
Wednesday, June 17, 2015
កំណត់ទូតលេខៈ ១៤១៨ កបទ.សអ/កស៊៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
លេខៈ ១៤១៨
កបទ.សអ/កស៊៤
ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសំដែងគារវកិច្ច
ជូនចំពោះស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
និងមានកិត្តិយសសូមទាញការចាប់អារម្មណ៍របស់ស្ថានទូតដូចខាងក្រោមៈ
- នៅក្នុងកំណត់ទូតរបស់ក្រសួងលេខ ១៣១៨ កបទ.សអ/កស៊៤ ចុះថ្ងៃទី ០៨
មិថុនា ២០១៥ រាជរដ្ឋាភិបាលកម្ពុជា
បានស្នើសុំអោយរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
បញ្ឈប់ការជីកដីធ្វើគ្រឹះសំរាប់ការសាងសង់ប៉ុស្តិ៍យោធានៅត្រង់ចំណុចនិយាមការ WT-06065-07703
នៅជាប់ភូមិព្រែកស្បូវ
ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កម្ពុជា។
- នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ
នៅទីក្រុងហាណូយ ថ្ងៃទី ២៤ មេសា ២០១៥ ភាគីកម្ពុជា
បានស្នើសុំអោយភាគីវៀតណាមបញ្ឈប់ការសាងសង់នេះ។
- អាជ្ញាធរខេត្តកណ្តាល កម្ពុជា បានស្នើសុំអោយអាជ្ញាធរខេត្តអានយ៉ាង វៀតណាម នៅថ្ងៃទី ២១ មេសា
២០១៥ និងថ្ងៃទី ០៩ មិថុនា ២០១៥ អោយបញ្ឈប់សកម្មភាពទាំងនេះ។
- ប៉ុន្តែអាជ្ញាធរខេត្តអានយ៉ាងវៀតណាម
នៅតែបន្តការសាងសង់ប៉ុស្តិ៍យោធាក្នុងទ្រង់ទ្រាយធំជាងមុន។
- អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា
ស្នើសុំសារជាថ្មីចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
អោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ
រហូតដល់គណៈកម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ
បានបោះបង្គោលព្រំដែនក្នុងតំបន់នេះ ចប់ជាស្ថាពរ។
ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ សូមឆ្លៀតឧកាសនេះសំដែងសារជាថ្មីចំពោះស្ថានទូត
នូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ភ្នំពេញ, ថ្ងៃទី ១៧ ខែ មិថុនា
ឆ្នាំ ២០១៥
គ្រួសារកុមាររងគ្រោះដោយលង់ទឹកស្លាប់ទាំង៣នាក់បងប្អូន នៅស្រុកសំរោង ខេត្តតាកែវ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ
កាកបាទក្រហមកម្ពុជា លោក អ៊ុយ សំអាត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះបាននាំយកអំណោយ
ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ៣លានរៀល ទៅឧបត្ថម្ភ និងចូលរួមរំលែកមរណទុក្ខ ជូនក្រុមគ្រួសារក្រីក្រមួយនៅស្រុកសំរោង
ខេត្តតាកែវ ដែលជួបគ្រោះអកុសលកូនស្រីទាំង៣នាក់ បានលង់ទឹកប្រឡាយស្លាប់ព្រមគ្នា។
លោក អ៊ុយ សំអាត បានលើកឡើងថា ក្រោយទទួលដំណឹងដ៏ក្រៀមក្រំនេះ
សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងភ្លាមៗឲ្យរូបលោក
និងមន្រ្តីកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ក្រុមគ្រួសារសព
ដើម្បីរំលែកទុក្ខលំបាកមួយចំនួន។ អំណោយដែលចែកជូនគ្រួសារសពនាពេលនេះរួមមាន៖ អង្ករ១០០
គីឡូក្រាម មី៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស និងថវិកា ៣លានរៀល។
