Wednesday, July 12, 2017

សាខាកាំកុងត្រូលខេត្តកោះកុង ដឹកនាំមន្រ្តីក្រោមឱវាទចុះណែនាំ​ សិស្សានុសិស្ស ​ពីគ្រោះថ្នាក់​នៃការបរិភោគ​ និងប្រើប្រាស់​ផលិតផល​ហួសកាល​បរិច្ឆេទ​

លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីក្រោមឱវាទចុះណែនាំ សិស្សានុសិស្ស ពីគ្រោះថ្នាក់នៃការបរិភោគ និងប្រើប្រាស់ផលិតផលហួសកាលបរិច្ឆេទ ដើម្បីឲ្យសិស្សានុសិស្សទាំងនោះ បានយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងអាចចែករំលែកចំណេះដឹងរបស់ពួកគេ ទៅកាន់ប្រជាពលរដ្ឋដទៃផ្សេងៗ នៅអនុវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ហ៊ុយ ភារម្យ បានឲ្យដឹងថា ការចុះណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវត្រួតពិនិត្យមុខទំទិញ និងគ្រឿងបរិភោគទាំងអស់ដើម្បីរក្សាសុខភាព ទាំងអស់គ្នា។ មន្រ្តីសាខាកាំកុងុត្រូល មានសេចក្តីសោមនោស្សរីករាយ ដែលបានចូលរួមណែនាំដល់ក្មួយៗឲ្យយល់ដឹងពីចំណីអាហារ ដែលអាជីវករដាក់តាំងលក់នៅតាមទីផ្សារ ទីសាធារណៈ និងនៅតាមសាលាមុននឹងទិញយកទៅបរិភោគត្រូវពិនិត្យឲ្យបានច្បាស់លាស់ ពីផលិតផលក្លែងក្លាយ ឬផលិតផលហួសកាលបរិច្ឆេទដើម្បីរក្សាសុខភាពទាំងអស់គ្នា។

លោក ហ៊ុយ ភារម្យ បានបន្តថា មុននឹងក្មួយៗ ទិញរបស់អ្វីយកមកបរិភោគត្រូវមើលពីថ្ងែ ខែ ឆ្នាំផលិត ឬក្រុមហ៊ុនផលិតដើម្បីរក្សាសុខភាព របស់យើងទាំងអស់គ្នា បើពិនិត្យមើលឃើញផលិតត្រឹមត្រូវចាំទិញយកទៅហូប តែបើការពិនិត្យទៅមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនត្រូវទិញយកទៅបរិភោគឡើយវាអាចធ្វើឲ្យប៉ះពាល់សុខភាព ហើយប្អូនត្រូវចូលរួមសហការណ៍រាយការដល់លោកគ្រូអ្នកគ្រូ ឬឪពុកម្តាយ ដើម្បីធ្វើការទប់ស្កាត់ ឬមួយប្អូនៗក្មួយៗត្រូវចេះធ្វើការពន្យល់ណែនាំគាត់ឈប់យករបស់ហួសកាលបរិច្ឆេទមកដាក់តាំងលក់បន្តទៀតវានាំ ឲ្យប៉ះពាល់ដល់សុខភាព។

លោក ហ៊ុយ ភារម្យ បានថ្លែងបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសតាមមាត់ច្រក ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។ ក្រៅតែពីការត្រួតពិនិត្យទំនិញហើយនោះ កាំកុងត្រូល ក៏ចុះធ្វើការអប់រំ និងផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ សិស្ស និស្សិតតាមសាលារៀនផងដែរ៕






អភិបាលស្រុកស្វាយជ្រំ រំលឹកទៅ​មេឃុំ​ទាំងអស់​ ពិសេស​មេឃុំថ្មី​ទាំង១០​របស់ស្រុក​ ត្រូវអនុវត្ត​ឲ្យបានត្រឹម​ត្រូវតាម​ច្បាប់​

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងលើកទិសដៅបន្ត ដោយមានការិយាល័យអង្គភាពជំនាញស្រុក មេឃុំ និងស្មៀនឃុំ ចូលរួមផងដែរ។

អភិបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នេះជាកិច្ចប្រជុំដំបូងសម្រាប់មេឃុំអាណត្តិទី៤ បន្ទាប់ពីប្រកាសសុពលភាពរួច។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក ក៏បានរំលឹកទៅមេឃុំទាំងអស់ ពិសេសមេឃុំថ្មីទាំង១០របស់ស្រុក ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានាដែលនៅជាធរមាន។ ជាមួយគ្នានេះ ត្រូវប្រជុំក្រុមប្រឹក្សាដើម្បីពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុង កែសម្រួលសមាសភាពគណ:កម្មាធិការ ដែលជាកាតព្វកិច្ចតាមការចាំបាច់ ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រូវយកចិត្តទុកដាក់ពិនិត្យអោយបានហ្មត់ចត់មុននឹងចុះហត្ថលេខាលើឯកសារអត្រានុកូលដ្ឋាននានា។

លើសពីនោះ លោកអភិបាលស្រុក ក៏បានរំលឹកទៅមេឃុំថ្មីទាំង១០រូបថា បើមិនចេះ ឆ្ងល់ មិនយល់កន្លែងណាមួយ ត្រូវសួរគ្នា ពិសេសសួរមេឃុំចាស់ កុំខ្លាចខ្មាស់សំខាន់យើងធ្វើទៅមិនខុសច្បាប់ និងលិខិតបទដ្ឋាន ឬការណែនាំផ្សេងៗ៕




វិភាគនយោបាយ៖ ១០ចំណុចដែលបក្សសង្គ្រោះជាតិ មិនអាចការពារខ្សែក្រវ៉ាត់ខ្លួនបាន ក្នុងការបោះឆ្នោតឆ្នាំ២០១៨?

បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់២០១៧បានចប់ ក៏ជាពេលវេលាដែល យើងអាចប្រមើលមើលលទ្ធផលបោះឆ្នោតឆ្នាំ២០១៨។ គណបក្សនីមួយៗសុទ្ធតែអួតថាឈ្នះរៀងៗខ្លួន ប៉ុន្តែ ប្រសិនបើយើងពិនិត្យមើលស្ថានភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជា នៅតែមានប្រៀបខ្លាំងច្រើនជាងបក្សសង្គ្រោះជាតិដដែល។ បក្សប្រឆាំងកំពុងបាត់បង់មូលដ្ឋានគ្រឹះសំខាន់ៗជាច្រើន គួរឲ្យកត់សម្គាល់ប្រៀបធៀបទៅការបោះឆ្នោតឆ្នាំ ២០១៣៖

ទី១៖ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម និងច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលប្រឆាំង ឬដែលមានបំណងជួយបក្សប្រឆាំងអាចធ្វើអ្វីបានស្រេចតែចិត្តដូចពីមុនទៀតទេ។ កាលពីមុនជាពិសេសក្នុងការបោះឆ្នោតឆ្នាំ ២០១៣កន្លងទៅ បក្សប្រឆាំងបានទទួលផលចំណេញច្រើន ដោយសារតែការជួយជ្រោមជ្រែង ពីសង្គមស៊ីវិលលម្អៀងដែលជួយស្រែកការពារ ជួយស្រែករិះគន់ វាយប្រហាររដ្ឋាភិបាលលោក ហ៊ុន សែន។ ប៉ុន្តែ សករាជនោះត្រូវបានបិទបញ្ចប់ហើយក្រោមទម្ងន់ច្បាប់។

