Thursday, August 03, 2017

កម្ពុជា-បង់ក្លាដេស ចុះអនុស្សរណៈលើការទិញអង្ករចំនួន ១លានតោន រយៈពេល ៥ឆ្នាំ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលសិទ្ធិពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះអនុស្សរណៈយោគយល់ជាមួយរដ្ឋមន្ត្រីក្រសួងស្បៀងអាហារ នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដើម្បីនាំចេញអង្ករឲ្យបាន ១លានតោន ក្នុងរយៈពេល ៥ឆ្នាំ (២០១៧ – ២០២២) សំដៅធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ។

សូមជម្រាបផងដែរថា អនុស្សរណៈនេះ មានវិសាលភាពគ្របដណ្តប់រាល់ប្រតិបត្តិការទិញ/លក់អង្ករទាំងអស់រវាងកម្ពុជា និងបង់ក្លាដេស ហើយនឹងត្រូវអនុវត្តន៍ដោយក្រុមហ៊ុនហ្រ្គីនត្រេដ (Green Trade Company) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងអគ្គនាយកដ្ឋានស្បៀងអាហារ (Directorate-General of Food) នៃក្រសួង ស្បៀង អាហារបង់ក្លាដេស។

នៅក្នុងពិធីចុះអនុស្សរណៈ ដែលធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូបង់ក្លាដេស និងបានចាត់ទុកព្រឹត្តិការណ៍ថ្ងៃនេះ ថាជាការបើកទំព័រថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់ សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងតំបន់។ លោករដ្ឋមន្ត្រី បានរំពឹង ទុកថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំចេញអង្ករស និងអង្ករចំហុយចំនួន ២៥ម៉ឺន តោន ទៅកាន់ប្រទេសបង់ក្លាដេស នៅក្នុងខែតុលាខាងមុខនេះ។

ទន្ទឹមគ្នានេះ លោក ម៉ូហាម៉ាត់ ក្វាមរ៉ុល អ៊ីស្លាម (Advocate Md. Qamrul Islam MP) រដ្ឋមន្ត្រីស្បៀងអាហារបង់ក្លាដេស បានកោតសរសើរចំពោះគុណភាពអង្ករកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រអន្តរជាតិជាច្រើនដូចជា ISO, HACCP, និង GMP ព្រមទាំងអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, និងចិនដោយជោគជ័យ។ ឯកឧត្តម បានបន្ថែមទៀតថា តម្លៃធាតុផ្សំផ្សេងៗដូចជាពានរង្វាន់លេខ១ លើពិភពលោក ចំពោះអង្ករក្រអូបកម្ពុជា មានន័យថាគុណភាព និងអត្តសញ្ញាណផលិតផល មានភាពប្រាកដអាចទុកចិត្តបាន។

គួររំលឹកដែរថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៦ មានចំនួន ៥៤២,១៤៤តោន ពោលគឺបានកើនឡើង ០,៧០% បើធៀបនឹងឆ្នាំ ២០១៥ ដែលមានចំនួនត្រឹមតែ ៥៣៨,៣៩៦តោន។ សម្រាប់ឆមាសដំបូង នៃឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣០,៩២៥តោន នេះបើតាមទិន្នន័យផ្តល់ដោយនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕







ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី០៣ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ បានចេញ​ព្រឹត្ត​​បត្រព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ជំនន់ នៅតាមបណ្តាស្ថានីយជល​សាស្ត្រទាំង៨ រួម​មាន​ស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង

២-ទន្លេមេគង្គ-ក្រចេះ

៣-ទន្លេមេគង្គ-កំពង់ចាម

៤-ទន្លេបាសាក់-ចតុមុខ

៥-ទន្លេមេគង្គ-អ្នកលឿង

៦-ទន្លេបាសាក់-កោះខែល

៧-ទន្លេសាប-ព្រែកក្តាម

៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថាន​ភាព​កំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ចេញព្រះរាជក្រឹត្យ តែងតាំង សមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចា

យោងតាមព្រះរាជក្រឹត្យ ន.ស/រ.ក.ត/០៨១៧/៥៩៣ ចេញថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានត្រាស់បង្គាប់ តែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ដែលមានទី១ លោកបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ជាប្រធាន, លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជាអនុប្រធាន និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ជាអនុប្រធានប្រចាំការ៕



កិច្ចប្រជុំសន្តិសុខអាស៊ាន និងសមុទ្រចិនខាងត្បូង

ចាប់​ពី​ថ្ងៃទី ២ ដល់​ទី ៨ ខែ​សីហា ឆ្នាំ ២០១៧ ថ្នាក់​ដឹកនាំ​អាស៊ាន ​និង​ដៃគូ​​ពិភាក្សា​របស់​គេ រាប់​បញ្ចូល​ទាំង​ចិន​ និង​អាមេរិក​ផង នឹង​មាន​កិច្ច​ប្រជុំ​សន្តិសុខ​សំខាន់​ៗ​ជា​ច្រើន​នៅ​ហ្វីលីពីន។ ការ​គ្មាន​ភាព​​ស្រស់​បំព្រង​ក្នុង​កិច្ច​ប្រជុំ​ទាំង​នេះនឹង​​ជាការ​អភិវឌ្ឍ​នាពេល​ថ្មី​ៗ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​។ ជា​ការ​ពិត ភាព​តាន​តឹង​កំពុង​តែ​កើត​ឡើង​ ហើយ​ការ​ចរចា​ការទូត​ក៏កំពុង​តែ​តឹង​តែង​ផង​ដែរ​នៅ​កិច្ច​​ប្រជុំ​ទាំង​នោះ​កំពុង​ខិត​ជិត​មក​ដល់។ លទ្ធផល​របស់​វា​អាច​បង្ហាញ​ថា តើ​ចិន ឬអាមេរិក​មាន​​ប្រៀប​ខាង​ការ​ទូ​តជាង​គេ ហើយ​ថាតើអាស៊ាន​អាច​សាមគ្គី​គ្នា ​និង​ដើរ​តួនាទី​រឹង​មាំ​ក្នុងការ​កាត់​បន្ថយ​​កម្តៅ​ដល់​បញ្ហា​ទាំង​នេះ ឬអត់​នោះ កាន់តែ​មាន​ភាព​មិន​ច្បាស់លាស់។

