Wednesday, December 20, 2023

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower) រាជធានីភ្នំពេញ


 CMF:

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក-សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា
និង រាជរដ្ឋាភិបាល​ទាំងមូលជាទីមេត្រី!
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជា
អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសហការីទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីសម្ពោធជាផ្លូវការ អគារធនាគារវីងថៅវើ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សមាជិកក្រុមប្រឹក្សាភិបាលធនាគារ, លោក-លោកស្រី ថ្នាក់ដឹកនាំ និង បុគ្គលិក ធនាគារធនាគារវីង ចំពោះសមិទ្ធផលថ្មីដែលបាននៅថ្ងៃនេះ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

អម្បាញ់មិញយើងក៏បានស្តាប់នូវរបាយការណ៍សង្ខេបរបស់អ្នកឧកញ៉ា គិត ម៉េង អំពីការវិវត្តន៍របស់ធនាគារ(ដែល)នៅក្នុងរយៈពេលដ៏ខ្លីបានដើរតួនាទីសំខាន់ជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការចូលរួម​ពង្រឹងវិស័យធនាគារ។ (១) វិស័យធនាគារមានសារៈសំខាន់ណាស់ … (ប្រៀបបានដូច)ជាឈាម។ ពាក្យសាមញ្ញថា អត់លុយធ្វើអីក៏អត់កើតដែរ ប៉ុន្តែបើមានថវិកា/លុយហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ ឬយន្តការក្នុងការផ្គត់ផ្គង់និងការជួយចល័តចរន្តនេះ គឺវាលំបាកដែរ។ អញ្ចឹងធនាគារដើរតួនាទីសំខាន់ណាស់នៅក្នុងការប្រមូលផ្តុំធន និងការបង្វិលធនទៅគាំទ្រដល់ដំណើរសេដ្ឋកិច្ច។ អញ្ចឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធធនាគារគឺធានាសុខភាពរបស់សេដ្ឋកិច្ច … (ដោយអាចប្រៀបធៀបថា)ធនាគារគឺដូចបេះដូង (ដែល)ប្រមូលឈាមនិងបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គ។ បើបេះដូងដើរមិនល្អ សុខភាពយើងក៏មិនល្អ …។

[ចប់សេចក្តីអធិប្បាយ ២]

ការសម្រេចនៅក្នុងការវិនិយោគសាងសង់អគារដ៏ខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពី​សារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និង ក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរបស់ប្រទេសកម្ពុជា, និយាយជារួម និង ភាពរឹងមាំ និង ភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា, និយាយដោយឡែក។

យោងតាមរបាយការណ៍អម្បាញ់មិញនេះ គឺខ្ញុំសូមអបអរសាទរជាថ្មីចំពោះភាពជោគជ័យរបស់ធនាគារ ដែលបានដើរតួជំរុញនៅក្នុងប្រតិបត្តិការ ជួយយ៉ាងច្រើនទៅដល់អាជីវករពាណិជ្ជករ និយោជិក និងប្រជាជនទូទាំងប្រទេសឱ្យមានភាពងាយស្រួលទាក់ទិនសុវត្ថិភាព ទុកចិត្ត និងចំណាយសោហ៊ុយតិចនៅក្នុងការផ្ទេប្រាក់ បើប្រៀបធៀបទៅនឹងការផ្ទេប្រាក់តាមវិធីក្រៅផ្លូវការផ្សេងទៀត។ ប្រតិបត្តិការនេះ បានជួយសម្រាលបន្ទុក និង កាត់បន្ថយពេលបានច្រើន ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើការទូទាត់ថ្លៃទឹក-ភ្លើង, បង់ការប្រាក់កម្ចី និង សេវាកម្មផ្សេងទៀត។ ជាមោទនភាពសម្រាប់កម្ពុជា, ប្រតិបត្តិការលើសេវាទូទាត់ និង ផ្ទេរប្រាក់ តាមរយៈ ប្រព័ន្ធទូរស័ព្ទនេះ ត្រូវបានប្រទេសមួយចំនួនយកមកអនុវត្ត, ជាពិសេសនៅបណ្តាប្រទេស(ភាគខាងក្រោម​តំបន់អាហ្វ្រិកសាហារ៉ា) Sub-Sahara Africa។ ផ្អែកលើភាពជោគជ័យនេះ, ធនាគារវីងត្រូវបានធ្វើបរិវត្តកម្មដោយជោគជ័យ ពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជ នៅចុងឆ្នាំ ២០២០។

ជាងនេះទៀត, ធនាគារវីងបានដើរតួនាទីយ៉ាងសំខាន់សហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាល​ថ្នាក់​ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយនិងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល រួមមាន៖

ទី១. អនុវត្តគោលនយោបាយគាំពារសង្គម ដូចជា ១- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមាន ផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ និង ២- នៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមពិសេស រួមមាន ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ដែលបានព្យួរការងារ, ប្រជាជនក្រីក្រមានប័ណ្ណ  ក្រីក្រកម្រិត១ និង កម្រិត ២, ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩។ ជារួម, ធនាគារបានជួយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ ៨០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង ៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥ ០០០ កន្លែង, ចាប់ពីខែមិថុនា ឆ្នាំ ២០២០ រហូតដល់ ខែតុលា ឆ្នាំ ២០២៣។

ទី២. ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និង ជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាកម្មបើកបៀវត្សរ៍មន្ត្រីរាជការលើស្ថាប័ន​ជាច្រើន, សេវាកម្មទូទាត់វិក្កយបត្រពន្ធលើអចលនទ្រព្យ, សេវាកម្មទូទាត់ស្លាកលេខរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ការទូទាត់ពន្ធគយ និង ការទូទាត់ សេវាកម្មសាធារណៈផ្សេងទៀត។

ទី៣. នាពេលថ្មីៗនេះ, ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជា-កសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានទៅមុខមួយកម្រិតទៀត។ ទន្ទឹមគ្នានេះ, ធនាគារវីងបានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត។