ទី២៖ សហរដ្ឋអាមេរិកដែលជាទីពឹងដ៏រឹងមាំ របស់បក្សប្រឆាំងនៅកម្ពុជា តាំងពីយូរមកហើយនោះ ក៏ត្រូវបិទបញ្ចប់ដែរក្នុងសម័យលោក ដូណាល់ ត្រាំ ដោយសារនយោបាយគិតផលប្រយោជន៍ អាមេរិកាំងមុនរឿងផ្សេង (American First ) ។

ទី៣៖ ការយល់ច្រឡំរបស់ពលរដ្ឋខ្មែរអំពីការជំពាក់ប្រាក់មីក្រូហិរញ្ញវត្ថុថា ជាការជំពាក់បំណុលរដ្ឋ ដែលបក្សប្រឆាំងតែងឆ្លៀតកេងចំណេញនយោបាយ ជារៀងរហូតមកនោះ ក៏ត្រូវបានបិទបញ្ចប់ផងដែរ តាមរយៈយុទ្ធនាការរបស់លោក ហ៊ុន សែន។

ទី៤៖ គោលនយោបាយដែលគណបក្សសង្គ្រោះជាតិធ្លាប់បានសន្យាកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដូចជាការដំឡើងប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀនឲ្យបាន ១ លានរៀល និងប្រាក់ខែកម្មករឲ្យបាន ១៥០ ដុល្លារក្នុងមួយខែនោះ វាហួសសម័យអស់ទៅហើយ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើលើសពីការទាមទាររបស់បក្សប្រឆាំងទៅទៀត។

ទី៥៖ កាលពីមុន បក្សប្រឆាំងមានប្រៀបខ្លាំងលើបណ្តាញសង្គម ប៉ុន្តែ ឥឡូវនេះក៏បានបាត់បង់ទីតាំងឈរជើងលើបណ្តាញសង្គមហើយក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវ៉ាដាច់លោក សម រង្ស៊ី និងមានអ្នកចូលចិត្តរហូតដល់ជាង ៨លាននាក់។ ម្យ៉ាងទៀត សកម្មភាពអ្នកគាំទ្របក្សប្រជាជននៅលើបណ្តាញសង្គម Facebook ក៏កាន់តែផុលផុសខ្លាំងឡើងជាលំដាប់នៅទូទាំងប្រទេស។

ទី៦៖ អ្វីដែលបក្សប្រឆាំងធ្លាប់បានធ្វើនយោបាយប្រជាភិថុតអំពី បញ្ហាយួន និងបញ្ហាព្រំដែន  ក៏បក្សនេះមិនអាចប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ ដូចពីមុនបានទៀតដែរ។ មូលហេតុងាយយល់ណាស់គឺដោយសារតែពេលនេះ បក្សសង្គ្រោះជាតិជាអ្នកទទួលខុសត្រូវខ្លួនឯងវិញម្តង ជាពិសេសឃុំសង្កាត់ដែលសម្បូរយួនគឺបក្សសង្គ្រោះជាតិឈ្នះមេឃុំ ចៅសង្កាត់។ ដូច្នេះ បក្សនេះមិនហ៊ានចោទខ្លួនឯងទេ។ ចំណែករឿងព្រំដែនវិញ រដ្ឋាភិបាលបានបើកចំហររឿងផែនទី និងបានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជិតចប់ទៅហើយ។

ទី៧៖ ចំណែកការសន្យាមុនបោះឆ្នោតក៏បក្សសង្គ្រោះជាតិ មិនដែលធ្វើបានដែលធ្វើឲ្យមហាជនបាត់បង់ជំនឿ។ ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ដែលធ្វើឲ្យសង្គ្រោះជាតិខកចិត្តយ៉ាងខ្លាំងនោះ គឺជាលទ្ធផលនៃការសន្យាខ្យល់នេះឯង។

ទី៨៖ ការបែកបាក់កំលាំងអ្នកនយោបាយ និងជាពិសេសសកម្មជនលេចធ្លោដែលធ្លាប់ដឹកនាំប្រមូលកំលាំងយុវជន ចូលរួមឃោសនានិងបោះឆ្នោតគាំទ្របក្សប្រឆាំងនៅឆ្នាំ ២០១៣ក៍បានចាកចេញពីបក្សប្រឆាំងធ្វើនយោបាយរៀងៗខ្លួនផង និងវាយប្រហារយ៉ាងចាស់ដៃលើបក្សប្រឆាំងផងដែរដែលស្ថានភាពនេះធ្វើអោយសំលេងគាំទ្របក្សប្រឆាំងត្រូវបែកលែងប្រមូលផ្តំដូចឆ្នាំ២០១៣ទៀតឡើយ ។

ទី៩៖ កាលពីមុន បក្សសង្គ្រោះជាតិមានក្បាលពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលធ្វើឲ្យកូនចៅថ្នាក់ក្រោមកក់ក្តៅនិងរួមគ្នាបាន។ ប៉ុន្តែ ពេលនេះ សង្គ្រោះជាតិមានក្បាលតែមួយគឺលោក កឹម សុខា ខណៈដែលលោក សម រង្ស៊ី បានបញ្ចប់អាជីពនយោបាយទាំងស្រុងទៅហើយតាមរយៈនយោបាយអត្តឃាតរបស់គាត់ និងតាមរយៈវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី។ បក្សនេះមិនអាចមានក្បាលមួយបានទេព្រោះសូមកុំភ្លេចថា មូលដ្ឋានគ្រឹះរបស់សង្គ្រោះជាតិគឺការរួមបញ្ចូលគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ហើយលោក កឹម សុខា គឺជាមនុស្សប្រៀបបានដៃឆ្វេងតែប៉ុណ្ណោះ។ ក្រុមអតីតគណបក្ស សម រង្ស៊ី នឹងមិនព្រមឲ្យគណបក្សនេះធ្លាក់ក្នុងដៃលោក កឹម សុខា ដែលគេសង្ស័យថា ជាកូនអុករបស់លោក ហ៊ុន សែន នោះឡើយ។

ទី១០៖ វិបត្តិហិរញ្ញវត្ថុដែលកាន់តែធ្ងន់ធ្ងរទៅៗរបស់បក្សប្រឆាំង សំរាប់ការបោះឆ្នោតក៏ជាជំងឺមួយពិបាករកពេទ្យព្យាបាលណាស់ ។ ជាក់ស្តែងច្បាប់បោះឆ្នោត ច្បាប់សមាគម និងច្បាប់គណបក្សនយោបាយគួបផ្សុំ នឹងកត្តាអន្តរជាតិមិនអនុគ្រោះ បក្សប្រឆាំងបង្ខំចិត្តតម្រូវអោយបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់បង់លុយជួយបក្សហើយច្បាស់ជាងនេះទៅទៀតនោះគឺតម្រូវអោយលោកកឹម សុខាប្រកាសធ្វើបុណ្យផ្កាប្រមូលថវិកាឃោសនាបោះឆ្នោតឆ្នាំ២០១៧ ។ ដូច្នេះសំរាប់ការបោះឆ្នោត២០១៨ ក៍បក្សនេះគ្មានជំរើសអ្វីផ្សេងទៀតដែរ ។

សរុបមកវិញ ចំណុចសំខាន់ៗទាំង១០ដូចបានរៀបរាប់ខាងដើម គឺជាភស្តុតាងសត្យានុម័តដែលបង្ហាញថា មូលដ្ឋានគ្រឹះទាំងឡាយរបស់បក្សសង្គ្រោះជាតិ បានបាក់រលំដែលធ្វើឲ្យគណបក្សនេះអស់ទីពឹង បាត់ខ្នងបង្អែក ដែលធ្លាប់ទីពឹងនោះដំណាលគ្នាតែម្តង។

