សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៥នេះ បានថ្លែងនៅក្នុងសន្និបាតតំណាងសមាគមអតីតយុទ្ឋជនទូទំាងប្រទេស
នៅវិទ្យាស្ថានជាតិអប់រំថា «ចំពោះរឿងតម្លើងប្រាក់បៀវត្ស យើងមិនអាចធ្វើឲ្យបានលឿនភ្លាមៗតាមចិត្តចង់ទេ
ត្រូវមានដំណាក់កាលរបស់វា។ ដើម្បីឲ្យបៀវត្សសំរាប់យុទ្ធជនដែលចូលនិវត្តន៍មុន
និងក្រោយឈានដល់ចំណុចប្រហាក់ប្រហែលគ្នាទាមទារឲ្យរដ្ឋចំណាយថវិកាបន្ថែមទៀត ហើយនេះជាកាព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើខានមិនបាន»។
ដើម្បីឈានទៅដល់គោលដៅនេះ
សម្តេចតេជោ បានបញ្ជាក់ថា យើងអាចកាត់បន្ថយនូវការចំណាយទៅលើការវិនិយោគផ្នែកខ្លះ
ដើម្បីយកថវិកាមកចំណាយទៅលើផ្នែកនេះ។ទោះជាយ៉ាងណា សម្តេចតេជា លើកឡើងថា «យើងពិតជាមិនហ៊ានជាមួយនឹងការសន្យាខ្យល់បែបណាមួយនោះទេ
យើងត្រូវធ្វើទៅតាមលទ្ធភាពនៃថវិកាជាតិ។ វាខុសគ្នាជាមួយពួកសន្យាដែលថាត្រូវបានប៉ុណ្ណេះៗ
ប៉ុន្តែទីចុងបំផុតសូម្បីតែអ្នកបើកឡានខ្លួនឯងក៏អត់មានប្រាក់ខែបានស្មើជាមួយនឹងមន្ត្រីរាជការស៊ីវិលទេ»។
សម្តេចបានលើកឡើងថា ការឃោសនារបស់បក្សប្រឆាំងគឺ
«ភូតសុទ្ធ ហើយបើពូកែណាស់ អ្នកបើកឡាន ហើយនឹងអ្នកដាំបាយនៅផ្ទះខ្លួនឯង
ធ្វើម៉េចឲ្យប្រាក់ខែបានស្មើនឹងមន្ត្រីរាជការស៊ីវិលទៅបានហើយ។ មិនបាច់មកទារតម្លើងឲ្យកម្មករ
ប៉ុន្តែកម្មករបំរើនៅផ្ទះខ្លួនឯងវាអត់ទាន់គ្រប់ផង។ ភូតសុទ្ធ បើពូកែភូតចឹង ឲ្យដឹកនាំប្រទេសម៉េច?
ដឹកនាំវាមិនកើត! ពូកែខាងភូត! ពូកែខាងរករឿង! រួចហើយសារភាពថាចាក់ក្រឡេក។ អាចាក់ក្រឡេកហ្នឹងស្អី?
មេចោរវាទទួលសារភាពហើយ ចឹងរឿងរ៉ាវដែលវាកើតកន្លងទៅ គឺកើតដោយសារការបង្កហេតុតាមរបៀបដែលហៅថាចាក់ក្រឡេកនេះឯង»
ចំពោះការកាត់បន្ថយគម្លាតនៃប្រាក់បៀវត្សនេះកន្លងមក
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការងារនេះរួចហើយ ប៉ុន្តែ សម្តេច ស្នើឲ្យបន្តការងារនេះ
ដោយសកម្មអំពីគម្លាតបៀរវត្សវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ គឺត្រូវរំកិលឡើង
ឲ្យប្រហាក់ប្រហែលគ្នា។ មុននេះដើម្បីរំកិលឡើងរាជរដ្ឋាភិបាលបានកំណត់ថា ទាបបំផុតគឺ៣០ម៉ឺនរៀល
ប៉ុន្តែអ្នកចូលនិវត្តន៍ក្រោយឆ្នាំ២០១៥ ពេលដែលចូលនិវត្តន៍ទៅ នឹងទទួលបានបៀវត្សន៍ខ្ពស់
រឺឯអ្នកដែលចូលនិវត្តន៍កាលពីពេលមុន ទទួលបានទាបណាស់ ព្រោះកាលណោះប្រាក់ខែពួកគាត់ទាបដែរ។
សម្តេចតេជោ មានប្រសាសន៍ថា «ឥឡូវអ្នកដែលចូលនិវត្តន៍ឆ្នាំ២០១៥នឹងទទួលបានបៀវត្សតិចជាង
អ្នកចូលនិវត្តន៍ឆ្នាំ២០១៦ ហើយ២០១៦ ទាបជាង ២០១៧ ។ ដូច្នេះត្រូវរំកិលវាឡើង ដើម្បីកុំឲ្យគម្លាតធំពេក
និងឈានទៅដល់ដំណាក់កាលប្រហាក់ប្រហែលគ្នារវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ»៕
No comments:
Post a Comment