Wednesday, January 23, 2019

លិខិតមិត្តអ្នកអាន៖ ពិភពលោកពហុប៉ូលជាឱកាសមាសដែលកំពុងអំណោយផលដល់កម្ពុជា!

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វែងរកប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនខ្មែរ។ មហាយក្សចិន ដែលកំពុងត្រៀមខ្លួនដណ្តើមតំណែងជាមហាអំណាចសេដ្ឋកិច្ចទី១នៅលើលោកបានប្រកាសផ្តល់ជំនួយជាង ៦០០ លានដុល្លារដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រទេសរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ ចិនក៏បានសន្យាបង្កើនការទិញអង្ករពីកម្ពុជារហូតដល់៤០ ម៉ឺនតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៩នេះ។ គឺជាលទ្ធផលភ្លាមៗដែលកម្ពុជាទទួលបានបន្ទាប់ពីសហភាពអឺរ៉ុបសម្រេចយ​កពន្ធលើអង្ករកម្ពុជាដែលនាំចូលទៅទីផ្សាររបស់ខ្លួន និងក្នុងបរិបទដែលបញ្ហាEBA កំពុងត្រូវបានលើកយកមកពិភាក្សា។
ជាទូទៅ ក្រុមអ្នកនយោបាយប្រឆាំងបានរំពឹងទុកថា ទណ្ឌកម្មណាមួយពីលោកខាងលិចនឹងធ្វើឲ្យកម្ពុជារងគ្រោះធ្ងន់ធ្ងរដែលពួកគេប្រាថ្នាចង់ឃើញ។ ប៉ុន្តែ ពួកគេដែលមានខួរក្បាលដឹតដាមដោយភាពចំណុះទៅនឹងឥទ្ធិពលរបស់លោកខាងលិចភ្លេចគិតថា លោកខាងកើតកំពុងតែ​បោះពួយយ៉ាងលេចធ្លោរឡើងហើយដែលកំពុងផ្លាស់ប្តូរពិភពលោក «ពីឯកប៉ូលទៅជាពហុប៉ូល»។  ប៉ូលថ្មីដែលកំពុងផុសត្រដែតឡើងនិងកំពុងឈានជើងទៅជំនួសប៉ូលចាស់គឺជាអំ​ណោយផលយ៉ាងល្អដល់កម្ពុជាដែលប្រកាន់គោលនយោបាយអព្យាក្រឹត្យពីព្រោះគោលន​យោ​បាយអព្យាក្រឹត្យនេះអាចឲ្យកម្ពុជាឈរជើងបានយ៉ាងរឹងមាំដោយរក្សាបាននូវអធិបតេយ្យភាពនិងឯករាជ្យភាពជាតិរបស់ខ្លួននៅចំពោះមុខនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពលនិងផលប្រយោជន៍រវាងមហាអំណាច។
កាលពីមុន ប្រសិនបើប្រទេសណាមិនព្រមធ្វើជាចំណុះមហាអំណាចលោកខាងលិច ប្រទេសនោះនឹងត្រូវរងទណ្ឌកម្ម ហើយទីបំផុតអាចបង្ខំចិត្តធ្វើជារណបលោកខាងលិចដោយចៀសមិនផុតដើម្បីសង្គ្រោះស្ថានការណ៍។ ប៉ុន្តែ បច្ចុប្បន្នអ្វីៗបានប្រែប្រួលហើយ។ នេះគឺជាឱកាសមាសសម្រាប់ប្រទេសដែលប្រកាន់ជំហរអព្យាក្រឹត្យដោយមិនបាច់ចំណុះឬធ្វើជារណបរបស់ម​ហាអំណាចលោកខាងលិចដោយបង្ខំដូចពីមុនទៀតឡើយពីព្រោះបើអស់ពីលោកខាងលិច ក៏នៅមានលោកខាងកើតជួយបានដែរ។ អ្វីដែលសំខាន់ទៀត នោះគឺ មហាអំណាចលោកខាងកើ​តមិនទាមទារឲ្យកម្ពុជាឬប្រទេសផ្សេងណាមួយត្រូវយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំ​នួយដូចការទាមទាររបស់លោកខាងលិចឡើយ។ ក្នុងបរិបទបែបនេះ គឺលោកខាងលិចទេដែលខាតបង់ប្រសិនបើពួកគេមិនប្រញាប់ផ្លាស់ប្តូរនយោបាយការបរទេសរបស់ខ្លួនទេនោះ។
ជាក់ស្តែង នៅពេលដែលសហភាពអឺរ៉ុបព្យាយាមរាំងខ្ទប់អង្ករកម្ពុជាមិនឲ្យហូរចូលទីផ្សាររបស់ខ្លួនច្រើនពេក អង្ករកម្ពុជាអាចបង្វែរទៅរកទីផ្សារប្រទេសផ្សេងវិញដូចជាចិនជាដើម។ ទីផ្សារផលិតផលផ្សេងទៀតរាប់ទាំងជំនួយអភិវឌ្ឍន៍ផងក៏មាននិន្នាការដូចគ្នានេះដែរ។ ស្ថានភាពនេះជាអំណោយផលល្អខ្លាំងណាស់សម្រាប់កម្ពុជាគឺមិនដូចការឃោសនា ដោយបំភាន់និងបំពុលរបស់ក្រុមប្រឆាំងនោះឡើយ។ ម្យ៉ាងទៀត សូមកុំភ្លេចថា មហាអំណាចលោកខាងលិចពេលនេះកំពុងតែរឹតរួតដោយបញ្ហាផ្ទៃក្នុងយ៉ាងចម្រូងចម្រាស់ដែលជាសញ្ញានៃការចុះថមថយឥទ្ធិពល របស់លោកខាងលិច។
បញ្ហានៅសហរដ្ឋអាមេរិក និងវិបត្តិនៃការចាកចេញរបស់អង់គ្លេស ~Brexit ~ ពីសហគមន៍អឺរ៉ុប ជាដើមគឺជាឧទាហរណ៍ជាក់ស្តែងបំផុត។ នៅក្នុងស្ថានភាពបែបនេះ ការពឹងពាក់តែទៅលើមហាអំណាចលោកខាងលិចទាំងស្រុង ហើយមើលស្រាលលោកខាងកើត និយាយឲ្យចំគឺមើលស្រាលចិន ដូចដែលក្រុមប្រឆាំងកំពុងធ្វើ គឺជាកំហុសយុទ្ធសាស្ត្រដ៏ធំធេងមួយទៀតស​ម្រាប់នយោបាយការបរទេស។
