Wednesday, June 24, 2020

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១.០០០.០០០ USD (មួយលានដុល្លារសហរដ្ឋអាមេរិច) ជូនរាជរដ្ឋាភិបាលកម្ពុជា

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១.០០០.០០០ USD (មួយលានដុល្លារសហរដ្ឋអាមេរិច) ជូនរាជរដ្ឋាភិបាលកម្ពុជា ជាលើកទី២ សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩(COVID-19)នេះ ដែលកំពុងរាលដាលក្នុងពេលបច្ចុប្បន្ន។

យុទ្ធនាការចុះផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩

ស្វាយរៀង ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា និងអ្នកស្ម័គ្រចិត្តភូមិ ឃុំ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ ចែកសាប៊ូ ម៉ាស់ ព្រមទាំងបិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមខ្នងផ្ទះ ចែកប័ណ្ណប្រកាសពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពនិងផ្សព្វផ្សាយបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋចំនួន ២១០ នាក់ ស្រី ១៨៧ នាក់ស្មើនឹង៤៧ ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិបុស្ស និងភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រាក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC)។
នាឱកាសនោះលោក សរ វណ្ណា បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាល ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួនតាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។
លោកនាយក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ៕




លោក ទៀ សីហា៖ ក្រុងសៀមរាបនឹងមានលេខផ្លូវ និងឈ្មោះផ្លូវ ១៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ

សៀមរាប៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារបច្ចេកទេស ឈ្មោះផ្លូវ និងលេខផ្លូវក្នុងក្រុងសៀមរាប។ ផ្លូវក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សា និងរៀបចំមានចំនួន ១៨១៦ខ្សែ ក្នុងនោះផ្លូវប្រមាណជាង ៥០ខ្សែត្រូវបានដាក់ឈ្មោះ។
នៅក្នុងកិច្ចប្រជុំ ក៏បានឯកភាពលើការកំណត់លេខផ្លូវ បានកំណត់ជាប្លុកចំនួន ៤ប្លុក ក្នុងនោះប្លុក(ក) មានចំនួន ៥៧៥ខ្សែ ប្រវែងសរុប ១១៤ពាន់៦០០ម៉ែត្រ , ប្លុក (ខ) មាន ចំនួន ៣០៥ខ្សែ មានប្រវែងសរុប ១៤៨ពាន់៩៩០ម៉ែត្រ , ប្លុក (គ) មានចំនួន៤៤០ខ្សែ មានប្រវែងសរុប ១៣៤ពាន់៣៨០ម៉ែត្រ និង ប្លុក (ឃ) មានចំនួន៤៩៦ខ្សែ មានប្រវែងសរុប ១១៥ពាន់៦៣០ម៉ែត្រ ។ ដោយឡែក ឈ្មោះផ្លូវត្រូវធ្វើការកែសម្រួលមួយចំនួនដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន , សប្បុរសជន និង ឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ តាមវប្បធម៌ និងឈ្មោះពីបុរាណ និងទៅតាមទម្លាប់មួយចំនួន ហើយត្រូវស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនផងដែរ។
លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវថ្នល់ គម្រោងប្លង់ និង កំណត់គម្រោង សាងសង់ ស្តារឡើងវិញ ក្នុងការកែលម្អ ពង្រីក និង ថែទាំផ្លូវថ្នល់ ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក្នុង ការស្នើសុំគោលការណ៍ឯកភាពពីរដ្ឋាភិបាលផងដែរ។ ដូចនេះ រដ្ឋបាលខេត្តនឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវលេខផ្លូវ និងឈ្មោះផ្លូវនាពេលឆាប់ៗ ខាងមុខនេះ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រកាសកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គូសបញ្ជាក់ថារាជរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធនឹងកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ប្រសិនបើពុំមានសមត្ថភាពទេ យើងក៏មិនអាចប្រកាសកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅថ្ងៃនេះបានដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែមាននូវឆន្ទៈនយោបាយច្បាស់លាស់ក្នុងការជួយដោះស្រាយបញ្ហា និងការលំបាករបស់ប្រជាពលរដ្ឋជានិច្ច៕




វគ្គបណ្តុះបណ្តាលភាពជាឣ្នកដឹកនាំ និងការចូលរួមកិច្ចការសង្គម ដល់ក្រុមយុវវ័យមិត្តឣប់រំមិត្តនៃគម្រោងឆ្លើយតបសុខភាពសហគមន៍

