ដើម្បីទ្រទ្រង់
ចីរភាពប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដោយមានការគាំទ្រពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី
ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្នុងឱកាសដំណើរទស្សនៈកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥នេះ
បានបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៥ រាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន
២លានដុល្លារអាមេរិក បន្ថែមលើថវិកាវិភាគទានជាសាច់ប្រាក់ ៣,២ លានដុល្លារអាមេរិក
ដែលបានសម្រេចផ្តល់ឱ្យមន្ទីរពេទ្យរួចហើយ ហើយនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់៦លានដុលា្លរអាមេរិក
នៅឆ្នាំ២០១៦។ នៅពេលខាងមុខ រាជរដ្ឋាភិបាល នឹងខិតខំពិនិត្យ លទ្ធភាពពង្រឹងការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត
និងស្វែងរកវិធីសាស្រ្តសមស្របសំដៅរក្សាមន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យរដ្ឋប្រកបដោយស្តង់ដារសេវាសុខភាពគំរូ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ច
នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនៅថ្ងៃនេះ ក៏ធ្វើឡើងដើម្បីពិនិត្យមើលអំពីស្ថានភាពនៃការផ្តល់សេវាសុខាភិបាល
និងថែទាំសុខភាព ព្រមទាំងកិច្ចដំណើរការ និងការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
ដែលជាមន្ទីរពេទ្យដ៏សំខាន់មួយផ្តល់សេវាសុខភាព ជាពិសេសជូនកុមារកម្ពុជា ប្រកបដោយស្តង់ដារគំរូខ្ពស់
នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អូន
ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត ប៊ិត
រិចឆ្នី ដែលបានបរិច្ចាគទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីប្រមូលមូលនិធិកសាង
និងដឹកនាំគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ័្មនទី៧ ក្នុងរយៈពេលជាង
២៣ឆ្នាំកន្លងមក ព្រមទាំងថ្លែងនូវការអរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិត
និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។
មកទល់បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាសម្រេចសមិទ្ធិផលជាច្រើនក្នុងវិស័យសុខាភិបាល
រួមមាន៖ ១-ការផ្តល់ប្រឹក្សាវេជ្ជសាស្រ្តដល់អ្នកជំងឺកុមារ
ចំនួន១៤,៥ លាននាក់។ ២-ការផ្តល់ការព្យាបាលជាសះសើ្បយដល់កុមារចំនួន១,៦ លាននាក់ដែលមានជំងឺធ្ងន់ធ្ងរ។ ៣-ការផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺរលាកខួរក្បាលដល់កុមារប្រមាណ
៥០០ នាក់ក្នុងមួយថ្ងៃ។ ៤-ការផ្តល់សេវាពិនិត្យផ្ទៃពោះដល់ស្រ្តីមានផ្ទៃពោះ
និងការផ្តល់សេវាសម្រាលមាតុភាព។
កន្លងមក
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់ការទ្រទ្រង់ចំពោះសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ជាបន្តបន្ទាប់ជាពិសេស នៅក្នុងឆ្នាំ២០១៥
រាជរដ្ឋាភិបាលបានចូលរួមបដិភាគថវិកាប្រមាណ ៦,៥លានដុល្លារអាមេរិកក្នុងនោះ៖
១.មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន ២១ ៩៧៣ លានរៀល (ប្រមាណ៥,៤លានដុល្លាអាមេរិក),
បៀវត្សបុគ្គលិកក្របខ័ណ្ឌ១៤២នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន ១ ១៣៦ លានរៀល
(ប្រមាណ២៨០ ០០០ ដុល្លារអាមេរិក), ចំណាយដំណើរការចំនួន ៧ ៩៧៧ លានរៀល(ប្រមាណ១,៩លានដុល្លារអាមេរិក)
និងជំនួយសង្គម (ជំនួយប្រជាជនសម្រាកពេទ្យ) ចំនួន ១២ ៨៦០ លានរៀល(ប្រមាណ៣,២លានដុល្លារអាមេរិក)។
២. ចំណាយដំណើរការមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាបចំនួន ៤ ៥៦០ លានរៀល(ប្រមាណ១,១
លានដុល្លារអាមេរិក) សម្រាប់អគ្គីសនី និងទឹក។
ជារួមរាជរដ្ឋាភិបាល
យល់ច្បាស់លាស់នូវសារៈសំខាន់នៃការលើកកម្ពស់គុណភាព និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលសំដៅផ្តល់សេវាថែទាំសុខភាពសមស្របដល់ប្រជាពលរដ្ឋ។
នៅក្នុងស្មារតីនេះ គោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ទ្រទ្រង់វិស័យសុខាភិបាល
គឺផ្តោតលើអាទិភាពបីចំណុចសំខាន់គឺ៖ ១) បង្កើនទំហំថវិកាសម្រាប់វិស័យសុខាភិបាល
២) បង្កើនប្រសិទ្ធភាពនៃការវិភាជន៍ឱ្យចំគោលដៅ និងមុខចំណាយ ៣) បង្កើនប្រសិទ្ធភាពក្នុងផ្នែកប្រតិបត្តិការឱ្យទទួលលទ្ធផលស្របតាមទំហំនៃថវិកាចំណាយ៕