បទអត្ថាធិប្បាយ
តើអ្នកណាមានសិទ្ធិរំលាយ គ.ជ.ប?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
ជាស្ថាប័នឯករាជ្យ ដែលបានបង្កើតឡើងដោយរដ្ឋសភា
ដើម្បីបំពេញកិច្ចការដ៏ឧត្តុង្គឧត្តមក្នុងការបំរើប្រជាពលរដ្ឋ តាមរយៈការរៀបចំដំណើរការបោះឆ្នោតដោយផ្ទាល់
ដោយសម្ងាត់ សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ផ្អែកតាមគោលការណ៍ច្បាប់
និងបទដ្ឋាននានា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
បន្ទាប់ពីបរាជ័យក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឱ្យចូលក្នុងអន្ទាក់នៃការបោកប្រាស់របស់ខ្លួនពុំបានសម្រេច
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្វែរការចាប់អារម្មណ៍សាធារណមតិជាថ្មីទៀត
តាមរយៈគំរាមត្រង់ៗ «ឱ្យរំលាយចោលជាបន្ទាន់នូវស្ថាប័ន គ.ជ.ប» ដើម្បីអ្វីមួយដែលពួកគេ
ចោទប្រកាន់ថា ការបោះឆ្នោតអាណត្តិទី៥នេះ គ្មានឯករាជ្យភាព គ្មានយុត្តិធម៌
និងមាននូវភាពមិនប្រក្រតីជាច្រើន។ល។
តើមានបុគ្គលណាមួយដែលតាំងខ្លួនឯងថា ជាបញ្ញាជន
បែរជាទម្លាក់ចោលនូវភាពជាអ្នកចេះដឹងអំពីច្បាប់ទម្លាប់
ហើយហ៊ានមកសម្រចចិត្តក្នុងការរំលាយ ឬកំទេចចោលនូវស្ថាប័ន គ.ជ.ប
ដែលបានបង្កើតឡើងដោយច្បាប់ និងមានអាណត្តិរបស់ខ្លួនដ៏ត្រឹមត្រូវនោះ?
នៅក្នុងកាលៈទេសៈនេះ គឺប្រាកដជាមិនមានអ្នកច្បាប់ ឬក៏អ្នកនយោបាយណាម្នាក់ដែលប្រកបដោយឧត្តមគតិហ៊ានធ្វើនូវអំពើបំពានច្បាប់បែបនោះទេ
គឺមានតែក្រុមវង្វេងរដ្ឋធម្មនុញ្ញ និងពួកប្រឆាំងតែប៉ុណ្ណោះដែលប្រកាសខ្លួនធ្វើជាតួឯកក្នុងការប្រព្រឹត្តនូវរាល់សកម្មភាពទាំងនេះ។
តួឯកនៅក្នុងសាច់រឿងនេះ
គឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី និង កឹម សុខា នោះទេ ពីព្រោះបុគ្គលទាំងពីរនាក់នេះ
មិនដែលឱ្យតម្លៃច្បាប់រដ្ឋធម្មនុញ្ញ ហើយក៏មិនខ្វល់អំពីផលប្រយោជន៍ជាតិដែរ ។ មិនតែប៉ុណ្ណោះ
ពួកគេតែងតែអង្គុយលើច្បាប់ជានិច្ច ដូចជា មាក់ងាយស្ថាប័នសភាជាតិ ថា
ជាសភាគូថមាន់ .. និងបានធ្វើការបន្ទាបបន្ថោកមកលើស្ថាប័ន គ.ជ.ប
ដោយពាក្យអសុរោះ ដូចជាចោទថា ជា គ.ជ.ប ជាចោរលួច ចោរប្លន់សន្លឹកឆ្នោតជាដើម។
ប៉ុន្តែ បើក្រឡេកមើលទៅលើគោលជំហររបស់រាជរដ្ឋាភិបាល
ដែលកើតឡើងដោយគណបក្សប្រជាជនកម្ពុជាវិញ
គឺប្រាកដជាគ្មានឆន្ទៈ ក្នុងការរំលាយ គ.ជ.ប នោះទេ ពីព្រោះ តែបានដឹងយ៉ាងច្បាស់ថា
គ.ជ.ប បានបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងត្រឹមត្រូវក្នុងការរៀបចំការបោះឆ្នោត
ប្រកបដោយភាពឯករាជ្យ ឥតលម្អៀង និងអនុវត្តតាមនិតិវិធី
និងច្បាប់ដូចបានកំណត់រួចហើយ។
ស្ថាប័ន គ.ជ.ប
ក៏ដូចជាស្ថាប័ន ឬក៏អង្គភាពប្រតិបត្តិករក៏ទៃទៀតដែរ បើសិនស្ថាប័ននោះត្រូវបានបង្កើតឡើងដោយសភាជាតិ
