(វ៉ាស៊ីនតោន)៖ ក្នុងពេលអង្គុយទល់មុខគ្នាលើកចុងក្រោយ នាឱកាសចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង កាលពីខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីជោគជ័យនៃការមកដល់ «យុគសម័យថ្មី» នៅក្នុងទំនាក់ទំនងអន្តរជាតិ។
ខណៈក្រុមប្រទេសលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក នាំគ្នាធ្វើពហិការការទូតប្រឆាំងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង និងនៅចំពោះមុខវិបត្តិ នៅអ៊ុយក្រែន លោក ស៊ី ជិនពីង និងលោក ពូទីន បានបង្ហាញពីចក្ខុវិស័យរួមគ្នាចំពោះ «សណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ» ដែលដើរតាមគន្លងប្រយោជន៍នៃប្រទេសទាំង២ និងលែងស្ថិតក្រោមការគ្រប់គ្រងដោយលោកខាងលិចតទៅទៀត។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមានជាង ៥,០០០ពាក្យ មេដឹកនាំទាំង២ ក៏បានប្រកាសផងដែរពី «ទំនាក់ទំនងគ្មានព្រំដែន» ក៏ដូចជាកាន់តែបង្ហាញជំហររួមប្រឆាំងសហរដ្ឋអាមេរិក។ «ពិភពលោកកំពុងធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្ដូរមួយដ៏សំខាន់ នោះគឺការកែប្រែ និម្មាបនកម្មអភិបាលកិច្ចសកល និងសណ្ដាប់ធ្នាប់ពិភពលោក»។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់លោក ស៊ី ជិនពីង និងលោក ពូទីន។
ជាង ២០០ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា លោក ស៊ី ជិនពីង និងលោក ពូទីន ជួបមុខគ្នាដោយផ្ទាល់ នៅឯកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការ សៀងហៃ (SCO) រៀបចំឡើងក្នុងទីក្រុង សាម៉ាកាន់ (Samarkand) នៃភាគអាគ្នេយ៍ប្រទេសអ៊ូសបេគីស្ថាន។ ការជួបមុខគ្នានៅលើកនេះមានរឿងជាច្រើនបានផ្លាស់ប្ដូរ ដោយសូម្បីតែចិន ឬក៏រុស្ស៉ីសុទ្ធតែមិនអាចព្យាករទុកជាមុន។ បើគេចាំមិនភ្លេចទេ ៣សប្ដាហ៍នៅក្រោយជំនួបជាមួយលោក ស៊ី ជិនពីង ក្នុងទីក្រុងប៉េកាំង និងប៉ុន្មានថ្ងៃ ប៉ុណ្ណោះក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកបិទបញ្ចប់ លោក ពូទីនបានប្រកាសបញ្ជូនកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ជាមួយក្ដីរំពឹងថានឹងទទួលបានជ័យជម្នះ ក្នុងរយៈពេលដ៏ខ្លី។ តែសង្រ្គាមនេះបានអូសបន្លាយពេលជាង៧ខែ ហើយរុស្ស៉ីកាន់តែស្ថិតនៅឆ្ងាយពីជ័យជម្នះ ក្រោយអ៊ុយក្រែនទទួលជោគជ័យក្នុងការរំដោះទឹកដី បានជាង ៨,០០០គីឡូម៉ែត្រក្រឡា។
