ប្រមុខរារដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន
មានប្រសាសន៍ថា កីឡាករដែលចូលរួមប្រកួតទោះឈ្នះឬចាញ់ក៏ដោយ
មិនមែនជាទីបញ្ជប់នៃអាជីពរបស់ខ្លួនជាអ្នកកីឡានោះទេ។ សម្តេចតេជោ ហ៊ុន សែន
មានប្រសាសន៍ដូចនេះ នៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី១
នៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីល្ងាច ថ្ងៃសៅរ៍ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងដោយការលើកទឹកចិត្តចំពោះកីឡាករ-កីឡាការិនីរាប់រយនាក់
និងគ្រូបង្វឹកកីឡាមកពីតាមបណ្តាខេត្តទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន សង្ឈឹមថា
អ្នកឈ្នះនឹងបន្តការហ្វឹកហាត់ដើម្បីបង្កើនសមត្តភាពឈានទៅរកជ័យជំនះបន្ថែមទៀត
ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ ក៏ដូចជាថ្នាក់អន្តរជាតិ។
សំសម្រាប់អ្នកមិនទាន់ឈ្នះសង្ឈឹមថានឹងបន្តការខិតខំបន្ថែមទៀត
ដើម្បីឈានទៅរកជ័យជំនះនៅពេលក្រោយៗទៀត
ដែលកម្ពុជានឹងរៀបចំអោយមានការប្រកួតកីឡាជាតិលើកទី២នៅឆ្នាំ២០១៨ និងលើកទី៣នៅឆ្នាំ២០២០
និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រភេទកីឡាដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៏កីឡាជាតិលើកទី១មាន១៥ប្រភេទ
រួមមាន កីឡាអត្តពលកម្ម ហែលទឹក ប៉េតង់ បាល់ទាត់ បាល់ទះ បាល់បោះ តេក្វាន់ដូ ចំបាប់
ប្រដាល់ក្បាច់គុនបុរាណខ្មែរ វាយកូនឃ្លីលើតុ វាយសី វាយកូនបាល់ សូរិនហ្សិកាំប៉ូ
កាយសម្ព័ន្ធ និងកីឡាល្បុក្កតោ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន
បានធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋ ពិសេសយុវជន
និងកុមារអោយខិតខំយកចិត្តទុកដាក់លើការហាត់កីឡាអោយបានចំនួនមួយយ៉ាងតិច
ដែលអាចចាត់ទុកថាជាកីឡាសម្រាប់ប្រកួតផង និងសម្រាប់សុខភាពផង
និងជៀសអោយផុតពីការប្រើប្រាស់គ្រឿងញៀនដោយចាប់យកកីឡាធ្វើសកម្មភាព ដើម្បីសាមគ្គីភាព
សហប្រត្តិបត្តិការ និងការយោគយល់គ្នាតាមរយ:វិស័យកីឡា។
សម្តេចតេជោ
បានចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋធ្វើអោយកីឡាកាន់តែមានភាពខ្លាំងឡើងៗ
ដើម្បីឈានឆ្ពោះទៅរកការប្រកួតប្រជែងមួយក្នុងឋានៈរដ្ឋអធិបតេយ្យ
និងជាប្រជាជាតិមួយស្មើរភាពគ្នាជាមួយប្រទេសនានានៅក្នុងតំបន់ និងក្នុងពិភពលោក។
សូមបញ្ជាក់ថា
លទ្ឋផលនៃការប្រកួតកីឡាជាតិលើកទី១នេះ
ខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេសចំពោះការប្រកួតកីឡាបាល់ទាត់
និងកីឡាមួយចំនួនទៀត ដែលអាចយកឈ្នះរាជធានីភ្នំពេញ និងខេត្តដ៏ទៃ
ហើយខេត្តព្រះវិហារទទួលបានចំណាថា្នក់លេខ២ខាងកីឡាបាល់ទះ។
តាមរយ:លទ្ឋផលនេះ សម្តេចតេជោ ហ៊ុន សែន
មានប្រសាសន៍ថា ខេត្តធំនឹងមានប្រជាជន ច្រើនមិនសុទ្ឋតែខ្លាំងនោះទេ។
ផ្ទុយទៅវិញខេត្តដែលតូច និងមានប្រជាជនតិចក៏អាចខ្លាំងបានដែរប្រសិនបើមានការយកចិត្តទុកដាក់
និងមានការចូលរួមពេញលេញពីថ្នាក់ដឹកនាំខេត្ត។
ម្យ៉ាងវិញទៀតតាមរយ:តារាងបង្ហាញនៃការប្រកួតកីឡាជាតិលើទី១បានបង្ហាញ
និងដាស់ស្មារតីដល់ក្រួងស្ថាប័នជាច្រើនទៀតចូលរួមប្រកួត ក្រៅពីក្រសួងការពាជាតិ
និងក្រសួងមហាផ្ទៃ ដើម្បីរៀបចំក្រុមកីឡាក្នុងការចូលរួមប្រកួតនៅពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន
ក៏បានថ្លែងកោតសរសើចំពោះគណកម្មការ អាជ្ញាកណ្តាលសំរាប់ការប្រកួតតាមវិញ្ញាសានីមួយៗ
ដែលធ្វើអោយព្រឹត្តិការណ៍កីឡាជាតិជាប្រវត្តិសាស្ត្រនេះលេចជារូបរាង្គឡើង។
ហើយការទទួលបាននូវការជោគជ័យនេះក៏ដោយសារមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករជាកម្លាំងចិត្តសំរាប់កីឡាករផងដែរ។
ក្រៅពីនោះ
កងកម្លាំងសមត្តកិច្ចគឺជាអ្នកចូលរួមថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សារធារណ:សំរាប់ការប្រកួត
ដែលបង្ហាញថា លទ្ឋផលនៃសន្តិភាពដែលកាន់តែបញ្ជាក់អោយឃើញនៃការ
ទទួលបានពីនយោបាយឈ្នះៗរបស់រាជរដ្ឋភិបាល។ សម្តេចបានលើកឡើងថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសន្តិភាព
ស្ថេរភាពខាងនយោបាយ ដើម្បីឆ្ពោះទៅរកទិវាបុណ្យជាតិថ្ងៃទី៩ ខែវិច្ឆិកា
និងពិធីបុណ្យអុំទូកនាពេលខាងមុខ៕