ស្វាយរៀង៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលមូលនិធិពីសប្បុរសជនរួមមាន លោក លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន២០,០០០ដុល្លារ និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង២,០០០ដុល្លារក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។
នៅក្នុងពិធីប្រគល់នេះ លោក ម៉ែន វិបុល ក្នុងនាមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងលោកប្រធានអង្គភាពអគ្គិសនីស្វាយរៀង ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានចូលរួមឧបត្ថម្ភនូវថវិកា ១២០,០០០ដុល្លារ (មួយរយម្ភៃពាន់ដុល្លារ) ផ្ទេរចូលគណនេយ្យសាខា តាមរយៈប្រព័ន្ធធនាគាររួចហើយ។ សាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៍សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា៕