ក្នុង​ខណៈ​ដែល​មាន​បញ្ហា​សំខាន់​ដទៃទៀត​នៅ​ក្នុង​របៀប​វារៈ​នោះ ការ​ផ្តោត​របស់​អ្នក​សង្កេត​ការ​ជា​ច្រើន​​នឹង​ងាកមក​លើ​ជំហរ​របស់​បណ្តា​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន ដោយ​ភាព​តាន​តឹង​របស់​របស់​អាមេរិក​ និង​ចិន​កំពុង​បង្ករ​ភាព​មិន​ច្បាស់លាស់នោះ​ក្នុង​កិច្ច​ប្រជុំ​នោះ។​ ឥរិយាបថ​នាពេល​ថ្មីៗ​របស់​ចិន​អំពីសមុទ្រ​ចិន​ខាង​ត្បូង​ទំនង​ជា​លេច​ធ្លោរ​ជាង​គេ។ កាលពី​សប្តាហ៍​មុន គេ​រាយការណ៍​ថា ចិន​បាន​គំរាម​វាយ​ប្រហារ​​ទីតាំង​យោធា​របស់​វៀតណាម​នៅ​លើ​សណ្ឋា​ន​ដី​ដែល​ខ្លួន​កាន់កាប់​នៅទី​នោះ​ ប្រសិន​វៀតណាម​មិន​បញ្ឈប់​ក្រុម​ហ៊ុន​ Repsol ពីការ​ខួង​ប្រេង​នៅ​ក្នុង​ប្លុក Block 136-03 ដែល​ចិន​ក៏​បាន​ទាម​ទារ​ផងដែរ​នោះ។ នេះ​មិន​ត្រូវ​បាន​អះ​អាង​ដោយ​ក្រុម​ហ៊ុន Repsol ឬ​មន្ត្រី​វៀតណាម​នោះទេ។ ប៉ុន្តែ នៅពេល​គេ​សួរ​ថា តើ​ចិន​បាន​ដាក់​សម្ពាធ​​វៀតណាម​លើ​បញ្ហា​នេះ​ឬអត់​នោះ អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ចិន​​ Lu Kang ហាក់​បីដូច​បាន​បញ្ជាក់​ដល់​របាយ​ការណ៍​នោះ ដោយ​និយាយថា ចិន​បាន​ជំរុញ​ឲ្យ​ភាគីពាក់ព័ន្ធ​​បញ្ឈប់​សកម្មភាព​ជា​ឯកតោភាគី​នោះ”។

របាយការណ៍​នោះបាន​កើតឡើង ​បន្ទាប់ពី​ការ​លាត​ត្រដាង​របស់​ប្រធានាធិបតីហ្វីលីពីន​ថា ប្រធា​នា​ធិ​បតី​ចិន​​បាន​ប្រាប់​គាត់​អំពី​ការ​រុក​រក​ប្រេង​នៅ​កោះជម្លោះ Reed Bank ថា ប្រសិន​បើ​អ្នក​បង្ខំ​ដល់​បញ្ហា​នោះ យើង​នឹង​ធ្វើ​សង្គ្រាម។ នេះ​អាច​ជា​ការ​សង្កេត​ ជាជាង​ការ​គំរាម។ ក្នុង​ឧទាហរណ៍​ទាំង​ពីរនោះ ការគំរាម​ប្រើ​កម្លាំង​​ជាប់ពាក់ព័ន្ធ​នឹង​អ្វីដែល​ចិន​មើល​ឃើញ​ថា ជា​ការ​រុក​រក​ “ជា​ឯកតោភាគី” និង​​ការ​ផលិត​ប្រេង​នៅ​ក្នុង​តំបន់ជម្លោះ​នោះ។ ជាការ​ពិត​ រដ្ឋ​មន្ត្រី​ការបរទេស​ចិន​បានព្រមានថា “នៅ​ក្នុងដែន​ទឹក​ដែល​មាន​ការ​ត្រួត​គ្នា​នូវសិទ្ធិ ​និង​ផល​ប្រយោជន៍​ក្នុង​សមុទ្រ​ ប្រសិន​បើភាគី​មួយ​បន្តអភិវឌ្ឍ​ជា​ឯកតោភាគីនៅទីនោះ ភាគី​មួយ​ទៀត​នឹង​មាន​សកម្មភាព​ដូច​គ្នាដែរ”។

ជា​ការ​ពិត​ដែល​ថា សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​​បាន​ហាម​សកម្មភាព​ឯកតោភាគី​នៅ​ក្នុង​ដែន​​ទឹក​ជាប់​ជម្លោះ “ដែល​ផ្លាស់ប្តូរ​ធាតុ​ដើម​របស់​តំបន់​នោះ” ដូចជា​ការ​ខួង​ប្រេងជា​ដើម។ ប៉ុន្តែ​ នៅ​ក្នុង​​ករណី​ទាំង​ពីរ​នេះ មូល​ហេតុតែ​មួយ​ដែល​ចិន​អាច​មាន​សម្រាប់ការ​ទាម​ទារ​តំបន់​មិន​ច្បាស់​លាស់​​នោះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​​តុលាការ​អន្តរជាតិ​រួច​ហើយ។ ប៉ុន្តែ វា​ច្បាស់ណាស់ថា ទោះ​បី​ជា​​មាន​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក៏​ដោយ ក៏​ការ​ទាម​ទារ​តាម​ខ្សែ​បន្ទាត់​ ៩ ចំណុច​​របស់​ចិន​​លើ​អធិបតេយ្យ​អំពី​ធនធាន​ និង​សណ្ឋាន​ដី​នោះ​នៅតែសកម្ម​នៅឡើយ។​ ប្រសិន​បើនេះ​គឺជា​ជំហរ​​ដែល​ចិន​កំពុង​ប្រកាន់យក​មែន​នោះ ពោល​គឺចិន​នៅតែ​ទាម​ទារ​តាម​ខ្សែបន្ទាប់​ ៩ ចំណុច​នោះ​ហើយ​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ខំ​ការ​ទាមរទាររបស់ខ្លួននោះ វានឹង​មាន​ផលវិបាក​ធ្ងន់​ធ្ងរ​សម្រាប់​ទំនាក់​ទំនង​ ចិន- អាស៊ាន ​និង ​ចិន-អាមេរិក។ ជាការ​ពិត​ អាមេរិក​នឹង​លើក​ឡើង​ថា នេះ​គឺជា​ការ​រំលោភ​ដល់​​សណ្តាប់​ធ្នាប់​អន្តរជាតិដែល​មាន​ជា​យូរ​មក​ហើយនោះ ដែល​ខ្លួន​បាន​ជួយ​បង្កើត​ឡើង​និង​នៅ​តែ​​​ដឹកនាំ​នៅឡើយ។ ជាង​នេះទៅទៀត អាមេរិក ជប៉ុន​ និង​វៀតណាម​ទំនង​ជា​ប្រើ​ប្រាស់​សកម្មភាព​ទាំង​​នេះ​ក្នុង​ចេតនា​ដើម្បី​ឲ្យ​អាស៊ាន​រួម​គ្នា​ទល់​នឹង​ចិន យ៉ាង​ហោច​ណាស់​លើ​បញ្ហា​មួយ​ចំនួន។ ដោ​យ​​បាន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ភាព​តាន​តឹង​នោះ អាមេរិក​បាន​បន្ត​សេរីភាព​​នៃ​ការ​ធ្វើ​នាវា​ច​រ​​រប​ស់ខ្លួន​ទល់​នឹង​ការ​ទាម​ទារ​របស់​ចិន​នៅទី​នោះ ហើយ​សេរីភាព​នៃ​ការ​ធ្វើនាវាចរ​របស់​អាមេរិក​នោះ​ ឥឡូវនេះ ទំនង​ជា​កាន់តែ​ញឹកញាប់ ​និង​លក្ខណៈ​ញួសញង់​​ថែម​ទៀតស្ថិត​ក្រោម​រដ្ឋបាល​រប​ស់ ត្រាំ​។​

