Friday, May 23, 2014
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញបើកពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២ នៅរាជបណ្ឌិតសភាកម្ពុជា
ស្តង់ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សាមកពីប្រទេសចិនចំនួន២២ ត្រូវបានដាក់តាំងនៅរាជបណ្ឌិតសភាកម្ពុជា ដើម្បីបើកឲ្យសាធារណជនចូលទស្សនាចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤តទៅ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី ២ នៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។
ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២ នេះរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សំដៅចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វត្តមានក្នុងពិធីសម្ពោធពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២ មានឯកឧត្តម លី ជាវគង់ ភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោកស្រី លីវ ជីងហួយ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេសចិន ចូលរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីជាច្រើនរូបទៀតផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ចាត់ទុកថា ការរៀបចំ “ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិន” នេះគឺជាការរួមចំណែកដ៏សំខាន់ឆ្លើយតបទៅនឹងតម្រូវការថ្មីៗ នៃការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាពខ្ពស់ ទាំងចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសីលធម៌។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ផ្តល់ការលើកទឹកចិត្តថា “ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រឱ្យមានការងារពិព័រណ៍នេះជារៀងរាល់ឆ្នាំដើម្បីផ្តល់ពុទ្ធិ និងបទពិសោធន៍បន្ថែមដល់សិស្ស-និស្សិតកម្ពុជា អំពីស្ថានភាពសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិន”។ ពិព័រណ៍នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់វិស័យអប់រំឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លើសពីនេះទៀតពិព័រណ៍នេះ ក៏រួមចំណែកផងដែរដល់បេសកកម្មពង្រឹង និងពង្រីកចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ចិនតាមរយៈទំនាក់ទំនងនៃវិស័យអប់រំនៃប្រទេសយើងទាំងពីរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍រំឭកឡើងវិញថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ នៅក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី២របស់វិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជា ស្តីពី «ខួប៥៥ឆ្នាំ នៃទំនាក់ ទំនងការ ទូតកម្ពុជា-ចិន» ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំឭកអំពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។
ទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពនេះ កាន់តែមានភាពស្អិតរមួតថែមទៀត ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រហូតសម្រេចបាននូវដំណាក់កាល ថ្មីដ៏គួរឱ្យកត់សម្គាល់ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត ដែលជាកត្តានាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ។ ជាងនេះទៅទៀត នៅក្នុងគោលនយោបាយការបរទេស រាជរដ្ឋាភិបាលកម្ពុជាជានិច្ច កាលគាំទ្រគោលនយោបាយចិនតែមួយ និងជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ ។ នេះគឺឆ្លុះបញ្ចាំងឱ្យឃើញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល កម្ពុជា ចំពោះគោលនយោបាយការបរទេសអព្យាក្រឹត សន្តិសហវិជ្ជមាន មិនចូលបក្សសម្ព័ន្ធ កសាងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយគ្រប់ប្រទេស ដោយឈរលើគោលការណ៍សមភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត។
លោកជុំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា ពិព័រណ៍លើកទី១ បានរៀបចំឡើងនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ដោយមានការចូលរួមពីសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន១៤។ ដោយឡែកពិព័រណ៍លើកទី២ នេះ មានសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន ២២ បានមកចូលរួមផងដែរ។
លោកជុំទាវ ខ្លូតធីតា បន្តថា “ជារៀងរាល់ឆ្នាំសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់អាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា។ ដោយសារធនធានមនុស្សជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេសចិន នឹងពិចារណាផ្តល់អាហារូបករណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតដល់និស្សិតកម្ពុជា”។
សូមបញ្ជាក់ថា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន ១៤០០នាក់ បាននិងកំពុងសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយការផ្តល់ការអាហារូបករណ៍ពីប្រទេសចិន និងការបង់ថ្លៃសិក្សាដោយខ្លួនឯង៕
Subscribe to:
Posts (Atom)