អត្ថបទដោយ: ឧត្តម សក្តិ
ការមិនទទួលស្គាល់ពីភាពបរាជយ័លើសមរភូមិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក របស់មេដឹកនាំគណបក្សប្រឆាំង បាន និងកំពុងរុញច្រានស្ថានការណ៍នយោបាយកម្ពុជាអោយធ្លាក់ក្នុងស្ថានភាពវឹកវដែលបង្ករទ្បើងដោយបាតុកម្មបែបអនាធិបតេយ្យ រៀងរាល់ថ្ងៃដោយគ្មានច្បាប់ទម្លាប់ ។
ការសំរេចចិត្តយ៉ាងគ្រហើន ក្នុងការយកដងផ្លូវ និងប្រជាជនក្នុងរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំង ពីសំណាក់លោកសម រង្ស៊ី និងលោក កឹម សុខា បានបង្កនូវការមិនសប្យាយចិត្ត, កំហឹង ការធុញទ្រាន់ និងមានការចោទសួរជាច្រើនអំពីសាធារណៈជនទូទៅថា តើហេតុអ្វីបានជាលោកសម រង្ស៊ី និង កឹម សុខា ធ្វើបែបនេះ? ហេតុអ្វីបានជាលោកសម រង្ស៊ី មិនធ្វើបាតុកម្មនៅនឹងកន្លែងតែក្នុងទីលានប្រជាធិបតេយ្យដែលអាជ្ញាធរបានកំណត់ឲ្យ? ហេតុអ្វីបានជាមេបក្សប្រឆាំងជ្រើសរើសយកការដង្ហែក្បួនដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបង្កការំខានដ៏គួរឲ្យធុញទ្រាន់បែបនេះ?
រាល់សកម្មភាពទាំងអស់ត្រូវបានគេដឹងថា ការធ្វើបាតុកម្មនៅនឹងកន្លែងនឹងមិនអាចប្រមែរប្រមូលអ្នកចូលរួមឲ្យបានច្រើនតាមចិត្តដែលលោកសម រង្ស៊ី និង កឹម សុខា ចង់បាននោះឡើយ វានឹងកាន់តែខ្សត់មនុស្សចូលរួមទៅៗ។ យុទ្ធសាស្រ្តថ្មីរបស់គណបក្សប្រឆាំងតាមរយៈការហែរក្បួនឡាន ម៉ូតូ សំដៅទីប្រជុំជនធំៗដែលមានសភាពមមាញឹក និងផ្លូវដែលតូចចង្អៀត គឺជារបៀបកេងចំណេញចំនួនមនុស្សបានដោយងាយ។ តើហេតុអ្វីបានជាបក្សប្រឆាំងធ្វើបែបនេះ ? ការដែលគេធ្វើបែបនេះ គឺអាចធ្វើឲ្យគេមើលឃើញនូវទិដ្ឋភាពមួយផ្សេងលើកំលាំងចូលរួម ពោលគឺនៅទីកន្លែងចង្អៀតនឹងមានមនុស្សច្រើន នៅពេលដែលក្បួនបាតុកម្មទៅដល់នឹងមានអ្នកឈរមើល បូករួមជាមួយនឹងការកកស្ទះចរាចរណ៍ផង គឺទិដ្ឋភាពេលនោះនឹងពោរពេញទៅដោយហ្វូងមនុស្ស។ វិធីនេះ នៅពេលថតចេញជារូបភាព គឺពិតជាកកកុញពោរពេញទៅដោយហ្វូងមនុស្ស បើទោះបីការពិតវាមិនដូចអ្វីដែលគេបានឃើញក្នុងរូបភាពនោះក៏ដោយ។
រូបភាពបែបបោកបញ្ឆោតនេះ ត្រូវបានគេយកទៅប្រើប្រាស់ក្នុងបណ្តាញទំនាក់ទំនងសង្គមថ្មី (Facebook Youtube) ឬក៏តាមមធ្យោបាយនានា ដើម្បីឃោសនាបង្ហាញពីកំលាំងគាំទ្ររបស់គេ ដើម្បីដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាល ពិសេសគណបក្សកាន់អំណាច តាមការប្រកូកប្រកាស់ថា គេមានអ្នកគាំទ្រជាច្រើនម៉ឺននាក់ ។