ទី៤.  ធនាគារបានចូលរួមការគាំទ្រអនុវត្តគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដោយបានពង្រីកវិសាលភាពក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែសម្បូរបែប ដោយបានដាក់ចេញនូវសេវាកម្ម “វីងឌីជីថលឡូន” កាលពីចុងឆ្នាំ ២០២២ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្នើកម្ចីបានយ៉ាងលឿនរហ័ស តាមរយៈកម្មវិធី Wing Bank App ដោយចំណាយពេលត្រឹមតែ ៣ នាទី ទទួលបានកម្ចីយកទៅប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុទាន់ពេលវេលា។ ទន្ទឹមនេះ ធនាគារវីងបានដាក់ឱ្យប្រើប្រាស់សេវាកម្មឌីជីថលដ៏មានភាពច្នៃប្រឌិតមួយទៀត ដែលមានឈ្មោះថា Wingcoin ដែលផ្តល់រង្វាន់ជាកាក់ឌីជីថល នៅរាល់ពេលអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការទូទាត់ជាមួយហាងជាដៃគូធនាគារវីង ហើយអតិថិជនអាចប្រើប្រាស់កាក់នោះ ដើម្បីទិញទំនិញ នៅលើថ្នាលឌីជីថលដូចជា Wingmall ជាដើម។

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ឌីជីថល, រាជរដ្ឋាភិបាលនីតិកាលទី ៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅសំរេចចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤,  ការរីកចម្រើនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និង ជាចលករសំខាន់ គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-នៃសេដ្ឋកិច្ច និង សង្គម, រួមទាំងវិស័យហិរញ្ញវត្ថុ និង ធនាគារ។

បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេក-វិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង លើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។

ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨» នេះ គឺជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

ក្របខ័ណ្ឌគោលនយោបាយទាំងនេះ នឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារនៅកម្ពុជា រួមទាំងធនាគារវីង ក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ការចាប់យក និង ការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព។

ដើម្បីបន្តធានារក្សាបាននូវស្ថិរភាព និង ភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និង ធនាគារ ព្រមទាំងលើកកម្ពស់តួនាទីរបស់ធនាគារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច, ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖

ទី១. ធនាគារទំាងអស់សូមពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រី, កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និង ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទី២. ខ្ញុំសូមលើកទឹកចិត្តដល់ធនាគារវីង និង ធនាគារក្នុងស្រុកដទៃទៀត សូមពិនិត្យ  លទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើន ដល់សហគ្រាសមីក្រូ ធុនតូច និង មធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និង រួមចំណែកដល់ការរក្សាស្ថិរភាពនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ធនាគារ, ទាំងការពង្រីកឥណទាននិងបង្កើនសម្ពាធឥណទាន (Loan Porfolio) ដល់វិស័យកសិកម្ម, ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ, លើកកម្ពស់ ចីរភាព និង រួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកដល់កម្មវិធី គោល- អាទិភាពរបស់រាជរដ្ឋាភិបាល, ជាពិសេស យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

ទី៤. ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល ១២  ខែ, ដែលខ្ញុំបានប្រកាសអនុញ្ញាតនៅក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩» កាលពីថ្ងៃទី ១៣  ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

ទី៥. ជាមួយគ្នានេះ, ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ត្រូវរៀបចំជាកម្មវិធី   ផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និង លក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យបងប្អូនយើង ដែលជាប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទាន ក្នុងចំនួនទឹកប្រាក់សមស្របតាមប្រភេទអាជីវកម្ម។

ទី៦. ធនាគារជាតិនៃកម្ពុជាគួររិះរកវិធីសមស្រប ដើម្បីបន្ធូរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនដែលចាំបាច់ ក្នុងការផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តដើរ តួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកគាំទ្រក្រុមហ៊ុន-សហគ្រាសឯកជន។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

… ដើម្បីឱ្យសេដ្ឋកិច្ចមួយដើរ ត្រូវតែចរន្តនៃធនធានមូលធនដើរ ក្នុងនោះ(វិស័យ)ហិរញ្ញវត្ថុដើរតួនាទីសំខាន់ណាស់ខាងប្រព័ន្ធធនាគារ។ ធនាគារជាតិរបស់យើងមិនត្រឹមតែដើរតួនាទីជួយសំរួលនិងគាំទ្រដល់ប្រតិ​បត្តិ​ការដោយប្រព័ន្ធធនាគារយើងប៉ុណ្ណោះទេ ថ្មីៗនេះ (២) ធនាគារជាតិបានដើរតួនាទីយ៉ាងសកម្មចរចាជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងជួយដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូទាត់ត្រង់ ក៏ដូចជាការដាក់ចេញជា QR code ផ្សេងៗ ទៅគ្រប់ប្រទេស។ (ក្នុងដំណើរទស្សនកិច្ច)ទៅកាន់ប្រទេសជប៉ុននេះ យើងបានធ្វើ(កិច្ចការទាំងនេះ) ព្រោះជានិន្នាការពិភពលោកបច្ចុប្បន្ន។ ការកាន់លុយដើរដូចជាមិនមានទៀតទេ។ វាទាក់ទងទៅនឹងសុវត្ថិភាព វាទាក់ទងទៅនឹងច្បាប់នៃប្រទេសនីមួយៗ។ កាលពីទស្សវត្សរ៍ទី ៨០ ឬ៩០ ទៅណាមកណា ជួនកាលយួរថវិកាទៅនឹងដៃ(ដែលអាច)មានបញ្ហា។ ឥឡូវនេះ (មានសាច់ប្រាក់)១ម៉ឺន(ដុល្លារ) ក៏តម្រូវអោយធ្វើការប្រកាស(declare) ហើយ។ (សូម្បីតែ)ទេសចរ មិនបាច់ថានៅក្រៅប្រទេសទេ ទោះបី​ជា​នៅក្នុងប្រទេស (ក៏ដោយ ក៏គេប្រើ QR code) … ថ្ងៃមុនខ្ញុំបានឃើញតាម TikTok រឿងគេធ្វើ QR code … (សូម្បី)​ទិញផលិតផលមួយចំនួនក៏អញ្ចឹង។ ការទូទាត់(តាមវិធី)នេះជារបត់បច្ចុប្បន្ននិងទៅអនាគត។

