Saturday, July 03, 2021

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មកាទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។ ឯកឧត្តមបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរដែលបានចូលរួមចំណែកសហការជាមួយឯកឧត្តមក្នុងសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា អោយទទួលបាននូវភាពជោគជ័យមកដល់ពេលនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយអ្វីដែលឯកឧត្តមបានលើកឡើង និងបានថ្លែងអំណរគុណជូនឯកឧត្តមដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនកាន់តែរឹងមាំ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមថា ក្នុងកាលៈទេសៈនេះអ្វីដែលគប្បីត្រូវធ្វើគឺ៖
ទី១)​ ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្ម
ទី២)​ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ទី៣)​ពិនិត្យមើលវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន
មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យឯកឧត្តមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារជាបន្តបន្ទាប់ទៀត៕





វិភាគអន្តរជាតិ៖ តើពិភពលោកត្រូវរស់នៅជាមួយកូវីដ-១៩ ជារៀងរហូត ឬ?

 តើពេលណាទើប COVID-19 រលាយបាត់? តើពេលណាទើបយើងអាចត្រឡប់ទៅរកជីវភាពរស់នៅដូចធម្មតាវិញ? ហើយថាតើពេលណាយើងអាច ធ្វើដំណើរទៅគ្រប់ទីកន្លែង, អាចអង្គុយហូបចុក, ជួបជុំមិត្តភក្តិដោយមិនចាំបាច់ពាក់ម៉ាស, រក្សាគម្លាតសុវត្ថិភាព ឬមិនចាំបាច់ភិតភ័យ? ទាំងនេះគឺជាសំណួរដែលមនុស្សម្នា កំពុងនាំគ្នាចោទសួរ ចំពេលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងការគំរាមកំហែងសាជាថ្មីដោយសារវីរុស COVID-19 បម្លែងថ្មី Delta (វីរុសបម្លែងថ្មីមានប្រភពដើមនៅឥណ្ឌា)។

កាលពីមួយរយៈពេលមុន ប្រទេសមួយចំនួនដែលទទួលជោគជ័យក្នុងការទប់ស្កាត់ COVID-19 ដូចជា អូស្ត្រាលី, នូវែលសេឡង់ និងអ៉ីស្រាអែលជាដើមបានលុបចោល វិធានការរឹតត្បិតនានា ដោយអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនត្រឡប់ទៅរស់នៅជីវភាពបែបធម្មវិញ ដោយមិនចាំបាច់ម៉ាស់។ ប៉ុន្តែ ប្រទេសទាំងនេះស្រាប់តែដាក់ចេញ ឡើងវិញនូវវិធានការរឹតត្បិត រីឯខ្លះទៀតអនុវត្តវិធានការបិទខ្ទប់ ឬ Lockdown មួយផ្នែក ដោយសារតែបារម្ភពីការកើនឡើងករណីឆ្លង COVID-19 ថ្មីៗ បង្កឡើយដោយ វីរុសបម្លែងថ្មី Delta។ ទាំងអស់នេះជាសញ្ញាខ្លះៗ បង្ហាញយ៉ាងច្បាស់ថា COVID-19 មិនបានទៅណាឆ្ងាយពីពួកយើងនោះទេ។

*តើពេលណា ទើប COVID-19 រលាយបាត់?

នេះជាសំណួរដែលមិនទាន់មានអ្នកណាអាចផ្ដល់ចម្លើយជាក់លាក់នៅឡើយទេ។ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងភាគច្រើន រួមទាំងអង្គការ WHO ផ្ទាល់ធ្លាប់បានព្រមានថា COVID-19 នឹងមិនរលាយបាត់ទៅណានោះទេ ហើយប្រជាជននៅជុំវិញពិភពលោកត្រូវតែរៀនសម្របខ្លួន និងត្រៀមខ្លួនរស់នៅជាមួយវាទៀតផង។ ក្រុមអ្នកជំនាញគិតថា វីរុស SARS-CoV-2 បង្កជំងឺ COVID-19 អាចនឹងក្លាយជា «វីរុសត្រំាត្រែង ឬ endemic» នៅក្នុងសហគមន៍ រស់នៅជាមួយពួកយើងជារៀងរាល់ថ្ងៃ ដូចជាជំងឺផ្ដាសាយ ឬវីរុស HIV ជាដើម។ ដូច្នេះបើ COVID-19 នឹងមិនរលាយបាត់ទៅណា តើយើងអាចត្រឡប់ទៅរកការរស់នៅដូចធម្មតាវិញដែរឬទេ?

