Monday, February 27, 2023

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គនេះ គឺដើម្បីការពារនិងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត៕

ខាងក្រោមនេះជាអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរ​ទិវាជាតិ ទីក្រុងស្អាត លើកទី១១


សៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតី ក្នុង​ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ”។ 


ទិវានេះ ប្រារព្ធឡើង អមជាមួយពិធីប្រគល់ជ័យលាភី ទីក្រុងស្អាត លើកទី៣ ដល់ទីក្រុង​ជាប់ចំណាត់ថ្នាក់។ ពិធីនេះ ធ្វើឡើង​ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។​​

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍ថា សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជាមូលដ្ឋានដ៏រឹងមាំគាំទ្រដល់ការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាពយ៉ាងធំធេងដល់ការកសាងអនាគតកម្ពុជាប្រកបដោយភាពរុងរឿង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ។ ក្នុងនោះឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ កើនឡើង ១០៥៩ភាគរយ ធៀបឆ្នាំ២០២២។សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាត្រូវគិតគូរលើការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍន៍ ដើម្បីឆ្លើយនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍន៍ថ្មីៗ។សម្ដេចបន្តទៀតថា ចលនាប្រលងប្រណាំងទីក្រុងស្អាត គឺជាយន្តការវាយតម្លៃ និងជាការក្រើនរំលឹកដល់រដ្ឋបាលដែនដី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អំពីសារៈសំខាន់នៃការអភិវឌ្ឍបៃតង ដោយរក្សាតុល្យភាពនៃការអភិវឌ្ឍន៍ និងការអភិរក្សា លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ការអនុវត្តចលនាប្រលងប្រណាំងទីក្រុងស្អាត បានចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើនិរន្តរភាពនៃសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន នៅតាមបណ្តាទីក្រុង និងទីប្រជុំជន ព្រមទាំងជួយបង្កើនភាពទាក់ទាញ និងធានាចីរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថែមទៀត។

សម្តេ​ចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» សម្រាប់ទិវាជាតិទីក្រុងស្អាតនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញគួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។ សម្តេចតេជោជំរុញឲ្យប្រជាពលរដ្ឋត្រូវបង្កើនការយល់ដឹងពីតម្លៃអនាម័យ និងបរិស្ថាន  

ព្រោះជាមុខមាត់របស់ប្រទេសយើង។ សម្តេចតេជោបានមានប្រសាសន៍ ថា រយៈពេលប្រមាណ ២៣ឆ្នាំហើយ កម្ពុជាមិនកើតមានជំងឺចុះក្អួតក្រោយទឹកជំនន់នោះទេ ដែលនេះការស្តែងឱ្យឃើញពីភាពប្រសើរនៃសុខភាពប្រជាពលរដ្ឋ តាមរយៈការរស់នៅប្រកបដោយអនាម័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចលនា «ភូមិស្អាត ស្រែល្អ» ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីពេលមុន គឺជាចលនាលើកកម្ពស់ការរស់នៅស្អាតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។

សម្តេចតេជោបានណែនាំឱ្យជំរុញការអភិវឌ្ឍន៍បៃតងនៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេសតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាព នគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោបានណែនាំឱ្យបន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច​ ភាពទាក់ទាញ ផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយ សុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្តេចតេជោ ចង់ឃើញសណ្ឋាគារ និងអាហារដ្ឋាននានា ក្លាយទៅជាប្រភពទីផ្សារសម្រាប់កសិផលរបស់ខ្មែរ និងបានណែនាំឱ្យក្រសួងទេសចរណ៍ដាក់បញ្ចូលលក្ខខណ្ឌនៃការប្រើប្រាស់កសិផលខ្មែរ សម្រាប់ការវាយតម្លៃសណ្ឋាគារនានា។ សម្តេចតេជោបានណែនាំឱ្យបន្តលើកកម្ពស់ការអភិវឌ្ឍន៍ទីក្រុង ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងលើកស្ទួយ «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» តាមរយៈការបង្កើនអន្តរកម្មខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនតាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យរួមគ្នាថែរក្សាធនធានធម្មជាតិ រួមមានព្រៃឈើ និងសត្វព្រៃ សម្រាប់ទាក់ទាញទេសចរណ៍។សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ ដែលក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក យកគំនិតផ្តួចផ្តើមរបស សម្តេច «ឆ្នេរសមុទ្រដែលស្អាត គឺឆ្នេរគ្មានប្លាស្ទិក» ដាក់ក្នុងលក្ខខណ្ឌវាយតម្លៃរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់ លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធវិស័យឯកជន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ ព្រះអង្គ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន  រោងចក្រ និងជនរួមជាតិទាំងអស់មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបាន ផុលផុស ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាព ស្អាត និងបៃតងនិងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ»៕







សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣

 CNV:

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
  • អង្គពិធី ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង “ពិធីអបអរសាទរ​​​ទិវាជាតិទីក្រុងស្អាត​លើកទី ១១ ឆ្នាំ ២០២៣” ក្រោម​ប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់​ភាពកក់ក្តៅ” អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ៣ នាពេលនេះ។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យ នាពេលកន្លងមក ពិសេសការផ្តួចផ្តើមឱ្យមានចលនាប្រឡងប្រណាំង    ទីក្រុងស្អាតនៅថ្នាក់ជាតិ និងទីក្រុងទេសចរណ៍ស្អាត នៅថ្នាក់តំបន់អាស៊ាន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់នាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សហភាពសហព័ន្ធយុវជនកម្ពុជា, ដៃគូអភិវឌ្ឍ និងប្រជាជនគ្រប់រូប ដែលតែងតែផ្តល់កិច្ចសហការល្អចូលរួមគាំទ្រដល់ការងារទីក្រុងស្អាត សំដៅចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់, ចីរភាព, គុណភាព និងបរិយាប័ន្ន។

ទន្ទឹមនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃការវាយតម្លៃការប្រឡងប្រណាំង ទីក្រុងស្អាតលើកទី ៣ និងសូមអបអរសាទរដល់ក្រុង/ខណ្ឌជ័យលាភីទាំងអស់ និងសូមបន្តខិតខំអនុវត្តការងារ ដើម្បីទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរនៅក្នុងការប្រឡងប្រណាំង។

នៅឆ្នាំ ២០២២ កន្លងទៅ, កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបី ជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង និងត្រូវបន្តទទួលរងឥទ្ធិពលពីការវិវត្តស្មុគស្មាញនៃសភាព-ការណ៍អន្តរជាតិក្តី។

សុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជា​មូលដ្ឋានដ៏រឹងមាំ, គាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាព​យ៉ាងធំធេង​ដល់ ការកសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជវភាព។ ការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ កំពុងមានការវិវឌ្ឍយ៉ាងល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស និងមានភាពរឹងមាំ ជាមួយនឹងកំណើន ៣% នៅឆ្នាំ ២០២១ និងប្រមាណ ,២% នៅឆ្នាំ ២០២២ ហើយនៅ ឆ្នាំ ២០២៣ រំពឹងថានឹងមានកំណើន ,៦%។

ទន្ទឹមនេះ, វិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ, ក្នុងនោះ សម្រាប់ឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ,២ លាននាក់ កើនឡើង ១០៥៩% ធៀបឆ្នាំ ២០២១។ ជាមួយនេះ, ភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត ១៤ លាននាក់ កើនឡើង ១៩៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណជិត ២ លាននាក់ កើនឡើង ៥៧២% ធៀបឆ្នាំ ២០២១។ តាមការប៉ាន់ស្មាន, ពេញមួយឆ្នាំ ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤ លាននាក់ និងទេសចរជាតិប្រមាណ ១៥ លាននាក់។

ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ ២ ដែលត្រូវ គិតគូរស្របពេលគ្នា គឺ ការបង្កើនឧត្ដមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្រ្តមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត បៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី

ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺជាយន្តការវាយតម្លៃ និងជាការក្រើនរំលឹកដល់រដ្ឋបាលដែនដី,   អាជ្ញាធរ​មូលដ្ឋាន, វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ, ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំពីសារៈសំខាន់នៃការអភិវឌ្ឍបៃតង ដោយរក្សាតុល្យភាពនៃការអភិវឌ្ឍ និងការអភិរក្ស លើទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, វប្បធម៌​ និងបរិស្ថាន។ ការអនុវត្ត ចលនាប្រឡងប្រណាំងទីក្រុងស្អាត បានចូលរួមដល់ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើនិរន្តរភាពនៃសម្បត្តិធនធានវប្បធម៌, ធម្មជាតិ និងបរិស្ថាន នៅតាមបណ្តាទីក្រុង និងទីប្រជុំជន ព្រមទាំងជួយបង្កើនភាពទាក់ទាញ និងធានាចីរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថែមទៀតផង។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់ការប្រារព្ធ ទិវាជាតិទីក្រុងស្អាត ជារៀងរាល់ឆ្នាំ ដើម្បីបំផុស និងលើកទឹកចិត្តឱ្យមានការចូលរួម និងការយកចិត្តទុកដាក់បន្ថែមទៀតលើការងារទីក្រុងស្អាត។ ជាក់ស្តែង, ឆ្នាំនេះ ជាឆ្នាំទី ១១ ដែលយើងប្រារព្ធធ្វើទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ  “ទីក្រុងស្អាត បដិសណ្ឋារ​កិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” អមជាមួយការប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ៣។ ប្រធានបទនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ, គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត, មានបរិស្ថានល្អ, ធានាបាននូវសន្តិសុខ, សុវត្ថិភាព, ផ្តល់បដិសណ្ឋារកិច្ចល្អ, ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកប​ដោយ​ភាពកក់ក្តៅ។

ដើម្បីជំរុញឱ្យចលនាប្រឡងប្រណាំងទីក្រុងស្អាត កាន់តែមានប្រសិទ្ធភាព, ចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១. ឈរលើស្មារតីនៃប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ខ្ញុំសូមប្រកាសដាក់ចេញ យុទ្ធនាការ  ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ជាពិសេសត្រូវជំរុញការចូលរួមយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ដើម្បីអបអរសាទរការរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌, ប្រពៃណី, ម្ហូបអាហារ, អត្តសញ្ញាណជាតិ, ការស្វាគមន៍រួសរាយរាក់ទាក់, ការរៀបចំតុបតែងភូមិឋាន ជាដើម នៅតាមមូលដ្ឋាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបាន​​​​​​ផុលផុស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

កម្ពុជាបានសម្រេចជោគជ័យធំណាស់នៅក្នុងការរៀបចំប្រជុំអាស៊ាន

ចំណុចនេះខ្ញុំគួរតែបញ្ជាក់ថាឆ្នាំនេះ ដូចដែលយើងបានដឹងហើយថាយើងគឺជាម្ចាស់ផ្ទះ យើងធ្វើម្ចាស់ផ្ទះ ៣ ឆ្នាំជាប់ៗគ្នា ប៉ុន្តែ ឆ្នាំទី ១​ នៅឆ្នាំ២០២១ ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អឺរ៉ុបដែលនឹងត្រូវមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រមាណ ៥២ ឬ ៥៣ (ប្រទេស) យើងមិនបានធ្វើទេ យើងធ្វើតាម online ដោយសារតែសភាពការណ៍កូវីដ-១៩ បានញាំញីនៅក្នុងប្រទេសរបស់យើង ក៏ដូចជានៅក្នុងពិភពលោក។ ប៉ុន្តែ ឆ្នាំ ២០២២ កន្លងទៅ កម្ពុជាបានសម្រេចជោគជ័យធំណាស់នៅក្នុងការរៀបចំប្រជុំអាស៊ានដែលមានដៃគូរបស់យើងបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសុវត្ថិភាព ស្ថេរភាព ហើយត្រឡប់ទៅវិញដោយការចងចាំ។ មកដល់ពេលនេះហាក់ដូចជាពុំមានប្រទេសណាមួយដែលបង្ហាញនូវការមិនសប្បាយចិត្តនៅក្នុងពេលដែលធ្វើដំណើរមកកាន់កម្ពុជា ឬក៏នាំកូវីដ-១៩ចេញពីកម្ពុជាទៅប្រទេសខ្លួនវិញនោះទេ។

យើងពិតជាមានការរីករាយ ពិតមែនតែប្រធានអាស៊ានខ្លួនឯងបន្ទាប់ពីការប្រជុំហើយនោះ គឺត្រូវធ្វើដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រជុំប្រទេស G20 ហើយក៏ធ្វើតេស្តរកឃើញនូវកូវីដ-១៩ខ្លួនឯង។ ពេលនោះមិនមែនជាបញ្ហាភ័យខ្លាចសម្រាប់ខ្ញុំទេ អ្វីដែលជាកង្វល់ធំជាងគេរបស់ខ្ញុំនៅពេលនោះ តើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានា គឺមានឆ្លងកូវីដ-១៩? មាននាំកូវីដ-១៩ ពីកម្ពុជាទៅឬអត់? ជាពិសេសប្រធានាធិបតីឥណ្ឌូនេស៊ីតែម្តង ដែលជាម្ចាស់ផ្ទះនៅឆ្នាំនេះ តែឆ្នាំទៅ គាត់នៅឈរជាប់ជាមួយខ្ញុំជានិច្ចតាំងពីថតរូប និងអង្គុយ អញ្ចឹងយើងមានកង្វល់បែបនេះ។

កម្ពុជាមានមោទនភាពខ្លាំងក្នុងឋានៈជាម្ចាស់ផ្ទះដើម្បីរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម

ឯឆ្នាំនេះយើងទទួលធ្វើបន្ទុកស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលឆ្នាំនេះគឺជាឆ្នាំដែលកម្ពុជាមានមោទនភាពខ្លាំងក្នុងឋានៈយើងជាម្ចាស់ផ្ទះដើម្បីរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម។ អញ្ចឹងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣» គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ តែអ្វីដែលខ្ញុំគួរតែបញ្ជាក់ជូន គឺមិនមែនធ្វើត្រឹមតែមួយឆ្នាំនេះទេក្រែងលោភាន់ច្រឡំថា ឆ្នាំ២០២៣ ត្រូវតែអនាម័យ ដល់បន្ទាប់ពីឆ្នាំ២០២៣ ហើយមិនបាច់អនាម័យទេ។

យុទ្ធនាការអនាម័យរបស់ប្រជាជនគ្រប់ៗគ្នា

យើងបានខិតខំច្រើនណាស់ទៅហើយ អំពីយុទ្ធនាការនានាសម្រាប់អនាម័យរបស់ប្រជាជនរបស់យើង។ យើងបានមើលឃើញរួចហើយអំពីទិដ្ឋភាពទាំងឡាយទាក់ទងជាមួយនឹង ដែលយើងមានកាលពីពេលមុន នោះទាក់ទងនឹងផ្លាស្ទិកហោះតាមខ្យល់។ ឥឡូវនេះ បណ្តាទីក្រុង ទីប្រជុំជន បានកាត់បន្ថយច្រើនណាស់ទៅហើយ។ ប៉ុន្តែ យើងនៅតែសេសសល់បញ្ហាមួយចំនួន ក្នុងចំណោមប្រជាជនរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ការអប់រំជាមួយនឹងប្រជាជនរបស់យើងឲ្យយល់ដឹងថា នេះជាទឹកដីរបស់ពួកគាត់ អ្វីៗគឺជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម។ ហើយអ្នកណាក៏ដោយក៏ត្រូវតែចូលរួម ចាប់តាំងពីប្រជាជនធម្មតា រហូតទៅដល់អ្នកមុខអ្នកការជាន់ខ្ពស់ ដែលត្រូវទៅចូលរួម។ ហើយមិនមែនគ្រាន់តែអ្នកទីក្រុងទេ​ អ្នកនៅជនបទក៏ត្រូវតែជម្រុញស្ថានភាពអនាម័យនេះឲ្យបានល្អប្រសើរ។ វាមិនគ្រាន់តែជាការទាក់ទាញផ្នែកទេសចរណ៍ទេ ក៏ប៉ុន្តែវាទាក់ទងជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាតរបស់ប្រជាពលរដ្ឋ។

ពាក្យថា «ភូមិស្អាតស្រែល្អ» គឺជាចលនាដែលជម្រុញឲ្យអភិវឌ្ឍ ដែលធ្វើឲ្យស្ថានភាពមានការប្រែប្រួល

តើយើងនៅចាំទេ? ប្រហែលជាប្រមាណ ២ ទសវត្សរ៍មុន ឬក៏ ៣ ទសវត្សរ៍មុន យើងប្រើនូវពាក្យស្លោក​ «ភូមិស្អាតស្រែល្អ»។ ចំណុចនេះគឺចង់សំដៅថា យើងបានធ្វើយុទ្ធនាការច្រើនទៅក្នុងបញ្ហាទាក់ទងទៅនឹងអនាម័យ ជំងឺឈឺថ្កាត់មួយចំនួន ដូចជា បញ្ហាគ្រុនឈាម វាបានកើតចេញពីបញ្ហាខ្វះអនាម័យនៅជនបទ។ ខ្ញុំនៅចាំបានថា កាលពីសម័យនៅមុនឆ្នាំ ២០០០ ​គេហៅថាទឹកជំនន់សហសវត្សរ៍ឆ្នាំ២០០០ ជានិច្ចជាកាលកម្ពុជាមានជំងឺក្អួតនៅក្នុងរដូវទឹកសម្រក ប៉ុន្តែ យើងបានខិតខំធ្វើការជាមួយនឹងប្រជាពលរដ្ឋរបស់យើង ទឹកជំនន់ឆ្នាំ ២០០០ នៅសល់តែមួយកន្លែងទេ បើសិនជាខ្ញុំចាំមិនច្រឡំនោះ គឺជំងឺចុកក្អួត ដែលកើតនៅស្រុកពារាំង នៃខេត្តព្រៃវែង។ ប៉ុន្តែបន្ទាប់ពីនោះមក ពីឆ្នាំ ២០០០  រហូតមកដល់ឥឡូវនេះ គឺមានរយៈពេល ២៣ ឆ្នាំ យើងមិនដែលមានជំងឺចុកក្អួតបន្តទៀតទេ នេះក៏ផ្តើមចេញអំពីវិធានការគ្រប់គ្រងជាមួយនឹងការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ ខ្ញុំសុំស្នើឲ្យបន្ទាប់ពីយុទ្ធនាការនេះទៅ ហើយយុទ្ធនាការនេះសំដៅលើទីក្រុង ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យលាតសន្ធឹងទៅកាន់ទីជនបទ តាមរយៈប្រើប្រាស់ស្ថានភាពល្អប្រសើរនៅជនបទ គឺដើម្បីសុខភាពរបស់ពួកគាត់ ភាពអនាម័យវានឹងនាំទៅដល់ស្ថានភាពល្អប្រសើរនៅតាមភូមិឃុំរបស់គាត់ និងទាក់ទាញបានទេសចរណ៍ថែមទៀតទៅលេងនៅភូមិឃុំរបស់ពួកគាត់។

អញ្ចឹងយើងកុំធ្វើតែមួយឆ្នាំ ចលនានេះនឹងត្រូវធ្វើច្រើនឆ្នាំ ហើយពង្រីកពីក្របខណ្ឌរាជធានី ពីទីក្រុង ទីប្រជុំជនទៅកាន់ទីជនបទ ដូចដែលក្នុងយុទ្ធនាការដែលយើងធ្លាប់មាន។ ហើយរឿងនេះគឺជារឿងដែលខ្ញុំចងចាំ ព្រោះដូចខ្ញុំបានឧស្សាហ៍បញ្ជាក់ហើយថា អ្នកដែលនៅក្នុងរដ្ឋាភិបាល និងរាជរដ្ឋាភិបាលដែលមិនដាច់រយៈសោះ ក្នុងរយៈពេល ៤៤ ឆ្នាំ នេះគឺមានតែខ្ញុំម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលមិនដាច់រយៈ ពីឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសរហូតដល់នាយករដ្ឋមន្រ្តីរហូតមកដល់ពេលនេះ គឺអត់ដាច់រយៈទេ ដូច្នេះការចងចាំរបស់ខ្ញុំនៅទីនេះ គឺច្បាស់ជាអ្នកទាំងឡាយអាចយល់ ពាក្យដែលថា ភូមិស្អាតស្រែល្អ គឺជាចលនាដែលជម្រុញឲ្យអភិវឌ្ឍ ដែលធ្វើឲ្យស្ថានភាពមានការប្រែប្រួល។ ហើយចំណុចនេះទាមទារឲ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់រឿងរ៉ាវពិតមែនថាវាត្រូវកើតនៅមូលដ្ឋាន ព្រោះវាមិនដែលមកកើតឯណាក្រៅតែពីមូលដ្ឋានទេ ប៉ុន្តែ យើងគ្រប់ថ្នាក់ត្រូវចូលរួមចំណែកដើម្បីជម្រុញចលនានេះ។

[បញ្ចប់សេចក្តីអធិប្បាយ ១]

ទី២. បន្តជំរុញការអភិវឌ្ឍបៃតង នៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេស ស្របតាមគោលនយោបាយ និង​ យុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍ  ទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគរូបនីយកម្ម, ប្រជាសាស្ត្រ, ទេសចរណ៍, បរិស្ថាន, សេដ្ឋកិច្ច និងសង្គម។

ទី៣. បន្តអភិវឌ្ឍទីក្រុងស្អាត, ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច, ភាពទាក់ទាញផ្នែកទេសចរណ៍, បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម  ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, សុវត្ថិភាព, សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៤.​ បន្តអភិវឌ្ឍទេសចរណ៍ទីក្រុង ជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង ដែលមានលក្ខណៈសមាហរណកម្មជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ឆ្លាត ដូចជា កម្មវិធីទូរស័ព្ទ “ទស្សនាទីក្រុង” (City Tales App) ជាដើម។

ទី៥. បន្តលើកកម្ពស់ការអភិវឌ្ឍទីក្រុង ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន័ និងលើកស្ទួយ  “វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង” តាមរយៈការបង្កើនអន្តរកម្មខ្សែច្រវាក់​តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេស វិស័យកសិកម្ម, សិប្បកម្ម, ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

ប្រើប្រាស់នូវលទ្ធភាពនៃទេសចរណ៍ ដើម្បីបន្តអនុវត្តនូវគំនិតស្តីពីការនាំចេញនៅនឹងកន្លែង