ដូច្នេះ ពីនេះទៅការបោះឆ្នោតឆ្នាំ ២០១៨ គណបក្សប្រឆាំងដូចជាបាត់បង់ថាមពលយ៉ាងសម្បើម ដែលមិនអាចស្តារបាន ខណៈដែលបក្សកាន់អំណាចកំពុងកែទម្រង់ទៅមុខគួរឲ្យកត់សម្គាល់។ បើយ៉ាងនេះមែន គណបក្សប្រជាជនដឹកនាំដោយលោកហ៊ុន សែននឹងនៅតែឈ្នះតែដដែលនៅឆ្នាំ ២០១៨ ហើយអាចមានលទ្ធភាពកើនចំនួនកៅអីសភាថែមខ្លះទៀតផងនេះបើសិក្សាលើលទ្ធផលបោះឆ្នោត២០១៧នេះ រីឯបក្សប្រឆាំងវីញ ក៏មិនប្រាកដថាអាចការពារខ្សែក្រវ៉ាត់ដែលខ្លួនទទួលបាននៅឆ្នាំ២០១៣នោះដែរ កុំថាឡើយការនិយាយរឺគិតដល់ការឈ្នះការបោះឆ្នោតឆ្នាំ ២០១៨នោះ៕

ដោយ៖ សាស្ត្រចារ្យសកលវិទ្យាល័យភូមិន្ទភ្នំពេញ

ទាហានអ៊ីរ៉ាក់២៧នាក់ កំពុងហ្វឹកហ្វឺនពីជំនាញដោះមីននៅកម្ពុជា ក្រោយប្រទេសនេះ រងនូវការវាយប្រហារ ដោយសង្គ្រាមយ៉ាងធ្ងន់ធ្ងរ

កំពង់ឆ្នាំង៖ បន្ទាប់ពីប្រទេសរបស់ខ្លួន រងទុក្ខបុកម្នេញដោយភ្លើងសង្គ្រាមឈ្លានពានយ៉ាងធ្ងន់ធ្ងរនោះ មន្ត្រីសកម្មភាពកំចាត់មីនអ៊ីរ៉ាក់ ចំនួន២៧រូប ដែលភាគច្រើនស្ទើរតែ១០០ភាគរយ ជាទាហានរបស់អ៊ីរ៉ាក់ បាននិងកំពុងហ្វឹកហ្វឺន ពីជំនាញដោះមីននៅកម្ពុជា នាវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ នៅក្នុងខេត្តកំពង់ឆ្នាំង។
មន្ត្រីស៊ីម៉ាក់បានបញ្ជាក់ នៅថ្ងៃទី១២ ខែកក្កដានេះថា ការហ្វឹកហ្វឺនជំនាញដោះមីនជូនដល់ទាហានអ៊ីរ៉ាក់នេះ មានរយៈពេលប្រមាណ២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដែលត្រូវហ្វឹកហ្វឹងនៅទីតាំង ដែលទី១៖ សិក្សានៅ វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ទី២៖ សិក្សាពីការអនុវត្តន៍ការដោះមីន នៅខេត្តបាត់ដំបង និងទី៣៖ បន្តសិក្សា នៅជំនាញបច្ចេកទេសដោះមីន នៅខេត្តកំពង់ចាម​ ។
មន្ត្រីស៊ីម៉ាក់ដដែលរូបនេះ បានបញ្ជាក់ទៀតថា ការមកហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍​ ដើម្បីពន្លឿនល្បឿនដោះស្រាយវិបត្តិក្រោយ សង្គ្រាមនៅប្រទេសអ៊ីរ៉ាក់នេះ​ ទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុន​ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជប៉ុន​(JICA)។
ក្រោយពេលទាហានអ៊ីរ៉ាក់ មកទទួលការហ្វឹកហ្វឺននៅកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហោះអំពីប្រវត្តិប្រទេសអ៊ីរ៉ាក់ នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា​៖
សូមជ្រាបព័ត៌មានសង្ខេបអំពីប្រទេស និងប្រជាជនអ៊ីរ៉ាក់​៖​ អ៊ីរ៉ាក់ស្ថិតនៅតំបន់អាស៊ីខាងលិច​ មានផ្ទៃដី​ ៤៣៧​,០៧២​គីឡម៉ែត្រក្រឡា​ មានប្រជាជនសរុបជាង៣៨លាននាក់ មានចំណូលមធ្យម១៦,៥៥០ដុល្លារម្នាក់/មួយឆ្នាំ​ (ឆ្នាំ២០១៧)
សង្គ្រាមឆាបឆេះឡើងនៅថ្ងៃទី២០​ ខែមិនា​ ឆ្នាំ២០០៣ ដោយឈ្លា​នពានចូលទឹកដីអ៊ីរ៉ាក់ ដឹកនាំដោយសហរដ្ឋអាមេរិក​ ក្រោមមូលហេតុ ចោទប្រកាន់ថា អ៊ីរ៉ាក់មានផលិតអាវុធប្រល័យលោក​ តែក្រោយមករកមិនឃើញអាវុធប្រល័យលោក ដូចបានចោទប្រកាន់ឡើយ។ សង្គ្រាមឈ្លានពាននេះ​ មានរយៈពេល៨ឆ្នាំ៨ខែ និង២៨ថ្ងៃ​ (២០ ​មិនា ២០០៣-១៨ ​ធ្នូ ២០១១)​។

សង្គ្រាមបានឆ្លងចូល ជាសង្គ្រាមស៊ីវិល និងសង្គ្រាមសាសនាផ្ទៃក្នុង និងអន្តរជាតិ​ ក្នុងការបង្កើតរដ្ឋអ៊ីស្លាម​ (ISIS)។​ សង្គ្រាមជិត១៥ឆ្នាំ មកនេះ​ បានធ្វើឱ្យប្រទេសអាស៊ីមួយនេះ ​ក្លាយជាផេះផង់​ សមុទ្រឈាម និងទឹកភែ្នកដែលមានមនុស្សស្លាប់ប្រមាណ៥០០,០០០នាក់។ ក្តីសង្ឃឹ​មនៃពន្លឺសន្តិភាពពេញលេញ ស្ថិតនៅវែងឆ្ងាយ​ ក្នុងនោះមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ច្រើនអនេក ស្ថិតនៅគំរាម កំហែងអាយុជីវិតប្រជាជនអ៊ីរ៉ាក់រាល់ថ្ងៃ ៕











ផ្លូវជាតិលេខ៩២ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវបានមន្ទីរសាធារណការ​ខេត្តព្រះវិហារ​ បញ្ជូន​មន្ត្រីជំនាញ​ ទៅធ្វើការ​ជួសជុល​ និងថែទាំ​ផ្លូវឡើងវិញ​

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមការណែនាំពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងអភិបាលខេត្តព្រះវិហារ បានបញ្ជូនមន្ត្រីជំនាញ ទៅធ្វើការជួសជុល និងថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនប្រជាពលរដ្ឋ មានភាពងាយស្រួលប្រកបដោយសុវត្ថិភាព។

ផ្លូវដែលត្រូវធ្វើការជួសជុលនោះ គឺផ្លូវជាតិលេខ៩២ ដែលជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែង៨៧.៨គីឡូម៉ែត្រ លាតសន្ធឹងតាមព្រំដែន កម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង(PK27+200) ដល់បន្ទាយស្រមោចស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (PK115+000) ដែលជាប់ព្រំដែនប្រទេសថៃផងនោះ បានរងការខូចខាតដោយកន្លែងដោយសារជំនន់ទឹកភ្លៀង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ពិបាកធ្វើដំណើរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវជាតិលេខ៩២នេះ មានសារសំខាន់ណាស់ ជាផ្លូវយុទ្ធសាស្ត្រ ក្រវ៉ាត់ព្រំដែនរបស់កម្ពុជា តភ្ជាប់ជាមួយប្រទេសឡាវ និងប្រទេសថៃ។ ផ្លូវជាតិលេខ៩២នេះ បានកសាងឡើងដោយកងវិស្វកម្មសម្តេចតេជោ ក្រោយពីសាងសង់រួច ក៏បានប្រគល់មកឲ្យមន្ទីរសាធារណការខេត្តព្រះវិហារ ជាអ្នកមើលការខុសត្រូវ និងថែទាំ។