ផ្ទុយទៅវិញ នយោបាយការបរទេសដែលខ្ញុំកត់សំគាល់លើរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុ​ន សែន ដែលបាននិងកំពុងបន្តធ្វើគឺជានយោបាយត្រូវសភាពការណ៍។ នយោបាយបែបនេះមិនត្រឹមតែអាចរក្សាបាននូវឯករាជ្យភាព និងអធិបតេយ្យភាពជាតិយើងប៉ុណ្ណោះទេ ប៉ុន្តែ លើ​សពីនេះ វាក៏ជាកាលានុវត្តភាពថ្មីរបស់កម្ពុជាក្នុងការពង្រឹងខ្លួនឲ្យកាន់តែរឹងមាំឈានទៅម្ចាស់ការលើខ្លួនឯងនៅពេលខាងមុខ។ ចំណែកក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ដែលកំពុងធ្វើខ្លួនជារណបទាំងស្រុងរបស់លោកខាងលិចដោយគ្មានលក្ខខណ្ឌ ហើយទាត់ចោលទាំងស្រុង និងថែមទាំងប្រមាថ មាក់ងាយចិន ពួកគេអាចនឹងគ្មានទីតាំងឈរជើងឡើយក្នុងពេលខាងមុខនេះ។ និយាយតាមភាសាកីឡាបាល់ទាត់គឺ «អកហ្សើ» ដោយសារតែភាពតឹងត្អឹងមិនចេះបត់បែនទៅតាមសភាពការណ៍។ ខ្ញុំសង្ឃឹមថា មហាអំណាចលោកខាងលិចទំន​ងជាឆ្លាតជាងអ្វីដែលក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី គិតឆ្ងាយណាស់ពោលគឺ ពួកគេនឹងមិនបោះបង់ចោ​លកូនក្រមុំដ៏ស្រស់ស្អាតដូចកម្ពុជាឡើយពីព្រោះបើពួកគេហ៊ានបោះបង់កម្ពុជា គឺពួកគេនេះហើយជាអ្នកខាតបង់ធំនៅចំពោះមុខការពង្រីកឥទ្ធិពលឥតឈប់ឈររបស់មហាយក្សចិន។
សរុបសេចក្តីទៅ អ្វីដែលក្រុមប្រឆាំងគំនិតខ្លីដឹកនាំដោយ សម រង្ស៊ី កំពុងត្រេកត្រអាលនឹងទ​ណ្ឌកម្មរបស់លោកខាងលិច ឬត្រេកត្រអាលនឹងឥទ្ធិពល លោកខាងលិចហើយមើល ស្រា​លនិងប្រមាថតួនាទីរបស់ចិន គឺជាការស្រមើស្រមៃបែបមនុស្សដើរមិនទាន់សភាពការណ៍ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយតែប៉ុណ្ណោះ។ នៅទីបំផុត ពួកគេនឹងបាត់បង់ទីពឹងដោយ​សារតែលោតខុសពីទិសខ្យល់បក់ជាមិនខាន។ រីឯអ្នកដែលកំពុងដើរត្រូវទិសខ្យល់ដែលខ្ញុំមើលឃើញគឺ លោក ហ៊ុន សែន នេះហើយ។ ហេតុដូច្នេះហើយបានជាគណបក្សរបស់លោក ហ៊ុន សែន តែងមានប្រៀបលើបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី តែរហូតមក។
និយាយដល់ចំណុចវាយតំលៃសភាពការណ៍ត្រឹមត្រូវបំផុតនោះ ខ្ញុំនៅតែមិនកោតសរសើរលោក ហ៊ុន សែន គឺមិនបានដែលគាត់វាយតំលៃសភាពការណ៍និងចិត្តសាស្ត្រ ពលរដ្ឋអាមេរិកត្រូវដោយគាត់ហ៊ានប្រកាសជាសាធារណៈថាលោក Donald Trump នឹងឈ្នះឆ្នោតជាប្រ​ធានាធិបតីអាមេរីកនៅពេលដែលមនុស្សសឹងតែមួយពិភពលោកក្នុងនោះរាប់បញ្ចូលទាំងមេបក្សប្រឆាំងនៅកម្ពុជាគេនិយាយថា Hillary Clinton នឹងឈ្នះ។
នៅពេលខាងមុខនេះ ខ្ញុំអាចមើលឃើញជាមុននូវប្រៀបខ្លាំងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងកាន់តែមានទម្ងន់ថែមទៀតដោយសារតែមេដឹកនាំគណបក្សនេះមានទស្សនៈវិស័យវែងឆ្ងាយ អាចព្យាការណ៍ ទិសខ្យល់បក់ទុកជាមុននិងបានត្រៀមខ្លួនជាមុនយ៉ាងល្អខ​ណៈ​ដែ​លក្រុមប្រឆាំងវិញ មកដល់ម៉ោងនេះហើយនៅតែមិនទាន់ភ្ញាក់ខ្លួន មិនដឹងទិសតំបន់ដែលត្រូវដើរនៅឡើយ។ ពួកគេហាក់ដូចកំពុងស្ថិតក្នុងសម័យសង្គ្រាមត្រជាក់នៅឡើយទេ ខណៈដែលពិភពលោកបាន ដើរដល់ចំណុចពហុប៉ូលទៅហើយនោះ។ នេះហើយជាលទ្ធផលនៃការដឹ​ក​នាំ​របស់ សម រង្ស៊ី ដែលលោក គង់ គាំ ពិពណ៌នាថាជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើមិនដែលកើត»   ជាពិសេសអ្វីលោកសម រង្ស៊ី ចេះនិងកំពុងបន្តធ្វើគឺ«ល្បិចកញ្ជ្រោងអាងអំណាចខ្លា» តែប៉ុណ្ណោះ។
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