ដូចបានលើកឡើងក្នុងសន្ទរកថាអម្បាញ់មិញ (៣) បើសិនជាគ្រាកូវីដ-១៩ យើងគ្មានប្រព័ន្ធអេឡិចត្រូនិកទេ យើងពិតជាមានការលំបាក។ តើអ្នកណាអាចនឹងកាន់លុយយកទៅតំបន់បិទខ្ទប់។ អ្នកណាចុះទៅបើក? រដ្ឋាភិបាលដាក់ចេញសាច់ប្រាក់ឧបត្ថម្ភទៅប្រជាពលរដ្ឋ ប៉ុន្តែសួរថាតើមន្ត្រីណាដែលចូលទៅក្នុងតំបន់នោះ។ ចេញមកវិញទៅណា​?  (ដោយ)ចូលទៅក្នុងតំបន់នោះ ចេញមកវិញត្រូវធ្វើចត្តាឡីស័ក ៤ ទៅ ១០ថ្ងៃ។ អញ្ចឹងទម្រាំតែចូលទៅគ្រប់ ២០ម៉ឺនខ្នងផ្ទះ ឬមួយ ៨០ម៉ឺនខ្នងផ្ទះ វាពិតជាពិបាក។ មួយវិញទៀត យើងទៅយ៉ាង​ម៉េចកើត? យើងត្រូវប្រើពេលប៉ុន្មាន? ធនធានប៉ុន្មានដើម្បីយកថវិកាជូនគាត់? … ទោះបីជាប្រទេសយើងមានការតភ្ជាប់ផ្លូវថ្នល់ច្រើនហើយក្តី  (យើងសង្កេតឃើញថា)ផ្លូវឌីជីថល(បាន)ដើរលឿនជាង។ ពីនេះទៅកំ​ពង់ចាម ២ម៉ោង។ បើអ្នកបើកលឿនអាច ១ម៉ោង។ តែឌីជីថល ចុចតែមួយភ្លែតទៅដល់។ អញ្ចឹង ប្រព័ន្ធទូ​ទាត់នេះសំខាន់ណាស់។

យ៉ាងណាក្តី (៤) (ការនេះ)ទាមទារការវិនិយោគរបស់ធនាគារ ដើម្បីធានាថាលឿន មានប្រសិទ្ធភាព តែ(ត្រូវមាន)សុវត្ថិភាពផងដែរ។ ព្រោះថា បើយើងប្រើប្រាស់ឌីជីថល(នៅក្នុងផ្នែកទូទាត់សាច់ប្រាក់)ហើយ បើមិនមានសុវត្ថិភាពទេ យើងនឹងមានគ្រោះថ្នាក់។ មានបទពិសោធន៍ច្រើនណាស់ (អំពីគ្រោះថ្នាក់នៃផ្នែកនេះនៃ)ធនា​គារនៅលើពិភពលោក។ នៅហ្វីលីពីន ពួក Hacker បាន hack ប្រព័ន្ធធនាគារនៅក្រៅ ធ្វើឱ្យប្រព័ន្ធច្របូកប្រចល់។ អញ្ចឹងការយកចិត្តទុកដាក់វិនិយោគទៅលើប្រព័ន្ធការពារ(គឺជាកិច្ចការចាំបាច់ដើម្បីធានាសុវត្ថភាព) ធ្វើម៉េចកុំឱ្យ(កើតមានហេតុការណ៍)ថា បើកកុងហើយ(ថ្ងៃនេះ) ស្រាប់តែស្អែកឡើង(ហូរប្រាក់ចេញ)ទៅណាអស់ … បច្ចុប្បន្ននេះ ខ្ញុំឃើញថា នៅលើទូទាំងពិភពលោក បានវិនិយោគខ្លាំងលើការគាំពារ(សុវត្ថភាព)នេះ។ ការវិនិយោគលើប្រព័ន្ធ(សុវត្ថភាព)របស់ធនាគារនេះ ក៏នឹងជួយទៅដល់ e-government របស់យើង។ បន្តិចទៀតត្រូវរៀបចំ e-government (ដែលពាក់ព័ន្ធគ្នា)ទៅនឹងប្រព័ន្ធ Data។

រដ្ឋាភិបាលមានទិន្ន័យច្រើនដែលត្រូវដាក់ទៅលើហ្នឹង។ អញ្ចឹងគេភ្ជាប់ទាំងឈ្មោះក្នុងទិន្ន័យដ្ឋាន។ ឧទាហរណ៍ថា ដើម្បីទូទាត់បៀវត្សរ៍ឱ្យជាប្រចាំ ត្រូវមានទិន្ន័យជាឈ្មោះមន្ត្រី។ បើសិនយើងការពារទិន្ន័យហ្នឹងមិនបានហើយត្រូវគេយកទៅបំភ្លៃ ឬជួនកាលដាក់ឈ្មោះមន្ត្រី ៥ម៉ឺននាក់ ស្រាប់តែគេចូលមកដូរលេខកុងទាំងអស់ទៅចូលអ្នកណាផ្សេង ហ្នឹងជាក៏ជាហានីភ័យដែរ។ អញ្ចឹង សុំលើកទឹកចិត្តអោយយកចិត្តទុកដាក់លើប្រព័ន្ធការ​ពារ។ ខ្ញុំសូមអរគុណចំពោះធនាគារទាំងអស់ ជាពិសេសធនាគារនៅក្នុងស្រុកដែលបាន(ធ្វើអោយមានការ)រីកចម្រើន។ ចេញទៅក្រៅប្រទេស ខ្ញុំបានជួបជាមួយអ្នកវិនិយោគខាងប្រព័ន្ធធនាគារតាមបណ្តាប្រ​ទេសមួយចំនួន។ ក្នុងនោះក៏មានប្រតិបត្តិករមួយចំនួនក្នុងនេះហើយ។ (៥) វិស័យធនាគារដើរតួនាទីស្នូលក្នុងការទទួលថវិកាសន្សំ និងបង្វិលថវិកាហ្នឹងទៅជាការទុនវិនិយោគផ្សេងៗ។ ប៉ុន្តែ ធនាគារក៏មែនមានត្រឹមតែការទទួល(សន្សំ)ប៉ុណ្ណោះទេ។ វាមានផលិតផលផ្សេងៗ ទៀតដែលអាចជួយបាន។ អញ្ចឹង បន្តិចម្តងៗ សង្ឃឹមថាប្រព័ន្ធធនាគាររបស់យើង ជាពិសេសវិស័យឯកជននឹង(បង្កើត)បាននូវផលិតផលផ្សេងៗ ដើម្បីឱ្យសម្បូរបែប(ដើម្បីបាន)ដល់ប្រជាជនរបស់យើង(ប្រើប្រាស់)