នៅក្នុងចំណុចនេះ ខ្ញុំសូមរំលឹកទៅលើចំណុច ២។ ចំណុចទី ១ យើងត្រូវប្រើប្រាស់នូវលទ្ធភាពនៃទេសចរណ៍របស់យើង ដើម្បីបន្តអនុវត្តនូវគំនិតស្តីពីការនាំចេញនៅនឹងកន្លែង។ ទស្សនទាននៃការនាំចេញរបស់យើង មិនកម្រិតត្រឹមតែនាំចេញទៅក្រៅប្រទេស ទើបហៅថាការនាំចេញទេ ក៏ប៉ុន្តែនៅពេលដែលយើងទទួលបានទេសចរណ៍ ហើយបណ្តាសណ្ឋាគារដែលទទួលភ្ញៀវទេសចរណ៍នោះ ទទួលទិញផលិតផលរបស់កសិករយើង ដែលគាត់ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ចិញ្ចឹមមាន់ គាត់ដាំដុះបន្លែបង្ការ ដើម្បីយកមកផ្គត់ផ្គង់នូវបណ្តាសណ្ឋាគារនោះ។ យើងអាចរាប់បញ្ចូលថា ជាការនាំចេញនៅនឹងកន្លែង។ ប្រើប្រាស់ឲ្យអស់សក្តានុពលនៃកំណើនទេសចរណ៍ ផ្សារភ្ជាប់ជាមួយនឹងបណ្តាញផ្គត់ផ្គង់ដែលកសិករយើងត្រូវដាំ ដែលក្នុងហ្នឹងយើងធ្លាប់និយាយអំពីខ្សែក្រវាត់បៃតង ដែលយើងចង់ប្រើប្រាស់នូវស្ថានភាពនៃបណ្តាទីក្រុងដែលមានទេសចរណ៍ច្រើន ដើម្បីផ្គត់ផ្គង់ទៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន សម្រាប់ផ្គត់ផ្គង់ដល់ទេសចរណ៍។ ហើយយើងចាត់ទុកទេសចរណ៍គឺជាទីផ្សាររបស់កសិកររបស់យើង។ ទីផ្សារបានក្លាយទៅជាបញ្ហាសម្រាប់យើង ដែលមុននេះ យើងគ្រាន់តែផលិតដើម្បីតម្រូវការខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែឥឡូវសភាពការណ៍បានផ្លាស់ប្តូរហើយ ប្រជាជនផលិតត្រូវការទីផ្សារលក់ដូរ។ ដូច្នេះ យើងត្រូវរកគ្រប់វិធី ដើម្បីធ្វើយ៉ាងម៉េចឲ្យផលិតផលរបស់កសិករដែលពួកគាត់ផលិតនេះ អាចលក់បាន។ ក្រៅពីរកទីផ្សារនៅក្រៅប្រទេស យើងត្រូវតែខិតខំដើម្បីឲ្យពួកគាត់មានលទ្ធភាព ដើម្បីនឹងផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។

អញ្ចឹងទេ បានជាខ្ញុំប្រហែលជាក្រសួងទេសចរណ៍នៅចាំ ខ្ញុំរំលឹកថា នៅពេលដែលឲ្យពិន្ទុទៅតាមសណ្ឋាគារនីមួយៗ ក៏គប្បីត្រូវតែយកចំណុចទាក់ទងនឹងការប្រើប្រាស់នៅតាមសណ្ឋាគារនោះ យកធ្វើជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌ​​នៃការផ្តល់ពិន្ទុ។ តើសណ្ឋាគារនោះប្រើប្រាស់របស់នាំចូលសម្រាប់ផ្គត់ផ្គង់ទេសចរណ៍ ឬប្រើប្រាស់ផលិតផលក្នុងស្រុក​ ដើម្បីផ្គត់ផ្គង់ទេសចរណ៍? អញ្ចឹងបើសិនជាយើងពិនិត្យអញ្ចេះ ទេសចរណ៍មកច្រើន ប៉ុន្តែបែរជាយើងនាំផលិតផលពីខាងក្រៅ យកមកផ្គត់ផ្គង់ឲ្យទេសចរណ៍ អញ្ចឹងទេ តើយើងទទួលបានពិតប្រាកដប៉ុន្មាន នៃប្រាក់ចំណូលសម្រាប់ជាតិ តាមរយៈវិស័យទេសចរណ៍ គឺចំនួននេះវាមិនធំទេ។ ប៉ុន្តែផ្ទុយទៅវិញ បើសិនយើងប្រើប្រាស់នូវផលិតផលប្រជាជនដាំដុះ ចិញ្ចឹមក្នុងស្រុក យើងនឹងអាចទទួលផលបានច្រើនជាង។ សណ្ឋាគារមួយៗក្លាយទៅជាទីផ្សាររបស់កសិករ ហើយផ្នែកកសិកម្មក៏ត្រូវពង្រឹងគុណភាពនៃការដាំដុះ ការចិញ្ចឹមរបស់ប្រជាជន មិនអាចប្រើសារធាតុគីមី ហើយក៏មិនអាចប្រើអ្វីដែលនាំទៅដល់ប៉ះពាល់សុខភាពអ្នកទេសចរណ៍នោះទេ។ អញ្ចឹងនេះជាចំណងទាក់ទងជាមួយគ្នា។

អម្បាញ់មិញពេលចូលមក ខ្ញុំក៏បានសួរលោកឧកញ៉ា សុខ គង់ ទាក់ទងជាមួយផលចំណេញអំពីវិស័យ​ទេសចរណ៍​។ ខ្ញុំមានការរីករាយ ដោយសារតែគាត់បាននិយាយថា សៀមរាបបច្ចុប្បន្ននេះ ហាក់ដូចជាចាប់ផ្តើមឡើងហើយ ដែលក្នុងមួយថ្ងៃៗ គាត់មាន ៣០០, ៤០០ បន្ទប់ ឬ ២០០, ៣០០ បន្ទប់ អញ្ចឹងដែរ។ នៅខេត្តព្រះសីហនុក៏គួរសម នៅនេះបានយើងប្រជុំផង ប៉ុន្តែមនុស្សស្នាក់នៅ មិនជាច្រើនប៉ុន្មានទេ។ អញ្ចឹងយើងឃើញចរន្តនៃទេសចរ គឺចាប់ផ្តើមកើន ​ហើយម្យ៉ាងទៀត ប្រជាជនកម្ពុជាយើងមានលទ្ធភាពដេកសណ្ឋាគារផ្កាយ ៥ ផ្កាយ ៤ គឺគាត់អត់ខ្លាចដេកទេ។ អញ្ចឹងទេ គឺលាយឡំគ្នារវាងទេសចរក្នុងស្រុក ទេសចរក្រៅស្រុក អ្នកណាក៏ដោយ ឲ្យតែគេមានលុយដេក គេដេកទៅ កុំឆ្ងល់ពេក។ អាហ្នឹងជាចំណុចដែលយើងត្រូវ ហើយសម្រួលគ្រប់ទិដ្ឋភាព ដើម្បីឲ្យទេសចរអាចទទួលបាននូវការមកទស្សនកិច្ច។

ធ្វើឲ្យទេសចរមកម្តងហើយ ចង់មកម្តងទៀត

ខ្ញុំតែងបានបញ្ជាក់ហើយ កាលពីពេលមុន វិស័យទេសចរណ៍មិនចាំបាច់ទៅផ្សព្វផ្សាយតាម CNN, BBC អីទេ ផ្សព្វផ្សាយតែតាមរយៈនៃទេសចរណ៍ទាំងឡាយដែលមកក្នុងប្រទេសយើង។ កុំភ្លេច ជួនកាលបុគ្គលម្នាក់ ធ្វើម៉េចឲ្យបុគ្គលដែលមកទស្សនកិច្ចនេះ គេមកហើយ គេចង់មកទៀត ហើយគេមកទៀត មិនមែនត្រឹមតែមកម្នាក់ឯងទេ នាំទាំងក្រុមគ្រួសារ មិត្តភក្តិមកទៀត។ ហ្នឹងទើបជាចំណុចគន្លឹះ។ តាម BBC, CNN អាហ្នឹងគ្រាន់តែប្រញាប់ ឆាប់អស់លុយ ប៉ុន្ដែការដោះស្រាយពិតប្រាកដ ពេលទេសចរមក យើងទទួលទេសចរដោយបដិសណ្ឋារកិច្ចល្អ យើងមានសន្ដិសុខល្អ យើងមានអនាម័យ​ យើងមានកន្លែងទាក់ទាញដែលពួកគាត់ចង់ទៅមើល។ អញ្ចឹងទេសចរមកគឺចង់មកទៀត ហើយមកម្ដងនេះមិនមែនមកតែម្នាក់ឯងទៀតទេ គឺមកទាំងក្រុមគ្រួសារ មកទាំងមិត្តភក្តិ​។ ធ្វើម៉េចកុំឲ្យទេសចររបស់យើងមកដល់កម្ពុជាហើយ ថាអ្ហែងកុំទៅកម្ពុជាអី អញទៅម្ដងហើយពិបាកវេទនា។ អាហ្នឹងជាបញ្ហា។ អញ្ចឹងទេ សូមទាំងអស់គ្នាខិតខំ​ប្រជាជនកម្ពុជាយើងគ្រប់រូប ព្រោះនេះជាផលប្រយោជន៍ជាតិរបស់យើង ហើយវាបានពង្រាយការលូតលាស់របស់ប្រទេសជាតិទៅកាន់ប្រជាជន ទេសចរទៅជនបទកាន់តែច្រើន។

ទេសចរផ្ទៃក្នុងថ្ងៃសំរាក សៅរ៍ អាទិត្យ មានជាង ៣០ ម៉ឺន នាក់

ហើយឥឡូវនេះអ្វីដែលជាការល្អរបស់យើង ទេសចរផ្ទៃក្នុងថ្ងៃសៅរ៍  អាទិត្យ មិនតិចជាង ៣០ ម៉ឺន នាក់ទេ ព្រោះពួកគាត់ទៅកាន់តំបន់ឆ្នេរ តំបន់នានា ដែលនោះហើយជាការបង្កលក្ខណៈងាយស្រួល។ អ្នកមានដូង កាប់ដូងលក់ មានផ្លែឈើ ដែលអាចពួកគាត់ទទួលទាន អញ្ចឹងដោះស្រាយបានការងារច្រើន អមដោយការអប់រំការពារបរិស្ថាន យកបរិស្ថានដើម្បីទាញទេសចរទៅកំសាន្ដ មិនមែនកាប់ឈើ មិនមែនបំផ្លាញសត្វព្រៃ រួចហើយប្រមូលទេសចរមិនបានទេ ព្រោះទេសចរ​ត្រូវការមើលព្រៃ មើលសត្វ។ ដូច្នេះត្រូវមានវិធីសាស្ដ្រដើម្បីដោះស្រាយជាបន្ទាន់​។

រួមគ្នាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងទប់ស្កាត់ផ្លាស្ទិកចូលទៅក្នុងប្រភពទឹក

រឿងមួយទៀតដែលខ្ញុំត្រូវនិយាយ គឺរឿងផ្លាស្ទិក។ រឿងផ្លាស្ទិកនេះ ខ្ញុំសូមអបអរសាទរ និងអរគុណចំពោះមហាសន្និបាតឆ្នេរសមុទ្រ ដែលស្អាតបំផុត ដែលបានធ្វើឡើងនៅឯខេត្តព្រះសីហនុនាពេលកន្លងទៅ ដែលបានយក​អនុ​សាសន៍របស់ខ្ញុំដាក់ក្នុងសេចក្ដីសម្រេចចិត្តលើបញ្ហាទាក់ទិននឹងផ្លាស្ទិក។ រឿងផ្លាស្ទិកអាចជារឿងធ្ងន់ធ្ងរនៅ ២០, ៣០ ឬ ៥០ ឆ្នាំក្រោយ ព្រោះឥឡូវផ្លាស្ទិកទាំងឡាយហូរចូលក្នុងសមុទ្រ ទន្លេ បឹងបួរ ហើយអាផ្លាស្ទិកនេះមិនរលាយដូចក្រដាសទេ។ អញ្ចឹងទេ តើនៅក្នុងសមុទ្រ ទន្លេ បឹងបួរ នៅលើពិភពលោក តើមានផ្លាស្ទិកប៉ុន្មាន?ហើយវានឹងបង្កផលប៉ះពាល់បែបណា? កម្ពុជាជាប្រទេសមួយត្រូវក៏ត្រូវចូលរួមចំណែកជាមួយប្រទេសនានា ដោយខ្លួនក៏មានសមុទ្រ ទន្លេ ហើយយើងមានទន្លេ និងព្រែកគឺច្រើន។ ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ សេកុង ស្រែពក ហើយនិយាយពីព្រែកសំបូរ អញ្ចឹងទេ សួរថាមួយឆ្នាំៗ ផ្លាសិ្ទកធ្លាក់ទៅនឹងកប់ មិនរលាយនៅហ្នឹង ១០០ ឆ្នាំ ក៏មិន​រលាយទៅណាដែរ។ និយាយបញ្ហានេះទាមទារឲ្យមានការគិតគូរទៅផ្នែកបរិស្ថាន លើការបន្ថយការប្រើប្រាស់ផ្លាស្ទិក ហើយជំនួសវិញដោយការប្រើប្រាស់អ្វី ដែលបញ្ហានេះ ខ្ញុំគិតថាឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ប្រិយមិត្តបរទេសដែលមកទីនេះ ប្រហែលជាបានស្ដាប់លឺនូវកង្វល់នានាតាមរយៈអង្គប្រជុំនានា ដែលបានលើក​ឡើងពីការព្រួយបារម្ភពីបញ្ហាផ្លាស្ទិកក្នុងសមុទ្រ។ ប៉ុន្ដែ កម្ពុជាបានទៅហួសពីនេះ មិនមែនព្រួយបារម្ភតែផ្លាស្ទិក​ក្នុងសមុទ្រទេ តែខ្លួនមានការព្រួយបារម្ភពីផ្លាស្ទិកតាមដងទន្លេ ព្រែក បឹងបួរ ដែលខ្លួនមាន។ យើងត្រូវរួមគ្នាក្នុង​ក្របខណ្ឌជាតិរបស់យើង និងដៃគូរបស់យើងដើម្បីកាត់បន្ថយបញ្ហាប្រឈម ឬលុបបំបាត់បញ្ហាប្រឈម​។ តែឲ្យលុបទាំងស្រុងវាលំបាក ប៉ុន្ដែយ៉ាងណាក៏ដោយផ្លាស្ទិកមិនគួរកើនច្រើនពេកនៅក្នុងបឹងបួរ សមុទ្រ ទន្លេ ព្រែក ជាការរំលឹកពីបញ្ហានេះបន្ដិច។

[បញ្ចប់សេចក្តីអធិប្បាយ ២]

ជាថ្មីម្តងទៀត, ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរគ្រប់លំដាប់

ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, វិស័យឯកជន, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋគ្រប់រូប សូម  គាំទ្រ និងចូលរួមអនុវត្តឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកប​ដោយគុណភាព, ចីរភាព, ភាពស្អាត និងបៃតង ដែលមានភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមជា  “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]

កុំលាបពណ៌អ្នកដែលដូរទិសពីប្រឆាំងរដ្ឋាភិបាល មកចូលរួមជាមួយរដ្ឋាភិបាលវិញ

ក្នុងចំណុចនេះ ខ្ញុំគួរតែបញ្ជាក់បន្តិចក្នុងប៉ុន្មានថ្ងៃនេះមានការជេរគ្នាតាមបណ្តាញសង្គម។ បន្ទាប់ពីក្រុមយុវជនមួយចំនួន បានទៅជួបខ្ញុំថា ពួកគេបានទៅធ្វើសកម្មភាពច្រើនណាស់ហើយក្នុងការប្រឆាំងរដ្ឋាភិបាល ប៉ុន្តែពួកគេអត់បានទទួលផលអ្វីទាំងអស់។ ឥឡូវនេះ​​ វិធីសាស្រ្តតែមួយគត់គឺចូលរួមជាមួយនឹងគណបក្សប្រជាជន ហើយគាំទ្ររាជរដ្ឋាភិបាលវិញ។ ខ្ញុំសុខចិត្តទទួលកូនៗទាំងនោះ ឲ្យជួបជាមួយខ្ញុំ ឥឡូវចលនានេះកំពុងមាន ប៉ុន្តែ នៅពេលដែលចលនានេះដូរទិសពីការគាំទ្រក្រុមប្រឆាំង ប្រឆាំងនឹងរដ្ឋាភិបាលដូរទិស បែរជាមានចលនាវាយប្រហារពីក្រុមប្រឆាំងទៅលើយុវជន​​កូនៗទាំងនេះ។ នេះជាការខ្វះការគោរពប្រជាធិបតេយ្យ។ នៅពេលដែលគេគាំទ្រខ្លួនប្រឆាំងរដ្ឋាភិបាល ខ្លួនថាគេល្អ ដល់ទៅពេលដែលគេថាជម្រើសដ៏ល្អជាងគេ គឺសហការជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងនានាទាក់ទងនឹងការការពារបិស្ថាន។ ក្រុមនេះជាក្រុមដែលពីដើមធ្លាប់ធ្វើបាតុកម្មនានា តាំងពី ១០០ រាត្រី ក៏មាន។ អញ្ចឹងគេចាប់ផ្តើមវាយលើកូនៗទាំងហ្នឹង ខ្ញុំក៏គ្រាន់តែផ្ញើសារថាបើបានជាគិតទៅដល់ដំណាក់កាលប្រជាធិបតេយ្យ និងសិទ្ធិរបស់ពលរដ្ឋក្នុងបញ្ហានយោបាយ អ្នកកុំវាយប្រហារកូន​ៗទាំងនេះ។ វាមិនមែនជារឿងប្រជាធិបតេយ្យទេ នៅពេលដែលគេគាំទ្រអ្នកឯងវាយជេររដ្ឋាភិបាល អ្នកឯងគិតថាគេល្អ ដល់ទៅពេលគេមើលឃើញថាល្អបំផុតគេចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីធ្វើសកម្មភាព អ្នកឯងចាត់ទុកថាគេក្បត់ លក់ឧត្តមគតិ វាមិនមែនជារឿងដំណើរការប្រជាធិបតេយ្យទេ។

ហើយខ្ញុំបានទទួលកូនៗទាំងនេះដោយផ្ទាល់ ហើយសួរនាំគេចង់បានអ្វី ធ្វើអ្វី នាំគ្នាធ្វើទៅ។ ខ្ញុំអត់ចាត់ទុកកូនៗទាំងហ្នឹងជាសត្រូវទេ ឥឡូវគេនាំគ្នាមកច្រើនអង្គការណាស់ ខ្ញុំគ្រាន់តែប្រើពាក្យច្រើន ច្រើនខ្មែរនិយាយត្រឹមច្រើន បើភាសាអាមេរិក ភាសាបារាំងគេថែម អេសពីក្រោយ ហើយអក្សរយើងអត់មានថែមអេសពីក្រោយទេ ថាច្រើនៗ។ អញ្ចឹងទេ គឺខ្យល់កំពុងដូរទិស អញ្ចឹងសុំអំពាវនាវបណ្តាបក្សនយោបាយ និងអ្នកនយោបាយផ្សេងៗកុំលាបពណ៌ជាមួយនឹងកូនៗទាំងនេះ ដែលគេមើលឃើញថាពីដើមគេធ្លាប់ចូលរួមបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាល ឥឡូវគេមិនធ្វើយ៉ាងដូច្នោះទៀតទេ គេសុំចូលរួមជាមួយរដ្ឋាភិបាលធ្វើកិច្ចការងារហ្នឹងតែម្តង។ អាហ្នឹងជាដំណើរល្អ ជាដំណើរការប្រជាធិបតេយ្យ ដល់ពេលគេធ្វើអញ្ចឹងចាប់ផ្តើមជេរ អញ្ចឹងបានជេរគេប៉ុន្មានថ្ងៃនេះ ខ្លួនឯងហ្នឹងវាអន់ គ្រប់គ្រងវាមិនកើត គិតតែពីរឿងប្រឆាំង ប្រឆាំងផ្កាប់មុខតែម្តង សូម្បីតែក្មេងៗចង់ចូលរួមដើម្បីអភិវឌ្ឍប្រទេសខ្លួនគិតថាពួកទាំងហ្នឹងសុទ្ធតែលក់ក្បាល។ អញ្ចឹងទេ បន្តិចទៀតលក់ទាល់តែអស់ហ្នឹង ចាំមើលបន្តិចទៀត លក់ទាល់អស់ ព្រោះខ្លួនឯងវាអត់កើត ដល់ឃើញរដ្ឋាភិបាលធ្វើល្អ គេក៏ចូលរួមជាមួយរដ្ឋាភិបាល វាមានទាស់ខុសអី? អាហ្នឹងគ្រាន់តែផ្តាំទេ ខ្ញុំប្រាប់យកបុណ្យទេ ប្រយ័ត្នក្មេងៗវាទ្រាំមិនបាន វាខឹងវាដែរណាប្រមាថវាសុទ្ធតែលក់ក្បាលលក់អីអញ្ចឹង ហើយក្មេងៗហ្នឹងសុទ្ធតែបញ្ញវន្តណា។

[បញ្ចប់សេចក្តីអធិប្បាយ ៣]

ជាទីបញ្ចប់, ជាមួយនឹងការអបអរសាទរ  ទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣,  ខ្ញុំសូមជូនពរ   សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ   សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

 សូមអរគុណ !