*តើពេលណា យើងអាចត្រឡប់ទៅរកជីវិតធម្មតាវិញ?

ស្របពេលអ្នកជំនាញព្រមានថា COVID-19 នឹងមិនទៅណាឆ្ងាយពីពួកយើង តែវាក៏មិនប្រាកដថាយើងត្រូវបន្តរស់នៅក្រោមវិធានការរឹតត្បិតជារៀងរហូតនោះដែរ។ នាយកប្រតិបត្តិក្រុមហ៊ុនឱសថអាមេរិក Pfizer លោក Albert Bourla បានព្យាករថាបណ្ដាប្រទេសអ្នកមានអាចនឹងត្រឡប់ទៅរកជីវិតធម្មតានៅចុងឆ្នាំ២០២១នេះ រីឯបណ្ដា ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍអាចនឹងត្រូវរង់ចាំងរហូតដល់ឆ្នាំ២០២២ ហើយនៅដំណាច់ឆ្នាំ២០២២ ទើបមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ឱ្យមេដឹកនាំប្រទេសនានាយកទៅ ចាក់ជូនប្រជាជនរបស់ខ្លួន។

«ខ្ញុំគិតថាពិភពលោកទាំងមូលនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ឱ្យមនុស្សគ្រប់គ្នានៅចុងឆ្នាំ២០២២ ហើយខ្ញុំគិតថានៅត្រឹមដំណាច់ឆ្នាំ២០២១នេះ បណ្ដាប្រទេស អ្នកមាននឹងត្រឡប់ទៅរកជីវិតធម្មតាវិញ»។ នេះជាការគូសបញ្ជាក់របស់លោក Albert Bourla នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ។ ការលើកឡើងបែបនេះរបស់លោក Albert Bourla មិនមែនជារឿងខុសទំនងឡើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលសិង្ហបុរីបានបង្កភាព ភ្ញាក់ផ្អើលតាមរយៈការបញ្ចេញផែនការមួយដែលណែនាំឱ្យប្រជាជនរបស់ខ្លួន ត្រៀមរស់នៅជាមួយ COVID-19, បើកប្រទេសឡើងវិញដោយលែងមានការធ្វើចត្តាឡីស័ក, លែងមានការបិទខ្ទប់, អនុញ្ញាតឱ្យមានការជួបជុំទ្រង់ទ្រាយធំ ព្រមទាំងបញ្ឈប់ការរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ ជាដើម។

ប៉ុន្តែការធ្វើតេស្ដអាចនឹងត្រូវតម្រូវឱ្យធ្វើដដែល ហើយរដ្ឋាភិបាលសិង្ហបុរី នៅតែបន្តជំរុញឱ្យប្រជាជនខ្លួនត្រូវមានទំនួលខុសត្រូវសង្គម ដូចជារក្សាអនាម័យ និងស្ថិតនៅឱ្យ ឆ្ងាយពីការជួបជុំទាំងឡាយ នៅពេលមានអារម្មណ៍មិនស្រួល សំដៅកាត់បន្ថយហានិភ័យឆ្លង។ យ៉ាងណាក៏ដោយ បណ្ដាប្រទេសជាច្រើននៅតែបន្តប្រុងប្រយ័ត្ននៅឡើយ ចំពោះមុខការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta ហើយម្យ៉ាងវិញទៀត ការចង់ត្រឡប់ទៅរកជីវិតធម្មតាវិញ លុះត្រាតែប្រទេសនោះ មានអាត្រាចាក់វ៉ាក់សាំងខ្ពស់ជាមុនសិន ទើបអាចទៅរួច។

*តើមានវិធីកាត់ផ្ដាច់ការឆ្លងរាលដាល COVID-19 ដែរទេ?