ប្រធានមន្ទីរសាធារណការ បានបន្តថា ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តន៍តាមអនុសាសន៏ដឹកនាំរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានយកចិត្តទុកដាក់ថែទាំ ជួសជុលផ្លូវទូទាំងខេត្តឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៩២នេះ នៅថ្ងៃអនាគត និងត្រូវប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូវិញ ហើយផ្លូវនេះបានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តនៅរម្មណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប អាចបន្តដំណើរទៅមុខត្រង់ទៀត ទៅកំសាន្តនៅច្រកអានសេះ ប្រាសាទព្រះវិហារ មុំបីនៅស្រុកជាំក្សាន្ត ឆ្ពោះទៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ថែមទៀតផង។

លោក សំ លាងទ្រី បានបន្ថែមថា មួយរយៈនេះ ផ្លូវជាតិលេខ៩២នេះ បានរងការខូចខាតដោយកន្លែង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ដែលកត្តានេះបណ្តាលមកពីជំនន់ទឹកភ្លៀង និងទឹកទន្លេល្ពៅជន់លិច។ ដោយមើលឃើញនូវបញ្ហាលំបាករបស់ប្រជាពលរដ្ឋពិបាកធ្វើដំណើរ ថ្ងៃនេះមន្ទីរសាធារណការខេត្ត បានបញ្ជូនមន្ត្រីជំនាញ៥ក្រុម ទៅជួសជុល និងថែទាំឡើងវិញ ដោយបានកែសម្រួល ថែមគ្រួសក្រហម ស្រោចទឹកកិនបង្ហាប់តាមលក្ខណៈបច្ចេកទេស ដើម្បីឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

លើសពីនោះ លោកក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ ស្តីពីផ្លូវថ្នល់ទាំងអស់គ្នា សូមមេត្តាកុំចាក់ដីលប់ប្រឡាយទឹក សូមកុំចាក់ដីរំលោភលើចំណីផ្លូវ ហើយខ្ពស់ជាងផ្លូវ សូមកុំដឹកសំពីងសំពោង និងលើសទម្ងន់កំរិតកំណត់ ប្រយោជន៍លើការធ្វើចរចរណ៍របស់ប្រជាពលរដ្ឋ មានភាពងាយស្រួលឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងរក្សាគុណភាពផ្លូវថ្នល់ ដើម្បីប្រើប្រាស់បានយូរអង្វែង៕






ទស្សនៈវិភាគ៖ ពន្លត់ភ្លើង ជាជាងនៅអង្គុយបក់ផ្សែង គឺជារឿងត្រឹមត្រូវ

គេ​នៅ​ចាំ​បាន​ថា​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិ​ទី​៤​ គឺ​ត្រូវ​បាន​ប្រកាស​​លទ្ធ​ផល​ផ្លូវ​ការ​កាល​ពី​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៧ និង​ត្រូវ​បាន​យល់​ព្រមទទួល​ស្គាល់​លទ្ធផល​នេះ​​ពី​គ្រប់​គណបក្ស​​នយោ​បាយ​ដែល​បាន​ចូល​រួមរួច​ហើយ​ដែរ​។ ទន្ទឹម​នោះ​ ក៏​មាន​ការ​​​អប​អរ​​សារទរ​ ស្វាគមន៍ពី​បណ្តាប្រទេស​ផ្តល់​ជំនួយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​បណ្តាមិត្ត​របស់​កម្ពុជា​ផង​ដែរ​ ជាពិសេស​ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ពួក​គេ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជាបន្ត​បន្ទាប់​ ដោយ​បាន​វាយ​ត្លៃ​ថា​ ការ​បោះឆ្នោត​​នេះ​បាន​ប្រព្រឹត្តិ​​ទៅ​ដោយ​រលូន​ មាន​សុខ​សន្តិភាព​ និង​មាន​ភាព​ល្អ​ប្រសើរ​ជាង​អាណត្តិ​​មុនៗ​ទៀត​ផង​។

ផ្ទុយ​ទៅ​វិញ​ មាន​ក្រុម​សង្គម​ស៊ីវិល​មួយ​ ឬពីរ​ក្រុម​ប៉ុណ្ណោះ​​ ដែល​កន្លង​ទៅ​តែង​តែ​វាយ​ប្រហារ​ និង​មិន​ព្រម​ទទួល​យក​នូវ​សច្ចៈភាព​នៃ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​។ គេ​បាន​ដឹង​ច្បាស់​គ្រប់ៗគ្នា​ថា មេ​អង្គការ​មួយ ឬពីរ​នោះ​​ គឺ​ជា​នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ដែល​ហៅកាត់​ថា​ ខុម​ហ្វ្រែល​ និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មួយ​ទៀត​ឈ្មោះ​ថា​​ អង្គការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅកម្ពុជា​ ហៅកាត់​ថា​ និចហ្វិច ដែល​មេ​ក្លោង​ទាំង​ពីរ​នេះ​បាន​ទទួល​បញ្ជា​ដោយ​សំងាត់​ពីបក្ស​ប្រឆាំង​ និង​​ជន​បរទេសដែលមានចេតនាមិនល្អចំពោះកម្ពុជា​ ឱ្យ​បដិសេធ​លទ្ធ​ផល​​បោះ​ឆ្នោត​ និង​វាយ​តម្លៃថា​ ​ស្ថាន​ការ​ណ៍​បោះ​ឆ្នោត​បែរ​ទៅ​ជាមាន​ភាព​អាប់​អួរ​ មិន​អាច​ទទួល​យក​បាន​ តាម​រយៈការ​បង្កើត​ បន្ទប់​ស្ថាន​ការ​ណ៍​ស្តី​ពី​ការ​បោះ​ឆ្នោត ម្តង​ហើយ​ម្តង​ទៀត​ តាំង​ពី​ឆ្នាំ​២០១៣​​ និង​​ ឆ្នាំ​២០១៧ នេះ​ទៅវិញ​។

ការ​បង្កើត​បន្ទប់​ស្ថាន​ការណ៍​នេះ​ គឺ​បាន​អនុវត្ត​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​បទ​ប្បញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួច​ទៅ​ហើយ​ ដូច្នេះ​ហើយ​ទើប​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​ក្រសួង​សាមី ទទួល​បន្ទុក​គ្រប់​គ្រង​ ត្រួត​ពិនិត្យ​ បាន​ចេញ​លិខិត​ព្រមាន​ ដោយ​ស្នើ​ឱ្យ​បញ្ឈប់នូវ​​សកម្មភាព​ខុស​ច្បាប់​របស់​បន្ទប់​ស្ថាន​ការណ៍​នេះភ្លាម​ៗ​​ និង​ត្រូវ​អនុវត្ត​​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ស្រប​តាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ ព្រម​ទាំង​ឱ្យ​សម​ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋានគតិយុត្តនានា​ជាធរមាន​។