***********

  Selected Comments Samdech Techo Hun Sen,
at the Celebration of the 11th National Clean City Day 2023

[Unofficial Translation]


(1) “Visiting Cambodia Year 2023” … urban and rural sanitation promoted

The “Visiting Cambodia Year 2023” campaign is an important event, (and it will not be for) just this year. (Please do not be) mistaken that (efforts will be made to keep the city) clean only in 2023, and not clean after 2023. We have put a lot of effort into campaigns for urban hygiene and sanitation […] the cities and towns have reduced a lot (of scattering plastics). But we still have some issues among our people that we need to take care of, to educate our people to understand that this is their land, everything is theirs, and they have to participate. Everyone from ordinary people to high-ranking officials must attend. Not just the urban people, the rural people too need to improve this sanitation situation. It is not only for tourist attraction but for the sake of our people’s health and cleanliness of the city […]

(2) “Clean village, good rice field” extends to the countryside to attract tourists

About two decades or three decades ago, we used the slogan, “clean villages and good rice fields.” This means that we have done a lot of campaigns on hygiene issues, especially to avert some diseases, such as dengue fever caused by the lack of sanitation in the countryside […] this campaign refers to the city (but) I wanted to extend (its coverage) to the countryside, by which people in the countryside can improve their health. Sanitation will lead to better conditions in the villages and communes, and attract more tourists’ visits […] we do not do it for one year. This movement will take many years and expand from the capital city to the countryside, […] “clean villages, good rice fields” is a movement that drives development, which prompts changes in local situation. This requires the attention of the authorities at all levels. Things have to happen at the grassroots. It never comes anywhere but in/from there. We at all levels must contribute to promote this movement […]

(3) Exports on the spot and encourage uses of local products

Firstly, we need to use the potential of tourism to continue to implement the concept of export on the spot. Our concept of export is not limited to export to markets outside the country, but when we receive tourism, the hotels can buy the products of our farmers, who raise livestock, and/or grow vegetables. In addition to finding markets abroad, we must strive to enable them to supply the local market. Therefore, (secondly) perhaps the Ministry of Tourism remembers my recommendation that when giving points (on competition among hotels) to hotels that are using the most local products rather than imported ones […]

(4) Tourists’ arrivals in Siem Reap and Sihanoukville are picking up

Agriculture needs to improve the quality of cultivation and husbandry, avoiding use of chemicals and/or other substances that affect the health of tourists/consumers […] Okhna Sok Kong, whom I asked on my way in, says that the uptrend of tourists’ arrivals in Siem Reap now seems to have started, with 300, 400 or 200,300 rooms per day. The number in Sihanoukville is also picking up […] we have seen the flow of tourists starting to increase, and on the other hand, the Cambodian people now can afford to stay in a five-star or four-star hotels […] well, it is a blending number of local and foreign tourists, […] we need to adjust all aspects so that we can receive more tourists […]

(5) Good hospitality, security, sanitation and hygiene make tourists come again

I have always said in the past that to attract tourism, we did not need to broadcast on CNN, BBC, but mainly through all the tourists who come to our country. We must think of way to make a visitor want to come again, and not coming alone, but bring family and friends together. That is the key point […] the real solution is when tourists come, we receive tourists with good hospitality, we have good security, we have cleanliness (because of sanitation and hygiene), […] that should be the points the entice tourists to return […]

(6) Protect the environment, forests and wildlife to attract tourists to rural areas

Let us Cambodians work hard, because this is in the national interest and it has spread the growth of the country from having more and more tourists’ arrivals to the countryside. The good thing is that the number of domestic tourists on weekend – Saturday and Sunday – is no less than 300,000. They go to the coastal areas because we have now convenient road infrastructure. Those of you who have coconuts can pick and sell it or other fruits that tourists can eat. That would provide a lot of work, accompanied by education to protect the environment, not to cut down trees, not to destroy wildlife, and use the environment to attract tourists […] who like to see the forest and the animals […]

(7) Cambodia takes actions on plastic wastes at sea, lakes, rivers, and canals

Another thing I have to have your attention is about the plastic wastes. Let me thank the most beautiful beach convention held in Sihanoukville recently for including my recommendations in its decision on plastic. Plastic can be serious in the next 20, 30 or 50 years because it flows into the sea, rivers, lakes and other waterways. This plastic does not melt like paper […] Cambodia has to contribute to this efforts with other countries […] for we have many rivers – Tonle Sap, Mekong, Bassac, Sekong, Sre Pok and canals […] Cambodia has paid attention beyond this – not only worried about the plastic in the sea, but also in the rivers, canals and lakes. We need to work together within our national framework and with our partners to reduce or eliminate (this non-degradable stuff) challenges. Eliminating it might be difficult, however, we can take measure to reduce wastes thrown into the lakes, seas, rivers, canals […]

(8) Former youth groups in opposition support the Royal Government

Days now, there is a lot of insults on social media, after some youth groups came to see me (and told me) that they had carried out a lot of activities, and in those activities against the Royal Government, they did not get anything in return. Now they see that the only way (forward) is to join the CPP and support the Royal Government. It is my will to accept and meet those children. The movement is now in momentum. But as the movement shifted its support from anti-government groups, the opposition attacked these young children. This is a lack of respect for democracy. When anyone support them in their course against the government, they say that those people are good. By the time those people cooperate with and/or support the Royal Government in development projects, for instance related to environmental protection, the opposition considered them bad element (selling their ideals out) […]

(9) Political parties and politicians not to paint color on former opposition youthsI am just sending a message that if you think about the democratic process and the rights of citizens in politics, you do not attack these children. It is not a matter of democracy. When they support you, they insult the government, you think they are good. When they see that it is best that they join the government, you consider them betraying their ideals […] youth in many organizations are supporting the Royal Government […] the wind is changing direction. I am calling on political parties and politicians not to paint color on these children. They had previously participated in anti-government protests. Now they do not do that anymore. They asked to join the government to do the works that they have been doing […] I warn you to be careful, not to push these children lose their patience. Do not insult them of selling their heads. They are angry. Thy are all intellectuals […]./.

(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីចែកសញ្ញាបត្រជូននិស្សិត/គរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេស

CNV: 

 ចាប់ពីនេះទៅ សម្រាប់ស៊ីហ្គេម ២០២៣ យើងនៅសល់ ៦៧ ថ្ងៃទៀត គឺ(ដល់)ថ្ងៃដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីការ​ទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំរួចមកហើយ។ ប៉ុន្ដែ ពេលនេះ យើងសល់តែ ៦៧ ថ្ងៃ តែប៉ុណ្ណោះ។ សូមទាំងអស់គ្នាអបអរសាទរ។

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) ជ័យលាភី ដែលទទួលវិញ្ញាបនបត្រ/សញ្ញាបត្រនៅថ្ងៃ​នេះ ជាទីស្រឡាញ់!

ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់

ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានត្រឡប់មក(សាជាថ្មីម្ដងទៀត) ដើម្បីជួបជុំជាមួយនឹងនិស្សិតជ័យលាភីរបស់យើងនៅថ្ងៃនេះ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់ម្គាល់ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍​អំបាញ់​មិញ ​ទាក់ទងនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ឯកឧត្តម អ៊ិត សំហេង បានរំលឹកទៅដល់ឆ្នាំ ១៩៩៦ ពេលដែលខ្ញុំទៅចែកជូនសញ្ញាបត្រនៅពេលនោះគឺសិស្សមានត្រឹម​តែជាង ២០០ នាក់ តែប៉ុណ្ណោះ ហើយពិបាកនឹង(រក)ការងារធ្វើទៀតផង ហេតុអីបានជាដំណាក់កាលនោះវាស្ថិតក្នុង(ស្ថានភាព)បែបនេះ? សង្គ្រាមមិនទាន់បានបញ្ចប់ទេ ជាមួយនឹងការវិនិយោគនៅតិចតួចណាស់ ដូច្នេះ ការ​បណ្ដុះបណ្ដាលនៅទីនោះស្ទើរតែគ្មានសិស្សតែម្ដង ដោយសារតែការដោះស្រាយការងារធ្វើ គឺជួបការលំបាក​ ដោយ​យើងមិនមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ស្រូបយកអ្នកដែលបានបណ្ដុះបណ្ដាលនៅទីនោះ។

ជំនាន់មុនមានគ្រឿងយន្ដ តែគ្មានអ្នកបច្ចេកទេស

ខ្ញុំនៅចាំ​ថា​ បងប្អូននៅទីនោះសំណូមពរ ដើម្បីឱ្យបានការងារធ្វើនៅទីកន្លែងនេះ/នោះ។ ខ្ញុំបានយល់ដឹងច្បាស់ពីបញ្ហានៅ​កន្លែងនេះ ទាក់ទិននឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលរឿងនេះខ្ញុំបានដឹកនាំកំណែទម្រង់​ចាប់​តាំងពីឆ្នាំ ១៩៨៥ រហូតមក។ ខ្ញុំបានចុះទៅតាមបណ្ដាខេត្ត ពេលនោះខេត្តក្រចេះមានការ​តឹង​តែង ដោយមិនព្រមជាមួយបញ្ហាកំណែទម្រង់។ ដីធ្លីក៏មិនព្រមធ្វើ(ធ្វើកំណែទម្រង់)។ ខេត្តក្រចេះពេលនោះផលិតជាកាណូត។ កាណូតនៅប្រទេសរបស់យើងមិនសូវធ្វើពីដែកទេ គឺធ្វើពីឈើ ឯកឧត្តម ញ៉ែម ហេង ប្រហែលជាកំពុងនៅ​មើល គាត់មិនទាន់ទៅណាទេ ពេលនោះគាត់ធ្វើជាប្រធានគណបក្សខេត្ត ឯកឧត្តម ថឹក ទ្រឹងវុត្ថា ធ្វើអភិបាលខេត្ត​ គាត់នាំខ្ញុំដើរ តែខ្ញុំបាននាំគាត់ដើរវិញ ខ្ញុំថាឱ្យតម្រង់ទិស នៃការបណ្ដុះបណ្ដាល​ សម្រាប់ឆ្ពោះទៅរកការធ្វើសិប្បកម្មទាក់ទងនឹងការធ្វើទូក/កាណូត ដែលជាមូលដ្ឋានយើងផលិតនៅខេត្តក្រចេះ ដើម្បីផ្គត់​ផ្គង់ទៅខេត្តដទៃ​ ហើយក្នុងវិស័យនោះក៏ទាក់ទាញការចាប់អារម្មណ៍ ទាក់ទងនឹងបញ្ហាការបណ្ដុះបណ្ដាល​បច្ចេក​ទេស ទាក់ទងនឹងគ្រឿងយន្ដកសិកម្ម ឯកឧត្តម ញ៉ែម ហេង (និយាយ)ថា ខ្ញុំមិនចង់ឃើញពួកអាអស់ហ្នឹង។ ខ្ញុំមិនបង្ហាញការមិនយល់របស់ខ្ញុំនូវអ្វីដែលគាត់និយាយ។ ក្រោយមក ប្រហែលជាអ្នកទាំងអស់គ្នានៅទីនេះមានមួយចំនួនចាំបាន (យើងមាន)ត្រាក់ទ័រភ្ជួររាប់រយគ្រឿង ហើយ(យើង)ដាក់​ត្រាក់ទ័រភ្ជួររាស់ជូន(ប្រជាពលរដ្ឋ)ទៅតាមខេត្ត តែយើង​បែរជាគ្មានអ្នកបច្ចេកទេស សម្រាប់បម្រើឱ្យការជួសជុលគ្រឿងយន្ដកសិកម្មនោះទៅទៀត។ សូម្បីការបណ្ដុះបណ្ដាលទៅលើបញ្ហានេះ គឺអត់មាន។ មានគ្រឿងយន្ដសម្រាប់កសិករ ប៉ុន្ដែ ពេលបើកទៅខូច អ្នកបើក គឺអត់ចេះធ្វើ។ ចេះ​តែបើក/ភ្ជួរ។ អញ្ចឹងទេ បានក្រោយមកយើងតម្រង់ទិសបណ្ដើរៗ។

ការបណ្ដុះបណ្ដាលបច្ចេកទេសមានតាំងពីឆ្នាំ ១៩៥៨ ក្រោយព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ

ប្រសិនបើយើងពិនិត្យមើលនៅទីនេះ យើងឃើញថា បច្ចេកទេសនេះត្រូវបានបង្កើតឡើងតាំងឆ្នាំ ១៩៥៨ តើ​ពេលនោះអ្នកណាជាអ្នកដឹកនាំ? គឺព្រះបរមរតនកោដ្ឋ។ ព្រះអង្គជាព្រះមហាក្សត្រចាប់តាំងពីឆ្នាំ ១៩៤១-​៥៥ ព្រះអង្គរាជ្យ(សម្បត្តិ) ហើយ(ព្រះអង្គបាន)ថ្វាយរាជ្យសម្បត្ដិទៅព្រះបិតារបស់ព្រះអង្គ គឺព្រះបាទសុរាម្រិត។ នេះយោងតាមការចងចាំ និងការស្រាវជ្រាវប្រវត្ដិសាស្ដ្ររបស់យើង គឺវាដូច្នេះ។ ព្រះករុណាបិតា ក៏បានបង្កើតសង្គម​រាស្ដ្រ​និយម។ សង្គមរាស្ដ្រនិយមហ្នឹងហើយ ដែលចូលរួមការបោះឆ្នោតឈ្នះភ្លូកទឹក/ដី តាមរយៈនោះព្រះ​អង្គ​កាន់តួនាទីជានាយករដ្ឋមន្ដ្រី។ អញ្ចឹង សូមកុំភ្លេចថា ប្រទេសរបស់យើងនៅក្នុងដំណាក់កាលនោះ គឺមិនមែនព្រះ​ករុណា(ព្រះបរមរតនកោដ្ឋ)ជាព្រះមហាក្សត្រទេ ព្រះករុណា(ព្រះបរមរតនកោដ្ឋ)ជាព្រះមហាក្សត្រសោយរាជ្យពីឆ្នាំ ១៩៤១-៥៥។ (ឆ្នាំ)១៩៥៥ ព្រះករុណា(ព្រះបរមរតនកោដ្ឋ) ដាក់រាជ្យថ្វាយទៅព្រះបិតារបស់ព្រះអង្គ ហើយឆ្នាំ ១៩៦០ ព្រះបិតារបស់ព្រះអង្គសោយទិវង្គត។ អញ្ចឹង ក្នុង​ឆ្នាំ ១៩៦០-៧០ ប្រទេសកម្ពុជាមានឈ្មោះព្រះរាជាណាចក្រកម្ពុជា តែគ្មានព្រះមហាក្សត្រទេ តែមានព្រះប្រមុខរដ្ឋ ដោយមានការកែប្រែរដ្ឋធម្មនុញ្ញដោយថ្វាយព្រះរាជតួនាទីទៅព្រះករុណាបិតាក្លាយជា​ប្រមុខ​រដ្ឋ​អស់មួយជីវិត។ ត្រង់ហ្នឹងហើយដែលទាក់ទងនឹងរដ្ឋប្រហារខុសច្បាប់នោះឯង ដោយសារ​រដ្ឋធម្មនុញ្ញបានចែង(យ៉ាងដូច្នេះ)​។ នេះគ្រាន់តែជាការឱ្យដឹងពីប្រវត្ដិ នៃប្រទេសរបស់យើង​ គឺព្រះរាជាណាចក្រកម្ពុជា មិនមានព្រះមហាក្សត្រទេ តែមាន​ប្រមុខរដ្ឋ។

ប្រសិនបើគ្មានសង្គ្រាមឆ្នាំ ១៩៧០ មកដល់ពេលនេះ តើប្រទេសរបស់យើងរីកចម្រើនដល់ណាហើយ?

ខ្ញុំចង់វិលត្រឡប់មកវិញ ការគិតគូរអំពីបច្ចេកទេសនេះមិនមែនទើបមានក្រោយនេះទេ គឺព្រះករុណា​(ព្រះបរមរតនកោដ្ឋ) បាន​យកទឹកព្រះទ័យទុកដាក់តាំងពីព្រះអង្គដឹកនាំនៅក្នុងចុងទសវត្សរ៍ ៥០ (ដោយព្រះអង្គ)បានបង្កើតនូវវិទ្យាស្ថានបច្ចេកវិទ្យារួចមក​ហើយ ដែលពេលនោះហៅថា (សាលា)បច្ចេកទេសព្រះកុសុមៈ សំដៅសំខាន់ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសនេះឯង។​ អញ្ចឹង បានយើងឃើញតាមរយៈខ្សែភាពយន្តនានា អ្នកបច្ចេកទេសរបស់យើងក៏មានការ(កើន)ឡើងនៅក្នុងដំណាក់កាលនោះ ក៏ប៉ុន្តែ សង្គ្រាមវាបានបំផ្លាញនូវការរីកលូតលាស់ខាងបច្ចេកទេស រហូតដល់របប ប៉ុល ពត អាហ្នឹង គឺលេងខ្ទេចតែម្តង។ អញ្ចឹង ចំណុចនេះយើងចោទចេញជាសំណួរថា ប្រសិនបើប្រទេសយើងមិនកើតសង្គ្រាមឆ្នាំ ១៩៧០ តើប្រទេសរបស់យើងបានដើរទៅដល់ណាហើយ? ពេលនោះកម្ពុជាមានប្រាក់ចំណូលរហូតទៅដល់ជាង​ ២០០ ដុល្លារ/ម្នាក់ ក្នុងពេលដែលកូរ៉េខាងត្បូងមាន(ប្រាក់ចំណូល)ត្រឹមតែ ៧៨ ដុល្លារ/ម្នាក់ទេ កម្ពុជា(ដើរ)លឿនជាងកូរ៉េខាងត្បូងទៅទៀត ក៏ប៉ុន្តែ ពេលនេះកូរ៉េខាងត្បូងគេទៅឆ្ងាយហើយ (ចំណែក)ឯងនៅខាងក្រោយ ដោយសារកំហុសមេដឹកនាំសម្រេចចិត្តធ្វើរដ្ឋប្រហារ។ បន្ទាប់ទៅ គឺរបប ប៉ុល ពត។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានរៀបចំឱ្យមានការបណ្ដុះបណ្ដាលឡើងវិញគ្រប់វិស័យ

ឥឡូវ វិលត្រឡប់មកដល់យើងនៅឯណេះវិញ ក្រោយថ្ងៃរំដោះ (៧ មករា ១៩៧៩) យើងក៏ចាប់ផ្តើមរៀបចំឱ្យមានការបណ្តុះបណ្តាល ក៏ប៉ុន្តែ ការបណ្តុះបណ្តាលរបស់យើងទៅមុខមិនលឿន ដោយសារកត្តាទីផ្សារនោះឯង។ ខ្ញុំនៅចាំ(បានថា) ឆ្នាំ ១៩៩៦ គឺទៅ(ទី)នោះ(សាលាបច្ចេកទេសព្រះកុសុមៈ) ហើយកន្លែងបណ្តុះបណ្តាលរបស់យើងក៏មិនព្យាបាលដែរ។ អាផ្លូវទៅពោធិ៍ចិនតុង (សាលាបច្ចេកទេសព្រះកុសុមៈ)នៅស្តាំដៃ កន្លែងហ្នឹងពីដើម(ជាកន្លែង)គេទាយលេខឡាន ឱ្យតែយើងទៅផុតអញ្ចឹងទៅ លឺសូរហ៊ោខាងក្រោយ (ព្រោះ)ពួកគាត់ចាក់លេខឡាន។ កន្លែងហ្នឹងកាលពីជំនាន់នោះអត់មានផ្ទះទេ ឥឡូវ ផ្ទះជាប់ពីហ្នឹងទៅដល់ពោធិ៍ចិនតុង ពីដើមពោធិ៍ចិនតុង(ស្ថិត)នៅក្នុងខេត្តកណ្តាល។ អញ្ចឹង ពេលដែលយើងបណ្តុះបណ្តាលដែលខ្វះនូវទីផ្សារការងារ វាមិនទទួលជោគជ័យទេ។ ក្រោយមកប្រទេសរបស់យើងកើន(អ្នកបច្ចេកទេស)បន្តិចម្តងៗ។

ផ្ដួចផ្តើមគំនិតបង្កើតក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបំបែកចេញពីក្រសួងអប់រំ

ខ្ញុំនៅចាំ(បាន)ថា ការផ្តើមគំនិតរៀបចំបង្កើតនូវក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេលនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គធ្វើជាប្រធានរដ្ឋសភា ឯខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ហើយថ្ងៃដែលឯកភាពគ្នា បង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាថ្ងៃការកូនរបស់ខ្ញុំ។ ពេលហ្នឹងខ្ញុំយាង សម្តេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រី ម៉ារី ចូលរួមអាពាហ៍ពិពាហ៍ ក៏ជជែកគ្នាអំពីការបង្កើត(ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)នេះ។ ពីដើមវិទ្យាស្ថានខាងបណ្តុះបណ្តាលវិជ្ជាជីវៈ(ស្ថិត)នៅក្នុងក្រសួងអប់រំ។ អញ្ចឹង ទំហំការងារ នៃក្រសួងអប់រំពេលនោះពិបាកគ្របដណ្តប់ទៅលើផ្នែកនេះ។ ដូចអ្វីដែលធ្លាប់កើតនៅក្រសួងកសិកម្ម ដែលយើងមិនអាចរីកលូតលាស់ខាងផ្នែកទាក់ទិនជាមួយនឹងរឿងធនធានទឹក អញ្ចឹង បានឆ្នាំ ១៩៩៨ បង្កើតក្រសួងធនធានទឹកឡើង ជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម។ មិនទុកឱ្យក្រសួងដែនដី នគរូបនីយកម្ម នៅក្រោមក្រសួងណាមួយ(នោះទេ) គឺទៅមិនរួច។ ក្រោយមកបានយើងបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយទៀត ដែលយកផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈចេញពីក្រសួងអប់រំ ប្រគល់ឱ្យក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈនេះ។

គ្មានសន្តិភាព ស្ថិរភាពនយោបាយ ធនធានមនុស្ស មិនអាចទាក់ទាញវិនិយោគិនបានទេ

ឥឡូវនេះ ក្រសួងនេះបានរីកធំធាត់​ ដែលថ្ងៃនេះយើងចែកសញ្ញាបត្ររហូតទៅដល់ ៥ ៤៥៥ នាក់ សុទ្ធតែជាអ្នកបច្ចេកទេស។ ឥឡូវនេះ តម្រូវការបញ្ហាបច្ចេកទេសកាន់តែធំ/ខ្លាំង ព្រោះតម្រូវការមួយផ្នែកក្នុងស្រុកកំពុងមានស្រាប់ ប៉ុន្តែ មួយផ្នែកទៀត (គឺ)ការទាក់ទាញវិនិយោគ ដើម្បីឱ្យមកកាន់ទីនេះ ប្រសិនបើយើងគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្តល់ឱ្យគេទេ យើងមិនអាចទទួលបានជោគជ័យក្នុងការទាក់ទាញវិនិយោគិនមកទេ។ ត្រូវចាំឱ្យច្បាស់ មិនមែនដាក់ចេញថាដោះស្រាយគោលដៅការងារប៉ុណ្ណេះ/ប៉ុណ្ណោះ ដោយមិនផ្សារភ្ជាប់នឹងខ្សែសង្វាក់នៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈជាពហុវិស័យ (និង/ឬ)ជាក្របខណ្ឌម៉ាក្រូរបស់វា ដូចជាបរិបទគ្របដណ្តប់ស្តីអំពីបញ្ហាសន្តិភាព ដែលវាជាកត្តាធានាឱ្យច្បាស់/គ្រប់ ដើម្បីការអភិវឌ្ឍនោះទេ។ គ្មានប្រទេសណាទៅវិនិយោគ ជាមួយនឹងប្រទេសដែលគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ(នោះ)ទេ (គឺ)អត់ទេ។

