Wednesday, July 14, 2021

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន ទទួលអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ឧត្តរមានជ័យ៖  នៅព្រឹកថ្ងៃទី១៤  ខែកក្កដា  ឆ្នាំ២០២១នេះ  លោក  ឌី  រ៉ាដូ  អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់  លោក  ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  បានអញ្ជើញអមដំណើរ  លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស នាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទី ៥លាន ដែលបានទៅលើ លោក  ណុប មាន អាយុ ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។  

នៅក្នុងពិធីប្រគល់ថវិកានេះ  ក៏មានការចូលរួមពីលោក  អភិបាលស្រុកត្រពាំងប្រាសាទ  ប្រធានក្រុមប្រឹក្សាស្រុក   អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រតិភូអមដំណើរ  កងកម្លាំង  មេឃុំ  និងមេភូមិ។ 

ការប្រគល់ថវិកាឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទី៥លាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងទទួលការឧបត្ថម្ភនូវទឹកប្រាក់ ១០លានរៀល និងសម្ភារមួយចំនួនទៀត។

អំណោយដែលផ្តល់ជូនបន្ថែមពីលើប្រាក់រង្វាន់ រួមមាន៖  អង្ករ គ្រឿងឧបភោគបរិភោគ  ម៉ាសអាល់កុល  ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បន្ទាប់ពីបានទទួលប្រាក់រង្វាន់ និងអំណោយរួចមក  លោក  ណុប  មាន  បានសម្តែងនូវការដឹងគុណចំពោះលោកនាយករដ្ឋមន្ត្រី ប្រកបដោយក្តីរំភើបឥតឧបមា។ ជាមួយគ្នានេះ  លោក ក៏បានលើកឡើងទៀតថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី មានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ  ប្រទេសជាតិមានសុខសន្តិភាព ពេញលេញទូទាំងប្រទេស  ជាក់ស្តែងពេលបច្ចុប្បន្នយើងចង់ទៅណាមកណា  យើងមានផ្លូវជាច្រើនខ្វាត់ខ្វែង  ចំណាយពេលវេលាតិច   និងការធ្វើដំណើរមានការងាយស្រួល។  ជាចុងក្រោយ  លោក  សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ  លោកនាយករដ្ឋមន្ត្រី និងភរិយា  ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់រូបលោក  និងក្រុមគ្រួសារ  ដោយឥតគិតថ្លៃ  ហើយថែមទាំងទទួលបានរង្វាន់ទៀតផង  និងសូមជូនពរឱ្យលោកទាំងទ្វេ  សូមមានសុខភាពល្អ  អាយុយឺនយូរ និងសូមប្រកាសគាំទ្រឱ្យលោកបន្តដឹកនាំប្រទេសជាតិគ្រប់អាណត្តិទៅមុខទៀត  ដើម្បីឱ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។ 

ថ្លែងនៅក្នុងពិធីនេះផងដែរ  លោកស្រីរដ្ឋលេខាធិការ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះវីរុសកូរ៉ូណាបំប្លែងថ្មី ដែលបានចូលមកដល់កម្ពុជាយើងតាមច្រកអន្តរជាតិនៃប្រប្រទេសជិតខាង ដោយបងប្អូនប្រជាពលរដ្ឋត្រូវធ្វើអនាម័យជាប្រចាំ និងបន្តអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដោយអនុវត្ត ៣ ការពារ និង ៣ កុំ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ មួយវិញទៀត  លោកស្រី  ក៏បានអំពាវនាវឱ្យបងប្អូន  ប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕







អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖«ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល!»

ក្នុងគោលបំណងបន្តរំលេចនិងពង្រីក ឱ្យមហាជនបានឃើញនូវលទ្ធផលជាក់ស្តែងដែលជាផ្លែផ្កានិង ជោគជ័យកើតចេញមកពីនយោបាយវ៉ាក់សាំងដែលសម្តេចតេជោ ហ៊ុន សែនបានដាក់ចេញ។ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ចេញ ផ្សាយនូវវីដេអូអប់ រំ ផ្លូវការថ្មី មួយ ទៀត ដែលមានរយៈពេលជាង ១៤នាទី ក្រោមចំណងជើងថា « ជោគជ័យនៃនយោបាយវ៉ាក់សាំង ឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើ រាជរដ្ឋាភិបាល»។ 

នៅក្នុងវីដេអូផ្លូវការនេះបានរំលេចឲ្យឃើញនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលពិតជាមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាយើង។

ជាងនេះទៅទៀត វីដេអូផ្លូវការនេះ បានលើកឡើងនូវភស្តុតាងជាក់ស្តែង ជាច្រើនឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតអំពីសន្ទុះនៃការគាំទ្រ យ៉ាងខ្លាំង និងយ៉ាងរឹងមាំរបស់មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទៅលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលគ្មានអ្នកណាអាចប្រកែកបានឡើយ។ ការគាំទ្រ និងការចូលរួមនេះនឹងបន្តស្ថិរស្ថេររយៈពេលយូរអង្វែងតទៅទៀតពីព្រោះវាជាការគាំទ្រនិងការចូលរួមដែលបង្កប់ដោយមោទនភាពជាតិក្នុងជម្រៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ។

វីដេអូក៏បានរំលេចឱ្យឃើញនូវលទ្ធផលនៃការចាក់វ៉ាក់សាំង គិតមកដល់ ខែកក្កដា ពលរដ្ឋកម្ពុជាជាង៥០%ហើយ  ក្នុងចំណោមប្រជាពលរដ្ឋ គោលដៅ១០លាននាក់  បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការរួចជាស្រេចថានឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអោយសម្រេចបានតាមផែនការណ៍ដែលបានកំណត់។ 

ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៍បានគិតគូរជាស្រេចអំពីលទ្ធភាពចាក់ជូនកុមារដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម ហើយក៍កំពុងសិក្សា និងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវដុសទី៣ផងដែរ។ 

ដោយឈរលើមូលដ្ឋាននៃការគិតគូរគ្រប់ជ្រុងជ្រោយល្អិតល្អន់បែបនេះហើយដែលជាកត្តាគន្លឹះក្នុងការទទួលបាននូវការគាំទ្រ និងការចូលរួមដ៍សកម្មបំផុតពីមហាជនគ្រប់ស្រទាប់៕

សូមទស្សនាវីដេអូ៖