Friday, May 24, 2024

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់លើការថែទាំនិងការផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺ


នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ 


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសខិតខំផ្តោតសំខាន់លើការថែទាំ គ្រប់ការផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺ។ ទន្ទឹមនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវរៀបចំផែនការ និងពិនិត្យសមិទ្ធផលការងារដែលបានធ្វើកន្លងមក ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម និងចំណុចខ្វះខាតនានា។


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាល ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕








សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនទូទាំងប្រទស

 



នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនទូទាំងប្រទេសនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 


ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានសម្តែងនូវក្តីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរមានការរីកចម្រើន។ សម្ដេចតេជោពិតជារីករាយ ដោយឃើញពីលទ្ធផលនៃជំនួប រវាងឯកឧត្តមជាមួយនឹងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។ 


ជាការឆ្លើយតប ឯកឧត្តម Shohrat Zakir ពិតជារីករាយដែលបានជួប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម ចាវជីលី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ តំណាងប្រជាជនចិន និងថ្នាក់ដឹកនាំចិនជាច្រើនទៀតផងដែរ ជូនសម្ដេចតេជោ។ ឯកឧត្តម ក៏បានសម្ដែងអំណរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់កម្ពុជាដែលគណបក្សប្រជាជនកម្ពុជាបានទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ ដែលបង្ហាញពីការគាំទ្រដ៏លើសលប់ពីប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។ 


ឯកឧត្តម បានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ ឯកឧត្តមបានបន្តទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។ រហូតមកដល់ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ចិន ស៊ី ជីនពីង និងសម្ដេចតេជោដែលបានផ្ដួចផ្ដើម និងការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ក្នុងដំណាក់កាលថ្មីប្រកបដោយគុណភាពខ្ពស់។ ភាគីចិនចាត់ទុកកម្ពុជាជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជាយ៉ាងមុតមាំនូវមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ស្របតាមសភាពការណ៍ជាក់ស្ដែង។ ប្រទេសចិនក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ 


ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ  ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រឈមនឹងកាលានុវត្តភាពថ្មី ជាមួយស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលកម្ពុជា និងចិនត្រូវតែសហការជាមួយគ្នាដើម្បីកសាងសហគមន៍វាសនារួមគ្នា។ កន្លងមកនេះ ភាគីចិនតែងតែស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងពិនិត្យព្រះរាជសុខភាពជាទៀងទាត់ និងព្រះរាជទស្សនកិច្ចផ្សេងៗ នៅប្រទេសចិន។ ភាគីចិនក៏នឹងត្រៀមរៀបចំទទួលស្វាគមន៍វត្តមាន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របនាពេលខាងមុខនេះផងដែរ។ ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជា លើគ្រប់វិស័យជាច្រើនទៀត។ 


ឯកឧត្តម ក៏បានបញ្ជាក់ថា ភាគីចិន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍន៍ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ក្នុងនោះប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរ។ ក្នុងនោះប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហ្គេមតាមអនឡាញ  ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម។ 


សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដែលកន្លងមក សម្ដេច បានធ្វើការជាមួយថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ ដែលបានជំរុញការលើកកម្ពស់ទំនាក់ទំនងរហូតមកដល់ពេលនេះ។ សម្ដេចពិតជារីករាយចំពោះ ឯកឧត្តម ដែលបានធ្វើការយ៉ាងល្អ ជាមួយប្រធានរដ្ឋសភាកម្ពុជា



និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់កាលពីម្សិលមិញនេះ។


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នឹងបានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចក៏បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍បន្តថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលបានជួយឲ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចបន្តថា កិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ១៩នេះ ពិតជាមានតម្លៃសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។ 


សម្ដេចក៏បានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩កន្លងទៅនេះ។ សម្ដេចតេជោ បានចាត់ទុកការជួយរបស់ចិនមកកម្ពុជា មិនត្រឹមតែជួយអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែបានជួយពង្រឹងដល់ឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។ ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឲ្យឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរឱ្យមានសុខភាពល្អ និងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។ 


ឯកឧត្តម ក៏សូមស្វាគមន៍ចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសចិនតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ ហើយឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបាន ជំរុញ និងលើកកម្ពស់ឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ នាពេលខាងមុខ៕






រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំធ្វើតេស្តស្វែងរកសារធាតុញៀន ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា


នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ក្រោមវត្តមានដឹកនាំដោយឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។


ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងដោយលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្ត  ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងនគរបាលទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងនគរបាលជំនាញគ្រឿ ងញៀនជាច្រើនរូបទៀត។


តាមលទ្ធផលតេស្ត,  ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត  នាយក  នាយករងរដ្ឋបាល  មន្រ្តីរាជការ  សាលាខេត្ត  សរុប១៤១នាក់  ស្រី៤៩នាក់ ទទួលលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលអវត្តមានចំនួន២៤រូប(ស្រី៧រូប) ដោយកំពុងជាប់បេសកកម្ម នឹងត្រូវធ្វើតេស្តនៅសប្តាហ៍បន្ទាប់ទៀត។


នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំតេស្តរកសារធាតុញៀននេះ គឺអនុវត្តតាមបទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់៕







អ្នកជំនាញ គាំទ្រការក្រើនរំឮករបស់លោកជំទាវបណ្ឌិត ជា សិរី ឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគាំទ្រសាររបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានក្រើនរំឮកជាថ្មីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្ដបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អប្រសើរនៅឡើយ។ លោកថា សារនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍន៍លំនៅឋាន ក៏ដូចជាអ្នករកស៊ីពិតប្រាកដ និងច្បាស់លាស់ក្នុងវិស័យនេះ។ ការគាំទ្រចំពោះសារក្រើនរំឮកខាងលើ ស្របពេលម្ចាស់គម្រោងបុរីវិមានសំណាងរូបនេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយធនាគារ ស៊ិនហាន (ខេមបូឌា) ដែលជាគ្រឹះស្ថានហិរញវត្ថុដ៏ធំមានប្រភពពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីគាំទ្រ និងសម្រួលដល់ការផ្ដល់កម្ចីនានាដល់អតិថិជនរបស់ខ្លួន។


បណ្ឌិត គីម ហ៊ាង បានបញ្ជាក់ទៀតថា សារក្រើនរំឮករបស់លោកជំទាវបណ្ឌិត ជា សិរី គឺពិតជាត្រឹមត្រូវ នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរឹតបន្តឹងក្នុងការផ្ដល់ឥណទានដល់ម្ចាស់គម្រោង និងអ្នកទិញពិសេសក្នុងវិស័យអចលនទ្រព្យ។ បើមើលមួយជ្រុង គិតថាសារនេះ អាចប៉ះពាល់ដល់គម្រោងខ្លួន តែជាក់ស្ដែងមិនដូច្នោះទេ សារនេះបានជួយដល់គម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាគម្រោងបុរីរបស់លោក ដែលត្រូវបានសហការជាមួយធនាគារធំៗជាច្រើន ទាំងកម្រិតជាតិ និងអន្ដរជាតិ។


លោកជំទាវបណ្ឌិត ជា សិរី បានក្រើនរំលឹកជាថ្មីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ។ យើងត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេស មកកាន់វិស័យនេះ។


លោកជំទាវបណ្ឌិត បានបន្តថា ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ៕