បើតាមក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង ការបង្កើតប្រព័ន្ធភាពសុំាជាសហគមន៍ ឬ herd immunity តាមរយៈការចាក់វ៉ាក់សាំង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការកាត់ផ្ដាច់ការឆ្លង រាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ មានន័យថា បើសិនជាប្រទេសមួយមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ឬប្រជាជនភាគច្រើន ឬក៏សឹងតែទាំងអស់បានចាក់វ៉ាក់សាំង គ្រប់ៗគ្នា នោះវានឹងបង្កើតជាប្រព័ន្ធភាពសុំាសហគមន៍ ដែលអាចជួយការពារទាំងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ឬមានប្រព័ន្ធសុំាទន់ខ្សោយពី COVID-19 ហើយថា មិនត្រូវ ការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាអាចបញ្ចប់ការឆ្លងរាលដាលជំងឺមួយនេះក៏ថាបាន ដោយអាស្រ័យរង់ចាំមើលថាតើពិភពលោកអាចបង្កើតប្រព័ន្ធភាពសុំាសហគមន៍ បានដែរឬទេ?

ប្រសិទ្ធភាព និងភាពចាំបាច់នៃការបង្កើតប្រព័ន្ធភាពសុំាជាសហគមន៍ដោយការចាក់វ៉ាក់សាំង ត្រូវបានបង្ហាញតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិក។ អាមេរិកដែលជាប្រទេសមានអាត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេនៅលើពិភពលោក បច្ចុប្បន្នបានស្គាល់ការធ្លាក់ចុះការឆ្លង និងស្លាប់រហូតដល់ ៩០ភាគរយ ក៏ដោយសារតែចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនដែរ។ មួយវិញទៀត ថ្វីបើវ៉ាក់សាំងមិនអាចការពារយើងបាន១០០ភាគរយក៏ពិតមែន តែយ៉ាងហោចណាស់ វ៉ាក់សាំងអាចជួយការពារយើងមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬត្រូវចូលសម្រាកនៅមន្ទីរពេទ្យ។

*តើអាចមានការចាក់វ៉ាក់សាំងដូសទី៣ ឬទេ?

មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីភាពចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី៣ បន្ថែមនោះទេ។ តែនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Bourla ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថាប្រឈមមុខនឹងវីរុសបម្លែងថ្មី ការចាក់វ៉ាក់សាំងបន្ថែមដូសទី៣ អាចនឹងត្រូវការជាចាំបាច់បន្ទាប់ពី ការចាក់វ៉ាក់សាំងទាំង២ដូសរួច ក្នុងរយៈពេល១២ខែ។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញមួយចំនួនយល់ថាគេប្រហែលជាមិនអាចគេចពីការចាក់វ៉ាក់សាំងដូសទី៣
បានឡើយ ហើយប្រហែលជាត្រូវការចាក់វ៉ាក់សាំង COVID-19 ជារៀងរាល់ឆ្នាំក៏ថាបាន។

ការចាក់វ៉ាក់សាំងដូសទី៣ កំពុងស្ថិតនៅក្រោមការធ្វើតេស្ដនៅឡើយ ខណៈប្រទេសជាច្រើនកំពុងស្ថិតក្នុងការពិចារណា ហើយមានខ្លះដូចជាចក្រភពអង់គ្លេសបានបញ្ចេញ ផែនការត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនរបស់ខ្លួន។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានផែនការ ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនដែលមានវ័យចំណាស់ និងងាយរងគ្រោះចាប់ខែកញ្ញាខាងមុខនេះតទៅ បើទោះជាមិនទាន់មានការសម្រេចចិត្តចុងក្រោយក៏ដោយ។ ប៉ុន្តែការចាក់វ៉ាក់សាំងបន្ថែមនេះអាចនឹងធ្វើឡើងឈរលើគោលការណ៍បង្ការទុកជាមុន។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក នៅក្នុងសប្ដាហ៍នេះបានព្រមានថារលកឆ្លង COVID-19 ថ្មី បង្កឡើងដោយវីរុសបម្លែងថ្មី Delta អាចផ្ទុះឡើងនៅទ្វីបអឺរ៉ុប ក្នុងពេលឆាប់ៗនេះ ហើយការព្រមាននេះក៏ជាសារមួយក្រើនរំលឹកដល់ប្រទេសដទៃឱ្យបង្កើនការប្រុងប្រយ័ត្នដែរ ចំពោះមុខវីរុសបម្លែងថ្មី Delta ដែលបានឆ្លងរាលដាល
ទៅកាន់ប្រទេសច្រើនជាង៨០ ហើយ នៅជុំវិញពិភពលោក៕

