរួចឡើយ បន្ទាប់ពី «ប្រធានាធិបតីបីសាច» Trump បានហៅមេដឹកនាំកូរ៉េខាងជើងថា «មនុស្សចូលចិត្តរ៉ុក្កែត» ស្ថិតនៅក្នុងបេសកកម្មមួយដែលធ្វើអត្តឃាតខ្លួន។
លោក Trump បាននិយាយតាម Twitter កាលពីល្ងាចថ្ងៃសៅរ៍ថា «ទើបតែបានឮរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងនិយាយនៅអង្គការសហប្រជាជាតិ គាត់បានបន្ទរតាមមនុស្សដែលចូលចិត្តរ៉ុក្កែត (Little Rocket Man) ថា ពួកគេនឹងមិននៅវែងឆ្ងាយប៉ុន្មានទេ»។
លោក Mnuchin កាលពីថ្ងៃអាទិត្យបានព្យាយាមនិយាយសម្រាលស្ថានការណ៍ចំពោះការលើកឡើងរបស់លោក Trump។
គាត់បាននិយាយតាមសារព័ត៌មាន ABC ថា «ប្រធានាធិបតីមិនចង់ឱ្យមានសង្រ្គាមនុយក្លេអ៊ែរទេ ហើយយើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលយើងអាចធ្វើឱ្យប្រាកដថា រឿងនោះនឹងមិនកើតឡើងទេ»។ ម្យ៉ាងវិញទៀត ប្រធានាធិបតីនឹងការពារប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។
ក្រុមអ្នកវិភាគបាននិយាយថា ការតម្លើងកម្តៅពាក្យសម្តី គឺកំពុងតែបង្កើនហានិភ័យដោយសារតែការគិតខុស ដោយភាគីម្ខាង ឬភាគីដទៃដែលអាចធ្វើឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ។
ទូរទស្សន៍រដ្ឋ KRT របស់កូរ៉េខាងជើងបានចាក់ផ្សាយវីដេអូកាលពីថ្ងៃអាទិត្យ ដោយបង្ហាញប្រជាជនរាប់ពាន់នាក់ចូលរួមប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អាមេរិកនៅឯទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថា ប្រជាជនជាង ១០០.០០០ នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៏ និងបានថ្លែងសុន្ទរកថាគាំទ្រយោបល់របស់លោក Kim កាលពីដើមសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មាន KCNA បានស្រង់សម្តីលោក Ri Il-bae ដែលជាមេបញ្ជាការនៃកងការពារពិសេសបាននិយាយថា «យើងកំពុងតែរង់ចាំពេលវេលាដែលសមស្របដើម្បីប្រយុទ្ធចង់ក្រោយជាមួយអាមេរិក ដែលជាចក្រភពដ៏អាក្រក់ និងដកអាមេរិកចេញពីពិភពលោក។ នៅពេលដែលអគ្គមេបញ្ជាការ Kim Jong Un ចេញបញ្ជា យើងនឹងបំផ្លាញក្រុមពួកឈ្លានពាន»៕
ប្រភព៖ Reuters ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