យោង​តាម​ សេចក្តី​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ អាច​បញ្ជាក់​បាន​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​បន្ទប់​ស្ថានការណ៍​ នាពេល​កន្លង​មកនោះ​ គឺ​មិនមាន​តម្លៃ​គតិយុត្ត​ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​អព្យាក្រឹត្យភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​ ដូច​មាន​ចែង​ក្នុង​មាត្រា​២៤ នៃ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ យ៉ាង​ពិត​ប្រាកដ​។​ ភាពពិត​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរេជាតិ​ គឺ​គ្មាន​ការ​បោះ​ឆ្នោត​ណា​មួយ​ដែល​រៀប​ចំ​ឡើង​បាន​ល្អ​ឥត​ខ្ចោះ​ ១០០% នោះ​ទេ​ ទោះ​បី​ជាប្រទេស​​នោះ​ជាប្រទេស​​បិតា​ប្រជាធិបតេយ្យ​ ឬ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​ណាក៏ដោយ​។​​​​​​​​​​​​​

ដោយ​សារ​តែ​កូន​ជឹង​ទាំង​ពីរ​របស់​ខ្លួន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ព្រមាន​ឱ្យ​បញ្ឈប់​សកម្មភាព​បែប​នេះ​ហើយ​ ទើប​នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា​ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ លោក​ ភីល​ រ៉ូបឺតសុន​ ​(Phil Robertson) ​ដែល​ជា​អនុប្រធាន​តំបន់​អាស៊ី​នៃអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​បាន​ចេញមុខ​មក​កាង​កូន​ចៅ​ដែល​ជាអាយ៉ង​​របស់​ខ្លួន​​ ដោយ​បាន​​​អំពាវនាវ​​ឱ្យ​ម្ចាស់​ជំនួយ​កម្ពុជា ស្នើ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទបញ្ជា​នេះ​ និង​ធានា​ពី​ការ​ឃ្លាំ​មើល​​របស់​កូន​ជឹង​ទាំង​ពីរ​របស់​ខ្លួន​ឡើង​វិញ​ ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​​ក្រោយ​។​ ការ​បង្ហាញ​មុខ​ជាសាធារណៈ​បែប​នេះ​ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ​ បាន​និង​កំពុង​លូក​ដៃ​ចូល​យ៉ាង​ជ្រៅក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ដែល​ជារដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ និង​​បានរំលោភ​អនុសារណៈ​យោគយល់​គ្នា​ រវាង​ភាគី​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ ​ដែល​បាន​ព្រម​ព្រៀង​គ្នា​កន្លង​មក នៅក្រសួង​ការបរទេស​​។

ជាការកត់​សម្គាល់​ នៅរៀង​រាល់​ការបោះឆ្នោត​ម្តងៗ​ គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​លូក​ដៃ​ចូល​របស់​បរទេស​ ដែល​គាំ​ទ្រ​ក្រុម​ប្រឆាំង​ តាម​រយៈ​ការ​ផ្តល់​ជា​គោល​នយោ​បាយ​​​ យុទ្ធសាស្ត្រ​ និង​​ថវិកា​ ដល់​ក្រុម​ប្រឆាំង​ ដើម្បី​ផ្តួល​រំលំ​គណបក្ស​កាន់​អំណាច​ ដោយ​បង្កើត​​ជា​ព្រឹត្តិការណ៍​​ប្លែកៗ​ ដូច​ជា​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អាច​លុប​ជ្រះ មាន​ជន​ជាតិ​យួន​ចំនួន​ច្រើន​មក​ចូល​រួម​បោះ​ឆ្នោត​ ឬសេចក្តី​ថ្លែង​ការណ៍បង្ហាញ​ពី​ភាព​អាប់​អួរ​ មិន​សេរី​ យុត្តិធម៌​​របស់​បន្ទប់​ស្ថាន​ការណ៍ជាដើម​ ។ល។ ក្នុង​ន័យពួនផ្តុំផ្សែង​បញ្ឆេះ​ឱ្យទៅជា​ភ្លើង​ បង្កឱ្យ​មាន​អំពើ​ហិង្សា​ ​មិន​ទទួល​​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​​​ ដែល​អាច​ឈាន​ដល់​ការ​ធ្វើ​បដិវត្តន៍​មហាជន​ ដើម្បី​ដណ្តើម​​អំណាច​តែម្តង​។​

ជារួម​ ការ​បញ្ចេញ​​មតិ​របស់​​ក្រុម​បន្ទប់​ស្ថានការណ៍​នេះ គឺ​មិន​មែន​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​នោះ​ទេ ប៉ុន្តែ​វាជា​ការ​រិៈគន់​​បែប​រើសអើង​ ដើម្បីកេង​ចំណេញ​ខាង​នយោបាយ និង​លំអៀង​​ទៅ​​រក​​គណបក្ស​ប្រឆាំង​​។ ជាង​នេះ​ទៀត​ សកម្មភាព​របស់​ក្រុម​នេះ​ គឺ​បាន​ប្រព្រឹត្តិ​ផ្ទុយ​​នឹង​ច្បាប់ទាំង​ស្រុង​​ ដោយមិន​បាន​ចុះ​បញ្ជិកា​​ត្រឹមត្រូវ ដែល​បាន​បំពាន​មាត្រា​២៤ នៃ​ច្បាប់​​ស្ដីពី​​​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​អនុម័ត​​កាល​ពី​​ឆ្នាំ​២០១៥​​​​។ ដូច្នេះ​ ការ​បញ្ឈប់​សកម្មភាព​របស់​ក្រុម​បន្ទប់​ស្ថាន​ការណ៍​ ដែល​មាន​អង្គការ​ ខុម​ហ្វ្រែល និង​ និចហ្វិច​ ជា​មេក្លោង​​នេះ​ គឺ​ពិត​ជា​ត្រឹម​ត្រូវ​បំផុត​សម្រាប់​គ្រប់​គ្រង​ស្ថាន​ការណ៍​ នាពេល​បោះឆ្នោត​ខាង​មុខៗ​​ទៀត​​៕​

ដោយ៖​ សួន ចំរើន

កំហុសឆ្គង​ដ៏រសើប​ផ្នែកនយោបាយ​របស់សេត​វិមានអាច​ធ្វើឱ្យចិនខឹង​

ចំណង​ជើង​នៃ​ការ​សរសេរ​​​ដែល​ចេញផ្សាយ​​កាល​ពី​ថ្ងៃ​សៅរ៍ បាន​ពិពណ៌​នា​លោក Xi ថា​ជា​ប្រ​ធា​នា​ធិប​តីនៃ​សាធា​រ​ណ​រដ្ឋ​​​ចិន គឺ​ជា​​​ឈ្មោះ​​​ផ្លូវ​ការ​នៃ​រដ្ឋា​ភិបាល​​​តៃ​វ៉ាន់ ដែល​ប្រ​ទេស​ចិន​​បដិ​សេធមិន​ទទួល​ស្គាល់នោះ​។ លោក ​Xi ដឹក​នាំ​សាធា​រណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៤៩ បន្ទាប់​ពីកង​កម្លាំង​​សាធា​រ​ណ​រដ្ឋ​ចិនបាន​ភៀស​ខ្លួន​ទៅ​កាន់​កោះ​តៃ​វ៉ាន់​ក្នុង​អំឡុងពេល​​សង្រ្គាម​ស៊ី​វិល​ដែល​បាន​បង្ហូ​រ​ឈាម។

សហ​រដ្ឋ​អា​មេ​រិក​ឆ្លើយ​តប​​ចំពោះ​​ការ​ធ្វើ​តេស្ត​មី​ស៊ីល​បាញ់​ឆ្លង​ទ្វីប ICBM ដោយ​ផ្តោត​ទៅ​លើ​ចិន

កំហុស​ឆ្គង​នេះ​ស្ថិត​នៅ​ក្នុង​ចំណង​ជើង​អត្ថ​បទ​​ប៉ុណ្ណោះ គឺ​​មិន​មែន​អត្ថ​បទ​ទាំង​មូល ឬ​នៅ​ក្នុង​សុន្ទ​កថា​របស់​ប្រ​ធា​នា​ធិប​តី​ ​Donald Trump ទៅ​កាន់​លោក Xi ក្នុង​ទី​ក្រុង Hamburg នៃ​ប្រ​ទេស​អា​ល្លឺ​ម៉ង់នោះ​ទេ​។