កម្ពុជាក៏ជាហត្ថលេខីក្នុងកិច្ចព្រមព្រៀង នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

មួយផ្នែកទៀតគេក៏ត្រូវមើលលំហូរ ស្តីអំពីបញ្ហាទីផ្សារនៅខាងក្រៅ។ ល្ងាចស្អែកនេះ ខ្ញុំនឹងជួបក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ខ្ញុំក៏នឹងប្រាប់ពួកគេថា កុំមើលប្រទេសកម្ពុជាត្រឹមកម្ពុជាទេ ត្រូវមើលកម្ពុជាឱ្យហួសពីកម្ពុជា ដោយកម្ពុជាមានកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ដែលហៅថា  AFTA នោះ។ កម្ពុជាក៏ជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលហៅហាត់ថា AFTA។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, រវាងកម្ពុជា និងកូរ៉េខាងត្បូង ហើយនៅមិនយូរប៉ុន្មានទេ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និង Arab Emirates យើងក៏កំពុងតែរៀបចំខ្លួន ដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀត ហើយអាស៊ានក៏កំពុងតែធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានជាមួយនឹងសហភាពអឺរ៉ុប។ យើងនៅមានទីផ្សារដទៃទៀត ដែលយើងអាចទៅរួច។ ដូច្នេះ មិនមែនគ្រាន់ជាបញ្ហាដាច់ដោយឡែករបស់ទីផ្សារកម្ពុជាទេ ដែលមានមនុស្ស ១៧ លាននាក់នោះទេ  យើងមានមនុស្សដែលយើងត្រូវប្រកួតប្រជែង និងចូលទៅកាន់ទីផ្សារ នៃមនុស្សរាប់ពាន់/លាននាក់ ដែលយើងត្រូវឃើញ ដូច្នេះ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះ កាន់តែមានតម្រូវការកាន់តែធំ។

ស្នើក្រសួងវប្បធម៌ពិភាក្សាជាមួយក្រសួងការងារ ទៅលើកង្វះទីតាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈដូនតា

ដូច្នេះហើយបានជារាជរដ្ឋាភិបាល បានចេញនូវគោលដៅប្រគល់ឱ្យអស់លោកចាត់ចែង ដើម្បីឱ្យទទួលការបណ្ដុះបណ្ដាលនូវយុវជន/នារីក្រីក្រ ចំនួន ១ លាន ៥ សែននាក់ ដែលបន្ទុកនេះនឹងធ្លាក់ភាគច្រើនមកក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខ្ញុំក៏បានបញ្ជាក់ថ្ងៃមុនហើយ(ដែរ) វិជ្ជាជីវៈដូនតាក៏ត្រូវបានទទួលការបណ្តុះបណ្តាល ដែលនឹងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយធ្វើការសម្របសម្រួលជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីមូលដ្ឋាននៃការបណ្តុះបណ្តាល ព្រោះប្រហែលជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាចមានលទ្ធភាពទៅលើទីតាំងមួយចំនួន ដូចជានៅទីក្រុងភ្នំពេញ/សៀមរាប ប៉ុន្តែ នៅខេត្តមួយចំនួនទៀត ប្រហែលជាក្រសួងខ្វះ(ទីតាំង)។ បើក្រសួង(វប្បធម៌)ខ្វះ(ទីតាំង) សូមពឹងពាក់ទៅលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងហ្នឹង ឯកឧត្តម អ៊ិត សំហេង ក៏បានលើកឡើងទាក់ទិនជាមួយនឹងការផ្តល់របស់ខ្ញុំ ទៅលើសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅឯខេត្តព្រះសីហនុ ព្រោះអញ្ចេះ ខ្ញុំមិនទៅចូលមើលសាលា? សាលារៀនចំណេះទូទៅ និងវិទ្យាល័យ វាគាប់ជួនអីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈវានៅ(ទី)ហ្នឹងដែរ បើយើងឱ្យតែខាងក្រសួងអប់រំ អត់ឱ្យខាងនេះ គឺវាអត់ត្រូវ។ អញ្ចឹងទេ អាហ្នឹងដូច ៣ ជាន់ដែរ មានទាំងកន្លែងរៀន/ស្នាក់នៅរបស់សិស្ស។ យើងមានមូលដ្ឋាននៅភ្នំពេញផង/តាមខេត្តនានាផងដែរ ដើម្បីទទួលបានការបណ្តុះបណ្តាល។

អ្នកមានជំនាញបច្ចេកទេសវិជ្ជាជីវៈ កំពុងតែត្រូវប៉ាន់/៩៩ ភាគរយ នៃភូមិនៅទូទាំងប្រទេសមានអគ្គិសនីប្រើ

ឥឡូវ បច្ចេកទេស នៃការបណ្តុះបណ្តាលហ្នឹង គេហៅថា បច្ចេកទេសត្រូវប៉ាន់។ យើងពិនិត្យមើលទាក់ទិននឹងកម្រិតបរិញ្ញាបត្ររង (ចំនួន) ១ ៣៨៣ នាក់ ក្នុងហ្នឹងមានសំណង់ស៊ីវិល (ចំនួន) ៤៦៦ នាក់។ អគ្គិសនី (ចំនួន) ៦៩៦ នាក់។ ព័ត៌មានវិទ្យា (ចំនួន) ១៦ នាក់។ បរិក្ខារត្រជាក់ (ចំនួន) ៥ នាក់។ គ្រាន់តែរឿងនេះ ខ្ញុំនិយាយត្រង់(ទៅចុះ)ថា អគ្គិសនី/បរិក្ខារត្រជាក់ តិចៗដាច់ភ្លើង (ដូច្នេះវាធ្វើឱ្យខូច) ហើយអ្នកបច្ចេកទេសខាងអគ្គិសនីគេទៅធ្វើ ប៉ុន្តែ អគ្គិសនីហ្នឹងមកពីណា? (គឺគេ)ក៏ត្រូវបានទទួលការបណ្តុះបណ្តាលចេញពីកន្លែងយើង (ដើម្បី)ទៅរកការងារធ្វើ។ ឧទាហរណ៍ថា ម៉ាស៊ីនត្រជាក់នេះដាច់អស់ យើងមិនអង្គុយនៅក្តៅនៅហ្នឹង? អញ្ចឹង វាមានតម្រូវការ(អ្នកបច្ចេកទេស ដើម្បីជួសជុល)។

សម័យបក់ផ្លិត វាបានទៅឆ្ងាយកាន់តែឆ្ងាយហើយ។ សូម្បីតែប្រជាជននៅជនបទក៏គាត់ប្រើអគ្គិសនី គាត់ក៏មានកង្ហារដាក់ ដើម្បីគាត់សម្រាកលក់ដែរ មានតិចណាស់ដែលគ្មាន(អគ្គិសនីប្រើ)។ ឥឡូវនេះ ៩៩% នៃភូមិដែល យើងមានអគ្គិសនីភ្ជាប់ទៅឱ្យពួកគាត់ អញ្ចឹង ពួកគាត់អាចនឹងប្រើប្រាស់អស់ហ្នឹង។ នៅមានម៉ាស៊ីនត្រជាក់/ស្អីៗច្រើនណាស់។ សូម្បីតែយប់ម្សិល ខ្ញុំឆ្ងល់អញ្ចេះ ទូរទស្សន៍សម័យថ្មីរបស់យើង គឺមានភ្ជាប់តាំងពីហ្វេសប៊ុកក៏នៅហ្នឹង និង Youtube នៅក្នុងហ្នឹងតែម្តង។ ខ្ញុំភ្ជាប់ជាមួយនឹង Youtube ហើយខ្ញុំទាញយកចម្រៀងនានា ប៉ុន្តែ ភាគច្រើនខ្ញុំស្តាប់តែ(អ្នក)ចម្រៀង ៣ នាក់ទេ ហើយចម្រៀងហ្នឹងខ្ញុំបើកចោល ព្រោះ ១ ម៉ោង គឺវា Stop ហើយ។ អ្នកទាំងអស់(គ្នា)សាកវាយយកឈ្មោះ ពេជ្រ រដ្ឋា អាហ្នឹង គឺអត់សូវចេញមុខទេ ក៏ប៉ុន្តែ ច្រៀងពិរោះ ហើយ(ម្នាក់ទៀត)ឈ្មោះ ប៊ុន សំបូរ និងស្ត្រីម្នាក់(ឈ្មោះ) នៅ សៀងហៃ (គឺថា) ចម្រៀងពិរោះៗ ប៉ុន្តែ (ក៏)មាន សួស សងវាចា, ណូយ វ៉ាន់ណេត មានចម្រៀងភ្លេងការមករដឹកមក។ ប៉ុន្តែ កំពុងតែមើលៗស្រាប់តែវាដាច់ ម៉ោង ៩ ហ្នឹង ខ្ញុំរវល់ធ្វើការរបស់ខ្ញុំដែរ អ្ហែងមិនឆេះទេក៏ហីទៅ។ ដល់ពេលយប់ យើងបើកទៅដូចអត់មានស្អីចូល អ៊ិនធើណេតក៏វាដា​ច់ បើកស្អីក៏មិនរួច។ ដល់ព្រឹកឡើងហៅអ្នកបច្ចេកទេស ខ្ញុំមានអ្នកបច្ចេកទេស ២ នាក់ នៅជាប់យ៉ាងតិច (ក្នុងនោះ)ផ្នែកទូរស័ព្ទ/ទូរទស្សន៍ និងផ្នែកដទៃទៀត។ បើថាពាក់ព័ន្ធជាមួយនឹងពួកភ្លើង គឺត្រូវអញ្ជើញពួកភ្លើងភ្លាម …។

(១) ជំរុញទាក់ទាញវិនិយោគវិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក ផ្ដល់ឱកាសទីផ្សារដល់កសិករ និងដោះស្រាយការងារធ្វើ

នៅពេលខាងមុខនេះ យើងកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេសយើង (ហើយ)គោលនយោបាយឧស្សាហកម្មរបស់យើង ខ្ញុំតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេស ឱ្យផ្តោតការយកចិត្តទុកដាក់ សម្រាប់មកវិនិយោគនៅកម្ពុជា។ គោលដៅសំខាន់ពីរ ដែលយើងចង់ទាក់ទាញអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្ម៖ ទី(១) ឧស្សាហកម្មកែច្នៃ ដែលប្រើវត្ថុធាតុដើម (ដែល)កម្ពុជាមានស្រេច។ ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេស ដែលចែកចាយនូវគ្រាប់ស្វាយចន្ទី គេហៅថា សឹងតែក្លាយទៅជាអ្នកដែលខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះក្នុងមួយឆ្នាំកម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃ ១ លានតោន។ យើងកែច្នៃខ្លួនឯងបានតិចតួចណាស់ ដែលយកមកតាំងពិព័រណ៍លក់ស្អីៗហ្នឹង យើង(បាន)ដាក់ចេញនូវគោលនយោបាយមួយ ដែលប្រជុំប៉ុន្មានខែមុន (គឺ)គោលនយោបាយស្វាយចន្ទី សំដៅការទាក់ទាញការកែច្នៃនៅក្នុងស្រុក។

វៀតណាម/ឥណ្ឌា គឺជាប្រទេសដែលនាំចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ច្រើនកន្លែងនៅលើពិភពលោក ប៉ុន្តែវៀតណាម គាត់ទៅដឹកគ្រាប់ស្វាយចន្ទីពីប្រទេសអាហ្វ្រិកមួយចំនួនយកមកកែច្នៃ ហើយក៏មានមួយផ្នែកកម្ពុជាយើងក៏ត្រូវពឹងពាក់ទៅលើទីផ្សារវៀតណាម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅទីនោះ។ ឥណ្ឌា្កក៏ដូចគ្នា មួយផ្នែកដាំក្នុងស្រុក តែមួយផ្នែកទៀតក៏ត្រូវនាំចូល។ ខ្ញុំជាមួយ ឯកឧត្ដម ចម ប្រសិទ្ធ ក៏ធ្លាប់ជិះយន្តហោះពី Ghana មកឥណ្ឌា ពេលហ្នឹងយើងជិះយន្តហោះដឹកគ្រាប់ស្វាយចន្ទីពី Ghana មកឥណ្ឌា ដើម្បីធ្វើការកែច្នៃនៅឥណ្ឌា។ អញ្ចឹង ទាំងវៀតណាមក៏មានដាំក្នុងស្រុក តែមិនគ្រប់គ្រាន់ គឺនាំពីខាងក្រៅយកមកកែច្នៃ។ អញ្ចឹង កម្ពុជាខ្លួនឯងនេះ គឺមានវត្ថុធាតុដើម តែការកែច្នៃ គឺមិនទាន់មានគ្រប់។ ដូច្នេះ កម្ពុជាចង់​ទាក់ទាញអ្នកវិនិយោគមកកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក។ ចំណុចនេះ គឺជាចំណុចដែលវានឹងបង្កើតបាននូវការងារធ្វើ/តម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង។

សព្វថ្ងៃនេះ អង្ករ/ស្រូវរបស់យើងមិនទាន់បានកែច្នៃអស់នៅឡើយទេ ជាមួយនឹងការផលិតដែលនៅសល់ឆ្នាំទៅ ៦ លាន ៦ សែនតោនស្រូវ គិតជាអង្ករ ៤ លាន ២ សែនតោន ដែលយើងលើសតម្រូវការ។ គោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងជោគជ័យតែមួយទេ ក្នុងចំណោមពីរ គឺជោគជ័យអំពីការខ្វះអង្ករ/ស្រូវស៊ី ទៅជាប្រទេសដែលមានអតិរេកស្រូវ/អង្ករ។ ប៉ុន្តែ យើងមិនជោគជ័យក្នុងការនាំចេញ ១ លានតោន។ យើងនាំចេញបានតែ ៥០ ទៅ ៦០ ម៉ឺនតោនប៉ុណ្ណឹង ដោយសារយើងខ្វះមូលដ្ឋានអំពីការកែច្នៃ ទាក់ទងនឹងការរកម៉ាស៊ីនកិនស្រូវ/ឡសម្ងួត/ដើមទុន។ អញ្ចឹង បានជាយើងត្រូវបញ្ចុះដើមទុន ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវមានទុនគ្រប់គ្រាន់ទិញពីកសិករ រួចហើយទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ តាមរយៈនៃការអន្តរាគមន៍ជួយទៅដល់ម៉ាស៊ីនកិនស្រូវ ដើម្បីទិញយកពីប្រជាពលរដ្ឋ។

កៅស៊ូរបស់យើងមានច្រើន គឺយើងនាំចេញ (តែការ)កែច្នៃក្នុងស្រុកមិនច្រើនប៉ុន្មាន​ទេ អញ្ចឹង យើងក៏ត្រូវទាក់ទាញ។ ដំឡូងមីគ្រាន់តែកាត់ជ្រាំងៗ (ដើម្បី)នាំចេញ(មានចំនួន)ចូលដល់ជិត ២០ លានតោន។ ឥឡូវនេះ សម្រាប់អំពៅ មានការ(កែច្នៃ)ផលិតស្ករសក្នុងស្រុក។ ប៉ុន្តែ សម្រាប់ផ្នែកខ្លះទៀត យើងនាំចេញវត្ថុធាតុដើម ដូចជាដំឡូងមីអម្បាញ់មិញ យើងផលិតតិចតួចណាស់ ជាអេតាណុល ដែលយើងត្រូវការ ហើយមានរោងចក្រម្សៅមីអីក្នុងស្រុក ដើម្បីកែច្នៃ រួចហើយកែច្នៃទៅជាផលិតផលសម្រេច ហើយចាំនាំចេញទៅខាងក្រៅ។

ទាក់ទិនជាមួយនឹងបញ្ហាគ្រាប់ស្វាយចន្ទីនេះ ថ្ងៃមុនខ្ញុំទៅប្រទេសចិន ឯកឧត្ដម​ Xi Jinping ប្រធានាធិបតីចិន នៅពេលបាយ គាត់លើកគ្រាប់ស្វាយចន្ទី ដែលនាំពីកម្ពុជាឡើង (រួចនិយាយ)ថា នេះជាគ្រាប់ស្វាយចន្ទីនាំពីកម្ពុជា។ អញ្ចឹង ការកែច្នៃរបស់យើងអាចនាំចេញទៅកាន់ទីផ្សារគោលដៅ ព្រោះអានេះវាចែកចាយទៅកាន់តំបន់ទេសចរណ៍នានា នៃប្រទេសនានា ដែលត្រូវការសម្រាប់ដាក់តាមសណ្ឋាគារ។ អញ្ចឹងទេ បើកម្ពុជាអាចនឹងជំរុញទាក់ទាញវិនិយោគ សម្រាប់វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក វាផ្ដល់ឱកាសឱ្យកសិកររបស់យើងដាំដុះ ហើយមានទីផ្សារ គឺរោងចក្រនៅទីនេះ ដោះស្រាយការងារធ្វើឱ្យកូនចៅប្រជាពលរដ្ឋរបស់យើងផង ផ្ដល់នូវតម្លៃបន្ថែម សម្រាប់ផលិតផលរបស់យើងផង។ អាហ្នឹងផ្នែកទី(១) ដែលយើងចង់បាន។

(២) ស្វាគមន៍ឧស្សាហកម្ម ដែលមានបច្ចេកទេសខ្ពស់

ឯផ្នែកទី(២) ដែលយើងចង់បានក្នុងគោលនយោបាយឧស្សាហកម្ម គឺយើងទាក់ទាញនូវឧស្សាហកម្ម ដែលមានបច្ចេកទេសខ្ពស់ ដោយសព្វថ្ងៃបានធ្វើដំណើរមកបណ្ដើរៗ ដូចជាក្រុមហ៊ុនជប៉ុន Minebea ដែលមុននេះវិនិយោគត្រឹមតែជាង ៣០ លានដុល្លារទេ ឥឡូវ ក្រុមហ៊ុននេះវិនិយោគឡើងជិត ១ ពាន់លានដុល្លារទៅហើយ ដែលផលិតម៉ូទ័រ ហើយដែលបានអនុវត្តនូវរូបមន្ត គេហៅថា ១ បូក (ដែលមាន)មូលដ្ឋាននៅថៃ ហើយមកផលិតនៅកម្ពុជា។ ឥឡូវ គម្រោងផលិតនៅប្រទេសថៃ និងផលិតនៅកម្ពុជា គឺប្រហាក់ប្រហែលគ្នា។ ពីដើមខ្ញុំស្មានតែម៉ូទ័របូមទឹក តែម៉ូទ័រនេះវាប្រើគ្រប់។ ម៉ាស៊ីនត្រជាក់ក៏ប្រើម៉ូទ័រ ស្អីក៏ប្រើម៉ូទ័រដែរ ធ្វើតាំងពីតូចរហូតដល់ធំ មាន(តាំងពី)អាតូចស្ទើរតែមើលមិនឃើញ។ អញ្ចឹង អ្នកជំនាញបច្ចេកទេសរបស់យើងត្រូវទទួលការបណ្ដុះបណ្ដាល ហើយអ្នកនោះ គឺយកទៅបណ្ដុះបណ្ដាលនៅឯថៃ។ អញ្ចឹង(ទេ) នេះក៏ជាបញ្ហាមួយ ដែលយើងត្រូវសហការជាមួយក្រុមផលិតហ្នឹងតែម្ដង ដើម្បីគេអាចបញ្ជូនគ្រូមក ដើម្បីជួយយើងក្នុងការបណ្ដុះបណ្ដាលផ្នែកហ្នឹង សម្រាប់ផ្គត់ផ្គង់ត្រឡប់ទៅវិញ។ ក្រុមហ៊ុនហ្នឹងដូចជាមានគោលដៅ សម្រាប់ការបង្កើតរោងចក្រនៅខេត្តពោធិ៍សាត់មួយទៀត។ អញ្ចឹង បើសិនណាមានការផលិតហើយ ច្បាស់ជាមានតម្រូវការ នៃអ្នកបច្ចេកទេស។

ក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក។ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង Hyundai។ ឥឡូវ ក្រុមហ៊ុនរបស់ជប៉ុនមាន Yazaki និងនៅខាងមុខនេះ នឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ អញ្ចឹង អាហ្នឹងមិនមែនជារឿងធម្មតាទេ វាទាមទារនូវអ្នកបច្ចេកទេស។ ហើយថ្ងៃមុននេះ បណ្ដាក្រុមហ៊ុនធំៗ ដែលធ្វើដំណើរជាមួយប្រធានាធិបតីអាល្លឺម៉ង់មក គាត់និយាយពីគោលបំណង នៃការយកក្រុមហ៊ុនផលិតរថយន្តមកដំឡើងនៅប្រទេសកម្ពុជា។ ខ្ញុំស្វាគមន៍អំពីបញ្ហានេះ។ ប៉ុន្តែ ក្នុងករណីបើគេដាក់មក យើងត្រូវតែដោះស្រាយអ្នកជំនាញ/កម្មករបច្ចេកទេសឱ្យគេ មិនអាចទៅទាំងងងឹតងងល់បានទេ។

ជំនាញបច្ចេកទេស មិនគ្រាន់តែទាក់ទាញការវិនិយោគពីខាងក្រៅទេ នៅក្នុងស្រុកក៏មានតម្រូវការច្រើនដែរ