បើជាទ្រឹស្តី(ដែល)ខ្ញុំបានអាន គេថា “មិនត្រឹមតែមនុស្សធ្វើការហត់ទេ គឺត្រូវធ្វើឱ្យថវិកាគឺលុយរបស់យើងហត់ថែមទៀត”។ បានន័យថា ឥឡូវយើងដាក់(ប្រាក់ជាបញ្ញើក្នុងធនាគារយក)ជាការប្រាក់។ ហ្នឹងគេថាលុយធ្វើការ ២៤ម៉ោង។ ជួនកាល(គេយកទៅដាក់អោយប្រតិបត្តិការបន្តដែល)មាន(ដូចជា)ទៅលើភាគហ៊ុន ទៅលើអីផ្សេងៗ បានន័យថា យកថវិកាដដែលនោះទៅបង្កើត(ជាសាច់ប្រាក់)បន្ថែម។ (៦) ប្រជាពលរដ្ឋយើងដែលខំធ្វើការ ហើយយកមកមួយផ្នែកបន្ទាប់ពីការចំណាយ(ចាំបាច់)មកដាក់សន្សំ(ក្នុងធនាគារ)។ តែធនាគារមានផលិតផលជាច្រើន ដែលលុយសន្សំនេះមិនត្រឹមតែបានតែការប្រាក់ធម្មតាប៉ុណ្ណោះទេ។ បើមានផលិតផលផ្សេងទៀត គាត់អាច(យកថវិកានោះ)ទៅទាញយកផលបានច្រើន។ នៅកម្ពុជា យើងនៅមានកម្រិត។ ប៉ុន្តែការនេះត្រូវដើរដោយផ្អែកទៅលើការគិតគូរច្បាស់លាស់ ព្រោះបើកម្រិតនៃការត្រឡប់មកវិញច្រើន ហានិភ័យក៏ខ្ពស់។ ប៉ុន្តែ យើងមិនអាចនៅនឹងថ្កល់តែប៉ុណ្ណឹងទេ។ យើងត្រូវតែវិវត្តន៏ទៅមុខ។

ខ្ញុំសង្ឃឹមថាវិស័យធនាគាររបស់យើង ក្នុងនេះនិយាយពីនវានុវត្តន៍ គឺនឹងចូលរួមច្នៃប្រឌិតដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់យើងកាន់តែមានជម្រើសក្នុងការរៀបចំជាហិរញ្ញប្បទាន និងបង្កើនសុវត្ថិភាព ជាពិសេសនៅក្នុងដំណាក់កាលលំបាកនេះ។ កាលពីថ្ងៃទី ១៣ ខែ ១១ រដ្ឋាភិបាលបានដាក់ចេញជាគោលការណ៍បន្ធូរបន្ថយមួយចំនួន ដោយប្រុងប្រយ័ត្ន។ យើងបន្ថយកម្រិតនៃ reserve requirement ពី ៩ ទៅ ៧% ដើម្បីទុកលទ្ធភាពឱ្យធនាគារ។ យើងអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ដើម្បីឱ្យធនាគារផ្តល់លទ្ធភាពឱ្យទៅក្រុមហ៊ុន ឬមួយអាជីវកម្មដែលកំពុងមានបញ្ហាឱ្យមានលទ្ធភាពរៀបចំឥណទានឡើងវិញ សម្រាលបន្ទុក …(បើមិនដូចនោះទេ)កន្លែងខ្លះត្រូវតែបង់ទាំងដើមទាំងការ។ អញ្ចឹង ពេលខ្លះស្ថានភាពលំបាក។ អញ្ចឹងសុំឱ្យធនាគារយើងបន្តពិនិត្យនិងផ្តល់លទ្ធភាព ប៉ុន្តែសុំឱ្យមានប្រុងប្រយ័ត្ន។ (៧) នៅក្នុងវិស័យធនាគារ ទោះជាត្រូវពង្រីកលទ្ធភាពនិងសម្រួល ប៉ុន្តែយើងក៏មានកាតព្វកិច្ចរក្សាលំនឹងនៃប្រព័ន្ធនេះដែរ។ ការបញ្ជូនទៅឱ្យអតិថិជនត្រូវមានការវាយតម្លៃច្បាស់លាស់ ជាពិសេស​នៅក្នុងកាលទេសៈដ៏លំបាកនេះ។ អ្នកណាត្រូវទទួលមុន អាទិភាពមុនហើយលំនឹងយ៉ាងម៉េច? ព្រោះបើសិនជាយើងរុញមិនស្រួល ទុនដែលយើងរុញទៅអត់លំនឹង អត់សុវត្ថិភាព។ វាពាក់ព័ន្ធដល់លំនឹងនៃសេដ្ឋកិច្ចទាំងមូល។