លិខិតមិត្តអ្នកអាន៖ ផ្គរលាន់ក្នុងរដូវប្រាំង

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃខ្មោច​បក្ស​សង្រោ្គះ​ជាតិ បានបើកការប្រជុំមួយនៅទីក្រុងឡូវែល រដ្ឋម៉ាសាជូសេត សហរដ្ឋអាមេរិក ដើម្បី​​ពិនិត្យវាយតម្លៃស្ថានការណ៍នយោបាយជាតិ និងរៀបចំផែនការសកម្មភាពដើម្បីឱ្យទណ្ឌិត សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញ។ ផែនការនោះ ពួកគេបានចាត់តាំងត្រៀមបង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី ការពង្រីកសកម្មភាពការទូត  ការពង្រីកការផ្សព្វផ្សាយព័ត៌មានបំពុល បំផ្លើស បំភ្លៃជុំវិញបញ្ហាជាតិ ដោយគ្រោងប្រើប្រាស់អ្នកវង្វេងប្រជាធិបតេយ្យ ដែលនៅដើរតាមក្រុមខ្លួននោះ ព្រមទាំងការ​ដើររៃអង្គា​ស​​ថវិកាផង។ តើប្រាកដទេថា ទណ្ឌិត សម រង្ស៊ី ហ៊ានវិលត្រឡប់ចូលស្រុក? តើចូលស្រុកពេលណា ម្តេចមិនប្រាប់ពេលវេលាឱ្យបានច្បាស់ផង?
សម្រាប់មហាជនទូទៅ និងមជ្ឈដ្នានអ្នកតាមដានស្ថានការណ៍នយោបាយតាមតុកាហ្វេ បានមើលឃើ​ញថា នោះគ្រាន់តែជាផែនការខ្យល់  ឬសម្រែកផ្គរលាន់ក្នុងរដូវប្រាំងដើម្បីបោក បំភាន់ឱ្យអ្នកគាំទ្រខ្មោ​ចបក្ស មានសង្ឃឹម ដោយបង្កើតឱ្យមានការរំពឹងក្លែងក្លាយដែលមិនអាចកើតមាននោះ។ ការពិត ច្រកនយោបាយតែមួយគត់សម្រាប់អ្នកនយោបាយទាំង១១៥រូប របស់ក្រុមអ្នកនយោបាយក្បាលមិនជាប់មេ​ឃ ជើងមិនជាប់ដីទាំងនោះ គឺត្រូវរៀនគោរពច្បាប់ ពោលគឺច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី នៃច្បាប់​ស្តីពីគណបក្សនយោបាយ ដែលបានបង្ហាញយ៉ាងច្បាស់នូវសុឆន្ទៈរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ បើកផ្លូវឱ្យអ្នកនយោបាយដែលជាប់បំរាមអាចស្នើសុំនីតិសម្បទាធ្វើ​នយោបាយឡើងវិញ។ នេះទើបជាច្រកចេញពិតប្រាកដ និងដ៏ល្អប្រសើរបំផុតសម្រាប់ពួកគេ ដើម្បីបានទទួលបានបានឱកាសធ្វើនយោបាយឡើងវិញ។
ការរៀបចំផែនការសកម្មភាព ស្តាប់ទៅប្រៀបដូចស្នូរសម្លេងផ្គរលាន់ក្នុងរដូវប្រាំង ដែលមិនប្រាកដថាមានភ្លៀង ហើយតើអ្នកណាជាអ្នកចេញមុខមករៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី ខណៈពេលដែលក្រុ​​មអ្នកនយោបាយ  និងសកកម្មជនទាំងនោះមិនទាន់បានទទួលសិទ្ធិធ្វើនយោបាយនោះ។ បើអ្នកណា​ហ៊ានចេញមុខធ្វើ គឺមានន័យស្មើហ៊ានជាប់គុក ពីព្រោះជាសកម្មភាពផ្ទុយច្បាប់ ឬមួយ សម រង្ស៊ី និងក្រុមខ្លួនកំពុងតែបោកអ្នកគាំទ្រឱ្យជាប់គុគ ហើយក្រុមខ្លួន ដេកសុខស្រួលនៅឯបរទេស?
វាច្បាស់ណាស់បុគ្គលទណ្ឌិត សម រង្ស៊ី ជាជនមានទោសដែលមិនទាន់ត្រូវបានទូទាត់ និងកំពុងជាប់បណ្តឹ​ងមួយចំនួនទៀត តើមានច្រកឯណាសម្រាប់បុគ្គលរូបនេះអាចវិលត្រឡប់ចូលស្រុកវិញបាន? ផ្លូវស​ម្រាប់បុគ្គលរូបនេះ គឺសម្រាប់មហាជន និងអ្នកវិភាគតាមតុកាហ្វេរបានមើលឃើញថា គ្មានសង្ឃឹមសោះឡើយ តែបុគ្គលរូបនេះបាន និងកំពុងបង្កើតឱ្យមានផ្គរលាន់ក្នុងរដូវប្រាំងដើម្បីបោកអ្នកគាំទ្ររប​ស់​គាត់ឱ្យជឿដោយការបំភាន់ដែលទំនងនឹងអស់​ល័ក្ខ​ក្នុងពេលខាងមុខដ៏ខ្លីនេះជាក់ជាមិនខាន។
ច្រកចេញរបស់ទណ្ឌិត សម រង្ស៊ី គឺបានពឹងផ្អែកទាំងស្រុងលើការងារការទូតទុច្ចរិត ដែលក្រុមអ្នកនយោ​បាយទុច្ចរិតទាំងនោះ បាននិងកំពុងយកឆ្នាំងបាយរបស់កម្មករ កម្មការិនីរាប់សែននាក់ ធ្វើជាឧប​ករណ៍តថ្លៃខាងនយោបាយជាថ្នូរដើម្បីបានចូលស្រុកវិញ មិនខ្វល់ពីការគោរពច្បាប់ និងអធិបតេយ្យជា​តិ ដោយអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទាំងនោះបានញុះញង់ និងព្យាយាមឱ្យសហគមន៍អ៊ឺរុបដកយកពន្ធអនុគ្រោះពីការនាំចេញទំនិញទាំងអស់ លើកលែងតែអាវុធចូលទីផ្សារអ៊ឺរ៉ុប ដែ​លទំនងជាអ្នកនយោបាយទុច្ចរិតទាំងនោះមើលឃើញថា ជាសម្ពាធអាចបង្ខំឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាចបើកផ្លូវឱ្យអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទាំងនោះបានវិលត្រឡប់ចូលស្រុកវិញ។
ផ្ទុយទៅវិញរដ្ឋាភិបាលលោក ហ៊ុន សែន ថ្មីៗកន្លងទៅនេះ បានប្រាប់ឱ្យដឹងរួចហើយថា លោកមិនអាចយកអធិបតេយ្យជាតិ សន្តិភាព  ស្ថេរភាពរបស់ប្រទេសដូរជាមួយនឹងការទទួលបាននូវការរួចពន្ធអនុគ្រោះពីសហគមន៍អឺរ៉ុបបាននោះទេ។ ក្នុងន័យនេះ លោក ហ៊ុន សែន បាននិយាយច្បាស់ណាស់ប្រទេសកម្ពុជា អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយឈរលើនីតិរដ្ឋ ដូច្នេះការអនុវត្តនីតិរដ្ឋ និងការពង្រឹងនីតិរដ្ឋមានសារសំខាន់បំផុត  ដើម្បីធានាបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ការចាក់ឆ្កិះឆ្កៀល និងបញ្ជុះបញ្ចូលឱ្យវាយកំទេចឆ្នាំងបាយរបស់កម្មករ ជាការពិតមិនមែនជាបំណងប្រាថ្នារបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទេ ជាការពិតថ្មីៗនេះ លោកបានប្រឹងប្រែងខ្លាំងណាស់ដើម្បីគិតគូរផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនីរាប់សែននាក់ដែលមានជីវភាពរស់នៅអាស្រ័យទាំងស្រុងលើឆ្នាំងបាយមួយនេះ គួបផ្សំនឹងការយកចិត្តទុក​ដាក់​ជាច្រើនរបស់លោក ហ៊ុន សែន ចំពោះពួកគេ។
