Wednesday, June 24, 2020

យុទ្ធនាការចុះផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩

ស្វាយរៀង ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា និងអ្នកស្ម័គ្រចិត្តភូមិ ឃុំ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ ចែកសាប៊ូ ម៉ាស់ ព្រមទាំងបិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមខ្នងផ្ទះ ចែកប័ណ្ណប្រកាសពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពនិងផ្សព្វផ្សាយបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋចំនួន ២១០ នាក់ ស្រី ១៨៧ នាក់ស្មើនឹង៤៧ ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិបុស្ស និងភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រាក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC)។
នាឱកាសនោះលោក សរ វណ្ណា បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាល ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួនតាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។
លោកនាយក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ៕




No comments:

Post a Comment