Monday, February 27, 2023

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត ជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានស្វាគមន៍នូវវត្តមានរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ដែលទើបនឹងទទួលភារកិច្ចការងារការទូតនៅពេលថ្មីៗនេះ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា តាំងពីឆ្នាំ១៩៥៣មក ទំនាក់ទំនងកម្ពុជាបានបង្កើតឡើង និងជាបន្តបន្ទាប់ជប៉ុនបានជួយកសាងអភិវឌ្ឍប្រទេសកម្ពុជាតាំងពីដំណា​ក់​កាលលំបាក រហូតមកដល់បច្ចុប្បន្នឱ្យមានរីកចម្រើនស្ទើរគ្រប់វិស័យ បើទោះបីកម្ពុជាបាននិងកំពុងរស់នៅជាមួយសុខសន្តិភាពក៏ដោយ ក៏កម្ពុជានិងជប៉ុននៅតែបន្តពង្រឹងកិច្ចសហការបានកាន់តែរឹងមាំថែមទៀតលើវិស័យអាទិភាពជាច្រើន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បន្តថា ជប៉ុន ត្រូវបានចាត់ទុកជាប្រទេសដ៏សំខាន់មួយក្នុងការជួយសម្របសម្រួលបង្កើតឱ្យមាន អ.វ.ត.ក. និងក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ ដែលបានផ្តល់ថវិកាសរុបចំនួនប្រមាណ៨៨,៥លានដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់អ.វ.ត.ក. ដែលស្មើនឹង២៧% នៃចំណាយសរុបចំនួនប្រមាណ៣៣៩លានដុល្លារអាម៉េរិក ហើយដែលកម្ពុជា ក៏ជាប្រទេសលំដាប់ទី២ដែលបានផ្តល់ថវិកាចំនួនប្រមាណ៤៥,៥លានដុល្លារអាម៉េរិក សម្រាប់ អ.វ.ត.ក.។

 

មិនតែប៉ុណ្ណោះ ក្នុងដំណាក់កាលចុងក្រោយខណៈពេលដែលមានការងារសេសសល់ដ៏សំខា​ន់មួយទៀត គឺការតម្កល់ឯកសារនៃសាលាក្តីខ្មែរក្រហម ក៏ប្រទេសជប៉ុននៅតែបន្តកិច្ចសហការជួយដល់កម្ពុជាជាប់ជារហូតមក ហើយដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានសំណូមពរតាមរយៈឯកឧត្តមឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជា សូមឱ្យបន្តជួយដល់គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារនៃ អ.វ.ត.ក. ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២​៣នេះ និងស្នើឱ្យជួយថវិកាបន្ថែមទៀត ដើម្បីបន្តជួយដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងគម្រោងផ្សព្វផ្សាយ ស្តីពីសមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. ដល់សធារណជនឱ្យបានទូលំទូលាយផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតថ្មីប្រចាំកម្ពុជា បានគាំទ្រជាថ្មីដល់ជោគជ័យនៃតុលាការកូនកាត់ដែលបានផ្តល់នូវសារៈសំខាន់នៃការកាត់សេចក្តីពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហម ហើយឯកឧត្តមឯកអគ្គរាជទូតថ្មី បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣កន្លងមកនេះ ប្រទេសជប៉ុនបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន២២ម៉ឺនដុល្លារអាម៉េរិកដល់ភាគីអន្តរជាតិនៃអ.វ.ត.ក. ដែលនេះជាការបន្តយកចិត្តទុកដាក់ពាក់ព័ន្ធនឹង អ.វ.ត.ក. ដែលកន្លងមកជប៉ុនបានផ្តល់ថវិកាចំនួន២៥១ ៩៧០ដុល្លារអាម៉េរិករួចមកហើយ សម្រាប់ «គម្រោងអាណត្តិកេរដំណែលរបស់LDC» ដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្នុងការងារការទូត ឯកឧត្តមនឹងខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានសកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត ស្របទៅនឹងការលើកកម្ពស់ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដូចដែលបានចុះអនុស្សរណៈកាលពីពេលកន្លងទៅនេះ។

 មុននឹងបញ្ចប់ជំនួបពិភាក្សា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានជូនពរដល់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា សូមបំពេញបេសកកម្មការងារការទូតនៅកម្ពុជាប្រកបដោយជោគជ័យ និងសូមឱ្យទំនាក់ទំនងកម្ពុជានិងជប៉ុន កាន់តែល្អប្រសើររឹងមាំថែមទៀត៕

 

អត្ថបទ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​

 




No comments:

Post a Comment