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ បាន ឣញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាឣ្នកដឹកនាំ និងការចូលរួមកិច្ចការសង្គម” ជូនដល់ក្រុមយុវវ័យមិត្តឣប់រំមិត្តនៃគម្រោងឆ្លើយតបសុខភាពសហគមន៍ របស់ អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក)។
គោលបំណងនៃការបណ្តុះបណ្តាលគឺដើម្បី៖
១- បង្កើនចំណេះដឹងដល់យុវវ័យស្ដីពីភាពជាអ្នកដឹកនាំ និងការចូលរួមកិច្ចការសង្គម
២- បង្កើន និងពង្រឹងសមត្ថភាពដើម្បីមានទំនុកចិត្តលើខ្លួនឯងក្នុងការចូលរួមការក្នុងការងារសង្គម។
សមាសភាពចូលរួមក្នុងពិធីនោះមានលោកស្រី ហែម សោភា អ្នកសម្រប សម្រួលគម្រោង និងលោក សាយ ប៊ុនថេង ជាឣ្នកសម្របសម្រួល ដោយមានសិក្ខាកាមជាយុវវ័យចំនួន១៨នាក់ មកពីឃុំទាំង៩ ក្នុងស្រុកសាមគ្គីមានជ័យ។
របៀបវារៈនៃវគ្គបណ្តុះបណ្តាលមានដូចជា៖ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង , ភាពខុសគ្នានៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង , ទម្រង់ ឬម៉ូដែលនៃភាពជាអ្នកដឹកនាំ , សង្គមល្អនិងពលរដ្ឋសកម្ម , ទម្លាប់ទាំង៧ របស់មនុស្សជោគជ័យ , តួនាទីរបស់យុវជន និងការចូលរួមកិច្ចការសង្គមរបស់យុវជន។
សូមបញ្ជាក់ថា÷ អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដល់ក្រុមគោលដៅជាយុវវ័យ និងទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់
អ្នកជំងឺតាមតំបន់គោលដៅ៕


គ្រឿងញៀនទម្ងន់ជាង៩៥០ក្រាម ត្រៀមដុតកម្ទេចចោលក្នុងថ្ងៃទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោ ក អុឹង គឹមលាង តំណាាងលោកបណ្ឌិត ម៉ៅ ធនិន អភិ បាលនៃគណៈអភិបាកខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា នឹងការត្រួតពិនិត្យបើកកញ្ចប់គ្រឿងញៀនដែលសមត្ថ កិច្ចខេត្តពោធិ៍សាត់ចាប់់បាននាពេលកន្លងមក ហើយសំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ ដែលបានការចូលរួមពីព្រះរាជអាជ្ញា និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យបើកកញ្ចប់គ្រឿងញៀននៅថ្ងៃនេះ គឺដើម្បីត្រៀមសម្រាប់ដុតបំផ្លាញចោលនៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២០ ដែលជាថ្ងៃទិវាប្រយុទ្ធប្រឆាំងគ្រឿង ញៀន។ គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាននាពេលកន្លងមកនេះ មានចំនួនជាង៩៥០ក្រាម។ ក្នុងនោះលោកបានសុំឱ្យខាងតុលាការជួយបន្តកាត់សាលក្រមដែលនៅសេសសល់និងដាក់ទោសទណ្ឌឱ្យបានត្រឹមត្រូវចំពោះជនល្មើសដែលបានជួញ។ ម្យ៉ាងទៀតសុំឱ្យខាងតុលាការចេញនូវសារពើភ័ណ្ឌ និងការលក់ឡៃឡុងសម្ភារមួយចំនួ នដើម្បីយកថវិកាមកជួយទ្រទ្រង់ដល់សមត្ថកិច្ចដែលបានចូលរួមក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះដើម្បីជួយជាកម្លាំងចិត្តដល់បងប្អូនសមត្ថកិច្ចបន្តបង្រ្កាបបទគ្រឿងញៀនបន្តទៅមុខទៀត។
ជាចុងក្រោយ លោក សូមសំណូមពរដល់បងប្អូន និងក្មួយៗមេត្តាជៀសចាកឆ្ងាយពីគ្រឿងញៀន៕



សមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ ទទួលបានផ្ទះដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង, លោកឧត្តមសេ នីយ៍ទោ ធន ធឿន មេបញ្ជាការសឹករងខេត្ត និងជាប្រធា នសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេ នីយ៍ទោ ខូវ លី ស្នងការនគបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរស្រុក ឃុំ បានអញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ០៤ខ្នងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកអតីតយុទ្ធជនជាជនពិការចំនួន ២គ្រួសារ និងនិវត្តន៍ជន ២គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អំណោយផ្ទះចំនួន៤ ខ្នង ត្រូវបានប្រគល់ជូនមាន៖
១. លោក សេន កើ ជានិវត្តន៍ជន រស់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច។
២. លោក នៅ ធឿន ជានិវត្តន៍ជន រស់នៅភូមិច្រករមៀតផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
៣. លោក យ៉ន សាវិន ជាជនពិការ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច។
៤. លោក យឹម ចាន់សុភាព ជាជនពិការ រស់នៅភូមិប្របផ្ជៈ ឃុំច្រេស ស្រុកកំពង់ត្រឡាច។
លោក ហេង ពិទូ និងក្រុមការងារ ក៏បានឧបត្ថម្ភដល់គ្រួ សារសមាជិកអតីតយុទ្ធជនទាំង៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន ថវិកា ៣០០,០០០រៀល, អង្ករ ២បេ, មី ១កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ២យួរ, ដើមស្វាយ ដើមដូង និងមាន់ពូជបួនក្បាល។
ក្នុងឱកាសនោះ លោក ហេង ពិទូ បានមានមតិសំណេះ សំណាល សួរសុខទុក្ខបងប្អូនអតីត យុទ្ធជន និងប្រជា ពលរដ្ឋដែលបានចូលរួម និងបានសំណូមពរត្រូវខិតខំជំរុញការងារបង្កបង្កើនផល ការចិញ្ចឹមសត្វ ដាំដំណាំបន្ទាប់បន្សំ ដើម្បីជួយដល់ជីវភាពរស់នៅក្នុងគ្រួសារ និងត្រូវចេះអនាម័យដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន នឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ នាពេលនេះ រំលេចឲ្យឃើញជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់លោកជានាយករដ្ឋមន្ត្រី នឹងមិនទុកឲ្យពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយអត់បាយដោយគ្មានការយកចិត្តទុកដាក់នោះទេ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី២៤មិថុនានេះ លោកនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ទាំងអស់ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមនេះ ប្រកបដោយ ភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ។
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបាន ស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាន នូវជំនួយសង្គមនាពេលនេះ ឬ ជំនួយផ្សេងទៀតនាពេលអនាគត៕




ប្រមុខរាជរដ្ឋាភិបាល ប្រកាសជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្រីក្រតាមរយៈប័ណ្ណសមធម៌

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឱ្យដំណើរការសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ តាមរយៈប័ណ្ណសមធម៌ ហៅថា ក្រ.១ ក្រ.២ ដោយធ្វើការបែងចែកទៅតាមប្រភេទ និងទៅតាមតំបន់នីមួយៗទូរទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះជំនួយសង្គមនេះ រាជរដ្ឋាភិបាលមានគោលបំណង គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចំពោះកម្មវិធីជំនួយសង្គមនេះ មិនមែនជាអចិន្ត្រៃយ៍នោះទេ គឺត្រូវធ្វើឡើងតែក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ តែប៉ុណ្ណោះ ហើយនៅពេលវិបត្តិសាកលលោកនេះផុតរលត់ទៅវិញ នោះរាជរដ្ឋាភិបាលនឹងយកកញ្ចប់ថវិការពីកម្មវិធីជំនួយសង្គមនេះ បង្វិលទៅជាថវិកាសម្រាប់បម្រើដល់ការអភិវឌ្ឍជាតិ ទៅតាមសេចក្តីត្រូវការដែលមានអាទិភាពចាំបាច់បំផុត៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយគឺហ៊ានធ្វើ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយ គឺហ៊ានធ្វើហើយការធ្វើនោះគឺដោយភាពហ្មត់ចត់ជាទីបំផុត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះគឺត្រូវធ្វើឡើងនៅរៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ តាមធនាគារឯកទេសវីង ដែលមានទូទាំង២៥រាជធានី ខេត្ត៕





ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានករណីឆ្លងថ្មីទេ ខណៈមានអ្នកជាសះស្បើយ១នាក់ទៀតដែលធ្វើឱ្យអ្នកជំងឺកូវីដ១៩នៅកម្ពុជានៅសល់ត្រឹម២នាក់ប៉ុណ្ណោះ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា ពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសកម្ពុជា ខណៈមានអ្នកជាសះស្បើយ១នាក់ទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដែលធ្វើឱ្យអ្នកជំងឺកូវីដ១៩ នៅកម្ពុជា នៅសល់ត្រឹម២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។
ទន្ទឹមនេះ អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយថ្មីនេះ ជាជនជាតិខ្មែរ មានអាយុ២១ឆ្នាំ មានទីលំនៅនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ហើយត្រូវបានរកឃើញថាមានវិជ្ជមានមេរោគកូវីដ១៩។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់) ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល នៅតែបន្តអំពានាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងរស់នៅប្រកបដោយអនាម័យហើយអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕
សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖


ព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
គួរបញ្ជាក់ថា ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើសាកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ-១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកងាយគ្រោះក្នុងកំលុងពេលកើតជំងឺកូវីដ១៩។ កាលពីខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាល បានណែនាំទៅកាន់ក្រុមការងារថ្នាក់ជាតិទាំងអស់ឱ្យចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកំលុងពេលជំងឺកូវីដ១៩ រាតត្បាត ដើម្បីរាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជួយសម្រួលការលំបាករបស់ពួកគេ៕

Monday, June 22, 2020

ប្រវត្តិនំបញ្ចុកខ្មែរ

នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។
បន្ទាប់មក គេហៅកាត់ៗថា នំបញ្ចុកមិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។

ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖
រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។
ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។
ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។
ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារនេះ ធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចម្ការក្រោយផ្ទះ។
លុះអ្នកស្រែជាប្ដីពិសាហើយក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែមត្រយូងចេក ជាជំនួយ ជាល្បោយនំពិសាហើយ ក៏លែងការរាគរូសដូចមុនទៀត។
ពួកគាត់ទាំងពីរនាក់បានប្រតិស្ឋនាម ឲ្យនំនោះឈ្មោះថា នំសរសៃស្រូវវារ នៅពេលដែល អ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយពួកគាត់តែងតែយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុកចូលមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗខ្លួនជាបន្តៗរៀងមក។
លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅបន្តការងារក្នុងស្រែជំនួសពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះ លក់តាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរជីវិតសុចរិតរបស់ពួកគាត់។
ដល់នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ ៧វស្សា នាំពលសេនាជិះសេះដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។
ពេលនេះ រាជកុមារក៏មានសេចក្ដីសោមនស្សនឹងរសជាតិនំសរសៃស្រូវវារដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតា តាមរកទិញ “នំដែលស្នំបញ្ចុក” នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែនោះជារៀងរាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនា ទៅគាស់ហៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនោះមកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំង រៀងរហូតទៅ។
ចំណេរតមកឈ្មោះ “នំសរសៃស្រូវវារ” ក៏លែងមាននរណាហៅតទៅទៀតដែរ គឺគេទម្លាប់នាំគ្នា ហៅថា “នំដែលស្នំបញ្ចុក” ជាជំនួសវិញយ៉ាងមានប្រជាប្រិយ តែយូរៗក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗខ្លីៗថា “នំបញ្ចុកៗ” បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ៕
សូមបញ្ជាក់ថា រឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធសម្រាប់ការសិក្សាអប់រំ ដូចជារឿងព្រេង ទាក់ទងទៅនឹងភ្នំប្រាសាទ ទឹកដី ច្រើនកន្លែង ហើយរឿងព្រេង មិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរសិល្ប៍ជំនាន់បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ និងស្រួលស្គាល់។
ចំណែកចំណារក្រាំងខ្លះ បានត្រូវបំបាត់ចោល ដោយសារសង្គ្រាមនៅកម្ពុជា ដោយការលុកលុយ ពីប្រទេសជិតខាងផង និងដោយសង្គ្រាមក្នុងស្រុកផង ហើយខ្លះក៏មានសល់មកដល់សព្វថ្ងៃ។
រីឯ ក្រាំងប្រវត្តិសាស្ត្រខ្លះទៀត មិនត្រូវបានគេកកាយយកសិក្សាវិញទេ ព្រោះដោយមូលហេតុ ទំនាស់ទស្សនៈនយោបាយ ឬខុសពីជំនាន់មុន។
(ប្រភពពី: អ្នកស្រី កែវ ច័ន្ទបូរណ៍)
របៀបធ្វើនំបញ្ចុក
ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
ដំណាក់កាលទី២: គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។
ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។
យើងជាខ្មែរគ្រប់រូប គួរតែដឹង ដូច្នេះសូមជួយចែករំលែក ( share ) ចំណេះដឹងមួយនេះផង ក្រោយពីអ្នកអានរួច ដើម្បីឲ្យខ្មែរគ្រប់រូបបានដឹងច្បាស់អំពីអ្វីដែលជារបស់ខ្លួនផង។
ដោយ : កូនសិស្ស និរន្តរ










ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការ ដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី




ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងពិធីអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការ ដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ
ព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០




Video៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកដល់ក្រុមប្រឆាំងរត់ចោលស្រុកថាបើដឹងថារាជរដ្ឋាភិបាលដួលមួយឆ្នាំទៀត ហេតុអ្វីចាំបាច់ដាស់តឿនច្រើនម៉្លេះ?

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល

(FN)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យមើលសម្តេចមានប្រសាសន៍នូវចំណុចសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានអញ្ជើញមកពិនិត្យព្រលានយន្តហោះថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានខិតខំសាងសង់ព្រលានយន្តហោះថ្មីនេះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០៣០ បើទោះបីសម្តេចមិនបន្តដឹកនាំប្រទេស តែសម្តេចក៏អាចអញ្ជើញជាភ្ញៀវក្នុងការសម្ពោធដំណាក់កាលទី២ របស់ព្រលានយន្តហោះថ្មីនេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅលើក្រុមជនរិះគន់ការទិញរថយន្តយោធា២៩០គ្រឿងនាពេលថ្មីៗនេះ។ សម្តេចតេជោ បានហៅក្រុមនេះថា ជាជនតិរច្ឆាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាចោទសម្រាប់កម្ពុជា និងពិភពលោកនាពេលនេះ មិនដឹងថា ជំងឺកូវីដ១៩ នឹងបញ្ចប់ទៅវិញនៅពេលណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ បាននិងកំពុងផ្លាស់ប្តូរឥរិយាបថរស់នៅរបស់មនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែង ជំងឺកូវីដ១៩ ធ្វើឱ្យការរស់នៅរបស់មនុស្សជាតិជួបភាពមិនច្បាស់លាស់ តែភាពច្បាស់លាស់មួយ គឺជំងឺកូវីដ១៩ មិនអាចរំលាយភពផែនដីបានទេ។
* សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ថ្ងៃណាមួយអ្នកវិទ្យាសាស្ត្រនឹងរកឃើញវិធីក្នុងការកម្ចាត់ជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០នេះ ប្រទេសភាគតិចណាស់ ដែលអាចមានសេដ្ឋកិច្ចវិជ្ជមាន ពោលប្រទេសភាគច្រើនបំផុតនឹងទទួលបានភាពអវិជ្ជមានសម្រាប់សេដ្ឋកិច្ច រហូតដល់សញ្ញាដកទៀត
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ -១.៩ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេល២០ឆ្នាំកន្លងមកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះមិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធុនលើការវិនិយោគនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានជួបជាមួយក្រុមហ៊ុនសាងសង់នានា នៅតែមានដំណើរការ នៅតែមានប្រជាពលរដ្ឋទិញលំនៅឋាន គ្រាន់តែមានការថមថយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិកូវីដ១៩ ធ្វើឱ្យរោងចក្រខ្លះជួបបញ្ហា តែក៏ជាឱកាសសម្រាប់រោងចក្រមួយចំនួនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងខេត្តកណ្តាល នៅតែដំណើរការជាធម្មតា ហើយអាចបញ្ចប់តាមការគ្រោងទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រឹមតែការដ្ឋានព្រលានយន្តហោះអន្តរជាតិនេះទេ តែគ្រប់ការដ្ឋានទាំងអស់ត្រូវតែបន្តដំណើរការ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅអាជ្ញាធរខេត្តកណ្តាល និងតាកែវ ព្យាយាមជួយសម្របសម្រួលដោះស្រាយបញ្ហារបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បឹងជើងលោងនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជួបបញ្ហាការងារអាចស្វែងរកការងារនៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាម្នាក់អាចរស់ដោយគ្មានការងារ គ្មានប្រាក់ចំណូលនោះទេ ដែលត្រូវតែស្វែងរកការងារធ្វើ មិនអាចរំពឹងតែលើការជួយរបស់រាជរដ្ឋាភិបាលនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៤ មិថុនា សម្តេចនឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ប្រមាណ ៦០ម៉ឺនគ្រួសារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាលរបស់សម្តេចបាននោះទេ