ប្រភព៖ CNN, CNBC, Gulf News (ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១)











អ្នកវិភាគ៖ ការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ផ្តាច់អាហារូបករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ ជានយោបាយការទូតបែបកូនក្មេង

(ភ្នំពេញ)៖ ក្តីស្រម៉ៃរបស់និស្សិតខ្មែរក្នុងវិស័យយោធា៦នាក់ ដែលបំផ្លាញយ៉ាងអមនុស្សធម៌បំផុត ដោយសហរដ្ឋអាមេរិក តាមរយៈការសម្រេចជាឯកតោភាគីផ្តាច់អាហារូបករណ៍ ចំពោះនិស្សិតទាំងនេះដោយសារតែហេតុផលនយោបាយ ឥឡូវនេះត្រូវបានផ្តល់ក្តីសង្ឃឹមឡើងវិញ និងការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបន្តបង់ថ្លៃសិក្សារបស់ពួកគេរហូតដល់ទីបញ្ចប់។



នេះបានបង្ហាញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមុខអនាគតនៃនិស្សិតកម្ពុជាទាំងនេះ និងជាការបង្ហាញពីទឹកចិត្តនៃប្រជាជាតិខ្មែរ និងតម្លៃដ៏ខ្ពង់ខ្ពស់របស់ជនជាតិខ្មែរនាសម័យតេជោសែន។ កម្ពុជាជាប្រទេសតូចនិងក្រីក្រ តែមានចិត្តទូលាយមានភាពថ្លៃថ្នូរ មោទកភាពជាតិរបស់ខ្លួន និងមានភាពចាស់ទុំផ្នែកនយោបាយនិងការទូត ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអាចនរណាមកប្រមាថប្រជាជាតិខ្មែរបានឡើយ។ កម្ពុជា មិនបានយកប្រទេសណាមួយជាសត្រូវឡើយ និងបានដាក់ចេញនូវវិធានការកំណែទម្រង់ថ្មីៗទៀតក្រោមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅដោយឈរលើមូលដ្ឋានឯករាជ្យ»។
បើពិនិត្យលើហេតុផលនៃការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកផ្តាច់អាហារូបករណ៍ពីនិស្សិត ៦ នាក់នេះវាជារឿងនយោបាយសុទ្ធសាធ។ តាមរយៈអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ការផ្តាច់អាហារូបករណ៍នេះធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានកាត់បន្ថយកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន នៃការចូលរួមរវាងយោធានិង យោធាទ្វេភាគីតាមបែបប្រពៃណីប្រទេសកម្ពុជាបានបាត់បង់សិទ្ធិទទួលបានកម្មវិធីបណ្ឌិត្យ សភាផ្នែកយោធារបស់សហរដ្ឋអាមេរិក។
នេះគឺជាការ សម្រេចចិត្តមួយប្រកបដោយអមនុស្សធម៌បំផុត និងជាការយកអនាគតយុវជនដែលប្រកបដោយមនសិការទៅបំផ្លាញដោយ គ្មានស្តាយស្រណោះដើម្បីគ្រាន់តែបម្រើ របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន។ នេះក៏បានបង្ហាញយ៉ាងច្បាស់ថា កាលដែលអាមេរិកអះអាងថាមក ជួយកម្ពុជា ទំនងគ្មានបំណងដោយសុច្ចរិតឡើយពោលគឺជា «ជំនួយមានសំណង» និង«អន្ទាក់ជំនួយ» ដើម្បីបម្រើផលប្រយោជន៍នយោបាយខ្លួន។ បើសហរដ្ឋអាមេរិក ពិតជាចង់ជួយកម្ពុជាក្នុងចេតនាសុច្ចរិត ទំនងមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជានឹងមិនផ្តល់យោបល់ បែបកូនក្មេង និងបែបអមនុស្សធម៌របៀបនេះដល់ថ្នាក់ ដឹកនាំរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនឡើយ ដែលនេះជាសេចក្តីសម្រេចបំផ្លាញក្តីសុបិន្តរបស់យុវជន និងជាសេចក្តីសម្រេចចិត្តបែបអមនុស្សធម៌ ប្រឆាំងនឹងគោលបំណងដ៏ពិសិដ្ឋរបស់យុវជនក្នុងការអប់រំបង្កើនចំណេះដឹង។