គេមិនអាចធ្វើការរំលាយទៅវិញដោយងាយៗនោះទេ បើល្គឹកណាគ្មានការឯកភាពគ្នាពីសមាជិកសភាតំណាងរាស្ត្រតាមរយៈនៃការបោះឆ្នោតអនុម័តជាថ្មី។
ហើយការបោះឆ្នោតផ្លាស់ប្តូរស្ថាប័ននេះទៀតសោត អាចធ្វើទៅបាន
លុះត្រាណាតែមានភាពចាំបាច់បំផុតក្នុងសង្គម
និងក៏ត្រូវពិនិត្យ ស្រាវជ្រាវឱ្យបានស៊ីជម្រៅផងដែរ ថា តើស្ថាប័ននោះពិតជាមិនបានដំណើរការ ឬអសកម្មក្នុងការបំពេញកិច្ចការរបស់ខ្លួន
ឬក៏បានប្រព្រឹត្តផ្ទុយពីគោលការណ៍ច្បាប់ដែលបានប្រគល់ភារកិច្ចឱ្យអនុវត្ត។ ក្នុងបរិបទនេះ
ស្ថាប័ន គ.ជ.ប មិនបានស្ថិតនៅក្នុងចំណាប់ខ្មាំងរបស់គណបក្សចាញ់ឆ្នោតនោះទេ។ ផ្ទុយទៅវិញ
វាគ្រាន់តែជាការចោទប្រកាន់របស់ក្រុមអ្នកចាញ់ឆ្នោតតែប៉ុណ្ណោះ ដែលប្រកាន់យកវប្បធម៌ មិនទទួលយកការពិតតាំងតែពីដើមរៀងមកម៉្លេះ។
ការប្រកួតប្រជែងការបោះឆ្នោតនៅលើទីលានប្រជាធិបតេយ្យ
គួរគប្បីអ្នកប្រកួតត្រូវធ្វើចិត្តឱ្យដូចជាអ្នកកីឡា« ចាញ់ត្រូវហ៊ានទទួលស្គាល់ថា
ខ្លួនខ្សោយ សុខចិត្តចុះចាញ់»។ ប៉ុន្តែ ចំឡែកតែនៅស្រុកខ្មែរ ចាញ់ឆ្នោត
បែរជាទម្លាក់កំហុស និងជេរប្រមាថទៅលើអាជ្ញារកណ្តាលទៅវិញ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ អត្រាប្រជាពលរដ្ឋខ្មែរដែលបានទៅបោះឆ្នោតមានចំនួនជាង៦៩ភាគរយ
គឺជាចំនួនដ៏ច្រើនលើសលប់
បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួន។ ប្រជាពលរដ្ឋបានប្រើសិទ្ធិរបស់ខ្លួនរួចហើយតាមរយៈសន្លឹកឆ្នោត
ដែល គ.ជ.ប បានប្រកាសជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ
និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ
បន្ទាប់ពីចាញ់ឆ្នោតហើយ បានខិតខំប្រើគ្រប់ឧបាយកលទុចរិត និងគ្រប់មធ្យោបាយ
ទាំងការបំភ្លៃ ភូតកុហកដ៏សំបូរបែប និងបាននិយាយបោកប្រាស់ប្រជាពលរដ្ឋដោយឥតអៀនខ្មាស់
ដូចជាបន្លំម្ចាស់ឆ្នោត ថា គណបក្សរបស់ខ្លួនទេ ជាអ្នកឈ្នះ
ហើយធ្វើការចោទប្រកាន់មកលើ ស្ថាប័ន គ.ជ.ប និងគណបក្សកាន់អំណាចថា
ជាចោរលួចសន្លឹកឆ្នោត ដោយពុំមានភ័ស្តុតាង ឬឯកសារណាមួយធ្វើជាមូលដ្ឋានច្បាស់លាស់សោះឡើយ។
តាមរយៈហេតុផលមួលបង្កាច់
ភូតកុហកដ៏អាក្រក់ទាំងនេះ គណបក្សសង្គ្រោះជាតិ បានយកធ្វើជាលេសដោយអត្តនោម័តជាឯកបក្ស ដើម្បីរំលាយចោលនូវ គ.ជ.ប
ដែលគ្មានកំហុស ក្នុងខណៈដែលគណបក្សប្រឆាំងមួយនេះ ជាបក្សចាញ់ឆ្នោត
និងមិនព្រមទទួលស្គាល់នូវការបរាជ័យ ថែមទាំងប៉ុនប៉ង
មិនត្រឹមតែចង់នាំប្រជាពលរដ្ឋងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ
គឺ មានចេតនាកំទេចចោលទាំងស្រុងនូវរដ្ឋធម្មនុញ្ញ
និងច្បាប់ទាំងអស់របស់កម្ពុជា។ ជាជំនួសមកវិញ គណបក្សប្រឆាំងជ្រើសយកច្បាប់ព្រៃមកប្រើក្នុងសង្គមខ្មែរ
ក្រោមក្រសែភ្នែកមហាជនដែលបានមើលឃើញថា បក្សប្រឆាំងតែងតែប្រើពាក្យគំរាមថា
អន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត
និងគាំទ្រនូវសកម្មភាពរបស់ក្រុមខ្លួន។ តែការពិត មកទល់ពេលនេះ
មានបណ្តាប្រទេសជាច្រើន ដែលជាមិត្តរបស់កម្ពុជា គឺគេមិនយល់ស្របតាមដូច្នោះទេ
គេស្គាល់ច្បាស់ណាស់អំពីដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតជាពហុបក្សកន្លងមក
ថាបានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌បំផុត។
ផ្ទុយទៅវិញ ការពិត ទាំង
សម រង្ស៊ី និង កឹម សុខា បានក្លាយខ្លួនជាមេដឹកនាំប្រឆាំងទាំងទទឹងទិស និងគ្មានហេតុផលច្បាស់លាស់
គឺអ្នកទាំងពីរ និងបក្ខពួក ហាក់ដូចជា បាន និងកំពុងអនុវត្តតាមការបង្គាប់បញ្ជាពីជនបរទេសណាមួយ
ដែលមានលក្ខណៈជាបុគ្គលប្រជាធិបតេយ្យជ្រុលនិយម និងប្រកាន់ខ្ជាប់នូវគំនិតអាស្មិមានៈ
គ្មានគោរពច្បាប់ទម្លាប់ និងគ្មាននូវទស្សនវិស័យនយោបាយវែងឆ្ងាយនោះឡើយ។
ការធ្វើអាជីវកម្មនយោបាយ
តាមភាពច្រឡោងខាមដែលបង្ហាញពីការដើរផ្ទុយពីផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះ គឺសម្លេងនៃការចង់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង តាមរយៈការប្រកូកប្រកាសឱ្យប្រទេសម្ចាស់ជំនួយផ្តាច់ជំនួយសម្រាប់ការអភិវឌ្ឍន៍នានា
ក្នុងខណៈដែលប្រជាពលរដ្ឋខ្លួនឯងកំពុងប្រឈមនឹងគ្រោះធម្មជាតិទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
លើសពីនេះទៅទៀត មេបក្សប្រឆាំងហាក់ដូចជាមិនខ្វល់សូម្បីតែបន្តិចសោះឡើយ អំពីកង្វល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ
គឺគិតតែពីការញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមធ្វើមហាបាតុកម្មម្តងហើយ
ម្តងទៀត ដើម្បីតែបំរើមហិច្ឆិតារបស់ក្រុមខ្លួន
។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងធ្វើសកម្មភាពរំខាន ដើរគោះទ្វារប្រទេសដ៏ទៃឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង
រំលោភលើអធិបតេយ្យរបស់កម្ពុជាថែមទៀតផង។
ដូច្នេះ ការប្រកាសរំលាយស្ថាប័ន
គ.ជ.ប ដោយមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺសបញ្ជាក់ឱ្យឃើញថា គណបក្សប្រឆាំងមួយនេះ
បានយករដ្ឋធម្មនុញ្ញដាក់ក្រោមបាតជើង ពីព្រោះ គជប បានបង្កើតឡើងដោយរដ្ឋសភា មិនមែនកើតចេញពីក្រុមអានាធិបតេយ្យដូចគណបក្សប្រឆាំងដែលប្រកាន់ទម្លាប់អនុវត្តតាមច្បាប់ព្រៃនោះទេ។
គណបក្សប្រឆាំង ល្មមដល់ពេលបញ្ចប់ទៅនូវទង្វើភូតកុហក បោកប្រាស់ប្រជារាស្ត្រ ដែលនាំគ្រោះថ្នាក់ដល់សង្គមជាតិ
និងធ្វើឱ្យមានភាព វឹកវរ កាឡាហលនោះ៕
អត្ថបទដោយ៖ សុខ សំណាង