ខ្ញុំគ្រាន់តែនិយាយអំពីក្របខណ្ឌគោលនយោបាយ ស្ដីពីបញ្ហាវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្ដុះបណ្ដាលបច្ចេកទេស។ អាហ្នឹងគ្រាន់តែទាក់ទាញការវិនិយោគពីខាងក្រៅ តែនៅក្នុងស្រុករបស់យើងក៏វាត្រូវការច្រើនដែរ។ ឥឡូវ យើងចោទសួរថា មួយមជ្ឈមណ្ឌលជ្រោយចង្វារនេះ តើក្រុមអ្នកបច្ចេកទេសប៉ុន្មាន​? មិនមែនប្រើតិចទេណា (មាន)ច្រើនណាស់។ ក្រុមអស់លោកនៅទីនេះសុទ្ធតែអ្នកបច្ចេកទេសជំនាញខាងអគ្គិសនី ស្រួលដោះស្រាយទេ ឧបមាថា បើដាច់ភ្លើង ខ្ញុំសុខចិត្តអង្គុយ(មើល) អ្នកបច្ចេកទេសរបស់យើងគាត់ដោះស្រាយយ៉ាងម៉េច? ខាងផ្នែកបរិក្ខារត្រជាក់ និងបច្ចេកទេសដទៃទៀត រឿងនេះយើងអ្នកនយោបាយទៅមិនដល់ទេ។ ហ្នឹងហើយដែលខ្ញុំសង្កត់ធ្ងន់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសជំនាញ ដើម្បីបម្រើឱ្យសេចក្ដីត្រូវការដែលកំពុងតែមានការកើនឡើង ដែលមុននេះយើងមានតែសិស្សត្រឹមតែ ២០០ នាក់ ទៅចែកសញ្ញាបត្រ រកសិស្សរៀនមិនទាំងបានទៅទៀត។ ឥឡូវនេះ យើងត្រូវការការបណ្ដុះបណ្ដាល ហើយអ្នកទាំងអស់នេះ​ភាគច្រើនទៅជាគ្រូ ព្រោះត្រូវយកមនុស្សទៅបង្កើតមនុស្ស ព្រោះយកគ្រូអក្សរសាស្រ្តទៅបង្រៀនម៉េចនឹងកើត? គ្រូអក្សរសាស្រ្តត្រូវមករៀនពីអ្នកបច្ចេកទេសអគ្គិសនីវិញ បើសិនចង់ដឹង សម្រាប់ការជួសជុលក្នុងផ្ទះ។

ការអភិវឌ្ឍតែងមានភាពប្រទាក់ក្រឡា រវាងការទាញវិនិយោគ និងការបណ្ដុះបណ្ដាលធនធានមនុស្ស

យើងត្រូវខិតខំបន្តទៅលើរឿងនេះ ដើម្បីឆ្លើយតបទៅលើតម្រូវការនានា ដែលកំពុងកើនឡើង ឥឡូវនេះ (នៅ)ទូទាំងប្រទេស យើងដោះស្រាយអគ្គិសនីរហូតទៅដល់ ៩៩ ភាគរយ នៃភូមិដែលមានអគ្គិសនីប្រើប្រាស់។ ឯភូមិដែល(អគ្គិសនី)ទៅមិនទាន់ដល់ គឺជាភូមិដែលបង្កើតថ្មីៗ ហើយជួនកាលបង្កើតបាន ៥ ខ្នងផ្ទះ (និង)នៅឆ្ងាយៗ អាហ្នឹងពិបាកបន្តិច។ តែគាត់ចេះច្នៃ គាត់ប្រើសូឡា/ពន្លឺព្រះអាទិត្យ/អាគុយ។ ដូច្នេះ គាត់ដោះស្រាយបានអាដំណាក់កាលដុតអុស/ចង្កៀងប្រេងកាត/ចន្លុះ។ (ដំណាក់កាលទាំងនោះ)វាឆ្លងផុតហើយ។ អាហ្នឹងជាចំណុចដែលយើងត្រូវមើលឃើញ។ ប្រទេសមួយវាមានការអភិវឌ្ឍ គឺវាបែបនេះ ហើយមិនមែនជាការដាក់ចេញច្បោលៗនោះទេ ប៉ុន្តែ ភាពប្រទាក់ក្រឡា រវាងការទាក់ទាញវិនិយោគ ដើម្បីបង្កើតការងារធ្វើ ដើរទន្ទឹមនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីទាក់ទាញវិនិយោគនោះ មិនអាចចេះតែកំណត់គោលដៅ ត្រូវដោះស្រាយការងារប៉ុណ្ណេះ​/ប៉ុណ្ណោះ ចុះបើគេអត់មានអ្នកវិនិយោគទុនមក តើធ្វើម៉េច? អ្នកខ្លះគំរាមគេ (គំរាម)រឹបអូសទ្រព្យសម្បត្តិពីអ្នកមានទៅឱ្យអ្នកក្រ អើ! បើអូសពីអ្នកមានទៅឱ្យអ្នកក្រ វាមានខុសអីពី អាពត ចាំបាច់ទៅបណ្ដុះបណ្ដាលបច្ចេកទេសធ្វើអី?

៩១,៨៣ ភាគរយ នៃសិស្សបច្ចេកទេសកម្រិតបរិញ្ញាបត្ររងមានការងារធ្វើ

អញ្ចឹងទេ រឿងនេះសុំឱ្យ​បន្តការយកចិត្តទុកដាក់។ ហើយក្មួយៗដែលជានិស្សិតបានទទួលការងារធ្វើ និងអ្នកដែលមិនទាន់ទទួលការងារធ្វើ អ្នកដែលចូលក្របខណ្ឌរដ្ឋ គឺមានក្លាយទៅជាក្របខណ្ឌគ្រូ សម្រាប់ការបណ្ដុះបណ្ដាលបន្ត។ យើងនៅទីនេះដោះស្រាយបញ្ហាការងារធ្វើ បរិញ្ញាបត្ររងបាន(ចំនួន) ៩១,៨៣ ភាគរយ។ បរិញ្ញាបត្របាន(ចំនួន) ៩០,៦៤ ភាគរយ។ បរិញ្ញាបត្រជាន់ខ្ពស់បាន(ចំនួន) ១០០ ភាគរយ។ គ្រូបច្ចេកទេសកម្រិតឧត្ដមក្របខណ្ឌរដ្ឋ(ចំនួន) ១០០ ភាគរយ។ គ្រូបច្ចេកទេសកម្រិតមូលដ្ឋានក្របខណ្ឌរដ្ឋ ១០០ ភាគរយ ព្រោះយើងត្រូវការការបណ្ដុះបណ្ដាលបន្ត ហើយមូលដ្ឋាននៃការបណ្ដុះបណ្ដាលក៏ត្រូវតែបានគិត។ ហើយខាងមុខនេះ ១ លាន ៥ សែននាក់នោះ ត្រូវទទួលបានការបណ្ដុះបណ្ដាល​ដោយមិនបង់ថ្លៃហើយ ថែមទាំងរដ្ឋបង់ថ្លៃជូនថែមទៀត ដោយយើងផ្ដោតការយកចិត្តទុកដាក់ទៅលើសិស្សក្រីក្ររបស់យើង ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានការបណ្ដុះបណ្ដាល ហើយមានការងារធ្វើ។

គ្មានវិនិយោគិនណាទៅវិនិយោគនៅប្រទេសមានសង្គ្រាមទេ

យើងមានការងារធ្វើច្រើនណាស់ ដែលនឹងត្រូវ​​បន្តនៅពេលខាងមុខនេះ។ ការអភិវឌ្ឍប្រទេសជាតិមួយ មិនអាចនៅទ្រឹងទេ ម្យ៉ាងទៀត បរិស្ថាននយោបាយអនុគ្រោះអំពីសុខសន្តិភាព វានាំមកនូវការអភិវឌ្ឍ។ គ្មានការអភិវឌ្ឍណាមួយ ដែលរស់នៅក្រៅដំបូលនៃសន្តិភាពនោះទេ។ សូមសម្លឹងមើលទៅលើប្រទេសនានា ដែលមានសង្រ្គាមហែកហួរ ការបែកបាក់ និងអស្ថិរភាព សួរថា តើការអភិវឌ្ឍទៅបានទេ? អញ្ចឹង ដើម្បីធានាការអភិវឌ្ឍ គឺត្រូវរក្សាឱ្យខាងតែបាននូវស្ថិរភាពខាងនយោបាយ។ សន្តិភាព និងស្ថិរភាពខាងនយោបាយ ជាមូលដ្ឋានមួយធំណាស់ គ្មានប្រទេសណាមួយប្រថុយប្រថានយកទុនទៅដាក់នៅកន្លែងដែលស្ទើរតែផ្ទុះសង្រ្គាម ឬភាពរញ៉េរញ៉ៃនោះទេ ព្រោះវិនិយោគត្រូវការ​ដាក់ទុននៅទីកន្លែងដែលមានសុវត្ថិភាពបំផុត គ្មានការវាយប្រហារភេរវកម្ម គ្មានចលាចលខាងនយោបាយ ដែលគេត្រូវដាក់ទុន។

កូនណាឪពុកម្ដាយប្រៀនប្រដៅមិនស្ដាប់ ធ្វើឱ្យពួកគាត់ទឹកភ្នែក កូននោះហែលទឹកភ្នែកពួកគាត់មិនរួចទេ  

(រឿង)ហ្នឹងទាមទារឱ្យមានការខិតខំទាំងអស់គ្នា ហើយខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា តាមគ្រឹះស្ថាននៃការបណ្ដុះបណ្ដាល​ ក្នុងរយៈពេលកន្លងទៅក្រោមការគ្រប់គ្រង នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ដែលយើងបានធ្វើកិច្ចការដ៏ល្អទៅលើចំណុចអស់ទាំងនេះ។ យុវជនរបស់យើងទទួលបាននូវការបណ្ដុះបណ្ដាល។ ពិតណាស់​ហើយ នៅមានយុវជនមួយចំនួនដល់ម៉ោងនេះហើយ នៅមានពេលវេលាប្រណាំងម៉ូតូ នាំគ្នាកាប់ដាវសាម៉ូរ៉ៃអី ប៉ុន្តែ វាមិនបានយូរទេ។ ជួនកាល យើងមិនចង់ឱ្យ(មាន)មនុស្សស្លាប់ ប៉ុន្តែ វាត្រូវតែស្លាប់ដោយយើងមិនបានដឹង (ដោយ)វានាំគ្នាកាប់គ្នាអញ្ចឹងទៅ។ ហើយជួនកាលវាមិនទៅប៉ះអ្នកកាប់គ្នាហ្នឹងឯណា វាទៅកាប់ប៉ះអ្នកគ្នាមិនដឹងអីទៅទៀត។ តែយូរៗវាទៅនៅក្នុងមន្ទីរឃុំឃាំងអស់ទៅ។ ឪពុកម្ដាយក៏និយាយមិនស្ដាប់ ហើយអ្នកដែលនិយាយមិនស្ដាប់ហ្នឹង គឺជាអ្នកដែលហែលឆ្លងទឹកភ្នែកឪពុកម្ដាយមិនរួចទេ។

បើអ្នកនយោបាយវិញ មិនចាំបាច់ទៅនិយាយរឿងស្អីទេ គេគ្រាន់តែឌឺត្រឡប់ទៅវិញថា ចាំបាច់ទៅខ្វល់អីទេ បើឪពុកម្ដាយឯងមិនស្ដាប់ផង ទៅស្ដាប់អីអញ? ខ្ញុំស្រឡាញ់ប្រជាជនណាស់ អើ! ឪពុកម្ដាយឯងមិនទាំងស្រឡាញ់ផង ឯងមកស្រឡាញ់អីដល់អញ? អាហ្នឹងចប់តែម្ដង។ ចំណុចនេះខ្ញុំនិយាយបន្តិចទៅ លោក ហ៊ុន សែន ប៉ុន្មានថ្ងៃនេះ ម៉េចក៏តមាត់ជាមួយកូនក្មេង? អ្នកយល់បានយល់ អ្នកមិនយល់ គឺមិនយល់ទេ។ សូមរង់ចាំមើលលទ្ធផលក្នុងរង្វង់ ៤ ទៅ ៥ ឆ្នាំទៀត គឺវាយ៉ាងម៉េច? កម្រិតដូច ទៀ បាញ់ អីអាចយល់ថា ម៉េចបាន ហ៊ុន សែន ទៅតមាត់ជាមួយកូនក្មេង? ត្រូវហើយ បានលេចចេញកន្ទុយមកហើយ។ ៤ ទៅ ៥ ឆ្នាំទៀត ជួនកាលនយោបាយគេមិនមែនធ្វើ សម្រាប់ឥឡូវនេះទេ គេធ្វើសម្រាប់ ៤ ឬ ៥ ឬ ១០ ឆ្នាំទៀត។

នយោបាយឈ្នះឈ្នះ មិនមែនអនុវត្តនៅឆ្នាំ ១៩៩៨ ទេ ១៩៩៨ ជាការបញ្ចប់នៃការអនុវត្តនយោបាយឈ្នះឈ្នះ

សុំឱ្យទូទាំងប្រទេសបាត់នូវការភាន់ច្រឡំថា ជួនកាលត្រឹមតែនិយាយថា អនុវត្តនយោបាយឈ្នះឈ្នះសម្ដេចតេជោនៅឆ្នាំ ១៩៩៨ នេះជាការខុស ដែលខ្ញុំសុំឱ្យមានការកែតម្រូវក្របខណ្ឌទូទាំងប្រទេស។ នយោបាយឈ្នះឈ្នះ មិនមែនអនុវត្តនៅឆ្នាំ ១៩៩៨ ទេ តែវាបានចប់នៅឆ្នាំ ១៩៩៨ ឱ្យវាចាំអញ្ចេះ។ ចេញជាក់ស្តែង គឺនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ នៅឱរ៉ាល់ នេះគឺជាជោគជ័យដំបូង ប៉ុន្តែ ហ៊ុន សែន បានធ្វើកិច្ចការងារនេះ (មេដឹកនាំខ្មែរក្រហម)ចុះចូលម្នាក់មក ហ៊ុន សែន សុខចិត្តជួប ដើម្បីស្វែងយល់ថា បងប្អូនខ្មែរក្រហមចង់បានអីពិតប្រាកដ ដើម្បីយើងដាក់ចេញទៅឆ្លើយតបជាមួយនឹងតម្រូវការរបស់គេ។ អញ្ចឹង បងប្អូនមួយចំនួនថា អនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនៅឆ្នាំ ១៩៩៨ គឺជារឿងខុស។ ឆ្នាំ ១៩៩៨ គឺជាការបញ្ចប់ នៃការអនុវត្តនយោបាយឈ្នះឈ្នះ គឺនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ក៏ប៉ុន្តែ ដំណើរការរបស់វា គឺវាមិនមែនជាការអនុវត្តត្រឹមតែមួយថ្ងៃនោះទេ។ ខ្ញុំធ្វើដំណើរទៅឱរ៉ាល់ ដើម្បីធ្វើសមាហរណកម្ម បន្ទាប់ទៅធ្វើដំណើរទៅប៉ៃលិន/សំឡូត/កំរៀង/ភ្នំព្រឹក ដើម្បីធ្វើសមាហរណកម្ម តាកែនកោះស្លាក៏ទៅដែរ អាហ្នឹងឆ្នាំ ១៩៩៦។

របៀបបញ្ជាទ័ពមានច្រើនខ្សែ ដើម្បីចៀសវាងថា មួយមិនអនុវត្ត ឬក៏អនុវត្តយឺត  

ប៉ុន្តែ ឆ្នាំ ១៩៩៧ មកទាស់គ្នាឯងនៅកណ្តាលទីក្រុងភ្នំពេញឯណេះទៅវិញ ក្នុងពេលដែលយើងកំពុងតែសម្រុកឆ្ពោះទៅរកការយកអន្លង់វែង ដែលជាទីតាំងចុងក្រោយ ក៏ប៉ុន្តែ យើងត្រូវបានពន្យារ ហើយខ្ញុំអត់បានទៅអន្លង់វែងទេ ដោយសារពេលនោះខ្ញុំត្រូវកាន់ទុក្ខម្តាយ (ដែល)ទើបនឹងមរណភាពបានប៉ុន្មានថ្ងៃ ហើយសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងឱ្យខ្ញុំទៅធ្វើសមាហរណកម្មនៅអន្លង់វែង។ ប្រហែលជា ឯកឧត្តម មាស សុភា នៅចាំ ការបះបោរនៅអន្លង់វែង មេទ័ពជើងគោកខ្លះក្តាប់អត់បានផង ខ្ញុំក្តាប់បាន។ ឥឡូវហ្នឹងប៉ុន្មាននាក់ តាម៉ុក ហៅទៅប្រជុំ គឺចាប់ផ្តើមបះបោរហើយ។ ទាក់ទងទៅ (មាស) សុភា, (មាស) សុភា (និយាយ)ថា អត់មានដំណឹងអីសោះ ប៉ុន្តែ ខ្ញុំមានដំណឹងរបស់ខ្ញុំរួចស្រេចទៅហើយ ដូចជាក្បែរភ្លឺទៅហើយបាន មាស សុភា បញ្ជាក់ត្រឡប់មកវិញថា មានការបះបោរមែន។ របៀបបញ្ជាទ័ពរបស់ខ្ញុំអត់បញ្ជាមួយខ្សែទេ ខ្ញុំបញ្ជាច្រើនខ្សែ ព្រោះដើម្បីចៀសវាងថា មួយមិនអនុវត្ត ឬក៏អនុវត្តយឺត ឯមួយទៀត គឺទៅមុន។ ខ្ញុំជួនកាលឱ្យបញ្ជាទៅអគ្គបញ្ជាការ ក៏ប៉ុន្តែ ទន្ទឹមគ្នាខ្ញុំទាក់ទងទៅមេភូមិភាគ ឬមេកងពលថា តើអគ្គបញ្ជាការបញ្ជាទៅដល់ហើយឬនៅ? បើមិនទាន់ទៅដល់ទេសុំឱ្យអនុវត្តលើបទបញ្ជាបែបនេះៗ ចង្អុលអញ្ចឹង។ អ្នកទាំងអស់គ្នាអាចឃើញហើយ ពេលដែលមានជម្លោះទល់ដែន ហើយដែលមកជុំគ្នានៅផ្ទះរបស់ខ្ញុំ បានឃើញរបៀប (បញ្ជាទ័ពរបស់ខ្ញុំ) កាលណាខ្ញុំឱ្យបទបញ្ជាទៅហើយ ខ្ញុំបារម្ភក្រែងលោអាបញ្ជានេះវាទៅអត់ដល់ អញ្ចឹង ខ្ញុំត្រូវមានប្រព័ន្ធទំនាក់ទំនងជាមួយនឹងមេបញ្ជាការកងពល ឬមេបញ្ជាការនៅទិសមុខព្រួញណាមួយ បើមិនអញ្ចឹងយើងបញ្ជាទៅតាមតែមួយខ្សែ គឺអាខ្សែនេះវាទៅអត់ដល់ គឺយើងមិនអាចទទួលជោគជ័យទេ។

២៩ ធ្នូ ១៩៩៨ ជាការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា/សាមកុក ស្រុកខ្មែរ

ខ្ញុំសុំឱ្យមានការកែតម្រូវនៅត្រង់កន្លែងហ្នឹង។ ថ្ងៃមុន សម្តេចពិជ័យ(សេនា ទៀ បាញ់) អ្នកណាទេសរសេរខុសយកមកឱ្យខ្ញុំៗថា សរសេរហ្នឹងខុស ឥឡូវ ខ្ញុំសុំឱ្យកែទូទាំងប្រទេស។ អូ! ពៅ សុភា (ដើម្បីយក)ទៅឱ្យ សម្តេច សាយ ឈុំ អាន ហើយព្រៀងដាក់អញ្ចឹង អនុវត្តនយោបាយឈ្នះឈ្នះនៅឆ្នាំ ១៩៩៨ (គឺ)អត់ទេ ឆ្នាំ ១៩៩៨ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ គឺជាការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ/ទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលវាបែកបាក់តាំងពីឆ្នាំ ១៤៧៣ ប្លាយឯណោះ។ សុំមើលសៀវភៅ “មហាបុរសខ្មែរ” ឡើងវិញ។ តាំងពីក្រោយ ពញ្ញាយ៉ាត ព្រះអង្គគ្រងរាជមិនបញ្ហាទេ ដល់ពេល នរាយណ៍រាជា ដែលព្រះរាជបុត្រច្បង និងដែលជាកូន(របស់)ប្រពន្ធទី ១ ឡើងសោយរាជ្យក៏មិនទាន់មានបញ្ហា ប៉ុន្តែដល់ នរាយណ៍រាជា សោយទិវង្គត ព្រះស្រីរាជា ឡើងកាន់ដំណែង ចាប់ផ្តើមមានការប្រឆាំងគ្នា។ ដើមឡើយមានការប្រឆាំងគ្នាត្រឹមតែ សុរិយោទ័យ ដែលជាព្រះរាជបុត្ររបស់ នរាយណ៍រាជា​ ព្រោះជាទម្លាប់ នៃការគ្រងរាជ្យ ឪពុកស្លាប់ កូនត្រូវបន្ត តែនេះឪពុកស្លាប់ តែប្អូនបន្ត។ ប្អូនហ្នឹង គឺព្រះស្រីរាជា ដែលជាកូនមហេសីទី២ របស់ ពញ្ញាយ៉ាត។

ជម្លោះបានចាប់ផ្តើមដំបូងត្រឹមតែទ្វេភាគីទេ គឺរវាងព្រះស្រីរាជា ជាមួយសុរិយោទ័យ ដែល សុរិយោទ័យ មិនសុខចិត្ត (ក៏)ទៅកសាងកងទ័ពនៅទួលបាសានឡើងវិញ ដែលគ្រប់គ្រងមួយភាគទៅ។ ក្រោយមកជម្លោះនេះបានផ្ទេរទៅជាជម្លោះបីផ្នែក តាមរយៈ ព្រះធម្មរាជា។ ព្រះធម្មរាជា ជាកូនទី ៣ ហើយដែល(ជា)កូនកាត់សៀម ក៏ពឹងពាក់ស្តេចសៀម(ឱ្យ)ចូលមកអន្តរាគមន៍។ ពេលហ្នឹង ព្រះស្រីរាជា លើកកងទ័ពទៅវាយសៀម ក្នុងពេលដែលសៀមមានវិបត្តិ។ ត្រឡប់មកវិញ ធម្មរាជា អត់ឱ្យ ព្រះស្រីរាជា ចូលក្រុង (ដោយ)ទប់នៅត្រឹមកំពង់សៀម ស្រុកបរិបូរណ៍ ហើយបកទៅពោធិ៍សាត់/បាត់ដំបង (គឺ)ទុកនៅត្រឹមហ្នឹង។ អញ្ចឹង ពេលហ្នឹងប្រទេសកម្ពុជាបែងចែកជាតំបន់បី៖ តំបន់ចតុមុខ សំរោងទង បាទី។ ពីដើមអត់មានខេត្តកំពង់ស្ពឺទេ មាន(ខេត្ត)សំរោងទង។ តាកែវក៏អត់មានដែរ មានខេត្តបាទី គ្រប់គ្រងដោយធម្មរាជា ដែលជាព្រះរាជទាយាទនៅពេលនោះ ដែលមួយភាគទៀតគឺគ្រប់គ្រងដោយ ព្រះស្រីរាជា ដែលចាប់ពី កំពង់សៀម ពោធិ៍សាត់ បាត់ដំបង។ ឯមួយភាគទៀត គឺ ព្រះសុរិយោទ័យ ដែលជាក្មួយនៅទួលបាសាន ដែលគ្រប់គ្រងមួយភាគរបស់កណ្តាល ទៅខេត្តកំពង់ចាមស្អីៗ។ អញ្ចឹង ប្រទេសកម្ពុជា គឺធ្លាប់បែងចែកជាបីផ្នែក។

ហើយជាបន្តបន្ទាប់មក ព្រះរាជបុត្ររបស់ ព្រះធម្មរាជា គឺ ព្រះស្រីសុគន្ធបទ បង្កើតជម្លោះជាមួយប្អូនថ្លៃខ្លួនឯង គឺហ្លួងព្រះស្តេចកន គ្រាន់តែដេកយល់សប្តិ ក៏យកគ្នាទៅសម្លាប់ បង្កើតឱ្យមានសង្គ្រាមក្នុងចន្លោះឆ្នាំ ១៥០០។ ព្រះធម្មរាជា សោយទិវង្គតនៅឆ្នាំ ១៥០៤ តែព្រះអង្គមិនព្រមនៅចតុមុខទេ ព្រះអង្គចូលចិត្តបង់សំណាញ់ បង្កើតបាននូវវិហារសួគ៌, វត្តព្រៃបាំងស្អីៗ។ ដល់ទៅផ្ទំយល់សប្តិឃើញសត្វនាគមកកន្ទ្រប់ព្រះរាជវាំង រកហោគន់គូរចុះឡើងៗ វាទៅថាមនុស្សឆ្នាំរោង គឺជាមនុស្សដែលមកដណ្តើមរាជ្យសម្បត្តិ។ (អញ្ចឹង) ដាក់ផែនការយក(ហ្លួងព្រះស្ដេចកន)ទៅសម្លាប់ ប៉ុន្តែ បានបងស្រីរបស់ខ្លួនលួចស្តាប់លឺ ក៏ប្រាប់ទៅប្អូន (ពេល)ប្អូនចុះមុជទឹក គេ(នឹង)បង់សំណាញ់ទៅពីលើ ដើម្បីសម្លាប់(ប្អូន)នៅក្នុងទឹក ប៉ុន្តែ មានបានស្លាប់ឯណា (ហ្លួងព្រះស្ដេច)កន មុជទឹកទៅបាត់។ ទៅដល់មានសត្វទទា បានជាមានភូមិ(មួយ)គេហៅថាបឹងទទា នៅខាងខ្សាច់កណ្តាល។ មានប្រវត្តិរបស់វា។ សូមឧស្សាហ៍មើលសៀវភៅបន្តិច ដើម្បីឱ្យដឹងប្រវត្តិខ្លួនឯងវាយ៉ាងម៉េច?