គួរបញ្ជាក់ថា ហេតុការណ៍ ដ៏គួរឲ្យសោកសង្រេងនេះ
បានកើតឡើងនាវេលាម៉ោងប្រមាណជិត ៦ ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចប្រឡាយទឹកទួលក្បាលសែន
ក្នុងភូមិសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដោយកូនស្រីតូចៗ ចំនួន៣នាក់ ទី១-
ឈ្មោះ ស៊ន រក្សា អាយុ ១១ឆ្នាំ,
ទី២- ឈ្មោះ ស៊ន លីនដា អាយុ ៧ឆ្មាំ និង ទី៣- ឈ្មោះ ស៊ន ម៉ារី អាយុ ៥ឆ្នាំ
បានលង់ទឹកប្រឡាយស្លាប់ព្រមគ្នា នៅពេលដែលពួកគេនាំគ្នាទៅងួតទឹកក្នុងប្រឡាយ ខណៈឪជាប់រវល់តែរកក្តាមនៅឯស្រែ
ហើយបណ្តោយឲ្យកូនៗដើរត្រឡប់មកផ្ទះមុន។
លោក នៅ ធា អាយុ ៣៦ឆ្នាំ មុខរបធ្វើស្រែ
និងអ្នកស្រី លន ស អាយុ ៣៥ឆ្នាំ ជាឪពុកម្តាយកុមារីរងគ្រៅទាំង៣បានឲ្យដឹងថា នៅមុនពេលកើត
ហេតុ កូនស្រីទាំង៣នាក់របស់គាត់ បានតាមពួកគាត់ទៅរកក្ដាម នៅតាមភ្លឺស្រែ។ ក្រោយមកគាត់បានឱ្យពួកគេត្រឡប់
ទៅផ្ទះវិញ ។ លុះពេលគាត់ត្រឡប់មកផ្ទះវិញមិនឃើញកូនក៏នាំគ្នាដើររក តែរកមិនឃើញ ។
ដោយមានការសង្ស័យ ក៏បាននាំគ្នាទៅរកមើលក្នុងប្រឡាយ ខាងលើ ទើបប្រទះឃើញកូនលង់ទឹក
ស្លាប់ទាំងបីនាក់ ទើបស្រែកឆោរឡោ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង៕
អត្ថបទ៖ ច័ន្ទ ទេវី
ពលករខ្មែរចំនួន ២៣០នាក់ នឹងត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីជាប់ក្នុងទូកនេសាទថៃនៅ ឥណ្ឌូនេស៊ី
យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា
ពលករខ្មែរ ចំនួន ២៣០នាក់ នៅកោះ អំបន់ (Ambon) ប្រទេសឥណ្ឌូនេស៊ី នឹងត្រឡប់មកកម្ពុជាវិញ
នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ស្អែកនេះ។
តាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី
បានជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន PT.
Maribu Industries Group ដែលជាក្រុមហ៊ុនតំណាងភាគីម្ចាស់ទូកនេសាទថៃ
ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ ចំនួន២៣០នាក់ ពីកោះ អំបន់ (Ambon) ។
លិខិតដដែលបានបញ្ជាក់ថា តាមការទាមទាររបស់ស្ថានទូតកម្ពុជា
ក្រុមហ៊ុននេះបានជួលយន្តហោះ១គ្រឿងប្រភេទ Boeing
737-900 ER អាចផ្ទុកពលករខ្មែរចំនួន
២១៣នាក់ ដែលនឹងចេញដំណើរពីកោះ អំបន់ ប្រទេសឥណ្ឌូណេស៊ី មកដល់ភ្នំពេញ នៅថ្ងៃទី ១៨
ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ០៦:០០ នាទីព្រឹក ហើយចំណែកឯពលករខ្មែរ ដែលនៅសល់ចំនួន
១៧ នាក់ផ្សេងទៀត ក្រុមហ៊ុនបានរៀបចំឲ្យធ្វើដំណើរតាមជើងយន្តហោះ AK 534 ពីកូឡាឡំពួរ មកដល់ភ្នំពេញ
នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង
១៥:៥៥ នាទី ។
សូមបញ្ជាក់ថា តាមការទាមទាររបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី
ក្រុមហ៊ុនបានដោះស្រាយប្រាក់បៀវត្សរ៍ ជូនពលករខ្មែរទាំង ២៣០នាក់នេះរួចហើយ៕
អត្ថបទ៖ ច័ន្ទ ទេវី
បទអត្ថាធិប្បាយ៖ ដោយ រត្ន័ សណ្ដាប់, បើមិនហ៊ានស្បថ កុំបំពានច្បាប់ និងក្រមសីលធម៌!