សកម្មភាព​របស់​ចិន​​បាន​ធ្វើ​ភាព​តាន​តឹង​កាន់​តែ​អាក្រក់​រវាង​សមាជិក​អាស៊ាន​ខ្លះ ​និង​ចិន​នៅ​ចំពេល​ដ៏រសើប​មួយ​នេះ។ ចិន​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ដោយ​ “ភាគី​ខាង​ក្រៅ” (អាមេរិក​និង​ជប៉ុន) នៅ​មុន​និង​នៅពេល​កិច្ច​ប្រជុំ​អាស៊ាន ​និង​អាស៊ាន​បូក។ នៅ​ថ្ងៃទី ២៦ ខែ​កក្កដា នៅ​ក្រុង​ម៉ានីល លោក Wang Yi បាន​ព្រមាន​ថា “ប្រសិន​បើ​នៅតែ​មាន​កម្លាំង​ក្រៅ​តំបន់​ ឬ​កម្លាំង​នៅ​ក្នុង​តំ​បន់​ដែល​មិន​ចង់​ឃើញ​មាន​ស្ថិរភាព​នៅ​សមុទ្រ​ចិនខាងត្បូង ហើយ​ពួក​គេ​នៅតែ​ចង់​បង្ក​បញ្ហា​នៅ​សមុ​ទ្រ​ចិនខាងត្បូង​នោះ យើង​ត្រូវ​តែ​រួម​គ្នា​ហើយ​និយាយ​ថា ទេ ដល់​ពួក​គេ​ទាំង​អស់​នោះ”។ អ្វី​ដែល​​កំពុង​បង្ហាញ​ឡើង​ផង​នោះគឺ​សេចក្តី​ប្រាថ្នា​របស់លោក ស៊ី ក្នុង​បង្ហាញ​នូវ​ការ​ស្នេហាជាតិ និង​​ម៉ឹង​ម៉ាត់​​ក្នុង​ការ​ជំរុញ​លទ្ធភាព​ដល់​ការ​តែង​តាំង​ជា​ថ្មី​ដល់​រូប​គាត់​នៅ​ក្នុង​សមាជបក្ស​លើកទី ១៩ នៅ​ក្នុង​​រដូវស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ។​

ការ​ប្រឈម​មុខ​ជា​មួយ​ហ្វីលីពីន ជាពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង នឹង​ជំរុញ​​ឲ្យ​ហ្វីលីពីន​ និង​ប្រទេសអាស៊ាន​ភាគ​ច្រើន​ងាក​ចូល​ទៅ​ខាង​អាមេរិក។ ចិន​សង្ឃឹម​ថា នឹង​ជៀស​វា​រឿង​បែបនេះ​ដោយ​​បង្ខំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​រួម​មួយ​នៅ​តំបន់​ជម្លោះ​ជា​មួយ​ហ្វីលីពីន។ លោក Duterte ក៏​ចាប់​អារម្មណ៍​ដែរ ហើយ​ការ​ចរចា​កំពុងតែ​បន្ត។ ប៉ុន្តែ​ ឧបសគ្គ​ដ៏ធំ​​នោះគឺថា រដ្ឋ​ធម្មនុញ្ញ​ហ្វីលីពីន​​ហាម​​ការ​ចែក​ធនធាន​ពាក់​កណ្តាលម្នាក់​ស្ថិត​ក្រោម​អធិបតេយ្យ​ហ្វីលីពីន។ ការ​អភិវឌ្ឍ​រួម​បែប​នេះ​ត្រូវ​​តែយ៉ាង​តិច​ ហ្វីលីពីន​ទទួល​បាន​ ៦០ ភាគ​រយ​ដែរ។ កិច្ច​ព្រមព្រៀង​របស់​ចិន​ដល់​ការ​ចែក​ឲ្យ​ហ្វី​លី​ពី​ន​ច្រើន​បែប​នេះ​អាច​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​ទទួល​ស្គាល់​ដល់​អធិបតេយ្យ​ហ្វីលី​ពីនលើ​ធន​ធាន​នោះ។ លោក Duterte បាន​សន្យា​ពិគ្រោះ​ជា​មួយ​សមាជិក​អាស៊ាន​ទាំង​អស់​​នៅមុន​បន្ត​ទៅ​មុខ​ទៀត។ នេះអាចជា​ល្បិច​បង្អាក់​ដំណើរ។​

កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រីការបរទេស​អាស៊ាន​ និង​ចិន​ក៏​នឹង​ពិចារណា​លើ​សំណើរ​ “ក្រប​ខ័ណ្ឌ” សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។ សេចក្តីព្រាង​ក្រប​ខ័ណ្ឌ​នោះ​ត្រូវ​បាន​យល់​ព្រម​ដោយ​​អ្នក​តំណាង​របស់​អាស៊ាន ​និង​ចិន​រួច​ហើយ ហើយ​ទំនង​ជា​នឹង​ត្រូវ​យល់​ស្រប​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេសរបស់គេ។ ប៉ុន្តែ វា​មាន​លក្ខណៈ​ស្តួច​ស្តើងណាស់។ វា​មិន​បាន​លើក​ឡើង​អំពី​​លក្ខណៈ​ផ្លូវ​ច្បាប់​របស់​ក្រម​ប្រតិបត្តិនោះទេ ពោលគឺ​កន្លែង​ដែល​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​អនុវត្តន៍ របៀប​ដោះ​ស្រាយ​ជម្លោះ និង​របៀប​ធានា​ឲ្យ​មាន​ការ​គោរពតាម។ ទាំង​អស់​នោះគឺជា​​ចំណុច​រាំង​ស្ទះ​ធំៗ​ដល់​កិច្ច​ព្រមព្រៀង​នោះ​ស្តីពី​ក្រម​ប្រតិបត្តិ។ ជា​ការពិត ទំនងជាមាន​ការ​ចរចា​គ្នា​ច្រើន​ទៀត​នៅ​មុន​ពេល​មាន​​ក្រម​ប្រតិបត្តិ​មួយ​ត្រូវ​គេ​យល់ព្រម​ឡើងបាន។​

ទាំង​នេះ​គឺជា​បញ្ហា​ខ្លះ​ដែល​នឹង​ត្រូវ​ជជែក​ដេញ​ដោល​ និង​ទទួល​បាន​លទ្ធផល​ចេញពី​កិច្ច​ប្រជុំ​នៅ​ពេល​​ខាងមុខ​នៅ​ក្រុង​ម៉ានីល។ គេ​គួរ​តែ​ដឹង​អំពី​បរិបទ​នៃ​ការ​ប្រណាំង​ប្រជែង​រវាង​ចិន ​និង​អាមេរិក​ដើម្បី​​ឥទ្ធិពល​នៅ​ក្នុង​តំបន់។ ស្ថានភាព​លំបាក​ខាង​សន្តិសុខ​ដ៏សំខាន់នេះ​ ឥឡូវនេះ បាន​ក្លាយទៅ​ជា​​ងាយស្រួល​មើលថែម​ទៀត ពោល​គឺ​កាន់តែ​មាន​ភាព​ហួងហែង​ពី​ចិន​ដែល​កំពុង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ស្ថានភាព​ដើម​ដែល​ដឹកនាំ​ដោយអាមេរិក​ដោយ​អាស៊ាន​កាន់តែ​មានការ​បែក​បាក់។ នៅ​កិច្ច​ប្រជុំ​ទាំងនេះ បញ្ហា​សមុទ្រ​ចិនខាងត្បូងនឹង​តែ​លេច​ចេញ​ច្បាស់​សម្រាប់​ការប្រណាំង​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ​ដ៏ធំនេះ៕

(ប្រភព៖ IPPREVIEW ចុះថ្ងៃទី៣១ ខែកក្កដា​ ​ឆ្នាំ២០១៧)


ល្ខោននយោបាយនៅម៉ាឡេស៊ីមុនការបោះឆ្នោត

នៅកណ្តាលបេះដូងនៃប្រទេសម៉ាឡេស៊ីដែលកាន់សាសនាអ៊ីស្លាម មាត់ទ្វារបានបើកទទួលខ្សែភាពយន្តហូលីវូដ ជាលើកដំបូងនៅក្នុងរយៈពេលជាង ២០ ឆ្នាំនេះ ដែលទីក្រុង Kuala Terengganu មានរោងភាពយន្តមួយដែលជាការចាក់ផ្សាយខ្សែភាពយន្តដ៏ធំ ដូចជារឿង Baywatch និង Wonder Woman។ ប៉ុន្តែរោងភាពយន្តដែលងងឹតសូន្យឈឹង ដែលបំពាក់ទៅដោយកាមេរ៉ា ដើម្បីត្រួតពិនិត្យមើលទៅលើគូស្រករដែលចូលទៅទស្សនាមហោស្របនោះ។

លោក Samiun Salleh អ្នកគ្រប់គ្រងទូទៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋ Terengganu ដែលជាដៃគូមួយនៅក្នុងរោងកុននោះ បាននិយាយថា «តើអ្នកកំពុងសម្លឹងមើលខ្សែភាពយន្ត ឬតើអ្នកកំពុងធ្វើរឿងអាក្រក់»? កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអាចារ្យនៅក្នុងស្រុកសប្បាយចិត្ត គឺជារឿងនយោបាយដែលទាក់ទងទៅនឹងការអភិរក្សនៅក្នុងរដ្ឋប៉ែកឦសាន្តដែលមានពួកម៉ូស្លីមរស់នៅ ដែលត្រូវបានគ្រប់ គ្រងដោយក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រីលោក Najib Razak។ ដោយមានការបោះឆ្នោតជាទូទៅនៅក្នុងរយៈពេល ១២ ខែខាងមុខនេះ គណបក្ស Umno របស់លោក Datuk Seri Najib កំពុងស្វែងរកដើម្បីសំអាតកេរ្តិ៍របស់ខ្លួនជាមួយអ្នកបោះឆ្នោតកាន់សាសនាអ៊ីស្លាម។

ដើម្បីធ្វើកិច្ចការនេះបាន គណបក្ស Umno បានបង្កើតឱ្យមាននូវទំនាក់ទំនង ដែលទំនងជាធ្វើទៅមិនកើតជាមួយគូប្រកួតរបស់ខ្លួនគឺគណបក្ស Parti Islam SeMalaysia (PAS)។ ទង្វើនេះគឺជាការគិតគូដ៏សាមញ្ញសម្រាប់លោក Najib ដោយសារតែប្រជាជនម៉ាឡេស៊ីជាង ៦០ ភាគរយកាន់សាសនាអ៊ីស្លាម ហើយ ៥០ ភាគរយជាជនជាតិម៉ាឡេស៊ីដើម។ គាត់ត្រូវការសំឡេងឆ្នោតរបស់ពួកគេសម្រាប់បក្ស Umno ដើម្បីពង្រីកការគ្រប់គ្រងអំណាចរយៈពេល ៦០ ឆ្នាំរបស់ខ្លួន ហើយកាន់តែធ្វើឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្ស PAS ដែលសង្ឃឹមថា អាចជួយ    បាន។