តើនោះជាកំហុសអ្នកណាចំពោះការវាយកំទេចឆ្នាំងបាយនោះ?
ជាការពិតនោះ ប្រាកដជាសកម្មភាពដ៏ទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលបាននិងកំពុងបង្កាត់ភ្លើងឱ្យឆេះហើយព្យាយាមទម្លាក់កំហុសមកលើលោក ហ៊ុន សែន ទៅវិញ។ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា បើដក EBA មែននោះ ពួកអតីតបក្សដែលត្រូវរំលាយច្បាស់ជាងាប់ ហើយសហគមន៍អឺរ៉ុបខ្លួនឯង ក៏គ្មានតម្លៃសម្រាប់កម្ពុជាទៀតដែរ ដែលសហគមន៍អឺរ៉ុប បានចូលរួមចំ​ណែកជួយកម្ពុជាឱ្យមានការរីកចម្រើន ក្នុងរយៈពេល២០ ឆ្នាំមកហើយ។ ជាការពិត ការសម្រេចចិត្តដក EBA ក្នុងពេលណាមួយនោះ វានឹងនាំឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាតិចតួច និងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែការគាំទ្រក្រុមប្រឆាំងបំផ្លាញជាតិមួយក្តាប់តូច។ ទន្ទឹមនឹងនេះដែរ ក៏ជាការមិនទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជនកម្ពុជា ក្នុងការប្រតិបត្តិទៅតាមគុណតម្លៃ និងគោលនយោបាយនៃគម្រូសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបដ៏គួរឱ្យសោកស្តាយ។ ក្នុងន័យនេះហើយដែលទណ្ឌិត សម រង្ស៊ី ហាក់ដូចបានសើចសប្បាយលើជ័យជម្នះដែលគាត់បានរំពឹងទុកមិនខ្វ​ល់នឹងគំនរទុក្ខ និងទឹកភ្នែករបស់បងប្អូនកម្មករ កម្មការិនីរាប់សែននាក់ ដែលបាននិងកំពុងរស់នៅពឹងអា​ស្រ័យលើឆ្នាំងបាយមួយនេះ។
ជារួម ប្រជាពលរដ្ឋទូទៅ បានគិតដូចៗគ្នាថា ទណ្ឌិត សម រង្ស៊ី មិនហ៊ានវិលត្រឡប់ចូលប្រទេសវិញនោះទេ អ្វីៗគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ គឺបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ឬបញ្ឆោតពួកគេឱ្យជាប់គុកជំនួសជាដើម មិនខុសអ្វីពីផ្គរលាន់គ្មានភ្លៀងនៅរដូវប្រាំងដូច្នោះដែរ។ ហើយអ្នកគាំទ្រដែលមិនយល់អ្វីនោះ នឹងជាប់ផុងខ្លួន មានទោស ព្រាត់ប្រាស់គ្រួសារ ដោយសារតែហ៊ានប្រព្រឹត្តល្មើសច្បាប់ ចាញ់បោក សម រង្ស៊ី និងបក្សពួក ហើយពួកគេរស់​នៅសោយសុខយ៉ាងគ្រហើៗនៅឯបរទេសនោះ។
 ដោយ៖ ឡុង បូរិត

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាចំនួន៨ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជា

នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីអញ្ជើញប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាង រួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាសំខាន់ៗមួយចំនួន។
ឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ចំនួន៨ ដែលត្រូវបានចុះហត្ថលេខានោះរួមមាន៖
១- លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទ ជំហានទី២ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
២- លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
៣- លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រ ដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
៤- លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
៥- លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវជាតិលេខ៧ ដែលរងការខូចខាតដោយទឹកជំនន់ ចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
៦- លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពីគំរោង ជួសជុលប្រាសាទតាកែវ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
៧- កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងរក្សាទឹកក្នុងខេត្តព្រះវិហារ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណ អាហរ័ណចិន។
៨- កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក យី ហួយម៉ាន ប្រធានធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន៕



(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ ពិភពលោកពហុប៉ូលជាឱកាសមាសដែលកំពុងអំណោយផលដល់កម្ពុជា!