អញ្ចឹងអាចថាសង្គ្រាមនេះកើតឆ្នាំ ១៥០៦ រហូតដល់ឆ្នាំ ១៥១២ ទើបឈ្នះចាញ់ ក្នុងពេលដែល ព្រះច័ន្ទរាជា បានរត់ភៀសខ្លួនទៅប្រទេសថៃហើយ។ ឯនៅតទល់គ្នានៅទីនេះ គឺរវាងស្តេចកន ជាមួយនឹង ព្រះស្រីសុគន្ធបទ ទីចុងបំផុត ស្តេចកន ឈ្នះ។ ឈ្នះហើយក៏មិនព្រម(ទៅ)នៅនឹងទួលបាសាន ឬចតុមុខទេ (ដូច្នេះ) បានជាកើតមានអតីតរាជធានីមួយរបស់ខ្មែរនៅឯព្រៃនគរក្នុង នៅស្រុកត្បូងឃ្មុំ ធ្វើព្រះរាជវាំងមួយនៅឯហ្នឹង។ ហើយក៏បោះប្រាក់ស្លឹងចាយ។ ខ្មែរយើងគឺថាបែកបាក់គ្នាមិនចេះឈប់។ ចំណោទសួរថា តើព្រះមហាក្សត្រមុន ព្រះបាទអង្គឌួង ជាអ្នកណា? គ្រាន់តែប៉ុណ្ណឹងវាគ្រប់គ្រាន់ ដើម្បីចង្អុលបង្ហាញថា កម្ពុជាយើង(ពី)មួយដំណាក់កាល គឺសូន្យតែម្តង។ ជាការល្អហើយដែល ព្រះបាទអង្គឌួង ព្រះអង្គតស៊ូដណ្តើមយកទឹកដី ហើយបង្កើតទឹកដីឡើងវិញ ដោយសព្វថ្ងៃនេះអតីតព្រះរាជវាំងដែល ព្រះបាទ អង្គឌួង សាងសង់ គឺនៅវត្តវាំងចាស់នោះឯង។ អញ្ចឹង កម្ពុជារបស់យើង គឺបែកបាក់គ្នាជាប់រហូត។

ឆ្នាំ ១៩៧០-៧៥ កម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រាពីរ

មុនឆ្នាំ ១៩៧០ ខ្មែរមាន ៥ ពួក (មាន)ខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ខ្មែរស៊ីជម្ពូ និងខ្មែររដ្ឋាភិបាល អាហ្នឹងមុនឆ្នាំ ១៩៧៥។ ប៉ុន្តែ ខ្មែរស៊ីជម្ពូ គឺអត់មានប្រដាប់អាវុធទេ។ ឯខ្មែរក្រហមរស់នៅពេញព្រៃ។ សួរថា លោក ខៀវ សំផន, នួន​​ ជា, ប៉ុល ពត, ហ៊ូ នឹម, ហ៊ូ យន់ ពេលហ្នឹងនៅឯណា? គឺនៅពេញតែព្រៃ។ ខ្មែរខៀវ នៅតាមព្រំដែនកម្ពុជា-ថៃ។ ខ្មែរស នៅតាមព្រំដែនកម្ពុជា-វៀតណាម ដឹកនាំដោយក្រុម សឹង ង៉ុកថាញ់ អីហ្នឹង។ មានចលនា ដាប ឈួន អីអញ្ចឹងទៅ។ ឆ្នាំ ១៩៧០-៧៥ គឺកម្ពុជាបែងចែកជាពីរ ម្ខាងគឺ លន់ នល់ ធ្វើរដ្ឋប្រហារ ឯម្ខាងទៀត គឺតំបន់រំដោះ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។

រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី” ជាខ្សែភាពយន្តបែបសិល្បៈផ្សារភ្ជាប់នឹងកត្តាប្រវត្តិសាស្ត្រ/តើ ៨៧០ ជានរណា? តុល ជានរណា?

នៅថ្ងៃទី ២០ មីនា (២០២៣) ខាងមុខនេះ នឹងមានចាក់បញ្ជាំងនូវខ្សែភាពយន្តបែបសិល្បៈទេ ក៏ប៉ុន្តែ វាផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ ដែលវាដកស្រង់ចេញពីភាគនិទាន ដែល លោក ហ៊ុយ វាសនា បានធ្វើតាំងពីឆ្នាំ ១៩៩៥ ដែលមានចំណងជើងថា “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី”។ (ខ្សែភាពយន្ត)នោះមិនមែនជាខ្សែភាពយន្តឯកសារ តែវាជាខ្សែភាពយន្តបែបសិល្បៈ តែវាទាក់ទងនឹងរឿងហ្នឹង។ ល្ងាចមិញខ្ញុំបានបង្ហោះនូវវគ្គមួយដែលមាន ១៦ នាទី និយាយពីមេបញ្ជាការ សំរេច ជាមួយមេបញ្ជាការ សឿន និយាយគ្នាពីរឿងបញ្ហា ៨៧០ ជាអ្នកណា? តុល ជាអ្នកណា? ដែលមុននោះសង្ស័យថា ៨៧០ គឺជាសម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះមានអ្នកណាស្គាល់ ប៉ុល ពត? អញ្ចឹង ខ្ញុំបង្ហោះនៅក្នុងគ្រុប Telegram របស់ខ្ញុំ។ ខ្ញុំបង្ហោះក្នុងអាហ្នឹងបណ្តើរៗ ឥឡូវធ្វើបានច្រើនភាគហើយ។ ថ្ងៃទី ១៣ (មីនា ២០២៣) នេះ គឺចាប់ផ្តើមសម្ពោធ ហើយថ្ងៃទី ២០ (មីនា ២០២៣) ចាប់ផ្តើមចាក់តាមទូរទស្សន៍បាយ័ន។

អ្នកណាក៏អាចដឹងបានថា មេបញ្ជាការ​ សំរេច គឺមួយហ្នឹងហើយ។ វាជា(ខ្សែភាពយន្ត)ប្រភេទសិល្បៈ ក៏ប៉ុន្តែ វាផ្សារភ្ជាប់នឹងកត្តាប្រវត្តិសាស្ត្ររបស់វា។ អញ្ចឹង ក្នុងដំណាក់កាលឆ្នាំ ១៩៧០-៧៥ គឺបែងចែកជាតំបន់ពីរ។ តំបន់ម្ខាងដឹកនាំដោយ លន់ នល់ កាន់កាប់ទីក្រុង/ប្រជុំជនមួយចំនួន។ ឯម្ខាងទៀត គឺតំបន់រំដោះ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ដែលយើងអត់បានថា ខ្មែរក្រហម (ស្ថិតក្រោម) ប៉ុល ពត ដឹកនាំទេ ដែលប្រើពាក្យ ៨៧០។ សារាចរចេញមក ៨៧០ ហើយយើងស្មានថា ៨៧០ គឺសម្តេចព្រះ (នរោត្តម) សីហនុ ក្រោយមកឈ្មោះ តុល យើងក៏គិតថា សម្តេចព្រះ (នរោត្តម) សីហនុ ទៀតហើយមើលទៅ។ ដូរពីលេខទៅឈ្មោះមនុស្សវិញ។ មើលអាក្នុង Telegram របស់ខ្ញុំ គឺមាន(អ្នកតាមដាន)ជិត ៥០ ម៉ឺននាក់ គិតត្រឹម(ម៉ោង)នេះ ឥឡូវក៏កំពុងផ្សាយបន្តផ្ទាល់ដែរ។

ប្រជាប្រិយភាពរបស់ ហ៊ុន សែន/គណបក្សប្រជាជន គឺជួយបំពេញឱ្យគ្នាទៅវិញទៅមក

(មាន)រឿងដែលគួរឱ្យចង់សើច នេះហើយភាពល្ងង់ខ្លៅរបស់គេ នៅពេលដែលខ្ញុំកំពុងនិយាយនេះ ឥឡូវ (ចំនួនអ្នកគាំទ្រ)ឡើង ៥០ ម៉ឺន ១ ពាន់នាក់។ អញ្ចឹង ការផ្សាយបន្តផ្ទាល់ចេញពីគ្រុប Telegram នេះមាន ៦០K បានសេចក្តីថា ៦ ម៉ឺននាក់ មើលតាម Telegram ក្នុងចំណោម ៥០ ម៉ឺននាក់ មាន ៦ ម៉ឺននាក់ កំពុងចូលមើលនេះ។ ប៉ុន្តែ (មាន)ច្រើនទូរទស្សន៍ ដែលកំពុងផ្សាយបន្តផ្ទាល់ចេញពីទីនេះ។ ខ្លះគេមើលតាមទូរទស្សន៍/ហ្វេសប៊ុក។ ដូចជា BTV និងបាយ័ន គេផ្សាយតាមហ្វេសប៊ុករបស់ BTV។ Fresh News គេផ្សាយតាមទូរទស្សន៍ Fresh News។ ទូរទស្សន៍ជាតិក៏ដូចគ្នា។ មានអ្នក(នៅ)ក្រៅស្រុកគេថា ប្រជាប្រិយរបស់ ហ៊ុន សែន គឺខ្សោយណាស់ គេឡាយម្តងមានមនុស្សប៉ុន្មានពាន់នាក់(ចូលមើល) ឯចំពោះ លោក ហ៊ុន សែន វិញ ផេករបស់គាត់មានត្រឹមតែប៉ុន្មានពាន់នាក់ (គឺ)តិចជាងគេ(អ្នកចូលមើលផេករបស់គេ)ទៅទៀត។ ឱ! ព្រះអើយព្រះ បើថាល្ងង់ណាស់សុំបន្តល្ងង់ទៀតចុះ ហើយសូមរង់ចាំមើលល្បែងនេះវានឹងកើតនៅក្នុងពេលណា? ចាំមើលចុះ។ គ្រាន់តែគ្រុប Telegram យើងអាចមើលនៅក្នុងនេះដឹង(ទេ)តើ ៦០K ដែលកំពុងតែមើលនៅក្នុងនេះ។ អញ្ចឹង នៅចែកគ្នានៅតាមទូរទស្សន៍ ១ ម៉ឺន(នាក់) ២ ម៉ឺន(នាក់) កោតតែគេនិយាយទៅរួចថា ខ្ញុំទៅតោងកាលីបគេទៀត។ ឱ! ព្រះអើយព្រះ នៅកម្ពុជាប្រជាប្រិយរបស់ ហ៊ុន សែន ជួយយឹតយោងដល់គណបក្សប្រជាជន ឬហោចណាស់គណបក្សប្រជាជនក៏ជួយយិតយោងដល់ ហ៊ុន សែន វិញ វាបំពេញឱ្យគ្នាទៅវិញទៅមក។ តែមិននឹកស្មានថា ភាពល្ងង់របស់ពួកគេ ការវាយតម្លៃបែបនេះឯង គេហៅថា មនុស្សមិនដែលឈ្នះ។

មកទល់ម៉ោងនេះអ្នកដែលបង្រ្កាប ហ៊ុន សែន បាន មិនទាន់ចេញពីពោះម្ដាយទេ

ឥឡូវ អាមេនិងកូនដណ្ដើមគ្នាធ្វើនាយករដ្ឋមន្រ្តីបាត់។ ប៉ុន្តែ ចាំមើលដល់ទៅពេល ៤ ឬ ៥ ឆ្នាំទៀតនោះ ចេញមកយ៉ាងណា? ក្នុងពេលឥឡូវនេះចាប់ផ្ដើមចេញមុខជាបេក្ខជននាយករដ្ឋមន្រ្តី។ យើងចង់ឱ្យអាហ្នឹងចេញ។ វាចេញមែន ធូរថ្លៃពេកហើយ តែខ្ញុំមិនចង់និយាយទេ ហើយកុំថា ហ៊ុន សែន ល្បិចច្រើន។ បើអ្នកមិនស្គាល់នយោបាយទេ កុំធ្វើនយោបាយល្អជាង។ អ្នកដែលបង្រ្កាប ហ៊ុន សែន បាន ម៉ោងនេះមិនទាន់ចេញពីពោះម្ដាយទេ។ ខ្ញុំមិននិយាយសំដៅទៅអ្នកណាទេ កុំឱ្យថាខ្ញុំតមាត់ជាមួយកូនក្មេង ប៉ុន្តែ កូនក្មេងឯងកំពុងចូលអន្ទាក់បាត់ទៅហើយ។ ចូលស៊ប់តែម្ដង។ ហើយកូនក្មេងឯងរង់​ចាំមើលទៅ​ លទ្ធផលថ្ងៃក្រោយ សូម្បីលទ្ធផលថ្ងៃនេះដាក់ខ្លួនស្មើជាមួយមេនោះ ដណ្ដើមយកតំណែងនាយករដ្ឋមន្រ្តី គឺវាគ្រប់គ្រាន់ ដើម្បីឆ្លុះបញ្ចាំងពីអ្វីទៅហើយ។

ទោះបីខ្មែរក្រហមមានកម្លាំងខ្លាំងប៉ុណ្ណឹង ក៏ខ្មែរក្រហមនៅតែមិនអាចត្រួតត្រាទឹកដីអស់ទាំងស្រុងទេ នៅសល់កម្លាំងប្រដាប់អាវុធនៅរាយប៉ាយ

ឥឡូវ ខ្ញុំនិយាយឡើងវិញដល់កន្លែង ១៩៧០-៧៥ ប្រទេសកម្ពុជាបែងចែកជាពីរ។ ដល់ឆ្នាំ ១៩៧៥-៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត តែ ប៉ុល ពត ក៏គ្មានសមត្ថភាពគ្រប់គ្រងទឹកដីទាំងអស់ដែរ។ ចលនាបង សាយ ភូថង និង ទៀ បាញ់ នៅកោះកុងរស់នៅឯណា? ចលនាបះបោររបស់បង ប៊ុន មី និង ប៊ូ ថង នៅភូមិភាគឦសាននៅ​ឯណា? ចលនារបស់ពួកខ្ញុំនៅឯណា? ចលនាបះបោរចុងក្រោយរបស់ សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម នៅឯណា? អញ្ចឹង សូម្បីតែខ្មែរក្រហមមានកម្លាំងខ្លាំងប៉ុណ្ណឹង ក៏ខ្មែរក្រហមនៅតែមិនអាចត្រួតត្រាទឹកដីអស់ទាំងស្រុងទេ នៅសល់កម្លាំងប្រដាប់អាវុធដែលនៅរាយប៉ាយ រាប់ទាំងខ្ញុំក៏មានតំបន់ដែលខ្ញុំគ្រប់គ្រង គឺស្រុកមេមត់/ស្នួល ដែលចូលមកធ្វើខួបរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានចូលមកធ្វើក្នុងដីខ្មែរ ហើយកងទ័ពឈរនៅត្រង់ហ្នុង។ ប៉ុន្មានកងវរសេនាតូចឈរនៅក្នុងព្រៃចម្ការកៅស៊ូនោះ?

ពីឆ្នាំ ១៩៧៩-៩៣ កម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រាបួន

ដល់ឆ្នាំ ១៩៧៩-៩៣ កម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រាបួនឡើងវិញ។ ដំបូងត្រឹមតែពីរទេ ក្រោយមកឡើងដល់ទៅបួន ពេលបង្កើតហ៊្វុនស៊ិនប៉ិច (និងពេល)បង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ។ តំបន់គ្រប់គ្រងទី(១) គឺរដ្ឋកម្ពុជា។ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋកម្ពុជា។ តំបន់ត្រួតត្រាទី(២) គឺខ្មែរក្រហម។ តំបន់ត្រួតត្រាទី(៣) គឺហ៊្វុនស៊ិនប៉ិច។ និងតំបន់ត្រួតត្រាទី(៤) គឺរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ។ ក្នុងចន្លោះឆ្នាំ ១៩៩៣ កម្លាំងបីបានរួបរួមគ្នា គឺរដ្ឋកម្ពុជា ហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ មកចូលរួមរដ្ឋាភិបាលចម្រុះជាមួយគ្នា។​ កម្ពុជានៅតែបែងចែកជាតំបន់ត្រួតត្រាពីរ ​និងកម្លាំងប្រដាប់អាវុធពីរ រដ្ឋាភិបាល ពីរទៅទៀត ដោយ ខៀវ សំផន បោះទាំងលុយចាយនៅតំបន់អន្លង់វែង គឺរវាងម្ខាងរដ្ឋាភិបាល ដែលចេញពីការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ និងម្ខាងទៀត គឺតំបន់ដែលខ្មែរក្រហមគ្រប់គ្រង ដោយមានមួយជួរតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាំងពីម៉ាឡៃ ធ្លាក់ដល់ប៉ៃលិន/សំឡូត ជិតមកដល់កោះកុងឯណោះ។ ដល់ខាងលើនោះតាំងពីប្រាសាទព្រះវិហារ ក៏ធ្លាក់ក្នុងដៃខ្មែរក្រហមដែរ។ អញ្ចឹង អ្វីដែលជាការចង់បាន នៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ដែលអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ដកចេញត្រឡប់មកវិញ ទុកឱ្យខ្មែរនៅមានសង្គ្រាមនៅឡើយទេ។ យើងបានសាកល្បងប្រើកម្លាំងយោធា រាប់ទាំងការវាយចូលប៉ៃលិននៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែ ទីចុងបំផុតមិនអាចឈរជើងបានទេ ត្រូវដកចេញមកវិញ។

ធាតុផ្សំបីសំខាន់ នៃនយោបាយឈ្នះឈ្នះ

អញ្ចឹង (យើង)ប្រើមធ្យោបាយនយោបាយឈ្នះឈ្នះនោះឯង​ ដែលដាក់ចេញចំណុចតែបីទេ បន្ទាប់ពីការដែលខ្ញុំហៅអ្នកនេះ/នោះមកជួប ដាក់ចេញគោលដៅតែបីទេ។ ទី(១) ធានាជីវិតនិងរូបកាយរបស់គេ។ អ្នកដែលផ្ដាច់ខ្លួនចេញពីខ្មែរក្រហម មិ​នត្រូវបានទទួលនូវការចាប់ចង/ធ្វើបាប ឬក៏រហូតដល់ការសម្លាប់ គឺអត់ទេ (ត្រូវតែ)ធានាឱ្យគេ។ ទី(២) គឺធានាអាជីពនិងមុខរបរ។ បើអ្នកឯងធ្លាប់ធ្វើគ្រូ ធ្វើគ្រូវិញទៅ ដូរតែសៀវភៅសិក្សាទៅបាន។ ធ្លាប់ធ្វើទាហាន ធ្វើហ្នឹងវិញទៅ។ មេកងពល ឱ្យធ្វើមេកងពលតទៅទៀត។ ធ្វើមេស្រុកនៅកន្លែងហ្នឹង ធ្វើទៀតទៅ។ មុខរបរអីធ្វើហ្នឹងទៅ។ ទី(៣) ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់គេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ចំណុចទាំង ៣ នេះ គឺគ្រប់គ្រាន់ ដើម្បីធ្វើអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមរលំរលាយ។ មិនមែនធ្វើត្រឹមតែថ្ងៃទី ២៩ ធ្នូ ១៩៩៨ (នោះ)ទេ ហើយប្រតិបត្តិករទាំងឡាយ គឺផ្សងព្រេងជាមួយគ្រោះថ្នាក់មិនតូចទេ (ពេល)ដែលចូលទៅ។ មិនមែនរឿងលេង(សើច)ទេ ប៉ុន្តែ គោលដៅរួម ដែលភាគីទាំងអស់ចង់បាន ពិសេស បងប្អូនអតីតខ្មែរក្រហម ក៏ដូចជា ប្រជាពលរដ្ឋរបស់យើងចង់បាន គឺសន្តិភាព បញ្ចប់សង្គ្រាម។