សម្រាប់លោក Datuk Seri Hadi ស្ថានភាពនេះបានធ្វើឱ្យគាត់ក្លាយទៅជាមនុស្សដែលជាទីទុកចិត្តរបស់លោកនាយករដ្ឋមន្ដ្រីនេះ ហើយធ្វើសេចក្តីសម្រេចចិត្តកាន់តែបានល្អសម្រាប់នយោ បាយរបស់រដ្ឋាភិបាល។ កិច្ចខិតខំប្រឹងប្រែងរបស់លោក Najib បានធ្វើឱ្យមានការបាក់បែករវាងគណបក្ស PAS និងគណបក្សដទៃទៀតនៅក្នុងសម្ព័ន្ធភាពរបស់គណបក្សប្រឆាំង។ គណបក្ស PAS ឥឡូវនេះបានបោះបង់ក្រុមប្រឆាំងជាផ្លូវការ ដោយលើកឡើងអំពីហានិភ័យថា បេក្ខជនច្រើនអាចប្រកួតប្រជែងជាមួយបក្ស Umno សម្រាប់អាសនៈនីមួយៗ។

សាស្ត្រាចារ្យលោក Mohamed Mustafa Ishak អ្នកសិក្សាស្រាវជ្រាវផ្នែកអន្ដរជាតិ និងនយោបាយនៅសាកលវិទ្យាល័យ Universiti Utara ប្រទេសម៉ាឡេស៊ី បាននិយាយថា «បញ្ហាជាតិសាសន៍ អំបូរជនជាតិ ភាសាម៉ាឡេ និងជាពិសេស សាសនាអ៊ីស្លាមគឺវានៅឌិតដាមក្នុងបេះដូងរបស់ជនជាតិម៉ាឡេ។ «ដោយធ្វើការរួមគ្នាដើម្បីប្រកាន់យកសាសនាអ៊ីស្លាមតែមួយ បើទោះបីជាតាមរយៈការប្រតិបត្តិតាមបែបច្បាប់ដែលបានកំណត់ ឬតាមរយៈការពង្រឹងជំហររបស់សាសនាអ៊ីស្លាមនៅក្នុងរដ្ឋបាលនេះក៏ដោយ ស្ថានភាពនេះបម្រើបក្សទាំងពីរបានល្អ។ ខណៈពេលដែលគេអាចងាកទៅផ្តល់សន្លឹកឆ្នោតឱ្យលោក Najib វាក៏នាំមកនូវហានិភ័យសម្រាប់ប្រទេសមួយ ដែលមានជនជាតិភាគតិចច្រើន ចិន និងឥណ្ឌា ហើយក៏ជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តអំពើហឹង្សារវាងជាតិសាសន៍។ អ្នកបោះឆ្នោតចិន និងឥណ្ឌាគឺជាកម្លាំងនៃអ្នកគាំទ្របក្សប្រឆាំង។

លោកវេជ្ជបណ្ឌិត Oh Ei Sun ទីប្រឹក្សាដ៏សំខាន់របស់មជ្ឈមណ្ឌលស្រាវជ្រាវប៉ាស៊ីហ្វិកនៃប្រទេសម៉ាឡេស៊ីបាននិយាយថា «ការផ្តល់អាទិភាពខ្ពស់ទៅលើអ្នកបោះឆ្នោតកាន់សាសនាអ៊ីស្លាម នឹងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ចំពោះភាពសុខដុមសម្រាប់ជនជាតិម៉ាឡេស៊ី។ «វាក៏ជាការនាំឱ្យកើតមានផងដែរ នូវភាពរង្គោះរង្គើសម្រាប់ការយល់ខុសទៅលើក្រុមនិយមបែបសាស​នាក៏ដូចជា ក្រុមជនមនុស្សដែលសាសនានិយមបំភ្លៃសភាពការណ៍នេះ ឱ្យទៅជាការបំពុលបែបមនោគមវិជ្ជាទៅវិញ។ ប្រធានក្រុមដែលចេញពីបក្ស Umno គឺលោក Sabri Alwi នៃតំបន់ Kuala Terengganu បាននិយាយថា គាត់មិនមានការព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការរបស់គណបក្ស PAS ទេ។ «យើងជាជនម៉ូស្លីម ហើយគណបក្ស PAS ក៏ជាម៉ូស្លីមដែរ យើងអាចឈរនៅជាមួយគ្នាបាន»។

ប៉ុន្តែស្ថាបត្យករលោក Kamarul Bahrin អាយុ ៦២ ឆ្នាំ ដែលជាអ្នកកសាងកីឡាដ្ឋានបាល់ទាត់របស់ទីក្រុង Kuala Terengganu និងសារមន្ទីររដ្ឋ ដែលមានអារម្មណ៍ផ្សេងពីនេះទៅវិញ។ សមាជិករបស់គណបក្ស PAS ចាប់តាំងពីដើមទស្សវត្សរ៍ទី ៨០ រហូតមកដល់ពេលថ្មីៗនេះក្នុងឋានៈគាត់ជាសមាជិកសភាមួយរូប ចាប់តាំងពីឆ្នាំ២០១៣ មក លោក Kamarul បាននិយាយថា គណបក្សបានវិវឌ្ឍន៍នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជម្រុះចោលសមាជិកនិយមកណ្តាលបន្ថែមទៀត។ គាត់បាននិយាយថា «ការបោះឆ្នោតនេះគឺមានសារៈសំខាន់ណាស់ វាជារឿងជោគជ័យ ឬបរាជ័យ»។ ប្រសិនបើគណបក្ស Umno និងគណបក្ស PAS បន្តរួមបញ្ចូលគ្នានូវសាសនាជាមួយនយោបាយនោះ «យើងនឹងមានម៉ាឡេស៊ីពីរ»។