ក្នុងពេលដែលលោក ពូទីន កំពុងក្រពុលមុខនឹងបរាជ័យនៅតំបន់ខាកៀវ លោក ស៊ី ជិនពីងឯណេះវិញក៏មានការព្រួយបារម្ភដូចគ្នាដែរ។ បារម្ភគឺដោយសារតែខណៈចិន និងរុស្ស៉ីកាន់តែខិតជិតគ្នានៅក្រោមសម័យលោក ស៊ី ជិនពីង ច្បាស់ណាស់ថាផលប្រយោជន៍របស់ទីក្រុងប៉េកាំង មានជាប់ពាក់ព័ន្ធទៅនឹងលទ្ធផលសង្រ្គាមនៅអ៊ុយក្រែន។ ពោលគឺប្រសិនបើរុស្ស៉ីបរាជ័យ នោះលោកខាងលិចនឹងកាន់តែរឹងមាំ រីឯរុស្ស៉ីវិញអាចនឹងក្លាយជាមិត្តដ៏ទន់ខ្សោយមួយដែលមិនអាចជួយចិន ក្នុងការប្រជែងជាមួយអាមេរិក ឡើយ។ រុស្ស៉ីដែលទន់ខ្សោយនឹងធ្វើឱ្យសហរដ្ឋអាមេរិកលែងចាប់អារម្មណ៍ ដែលនេះនឹងផ្ដល់ឱកាស និងពេលវេលាកាន់តែច្រើនឱ្យទីក្រុងវ៉ាស៊ីនតោនផ្ដោតតែទៅលើចិន។
លោក ស៊ី ជិនពីង កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក នោះគឺមិនចង់ឱ្យរុស្ស៉ីបរាជ័យ តែក៏ខ្លាចជាប់ទណ្ឌកម្មពីសំណាក់លោកខាងលិចផងដែរ បើលោកហ៊ានជួយលោក ពូទីនត្រង់ៗ។ ផលវិបាកដែលកើតឡើងក្នុងពេលនេះមិនមែនជារឿងល្អនោះទេ ពីព្រោះនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ លោក ស៊ី ជិនពីងត្រូវបានគេរំពឹងថានឹងបន្តធ្វើ ជាប្រធានាធិបតីចិនក្នុងអាណត្តិទី៣ នាឱកាសនៃការបើកសមាជបក្សកុម្មុយនិស្ដចិន។ ដូច្នេះហើយ ក្រុមអ្នកជំនាញយល់ថាទាំងចិន និងរុស្ស៉ីមិនទាន់ខិតទៅជិត «ការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី» ដែលខ្លួនចង់បាននោះទេ ហើយហេតុផលមួយផ្នែកមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។
*បោះទុនធំ ប្រថុយខាតបង់ក៏ធំ
សម្រាប់លោក ពូទីន ការឈ្លានពានអ៊ុយក្រែនគឺជាការបោះជំហានដំបូង ដើម្បីយករុស្ស៉ីចេញពីយុគសម័យក្រោយសង្រ្គាមលោកលើកទី២ និងក្រោយសង្រ្គាមត្រជាក់ ឆ្ពោះទៅរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី។ ការគ្រប់គ្រងអ៊ុយក្រែននឹងធ្វើឱ្យបក្សសម្ព័ន្ធយោធាណាតូរង្គោះរង្គើរ ហើយនឹងពង្រីកដែនឥទ្ធិពលរបស់ទីក្រុងមូស្គូ ព្រមទាំងបង្វែរ តុល្យភាពអំណាចក្នុងតំបន់អឺរ៉ុបទៅក្នុងកណ្ដាប់ដៃរុស្ស៉ី។ ជ័យជម្នះរបស់រុស្ស៉ីក៏អាចនឹងក្លាយជាការជំរុញលើកទឹកចិត្តឱ្យទីក្រុងប៉េកាំង មើលឃើញកាន់តែច្បាស់ពី ការថយចុះឥទ្ធិពលរបស់លោកខាងលិច ដែលនេះអាចនឹងផ្ដល់ហេតុផលមួយឱ្យលោក ស៊ី ជិនពីង សម្រេចចិត្តប្រើកម្លាំងយោធា។ ក៏ប៉ុន្តែជំនួបរវាងលោក ស៊ី ជិនពីង និងលោក ពូទីន បែរជាកើតមានឡើងនៅចំពេលដែលអ៊ុយក្រែនទទួលបានជ័យជម្នះនៅក្នុងសមរភូមិតំបន់ភាគឦសានទៅវិញ។