ប៉ុន្តែទោះជាយ៉ាងណាក៏សុំលើកទឹកចិត្តដើម្បីជំរុញបន្ត ព្រោះថាបើសិនជាអត់មានចរន្តថវិកាទេ សេដ្ឋកិច្ចរបស់យើងអត់ដើរទេ។ ដូចខ្ញុំនិយាយពីខាងដើមហើយ បើឈាមស្តុកនៅតែក្នុងបេះដូងហ្នឹង អត់មកដៃជើង យូរៗ វានឹងមានបញ្ហាហើយ។ តែរុញទៅ រុញទៅអោយបានសមស្រប។ រុញទៅកន្លែងសំខាន់។ រុញឱ្យ​ស្រួល។ បើរុញខ្លាំងពេក មិនតាមចង្វាក់បេះដូងរបស់យើង វាអាចដាច់សរសៃឈាម។ តែបើអត់រុញ វានឹងស្ទះ។ អញ្ចឹងសុំធ្វើយ៉ាងម៉េចជួយជំរុញការងារនេះ។ លទ្ធភាពរបស់រដ្ឋាភិបាលមានកំណត់ ប៉ុន្តែទោះជាយ៉ាងណាក៏យើងនឹងខិតខំជួយ តាមរយៈការសម្រួលនៅតាមគោលនយោបាយមួយចំនួន។

ការសម្ពោធធនាគារវីងថ្ងៃនេះ ក៏ជានិមត្តិរូបនៃការរីកចម្រើននូវភាពជឿជាក់ ក៏ដូចជាការរីកចម្រើនរបស់វិស័យឯកជន ជាពិសេសអ្នកវិនិយោគក្នុងស្រុករបស់យើង … និយាយអញ្ចឹងមិនមែនបានន័យថាយកចិត្តទុកដាក់តែវិនិយោគក្នុងស្រុកទេគឺយើងយកចិត្តទុកដាក់ទាំងអស់ … ធ្វើយ៉ាងណាសហការគ្នាហើយជំរុ​ញ​ជាមួយគ្នា។ ខ្ញុំមានការសប្បាយរីករាយ (ដែលមើលឃើញថា)ការពង្រីក(សមត្ថភាពនិងលទ្ធភាព)ធនាគារក្នុងស្រុកក្នុងប៉ុន្មានឆ្នាំមកនេះ  (បាននិងកំពុងតែវិវត្តដោយ)យើងម្ចាស់ការ ហើយបង្វិលទុនក្នុង(ស្រុក)នេះតែម្តង។ (៨) ក្នុងការចេញទៅក្រៅ គ្រប់ប្រទេសទាំងអស់និយាយរួម លើកនេះមានសមាគមន៍ឧក​ញ៉ាចូលរួមដែរ ជាពិសេសសភាពាណិជ្ជកម្ម ជាមួយបងប្អូនវិនិយោគិនទាំងអស់នៅក្នុងប្រទេសដែលខំចេញទៅជួបជាមួយវិស័យឯកជនបរទេស/ក្រៅប្រទេសដើម្បីទាញការវិនិយោគ ក៏ដូចជាដើម្បីបើកទីផ្សារចេញទៅក្រៅ … ដើម្បីពា​ណិជ្ជកម្មដើរ វិនិយោគដើរ ត្រូវការការសម្របសម្រួលពីវិស័យធនាគារ

ខ្ញុំសង្ឃឹមថា (៩) ពេលដែលចរន្តវិនិយោគចូលមក ក៏ដូចជាចរន្តពាណិជ្ជកម្មយើងកើន ធនាគារយើងក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការនេះ។ អញ្ចឹងទាមទារឱ្យធនាគាររបស់យើងរៀបចំខ្លួនជាស្រេច ព្រោះស្តង់ដារនៃការទូទាត់ក្នុងប្រទេសអាចថានៅក្នុងកម្រិតមួយ។ ប៉ុន្តែ ការធានាទៅដល់ពាណិជ្ជកម្មក្រៅប្រទេសគឺត្រូវការកម្រិតមួយទៀត។ ទោះជាយ៉ាងណាក្តី ខ្ញុំសង្ឃឹមថាជាឱកាសបន្ថែមទៀតសំរាប់ពង្រីកនិងពង្រឹងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុក្នុងប្រទេសរបស់យើង។ ខ្ញុំមានតែប៉ុណ្ណឹងទេ ហើយមុននឹងបញ្ចប់ជាថ្មីនេះខ្ញុំសូមអបអរសាទរដល់ធនាគារវីង នៅក្នុងការសម្ពោធ វីងថៅវើ ដែលសម្រេចបានជោគ​ជ័យថ្មីបន្ថែមទៀតសម្រាប់រួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

[ចប់សេចក្តីអធិប្បាយ​ ២]

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារ វីង ថៅវើ ចាប់ពីពេលនេះតទៅ។ សូមអរគុណ៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, Presiding over the official inauguration of the “Wing Tower” Bank
[Unofficial translation]
*************

CMF:

[1]

At the moment, we also listened to a brief report by Oknha Kith Meng on the evolution of the bank which in a short period of time played an important role in supporting the development of the country by participating in strengthening the banking sector. (1) The banking sector is very important […] comparable to blood. In simple word, we say where there is “no money,” there is nothing we can do. However, if there is a budget/money and there is no clear management or mechanism to supply and assist the current, there will be difficulty as well. Thus, the bank plays a very important role in mobilizing and diverting resources to support the economy. The efficiency of the banking system is to ensure the health of the economy […] and by comparison, the bank is like the heart which collects blood and releases blood to feed the organs. If the heart does not work well, our health is not good […]

[2]

In order for an economy to function, it requires a functioning flow of capital resources, in which the finance sector plays a very important role in the banking system. (2) Our National Bank not only plays a role in facilitating and supporting the operations of our banking system, but recently has been actively playing a role in negotiating with all countries to set up the communication facilitation for trade, tourism, etc. through the generation of QR code. Traveling to Japan this time we had been working on that as it is now the current trend of the world. There is no carrying money around anymore. It has to do with safety and laws of each country. In the ’80s and’ 90s, sometimes we had to carry money around […]