វាជាទង្វើដ៏ប្រុងប្រយ័ត្នមួយ យោងទៅតាមប្រធានគណបក្ស PAS របស់ទីក្រុង Kuala Terengganu គឺលោក Wan Sukairi Wan Abdullah។ គាត់បាននិយាយសំដៅដល់អង្គការដែលមានអ្នកកាន់សាសនាជ្រុលនិយមរបស់ប៉ាឡែស្ទីនថា «មិនស្មើក្រុមហាម៉ាស»។ ហើយគណបក្ស Umno ស្មើលោក Donald Trump ដែលកិច្ចការទាំងពីរនេះមិនរលាយចូលគ្នាបាននោះទេ។ គាត់បានបន្ថែមថា «ភាពរួសរាយរាក់ទាក់គឺជាយុទ្ធសាស្ត្រថ្មីមួយដែលកើតចេញពីនយោបាយ ចាស់ទុំ»។ យើងកំពុងតែធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ប្រជាជន និងឥស្លាម។ នោះគឺជារឿងសំខាន់»។ យោងទៅតាមលោក Samiun បានឱ្យដឹងថា បន្ទាប់ពីរយៈពេលប្រហែល ៥ ខែ ទីក្រុង Kuala Terengganu ដែលមានការចូលរួមចម្រុះបែប មិនមានព័ត៌មានណាមួយនិយាយពីឥរិយាបថខិលខូចនោះទេ។ គាត់បាននិយាយដោយបង្ហាញថា ភាពយោគយល់គ្នាអាចធ្វើទៅបាន។

គាត់បាននិយាយទៅដល់អាចារ្យនៅក្នុងតំបន់ថា «រហូតមកដល់ពេលនេះ មិនមានការត្អូញ ត្អែរអ្វីទេ ពួកគេសប្បាយចិត្តណាស់»។  «មិនមានរឿងអាក្រក់កើតឡើងនោះទេ»៕

(ប្រភព : Bloomberg ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧)


(សូមទស្សនាវីដេអូ) ក្រសួងអប់រំ ដាក់ចេញនូវប្រការហាមឃាត់មួយចំនួន សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០១៧នេះ

(សូមទស្សនាវីដេអូ) ក្រសួងសាធារណការ ប្តេជ្ញាចិត្តកសាងផ្លូវ​ឱ្យមាំតាមលក្ខណៈស្តង់​ដារបច្ចេកទេសត្រឹមត្រូវ

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តគាំទ្រលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយលើវិស័យសុខាភិបាល និងវិស័យអប់រំ

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមា បានជួបជាមួយលោកស្រីឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សានូវកម្មវិធីអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី។

ក្នុងកិច្ចពិភាក្សានេះ លោកស្រី អេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានមានប្រសាន៍ថា លោកស្រីមានមោទនភាពយ៉ាងខ្លាំងដែលរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែងនិងរឹងមាំក្នុងការស្វែងរកសន្តិភាព និងកិច្ចការងារអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី។ ក្នុងដំណើរទស្សកិច្ចមកកាន់ខេត្តសៀមរាបនាពេលនេះ លោកស្រី មានគោលបំ​ណងស្វែងយល់ និងចុះពិនិត្យដោយផ្ទាល់ក្នុងកិច្ចការអភិវឌ្ឍគម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងខេត្តសៀមរាប និងចុះពិនិត្យលើកការជួលជុលផ្លូវជនបទ២ខ្សែឡើងវិញក្រោមជំនួយគម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០១១-២០១២។

លោកស្រីឯកអគ្គរាជទូតអូស្រ្តាលី ក៏បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងជួសជុល ស្ដារឡើងវិញ និងកែលំអរផ្លូវខេត្តសរុប១៧គីឡូម៉ែត្រ និងផ្លូវជនបទ៣ខ្សែ មានប្រវែង៥៧,៥គីឡូម៉ែត្រ ក៏ដូចជាកសាងនូវទំនប់ទឹកផងដែរ ហើយគម្រោងបន្ទាប់ គឺកំណាត់ផ្លូវFR7ជាការកែលំអរផ្លូវក្រោមគម្រោងស្ដារឡើងវិញនូវផ្លូវលំជនបទដែលទឹកប្រាក់សរុបជាង២២.៨លានដុល្លារ ផ្លូវទាំងនេះសរុបប្រមាណ១២២គីឡូម៉េត្រគឺត្រូវកែលំអរដោយចាក់កៅស៊ូពីរជាន់នឹងត្រូវអភិវឌ្ឍក្នុងឆ្នាំ២០១៧-២០១៨នេះ។ ក្រៅពីគម្រោងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ក៏មានគម្រោងលើវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។

ជាមួយគ្នានេះផងដែរ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលប្រទេសអូស្រ្តាលី ក្នុងកិច្ចការងារជួយស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងគម្រោងអភិវឌ្ឍផ្សេងៗស្ទើរគ្រប់វិស័យ ទាំងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនទៀត ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី បានធ្វើឱ្យប្រជាជនក្នុងខេត្តសៀមរាបទទួលបានផលប្រយោជន៍យ៉ាងច្រើន៕




ចិនបង្ហាញពីអំណាចយោធា ខណៈដែលលោក ស៊ី ជីងពីង ព្យាយាមពង្រឹងអំណាច

ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានបើកយុទ្ធនាការឃោសនាជាសាធារណៈមួយ ដើម្បីពង្រឹងការក្តាប់អំ ណាចរបស់គាត់នៅពេលខាងមុខ ដោយប្រើប្រាស់ព្យុហយាត្រាដ៏ធំមួយកាលពីថ្ងៃអាទិត្យ សេចក្តីថ្លែងការណ៍ និងការឃោសនាជាមួយនឹងការដកតំណែងមន្រ្តីដ៏សំខាន់ម្នាក់កាលពីសប្តាហ៍មុន ដើម្បីព្រមានមន្រ្តីដទៃទៀតឱ្យគាំទ្ររូបគាត់ថា ជាមេដឹកនាំដ៏មានអំណាចរបស់ប្រទេសនៅក្នុងរយៈពេលពីទសវត្សរ៍។