តាមពិតការសម្រេចចិត្តដោយឯកតោភាគីកាត់ផ្តាច់អាហារូបករណ៍ដល់និស្សិតនេះបានបង្ហាញ ពីការគ្មានភាពចាស់ទុំរបស់មហាអំណាចមួយដែលបង្អាក់លើការសិក្សា របស់យុវជនដែលស្រេកឃ្លានការសិក្សា ហើយពិភពលោកទាំងមូលក៏បានដឹងពីចរិតពិតនៃការធ្វើការទូត របស់មហាអំណាចមួយនេះដែលមាត់ហារឡើងស្រឡាញ់ និងជួយ តែប្រសិនបើគ្មានផលប្រយោជន៍ចំណេញដល់ខ្លួននោះទេ កុំសង្ឃឹមថា សហរដ្ឋអាមេរិកជួយដោយស្មោះឱ្យសោះដែលស្របនឹងទ្រឹស្តីថា នៅក្នុងវិស័យការទូត គេមិននិយាយពីមិត្តឬសត្រូវឡើយ តែគេនិយាយពីផលប្រយោជន៍។
តែពលរដ្ឋកម្ពុជាបានដឹងយ៉ាងច្បាស់ពីបញ្ហានេះ ព្រោះប្រវត្តិសាស្ត្របានផ្តល់មេរៀនគ្រប់គ្រាន់ដល់ខ្លួន ជាពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិកដែលគាំទ្រ សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែង និងគាំទ្ររបបសាធារណរដ្ឋខ្មែរ និងឱ្យ លន់ នល់ ខ្ចីលុយដែលជាបំណុលកខ្វក់ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងខ្មែរ ហើយចុងក្រោយទាមទារឱ្យខ្មែរសងបំណុលកខ្វក់នេះថែមទៀត។ បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ នៅថ្ងៃចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរលើកឡើង ក្នុងលិខិតឆ្លើយតបទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា «ខ្ញុំពិតជាសោកស្តាយដែលបង្កើត កំហុសមួយយ៉ាងធំគឺជឿលើអាម៉េរិក»។
អាមេរិកដែលបានទម្លាក់គ្រាប់បែកប្រមាណ ៣លានតោនលើកម្ពុជាសម្លាប់មនុស្សបំផ្លាញទ្រព្យសម្បត្តិរាប់មិនអស់ ហើយចុងក្រោយរួមដៃជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដាក់ទណ្ឌកម្មនយោបាយនិងសេដ្ឋកិច្ចប្រឆាំងនឹងការរស់រានមានជីវិតរបស់ជនរងគ្រោះខ្មែរ និងគាំទ្រខ្មែរក្រហមដែលបង្កវិនាសកម្មដល់ជាតិ និងប្រជាជននិងត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្តគ្រប់គ្រងអាសនៈនៅអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។ និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
ការសម្រេចផ្អាកអាហារូករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រាសក្នុងទំនាក់ទំនងកន្លងមក ជាពិសេសការចោទប្រកាន់ដោយគ្មានមូលដ្ឋាន លើវត្តមានកងទ័ពចិន និងការចោទថាចិនប្រើប្រាស់កំពង់ផែយោធារាមនិងតំបន់អភិវឌ្ឍទេសចរណ៍តារាសាគរជាមូលដ្ឋានទ័ពរបស់ខ្លួន។