លោក Shi Yinhong ដែល​ជា​សាស្រ្ត​ចារ្យផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៅ​ឯ​សាកល​វិ​ទ្យា​ល័យ Renmin ចិន បាន​និយាយ​ថា ទី​ក្រុង​ប៉េ​កាំង​ប្រ​ហែល​ជា​មិន​ទទួល​យក​​ភាព​ឆក​ល្វែង​ផ្នែក​បច្ចេកទេសនោះទេ​​ ប៉ុន្តែ​វា​បង្ហាញ​ឱ្យ​ឃើញ​ពី​របៀបដែល​សេត​វិ​មាន​​ធ្វើ​ការ​​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Trump និង​មិន​បាន​ជួយ​អ្វី​ទាល់​តែ​សោះ​ដល់​ទំនាក់​ទំនង​ចិន​-អា​មេ​រិក។​

លោក Shi បាន​និយាយ​ថា «​វា​គឺ​ជា​ចំណេះ​ដឹង​មូល​ដ្ឋាន​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ផ្នែក​ការ​ទូត​ ប៉ុន្តែ​ឧបទ្ទ​វ​ហេតុ​នេះ​បាន​បង្ហាញ​ពី​អសមត្ថ​ភាពរបស់​បុគ្គ​លិក​សេត​វិ​មាន​ ទំហំ​ប៉ុណ្ណា​ដែល​ពួក​គេ​ធ្វើ​ជា​រឿង​ធម្ម​តា និង​របៀប​ដែល​ពួក​គេ​មាន​ទំនាក់​ទំនង​គ្នា​មិន​បាន​ល្អ​​។ វា​នឹង​ធ្វើ​ឱ្យ​ប្រ​ជា​ជន​ចិន​មើល​ងាយ​រដ្ឋា​ភិបាល​អា​មេ​រិក​ចំពោះអ្វី​​ដែល​ខ្លួន​បាន​ធ្វើ​ឱ្យ​មាន​កំហុស​ឆ្គងរាក់​កំផែល​បែបនេះ»។

លោក Wang Dong ដែល​ជា​សាស្រ្ត​ចារ្យ​បម្រុង​នៅ​ឯ​សាលា​សិក្សាផ្នែក​កិច្ច​ការ​អន្តរ​ជាតិ​នៃ​សាកល​វិទ្យា​ល័យកំពូល​​ Peking បាន​និយាយ​ថា គាត់​ជឿ​ថា កំហុស​នេះ​កើត​ឡើង​ដោយ​គ្មាន​ចេត​នាទេ ប៉ុន្តែ​វា​នៅ​តែ​បង្ហាញ​ពី​កង្វះ​សមត្ថ​ភាព​នៃ​ក្រុម​ការ​ងារ​គោល​នយោ​បាយ​បរ​ទេស​របស់​លោក Trump  ខណៈ​ដែល​តួ​នា​ទី​សំខាន់ៗ​មិន​ទាន់​ត្រូវ​បាន​គេ​តែង​តាំង​នៅ​ឡើយ។

 ទំនាក់​ទំនងចិន-​អា​មេ​រិក​មាន​ភាពល្អកកករ​ ខណៈ​ដែល​មាន​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​កាន់​តែ​កើន​ឡើង

លោក Wang បាន​និយាយ​ថា «​វា​បង្ហាញ​ពី​កង្វះ​ជំនាញ​វិជ្ជា​ជីវៈ​នៃ​​បុ​គ្គ​លិក​សេត​វិ​មាន​ទាក់​ទងទៅ​នឹង​​ផ្នែកការ​ទូត។ កំហុស​​ខ្លួន​ឯង​មិន​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​​ទំនាក់​ទំនងចិន​-អា​មេ​រិក​ទេ ប៉ុន្តែ​សេត​វិ​មាន​គួរ​តែ​ដក​ស្រង់​បទ​ពិសោធ​ន៍​​ពី​មេ​រៀន​នេះ​ ដើម្បី​ធ្វើ​​ការ​ងារ​របស់​ខ្លួនឱ្យ​​ល្អ​ប្រ​សើរ​ឡើង។ វា​គឺ​ជា​កំហុស​ឆ្គង​ដ៏​រសើប​ផ្នែក​នយោ​បាយ​ ដែល​មិន​គួរ​ណា​ឱ្យ​កើត​ឡើង​ឡើយ»។

នៅ​ត្រឹម​ថ្ងៃ​ចន្ទ សេត​វិ​មាន​បាន​ផ្លាស់​ប្តូរ​ចំណង​ជើង​នោះដើម្បី​ឱ្យ​ងាយ​អាច​ ដោយ​ដាក់​ថា «ប្រ​ធានា​ធិប​តី​ ​​​Xi នៃ​ប្រ​ទេស​ចិន»។

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្ស​ន​កិច្ច​ផ្លូវ​រដ្ឋ​កាល​ពី​ឆ្នាំ​២០០៦ របស់​អតីត​ប្រ​ធា​នា​ធិប​តី​ចិន លោក Hu Jintao អ្នក​ប្រ​កាស​កម្ម​វិធី​​នៅ​ឯ​​សេត​វិ​មាន​បាន​និយាយ​ថា ទស្ស​ន​ជន​នឹងបាន​​​ស្តាប់​ឮ​ភ្លេង​​ជាតិ​នៃ​សាធា​រណ​រដ្ឋ​ចិន ជំនួសឱ្យ​សាធា​រ​ណ​រដ្ឋ​ប្រ​ជា​មា​និត​ចិនទៅ​វិញ​​។ ​ភ្លេង​ជាតិ​ដែល​ត្រឹម​ត្រូវ​ គឺ​ត្រូវ​បាន​គេ​ចាក់​យ៉ាង​ឮៗ៕

ប្រភព: AP ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧


ហេតុអ្វី​បានជាលោកស្រី​ Suu Kyi ​បរាជ័យ​ ស្តីពីសេរីភាព​ព័ត៌មាន​

រដ្ឋាភិបាលភូមា ដែលដឹកនាំដោយបក្សសម្ព័ន្ធជាតិសម្រាប់ប្រជាធិបតេយ្យ National League for Democracy  (NLD) ដែលបានចូលកាន់អំណាចអស់រយៈពេលជាង ១ ឆ្នាំមកហើយនោះ ដែលមានលោកស្រី Aung San Suu Kyi ធ្វើជាប្រមុខរដ្ឋាភិបាលជាក់ស្តែង។ ជាការពិតហើយ ដែលលោកស្រី Suu Kyi ប្រើប្រាស់ឥទ្ធិពលច្រើនគួរសម។ ការពិត លោកស្រី Suu Kyi តែងតែបានទទួលការរិះគន់ពីអ្នកធ្វើបទអត្ថាធិប្បាយ និងសមាជិកបក្សរបស់លោកស្រី ដោយសារតែការគ្រប់គ្រង់ប្រើកណ្តាប់ដៃតឹងរ៉ឹងពេកពីរដ្ឋាភិបាល ចំពោះស្ថានភាពដ៏ចាស់ដៃនោះ សមាជិករដ្ឋសភានៃបក្ស NLD ហាក់ដូចជាមិនបានធ្វើអ្វីច្រើននោះទេ។

