សាធារណជនខ្មែរទូទំាងប្រទេសពិតជាបានដឹងច្បាស់ថា បក្សប្រឆំាងជារឿយៗ តែងតែបង្ករឿងនយោបាយ បំពុលមតិមហាជនគ្រប់ល្បិចកល់ជាច្រើនអនេកប្បការ ដែលធ្វើឲ្យគណបក្សកាន់អំណាច ពិសេស សម្ដេច ហ៊ុន សែន អត់ទ្រំាមិនបាន ក៏ចាត់វិធានការនីតិវិធីច្បាប់ ក្នុងគោលបំណងតែម្យ៉ាងគត់ គឺ ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងនិរន្ដរភាពនៃសន្ដិភាពរបស់ប្រទេស។
ទោះយ៉ាងនេះក្ដី ក្នុងមួយឆ្នាំចុងក្រាយនេះ លោក សម រង្ស៊ី និង លោក កឹម សុខា និងក្រុមគូកនរបស់គាត់ បានបន្ដបញ្ឆេះចលនាបំបះបំបោរ មានជាអាទិ៍៖ ចលនារំដោះទីលានប្រជាធិបតេយ្យ ដែលបណ្ដាលឲ្យផ្ទុះហិង្សាកាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៤ និងប៉ុន្មានខែមុននេះបំផុសចលនាឲ្យគេភ័ន្តច្រឡំនឹងផែនទីដែលរាជរដ្ឋាភិបាល បាន និងកំពុងប្រើប្រាស់ ថា ជាផែនទីក្លែងក្លាយ និងការធ្វើចលនាបំបះបំបោរនៅព្រំដែន បង្កឲ្យមានស្នាមសៅហ្មងផ្នែកនយោបាយនិងកិច្ចសហប្រតិបត្ដិការមិត្ដភាពរវាងកម្ពុជា-វៀតណាម។
ដោយអង្គហេតុខាងលើនេះហើយ បានបង្ខំឲ្យរាជរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ ដែលក្នុងនោះ មានការកាត់ទោសសកម្មជនរបស់គណបក្សសង្រ្គោះជាតិចំនួន១១រូប និងថ្មីៗនេះ មានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី មួយរូប ដោយតុលាការចាត់ទុកករណីនេះ ជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ហើយបានបញ្ជួនខ្លួនទៅពន្ធនាគារ ដែលនឹងត្រូវកាត់ទោសក្នុងពេលខាងមុខ។
ដោយបានឃើញ សភាពការណ៍មិនស្រួលបែបនេះ ពួកអ្នកបង្ករឿង ក៏បាននំាគ្នារត់ចេញទៅក្រៅប្រទេសយ៉ាងតក់ក្រហល់ ពិសេសពួកអ្នកមានសញ្ជាតិពីរ ដែលកាន់លិខិតឆ្លងដែនពីរ(លិខិតឆ្លងដែនបារំាង-ខ្លះមានលិខិតឆ្លងដែនអាមេរិក) បានរត់យកព្រះអាយុតែរៀងៗខ្លួន។ យើងសូមសួរថា ហេតុអ្វីក៏មេដឹកនំាទំាងនេះ មិនស្ថិតនៅក្នុងប្រទេស ដើម្បីជួយរកវិធានការច្បាប់ ដើម្បីសុំបន្ធូរបន្ថយទោសដល់ជនជាប់ទោស ព្រោះថា ប្រសិនបើពួកខ្លួនអាចរកឃើញហេតុផលសមរម្យ ដែលតុលាការអាចទទួលយកបាននោះ។ តាមច្បាប់តុលាការនៅប្រទេសណាក៏ដោយក៏អាចមានករណីអាចសម្រាលទោសបានដែរ។ ករណីនេះ មេបក្សប្រឆំាងមិនបានគិតដូច្នោះទេ បានជាសាធារណមតិមើលឃើញថាពួកមេដឹកនំាបក្សប្រឆំាងនាំគ្នារត់ និងបានឆ្លើយដោះសារយកតែរួចខ្លួនរៀងៗខ្លួនតែម្ដង។
ហេតុអ្វីបានជាគេធ្វើដូច្នេះ? មេដឹកនាំបក្សប្រឆាំងយល់ថាពួកគេកំពុងតែមានកំហុសដ៏ធ្ងន់ធ្ងរម្ដងទៀត ដែលស្ថាប័ន មានសមត្ថកិច្ចអាចនឹងឃាត់ខ្លួនបាន និងអាចបញ្ជួនខ្លួនទៅពន្ធនាគារបានគ្រប់ពេល។