* សម្តេចតេជោ បានថ្លែងថា អ្នកដែលរង់ចាំឱ្យរាជរដ្ឋាភិបាលសម្តេចដួលរលំនោះ គឺកំពុងធ្លាក់ចូលក្នុងការវង្វេងទិសដៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាយាទរាជរដ្ឋាភិបាលរបស់សម្តេច គឺសន្សំលុយ ហើយមិនមែនសន្សំតែតួលេខទេ គឺសន្សំសាច់ប្រាក់។ បច្ចុប្បន្នរាជរដ្ឋាភិបាលសល់សាច់ប្រាក់ដល់ជាង ៣៥០០លានដុល្លារ។
* សម្តេចតេជោ បានថ្លែងថា យកតែចំណូលចរន្តទៅចំណាយលើចំណាយចរន្ត គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ប្រើថវិកាសន្សំនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទិញរថយន្តយោធា២៩០គ្រឿងនេះ ផ្តើមចេញពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ហើយពេលនោះយោធភូមិភាគទី១ បានចល័តកម្លាំងជាង ១ពាន់នាក់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ តែពេលនោះជួបការលំបាកមធ្យោបាយដឹកជញ្ជូនកម្លាំង និងដឹកជញ្ជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បន្តថា ផ្តើមចេញពីបញ្ហានោះហើយ ទើបសម្តេចធ្វើចលនាសប្បុរសជន ដើម្បីរកវិធីបំពាក់មធ្យោបាយជូនអង្គភាពកងកម្លាំងនៅតាមភូមិភាគ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទិញរថយន្តយោធា២៩០គ្រឿងនេះ មិនបានប្រើថវិកាជាតិសូម្បីមួយសេន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយរបស់សម្តេច គឺ «ឃឿនប្រជាជន» ដូច្នេះការយកចិត្តទុកដាក់លើប្រជាជនជារឿងសំខាន់។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ក្រុមអ្នករិះគន់បើមិនមែនជាតិរច្ឆានទេ គឺគេច្បាស់ជាគាំទ្រដល់ការទិញរថយន្តនេះ ព្រោះជាការបម្រើប្រយោជន៍ដល់សង្គមដ៏សំខាន់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំផុសចលនាសប្បុរសជននេះ សម្តេចទទួលបានថវិកាប្រមាណជាង ២០លានដុល្លារសម្រាប់ទិញរថយន្តនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិន បានផ្តល់រថយន្តប្រមាណ១៥៧គ្រឿងជូនសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងធ្វើពិធីសូត្រមន្តឡើងអគារទីស្នាក់ការកណ្តាលថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិក សមាជិកាគណបក្សប្រជាជនមានគ្រប់មជ្ឈដ្ឋានទាំងអស់កម្មករ កសិករ ពាណិជ្ជករ និងសេដ្ឋី ដូច្នេះគ្មានអ្វីលំបាកក្នុងការរកថវិកាត្រឹមប្រមាណ ៣០លានដុល្លារក្នុងការសាងសង់អគារគណបក្សនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានដៀមដាមទៅក្រុមប្រឆាំងថា ពួកគេបានកៀរគរថវិកាជាច្រើនពីសមាជិកទៅធ្វើនេះ ធ្វើនោះ តែដូចជាមិនឃើញចេញលទ្ធផលទេ តើយកថវិកាទៅណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកំលុងពេលជួបវិបត្តិដោយសារជំងឺកូវីដ១៩នេះ មិនទាន់មានពលរដ្ឋណាស្លាប់ដោយសារដាច់ និងមិនបានដឹងព័ត៌មាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំមើលស្រាលរាជរដ្ឋាភិបាល និងកុំមើលស្រាលសមត្ថភាពដឹកនាំរបស់សម្តេច។ សម្តេចតេជោបញ្ជាក់ថា បើសម្តេចមិនខ្លាំងមិនអាចប្រឡូកក្នុងឆាកនយោបាយជាមួយអ្នកនយោបាយចាស់ៗបាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសម្តេចមិនខ្លាំងមិនអាចប្រើអ្នកនយោបាយមួយរូបឱ្យជួយកែរដ្ឋធម្មនុញ្ញពីសំឡេង២ភាគ៣ មក ៥០បូក១បាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមិថុនា រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាប្រមាណ២៥លានដុល្លារ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ។