អាជ្ញាធរជាតិអប្សរា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងអភិរក្សបេតិកភណ្ឌ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃនាយកដ្ឋានពាក់ព័ន្ធមួយចំនួននៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីសាកលវិទ្យាល័យFudan នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការចំនួនបីចំណុចសំខាន់ៗ ដើម្បីឈានទៅដល់ការចុះអនុស្សណៈយោគយល់រួមគ្នាមួយនាពេលអនាគត។ ភាគីអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី JIAO Yang ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Fudan នៃសាធារណៈរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនេះលោកបណ្ឌិត ឈាន រដ្ឋា បានទទួលស្វាគមន៍គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិនយ៉ាងកក់ក្តៅ និងបានពន្យល់ពីកាលប្រវត្តិសំខាន់ៗនៃរមណីយដ្ឋានអង្គរ ក៏ដូចជាការងាររបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្ស និងការអភិវឌ្ឍន៍រមណីយដ្ឋានអង្គរកន្លងមក។ ជាងនេះទៅទៀតក៏មានការធ្វើបទបង្ហាញសំខាន់ៗអំពីតួនាទី បេសកម្ម និងសមិទ្ធផលនានារបស់អ្នកជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធទាក់ទងនឹងការអភិរក្ស ការជួសជុល ការគ្រប់គ្រងភ្ញៀវទេសចរ។ល។របស់អាជ្ញាធរជាតិអប្សរាផងដែរ។
ក្នុងឱកាសនោះដែរ ភាគីសាកលវិទ្យាល័យFudan នៃសាធារណៈរដ្ឋប្រជាមានិតចិន លោកស្រី JIAO Yang បានចាប់អារម្មណ៍និងវាយតម្លៃខ្ពស់លើកិច្ចការអភិរក្ស និងការអភិវឌ្ឍរមណីយដ្ឋានអង្គរ ហើយក៏បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងពេលជាមួយគ្នានោះ លោកស្រី បានលើកឡើងចំនួនបីចំណុចសំខាន់ៗដល់ភាគីអាជ្ញាធរជាតិអប្សរា ដើម្បីស្នើសុំធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ៖ ១- បណ្តុះបណ្តាលធនធានមនុស្សលើវិស័យអភិរក្សបេតិកភណ្ឌ ២- សិក្សាស្រាយជ្រាវ ៣- វិស័យសារមន្ទីរ សំដៅលើការអភិរក្សបុរាណវត្ថុ (Cultural Relic Conservation) ដើម្បីធ្វើយ៉ាងណាបម្រើឱ្យវិស័យបេតិកភណ្ឌកាន់តែចម្រើនក្នុងទិសដៅរួមគ្នា។
ជំនួបរវាងភាគីទាំងពីរបានទទួលនូវលទ្ធផលគួរជាទីមោទនៈ ដោយភាគីអាជ្ញាធរជាតិអប្សរា និងភាគីសាកលវិទ្យាល័យ Fudan នៃសាធារណៈប្រជាមានិតចិន បានស្វែងយល់ពីគ្នាទៅវិញទៅមក និងសន្យាបន្តកិច្ចពិភាក្សាដើម្បីឈានទៅដល់ការចុះអនុស្សារណៈយោគយល់គ្នានាពេលអនាគតលើវិស័យបណ្តុះបណ្តាលធនធានមនុស្សនិងអភិរក្ស និងថែរក្សាបេតិកភណ្ឌ៕