យុទ្ធសាស្ត្រខាងលើនេះត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាបកស្រាយថា ការអនុវត្តនូវអ្វីដែល មេបក្សប្រឆាំងហៅថាបាតុកម្មអហិង្សា ក្នុងចេតនាបង្កើតជាបដិវត្តមហាជន កំពុងតែធ្វើឲ្យមានចលនាបះបោរនាំឲ្យមានចលាចលសង្គម តាមរយៈសកម្មភាពគៀងគរ បំផុសបំផុល តាមមនោគមវិជ្ជានៃការបោកបញ្ឆោតមនុស្សអោយចូលរួមបាតុកម្ម ហែរក្បួនប្រសេចប្រសាចគ្មានសណ្តាប់ធ្នាប់ ពេញដងវិថីនានាក្នុងរាជធានីភ្នំពេញបើទោះបីអាជ្ញាធរមិនបានអនុញ្ញាតក៏ដោយនោះ ។
ការអុចអាល ញុះញុងមហាជនអោយក្រោកទ្បើងបះបោ មានតម្លៃស្មើ ទៅនឹងការធ្វើរដ្ឋប្រហារ រំលោភលើឆន្ទៈរាស្រ្ត តាមរយៈសន្លឹកឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ ទង្វើនេះ គឺជារដ្ឋប្រហារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ យ៉ាងជាក់ច្បាស់ ។
សកម្មភាពរបស់គណបក្សប្រឆាំង គឺបានប្រាស់ចាកទាំងស្រុងពីផ្លូវច្បាប់ សីលធម៌ គុណធម៌ និងបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់យ៉ាងខ្លាំងដល់មុខរបបរទទួលទានរបស់ប្រជាពលរដ្ឋទូទៅ ។ ក្រៅពីនេះ សកម្មភាពអានាធិបតេយ្យនេះ គឺ បាន និងកំពុងទាញទម្លាក់នូវកិត្យានុភាពជាតិដែលមានអរិយធម៌ខ្ពង់ខ្ពស់ ប្រជាជាតិស៊ីវីលយ័ ឱ្យធ្លាក់ចូលក្នុងអន្លុងនៃភាពអាប់ឱន ដោយសារតែការឆ្គួតវង្វេង និងការចង់បានអំណាចក្រៅរង្វង់ច្បាប់ តាមរយៈការបំផុសអោយមានបដិវត្តមហាជន ។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅកម្ពុជាបានដឹងយ៉ាងច្បាស់ណាស់ថា ការដែលគណបក្សសង្គ្រោះជាតិ យកដងផ្លូវ និងប្រជាជនក្នុងរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំងនេះគឺ វាផ្ទុយពីច្បាប់យ៉ាងជាក់ច្បាស់ ។
ពិតហើយថា រដ្ឋធម្មនុញ្ញចែងអំពីសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋសម្តែងមតិ ការហែក្បួន ការធ្វើបាតុកម្ម ប៉ុន្តែសិទ្ធិនោះ ត្រូវធ្វើអ្វីមួយស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ និងត្រូវគោពសិទ្ធិរបស់អ្នកដទៃផង។ ប៉ុន្តែ មេដឹកនាំគណបក្សប្រឆាំងមិនបានលើកកំពស់ការពង្រឹងនីតិរដ្ឋទេ គឺមានតែការប្រមាថ និងជាន់ឈ្លីលើច្បាប់តែប៉ុណ្ណោះ។
ការពង្រឹងនីតិរដ្ឋ គឺមិនមែនជាអំពើបះបោរនៅតាមដងផ្លូវនោះទេ ។ បើកម្ពុជាជ្រើសរើសយកទម្លាប់បែបនោះមែន គឺមិនចាំបាច់ធ្វើការបោះឆ្នោតនាំតែខាតថវិកាជាតិនោះឡើយ។