នយោបាយឈ្នះឈ្នះ បានស្រោចស្រង់របាំសួយឱ្យរស់រានមានជីវិតដល់សព្វថ្ងៃ

ត្រង់នេះហើយដែលជាចំណុចល្អរបស់យើង ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ ដែលខ្មែរធ្លាប់តែបែកបាក់ (ក្នុងនោះ)គ្រប់គ្រងចម្រៀកៗតូច/ធំក្ដីក៏នៅតែមាន។ បើសិនជាយើងកុំធ្វើនយោបាយឈ្នះឈ្នះទាន់ពេល របាំសួយដាច់ពូជ ព្រោះតំបន់របាំសួយនេះ គឺថាជនជាតិសួយនេះ មិនដែលរដ្ឋាភិបាលចូលបានទេ តាំងពីរដ្ឋាភិបាលសម័យបារាំងក៏ចូលមិនបាន។ រដ្ឋាភិបាលជំនាន់ជប៉ុនក៏ចូលមិនបាន។ (រដ្ឋាភិបាល)ជំនាន់ក្រោយមកក៏ចូលមិនបាន។ មកដល់ជំនាន់រដ្ឋកម្ពុជាក៏ចូលអត់បាន។ ទាល់(តែ)យើងអនុវត្តនយោបាយឈ្នះឈ្នះលាតសន្ធឹងទៅ បានខាង(ក្រសួង)វប្បធម៌របស់យើងចុះទៅសិក្សា បានវាចេញអារបាំសួយម៉ាកំភ្លូស កុំអីដាច់ពូជរបាំសួយហ្នឹងទៅទៀត។ ហ្នឹងហើយដែលយើងខិតខំត្រូវរក្សាសន្តិភាពឱ្យបាន។

សូមបន្តផ្ដល់កម្ចីក្នុងអត្រាការប្រាក់សម្បទាន ទោះបីចូលទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប

មិនជាយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតូច ខ្ញុំកំពុងតែបារម្ភទៅវិញទេ ហេតុអីបានត្រូវបារម្ភ? កាលណាយើងចាកចេញពីប្រទេសដែលអភិវឌ្ឍតិចតួច ឧទាហរណ៍ថាយើងទៅខ្ចីលុយគេ (គឺ)គេលែងឱ្យយើងខ្ចីតាមអត្រាការប្រាក់សម្បទានហើយ គេឱ្យខ្ចីលុយតាមអត្រាការប្រាក់ពាណិជ្ជកម្ម។ នេះជារឿងដែល(បារម្ភ)។ បើអ្នកឯងក្រ អាហ្នឹងគេឱ្យ(យើងខ្ចី)តាមអត្រាការប្រាក់សម្បទាន។ ខ្ញុំបានប្រាប់គេថា បើទោះបីយើងខ្ញុំចូលទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ក៏សូមមេត្តាផ្ដល់ការអនុគ្រោះឱ្យយើងខ្ញុំអំពីបញ្ហាអត្រាការប្រាក់សម្បទាន។ ខ្ញុំនិយាយជាមួយជប៉ុន/កូរ៉េខាងត្បូង/ចិន/ធនាគារអភិវឌ្ឍន៍អាស៊ីថា សុំឱ្យបន្តនូវការផ្ដល់អត្រាការប្រាក់សម្បទាន។ អញ្ចឹងទេ យើងក៏នៅតែអំពាវនាវដល់ដៃគូរបស់យើង ផ្ដល់ឱ្យយើងនូវកម្ចីអត្រាការប្រាក់សម្បទានតទៅទៀត ព្រោះអារឿងការប្រាក់ធ្ងន់ហ្នឹង គឺថាយកមក រកស៊ីវាអត់ចំណេញ។ យើងត្រូវការធ្វើស្ពាន ត្រូវការធ្វើស្អី(ច្រើនទៀត)។

លើកទឹកចិត្តឱ្យប្រទេសនានាចូលរួមអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា តាមរយៈ B.O.T   

យើងត្រូវតែធ្វើឱ្យផ្លូវរទេះភ្លើងរបស់យើងក្លាយទៅជារទេះភ្លើងល្បឿនលឿនទាំងអស់។ អញ្ចឹង នៅទីនេះ យើងក៏អំពាវនាវ (និង)លើកទឹកចិត្តឱ្យប្រទេសនានាចូលរួម ហើយរៀបចំធ្វើ B.O.T ដែលយើងមិនចង់ខ្ចីប្រាក់គេក្នុងរង្វង់មួយដ៏ធំធ្វើផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅប៉ោយប៉ែត (និង)ពីភ្នំពេញទៅក្រុងព្រះសីហនុ ជំនួសឱ្យដែកផ្លូវចាស់ ដែលសព្វថ្ងៃនេះរត់បានត្រឹមតែ ៣០ គីឡូម៉ែត្រ/ម៉ោង ក្នុងពេលផ្លូវល្បឿនលឿនអាចរត់ទៅដល់ ១៣០ គីឡូម៉ែត្រ/ម៉ោង ដែលធ្វើឱ្យមានការចំណេញទៅលើការដឹកជញ្ជូន។ ពេលដែលរដ្ឋមន្ត្រីប្រតិភូបារាំងមក គាត់ក៏បានលើកទឹកចិត្តថា សុំអ្នកឯងសិក្សាទៅ រួចហើយអាចឱ្យក្រុមហ៊ុនបារាំងធ្វើ B.O.T ព្រោះយើងមិនចង់ខ្ចីលុយគេមកធ្វើ​។ អញ្ចឹង បើគេធ្វើ B.O.T បាន គឺវាល្អ។

រាជរដ្ឋាភិបាលសម្រេចចេញលុយធ្វើស្ពានឆ្លងទន្លេមេគង្គ ដើម្បីភ្ជាប់ទៅផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត

ដូចជាផ្លូវល្បឿនលឿន យើងជិះផ្លូវល្បឿនលឿន យើងបង់លុយទៅ ហើយគេបានអាលុយហ្នឹងត្រឡប់ទៅវិញ។ ឥឡូវ ប្រជាជនដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ និងធ្វើដំណើរតាមផ្លូវល្បឿនលឿន (គឺធ្វើដំណើរតាម)អាផ្លូវល្បឿនលឿនអស់លុយ/ពេលវេលាតិចជាង ព្រោះអាផ្លូវជាតិលេខ ៤ វាប្រើសាំងច្រើនជាង ក្នុងពេលដែលសាំង ឡើងថ្លៃទៅទៀតនោះ។ ហើយមិនជាយូរប៉ុន្មាន(ទេ)​ យើងនឹងបើកការដ្ឋានសងសង់ផ្លូវល្បឿនលឿនភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយនឹងបាវិត ហើយវៀតណាមគេនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់ជាមួយទល់ ដែនកម្ពុជា។ ក៏សូមជម្រាបជូន(ថា) ពីមុនខាងក្រុមហ៊ុនចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយយកប្រាក់ពីប្រជាជន (បាន)ខ្ញុំថា រឿងយកប្រាក់ពីប្រជាជនលើការឆ្លងស្ពាន គឺខ្ញុំទទួលយកអត់បានទេ សូមអ្នកឯងគិតគូរឡើងវិញ។ ប៉ុន្តែ ក្រោយមកគិតគូរយ៉ាងម៉េចក៏វាទៅមិនរួចដែរ ដើម្បីឱ្យការធ្វើដំណើរលើផ្លូវល្បឿនលឿនមានថ្លៃថោក។ ពីមុនយើងចង់ឱ្យលើកតម្លៃ ១ គីឡូម៉ែត្រប៉ុន្មាន ព្រោះប្រជាជនរបស់យើងត្រូវការឆ្លងស្ពានច្រើន។

ឥឡូវនេះ រាជរដ្ឋាភិបាលសម្រេចធ្វើស្ពានហ្នឹងតែម្ដង ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារ ធ្វើជាស្ពាន សម្រាប់ផ្លូវល្បឿនលឿន(ដោយធ្វើ)ពីរទៅ/មក ដើម្បីតភ្ជាប់ឆ្លងទៅត្រើយម្ខាង ហើយឆ្លងកាត់ខេត្តកណ្ដាលមួយផ្នែក ខេត្តព្រៃវែងមួយផ្នែក និងខេត្តស្វាយរៀងមួយផ្នែក។ យើងឱ្យក្រុមហ៊ុនធ្វើទៅចុះ ហើយយើងជាអ្នកចេញលុយ ព្រោះគេមានបច្ចេកទេស (ឥឡូវ) កំពុងតែចរចាគ្នាបន្ត។ ថ្លៃអីត្រូវរ៉ូវគ្នាអស់ហើយ។ យើងនឹងធ្វើអាហ្នឹង។ នៅប្រទេសខ្លះគេយកតម្លៃពីអ្នកប្រើអាផ្លូវធំដែលបង់ថ្លៃនោះយកមកកសាងអាផ្លូវតូច នេះជារបៀបដោះស្រាយបញ្ហា។ ជួនកាលការដាក់ចេញនូវគោលនយោបាយណាមួយ ដែលមិនគិតគូរទៅលើបរិស្ថានគ្របដណ្ដប់ទិដ្ឋភាពតភ្ជាប់របស់វាគ្រប់ជ្រុងជ្រោយ គឺគ្រាន់តែជាការឃោសនាឆបោកតែប៉ុណ្ណោះ។

អបអរសាទរក្រុមកីឡាបាល់ទះអាយុក្រោម ១៩ ឆ្នាំកម្ពុជា ដែលបានយកឈ្នះបារាំង ៣ សិត ទល់នឹងសូន្យ

សូមអបអរសាទរ ចំពោះអ្នកដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ (សូម)ប្រឹងបន្ត(ទៀត) ពីអ្នកបច្ចេកទេសមធ្យមទៅជាអ្នក(មានបច្ចេកទេស)ខ្ពស់ជាង(នេះ) ហើយនៅពេលទៅធ្វើជាគ្រូបង្រៀន ពេលហ្នឹងក៏ជាពេលវេលាដែល យើងត្រូវតែចេះ។ ថ្ងៃនេះ ខ្ញុំគួរតែនិយាយ(បន្តិច) ថ្ងៃមុនដោយសារតែវាមានរឿងច្រើនពេក​ ហើយវាចំខួបលើកទី ៤៤ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនឹងប្រពន្ធខ្ញុំ គឺនៅថ្ងៃទី ២៤ កុម្ភៈ ១៩៧៩។ ថ្ងៃសុក្រមុនខ្ញុំមិនបាននិយាយរឿងនេះ ដោយទុករឿងនេះនិយាយនៅថ្ងៃនេះ ដោយសារតែខ្ញុំមិនចង់និយាយច្រើន។ ពីទីនេះ ក្នុងនាមរាជរដ្ឋាភិបាល/ខ្លួនខ្ញុំផ្ទាល់ (ខ្ញុំសូម)អបអរសាទរ ចំពោះក្រុមកីឡាបាល់ទះអាយុក្រោម ១៩ ឆ្នាំរបស់កម្ពុជា ដែលបានប្រកួតមិត្តភាពកម្ពុជា-បារាំង ឈ្នះបារាំង ចំនួន ៣ សិត ទល់នឹងសូន្យ។ នេះជាមោទនភាពសម្រាប់ចៅៗ។

នៅទីនេះដែរខ្ញុំបាននិយាយថា ពេលនោះយើងវាយចាញ់បារាំង ៣ សិត ទល់នឹងសូន្យ ក្រុមដដែលហ្នឹង ក៏ប៉ុន្តែ ខ្ញុំនៅតែមានមោទនភាព ដោយសារខ្លួនធ្លាប់ជាអ្នកលេងបាល់ទះ ក៏ប៉ុន្តែ មិនមែនជាអ្នកលេងអាជីពអីទេ អញ្ចឹងទេ កម្ពស់/កម្លាំងរបស់យើងអត់ចាញ់បារាំងនោះទេ អ្វីដែលចាញ់(បារាំង) គឺយើងអត់ប្រើល្បិច។ ខ្ញុំនិយាយនៅកន្លែងហ្នឹង ខ្ញុំថា ទោះបីចាញ់ក៏មានមោទនភាពដែរ។ ខ្ញុំ(មើល)ឃើញក្រឡាឈ្នះ ព្រោះថា(ពិន្ទុវា)ប្រកៀកប្រកិត គេ(ពិន្ទុ) ២៥ យើង(ពិន្ទុ) ២៣ ប៉ុណ្ណឹង។ ខ្ញុំមើលទាំង ៤ សិត។ ចៅៗរបស់យើងគាត់ប្រើបច្ចេកទេសដ៏ល្អ ពីមុនអ្នកឱ្យបាល់មក គឺឱ្យសម្រាប់អ្នកនេះវាយ តែអ្នកចាប់ប៉ារ៉ាស់ហ្នឹងក៏ចាប់មិនជាប់ ថែមទាំងអ្នកនៅពីក្រោយ គឺពិបាកគេចទៀត។ (បាល់)បោះមក អ្នកនេះគ្រាន់តែលោតបញ្ឆោត តែវាអត់វាយ អាអ្នកខាងក្រោយ(ជាអ្នកវាយ) អញ្ចឹង អ្នកប៉ារ៉ាស់ៗម៉េចជាប់? ថែមទាំងត្រូវដើមទ្រូងអ្នកនៅខាងក្រោយទៅទៀត។ ចំណុចទាំងនេះវាជាបទពិសោធន៍មួយ។

ផ្ដាំទៅក្រុមកីឡាបាល់ទះកម្ពុជា ត្រូវពង្រឹងស្មារតីក្រុម កុំមានជំងឺតួឯក

ឥឡូវ យើងមើលចៅៗទាំងហ្នឹង កម្ពស់អត់ចាញ់បារាំងទេ។ កីឡា គឺវាអញ្ចឹង វាមានឈ្នះ/ចាញ់ ហើយចៅៗទាំងហ្នឹងបន្ទាប់ពីផុតអាយុ ១៩ (ឆ្នាំ)ទៅ ចូលទៅជម្រើសជាតិហើយ ឥឡូវ គេក៏អាចចូលទៅជម្រើសជាតិ ដើម្បីវាយបានដែរ។ ប៉ុន្តែ (តា)សូមផ្ដល់អនុសាសន៍ដល់ចៅៗ រឿងធំរបស់បាល់ទះ គឺអ្នកណាក៏ចង់ចេះគប់/ពូកែខាងគប់ដែរ ប៉ុន្តែ អ្នកដែលឱ្យបាល់ទើបជាអ្នកសម្រេចបញ្ហា។ អញ្ចឹង ប្រសិនបើក្នុងចំណោម ៦ នាក់ អ្នកទាំងឡាយមិនត្រឹមតែពូកែគប់ទេ ក៏ប៉ុន្តែ យកបាល់ និងប៉ះសេផ្ដល់បាល់ឱ្យគេ គឺជាវិធីដ៏ល្អ រហូតដល់គេឱ្យពាក់អាវខុសពីអ្នកដទៃ ប៉ុន្តែ ប្រសិនបើអ្នកដែលលេងកីឡានេះអាចឱ្យបាល់បាន បានសេចក្ដីថា អ្នកម្ខាងទៀតចាប់ប៉ារ៉ាស់អត់ជាប់ ព្រោះរវល់តែត្រៀមប៉ារ៉ាស់ជាមួយអ្នកដែលគិតថាអ្នកខាងនេះនឹងឱ្យបាល់មកខាងណេះ (ដូច្នេះខ្លួន)ត្រៀមប៉ារ៉ាស់នៅខាងនេះ ប៉ុន្តែ ទីចុងបំផុតអ្នកនោះវាយបណ្ដោយ។

ខ្មែរយើងមានទម្លាប់អញ្ចេះ បើទាត់បាល់គិតតែពីអាវ៉ង់សង់តែម្ដង គឺខ្សែប្រយុទ្ធ (ប៉ុន្តែ) ត្រង់ខ្សែការពារ/បម្រើ គឺថាអត់សូវចំណាប់ទេ។ ឥឡូវ គេកែសម្រួលហើយ។ បាល់ទះមុននេះអ្នកណាក៏ពូកែគប់ដែរ ប៉ុន្តែ អ្នកដែលឱ្យបាល់ គឺអត់(មានអ្នកចង់)ទេ (ប៉ុន្តែ) សម្រេចកំណត់ គឺបញ្ហាអ្នកឱ្យបាល់ឆ្លាតឬមិនឆ្លាត។ ជួនកាលគេគិតថាឱ្យបាល់មកខាងគេ ប៉ុន្តែ ជួនកាលគេឱ្យបាល់ទៅខាងក្រោយ អ្នកខាងក្រោយវាយភ្លាម។ ចៅៗត្រូវលេងជាក្រុម គឺអត់មានតួឯកបានទេ។ យើងពិនិត្យមើលបាល់ទាត់ (លោក កេស៊ូកិ) ហុងដា ដែលជា(គ្រូបង្វឹក)ជនជាតិជប៉ុន អ្នកដែល(តាំងខ្លួន)ជាតួឯកមិនព្រមប៉ះសេបាល់ឱ្យគេ (លោក កេស៊ូកិ) ហុងដា អត់ឱ្យចូលទាត់ទេ ចង់អ្នកឯងឈ្មោះល្បីយ៉ាងម៉េចក៏ដោយ​ ព្រោះអាហ្នឹងមិនមែនលេងស្មារតីជាក្រុម គឺគិតតែអូសបាល់យកទៅស៊ុត(ម្នាក់ឯង)តែម្ដង។

ខ្ញុំលេងបាល់ទះ អ្នកដែលឱ្យបាល់ខ្ញុំល្អជាងគេ គឺ ចម ប្រសិទ្ធ។ អាពេញ ឱ្យបាល់លឿនពេក។ អ្នកដែលឱ្យ បាល់ខ្ញុំលេងដំណាក់កាលចុងក្រោយ (គឺ) អាធី នៅមន្ទីរបក្ស វានៅមហាផ្ទៃ ប៉ុន្តែ ធ្វើការនៅ (គ)៨៥ (ដូច្នេះ) សំខាន់អ្នកឱ្យបាល់។ និយាយរួម យើងមានមោទនភាព។ ចៅរបស់ខ្ញុំ ១២ (នាក់)ហ្នឹង ប្រហែលលេងបាល់ទះដែលល្អអាចបានត្រឹម ៣ នាក់ តែប៉ុណ្ណឹងទេ ចាំមកជុំគ្នារកតែប៉ុន្មាននាក់ទៀត រួចហើយរកក្រុមណាមួយដាក់ប្រកួត ជាពិសេស ក្រុមអង្គរក្ស។ អា(ចៅ)មួយនោះទើបនឹងទៅវាយនៅវៀតណាម សាលារបស់វាបានលេខ ២ ក្នុងចំណោមថៃ/ឡាវ/កម្ពុជា។ ហើយទើបនឹងទៅវាយនៅវៀងចន្ទន៍ ក្នុងចំណោមបួនប្រទេសដដែល (សាលារបស់វាទទួល)បានលេខ ២ ទៀត គឺចាញ់សាលាវៀតណាម។ វៀតណាមបាល់ទះគេខ្លាំង។ អបអរសាទរចៅៗ ​ដែលប្រឹង(យកឈ្នះលើក្រុមបាល់ទះបារាំង) មើលទៅដូចមិនសមថាក្មេងហ្នឹងអាយុក្រោម ១៩ ឆ្នាំ មើលវាកាន់បាល់ គឺថាល្អ សឺវីសល្អហើយ ប៉ុន្តែ សឺវីសកាច វាយខូច ១ ​គ្រាប់ (ដូច)ឱ្យគេ ១ គ្រាប់។ ត្រូវប្រយ័ត្នអាហ្នឹង។

នយោបាយឈ្នះឈ្នះ ជាមូលដ្ឋានគ្រឹះនាំឆ្ពោះទៅរកការចរចា សីហនុ-ហ៊ុន សែន ហ៊្វែអង់តាឌឺណ័រ

ខ្ញុំនិយាយដូចជាប៉ប៉ាច់ប៉ប៉ោចបន្តិចហើយ រាល់ដាលទៅដល់ប្រវត្តិសាស្ត្រមុន អាចារ្យស្វា ពោធិកំបោរ។ កុំជឿខ្ញុំពេក ទៅបើក “មហាបុរសខ្មែរ” មើលទៅ។ ខ្មែរធ្លាប់មានតំបន់ត្រួតត្រាបី៖  (១) គឺត្រួតត្រាដោយ ព្រះធម្មរាជា នៅចតុមុខ សំរោងទង បាទី និងតំបន់មួយចំនួនផ្សេងទៀត។ (២) ព្រះស្រីរាជា គ្រប់គ្រងតំបន់មួយ ដែលតភ្ជាប់ពីកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង។ (៣) តំបន់ត្រួតត្រាមួយទៀតដោយ សុរិយោទ័យ ទៅ(ខាង)ព្រៃវែង កំពង់ចាមស្អីៗហ្នឹង។ ដល់ក្រោយពីហ្នឹងមកមានព្រះរាជាទិសខាងកើត/លិច ដោយបែងចែកយកទន្លេមេគង្គធ្វើជាព្រំប្រទល់តែម្ដង ម្ខាង(គឺ) ហ្លួងព្រះស្ដេចកន (និង)ម្ខាងទៀត អង្គច័ន្ទរាជា។ អញ្ចឹង វាច្របូកច្របល់ នៃប្រវត្តិសាស្ត្រ ប៉ុន្តែ យើងរក(នឹងចងក្រង)បានប៉ុណ្ណេះ។

ខ្ញុំក៏គួរតែបញ្ជាក់ដែរ នយោបាយឈ្នះឈ្នះវាមិននៅដាច់ដោយឡែកនោះទេ វាជាដំណើរការស្វែងរកសន្តិភាព ដែលយើងចាប់ផ្ដើមតាំងពីការចរចា ហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) រវាងសម្ដេចព្រះ នរោត្តម សីហនុ-ហ៊ុន សែន ដែលគេហៅជាទូទៅថា ការចរចា សីហនុ-ហ៊ុន សែន ហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois)។ វាជាកិច្ចដំណើរការទូទៅ វាមិននៅដាច់ដោយឡែកនោះទេ តែយើងអនុវត្តតាមដំណាក់មួយៗ អ្វីដែលកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសមិនអាចសម្រេចបាន គឺអ៊ុនតាក់ចាយលុយ(អស់) ២ ពាន់លាន(ដុល្លារ)ហើយ (ពេលអ៊ុនតាក់)ដកត្រឡប់ទៅវិញ ទុកឱ្យប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ និងកម្លាំងប្រដាប់អាវុធពីរ រហូតទៅដល់ចរចាជាមួយគ្នានៅឯកូរ៉េខាងជើងឯណោះ សម្ដេចព្រះសង្ឃរាជ និងសម្ដេចប៉ុន្មានព្រះអង្គឯណោះបិណ្ឌបាត ខៀវ សំផន និង សុន សេន សូមឱ្យមានបទឈប់បាញ់នៅហ្នឹងកន្លែង គឺមិនព្រមតែម្ដង ហើយសុំព្យួរទុករដ្ឋធម្មនុញ្ញ អនុវត្តកម្មវិធីនយោបាយអប្បបរមា។ វាទៅជាអញ្ចេះ។ ដាក់លក្ខខណ្ឌមកខាងរដ្ឋាភិបាល។

ព្រះករុណា(បិតា) ដឹកនាំប្រជុំ ប៉ុន្តែ តួអង្គចរចា (គឺ)ខ្ញុំ ខៀវ សំផន និង សុន សេន។ សម្ដេច​ ជា ស៊ីម និងសម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រគល់តួនាទីចរចាឱ្យខ្ញុំតទល់ជាមួយ ខៀវ សំផន។ ខ្ញុំសួរ ខៀវ សំផន ថា ឯកឧត្តម តើកម្មវិធីនយោបាយអប្បបរមាជំនួសឱ្យរដ្ឋធម្មនុញ្ញទេ? ខៀវ សំផន បានឆ្លើយថា ត្រូវតែអនុវត្តកម្មវិធីនយោ​បាយអប្បបរមា។ ខ្មែរក្រហមពេលហ្នឹងដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាល។ អាឈប់បាញ់មិនព្រមឈប់បាញ់ ហើយថែមទាំងដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាល ទទួលយកនូវការព្យួរទុកនូវរដ្ឋធម្មនុញ្ញ ហើយអនុវត្តកម្មវិធីនយោបាយអប្បបរមា។ រឿងនេះវាមិនមែនលេងសើចទេ។

អ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីសល្មមៗបានហើយ តើនយោបាយឈ្នះឈ្នះ និងការកាត់ទោសខ្មែរក្រហម មានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ?