សភាតំណាងប្រជាជនចិន កោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។ លោក លី ចាន់ស៊ូ បានមានប្រសាសន៍ថា សភាគឺតំណាងឱ្យប្រជាជនចិនទាំងអស់ បានចាត់ទុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់ស្ទើរតែគ្រប់គ្នា។
លោកបានបន្តថា បានក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជាហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានកសាង និងពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឱ្យមានការកើនឡើង និងការអភិវឌ្ឍឥតឈប់ឈរ។
លោក លី ចាន់ស៊ូ បានមានប្រសាសន៍ថា កន្លងមកលោកនាយករដ្ឋមន្រ្តី បានគាំទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិនជាពិសេសនៃនយោបាយចិនតែមួយ ហើយលោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនបានចាត់ទុកលោកនាយករដ្ឋមន្រ្តីគឺជាមិត្តដែកថែបនៃប្រទេសចិន ហើយឆ្លៀតឱកាសនោះ លោក ក៏បានអបអរសាទរលោកនាយករដ្ឋមន្រ្តីដែលទទួលបានជោគជ័យនៃការបោះឆ្នោតកាលពី ២០១៨ កន្លងទៅនេះ និងបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀត។ លោក បានគូសបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជាជាពិសេសលើការអភិវឌ្ឍដែលប្រទេសកម្ពុជាជ្រើសរើសជាពិសេសបន្តមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសនៅក្រោមការជំរុញធ្វើយ៉ាងណាឱ្យគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។
លោក លី ចាន់ស៊ូ ក៏បានមានប្រសាសន៍ផងដែរថា ជំនួបរវាងលោកប្រធានាធិបតី ស៊ី ជិនពីង ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងពិធីជប់លៀងផងដែរនោះ គឺបានឆ្លុះបញ្ចាំងទំនាក់ទំនងពិសេសរវាងចិន និងកម្ពុជាហើយ លោកក៏បានបញ្ជាក់ផងដែរថាសម្រាប់កិច្ចនេះគឺនឹងទទួលបាននូវសមិទ្ធផលជាច្រើនជាពិសេសនឹងនាំឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីទៀត។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណលោក លី ចាន់ស៊ូ គណៈប្រតិភូសម្រាប់ពាក្យពេចន៍ទាំងឡាយនូវការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ។ លោកក៏បានអរគុណដល់ថ្នាក់ដឹកនាំចិនដែលជារឿយៗតែងតែទទួលនូវព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមកកាន់ប្រទេសចិន ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការកម្ពុជាចិន ហើយលោកបានចាត់ទុកថាជំនួយចិនឱ្យកម្ពុជានេះគឺជាការរួមចំណែកសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានលក្ខណៈពិសេស ដោយសារភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាពិសេសការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាមួយចំនួនលើសពីគោលដៅកំណត់ ដូចជាទំហំពាណិជ្ជកម្ម ភាគីទាំងពីរកំណត់សម្រេចឱ្យបាន ៥ពាន់លាននៅឆ្នាំ២០២០។ ប៉ុន្តែនៅឆ្នាំ២០១៧ទំហំពាណិជ្ជកម្មបានកើនឡើងដល់ជិត ៧ពាន់លានដុល្លារទៅហើយ។ វិស័យទេសចរណ៍វិញកំណត់ត្រឹមតែ ០.០១ភាគរយ នៃប្រជាពលរដ្ឋចិន គឺស្មើនឹង ១.៣ លាននាក់ តែមកដល់ឆ្នាំ២០១៨ អ្នកទេសចរណ៍ចិន បានឈានដល់ ១.៩លាននាក់។ ដោយឡែកអ្នកវិនិយោគពីប្រទេសចិននៅកម្ពុជា ក៏មានចំនួនច្រើនហួសការរំពឹងទុក ដោយសារមានការទុកចិត្តលើនយោបាយនៃការដឹកនាំរបស់មេដឹកនាំប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំប្រទេសចិនជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនផងដែរ។ លោក បានគូសបញ្ជាក់ថា នយោបាយដែលផ្តួចផ្តើមដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការរឹតចំណងមិត្តភាពកម្ពុជា និងចិន គឺនៅតែរក្សាដដែលគ្មានអ្វីផ្លាស់ប្តូរនោះឡើយ ជាពិសេសនយោបាយចិនតែមួយ។
លោក លី ចាន់ស៊ូ បានឯកភាពទាំងស្រុងនូវអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងដោយបានគូសបញ្ជាក់ថា ប្រជាជនចិននៅតែចងចាំនូវទុក្ខលំបាករបស់កម្ពុជា ហើយចិន និងកម្ពុជា តែងតែជួយគ្នា និងគោរពគ្នាទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់ថា កម្ពុជា និងចិន គឺជាមិត្តដ៏ពិតប្រាកដទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយគឺតែងតែជួយគ្នា។ លោកបានបន្ថែមថា ចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំកម្ពុជា។ លោក លី ចាន់ស៊ូ ក៏បានអះអាងដែរថា ទំនាក់ទំនងកម្ពុជា និងចិន នៅតែបន្តរក្សានៅគ្រប់វិស័យ និងគ្រប់កម្រិតដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។ លោក ក៏បានអរគុណលោកនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញលោកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកនឹងរកពេលវេលាសមរម្យណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា៕

 ]

កម្ពុជា-ចិន ពង្រឹងនូវទំនាក់ទំនងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៃប្រទេសទាំងពីរ

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋ មន្ត្រីចិន លោក លី ខឺឈាង។ លោក លី ខឺឈាង បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។ លោកបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនង ទ្វេភាគីកម្ពុជា-ចិន។ លោក បានមានប្រសាសន៍ផងដែរថា លោកបាន អញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ដែលដំណើរទស្សនកិច្ចនោះមិនត្រឹមតែ ជាដំណើរទស្សនកិច្ចផ្លូវការ នោះទេតែក៏បានចូលរួមប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។ លោក បានគូសបញ្ជាក់ថា លោកបានជំរុញនូវកិច្ចទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកប្រទេសចិននាពេលនេះ គឺដើម្បីពង្រឹង ទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេស ទាំងពីរផងដែរ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរ ទស្សនកិច្ចរបស់លោក លី ខឺឈាង កាលពីឆ្នាំ២០១៨ គឺបានចូលរួមចំណែក ពង្រឹងនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានលើកឡើងបញ្ហាពាក់ព័ន្ធនឹង ការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។ លោក បានសម្តែងការអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទទួលបានគាំទ្របោះឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។ កិច្ចសហការរវាងចិន និងកម្ពុជា គឺជាការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការអបអរសាទរចំពោះខួប៤០ឆ្នាំ នៃការដាក់ចេញនយោបាយ កែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន រហូតប្រែក្លាយប្រទេសទៅជាមហា អំណាចសេដ្ឋកិច្ចទី២ លើពិភពលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបនាយករដ្ឋមន្ត្រីចិនពី ស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា។ លោក បានលើកឡើងថា ស្ថានការណ៍នយោបាយ និងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរ ជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ រក្សាកំណើនប្រមាណ ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។ ពេលនេះ កម្ពុជា បាននឹងកំពុងបន្ត អនុវត្តន៍នូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត។ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម។ លោក ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រធានាធីបតី ស៊ី ជីនពីង គឺការផ្តល់កូតានាំអង្ករកម្ពុជាចូលប្រទេសចិនពី ៣០ម៉ឺនតោន ទៅ៤០ម៉ឺនតោន។ លោកបានបន្តថា ការបង្កើនកូតានេះ គឺជាការឆ្លើយតបផ្នែកនយោបាយយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ។
ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យភាគីទាំងពីរពិនិត្យ និងសិក្សាទៅលើបញ្ហានេះ។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យចិនបន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗ ទៀត នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន ដែល បានជួយកម្ពុជា នាពេលកន្លងមក ហើយលោក ក៏បានស្នើឱ្យចិនបន្តជួយ លើវិស័យនេះ បន្ថែមទៀត។ លោក បានស្នើចិនជួយជួសជុលប្រាសាទ បុរាណនៅកម្ពុជា ហើយអរគុណដល់ចិន ដែលបានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាជិត ២ពាន់នាក់កំពុង សិក្សានៅក្នុង ប្រទេសចិន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការចូលចតរបស់ នាវារបស់ចិន ដែលបានចូលចតនៅខេត្តព្រះសីហនុចំនួន៣ លើកនៅក្នុង ឆ្នាំ២០១៨កន្លងទៅ។ លោក ក៏បានអរគុណលោក លី ខឺឈាង ចំពោះការ ផ្តល់ជំនួយ ៨៤០លានយ័នសម្រាប់វិស័យយោធានាពេល កន្លងទៅនេះ។ លោក បានបង្ហាញការចង់ឃើញរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរ សម្រាប់ការ គ្រប់គ្រងសន្តិសុខផងដែរ៕




លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរបំពេញបេសកកម្មមនុស្សធម៌នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ក្នុងដំណើរបំពេញបេសកកម្មរយៈពេល ៣ថ្ងៃនៅលើទឹកដីខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងថ្វាយគ្រឿងសក្ការៈបូជាដល់រូបសំណាកលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រសូមតាមបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យទទួលបានសេចក្តីសុខសប្បាយ ជោគជ័យគ្រប់ភារកិច្ច និងប្រាថ្នាអ្វីឱ្យសម្រេចដូចសេចក្តីប្រាថ្នាគ្រប់ៗគ្នា។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ បានថ្វាយគ្រឿងសក្ការៈបូជាដល់រូបសំណាក់លោកយាយយ៉ាត និងអុជទៀនធូបសុំពរជ័យពីលោកយាយ សុំជួយបីបាច់ គ្រប់គ្រងថែរក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យមានសេចក្តីសុខសេចក្តីចម្រើន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ជាពិសេសនៅក្នុងឆ្នាំនេះ សូមបង្អុរទឹកភ្លៀងឲ្យបានគ្រប់គ្រាន់សម្រាប់ការងារបង្ករបង្កើនផលកសិកកម្មរបស់ប្រជាពលរដ្ឋ កុំឲ្យមានជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ទឹកជំនន់ជាដើម ដើម្បីឲ្យទិន្នផលកសិកម្មរបស់ជាប្រជាកសិករបានកើនឡើងទ្វេដង ក្នុងការចិញ្ចឹមជីវិតរស់នៅកាន់តែមានភាពធូរធារ ក៏ដូចជាបង្កើននូវសេដ្ឋកិច្ចគ្រួសារ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
នៅក្នុងឱកាសនោះផងដែរ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈបូជា និងអុជទៀនធូប នៅវត្តលើកំពូលភ្នំយ៉ាត ព្រមទាំងបាន ប្រគេនទ័យ្យទាន និងបច្ច័យដល់វត្តចំនួន ៥លានរៀល និងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន ២លានរៀល ព្រះសង្ឃចំនួន ៩អង្គ ក្នុង ១អង្គៗ ស្លាដក់១ បច្ច័យ ២០ម៉ឺនរៀល ជូនបច្ច័យដល់យាយជី តាជី ចំនួន ១២នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀល។ តមកលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈបូជា និងអុជទៀនធូប នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ដែលជាវត្តមានវ័យចំណាស់ជាងគេនៅក្នុងខេត្តប៉ៃលិន ព្រមទាំងបានប្រគេនទ័យ្យទាន និងបច្ច័យដល់វត្តចំនួន ៥លានរៀល និងប្រកេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន ២លានរៀល ព្រះសង្ឃចំនួន ៦៩អង្គ ក្នុង ១អង្គៗ ស្លាដក់១ បច្ច័យ ២០ម៉ឺនរៀល ជូនបច្ច័យដល់យាយជី តាជី ចំនួន ២០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលផងដែរ។
តមកនៅរសៀលថ្ងៃដដែល លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញពិនិត្យមើលចំការមៀនប៉ៃលិន របស់កសិកររស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាដំណាំសំគាល់ភូមិសាស្ត្រ ១ប្រភេទ កំពុងពេញនិយមដាំដុះពីសំណាក់កសិករក្នុងខេត្តប៉ៃលិន ហើយកំពុងមានទីផ្សារល្អ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
កសិករឈ្មោះ ម៉ុម ម៉ៅ ដែលជាម្ចាស់ចំការមៀនប៉ៃលិន បានជំរាបជូនលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរបានឱ្យដឹងថា ចំការរបស់គាត់ដែលដំាំដុះដើមមៀនប៉ៃលិន គឺមានប្រមាណជាង ៣ហិចតា ដោយឆ្នាំកន្លងទៅ គាត់លក់តាមកិច្ចសន្យា ទៅឱ្យក្រុមហ៊ុនចិន នៅក្នុងប្រទេសថៃ បានប្រមាណជិត ១០ម៉ឺនដុល្លារ៕






កម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ឋសាស្ត្រ គ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច

នៅថ្ងៃរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ ក្នុងជំនួបនោះ លោក វ៉ាង យ៉ាង បានមានប្រសាសន៍ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ដោយគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន។
លោក បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី គឺជាមេដឹកនាំនយោបាយមួយរូបដែលមានបទពិសោធន៍ច្រើន ហើយលោក ក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៨កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី និងបានអបអរសាទរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីទៀតជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មីទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា នៅឆ្នាំ២០១៨ កន្លងទៅនេះគឺប្រទេសកម្ពុជា និងប្រទេសចិនបានប្រារព្ធខួបលើកទី៦០ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ហើយលោកបានរំលឹកពីទំនាក់ទំនង និងតួនាទីរបស់សម្ដេចឪ ព្រះនរោត្តមសីហនុ ជាមួយថ្នាក់ដឹកនាំចិន ដូចជា លោកប្រធាន ម៉ៅ សេទុង និងស៊ូ អេនឡាយជាដើម ដែលបានបង្កើតទំនាក់ទំនងទ្វេភាគីនាពេលនោះរវាងប្រទេសយើងទាំងពីរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាពិសេសដោយសារព្រះអង្គបានចាប់ផ្ដើមក្នុងការកសាងទំនាក់ទំនងរវាងចិន និងកម្ពុជាដែលទោះបីជានៅពេលនោះស្ថានភាពអន្តរជាតិមិនផ្ដល់អនុគ្រោះសម្រាប់កម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជាបានគាំទ្រប្រទេសចិនជាពិសេសកៅអីនៅអង្គការ សហប្រជាជាតិ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលនេះដោយសារសម្ដេចឪមានចក្ខុវិស័យយូរអង្វែងដែលគិតថាពេលនោះគឺចិនអាចតំណាងនៃប្រទេសចិនទាំងមូល ដូច្នេះលោក ក៏បានគោរពនូវចក្ខុវិស័យយូរអង្វែងរបស់ព្រះអង្គក្នុងការកសាងទំនាក់ទំនងចាប់ពីដើមទីរហូតមកដល់ពេលនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យើងពិតជាបានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិនហើយការរីកចម្រើននេះមិនត្រឹមតែខ្លួនឯងទេគឺសម្រាប់ប្រទេសដទៃផ្សេងទៀតផងដែរ។ ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយវិញ លោកបានមានប្រសាសន៍ថាពិតជាបានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់ដែលចូលរួមនៅក្នុងគំនិតនេះ ហើយផ្អែកទៅលើស្ថានភាពនេះ ចិនក៏ផ្សាភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែ។
លោកបានគូសបញ្ជាក់អំពីគម្រោងជាច្រើនដែលស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីម្សិលមិញ លោកបានជួបចរចាជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងការពិគ្រោះយោបល់អំពីស្ថានភាពនៅកម្ពុជាជាពិសេសទៅលើសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាកន្លងទៅនេះគឺមានការរីកចម្រើនជាពិសេសកំណើនសេដ្ឋកិច្ច ៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ហើយភាពរីកចម្រើននេះក៏ដោយសារមានវិនិយោគរបស់ចិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណមិត្តចិនដែលបានប្រកាសថាបង្កើនកូតាឱ្យកម្ពុជានាំអង្ករមកប្រទេសចិនពី ៣០ ទៅ ៤០ ម៉ឺនតោននៅ ២០១៩ នេះ។ លោក ក៏បានអញ្ជើញលោក វ៉ាង យ៉ាង មកទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលណាសមស្របទៅមុខ ហើយលោកប្រធាន ក៏បានឆ្លើយតបអរគុណលោកនាយករដ្ឋមន្រ្តីចំពោះការអញ្ជើញនោះហើយលោកនឹងរកពេលវេលាសមស្របណាមួយនាពេលខាងមុខ។
លោក វ៉ាង យ៉ាង បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះចិនបានចាត់ទុកទំនាក់ទំនងរវាងចិន និងកម្ពុជាគឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរហើយដោយសារមានកិច្ចសហប្រតិបត្តិការជាច្រើនគ្រប់លំដាប់លើគ្រប់វិស័យជាពិសេសទៀតគឺគេមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងកម្រិតអន្តរជាតិផងដែរ។
លោកបានបន្តថា ចិន នឹងបន្តធ្វើការជាមួយគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជាពិសេសកិច្ចសហប្រតិបត្តិការទៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងប្រជាជនផងដែរ។ លោក ពិតជាគាំទ្រចំពោះគ្រប់ទិសដៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នោះដែលជាយន្តការថ្មីមួយទៀតក្នុងប្រទេសកម្ពុជានេះហើយលោកថា ស្ថាប័នទាំងសងខាង និងបន្តកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀតហើយនឹងមានការផ្លាស់ប្ដូរការទស្សនកិច្ចគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់ទៀត៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កានៅវិមានវីរជនរបស់ប្រជាជនចិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរឹតចំណងសាមគ្គី មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីការជំរុញឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរឱ្យ កានតែរឹងមាំទ្វេឡើងថែមទៀត។ ជាពិសេសការបន្តចូលរួមអនុវត្តឱ្យកាន់មានប្រសិទ្ធភាព និងស៊ីជំរៅទ្វេឡើងទៀតនូវការអនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលមេដឹកនាំនៃប្រទេសទាំងពីរបានប្រកាសដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កានៅវិមានវិរជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ជាមួយនឹងកម្រងផ្កាដែលមានចារឹកអក្សរពណ៌មាសមានអត្ថន័យថា «វិរជនរបស់ប្រជាជនចិនស្ថិតនៅជាអមតៈ» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំអោនកាយវាចារចិត្តដោយសេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវិរយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និងការវាយប្រយុទ្ធការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន រហូតក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។
គួររំលឹកផងដែរថា សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាពស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា ចិន នៅទីក្រុងប៉េកាំង៕






ចិនសម្រេចផ្តល់ជំនួយជិត៦០០លានដុល្លារដល់កម្ពុជា និងប្រកាសបន្តនាំអង្ករពីកម្ពុជាទៅចិនឱ្យបាន ៤០ម៉ឺនតោន

ប៉េកាំង, ចិន៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍នៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ លោកប្រធានាធិបតីចិន ក៏បានប្រកាសបន្តនាំអង្ករកម្ពុជាទៅកាន់ប្រទេស​ចិនឱ្យបាន ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៩នេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។
ក្នុងជំនួបនេះក្រៅពីការប្រកាសផ្តល់ជំនួយជិត ៦០០លានដុល្លារ និងទិញអង្ករកម្ពុជា ៤០ម៉ឺនតោនក្នុងមួយឆ្នាំទៅ លោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានប្រកាសខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយនឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត៕