សូមរំលឹកថា នៅចុងឆ្នាំ២០០៥ លោក សម រង្ស៊ី ត្រូវតុលាការកាត់ទោសកំបំាងមុខ ពីបទបរិហារកេរ្តិ៍សម្តេច ហ៊ុន សែន និង ទ្រង់ រណឬទ្ធិ ហើយរត់ទៅសំងំលាក់ខ្លួននៅប្រទេសបារំាង រហូតព្រះមហាក្សត្របានលើកលែងទោស ទើបអាចត្រទ្បប់ចូលស្រុកវិញបាននៅដើមឆ្នាំ២០០៦។ បន្ដមកទៀត នៅឆ្នាំ២០០៧ លោក សម រង្ស៊ី បានទៅបង្ករឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដោយកែនប្រជាពលរដ្ឋនៅមូលដ្ឋាន បះបោរ ដកបង្គោលតម្រុយខ្សែបន្ទាប់ព្រំដែនយ៉ាងឡូយ ហើយត្រូវអាជ្ញាធរមានសមត្ថកិច្ច ចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ក៏តំាងរត់ចោលស្រុកទៀត ហើយតុលាការបានកាត់ទោសកំបាំងមុខ រហូតត្រូវបានព្រះមហាក្សត្រលើកលែងទោសជាលើកទី២ មុនការបោះឆ្នោតសកលឆ្នាំ២០១៣ ប្រមាណ១០ថ្ងៃ។ តើនេះពុំមែនជាការសណ្ដោសទេឬអ្វី?
ឥទ្បូវនេះ សកម្មភាពដែលបក្សប្រឆំាងបានបំផុសបំផុលទូទំាងប្រទេស ឲ្យមានភាពច្របូកច្របល់ដែលអាចបង្កដល់អសន្ដិសុខជាតិធ្ងន់ធ្ងរ ដែលអាចឈានដល់ការ «លើកលែងទោស» ជាលើកទី៣ ហើយ សម្រាប់ជីវិត លោក សម រង្ស៊ី។
ចំពោះការចោទប្រកាន់ដ៏ខុសច្បាប់យ៉ាងធ្ងន់ធ្ងរមកលើរដ្ឋាភិបាល ថាបានប្រើប្រាស់ផែនទីក្លែងបន្លំ រហូតដល់មិនទទួលស្គាល់នូវសន្ធិសញ្ញា ដែលទ្បាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ ដើម្បីដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែន។
លោក សម រង្ស៊ី និង លោក កឹម សុខា បានរត់ទៅស្នាក់នៅប្រទេសអូស្រ្ដាលី ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីបានបង្កភាពច្របូកនៅក្នុងប្រទេស ហើយក៏តាំងនាំគ្នាយករឿងរ៉ាវនេះទៅបង្កនៅក្រៅប្រទេសទៀត ជួបជាមួយអនិកជនខ្មែរ និងមន្រី្តបរទេសមួយចំនួន។ មេដឹកនំាបក្សប្រឆំាងទំាងពីររូបនេះបានស្រែកដដែលៗ ថ្កោលទោសគណបក្សប្រជាជនកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលថា បានលួចសន្លឹកឆ្នោត និងប្រើប្រាស់ផែនទីក្លែងក្លាយ បំបិទសិទ្ធិមនុស្ស បង្ក្រាបបាតុកម្ម កាត់ទោសសកម្មជនរបស់ខ្លួនដោយសាររឿងនយោបាយ។ល។
អ្នកវិភាគនយោបាយនៅកម្ពុជា កំពុងរងចំាមើល ថា ទី១) តើរាជរដ្ឋាភិបាល ស្ថាប័នមានសមត្ថកិច្ច ពិសេសតុលាការ នឹងចាត់វិធានការយ៉ាងណា ចំពោះករណីដែលយើងបានរៀបរាប់ខាងលើ និងទី២) ប្រសិនបើមានករណីចោទប្រកាន់ពីសមត្ថកិច្ច និងមានការកាត់ទោស តើលោក សម រង្ស៊ី ធ្វើមុខក្រាស់ មិនក្រែងរអែងចិត្ដ ដើម្បីសម្ដេចតេជោ ហ៊ុន សែន ជួយស្នើសុំ «លើកលែងទោស» ថ្វាយទៅព្រះករុណាព្រះមហាក្សត្រ ដល់រូបលោក ជាលើកទី៣ ទៀតដែរឬទេ?