ក៏សូមបញ្ជាក់(ទៅកាន់)អស់លោក ដែលនិយមចូលចិត្តធ្វើជាគ្រូនៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស នយោបាយឈ្នះឈ្នះអត់មានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ អាកាត់ទោសខ្មែរក្រហមក៏អត់បានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ តើអស់លោកថាខុសទេ ដែលយើងរកសន្តិភាពបាន (និង)រំលាយចោយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម គេសរសើរទូទាំងសកលលោក ប្រជាជនកម្ពុជាអបអរសាទរ តើវាខុសទេអាហ្នឹង? អស់លោកអ្នកដែលពូខែខាងទ្រីស្ដីអប់រំគេ អំពីកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស? ល្មមៗបានហើយ អ្នកដែលចុះហត្ថលេខានៅលើនេះមានពីរនាក់ដែរ (មាន)ខ្ញុំ និង ទៀ បាញ់។ (ឯ) ចម ប្រសិទ្ធ នៅមួយខែ (ពេលដែល)ចរចានៅ(ទីក្រុង)ប៉ារីស។ ឯខ្ញុំមកជាមួយ ទៀ បាញ់, ស៊ិន សុង ដើរជុំវិញបឹងទន្លេសាប ត្រៀមរៀបចំខ្លួន ដើម្បីដកកងទ័ពវៀតណាមចេញ​។

ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅរស់រានមានជីវិត ៧ នាក់ និង ៥​ អង្គ/នាក់ បានសុគត/ស្លាប់

ខ្ញុំមិនហាមឃាត់អ្នក(មិនឱ្យ)និយាយទេ ប៉ុន្តែ និយាយឱ្យវាមានហេតុ/ផល ឥឡូវ អ្នកហត្ថលេខីនៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ដែលនៅរស់មាន ៧ (នាក់)៖ ខ្ញុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្ដម ហោ ណាំហុង, ឯកឧត្ដម ឌិត មន្ទី, ឯកឧត្ដម អ៊ឹម ឈុនលឹម, ឯកឧត្ដម អៀង ម៉ូលី (មកពី)ខាង KPNLF និង ខៀវ សំផន។ ឯអ្នកដែលសុគត/មរណកាលទៅហើយមាន ៥ នាក់៖ គឺមានព្រះករុណាបិតា, សម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, លោកតា សឺន សាន, សុន សេន និង ស៊ិន សេន។ មួយ សុន សេន (និង)មួយ ស៊ិន សេន។ ស៊ិន សេន (មកពី)ខាងរដ្ឋកម្ពុជា ហើយ សុន សេន ប៉ុល ពត អ្នកបាញ់សម្លាប់ទាំងគ្រួសារតែម្ដង។ រឿង សុន សេន ជាមួយរឿងប៉ុន្មានថ្ងៃនេះ គឺវាដូចគ្នា អ្នកដឹងបានដឹង។ អ្នកដែលមិនធ្លាប់ស្គាល់ ហ៊ុន សែន គិតថា ហ៊ុន សែន ម៉េចបានធ្វើអញ្ចឹង? ចាំមើលទៅវានឹងឈានដល់ដំណាក់កាលមួយ។

អំណោយកំដរដៃ/កម្មវិធីការងារដ៏មមាញឹក

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់សិស្ស/គរុនិស្សិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ចំនួន ៥ ៤៥០ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ៩ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ២៥៨ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេសថវិកា ចំនួន ១០ លានរៀល។ ជូនក្រុមគ្រួពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ចំនួន ៣ លានរៀល។ ថ្ងៃនេះដូចអាទិត្យមុនអញ្ចឹង អាទិត្យមុន គឺនៅសល់បានតែល្ងាចថ្ងៃសុក្រទេ តែល្ងាចថ្ងៃសុក្រមានឯកសារប្រមាណជិត ២០។ ដល់ទៅព្រឹកថ្ងៃសៅរ៍នៅសល់ឯកសារ ១៩ ហើយសុទ្ធតែជាឯកសារសំខាន់ៗទៅទៀត ទាក់ទងក្របខណ្ឌគោលនយោបាយស្អីៗហ្នឹង ដែលត្រូវពិនិត្យដោះស្រាយ។ ម្សិលមិញ(នេះ) ព្រឹកកាត់សក់ ល្ងាចបានសម្រាកបន្តិច។ ថ្ងៃនេះ ជាមួយនឹងការចាប់ផ្ដើមនៅទីនេះ(ពេល)ព្រឹក ល្ងាចនេះនៅសណ្ឋាគារសុខា (ពាក់ព័ន្ធ)ជាមួយខាងទេសចរណ៍។ បន្តទៅកម្មវិធីរហូត។ ស្អែកនេះមានភ្ញៀវរហូតទៅដល់ ៣ (ក្រុម) ព្រឹក ២ (ក្រុម) ល្ងាច ១ ក្រុម (គឺត្រូវជួប)ជាមួយក្រុមធុរកិច្ច។ មានកម្មវិធី(ជាប់)រហូត ប៉ុន្តែ មិនចាំបាច់ថ្ងូរទេ ថ្ងូរទៅក៏គ្មានអ្នកណាគេឱ្យលុយយើងថែមដែរ ព្រោះយើងជាអ្នកកំណត់លុយឱ្យគេ។ ហត់នោះវាហត់ទៅហើយ តែយើងមិនអាចចៀសវាងបាននូវកិច្ចការដែលយើងត្រូវធ្វើនោះទេ។

មិនដែលពឹងផ្អែកលើប្រជាប្រិយភាពអ្នកដទៃ ដើម្បីធ្វើជាប្រជាប្រិយភាពរបស់ខ្លួននោះទេ គឺប្រឹងងើបឈរឡើងដោយខ្លួនឯងតាំងពីនៅក្មេងវត្ត 

អរគុណណាស់ ចំពោះការស្ដាប់(និយាយ)ប៉ប៉ាច់ប៉ប៉ោចរបស់ខ្ញុំ ដែលមានមនុស្សរាប់លាននាក់កំពុងមើល កុំនិយាយថាត្រឹម ២ ឬ ៣ ពាន់នាក់វើយ។ សុំឆែកបន្តិច ដើម្បីឱ្យវាភ្លឺភ្នែក អ្នកកំពុងមើលតាម Chanel Telegram របស់ខ្ញុំមានចំនួន ៦ ម៉ឺន ១ ពាន់នាក់ អញ្ចឹង យើងថា(មាន)មនុស្សកន្លះលាននាក់ទៅចុះកំពុងមើលផ្ទាល់។ សូមបញ្ជាក់ ហ៊ុន សែន មិនដែលផ្អែកលើប្រជាប្រិយភាពអ្នកណា ដើម្បីធ្វើជាប្រជាប្រិយភាពរបស់ខ្លួននោះទេ គឺអត់ទេ។ ជីវិតរបស់ ហ៊ុន សែន គឺប្រឹងងើបឈរឡើងដោយខ្លួនឯងតាំងពីនៅក្មេងវត្ត។ ក្នុងគណបក្សប្រជាជន គឺបានទទួលផលពីអ្វីដែល ហ៊ុន សែន​ បានរួមចំណែក ខ្ញុំមិនមែនផ្ដាច់មុខធ្វើតែឯងនោះទេ ហើយកិត្យានុភាពរបស់ ហ៊ុន សែន ក៏មិនសាមញ្ញដូចអ្នកឯងគិតដែរ។ បើ ហ៊ុន សែន មិនមានកិត្យានុភាពគ្រប់គ្រាន់ តើគណបក្សប្រជាជនអាចឈរជើងបាននៅក្នុងនយោបាយ(ប្រទេស)កម្ពុជាទេ? (និយាយ)ថា ហ៊ុន សែន ផ្ដាច់ការ អ្នកឯង(និយាយ)ថាម៉េចក៏បាន ប៉ុន្តែ ខ្ញុំគ្រាន់តែចង្អុលបង្ហាញថា តើមានអ្នកណាផ្ដាច់ការជាង ប៉ុល ពត ទៅទៀត ហេតុអីបានជា ប៉ុល ពត រស់បានតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ? ក្នុងពេលដែល ហ៊ុន សែន អាចកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតជាង ៣៨ ឆ្នាំ ហើយក៏ជាមនុស្សតែម្នាក់គត់ ដែលនៅក្នុង(រាជ)រដ្ឋាភិបាលមិនដាច់ (គឺមាន)រយៈពេលជាង ៤៤ ឆ្នាំ។

សម្ដេចពិជ័យសេនា (ទៀ បាញ់) តែងតែនិយាយថា “(ខ្ញុំ)ជាតួអង្គម្នាក់ ដែលតែងតែនៅគ្រប់ស្ថានការណ៍/ព្រឹត្តិការណ៍/ហេតុការណ៍” ហេតុការណ៍ណាដែល ហ៊ុន សែន មិនដឹង? កំណែទម្រង់ដីធ្លី កែទម្រង់ពីសេដ្ឋកិច្ចផែនការទៅសេដ្ឋកិច្ចទីផ្សារ (ក៏ដូចជា) ហេតុការណ៍ទាក់ទងនឹងកងទ័ពស្អីៗ។ ឆ្នាំនេះនឹងធ្វើខួបលើកទី ៤៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាប្រភពដ៏សំខាន់ នៃការបង្កើតរណសិរ្យសង្គ្រោះជាតិកម្ពុជា ដែលកើតឡើងភ្លាម មានអង្គការចាត់តាំងនយោបាយ/យោធាហើយស្រេច។ សូមកុំភាន់ច្រឡំលើការវាយតម្លៃ ហ៊ុន សែន ឱ្យសោះ ក្រែងលោនាំទៅដល់ការចាញ់ជាអមតៈនោះ។ សូមវាយតម្លៃឱ្យត្រូវ។ ប៉ុន្តែ វាពិបាកណាស់ ក្នុងការវាយតម្លៃថា ហ៊ុន សែន ទៅតាមផ្លូវណា (មាន)មនុស្សមិនច្រើនទេ ដែលវាយតម្លៃបាន(ពីដំណើររបស់ ហ៊ុន សែន)។ ជាមួយនឹងការកោតសរសើរ ចំពោះវឌ្ឍនភាព​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ក៏ដូចជា) អបអរសាទរ ចំពោះនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗដែលជាជ័យលាភីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

***************

Selected Comments Samdech Techo Hun Sen,
at the Graduation Ceremony for Students of the National Technical Training Institute (NTTI)


(1) Significant progress in vocational technical training

[…] HE Ith Sam Heng has just made a report on vocational training for the development of our nation and recalled that in 1996, when I went to hand out diplomas, there were only more than 200 students. It was difficult time to find a job. Why it was in such a situation. It was because of the fact that the war was not over and there were very little investments. On that note, there was not many students to take training, in line with job management is difficult. We did not have enough base to absorb those people who had their training here […] I still remember that people asking for jobs in this place. I was well aware of the problems here regarding vocational training, for which I have led reforms since 1985 […]

(2) School of vocational training founded in 1958 by Preah Borom Ratanakaod

I went to the provinces in those days in the past. Kratie province was very strict and did not agree with the issue of reform. They did not embark on land reform too. Kratie province at that time produced a ferry. The boats in our country are not made of steel. They are made of wood. According to the province, we still do not have technicians to repair the agricultural machinery. Even training on this issue is not available. There are machines for farmers, but when the driver breaks down, the driver does not know how to fix it. In this regard, we introduced reorientation step after step […] looking back here, we could see that this the school of vocational training was developed in 1958, who was the leader then? It was Preah Borom Ratanakaod. He was King from 1941-55, before he resigned and returned the throne to his father, HM the King Suramarit […]

(3) If not for the 1970 war, Cambodia could have gone far already

Let me return to vocational training. The idea of vocational training is nothing new. His Majesty has taken care of it since he led the country in the late 50s already and established the Institute of Technology, the so-called (Kosamak) Technical School refers to the importance of this technical training. At this point, we raise the question that if our country did not suffer the war in 1970, how far would the country have gone? At that time, Cambodia had an income of more than US$ 200/person, while South Korea had (an income of) only US$ 78 per person. Cambodia moved faster than South Korea. Now, South Korea pass us away and left us behind. That was due to the mistake of the leader who decided to stage a coup (in 1970s) followed by the Pol Pot regime […]

(4) Vocational training after 1979 was not successful for lacking jobs market

Back to the day of liberation on January 7, 1979. We started to organize training in all fields. They were not going any fast due to market factors. I still remember (that) 1996 … when there were no nob markets, our training efforts were not that successful. Sooner, the country has noted increase in number of people with technical training background. I still remember that the initiative to establish the Ministry of Labor and Vocational Training was when Samdech Krom Preah Norodom Ranariddh was the President of the National Assembly and I was the Prime Minister. On the day that Samdech Krom Preah and Princess Mary went to participate in the wedding of one of my children, we agreed to establish the Ministry of Labor and Vocational Training. Originally the vocational training institute (located) in the Ministry of Education. Thus far the scope of work of the Ministry of Education covers a large area. Later, we created the Ministry of Labor and Vocational Training, which took over the vocational training from the Ministry of Education, Youth and Sports […]

(5) No country invests somewhere without peace, political stability and human resources

The ministry has grown to the point where today we distribute degrees to 5,455 people, all of whom are technicians. We now have greater demand for technical expertise because the local demand is already there, but also the part that is attracting investment from outside. If we do not have enough human resources to provide them, we cannot succeed in attracting investors. Remember that it is not a matter of addressing the job demand of so and so number alone without linking them to a multisectoral comprehensive development chain and/or macro framework coverage, such peace, which is a clear/sufficient guarantee for development. No country would dare to invest in somewhere without peace and political stability […]

(6) Culture to discuss with Labor on ancestral vocational training sites

The Royal Government has set a goal to hand over to the training of 1.5 million poor young men and women, most of which will fall to the Ministry of Labor and Vocational Training. I also confirmed the day before that the Ministry of Culture and Fine Arts is to coordinate with the Ministry of Labor and Vocational Training on the basis of training of ancestral professions. The Ministry of Culture and Fine Arts may have some locations, such as in Phnom Penh or Siem Reap, but in some provinces, the Ministry may not have the needed locations. If the Ministry (of Culture) could not have such facility, please rely on the Ministry of Labor and Vocational Training, in which Minister HE Ith Sam Heng mentioned in relation to my offer of vocational training schools in Sihanoukville […]

(7) To attract investments in processing industry

Now, 99% of the villages have electricity connected to them […] I always tell foreign friends and foreign investors to focus on investing in Cambodia. It is our goal to attract investors in two main areas – firstly, the processing industry that uses Cambodia’s own raw materials […] Cambodia could become a country that distributes cashew nuts […] Cambodia exports some one million tons of unprocessed cashew nut […]

As of present, we have not yet been able to process all of our rice yet. We have s surplus of some 6.6 million metric tons of rice, which is some 4.2 million metric tons of milled rice, far exceeding the local consumption demand […] we have moved from a country with food shortage to one with a surplus of rice. But we did not succeed in exporting the planned one million metric tons of rice […] we have a lot of rubber. We export them raw with not much local processing. As for cassava, some 20 million tons have been chopped into pieces and exported. For sugar cane, we have local sugar production […]

(8) To attract investments in high-tech industry

Secondly, we want to attract high-tech industries, which we have attracted them on a gradual basis, such as the Japanese company Minebea, which previously invested just over US$ 30 million, and now has reached nearly US$ 1 billion in motor production […] American carmaker Ford, South Korean company Hyundai, now the Japanese company Yazaki and in the near future Toyota will soon open up shops in the Phnom Penh Special Economic Zone. The big companies that traveled with the German president (to Cambodia the other day) talked about the purpose of bringing car manufacturers to install in Cambodia. I welcome this move, and in case they do, we have to have and provide these projects with the experts and technical workers […]

(9) The Oral area case in February 1996 was the first success of win-win politics, 1998 was the end of the implementation

Sometimes, some people just say that the Samdech Techo winning politics commenced implementation in 1998. That is wrong. I would ask the whole nation to remark that the win-win politics was not implemented in 1998, but ended in 1998. Apparently, in February 1996, the Oral area case had been the first success (of the implementation of the win-win politics). A Khmer Rouge leader reported to the authority and Hun Sen was satisfied to meet him and found out what would these people need so that we set out to respond to their needs […] again, on December 29, 1998 is the end of the implementation of win-win politics. Its process is not a one-day implementation. I traveled to Oral for the integration, then to Pailin, Samlot, Kamrieng, and Phnom Proek, and also Ta Ken, Koh Sla, in 1996 […]

(10) Hun Sen and CPP complements each other

I have here some 60K interactions to my live broadcast from the Telegram group. This means that out of 500,000 people registered to my Telegram group, some 60,000 of them are watching. In Cambodia, Hun Sen’s popularity helps promote the CPP, and the CPP’s helps promote Hun Sen. We complement each other […] now bosses and those subordinates are vying for the PM’s job. But wait and see how the next 4 or 5 years come out? He is now appearing to have run for prime minister position. We wanted him to come out. He does come out. Was too easy. I do not want to say about it and please do not say that Hun Sen has a lot of tricks. If you do not know politics, better not to do politics. Those who could suppress Hun Sen at this time have not yet left their mother’s womb. I’m not referring to anyone […] just wait and see the results later […]

(11) Please favor Cambodia still with concessional interest rates

Soon Cambodia will leave its status of a less developed country. I am quite concerned. Why? When we leave the status of a less developed country, for example, we are no longer able to borrow money at concessional interest rates but at commercial interest rates. This is something that (concerned me about). If we are poor, they will lend us at the concessional interest rate. I told them that even though we are moving into the status of a low middle income country, please favor us with a concessional interest rate. I have spoken to Japan/South Korea/China/Asian Development Bank about them continuing to favor Cambodia their concessional interest rates. We still call on our partners to provide us with concessional interest rate loans, because the heavy interest is not profitable to do business. We need helps to build infrastructures such as bridges, and the likes […]

(12) Encourage BOT developed high-speed rail in Cambodia

We have to turn our tracks into all-speed trains. So here we call on (and) encourage countries to join and prepare for the B.O.T (Build, Operate and Transfer) investments, since we do not want to borrow money in a large amount to build a high-speed railway from Phnom Penh to Poipet (and) from Phnom Penh to Sihanoukville. Instead of the old railroad, which now runs only 30 km/h, the expressway can run up to 130 km/h, which saves time and energy on transportation. During their visit to Cambodia, the French delegation encouraged the study and the French company would be interested in the B.O.T investment. We do not want to borrow money from anyone. If they can do in the B.O.T way, it’s good […]

(13) RGC builds the US$ 230 million bridge across the Mekong for expressway

Soon we will launch the construction site of the expressway connecting Phnom Penh with Bavet (at the border with Vietnam in Svay Rieng), and Vietnam will build an expressway from Ho Chi Minh City to connect with Cambodia at the border. Let me share with you (that) initially the company wanted to build a bridge across the Mekong River and using the bridge will oblige payment from the people. I told them that taking money from the people on the bridge is something I cannot accept. Please think it again. After all, it is impossible to let our people use the expressway at a cheaper price including the cost of using the bridge […] now, the Royal Government has decided to build the bridge, using about US$ 230 million to connect one side of the Mekong River in Kandal to the other side, with the expressway runs through Kandal, Prey Veng and Svay Rieng. We let the company, who have the technology, build it. We will pay the company […]

(14) Never rely on others for popularity, try to stand up from a young age

Please note that Hun Sen has never relied on anyone’s popularity to be his popularity. Hun Sen, for his whole life, has always tried to stand on his own from a young age residing in the Buddhist pagoda. The CPP has enjoyed the benefit from what Hun Sen has contributed. Though I am not the only one to do it, still Hun Sen’s prestige is not as simple as you think. If Hun Sen does not have enough prestige, can the CPP stand in Cambodian politics? (When you say) that Hun Sen is a dictator, […] I just wanted to point out that who is more dictatorial than Pol Pot, why did Pol Pot live only three years, 8 months and 20 days? While Hun Sen has been in power as Prime Minister for more than 38 years, and he is also the only person in the (royal) government for more than 44 years.

(15) Not many can predict the Hun Sen’s way

Samdech Pichey Sena (Tea Banh) always said that “Hun Sen is a character that has always been in all situations/events/matters.” There is no such thing concerning the country that Hun Sen did not know? Land reform, reforming the planned economy to a market economy (as well as) events related to the military. This year will mark the 45th anniversary of the founding of the Cambodian National Solidarity and Salvation Armed Forces, a major source of the formation of the National Front for Salvation of Kampuchea, which immediately became a political/military organization. You may not confuse the assessment of Hun Sen, lest it may lead to immortal defeat. Please evaluate correctly. But it is very difficult to assess which way Hun Sen would go and (there are) not many people who can predict (Hun Sen’s way) […]./.