នាដើមខែមិថុនា ឆ្នាំ២០១៥ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបន្ទាប់ពីចុះយន្ដហោះត្រទ្បប់ពីក្រៅប្រទេស ឆ្លើយទៅកាន់អ្នកសារព័ត៌មាននៅវាលយន្ដហោះយ៉ាងហៃថា «ខ្ញុំមិនខ្លាចនឹងសម្បថទេ តែសុំរាប់សន្លឹកឆ្នោតទ្បើងវិញសិន» នេះគឺជាភាសាឆ្លើយតបទៅនឹងសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានប្រកាសថ្មីៗ គឺបបួលលោក សម រង្ស៊ី ទៅស្បថមុខព្រះអង្គដងកើ ពីបទដែលចោទថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោត។
អ្នកវិភាគនយោបាយក្ដី អ្នកប្រកបអាជីពខាងច្បាប់ក្ដី ក្រោយពីបានស្ដាប់នូវភាសានេះ គេយល់ថា មេដឹកនំាគណបក្សប្រឆំាងកំពុងបន្ទាបបន្ថោកខ្លួនឯង និងបន្ទាបបន្ថោកអ្នកដែលបានបោះឆ្នោតឲ្យគណបក្សខ្លួនកាលពីខែកក្ដដា ឆ្នាំ២០១៣កន្លងទៅ គេយល់ថា លោក សម រង្ស៊ី មិនសមធ្វើជាមេដឹកនំា គឺនិយាយឲ្យខ្លី គណបក្សសង្រ្គោះជាតិមិនអាចដឹកនំាប្រទេសនោះទ្បើយ។
ជាការច្បាស់ណាស់ ប្រធានគណបក្សរូបនេះមិនទាន់បានដឹកនំាប្រទេសផង បែរជាវង្វេងវង្វាន់ មិនស្គាល់អ្វីជាច្បាប់នីតិរដ្ឋ មិនស្គាល់អ្វីជាក្រមសីលធម៌របស់ប្រជាជាតិ។ ដូចនេះ យើងសូមយកឱកាសនេះ សរសេរអត្ថបទជួយពន្យល់មេដឹកនំាគណបក្សរូបនេះ ពីដំណើរការនៃការប្រព្រឹត្ដទៅការបោះឆ្នោតនិងការពាក់ព័ន្ធទៅនឹងក្រមសីលធម៌របស់ប្រជាពលរដ្ឋដែលប្រកាន់ជំនឿលើការស្បថស្បែ។
ទីមួយ អំពីដំណើរការប្រព្រឹត្ដទៅនៃការបោះឆ្នោតសកល៖ នៅកម្ពុជាក៏ដូចជាប្រទេសនានាលើសកលលោក ដែលបានគោរពនូវរបបប្រជាធិបតេយ្យ ពិសេសចាប់តំាងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចប់នៅវិបត្ដិនយោបាយ បញ្ចប់ជម្លោះខ្មែរគ្នាឯងនៅឆ្នាំ១៩៩១។ កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតសកលចំនួន៥លើក។
ការបោះឆ្នោតសកល៤លើកជាបន្ដបន្ទាប់ទៀត និងការបោះឆ្នោតចុងក្រោយឆ្នាំ២០១៣នេះ គេឃើញថាមានចម្រួងចម្រាស់ជាទីបំផុត ដោយសារអ្នកដឹកនំាបក្សប្រឆំាងមិនព្រមទទួលយកលទ្ធផលគឺ ក្រុមបក្សប្រឆំាងមិនទទួលស្គាល់នូវឆន្ទៈភាគច្រើន ដែលមានជាង៣លាន២សែនសម្លេង ផ្ដល់ការទុកចិត្ដជូនគណបក្សប្រជាជនកម្ពុជា រីឯអ្នកផ្ដល់ទំនុកចិត្ដដល់គណបក្សសង្រ្គោះជាតិមានត្រឹមតែចំនួនជាង២លាន៩សែនសម្លេងប៉ុណ្ណោះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប.» បានទុកឱកាសឲ្យមានការតវ៉ា។ ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការពិចារណា យល់ឃើញថាការទាមទារនៃពាក្យបណ្ដឹងទំាងនោះពុំមានមូលដ្ឋានគ្រឹះ ដើម្បីប្ដូរលទ្ធផលដែលប្រកាសចេញដោយ «គ.ជ.ប.» នោះបានទ្បើយ។
