សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក Norio Yamaguchi ប្រធានអង្គការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន-ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមិនរកប្រាក់ចំណេញ និងមានអាយុកាលប្រមាណ ៣៣ឆ្នាំមកហើយ ។ អង្គការនេះ មានសមាជិកសុទ្ធសឹងជាក្រុមពាណិជ្ជករ មកពីបណ្ដាក្រុមហ៊ុនប្រមាណជាង ១០០០ក្រុមហ៊ុន… ហើយទិសដៅនៃអង្គការនេះ គឺដើម្បីជំរុញការយល់ដឹងផង និងជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសទាំង ឡាយនៅលើពិភពលោកផងដែរ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ ២០១៦ ។
លោក Norio Yamaguchi បានជម្រាបជូនសម្តេចថា ដំណើរទស្សនកិច្ចនៅពេលនេះ គឺដើម្បីស្វែងយល់អំពីកម្ពុជា ជាពិសេសអំពីនយោបាយទូទៅរបស់កម្ពុជាផង និងការគ្រប់គ្រងរបស់សម្តេចតេជោ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រួមទាំងទស្សនវិស័យ និងទំនាក់ទំនងទ្វេភាគីដែលជាការរំពឹងទុករបស់កម្ពុជា ចំពោះប្រទេសជប៉ុន ។
សម្តេចតេជោសែន បានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ ជើងយន្តហោះនៃក្រុមហ៊ុនជប៉ុន ANA នឹងមានការហោះហើរលើកដំបូងមកកាន់កម្ពុជា ដែលនោះគឺជាការជំរុញកត្តាវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែកើនឡើង ។ សម្តេចបានថ្លែងអំណរគុណចំពោះតួនាទីជប៉ុន ដែលបានជួយកម្ពុជាក្នុងដំណាក់កាលស្វែងរកសន្តិភាព ក៏ដូចជាដំណាក់កាលកសាងប្រទេស ឈានដល់មានការអភិវឌ្ឍរហូតដល់ពេលនេះ ។
សម្តេចបានជម្រាបជូនប្រតិភូទាំងមូល អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលពីដើមឡើយ គឺមានទឹក ផ្លូវ ភ្លើង និងមនុស្ស ប៉ុន្តែឥឡូវនេះ បានកែប្រែមុំ គឺមនុស្ស ទឹក ផ្លូវ ភ្លើងវិញ ។ អំពីកំណែទម្រង់ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងតែធ្វើ គឺមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងតុលាការ កងកម្លាំងប្រដាប់អាវុធ ហើយក៏បានជម្រាបជូនអំពីនយោបាយថ្មីពីរ របស់រាជរដ្ឋាភិបាល នោះគឺជានយោបាយផលិតកម្មស្រូវ និងនាំចេញអង្ករ និងនយោបាយមួយទៀត គឺនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងមានទិសដៅទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់ធនធាន ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ។ សម្តេចក៏បានស្នើការជួយជំរុញឲ្យអ្នកវិនិយោគជប៉ុន ដើម្បីវិនិយោគលើវិស័យទាំងនេះ ដែលមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានោះប៉ុណ្ណោះទេ គឺសម្រាប់ទីផ្សារពិភពលោកទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ ៕