ការចោទប្រកាន់ដោយគ្មានភស្តុតាង និងរបៀបវារៈនយោបាយដែលអាមេរិកព្យាយាមចិញ្ចឹមទំនាស់ទុកក្នុងយុទ្ធសាស្ត្រ បម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ការចោទប្រកាន់របៀបនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើដោយជោគជ័យប្រឆាំង នឹងអ៉ីរ៉ាក់ ហើយបច្ចុប្បន្នអ៉ីរ៉ាក់ត្រូវស្ថិតក្នុងសង្គ្រាម និងការបំផ្លិចបំផ្លាញ។ កម្ពុជាមិនត្រូវការសង្គ្រាមទៀតឡើយតែកំពុងសប្បាយក្នុងសុខសន្តិភាព និងការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព និងក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជ្យ។
ប្រជាពលរដ្ឋខ្មែរនិងពិភពលោកទាំងមូលកំពុងមើល ឃើញថានយោបាយការទូតរបស់អាម៉េរិកដោយសារតែចង់គ្រប់គ្រងឥទ្ធិពល និងផលប្រយោជន៍របស់ខ្លួន នៅឥណ្ឌូប៉ាស៊ីហ្វិក ជ្រុលហួសហេតុពេកបានធ្វើឱ្យសហរដ្ឋ អាមេរិកដើរខុសគន្លងគោលការណ៍មនុស្សធម៌ និងសីលធម៌។ សហរដ្ឋអាមេរិកតាមរយៈមន្ត្រីស្ថានទូតរបស់ខ្លួននៅកម្ពុជា បានស្នើឱ្យកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យបានច្រើនលើវិស័យផ្សេងៗ តែចំណែកខ្លួនវិញបានកាត់ផ្តាច់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅវិញជាបន្តបន្ទាប់។ នេះគឺជារបៀបនៃការធ្វើការទូតបែបដើរបញ្ច្រាសទិស ឬហៅម្យ៉ាងថា ការទូតបែបកូនក្មេងដែលមហាអំណាចមួយដែលអះអាងជាគ្រូប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែចង់ឱ្យបណ្តាប្រទេសនានាយកគម្រូតាមខ្លួន។
តែសិទ្ធិមនុស្សបែបប្រកាន់ពូជសាសន៍ដែលប៉ូលិសស្បែកសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ ការរើសអើងប្រកាន់ពូជសាសន៍ស្អប់ជនជាតិអាស៊ីដែលអាម៉េរិកកំពុងតែជួបប្រទះ លទ្ធិប្រជាធិបតេយ្យបែបក្រុមអនាធិបតេយ្យចូលកាន់កាប់រដ្ឋសភាដោយឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មិនគួរសហរដ្ឋអាមេរិកមកផ្តល់មេរៀន ដល់ប្រទេសផ្សេងនោះទេ។ ធ្វើម៉េចកុំតែលេងខូចទៅបានហើយ បើជ្រុលតែនិយាយថាជួយកម្ពុជា ជួយនិស្សិតខ្មែរបង្កើនសមត្ថភាព សូមឱ្យជំនួយនោះស្មោះ កុំលួចភ្ជាប់លក្ខខណ្ឌ ហើយលក្ខខណ្ឌដែលពោរពេញដោយភាពពិសពុល។
សហរដ្ឋអាមេរិកគួររៀនសូត្រពីមិត្តភ័ក្តិបរទេសផ្សេងទៀត ហើយត្រូវចាំថាមិនមែនអាងតែខ្លួនជាមហាអំណាច និយាយអ្វីសុទ្ធតែត្រឹមត្រូវ ធ្វើអ្វីក៏បាននោះទេ ហើយជាពិសេសមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា គួរមានភាពចាស់ទុំក្នុងវិស័យការទូត កម្ពុជាក្នុងសម័យតេជោសន្តិភាព មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការយល់ ពីល្បិចកលទាំងនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម តែងតែលើកឡើងអំពីអធិបតេយ្យជាតិរបស់កម្ពុជា មិនត្រូវយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ ហើយកុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១