អ្នកវិភាគនយោបាយគេបានលើកទ្បើងថា ការទាមទារបែបទ្បាំប៉ាប្រឆំាងនៅឆ្នាំ២០១៣ និង២០១៤ គឺមិនគ្រាន់តែបំពានឆន្ទៈរបស់ «អ្នកភាគច្រើន» ដែលខ្លួនឯងជា «អ្នកភាគតិច» គឺថែមទំាងបានបំពានការងារសមត្ថភាពមន្រ្ដីដែលខ្លួនបានចាត់តំាងនៅគ្រប់ស្ថានីយ៍បោះឆ្នោតនៅទូទំាងប្រទេសដែលមានចំនួន១៦៣៣ឃុំ/សង្កាត់ ដែលមានស្ថានីយ៍បោះឆ្នោតចំនួន១៩០០៩កន្លែង អ្នកទំាងនោះសុទ្ធតែបានចុះហត្ថលេខាក្រោយពីពិនិត្យជាក់ស្ដែងនៅនឹងកន្លែង នូវដំណើរការបោះឆ្នោតយ៉ាងហ្ម៉ត់ចត់ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល ជាមួយមន្ដ្រីតំណាងគណបក្សប្រគួតប្រជែងនានា។
យើងសូមសួរថា តើនៅថ្ងៃបោះឆ្នោតមានព្រឹត្ដិការណ៍នានា ដែលមិនប្រក្រតី ផ្ទុះចេញប៉ុន្មានកន្លែង តើមានការប្រទូស្ដរ៉ាយគ្នាប៉ុន្មានកន្លែង តើមានការបង្ខិតបង្ខំឲ្យមន្រ្ដីតំណាងបក្សប្រឆំាងឲ្យចុះហត្ថលេខាប៉ុន្មានស្ថានីយ៍? ។ល។
យោងលើព្រឹត្ដការណ៍ទំាងនេះ ក្រុមអ្នកសង្កេតការណ៍អន្ដរជាតិបានប្រកាសថា ដំណើរការបោះឆ្នោតបានប្រព្រឹត្ដទៅក្នុងបរិយាកាសសុខសន្ដិភាព គ្មានការកៀបសង្កត់ គ្មានជ្រៀកជ្រែកពីបក្សនយោបាយណាទ្បើយ ហើយដែលលទ្ធផលគឺអាចទទួលយកបាន។
ក្នុងបរិការនេះហើយ ទើបក្រុមប្រឹក្សាធម្មនុញ្ញបានទាត់ចោលពាក្យបណ្ដឹងទំាងអម្បាលម៉ានរបស់បក្សប្រឆំាង។
នរណាក៏គេដឹងថា ក្រុមបក្សប្រឆំាងបានយល់ដឹងពីរបៀបការធ្វើបដិវត្ដន៍ពណ៌នៅបណ្ដាប្រទេស មួយចំនួនដូចជា ទុយនេស៊ី លីប៊ី យេនមេន ដែលលទ្ធផលគឺប្រទេសទំាងនេះធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល មកដល់សព្វថ្ងៃ។ ចម្លងតាមបទពិសោធន៍នេះ បក្សប្រឆំាងនៅកម្ពុជាបានកេណ្ឌមនុស្ស ធ្វើជាមហាបាតុកម្មក្ដុងក្ដំាង រហូតក្លាយដល់មានបំណងប្រឆំាងផ្ដួលរំលំរដ្ឋាភិបាល ស្រែកអាក្រោសពេញទីក្រុងភ្នំពេញឲ្យប្រមុខរដ្ឋាភិបាលចុះចេញពីដំណែង ដែលទីបញ្ចប់ អ្នកដែលធ្វើបាតុកម្ម អ្នកដែលគំាទ្របក្ស ប្រឆំាងមានការនឿយណាយ ដោយសារខាតបង់ទ្រព្យសម្បត្ដិរបស់ខ្លួន ម្យ៉ាងវិញទៀត ពួកគេយល់ ច្បាស់ថា ក្រុមប្រឹក្សាធម្មនុញ្ញគឺជាតុលាការចុងក្រោយកាត់សេចក្ដីតាមសេចក្ដីប្រកាសរបស់ «គ.ជ.ប.»។
ទីពីរ ការស្បថស្បែគឺជាក្រមសីលធម៌៖ ចំពោះការលើកទ្បើងរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឲ្យ លោក សម រង្ស៊ី ស្បថនោះ ដែលពាក្យនេះបើស្ដាប់ហាក់គួរឲ្យភ្ញាក់ផ្អើល ប្រសិនបើស្ដាប់ហើយមិន បានពិចារណា។
នៅបស្ចឹមប្រទេសដែលជាបិតាលទ្ធិប្រជាធិបតេយ្យ បិតាខាងមានប្រព័ន្ធច្បាប់ ពិសេសនៅសហរដ្ឋអាមេរិក មុនចូលកាន់ដំណែងជាផ្លូវការ ប្រធានាធិបតីតែងតែលើកដៃស្ដំាស្បថនៅចំពោះមុខប្រធានតុលាការកំពូល នៅចំពោះមុខថ្នាក់ដឹកនំាជាន់ខ្ពស់របស់ប្រទេសរាប់រយនាក់ ពាក្យមួយឃ្លាសំខាន់ បំផុតថា «ខ្ញុំសូមស្បថជាមហោទ្បារិកថា ខ្ញុំនឹងដឹកនំាប្រទេសឲ្យបានត្រឹមត្រូវប្រកបដោយសច្ចធម៌ និង ការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក» ។
