នៅថ្ងៃទី ១៣ វិច្ឆិកា ២០១៧ នេះ ទំព័រ Facebook ផ្លូវការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ទទួលបានការគាំទ្រ (Like) យ៉ាងខ្លាំងកើនឡើងយ៉ាងឆាប់រហ័សជាង៩លាន Likes ។ ការកើនឡើងយ៉ាងគំហកនេះ គឺបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសាធារណជនទាំងក្នុង និងក្រៅប្រទេស។ ទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថាជាប្រភពផ្តល់ព័ត៌មានពិតប្រាកដ និងច្បាស់លាស់បំផុតអំពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាព័ត៌មានអំពីការរីកចម្រើន និងនយោបាយការបរទេសរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរគឺ Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តល់ភាពងាយកាន់តែស្រួលដល់សាធារណជនទូទៅ មន្រ្តីរាជការ ជាពិសេសយុវជនយុវតីមានឱកាសបានបញ្ចេញមតិយោបល់ និងជម្រាបពីកង្វល់ និងបញ្ហាផ្សេងៗមកកាន់នាយករដ្ឋមន្រ្តីពោលគឺប្រជាពលរដ្ឋកាន់តែមានឱកាសអាចឆ្លើយឆ្លង និងទំនាក់ទំនងដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាលបានយ៉ាងងាយស្រួលបំផុត។
តាមរយៈ Facebook នេះ កន្លងមក គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដោះស្រាយនូវបញ្ហានានាជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិដូចជាការសម្រេចឱ្យមានការបន្ធូបន្ថយអំពីបណ្ណបើកបរ ការដកយកប្រាសាទអង្គរវត្តមកឱ្យរដ្ឋគ្រប់គ្រងវិញ ការមិនយកលុយតទៅទៀតចំពោះរមណីយដ្ឋាន ស្ពាន និងផ្លូវមួយចំនួនដូចជា ផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ផ្លូវ និងស្ពាន លីយ៉ុងផាត់ ស្ពានកោះកុង រមណីយដ្ឋានឋានសួគ៌បូកគោ ជាដើម រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលលោកបានចូលរួមដោះស្រាយតាមរយៈបណ្តាញសង្គម Facebook នេះ៕