សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤» និងទិសដៅប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦» និងការប្រគល់ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»ព្រមទាំងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៥
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥
- ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ
- អង្គសន្និបាតទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤»និងទិសដៅប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦» និងការប្រគល់«រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ព្រមទាំងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៥។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងការបំពេញភារកិច្ច និងការអនុវត្ដនូវសកម្មភាពជាអាទិភាពនានា ជាពិសេសការជំរុញចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព និងភាពប្រកួតប្រជែងខ្ពស់។
ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត បានរៀបចំពិធីចែកពានរង្វាន់ជ័យលាភីទីក្រុងស្អាត លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលចលនាប្រឡងប្រណាំងនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការពង្រឹងគុណភាពនៃផលិតផលទេសចរណ៍ទីក្រុង ក៏ដូចជាការទ្រទ្រង់ឧត្តមភាពប្រៀបធៀបនៃវិស័យទេសចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក នៅថ្ងៃនេះ ក៏មានការរៀបចំពិធីប្រកាសជ័យលាភី «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី១ ក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មទេសចរណ៍កម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់វាយតម្លៃ និងនាំជោគជ័យដល់ចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យឃើញនូវការបន្តយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ នេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍ វាគ្មិនជាតិ អន្តរជាតិ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យបរិស្ថាន ស្ថាបត្យកម្មនិងសំណង់បៃតង ដើម្បីពិភាក្សានិងផ្លាស់ប្ដូរបទពិសោធន៍ ព្រមទាំងឧត្តមានុវត្តនានា សំដៅទ្រទ្រង់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅធានាឱ្យបាននូវការគ្រប់គ្រង និងការអភិវឌ្ឍស័យទេសចរណ៍ប្រកបដោយចីរភាពនិងប្រសិទ្ធភាព និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ «ភាពស្អាត និងបៃតង» ពិតប្រាកដ។
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ និងយុទ្ធសាស្ដ្រសំខាន់ៗជាអាទិភាពជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការធានាឱ្យបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាជន និងជាតិមាតុភូមិ។ តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ដែលពុំធ្លាប់មានក្នុងរយៈកាលជិត ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រដ៏វែងរបស់កម្ពុជា។ សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ធានាបាននូវការអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ២០១៤ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចមធ្យមប្រចាំឆ្នាំប្រមាណ ៧% និងនៅតែបន្តក្នុងរង្វង់ ៧% នៅឆ្នាំ២០១៥ នេះ ដោយរក្សាបាននូវអតិផរណាទាប។ ផ្អែកលើកំណើនដ៏ខ្ពស់នេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១១ ក្នុងចំណោមប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោកក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ លើសពីនេះទៀត ក្នុងពេលអនាគតដ៏ខ្លីខាងមុខ កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយនិងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ដោយឡែក វិស័យទេសចរណ៍នៅកម្ពុជា ដែលត្រូវបានគេចាត់ទុកថាជា «មាសបៃតង» បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ ដោយបង្កើតបានប្រាក់ចំណូលប្រមាណជិត ៣ប៊ីលាន (បីពាន់លាន) ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤។ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៤,៥ លាននាក់ ក្នុងឆ្នាំ២០១៤ គឺមានការកើនឡើងជាង ៧% ធៀបនឹងឆ្នាំ២០១៣។ ហើយបើធៀបនឹងតួលេខឆ្នាំ១៩៩៣ ដែលភ្ញៀវទេសចរអន្តរជាតិមានតែប្រមាណ ១២ម៉ឺននាក់ នោះ តួលេខនេះមានការហក់ឡើងយ៉ាងខ្លាំង រហូតដល់ ៣៦,៥ដង មានន័យថា ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ កំណើនភ្ញៀវទេសចរជាមធ្យមប្រចាំឆ្នាំស្មើនឹង ១,៧ដង ឬ ១៧០% ។ កំណើនដ៏ខ្លាំងក្លានេះ គឺជាលទ្ធផលនៃស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម និងសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ និងគោលនយោបាយបើកចំហរជើងមេឃ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងដោយសារមរតកបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រដ៏មានតម្លៃលេចធ្លោជាសកលទាំងរូបីនិងអរូបី និងធនធានទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល យ៉ាងសម្បូរបែបរបស់កម្ពុជា ដូចជា ឆ្នេរសមុទ្រជាឆ្នេរស្អាតបំផុតលើសកលលោក ព្រៃកោងកាងលាតសន្ធឹងដ៏ធំល្វឹងល្វើយ និងសត្វផ្សោតមេគង្គដ៏កម្រ។ សម្បត្តិវប្បធម៌ និងធម្មជាតិទាំងនេះ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ផ្នែកឯកជន ភ្ញៀវទេសចរ ក្មួយៗយុវជន ក្នុងការថែរក្សា ការការពារ និងការលើកស្ទួយវិស័យទេសចរណ៍របស់យើង ដើម្បីបង្កើនឧត្តមភាពប្រៀបធៀបនៃវិស័យនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត សំដៅរួមចំណែកដល់កិច្ចអភិវឌ្ឍឧស្សាហកម្មសេវាកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងសក្ដានុពលដ៏សម្បូរបែប និងកំណើនដ៏ឆាប់រហ័សនៃលំហូរភ្ញៀវទេសចរដូចបានរៀបរាប់ខាងលើនេះ កម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យយើងរៀបចំផែនការគ្រប់គ្រងវិស័យទេសចរណ៍ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងហ្មត់ចត់ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសផ្នែកឯកជន ក្នុងការបញ្ចូលទស្សនាទាន «បៃតង និងស្អាត» ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ឱ្យស្របតាមនិន្នាការទេសចរណ៍នាពេលបច្ចុប្បន្ន។ គំរូអភិវឌ្ឍន៍បៃតង និងស្អាត (Green and Clean Development Model) គឺជាជម្រើសដ៏វៃឆ្លាតនិងសក្តិសមបំផុតនាពេលបច្ចុប្បន្ន ដែលអាចធានាបាននូវនិរន្តរភាពនិងតុល្យភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ការធានាថាគោលដៅទេសចរណ៍មួយ ជាគោលដៅស្អាត ឬមូលដ្ឋានអាជីវកម្មទេសចរណ៍មួយ ជាអាជីវកម្មស្អាត និងបៃតង គឺជាជម្រើសដ៏ល្អក្នុងការអភិវឌ្ឍ និងការធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍នាដំណាក់កាលបច្ចុប្បន្ន។ ជាក់ស្ដែង តាមការសិក្សាស្រាវជ្រាវមួយចំនួនដែលទទួលស្គាល់ដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា ៣៤% នៃភ្ញៀវទេសចរ ហ៊ានបង់ថ្លៃក្នុងកម្រិតខ្ពស់ជាងធម្មតា ដើម្បីស្នាក់នៅតាមសណ្ឋាគារដែលគិតគូរដល់បរិស្ថាន (Eco-friendly facilities) ។ គំរូនៃការអភិវឌ្ឍទេសចរណ៍បៃតងនេះ ពិតជាអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនឹងតម្រូវការនិងនិន្នាការបច្ចុប្បន្នរបស់ភ្ញៀវទេសចរ ព្រមទាំងធានាបាននូវការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព និងរួមចំណែកដ៏សំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី!