ក្នុងន័យនេះ យើងសូមសួរថា តើលោក សម រង្ស៊ី ដែលមានសញ្ជាតិបារំាង រៀនសូត្រនៅស្រុកបារំាងតំាងពីវ័យក្មេង យល់ច្បាស់ពីការគ្រប់គ្រងរដ្ឋ តែលោកបែរជាឆ្លើយទំាងបំពានទៅនឹងការបបួលស្បថ របស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទៅវិញ។
ច្បាប់ជានីតិក្រម ដែលតម្រង់ជួរពលរដ្ឋឲ្យគោរពនូវកាតព្វកិច្ចរបស់ខ្លួន រីឯការស្បថគឺជាក្រមសីលធម៌របស់មនុស្សជាតិ ចំពោះអ្វីដែលខ្លួនបានធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។ ព្រោះថា អស់រយៈពេលរាប់រយពាន់ឆ្នាំមកហើយ នរណាក៏ដឹងដែរថា មនុស្សម្នាក់ៗតែងតែខិតខំព្យាយាមរំលោភលើអ្នកដទៃ មិនគោរពសិទ្ធិអ្នកដទៃ ធ្វើអ្វីក៏ដោយចង់ឈ្នះគេ រស់នៅប្រសើរជាងគេ។ ការដែលមនុស្សម្នាក្នុងសង្គម ឬអ្នកនយោបាយ ឬអ្នកដឹកនំារដ្ឋរំលោភលើអ្វីដែលបានចែងដោយក្រឹត្យក្រមនីតិរដ្ឋ គេត្រូវតែងាកទៅរកក្រមសីលធម៌ដែលគ្រប់គ្រងដោយ «តុលាការសតិសម្បជញ្ញៈ» (Tribunal de conscience) ដែលជាក្រមកំពូលនៃជំនឿរបស់ប្រជាជន នឹងអ្នកដឹកនំាគឺថា «ត្រូវស្បថ» នេះឯង។
ដូចេ្នះបើលោក សម រង្ស៊ី បដិសេធនូវរាល់ការលើកទ្បើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីក្នុងការនំាគ្នាទៅស្បថ បានន័យថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលបានទាត់ចោលទំាងស្រុងនូវក្រមសីលធម៌របស់មនុស្សជាតិ មិនខុសពីចរិកមេដឹកនំារបស់ខ្មែរក្រហមទ្បើយ។
ជាសរុប ចំពោះអ្វីដែលសម្ដេចនាយករដ្ឋមន្រ្ដី បបួលលោក សម រង្ស៊ី ទៅស្បថនោះ ព្រោះថាពាក្យសម្បថនេះ គឺជាមាគ៌ាឆ្ពោះទៅរកក្រមសីលធម៌របស់មនុស្សជាតិ ខណ:ដែលគេមិនទទួលស្គាល់នូវដំណើរនីតិវិធីច្បាប់របស់រដ្ឋនោះ គឺគេចំាបាច់ងាកទៅរកក្រមសីលធម៌ ដែលជា «តុលាការសតិសម្បជញ្ញៈ» គឺតាមរយៈការស្បថនេះឯង ទោះបីជាអ្នកនោះមានះមិនជឿក៏ដោយ ក៏ពាក្យសម្បថនេះបានដាស់តឿនសតិសម្បជញ្ញៈរបស់គេឲ្យដឹងខ្លួនជាប់ជានិច្ចថា «គេមានកំហុសដិតជាប់ក្នុងខ្លួន ក្នុងអារម្មណ៍ ជានិច្ច»៕
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញការបណ្តាក់ទុនពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងជម្រុញការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប
![]() |
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយល់ឃើញថា ការបណ្តាក់ទុនពីរដ្ឋសមាជិកសហភាពអឺរ៉ុប ហើយនឹងបន្តជម្រុញការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ជាកិច្ចការដ៏មានសារៈសំខាន់។
សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងបេសកកម្មរបស់ឯកឧត្តម ហ្រ្វង់ហ្វ័រកូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនូវបញ្ហាទាំងអស់នេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យឯកឧត្តម ហ្សង់ ហ្វ្រង់ហ្វ័រកូតាំង (Jean François Cautain ) ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និង ជំរាបលា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ ខែមិថុនា ក្នុងខណៈដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែលសម្តេចចង់ឃើញ គឺការបណ្តាក់ទុនពីរដ្ឋសមាជិក សហភាពអឺរ៉ុប ហើយនឹងបន្តការការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប។ សម្តេចបានមានប្រសាសន៍ថា ក្នុងបេសកកម្មរបស់ឯកឧត្តម ហ្រង់ហ្វ័រកូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប ។ ដោយឡែកទាក់ទិនអំពីច្បាប់អង្គការ និងសង្គមស៊ីវិល ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងថា ដោយសារកម្ពុជាជាប្រទេសឯករាជ្យ កម្ពុជាអាចសម្រេចបានច្បាប់អង្គការ និងសង្គមស៊ីវិល ដែលគាំទ្រអង្គការនិងសង្គមស៊ីវិលស្របច្បាប់នៅកម្ពុជា ហើយឯកឧត្តមបានសំដែងនូកវការគាំទ្រចំពោះ កម្ពុជាដែលបង្កើតច្បាប់ អង្គការ និងសង្គមស៊ីវិល នេះឡើង ។
![]() |
សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានព្រាងច្បាប់អង្គការ និងសង្គមស៊ីវិលនេះ តាំងពីឆ្នាំ១៩៩៥មកម៉្លេះ ហើយបានបន្តរៀបចំជាបន្តបន្ទាប់ដែលរហូតមកដល់ចុងក្រោយនេះ បានប្រជុំគណៈរដ្ឋមន្ត្រីដើម្បីកែលម្អច្បាប់នេះជាច្រើន។ ដូច្នេះគឺមានភាពចាំបាច់ពីរ ទី១‑គឺដោយសារ ធម្មនុញ្ញកម្ពុជា បានកំណត់ និងទី២ ភាពចាំបាច់សម្រាប់គ្រប់គ្រង ច្បាប់អង្គការក្រៅរដ្ឋាភិបាលនេះ ដើម្បីធ្វើយ៉ាងណាដើម្បីឱ្យអង្គការទាំងឡាយនៅកម្ពុជា មានច្បាប់គ្រប់គ្រាន់ ។
ក្នុងជំនួបសម្តែងការគួរសមនោះដែរ ឯកឧត្តម ហ្វ្រង់ហ្វ័រកូតាំង បានជំរាបសម្តេចតេជោ ថា ឯកឧត្តមបានមកកម្ពុជា កាលពី២០ឆ្នាំមុន ហើយ៣ឆ្នាំចុងក្រោយនៅកម្ពុជាឯកឧត្តមបានមើលឃើញប្រទេសកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ រួមទាំងវិស័យនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសនៅចុងក្រោយនេះ គឺវប្បធម៌សន្ទនា ។ ហើយចំពោះមុខ វិស័យសេដ្ឋកិច្ច មានការរីកចំរើន ហើយការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបដែលជាទីផ្សារធំជាងគេ គឺមានការកើនឡើង រហូតដល់១០ដងដែលមានទឹកប្រាក់រហូតដល់រាប់ពាន់លានដុល្លារ។ ឯកឧត្តម បានគូសផងដែរថា សហភាពអឺរ៉ុប បានចូលរួមការងារជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមមានការសប្បាយរីករាយដែលបានឃើញមានវប្បធម៌សន្ទនារវាងគណបក្សនយោបាយទាំងពីរ ដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែល្អ ហើយឯកឧត្តមបញ្ជាក់ថា ដោយសារតែនយោបាយឈ្នះ‑ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបធ្វើឱ្យកម្ពុជា មានការរីកចំរើនលើផ្នែកនយោបាយ លទ្ធិប្រជាធិបតេយ្យ៕