អាមេរិកកាន់តែបង្ហាញ«មារយាទពុតត្បុត»ចំពោះកម្ពុជា?

 ភ្នំពេញ៖និស្សិតកម្ពុជាចំនួន៦រូប សិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក ត្រូវបានអាមេរិកបញ្ចប់កម្មវិធីអាហារូបករណ៍របស់ពួកគេដោយឯកតោភាគី ក្រោមហេតុផលចោទប្រកាន់កម្ពុជាថា បាត់បង់សិទ្ធិស្របច្បាប់ក្នុងការទទួលអាហារូបករណ៍នេះ។ប៉ុន្តែការសម្រេចរបស់អាមេរិកនេះ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពអមនុស្សធម៌ និងអនុវត្តមិនស្មោះត្រង់លើកិច្ចព្រមព្រៀង ហើយវាកាន់តែបង្ហាញពី«មារយាទពុតត្បុត»របស់អាមេរិកដែលផ្តល់ជំនួយតែមានចំណង។


និស្សិតអាហារូបករណ៍យោធាកម្ពុជាចំនួន៦រូប ត្រូវបានជ្រើសរើសតាមរយៈកម្មវិធីអាហារូបរណ៍រៀបចំដោយក្រសួងការបរទេសអាមេរិក ហើយទម្រាំពួកគេទទួលបានអាហារូបករណ៍នេះ ពួកគេត្រូវឆ្លងកាត់ការប្រកួតប្រជែងជាមួយនិស្សិតនៅតំបន់អាស៊ាន។បច្ចុប្បន្ននេះ មានសិស្សខ្លះបានរៀនដល់ឆ្នាំទី៤ ហើយខ្លះទៀតនឹងត្រូវបញ្ចប់ការសិក្សានៅឆ្នាំក្រោយ។

ប៉ុន្តែអ្វីជារឿងអកុសលអាមេរិកបញ្ចប់កម្មវិធីអាហារូបករណ៍របស់ពួកគេដោយឯកតោភាគី និងមិនបានជូនដំណឹងជាមុន ដែលសកម្មភាពនេះជាទង្វើអមនុស្សធម៌ និងគ្មានភាពស្មោះត្រង់ក្នុងនាមជាមហាអំណាច។ម្ប៉ាងវិញទៀត វាកាន់តែបង្ហាញពី«មារយាទពុតត្បុត»របស់អាមេរិកដោយនៅខាងមុខតាំងខ្លួនជាមនុស្សធម៌ គោរពសិទ្ធិមនុស្ស និងគោរពលទ្ធិប្រជាធិបតេយ្យ តែដៃកាន់កាំបិតនៅខាងក្រោយខ្នងប្រឡាក់ទៅដោយឈាម ដើរគំរាម និងបង្គាប់បញ្ជាឱ្យរដ្ឋអធិបតេយ្យនានាស្តាប់តាមខ្លួន ដើម្បីសម្រេចមហិច្ឆតាផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។

ជាក់ស្តែង ដូចនៅទស្សវត្សរ៍ឆ្នាំ១៩៧០ អាមេរិកចូលដៃគ្នាជាមួយ លន់ នល់ ទម្លាក់សម្តេចព្រះសីហនុពីតំណែង ហើយនៅឆ្នាំ១៩៧២ និង១៩៧៣ អាមេរិកបើកយុទ្ធនាការទម្លាក់គ្រាប់បែកប្រមាណ៥០ម៉ឺនតោនដែលបណ្តាលឱ្យពលរដ្ឋខ្មែរអ្នកស្រែចម្ការប្រហែលពី៣ម៉ឺនទៅ២០ម៉ឺននាក់បានស្លាប់ និងបានធ្វើឱ្យពលរដ្ឋខ្មែររត់ចោលដីស្រែចម្ការភាសខ្លួនទៅចូលខ្មែរក្រហម និងខ្លះទៀតរត់ចូលទីក្រុងភ្នំពេញ។

ការទម្លាក់គ្រាប់បែករបស់អាមេរិកកាលណោះ គឺដើម្បីដកកងទ័ពរបស់ខ្លួនឱ្យអស់ចេញពីឥណ្ឌូចិន ក្រោយចម្បាំងចាញ់សង្គ្រាមនៅប្រទេសវៀតណាមបាត់បង់កងទ័ព ខាតថវិកាជាតិធ្វើឱ្យប្រជាពលរដ្ឋអាមេរិកមិនសប្បាយចិត្តធ្វើបាតុកម្មតវ៉ា។នេះជាប្រវត្តិសាស្ត្រឈឺចាប់ដែលអាមេរិកធ្វើដាក់កម្ពុជា ហើយវាកំពុងផ្តើមឡើងសារជាថ្មីដោយសារប្រជែងភូមិសាស្ត្រនយោបាយ។

តែយ៉ាងណាក៏ដោយ យើងសូមអបអរសាទនិស្សិតកម្ពុជាចំនួន៦រូបដែលអាមេរិកបញ្ចប់កម្មវិធីអាហារូបករណ៍ពាក់កណ្តាលទី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញថ្លៃសិក្សារហូតដល់បញ្ចប់ការសិក្សារបស់ខ្លួន។ឥរិយាបថនេះ បង្ហាញពីភាពទទួលខុសត្រូវក្នុងនាមជាមេដឹកនាំចំពោះមុខមាតុភូមិកម្ពុជា៕

អត្ថបទ៖ .cc-times