ដើម្បីសម្រេចបានគោលដៅខាងលើ យើងត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈការបង្កើនសមត្ថភាពធនធានមនុស្សនិងស្ថាប័ន ការចាប់យកនូវទម្រង់នៃធុរកិច្ចទេសចរណ៍ឈរលើគោលការណ៍និរន្តរភាពបៃតង ជាពិសេសការពង្រឹងសមត្ថភាពឧស្សាហកម្មទេសចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ដើម្បីទាញយកផលប្រយោជន៍ថែមទៀតពីវិស័យទេសចរណ៍ ឱ្យបានជាអតិបរមា ដោយកាត់បន្ថយនូវផលប៉ះពាល់អវិជ្ជមានឱ្យនៅកម្រិតអប្បបរមា។ ក្នុងបរិបទនេះ ការដាក់ចេញនូវចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាពិសេសការដាក់ចេញនូវចលនាប្រឡងប្រណាំងដណ្ដើម «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» នេះពិតជាសមស្រប និងចំពេលវេលាសម្រាប់ឧស្សាហកម្មទេសចរណ៍។
ដើម្បីឱ្យចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងការប្រកួតប្រជែងដើម្បីទទួលបាន «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» សម្រេចបានជោគជ័យបន្ថែមទៀតទៅពេលអនាគត ក្រសួងទេសចរណ៍គួរមានផែនការយុទ្ធសាស្ត្រ និងវិធានការ ដើម្បីជំរុញការចូលរួមប្រឡងប្រណាំងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ និងដៃគូអភិវឌ្ឍន៍នានា។ ក្នុងន័យនេះ ខ្ញុំសូមផ្តល់នូវធាតុចូលខ្លះៗ សម្រាប់អង្គសន្និបាតធ្វើការពិចារណា ពិភាក្សា និងរកវិធីសាស្ត្រដោះស្រាយលើបញ្ហាពាក់ព័ន្ធមួយចំនួន ដូចខាងក្រោម៖
១-គួរគិតគូរឱ្យបានហ្មត់ចត់អំពីយុទ្ធសាស្ត្រ និងវិធានការដើម្បីលើកកម្ពស់គុណតម្លៃនៃស្លាកសញ្ញាបរិស្ថាន«រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» សំដៅទាក់ទាញការចូលរួមឱ្យកាន់តែសកម្មថែមទៀតពីអ្នកពាក់ព័ន្ធនានា។
២-គួររិះរកវិធីសាស្ត្រក្នុងការបង្កើនកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស លើមុខជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្ដុះបណ្ដាលមគ្គុទ្ទេសទេសចរណ៍ ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិស័យនេះ។
៣-គួរពិភាក្សាអំពីយន្តការសម្រាប់កិច្ចសហការឱ្យកាន់តែប្រសើរឡើងថែមទៀត រវាងបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញធុរកិច្ចបៃតង ដើម្បីជំរុញ និងផ្សព្វផ្សាយបន្ថែមទៀតនូវចលនាប្រឡងប្រណាំង«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដល់សាធារណជន និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
៤-តើផ្នែកឯកជន អាចចូលរួមយ៉ាងដូចម្ដេចឱ្យកាន់តែសកម្មថែមទៀត ក្នុងចលនាប្រឡងប្រណាំងទាំងនេះ? ក្នុងការវិនិយោគបៃតង តើក្រុមហ៊ុនអាចបញ្ចូលទស្សនាទានស្ដីពីការទទួលខុសត្រូវចំពោះសង្គមរបស់សហគ្រាស (Corporate Social Responsibility - CSR) និងធ្វើការផ្ទេរបច្ចេកវិជ្ជានៅក្នុងធុរកិច្ចរបស់ខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានជោគជ័យនៅក្នុងចលនាប្រឡងប្រណាំងនេះ?
៥-គួរពិភាក្សាអំពីតួនាទីរបស់បុគ្គលិកបម្រើសេវាទេសចរណ៍ ប្រជាពលរដ្ឋ ក្នុងការចូលរួម និងគាំទ្រដល់ធុរកិច្ចបៃតង តាមរយៈការផ្ដល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅនិងស្មោះត្រង់ ការស្វែងយល់បន្ថែមអំពីទស្សនាទាន«ស្អាតនិងបៃតង» ។ តើភ្ញៀវទេសចរជាតិនិងអន្តរជាតិ គួរចូលរួមបែបណា ក្នុងការគាំទ្រដល់ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការងារស្អាតនិងបៃតង និងចូលរួមលើកកម្ពស់និងគោរពតម្លៃវប្បធម៌ប្រពៃណី?
៦-តើដៃគូអភិវឌ្ឍន៍មានតួនាទីយ៉ាងដូចម្តេច ក្នុងការចូលរួមដល់ជោគជ័យនៃការប្រឡងប្រណាំងនេះ ជាពិសេសពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិជ្ជា និងការស្រាវជ្រាវពាក់ព័ន្ធនឹងធុរកិច្ចបៃតង?