ដើម្បីឱ្យដឹងច្បាស់នោះ ស្តីពីគោលនយោបាយផ្នែកខ្លះ លោកស្រី Suu Kyi មិនមានកម្រិតនៃការគ្រប់គ្រងទៅលើមេដឹកនាំដទៃទេ ប៉ុន្តែរបៀបបែបជាការបង្កើតប្រជាធិបតេយ្យទៅវិញ។ យោធា នៅតែជាតួអង្គដ៏មានអំណាចមិនធម្មតានៅក្នុងប្រទេសភូមា ហើយជាក្រុមដែលមានសមត្ថភាពក្នុងការប្រតិបត្តិការងារ ដោយមិនចាំបាច់មាននយោបាយច្បាស់លាស់ណាមួយឆ្លងកាត់គណៈរដ្ឋមន្ត្រីឡើយ។ យោធានៅតែមានភាគរយនៃចំនួនអាសនៈនៅក្នុងរដ្ឋសភា ការគ្រប់គ្រងដ៏សំខាន់ទៅលើថវិការបស់ខ្លួន និងការជំទាស់របស់ខ្លួនទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញណាមួយ។ អ្នកគាំទ្រចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញ ដូចជាលោក U Ko Ni អតីតមេធាវីរបស់គណបក្ស NLD ដែលអាចធ្វើឱ្យថយចុះរបស់អំណាចកងកម្លាំងប្រដាប់អាវុធ ត្រូវបានគេធ្វើឃាត។

មិនតែប៉ុណ្ណោះ មាននយោបាយច្រើនផ្នែកដែលលោកស្រី Suu Kyi គួរតែប្រើប្រាស់ឱ្យមានឥទ្ធិពលនោះ ហើយនៅក្នុងនោះសេរីភាពនៃសារព័ត៌មានគឺជាផ្នែកមួយ។ លោកស្រី Suu Kyi គឺជាមេបក្សប្រឆាំងដ៏យូរ ដែលកាលពីពេលនោះ ព័ត៌មាននៅភូមាត្រូវបានគេត្រួតពិនិត្យយ៉ាងតឹងរ៉ឹង កងកម្លាំងសន្តិសុខឃុំឃាំងអ្នកយកព័ត៌មាន ហើយព័ត៌មានរដ្ឋវិញបានប្រើប្រាស់ទំព័ររបស់ពួកគេដើម្បីសើចចំអក និងថ្កោលទោសលោកស្រី។

លោកស្រីគួរតែប្រើប្រាស់វេទិកាដើម្បីជ្រោមជ្រែងសម្រាប់ព័ត៌មានឯករាជ្យ ឱ្យមានសេរីភាពកាន់តែច្រើនឡើងសម្រាប់អ្នកកាសែតដែលធ្វើការនៅក្នុងប្រទេសភូមាទាំងមូល ហើយបញ្ចប់ការប្រើប្រាស់ព័ត៌មានផ្តាច់មុខ។

លោកស្រីអាចបោះជំហានឱ្យកាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើមានអ្នកកាសែតត្រូវបានជាប់ឃុំឃាំង ហើយអំពាវនាវឱ្យមានតម្លាភាពកាន់តែធំធេងឡើងនៅក្នុងរដ្ឋាភិបាល តម្លាភាពនេះហើយដែលអាចដំណើរការទៅដែលជាក្តីពេញចិត្តរបស់គាត់ ចាប់តាំងពីមានការរំលោភបំពានពីសំណាក់កងកម្លាំងប្រដាប់អាវុធទៅលើសារព័ត៌មានភូមាដោយត្រង់ ហើយជាការដាក់សម្ពាធឱ្យ មានវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ប៉ុន្តែលោកស្រី Suu Kyi មិនបានប្រកាន់នូវយុទ្ធសាស្ត្ររបៀបនេះទេ។ ផ្ទុយទៅវិញ ក្នុងមួយឆ្នាំកន្លងមកនេះ សេរីភាពសារព័ត៌មាននៅភូមាហាក់ដូចជាត្រឡប់ទៅរកភាពដើមដែលមានការរីកចម្រើនតិចតួច។ នៅក្នុងស្ថានភាពខ្លះ សេរីភាពសារព័ត៌មាននៅភូមា ឥឡូវនេះហាក់ដូចជាកាន់តែមានភាពរឹតត្បិតជាង កាលពីឆ្នាំចុងក្រោយបង្អស់នៃអតីតរដ្ឋាភិបាលលោក Thein Sein ទៅទៀត។

រដ្ឋាភិបាលលោកស្រី Suu Kyi មិនបានព្យាយាមផ្លាស់ប្តូរច្បាប់ដែលមាន ដែលជាឧបសគ្គដ៏ចម្បងចំពោះសេរីភាពសារប័ត៌មាន។

លោក Shawn Crispin នៃអង្គការគណៈកម្មការការពារអ្នកកាសែតកត់សម្គាល់ថា «កត្តាដ៏ចម្បងនៅក្នុងច្បាប់នោះ គឺនៅក្នុងចំណុចទី៦៦ នៃច្បាប់ទូរគមនាគមន៍ ដែលជាច្បាប់ចែងអំពីការដាក់គុក ៣ ឆ្នាំចំពោះករណីបង្ខូចកេរ្តិ៍ឈ្មោះ តាមរយៈបណ្តាញសារគមនាគមន៍។ ខណៈពេលដែលច្បាប់នេះត្រូវបានគេប្រើប្រាស់ម្តងម្កាល់ប៉ុណ្ណោះប្រឆាំងនឹងអ្នកកាសែត ក្រោមការគ្រប់គ្រងអំណាចបែបយោធា អ្នកនយោបាយ មន្ត្រីយោធា សូម្បីតែព្រះសង្ឃក៏ត្រូវបានគេប្រើប្រាស់ច្បាប់នេះដើម្បីខ្ទប់ការផ្សាយតាមអនឡាញ និងការរិះគន់តាមប្រពន្ធព័ត៌មានសង្គម»។

ចាប់តាំងពីរដ្ឋាភិបាលលោកស្រី Suu Kyi ចូលកាន់តំណែងមានការប្តឹងចំនួន ៥៥ ករណីនៅក្រោមច្បាប់នេះ។ ហើយកាលពីចុងខែមុខមានអ្នកកាសែត ៣ នាក់ត្រូវបានគេចាប់ខ្លួន។

អ្នកនាំពាក្យសម្រាប់គណបក្សលោកស្រី Suu Kyi បានប្រាប់កាសែត New York Times ថា «សម្រាប់បុគ្គលិកព័ត៌មាន សេរីភាពសារព័ត៌មានគឺជាតម្រូវការដ៏សំខាន់… សម្រាប់យើងវិញសន្តិភាព ការអភិវឌ្ឍជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចគឺជារឿងអាទិភាព ហើយបន្ទាប់មកនោះ គឺរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលរាប់បញ្ចូលទាំងសេរីភាពសារព័ត៌មានផងដែរ»៕

ប្រភព : The Diplomat ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧

នៅទីបញ្ជាការជួរមុខ ប្រារព្ធពិធីផ្ទេរ ប្រគល់អគារជួសជុលថែទាំ នាវា ល្បាត ធុនតូច

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីបញ្ជាការជួរមុខ បានប្រារព្ធពិធីផ្ទេរ ប្រគល់អគារជួសជុលថែទាំ នាវាល្បាត ធុនតូច ក្រោមអធិបតីភាព លោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកស្រីJulie Chung អនុប្រធានស្ថានបេសកកម្មសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការ ចូលរួមពី អគ្គលេខាធិការរង លោកមេបញ្ជាការរង កងទ័ពជើងទឹក លោកមេបញ្ជាការជួរមុខ លោកមេបញ្ជាការរង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន មន្រ្តីស្ថានទូត កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងពិសេសប្រឆាំងភេរវកម្ម កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ សរុបចំនួន១១៥រូប ៕







រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យស្ថានភាពពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៧ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខអ្នកជំងឺសំរាកព្យាបាល និងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ឆាទី១។

ក្នុងឱកាសនេះលោកបានសរសើរបុគ្គលិកសុខាភិបាល ដែលខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់ និងមានភាពទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់។ ទន្ទឹមនិងនោះដែរ លោកក៏បានកោតសរសើរថ្នាក់ដឹកនាំនិងបុគ្គលិក នៃមន្ទីរពេទ្យដែលខិតខំផ្តល់សេវាប្រកបដោយនិរន្តភាព។
សូមជម្រាបផងដែរថា មន្ទីរពេទ្យគន្ធបុប្ផាក៏ជាមន្ទីរពេទ្យដែលដើរតួរនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលដល់និសិ្សតជំនាន់ក្រោយក្នុងជំនាញរោគកុមារ។ក្រសួងសុខាភិបាលនឹងបន្តខិតខំប្រឹងប្រែងសហប្រតិបត្តិការជាមួយមូលនិធិគន្ធបុប្ផាក្នុងការធានានិរន្តរភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋដោយមានប្រសិទ្ធិភាពខ្ពស់៕





ជនពិការ​ត្រូវបាន​លើកទឹកចិត្ត ​និងតែងតាំង​ជាប្រធាន​មន្ទីរមុខងារ​សាធារណៈ​ខេត្តតាកែវ​

លោក ទេព វណ្ណហេង អនុប្រធានមន្ទីរមុខងារសាធារណៈខេត្តតាកែវ ដែលជាជនពិការ ត្រូវបាន ប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តតាកែវ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក យស ណាស៊ី អភិបាលរងខេត្តតាកែវ។

លោក រស់ សូផាន់ បានថ្លែងថា ការតែងតាំងនេះបានបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្តតាកែវ បានផ្តល់ការយកចិត្តទុកដាក់ និងទទួលស្គាល់នូវតម្លៃមន្រ្តីរាជការជាជនពិការ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការតែងតាំងឲ្យកាន់មុខតំណែងដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ និងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ៕





​ថ្នាក់ដឹកនាំខណ្ឌជ្រោយចង្វារ បើកការដ្ឋានជួសជុល​ផ្លូវមួយខ្សែ និងរៀបចំប្រព័ន្ធលូ​ ក្នុងសង្កាត់ព្រែកលៀប

លោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ តំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០១៧នេះ ​ចុះបើកការដ្ឋានស្ថាបនាជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ ដែលមានបណ្ដោយ៦៨៦ម៉ែត្រ ទទឹង៥ម៉ែត្រ សរុប៣,៤៣០ ម៉ែត្រការ៉រ និងមានកម្រាស់១៥សង់ទីម៉ែត្រ និងជួសជុលលូជ្រុងតូចឡើងវិញ «ឥដ្ឋតាន់» ដែលមានបណ្ដោយ៦៩១ម៉ែត្រ មានមុចកាត់ ៣០សង់ទីម៉ែត្រ​​ ចាប់ពីព្រែកយាយអ៊ាត រហូតទៅដល់ព្រែកទី២ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប​ ដោយប្រើប្រាស់ថវិកាមូលនិធិ ខណ្ឌឆ្នាំ២០១៧។

ពិធីបើកការដ្ឋានក្នុងការស្ថាបនាជួសជុលផ្លូវបេតុង និងបណ្ដាញលូ​នេះដែរ ក៏មានការចូលរួមពីលោក កៅ សារ៉ាវុធ នាយករងរដ្ឋបាលខណ្ឌ មន្ត្រីសាលាខណ្ឌ-សង្កាត់ និងប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។

លោក ឡេង រ៉ាវង្ស ​បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ពិតជាមានគម្រោងចង់បាន ដោយធ្វើយ៉ាងណា ដើម្បីកែប្រែផ្លូវដីមួយចំនួន នៅតាមសង្កាត់នីមួយៗ ឱ្យទៅជាផ្លូវបេតុង ​និងដាក់ទាំង ប្រព័ន្ធលូរំដោះទឹក ក្នុងការបញ្ជៀសពីការលិចលង់ពីជុំនន់ទឹកភ្លៀង សម្រាប់មូលដ្ឋានខណ្ឌជ្រោយចង្វារទាំងមូល។

បើតាមអភិបាលរងខណ្ឌរូបនេះ ​កត្តាទាំងនេះបំពេញទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មានទាំងភាពងាយស្រួលធ្វើដំណើរ និងអាចកាត់បន្ថយនូវការកកស្ទះចរាចរជាដើម ពិសេសផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដ៏មានសារៈសំខាន់បំផុត ហើយក្នុងមួយឆ្នាំៗ​សាលារាជធានីភ្នំពេញ បានផ្ដល់កញ្ចប់ថវិកាយ៉ាងច្រើនមកសាលាខណ្ឌ ដើម្បីធ្វើការសិក្សាលើគម្រោងដែលមានជាអទិភាព ក្នុងការអភិវឌ្ឍ​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ៕






រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ​រៀបចំប្រារព្ធ​ពិធីរុក្ខទិវា​ដាំដើមឈើ​ លើទំហំដី​ប្រមាណជាង​៤ហិកតា​ ក្នុងក្រុង​ច្បារមន​

រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំប្រារព្ធពិធីរុក្ខទិវាដាំដើមឈើ ដែលមានទំហំដីប្រមាណជាង៤ហិកតា ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ក្រោមអធិបតីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្ត រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជិត ៦០០នាក់។

ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក ឈៀង តុលា បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអាជ្ញាធរខេត្ត បានកំណត់យកទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ប្រារព្ធពិធីរុក្ខទិវា នៅលើផ្ទៃដីទំហំ៤ហិកតា ហើយកូនឈើដែលត្រូវយកមកដាំនៅក្នុងពិធីនេះ រួមមានប្រភេទឈើក្រញូង និងឈើបេង សរុបចំនួន៣,០០០ដើម។

លោក វ៉ី សំណាង បានឲ្យដឹងថា គោលបំណងសំខាន់នៃពិធីរុក្ខទិវានេះ គឺដើម្បីបំផុសស្មារតីចូលរួមស្តារ និងដាំដើមឈើឡើងវិញ ធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន រក្សានិយតភាពប្រភពទឹក ការពារទីជម្រាល និងជីវចម្រុះ ព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នទៅបរិយាកាស និងជួយទ្រទ្រង់ជីវភាពរស់នៅ សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ ដែលពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ។

លោកបានបន្តថា ធនធានព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសបានផ្តល់សារប្រយោជន៍ជាច្រើន ដល់សង្គមជាតិទាំង បច្ចុប្បន្ន និងអនាគត។

លោកអភិបាលខេត្ត បានបន្តទៀតថា យើងរួមគ្នាដាំដើមឈើ មិនតែប៉ុណ្ណោះពលរដ្ឋគ្រប់រូបមានភារកិច្ចថែរក្សាការពារប្រភពទ្រទ្រង់ជីវិតនេះ ដោយត្រូវចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍព្រៃឈើ ឲ្យមានប្រសិទ្ធិភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិយើងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត។

លោកអភិបាលខេត្ត បានបន្ថែមថា ការប្រារព្ធរុក្ខទិវានៅថ្ងៃនេះ គឺក្នុងបំណងអបអរសាទរ រុក្ខទិវាថ្នាក់ជាតិនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ដែលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសព្វព្រះរាជហារទ័យ យាងក្នុងព្រះរាជពិធី «រុក្ខទិវា» ដែលបានប្រារព្ធឡើង នៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នាពេលកន្លងទៅ៕