As mentioned in the speech, (3) if we do not have an electronic system, during the Covid-19 pandemic, we could have a hard time. Who would take the money to the lockdown areas? Who is going to do all those handouts? The government made cash provision to the people, but you may ask which officials dare to enter those lockdown areas? And even if they did, when they came back, they had to be a quarantine from 4 to 10 days. It’s really hard to get into all 200,000 houses or 800,000 houses. On the other hand, how much time did we need? And how much resources we need to be able to deliver the cash assistance to them? […] Although our country already has a lot of road connections, we observe that the digital roads are moving faster […] the digital payment system is very important […]

However, (4) this requires the bank’s investment to ensure fast, efficient, but also must be safe because if we use digital in the cash payment section and if it is not secure, we will be in danger. There is so much experience about the dangers (of this sort of banking) in the world. In the Philippines, hackers hacked outside banking systems, disrupting the whole system. So, paying attention and investing in the protection system is a necessary task to ensure security to prevent incidents like someone opens the account today and all the moneys are gone the next day. I now see that all over the world have invested heavily in this security protection. Investing in the bank’s security system will also help e-government which is soon enough we will set up e-government relating to the data system […]

The government has a lot of data to put on the system. They link those names with the database. For example, in order to pay a regular salary, there must be data linked to the names of officials. If we cannot protect the data and/or it is distorted or sometimes altered, for instance all 50,000 officials have suddenly their account numbers changed to someone else, it is a risky situation. In this regard, I encourage everyone to pay attention to the security system. I thank all the banks, especially the local banks that are making progress in this front. Going abroad, I have met banking investors in a number of countries that are professional in this fields. (5) The banking sector plays a central role in receiving savings and turning that money into other investment capitals. But banks are not just about getting savings. There are other products that can be helpful. Little by little, hopefully our banking system, especially the private sector, will create and diversify products and make them available and responding to our people’s needs […]

In theory, as I have read, it is said that “not only do people work hard, but they have to make their money work hard too.” That means as of this moment, we are making deposit in the bank for interest. It is said that those money works 24 hours a day. Sometimes (they are put in a place for continued transaction) such as stocks and on other things. It means that the deposited money keeps on making more. (6) Our people who work hard are taking part in savings after necessary spending. But banks have many products for that savings, not just ordinary interest. If there is another product, s/he can take that budget to reap more. In Cambodia, we are still limited. But this has to be based on clear thinking, because the higher the level of return, the higher the risk. So, we cannot stand still. We must move forward […]

I hope that our banking sector, in terms of innovation, will be involved in being creative to give our clients more choices in financing and increased security, especially at this difficult time. On November 13, the government sets out some cautious easing principles. We have reduced the reserve requirement from 9% to 7% to give the the bank more flexibility. We allow credit refinancing so that the bank can give the troubled company or business the ability to refinance, alleviate the burden […] (otherwise) some places have to pay both principal and down payment. Sometimes the situation is difficult. Let ask our bank to continue to check and provide more opportunities, but in a cautious way. (7) In the banking sector, although we need to expand and facilitate, we have an obligation to maintain the stability of this system. Referrals to clients need to be clearly evaluated, especially in these difficult circumstances. Who has the priority and how to balance? Because if we are not careful, the capital we offer will be unbalanced and insecure, and it affects the balance of the economy as a whole […]

However, I would like to encourage concerned parties to continue to further (this financial efforts) because if there is no budget flow, our economy will not work. If the blood supply is still in the heart and does not come to the limbs for a long time, it will be a problem. Once we are delivering, we must do it in an orderly way […] or it will lead to a stroke. But if you do not push, it will clog. Let us do it in a way to help promote this work. The government’s capabilities are limited but we will try to help through some policy facilitation […]

The inauguration of the Wing Bank Tower today is symbolic of the growth of trust as well as the growth of the private sector, especially our local investors […] in saying this, it does not mean that we pay attention to only local investment. We all care […] we are finding the way to cooperate. I am happy in seeing (that the capacity and feasibility) expansion of local banks over the years has been evolving to progress and they are doing the job themselves and re-invest locally. (8) In going out to all countries, generally speaking, this time there is the association of Oknha, especially the Chamber of Commerce with all investors in the country, who are trying to meet the private sectors as well as to open markets in the foreign countries so that trade and investment will function smoothly with the facilitation of the banking sector […]

I hope that, (9) once the inflow of investment as well as the flow of our trade increases, our bank will play an important role in facilitating this work. Therefore, our bank needs to be prepared, because the standard of payment in the country can be at one level. But securing foreign trade takes another level. However, I hope for more opportunities to expand and strengthen the banking and financial sector in our country. That is all I have, and before concluding again, I would like to congratulate Wing Bank on the inauguration of its Wing Tower, which has achieved even greater successes in contributing to the government’s effort to accelerate national economic growth and socio-economic development and sustainability […]./.

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យតំណាងជាន់ខ្ពស់នៃក្រុមហ៊ុន DMG MORI ជួបសម្តែងការគួរសម



(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា (Masahiro Yanagihara) សមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកខាងសវនកម្ម និងការឃ្លាំមើល នៃក្រុមហ៊ុន DMG MORI ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។


ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោកក្នុងការផលិត និងផ្គត់ផ្គង់ម៉ាស៊ីន Computerised Nmercial Control-CNC, ម៉ាស៊ីនកាត់ពត់-បត់ទម្រង់, អ៊ុលត្រាសូនិក, ម៉ាស៊ីនព្រីន 3D និងសេវាក្នុងការបណ្តុះបណ្តាល ជួសជុល និងថែទាំគ្រឿងបន្លាស់ ។ ក្រុមហ៊ុនមានរោងចក្រផលិតចំនួន ១២ទីតាំង និងស្នាក់ការលក់ចំនួន ១១៣កន្លែង គ្របដណ្តប់លើទីផ្សារចំនួន ៨៨ប្រទេស ។ នៅកម្ពុជា ក្រុមហ៊ុន DMG MORI បានសហការជាមួយមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digitalized Manufacturing Center – CJDM) ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឧស្សាហកម្មជាន់ខ្ពស់ ដើម្បីឆ្លើយតបដិវត្តឧស្សាហកម្ម ៤.០ នៅកម្ពុជា និងតំបន់ ។