៧-តើបណ្ដាញផ្សព្វផ្សាយព័ត៌មាន មានតួនាទីយ៉ាងដូចម្តេចខ្លះក្នុងការជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នានានៅក្នុងវិស័យទេសចរណ៍ ជាពិសេសការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅលើកកម្ពស់បន្ថែមទៀតនូវសក្ដានុពលទេសចរណ៍កម្ពុជា ក៏ដូចជាកិត្យានុភាពប្រទេសជាតិផងដែរ?
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន អង្គការជាតិ អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅក្នុងចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ» ឆ្នាំ២០១៤។ ខ្ញុំសង្ឃឹមជឿជាក់ថា នឹងមានការចូលរួមកាន់តែខ្លាំងក្លាបន្ថែមទៀតពីវិស័យឯកជន ក្នុងចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងការប្រកួតប្រជែងដើម្បីទទួលបាន «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» នៅឆ្នាំបន្តបន្ទាប់ទៀត។
ឆ្លៀតឱកាសនេះ ខ្ញុំសូមឱ្យអង្គសន្និបាតទាំងមូលចាប់អារម្មណ៍ថា បច្ចុប្បន្ននេះគឺជាឱកាសមាសសម្រាប់វិស័យទេសចរណ៍នៅកម្ពុជាយើង ក្នុងការជំរុញសន្ទុះទ្វេឡើងនៃការរីកចម្រើនរបស់វិស័យនេះ ស្របពេលដែលប្រទេសមួយចំនួនក្នុងតំបន់និងពិភពលោក កំពុងជួបនឹងបញ្ហាស្មុគ្រស្មាញក្នុងប្រទេសរបស់គេ ដូចជា អសន្តិសុខ ជម្លោះផ្ទៃក្នុង សង្គ្រាមស៊ីវិល និងជាពិសេសអំពើភេរវកម្ម ហើយឧស្សាហកម្មទេសចរណ៍របស់យើងផ្អែកលើអេកូទេសចរណ៍ និងទេសចរណ៍បេតិកភណ្ឌ ដែលជាឧត្តមភាពប្រកួតប្រជែងគ្មានគូប្រៀប។ ដើម្បីឆក់យកឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចទាំងអស់ បន្តពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងសណ្ដាប់ធ្នាប់សារធារណៈឱ្យបានកាន់តែល្អប្រសើរថែមទៀត ហើយចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការលុបបំបាត់នូវបាតុភាពអសកម្មនានា ដែលជាឧបសគ្គនៃការស្ទុះឡើងកាន់តែខ្លាំងក្លាថែមទៀតនៃឧស្សាហកម្មទេសចរណ៍ដែលមានសក្ដានុពលសេដ្ឋកិច្ចដ៏ធំធេងនេះ។
មុននឹងបញ្ចប់ ស្របពេលដែលពិភពលោកកំពុងអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៥ ក្រោមប្រធានបទ «មួយប៊ីលានទេសចរ មួយប៊ីលានកាលានុវត្តភាព» ខ្ញុំជឿជាក់ថា តាមរយៈចលនាប្រឡងប្រណាំង «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ប្រតិបត្តិករទេសចរណ៍ នឹងដើរលើគន្លងដ៏ត្រឹមត្រូវ ចាប់យកនូវឱកាសល្អៗ និងបង្កើនសមត្ថភាពនៃវិស័យទេសចរណ៍កម្ពុជា ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍បៃតងនៅកម្ពុជា ឱ្យស្របតាមទិសស្លោកថា «កម្ពុជាស្អាត កម្ពុជាបៃតង»។
ខ្ញុំសង្ឃឹមថា អង្គសន្និបាតនេះនឹងប្រព្រឹត្តទៅប្រកបដោយការពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងផុសផុលប្រកបដោយផ្លែផ្កាជាវិជ្ជមាន ជាពិសេស នឹងទទួលបានអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។
ខ្ញុំសូមប្រកាសបើកសន្និបាតបូកសរុបការងារប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤» និងទិសដៅប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦» និងការប្រគល់ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ព្រមជាមួយនឹងការអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៥» ចាប់ពីពេលនេះតទៅ។
សូមអរគុណ!