សម្តេចតេជោ អញ្ជើញពិនិត្យដំណើរការនៃការសាងសង់មេន បូជាសពសម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម នៅមុខវត្តបុទុមវតី

នៅក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យដល់ទីកន្លែង នៃការសាងសង់មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោនាយករដ្ឋមន្រ្តី បានពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើគំរោងប្លង់មេ ដែលរៀបចំរចនាដោយក្រុមហ៊ុនសំណង់។ តាមរយៈនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមហ៊ុនសំណង់ត្រូវយកចិត្តទុកដាក់រៀបចំ កសាងមេនបូជាសពស្របតាមរចនាបទខ្មែរ និងមានលក្ខណៈបច្ចេកទេសរឹងមាំ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់នូវវិធានការមុតមាំ ដល់ក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណា ខិតខំសាងសង់មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ឲ្យបានហើយរួចរាល់ទៅតាមពេលវេលាដែលបានគ្រោងទុក ពិសេសត្រូវរៀបចំកសាងនូវសោភណភាពឲ្យមានលក្ខណៈស្របបំព្រង និងប្រកបទៅដោយការទាក់ទាញ សក្តិសមទៅនឹងកត្តិនាមដ៏ឧត្តង្គឧត្តមរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលក្នុងមួយជីវិតរបស់សម្តេច សម្តេចបានបូជានូវកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្ររហូតដល់ដំណាក់កាលចុងក្រោយដែលគ្មានការវិលត្រឡប់វិញបាននោះ។


ក្នុងការសាងសង់មេនបូជាសព និងទីតាំងនៃកន្លែងប្រារព្ធពិធីបូជាសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម រហូតមកដល់ពេលនេះ ជិតបញ្ចប់ការសាងសង់១០០%ហើយ។
សូមបញ្ជាក់ដែរថា ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី៨មិថុនា បានចាត់ទុកថា មរណភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងរបស់សង្គមជាតិកម្ពុជាទាំងមូល។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ប្រជាជនកម្ពុជាគ្រប់រូបនឹងចងចាំជានិច្ច នៅក្នុងក្រអៅបេះដូង នូវគុណូបការៈដ៏ប្រពៃថ្លៃថ្លារបស់សម្តេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមាតុភូមិជាទីស្នេហា នៃយើង ដែលនេះគឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមបំផុត សម្រាប់ប្រជាជាតិខ្មែរទាំងមូលចងចាំមិនអាចបំភ្លេចបាន ៕
Subscribe to:
Posts (Atom)