ក្នុងឯកសណ្ឋានជាមេបញ្ជារការកងទ័ពរំដោះប្រជាជនចិន (PLA) លោក ស៊ី បានឈរមើលកងទ័ពប្រមាណជា ១២០០០នាក់ ដើរជាក្បូន រួមជាមួយនឹងកងរថក្រោះ យន្តហោះចម្បាំង មីស៊ីល និងកងសព្វាវុធថ្មីៗជាច្រើនទៀត។ លោក ម៉ៅ សេទុង ធ្លាប់បាននិយាយថា អំណាចនយោបាយ កើតចេញពីកម្លាំងយោធា ហើយលោក ស៊ី បានបង្ហាញឱ្យឃើញថា គាត់ គឺពឹងផ្អែកលើយោធា ដើម្បីរក្សាអ្នកស្មោះត្រង់ ខណៈដែលគាត់បានជ្រើសរើសក្រុមមេដឹកនាំថ្មី ដែលនឹងធ្វើឡើងនៅក្នុងសមាជគណបក្សក្នុងខែស្លឹកឈើជ្រុះខាងមុខ។

លោក ស៊ី បាននិយាយនៅក្នុងព្យុហយាត្រាថា “កងទ័ពទាំងអស់ អ្នកត្រូវតែប្រកាន់ភ្ជាប់គោលការណ៍ដឹកនាំបក្ស ដោយយោធា។” “អ្នកត្រូវតែគោរព និងដើរតាមបក្សជានិច្ច។ ទៅប្រយុទ្ធនៅពេលដែលបក្សត្រូវការ។” ជាផ្លូវការ ព្រឹត្តិការណ៍នេះ គឺជាការខួបលើកទី ៩០ នៃ PLA។ ក៏ប៉ុន្តែ វាក៏បង្ហាញពីនយោបាយជំរុញលោក ស៊ី ថាជាអ្នកនយោបាយតែមួយគត់ ដែលមានឋានៈសក្តិសមជាមេដឹកនាំ “ស្នូល” របស់ចិន ដែលគួរត្រូវបានលើកឡើងនៅក្នុងសមាជបក្ស។

លោក Deng Yuwen អតីតបណ្ណាធិការនៃកាសែតរបស់គណបក្សបាននិយាយថា ការធ្វើព្យុហយាត្រា គឺជារឿងប្រពៃណីមួយ ក៏ប៉ុន្តែ ព្យុហយាត្រាលើកនេះ មានអត្ថន័យពិសេសមួយ។” “វាមានន័យថា លោក ស៊ី ជីងពីង មានអំណាចផ្នែកយោធាក្នុងដៃយ៉ាងរឹងមាំ ហើយគ្មាននរណាម្នាក់អាចប្រជែងនឹងគាត់បានទេ។” សមាជគណបក្សខាងមុខនេះ ច្បាស់ណាស់ នឹងផ្តល់ឱ្យលោក ស៊ី នូវអាណត្តិប្រាំឆ្នាំទៀត ជាអគ្គលេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងយោធា ហើយសមាជនេះ នឹងតែងតាំងក្រុមថ្មីមួយដើម្បីធ្វើការងារក្រោមការដឹកនាំរបស់គាត់។

ពុំទាន់មានកាលបរិច្ឆេទច្បាស់ការអំពីសមាជគណបក្សទេ ក៏ប៉ុន្តែ កិច្ចប្រជុំនីតិបញ្ញត្តិប្រចាំឆ្នាំមួយដែលនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ នឹងផ្តល់អាណត្តិប្រាំឆ្នាំទៀតឱ្យលោក ស៊ី ធ្វើជាប្រធានាធិបតី។ អ្នកជំនាញមួយចំនួនបានប៉ាន់ស្មានថា លោក ស៊ី អាចនឹងក្តាប់អំណាច បន្ទាប់ពីអាណត្តិទាំងនោះត្រូវបានបញ្ចប់ បើទោះបីជា រដ្ឋធម្មនុញ្ញនិយាយថា គាត់មិនអាចធ្វើជាប្រធានាធិបតីបានទៀតក៏ដោយ។ ពុំមានច្បាប់ណាមួយនិយាយពីរយៈពេលអតិបរមា នៃការកាន់តំណែងជាអគ្គលេខាធិការបក្សនោះទេ។

កាលពីសប្តាហ៍មុន លោក ស៊ី បានដកតំណែងលោក Sun Zhengcai លេខាធិការបក្សខេត្ត Chongqing ហើយជាមនុស្សដែលគេគិតថា អាចត្រូវបានតែងតាំងកាន់តំណែងខ្ពស់ប្រជែងលោក ស៊ី នៅក្នុងសមាជគណបក្ស។ គណបក្សកុម្មុយនីស្តចិនបានប្រកាសថា លោក Sun កំពុងស្ថិតក្រោមការស៊ើបអង្កេតណ៍ពីបទបំពានវិន័យបក្ស និងអំពើពុករលួយ។ មេដឹកនាំតាមខេត្តនីមួយៗរបស់ចិន និងអ្នកផ្សេងទៀត ដែលត្រូវបានគេរំពឹងថា​ នឹងឡើងតំណែងនោះ បានអំពាវនាវឱ្យមានកិច្ចប្រជុំមួយ ដើម្បីរិះគន់លោក Sun ថា ជា “ខ្លា” មួយ ឬក៏ជាមន្រ្តីពុករលួយម្នាក់។

សាស្រ្តាចារ្យ Ding Xueliang អ្នកវិទ្យាសាស្រ្តនយោបាយម្នាក់បាននិយាយថា “ត្រង់ចំណុចនេះ យើងមិនអាចដឹងច្បាស់ថា លោក Sun គឺជាខ្លាដ៏ធំមួយចុងក្រោយ ដែលត្រូវបានដកតំណែងមុនសមាជបក្សនោះទេ។” “យើងមិនដឹងទេ ហើយមេដឹកនាំផ្សេងទៀតក៏មិនដឹងដែរ។” ក្នុងពេលបច្ចុប្បន្ន លោក ស៊ី ហាក់ដូចជាកំពុងស្វែងរកការធានាមួយសម្រាប់ក្រុមរបស់គាត់ក្នុងអាណត្តិទីពីរ រួមមានអ្នកស្មោះត្រង់វ័យក្មេង ដែលការពារគាត់ និងគោលនយោបាយរបស់គាត់។ មន្រ្តីជាច្រើនកំពុងត្រៀមខ្លួនចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ក្រុមប្រឹក្សាមួយដែលមានមន្រ្តីជាន់ខ្ពស់ ២៥ មកពីថ្នាក់ខេត្ត និងមកពីយោធា។ សមាជិក ១១ រូបនៃគណៈកម្មាធិការមជ្ឈិមបក្សនេះ ទំនងជាប្រកាសឱ្យចូលនិវត្តន៍នៅក្នុងសមាជគណបក្សខាងមុខ រួមទាំងសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស ដែលជាស្ថាប័នដ៏មានឥទ្ធិពលមានសមាជិក ៧ រូប។