ជាការពិតណាស់ ជ័យជម្នះនេះមិនទាន់អាចកំណត់លទ្ធផលសង្រ្គាមនៅអ៊ុយក្រែននៅឡើយទេ តែលទ្ធផលបែបនេះវាមិនមែនជាអ្វីដែលចិនរំពឹងទុកទេ ខណៈបរាជ័យក្នុង សមរភូមិភាគឦសាន បាន និងកំពុងបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមក្រុមអ្នកជាតិនិយមរុស្ស៉ី។ បើរុស្ស៉ីពិតជាចាញ់ពិតមែន នោះអស្ថិរភាពនយោបាយ អាចផ្ទុះឡើងពេញវិមានក្រឹមឡាំង ដែលនេះទើបជារឿងដែលចិនឈឺក្បាលបំផុត។ ដ្បិត ទីក្រុងប៉េកាំងខ្លាចថាប្រសិនបើគ្មានលោក ពូទីន «ទំនាក់ទំនងគ្មានព្រំដែន» រវាង ចិន និងរុស្ស៉ី នឹងរលាយទៅតាមខ្យល់ ហើយក្នុងសេណារីយ៉ូអាក្រក់ជាងនេះទៅទៀត នោះគឺខ្លាចមេដឹកនាំថ្មីរបស់រុស្ស៉ីងាកទៅរកលោកខាងលិច។
*តម្កល់ផលប្រយោជន៍ចិនមុនគេ
នៅត្រង់ចំណុចនេះ អ្វីដែលគេត្រូវដឹង នោះគឺថាតើចិនមានការប្ដេជ្ញាចិត្តខ្ពស់ប៉ុនណា ដើម្បីធានាឱ្យបានថាលោក ពូទីននៅតែបន្តកាន់អំណាច រីឯរុស្ស៉ីនៅតែជាដៃគូដ៏មាន ឥទ្ធិពល និងជាយុទ្ធសាស្ត្ររបស់ចិន ក្នុងការទប់ទល់ជាមួយសហរដ្ឋអាមេរិក? ចិនបានប្រកាន់ជំហរអនុបវាទពីការបោះឆ្នោតប្រឆាំងនឹងរុស្ស៉ី នៅឯអង្គការសហប្រជាជាតិ និងព្រមពេលជាមួយគ្នាបានបន្ទោសណាតូ និងសហរដ្ឋអាមេរិកថាជាអ្នកដុតបញ្ឆេះសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជារិះគន់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូរបស់ លោកខាងលិចផងដែរ។
លោក ប្រាយអិន ហាត (Brian Hart) ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា ចិនមានបំណងផ្ដល់ការគាំទ្រមួយចំនួនដោយប្រយោលដល់រុស្ស៉ី ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។ ប៉ុន្តែ វាត្រូវតែធ្វើឡើងនៅក្នុងក្របខណ្ឌមួយដែលមិនអូស «ចិនឱ្យធ្លាក់ទឹក» ដោយសារតែការគាំទ្ររុស្ស៉ីនោះទេ។ មកទល់នឹងពេលនេះ ទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការដើរហួស បន្ទាត់ក្រហមរបស់លោកខាងលិច នោះគឺការផ្ដល់អាវុធ ឬជំនួយយោធាគាំទ្ររុស្ស៉ីដោយផ្ទាល់។ សម្រាប់ចិន ការរក្សាទីផ្សាពិភពលោកគឺជារឿងសំខាន់បំផុត ជាពិសេសក្នុង ពេលបច្ចុប្បន្នដែលចិនកំពុងជួបបញ្ហាជាច្រើនដូចជាកំណើនសេដ្ឋកិច្ចយឺតយ៉ាវ កំណើនយុវជនគ្មានការងារធ្វើ និងបញ្ហាទីផ្សារអចលទ្រព្យជាដើម។
ចំណែកឯ ចំណុចមួយសំខាន់ដែលគេគួរចាប់អារម្មណ៍ដែរនោះ គឺការលក់អាវុធ។ បើតាមលោក ប្រាយអិន ហាត ប្រសិនបើរុស្ស៉ីស្នើទិញបរិក្ខារយោធាពីចិន នោះ ទីក្រុងប៉េកាំងអាចនឹងយល់ព្រម តែចិននឹងបញ្ជូនតែបរិក្ខារ ឬគ្រឿងបន្លាស់ទាំងឡាយណាដែលមិនជាប់ក្នុងបញ្ជីទណ្ឌកម្ម ហើយដឹកជញ្ជូនតាមកប៉ាល់ ឬតាមច្រកផ្លូវដែល មិនងាយឱ្យនរណាដឹង។ អ្នកជំនាញរូបនេះបានបន្ថែមដូច្នេះថា «ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ធ្លាប់បាននិយាយម្ដងហើយម្ដងទៀតថាពួកគេមិនមានបំណងបង្កើត បក្សសម្ព័ន្ធផ្លូវការណាមួយដែលបង្ខំឱ្យពួកគេដើរផ្លូវប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួនឯងឡើយ។ សម្ព័ន្ធភាពចិន-សូវៀតកាលពីទសវត្សរ៍ឆ្នាំ១៩៥០ មិនបានដំណើរការទេ។ ខ្ញុំគិតថាពួកគេនឹងចាត់ទុកវាជាមេរៀនប្រវត្តិសាស្ត្រ ហើយខ្ញុំយល់ថាចិននឹងបន្តពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ីតែនៅក្នុងកម្រិតដែល ស្ថិតនៅក្នុងប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ»។
*បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ប្រឆាំងលោកខាងលិច?
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ក្នុងតំបន់អាស៊ីកណ្ដាលមិនមែនគ្រាន់តែដើម្បីបង្ហាញការគំាទ្រដល់លោក ពូទីនប៉ុណ្ណោះទេ។ តែវាក៏ជាឱកាសឱ្យចិនពង្រឹង ទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលនៅក្បែរខាងចិន និងឥទ្ធិពលចិននៅលើឆាកអន្តរជាតិផងដែរ។ បង្កើតឡើងដោយចិនក្នុងឆ្នាំ២០០១ ដើម្បីប្រយុទ្ធប្រឆាំងនឹង ភេរវកម្ម និងលើកកម្ពស់សន្តិសុខនៅតាមព្រំដែន អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) បានស្ថិតនៅក្នុងភាពស្រពិចស្រពិលអស់រយៈពេលជាច្រើនឆ្នាំ។
រហូតមកដល់ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ទើបអង្គការនេះបានពង្រីកខ្លួនកាន់តែធំ តាមរយៈការផ្ដល់សមាជិកភាពដល់ឥណ្ឌា និងប៉ាគីស្ថានក្នុងឆ្នាំ២០១៧ ហើយក្រោយធ្វើជារដ្ឋអង្កេតការណ៍រាប់ជាច្រើនឆ្នាំមកនេះដែរ អ៉ីរ៉ង់បាន និងកំពុងស្នើសុំចូលជាសមាជិកពេញសិទ្ធិ។ អាហ្វហ្កានីស្ថានក៏ជារដ្ឋអង្កេតការណ៍មួយដែរ ដោយ ក្រុមតាលីបង់ដែលបានឡើងកាន់អំណាចជាថ្មីកាលឆ្នាំ២០២១ បានបញ្ជូនក្រុមប្រតិភូឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ SCO។ ក៏ប៉ុន្តែ អ៉ីរ៉ងជាករណីពិសេសជាងគេ និងជាក្ដីកង្វល់មួយសម្រាប់លោកខាងលិច។ ចាប់តាំងពីឆ្នាំ២០១៩មក អីរ៉ង់ រុស្ស៉ី និងចិន បានដឹកនាំគ្នាការធ្វើសមយុទ្ធយោធាជាប្រចាំ ខណៈទំនាក់ទំនងរវាងប្រទេសទាំង ៣កាន់តែមានភាពស៊ីជម្រៅ ស្របពេលក្រុមប្រទេសលោកខាងលិចបារម្ភថាការបញ្ចូលអ៉ីរ៉ង់ជាសមាជិក SCO ធ្វើឱ្យអង្គការមួយនេះកំពុងលេចត្រដែតឡើងជា «ប្លុកមួយប្រឆាំងនឹងលោកខាងលិច»។
តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញខ្លះយល់ថា SCO មិនមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្លាយជាប្លុកមួយដឹកនាំដោយចិន និងរុស្ស៉ី ដើម្បីបង្កើតសណ្ដាប់ធ្នាប់ពិភពលោក ថ្មីមួយនោះទេ។ ក្នុងនាមជាស្ថាប័នពហុភាគីមួយ SCO គឺជាប្លុកក្នុងតំបន់ដែលមានភាពទន់ខ្សោយខ្លាំង បើធៀបទៅនឹងសហភាពអឺរ៉ុប ឬអាស៊ាន ដោយជួនកាលវាក៏មាន ភាពតានតឹងនៅក្នុង SCO ទៅទៀត។ លោក ប្រាយអិន ហាត ពន្យល់ថា «រុស្ស៉ីព្យាយាមបង្កើនផលប្រយោជន៍របស់ខ្លួនដែលមានពេលខ្លះមិនស្របទៅនឹងផលប្រយោជន៍ របស់ចិនក្នុងតំបន់ទេ។ ដូច្នេះលោកគិតថាប្លុកនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយឡើយ»។
រឿងដែលកាន់តែស្មុគស្មាញ នោះគឺវត្តមានរបស់ឥណ្ឌា ដែលមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយរុស្ស៉ីតាំងតែពីសម័យសង្រ្គាមត្រជាក់មកម្ល៉េះ។ ប៉ុន្តែ ទីក្រុងញូដេលី ក៏កំពុង មានទំនាក់ទំនងមិនសូវល្អជាមួយចិនទៅវិញ ដោយសារតែជម្លោះទឹកដីនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងនេះដែលនេះធ្វើឱ្យឥណ្ឌាងាកទៅរកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ឥណ្ឌាគឺជាសមាជិកនៃក្រុមប្រទេសក្វាដជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលីដែលជាប្លុកមួយបង្កើតឡើងដើម្បី ខ្ទប់ការឡើងឥទ្ធិពលចិន។
យ៉ាងណាក៏ដោយ លោក ស៊ី ជិនពីង អាច នឹងប្រើប្រាស់កិច្ចប្រជុំកំពូល SCO ដើម្បីបង្ហាញទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិថាទោះបីជាកំពុងស្ថិតនៅក្រោម ការហ៊ុមព័ទ្ធការទូត ពីសំណាក់លោកខាងលិចក៏ដោយ តែចិននៅតែមានមិត្ត និងប្រទេសជាដៃគូ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីភាពជាមេដឹកនាំនៅលើឆាក អន្តរជាតិ។ តែប្រសិនបើសង្រ្គាមនៅអ៊ុយក្រែនបញ្ចប់ទៅដោយរុស្ស៉ីជាអ្នកចាញ់ ឬក៏ទន់ដៃទន់ជើង នោះវានឹងធ្វើឱ្យរារាំងស្ទះដល់ផែនការរបស់លោក ស៊ី ជិនពីងដែលចង់ បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី។ ចិន មិនមានសម្ព័ន្ធមិត្តណាមួយមានអំណាចដូចជាសហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្តអឺរ៉ុប និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលអាចពឹង ពាក់បានឡើយ។ ម្លោះហើយ រុស្ស៉ីគឺជាមិត្ត និងដៃគូល្អបំផុត តែវានៅតែមានរឿងត្រូវព្រួយបារម្ភសម្រាប់ចិន នោះគឺថាបើរុស្ស៉ីចុះខ្សោយពេក ឬពង្រីកខ្លួនខ្លាំងពេក វាអាច នឹងបំផ្លាញកិច្ចប្រឹងប្រែងរួមគ្នាដើម្បីកែប្រែសណ្ដាប់ធ្នាប់ពិភពលោក៕ ដោយៈ Fresh News