នៅប៉ុន្មាននាទីមុននេះ រដ្ឋសភាជាតិ
បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាត់ចោលនូវការលើកឡើងថា
ស្ថាប័នជាតិមួយនេះធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិសភា
និងបានបដិសេធចោលទាំងស្រុងនូវការលើកឡើងមិនត្រឹមត្រូវនេះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា ចេញផ្សាយនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានលើកឡើងថា ការចោទប្រកាន់ថា
ស្ថាប័នជាតិមួយចំនួន បាននិងកំពុងធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ
និងសមាជិកព្រឹទ្ធសភានោះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់ច្បាស់ហើយថា ករណីទាំងអស់ខាងលើនេះ គឺជាការប្រព្រឹត្តរបស់បុគ្គលពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង
ដែលតុលាការបាននិងកំពុងដោះស្រាយសំណុំរឿងនីមួយៗទៅតាមនីតិវិធី
និងច្បាប់ជាធរមាន ហើយបានរាយការណ៍មករដ្ឋសភា
ដើម្បីរដ្ឋសភាសម្រេចតាមបទបញ្ញត្តិច្បាប់។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា
ករណី សម រង្ស៊ី ជារឿងបុគ្គលដែលបានប្រព្រឹត្តបទបរិហារកេរ្តិ៍បុគ្គលមួយទៀត។
ចំណែកករណី ឯកឧត្តម ហុង សុខហួរ ឯកឧត្តម
អ៊ុំ សំអាន ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែងចំនួន៣ គឺ
បទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង
និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ដែលមានចែងក្នុងមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែកករណីឯកឧត្តម កឹម សុខា គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលមានចែងក្នុងមាត្រា៥៣៨
នៃក្រមព្រហ្មទណ្ឌ « បទបដិសេធក្នុងការចូលខ្លួន »។
រដ្ឋសភាជាតិនៅបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដោយសង្កត់ធ្ងន់ថា
ជាងបួននីតិកាលកន្លងមកនេះ
រដ្ឋសភាអនុវត្តការងាររបស់ខ្លួនយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ជាធរមាន
ជាពិសេសច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ
ដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការពារអភ័យឯកសិទ្ធិសភា ពុំស្ថិតក្រោមការបង្គាប់បញ្ជា
ឬក្រោមការគាបសង្កត់ ឬក្រោមឥទ្ធិពលរបស់ស្ថាប័នណាមួយឡើយ
ហើយរដ្ឋសភាក៏ពុំអាចការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រដែលប្រព្រឹត្តបំពានច្បាប់ជាធរមានបានឡើយ៕