ការចរចាជុំវិញការតែងតាំងក្រុមមេដឹកនាំថ្មីកំពុងស្ថិតក្នុងភាពអាថ៌កំបាំង។ ក៏ប៉ុន្តែ ការឃោសនា និងការព្រមាន ហាក់ដូចជាមានគោលបំណងដាក់សម្ពាធលើមន្រ្តី និងមេដឹកនាំចូលនិវត្តន៍ ឱ្យដើរតាមគោលបំណងរបស់លោក ស៊ី ថាអ្នកណានឹងត្រូវតែងតាំង ហើយអ្នកណានឹងត្រូវចុះចេញ។  លោក Ding បាននិយាយថា លោក ស៊ី គឺជាមេដឹកនាំដ៏មានអំណាចម្នាក់របស់ចិន ចាប់តាំងពីលោក Deng Xiaoping បានស្លាប់កាលពីឆ្នាំ ១៩៩៧ មក។ ខណៈដែលយោធាមិនមានអ្វីនិយាយច្រើននៅក្នុងនយោបាយក៏ដោយ ក៏ប៉ុន្តែ ការគាំទ្ររបស់យោធាមានសារៈសំខាន់សម្រាប់អំណាចរយៈពេលវែងរបស់លោក ស៊ី។

លោក Ding បានបន្តទៀតថា “លោក ស៊ី បានចំណាយពេលច្រើនលើយោធា ជាងមេដឹកនាំណាៗទាំងអស់។” “គាត់ដឹងយ៉ាងច្បាស់ថា នៅទីបំផុត ប្រសិនបើ គាត់ចង់រក្សាអំណាច ប្រសិនបើគាត់ចង់ប្រមូលផ្តុំអំណាចកាន់តែខ្លាំង គាត់ត្រូវតែប្រាកដថា កងទ័ពនៅជាមួយគាត់។”

កាលពីថ្ងៃសុក្រ កាសែតរបស់បក្ស Study Times  ដែលជាកាសែតមួយមានមន្រ្តីអានច្រើននោះ បានចុះផ្សាយពីការអួតសរសើរចំពោះលោក ស៊ី ថាគាត់ជាមេដឹកនាំដ៏ពិសេសមួយ។ ប្រវត្តិរបស់លោក ស៊ី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយកាសែត និងគេហទំព័រជាច្រើនរបស់គណបក្ស។  លោក Deng អតីតបណ្ណាធិការកាសែតរបស់បក្ស Study Times បាននិយាយថា “ខ្ញុំមិនដែលឃើញការគាំទ្រដូច្នោះ សម្រាប់លោក Jiang Zemin ឬក៏លោក Hu Jintao ទេ” ពួកគេមិនទទួលបានការគិតគូទាំងនេះ ដូចលោក ស៊ី ក្នុងពេលនេះទេ។”

នៅក្នុងប្រវត្តិរបស់លោក ស៊ី ដែលត្រូវបានផ្សព្វផ្សាយនេះ ក៏បាននិយាយអំពីគំនិត និងគោលនយោបាយផ្ទាល់របស់លោកស៊ី នៅក្នុងអំឡុងពេលកាន់អំណាចលើកដំបូងរបស់គាត់ រួមមានការស្ថាបនាកោះសប្បនិម្មិត និងការបោះទីតាំងយោធានៅសមុទ្រចិនខាងត្បូង។ ទោះបីជាយ៉ាងណាក៏ដោយ អំណាចរបស់លោក ស៊ី ត្រូវបានគេរិះគន់ផងដែរ រួមទាំងអ្នកនៅក្នុងជួរគណបក្ស ដែលមានការព្រួយបារម្ភថា គាត់អាចបំផ្លាញបទដ្ឋាននៃការដឹកនាំប្រមូលផ្តុំ ដែលអាចបង្អង់ល្បឿនក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដែលជាកត្តាមួយអាចការពារហានិភ័យនៃការធ្វើសេចក្តីសម្រេចចិត្តខុស។

លោកស្រី Susan L. Shirk អតីតជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលមានជំនាញលើនយោបាយ និងគោលនយោបាយចិនបាននិយាយថា “ខ្ញុំមានការគិតគូយ៉ាងខ្លាំងអំពីគោលនយោបាយសន្តិសុខ និងគោលនយោបាយការបរទេស។” “ការប្រមូលផ្តុំអំណាច អាចធ្វើឱ្យអ្នកជួបបញ្ហា”៕

(ប្រភព : The New York Times ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧)



(សូមទស្សនាវីដេអូ)៖ គណបក្សប្រឆាំងមិនមែនជាជម្រើសសម្រាប់ការដឹកនាំប្រទេសទេ!

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ចុះពិនិត្យការសាងសង់បង្គន់អនាម័យសាធារណៈ

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ លោក ហុក បូទី​ ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្រ្តីការិយាល័យថែទាំសុខភាពជនបទ​ បានចុះពិនិត្យការសាងសង់បង្គន់អនាម័យសាធារណៈចំនួន ០៣ ខ្នង ១០ បន្ទប់។

ការសាងសង់បង្គន់អនាម័យនោះ មានទីតាំងដូចជា៖ ០១ ខ្នង ០៤ បន្ទប់ នៅសាលាបឋមសិ​ក្សាតាជៃ ០១ ខ្នង ០៤ បន្ទប់ នៅអនុវិទ្យាល័យហ៊ុន សែនតាជៃ និង០១ ខ្នង ០២ បន្ទប់ នៅសាលាបឋមសិក្សាតាស្អាង។ ជាលទ្ធផលសម្រេចបានប្រហែល ៨៥% ចំពោះការសាងសង់បង្គន់អនាម័យសាធារណៈនៅសាលាបឋមសិក្សាតាស្អាង នឹងចាប់ផ្តើមសាងសង់នៅក្នុងសប្តាហ៍ទី០៣ ខែសីហា ឆ្នាំ២០១៧​ខាងមុខនេះ៕