នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន
បានបង្ហោះនៅក្នុងទំព័រ Facebook
ផ្ទាល់ខ្លួនរបស់សម្តេច រំលឹកពីប្រវត្តិជូរចត់
ដោយសម្តេចត្រូវឃ្លាតឆ្ងាយពីប្រពន្ធកូន ដើម្បីតស៊ូរំដោះជាតិពីរបប បនប្រល័យពូជសាសន៍
ប៉ុល ពត ដើម្បីនាំសង្គ្រោះប្រជាពលរដ្ឋខ្មែរ និងស្វែងរកសន្តិភាពជូនប្រទេស កម្ពុជា។
សូមអានអត្ថបទទាំងស្រុងដូចតទៅ៖
ថ្ងៃនេះជាខួប ៣៧ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង
ភរិយាខ្ញុំ (២៤កុម្ភះ ១៩៧៩-២៤កុម្ភះ ២០១៦)។
តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍
ប៉ុល ពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។
ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ
បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។
តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ
ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយរំដោះថ្ងៃ៧មករា១៩៧៩
រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ
ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។
ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត
មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ហើយតើខ្ញុំត្រូវរៀបចំអនាគត់ផ្ទាល់ខ្លួនទៅមុខទៀតរបៀបណា?
នៅពេលខ្លួនជាពោះម៉ាយក្នុងវ័យ២៧ឆ្នាំ។ ល្ងាចថ្ងៃ ២៤ កុម្ភៈ ១៩៧៩
ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា
ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះព្រោះករណីយបែបនេះមាន២លើករួចមកហើយ។
លើកទី១មានស្ត្រីអាយុប្រហែលម្តាយខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា
គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។
តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស
ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់
ខ្ញុំមកជួបគាត់ហៅខ្ញុំថាក្មួយហើយសុំចូលទៅជួបរដ្ឋមន្ត្រី
ពេលខ្ញុំប្រាប់គាត់ថាខ្ញុំណ្ណឹងហើយជារដ្ឋមន្ត្រីគាត់ខឹងខ្ញុំយ៉ាងខ្លាំង
ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួងមិនដឹងថាគាត់ទៅណាទៀតទេ។
ដោយសារមានរឿងមិនពិតរួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។
តែយ៉ាងណាម៉ោងប្រមាណ ៥ ល្ងាច ហើយខ្ញុំក៏មកផ្ទះ។ ជារឿងរំភើបណាស់
ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញរ៉ានីប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ
និងក្មេងប្រុសម្នាក់។ ប្រពន្ទខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង
ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែរជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ
និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ
ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ម៉ាណែត
កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល២ខែ។ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ
ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។
នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។
នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅ
អូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក
ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ
តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង
ប្រពន្ទខ្ញុំទៅខំយួរទឹកមកចាក់បំពេញពាង ទើបធ្វើឱយកូនជិត២ខែនេះរលូត។
សោដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស
ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។
យើងរួមគ្នាការពារសន្តិភាព ទប់ស្កាត់នយោបាយបែបទម្រង់ ប៉ុល ពត
ក្នុងសម័យថ្មីវិលមកវិញជាដាច់ខាត៕