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់ការអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន(CJDM) និងធនធានមនុស្សកម្ពុជា ឱ្យឈានឡើងថែមទៀតសម្រាប់ឆ្លើយតបនឹងបដិវត្តកម្មឧស្សាហកម្ម ៤.០ នៅកម្ពុជា ដែលការណ៍នេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងជំនួបនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានគូសញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកត្តាមនុស្សជាអាទិភាពចម្បង នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ-ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយចំណេះដឹង និងសមត្ថភាព ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល គាំទ្រ និងបង្កលក្ខណៈដល់ការបន្តដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន(CJDM) ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាដ៏សំខាន់មួយ ៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីចីថល



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក៏ដូចជាដើម្បីតាមឱ្យទាន់បដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករដ៏សំខាន់ ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ដែលរួមមានទាំងវិស័យហិរញ្ញវត្ថុនិងធនាគារទៀតផង។


ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង  ដោយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមានូវបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងនៅក្នុងវិស័យធនាគារ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កត្តាសុខសន្តិភាព និងវិបុលភាពក្នុងសង្គមជាតិ បានធ្វើឱ្យវិស័យធនាគារនៅកម្ពុជា មានការរីកចម្រើន



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងការសម្រេចវិនិយោគ និងសាងសង់អាគារខ្ពស់ទំនើប និងទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ជាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងនាំនូវវិបុលភាពសម្រាប់សង្គមជាតិកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០  ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ "អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)" រាជធានីភ្នំពេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការវិនិយោគនេះ បានបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារមកលើបរិយាកាសធុរៈកិច្ចរបស់កម្ពុជា និយាយជារួមគឺភាពមាំធននៅក្នុងវិស័យធនាគារ និងនិយាយដោយឡែកគឺភាពនឹងនរផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា៕












សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីងបានផ្តល់កម្ចីឥណទាន ៥ លានដុល្លារអាមេរិកដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប

 


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះធនាគារវីងបានសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមេរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់អ្នកប្រកបរបរកសិកម្ម ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់ការជួយជំរុញការអភវិឌ្ឍវិស័យកសិកម្មអោយលឿនទៅមុខមួយកម្រិតទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនាគារវីងក៏បានបង្កើតភាពជាដៃគូជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជនអោយទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេតាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលដ៏ទំនើប ដូចជាការចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើន។


ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារវីងបានចូលរួមការគាំទ្រដល់ការអនុវត្តគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin Tech) នៅកម្ពុជាដែលបានពង្រីកវិសាលភាពនៅក្នុងការផ្តល់សេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីងបានគាំទ្រ និងជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិច (E-government) របស់កម្ពុជា



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ធនាគារវីងបានដើរតួនាទីយ៉ាងសំខាន់ តាមរយៈការសហការជាមួយក្រុមហ៊ុន ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលរួមមានដូចជា៖

ទី១-ការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំក្នុងគ្រួសារក្រីក្រ

ទី២-នៅពេលមានវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមពិសេស រួមទាំងការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត នៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលបានព្យួរការងារ, ប្រជាជនដែលមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២, ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារកូវីដ-១៩ ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនាគារវីងបានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនប្រជាជនប្រមាណ ៨០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួន ៣,៣លាននាក់ តាមរយៈបណ្តាញភ្នាក់ងារវីងជាង ១,៥ម៉ឺនកន្លែង ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២៣។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» ក្នុងរាជធានីភ្នំពេញ។


ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍរបស់ធនាគារវីងបានគាំទ្រ និងជំរុញដល់ដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិច (E-government) របស់កម្ពុជា តាមរយៈការផ្តល់សេវាបើកប្រាក់បៀរវត្សរ៍មន្រ្តីរាជការនៅតាមស្ថាប័នជាច្រើន សេវាទូទាត់វិក្ក័យប័ត្រ សេវាបង់ពន្ធលើអចលនទ្រព្យ សេវាទូទាត់ស្លាកលេខយានយន្តរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ការទូទាត់ពន្ធគយ និងការទូទាត់លើសេវាកម្មសាធារណៈផ្សេងទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារប្រៀបដូចបេះដូង ប្រមូលឈាម ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ




សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យធនាគារ មានសារៈសំខាន់ណាស់ ដូចពាក្យសាមញ្ញថា «ធ្វើកិច្ចការងារអ្វី បើអត់ថវិកា គឺមិនបានទេ ប៉ុន្តែបើមានថវិកាហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ និងមានយន្តការក្នុងការទ្រទ្រង់ជួយចរន្តសាច់ប្រាក់ទេ ក៏មានការលំបាកដែរ»។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០  ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» ក្នុងរាជធានីភ្នំពេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនគារបានតួនាទីសំខាន់ណាស់ក្នុងការបង្វិលសាច់ប្រាក់ ដូចជាការប្រមូលផ្តុំធនធានហិរញ្ញវត្ថុ និងបង្វិលបញ្ចេញទៅវិញ ធ្វើយ៉ាងណា ដើម្បីធានានូវដំណើរការសេដ្ឋកិច្ចជាតិ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រសិទ្ធិភាពនៃការធានាប្រព័ន្ធដំណើរការរបស់ធនាគារនៅកម្ពុជា គឺជាការធានាសុខភាពមួយ ហើយធនាគារប្រៀបដូចជាបេះដូង ដែលប្រមូលឈាមមក ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ។ ដូចនេះបើបេះដូងដើរមិនល្អទេ សុខភាពក៏មិនល្អដែរ៕

















សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីង បានដើរតួនាទីយ៉ាងសំខាន់រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល



នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារវីងថៅវើ (Wing Bank Tower) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារវីង បានដើរតួនាទីយ៉ាងសំខាន់ដោយសហការជាមួយក្រុមហ៊ុន ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាលរួមមាន៖ ទី១- ការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងទី២- នៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមរួមទាំងការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលបានព្យួរការងារ ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២ ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ធនាគារវីង បានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់ប្រជាជនប្រមាណ៨០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនប្រមាណ ៣,៣លាននាក់ តាមបណ្តាញភ្នាក់ងារវីងជាង១,៥ម៉ឺនកន្លែងចាប់ពីខែមិនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣នេះ។ 


លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការអភិវឌ្ឍរបស់ធនាគារវីង បានគាំទ្រនិងជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក E-government របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាបើកប្រាក់បៀវត្សមន្រ្តីរាជការស្ថាប័នជាច្រើន សេវាទូទាត់វិក្ក័យបត្រពន្ធលើអចលនទ្រព្យ សេវាកម្មទូទាត់ស្លាកលេខរបស់ក្រសួងសាធារណការនិងដឹកនាំជញ្ជូន ការទូទាត់ពន្ធគយ និងការទូទាត់សេវាកម្មសាធារណៈផ្សេងៗទៀត៕

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ "អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)" រាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០​២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ។

អគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុង​ការច្នៃ​ប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់​រហូត​ដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញ​ពី​ភាព​រីកចម្រើននៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។

អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្ម​សំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។ អគារធនាគារវីងថៅវើ ដែល​ប្រកបដោយភាពលេចធ្លោ ត្រូវបានរចនាឡើងដោយមានការគិតគូរ​ពីនិរន្តភាពនៅលើផ្ទៃអគារ​ទាំង​មូល​។ ជាមួយការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាច​ឱ្យ​ពន្លឺ​ធម្ម​ជាតិអាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរផងដែរ។

ហេតុផលនេះ គឺបានជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន​ផ្ទះ​កញ្ចក់ ​ដោយផ្តល់ផលល្អសម្រាប់បរិស្ថាន ដែលកត្តានេះស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនិរន្តរភាពបរិស្ថាន និងក្នុងនាមជាសាជីវកម្ម ដែលមានទំនួលខុសត្រូវចំពោះសង្គម។

អគារធនាគារវីងថៅវើ ដែលមានកម្ពស់២៥ជាន់ ជាទីស្នាក់ការកណ្តាលរបស់ធនាគារវីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន ៣ជាន់ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់សេវាកម្មធនាគារ​ជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារ​ប្រកបដោយប្រណីត​ភាព និងឯកជនភាពបំផុត។ បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌល​នវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារវីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួន​ក្នុងការដឹកនាំបង្កើត​ដំណោះស្រាយឌីជីថលសម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។

ការគិតឆ្ពោះទៅមុខ ដើម្បីក្លាយជាធនាគារដែលមានការរួមបញ្ចូលគ្នា រវាងសេវាធនាគារបែបប្រពៃណី និង​សមត្ថ​ភាពឌីជីថល របស់ធនាគារវីង បានបង្ហាញយ៉ាងច្បាស់នៅលើជញ្ជាំងអគារធនាគារវីងថៅវើ។ តាម​រយៈ​កម្មវិធី Wing Bank App ដ៏ទំនើបរបស់ខ្លួនដែលដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជន​អាច​រីក​រាយជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបនៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។

ការប្តេជ្ញាចិត្តរបស់ធនាគារវីង ចំពោះបរិយាបន្ន និងការផ្តល់សិទ្ធិអំណាចផ្នែកហិរញ្ញវត្ថុ ត្រូវបានឆ្លុះបញ្ចាំង​តាម​រយៈកំណើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដ៏គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នធនាគារវីង មានការិយាល័យ​ប្រតិបត្តិការចំនួន២០ទីតាំង។ សមិទ្ធផលដ៏គួររឲ្យកត់សម្គាល់នេះ អាចសម្រេចទៅបានដោយ​សារកម្លាំង​សាមគ្គី និងការចូលរួមរបស់ក្រុមការងារ និងបុគ្គលិកទាំងអស់ ដែលបច្ចុប្បន្នមានចំនួនជិត ៣,០០០នាក់ ជាមួយ​នឹងការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅដល់ស្រ្តី​នៅក្នុងវិស័យ​ធនាគារ។

បន្ថែមលើនេះ កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើន​ដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ព្រូ​ដិន​សល ក្រុ​ម​ហ៊ុន UnionPay ក្រុមហ៊ុនវីសា និងក្រុមហ៊ុនម៉ាស្ទ័រកាតជាដើម បានធ្វើឲ្យធនាគារវីង អាច​បង្កើតបានជាប្រព័ន្ធធនាគារដ៏រឹងមាំមួយ។

ភាពជាដៃគូទាំងនេះបានបង្កើតជាទិដ្ឋភាពហិរញ្ញវត្ថុមួយ ដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយ​បាន​ជួយឲ្យអាជីវកម្មចំនួន១៧,០០០ ស្ថាប័នរដ្ឋាភិបាលចំនួន ១០ស្ថាប័ន សហគ្រាសធុនតូច និងមធ្យម​ចំនួន៣.០០០សហគ្រាស និងក្រុមហ៊ុនឯកជនចំនួន៦០០ ទទួលបានអត្ថប្រយោជន៍​ពីប្រព័ន្ធធនាគារ​ដ៏រឹង​មាំ​មួយនេះ៕

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយអាស៊ាន-ជប៉ុន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រម្លឹកខួបអនុស្សាវរីយអាស៊ាន-ជប៉ុន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។