* សម្តេចតេជោ ហ៊ុន សែន ថវិកាបានពីសប្បុរសជនសម្រាប់ជួយដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានប្រមាណ១៥លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលជាសមិទ្ធផលរបស់ជាតិ គឺជាសត្រូវរបស់ក្រុមប្រឆាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើជាអ្នកស្រឡាញ់ជាតិគួរតែរីករាយពេលឃើញមានរថយន្តច្រើន ព្រោះមានមធ្យោបាយសម្រាប់បំពេញតម្រូវការរបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវការបន្តទៀតនូវរថយន្តយោធា រថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យ។
* សម្តេចតេជោ ហ៊ុន សែន បានចំអកដល់ក្រុមប្រឆាំងរត់ចោលស្រុកថា បើដឹងថារាជរដ្ឋាភិបាលរបស់សម្តេចដួលមួយឆ្នាំទៀត ហេតុអ្វីចាំបាច់ដាស់តឿនច្រើនម៉េស? មិនទុកឱ្យរាជរដ្ឋាភិបាលរបស់សម្តេចដួលទៅ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែអាចរកចំណូលបានប្រមាណ ៤០០លានដុល្លារក្នុងមួយខែ។ ទោះធ្លាក់បន្តិចតែក៏នៅអាចដោះស្រាយបញ្ហាបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានព្រលានយន្តហោះថ្មី តែព្រលានយន្តហោះចាស់ក្នុងរាជធានីភ្នំពេញរក្សានៅដដែល។ តាមការគិតជាបឋមរបស់សម្តេចជាព្រលានយោធា ការហោះហើរផ្ទៃក្នុង និងដឹកទំនិញផ្លូវអាកាសរបស់យោធា រួមទាំងប្រើប្រាស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងប្រមុខដឹកនាំប្រទេសដទៃមកទស្សនកិច្ចកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនមានច្រើនណាស់។ តែសម្រាប់សម្តេចជាឪពុក គឺសម្តេចមានតួនាទីគាំទ្រ និងបង្វឹកសមត្ថភាពកូន បើមិនខ្លាំងដូចសម្តេច ក៏អាចបានប្រហែលសម្តេចដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបន្តកាន់តំណែងមិនតិចជាង១០ទៀតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មេងជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមានលក្ខណៈសម្បត្តិជានាយករដ្ឋមន្ត្រីច្រើនណាស់ មិនមែនមានតែលោក ហ៊ុន ម៉ាណែត នោះទេ។ សម្តេចតេជោបញ្ជាក់ថា ពេលវេលានឹងបញ្ជាក់ឱ្យក្រុមប្រឆាំងរត់ចោលស្រុកបានដឹងច្បាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាមានសម្តេច មានគណបក្សប្រជាជនកម្ពុជា ក្រុមប្រឆាំងមានតែរង់ចាំជាតិក្រោយប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនឆក់កណ្តៀតដូចក្រុមប្រឆាំងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេវាតាមភោជនីយដ្ឋាន និងទេសចរណ៍ក្នុងស្រុកដំណើរការវិញហើយ តែសម្តេចលើកទឹកចិត្តឱ្យបន្តស្មារតីប្រុងប្រយ័ត្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនទាន់ដល់ថ្នាក់ធ្វើឱ្យសម្តេចផ្តល់ថវិកាឧបត្ថម្ភក្នុងកម្មវិធី ដូចទម្លាប់ដែលសម្តេចបានធ្វើនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកបាត់ការងារពីកន្លែងផ្សេងៗ ឱ្យមករកស្វែងរកការងារនៅការដ្ឋានព្រលានយន្តហោះថ្មី និងនៅតាមការដ្ឋានផ្សេងៗទៀត៕

សម្រង់សង្កថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងទិវានៃការចងចាំដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត


ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយយុទ្ធមិត្ត៤រូប បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកក្នុងការធ្វើដំណើរចាកចេញពីកម្ពុជា ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុតទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុង ពេលធ្វើដំណើររំលឹកពីដំណើរចេញតស៊ូនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧៖