Thursday, February 14, 2019
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់ភាគីឥណ្ឌូនេស៊ី បើកឱ្យមានការហោះហើរដោយត្រង់មកកាន់កម្ពុជា
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួប លោកស្រី Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព។ លោកស្រី Paun Maharani បានមានប្រសាសន៍ជម្រាបជូនអំពីគោលបំណងនៃការអញ្ជើញមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះបានបន្សល់ទុកដោយស្នាព្រះហស្ថនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និង អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូកាណូ។
លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងពេញចិត្តបំផុតចំពោះវត្តមានចូលរួមយ៉ាងច្រើនអធិកអធមពីបណ្តាថ្នាក់ដឹកនាំកម្ពុជា នៅក្នុងពិធីប្រារព្ធខួបទំនាក់ទំនងការទូតនេះ។ លោកស្រី ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា ការជ្រើសរើសយកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះជាថ្ងៃប្រារព្ធខួប គឺកាលពី ៦០ ឆ្នាំមុន ដែលត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដែលប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រីរដ្ឋមន្រ្តី ដែលបានអញ្ជើញមកកម្ពុជាចូលរួមក្នុងកម្មវិធីនេះ ហើយព្រមទាំងបាននាំមកនូវសិល្បករ សិល្បការិនី ចូលរួមសម្តែងយ៉ាងអធិកអធមទៀតផង។ វត្តមានរបស់លោកស្រី គឺបានរឹតបន្តឹងនូវចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងល្អប្រសើរ។
ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍រំលឹកអំពីស្នាដៃនៃថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំកសាងបន្សល់ទុកនូវទំនាក់ទំនងដ៏ល្អដល់ប្រទេសយើងទាំង២ ហើយបានបន្តមកដល់អ្នកដឹកនាំជំនាន់ក្រោយៗ ដែលមានរយៈពេលជាង ៦០ ឆ្នាំមកនេះ ហើយដែលកំពុងរីកដុះដាល និងរឹងមាំមកទល់សព្វថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកផងដែរ អំពីការចូលរួមយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូនេស៊ីកន្លងមក ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ដោយឡែកនៅកម្ពុជា គឺឥណ្ឌូនេស៊ី បានចូលរួមចំណែកស្វែងរកសន្តិភាព ព្រមទាំងបានធ្វើជាសហប្រធាននៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីសផងដែរ។ ក្រៅពីនោះ គឺប្រទេសឥណ្ឌូនេស៊ី បានរួមចំណែកបញ្ជូនទ័ពមកការពារសន្តិភាពនៅកម្ពុជាក្នុងកំឡុងពេលរៀបចំការបោះឆ្នោតដែលរៀបចំគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ ១៩៩៣ ព្រមទាំងជំនួយក្នុងការហ្វឹកហាត់ និងអភិវឌ្ឍធនធានមនុស្ស និងធនធានកងទ័ពនៅកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំភាគីឥណ្ឌូនេស៊ីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ ហើយចូលរួមជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្តនិងជំរុញនូវទំនាក់ទំនងកាន់អោយកាន់តែជិតស្និទ្ធល្អប្រសើររវាងប្រជាជាតិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងកម្មវិធីវប្បធម៌ជាដើម។
ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ភាគី ឥណ្ឌូនេស៊ី បើកឱ្យមានការហោះហើរដោយត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ីដើម្បីទាក់ទាញភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគគិនសម្រាប់ប្រទេសទាំងពីរ៕
ស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃ ជាកត្តាសំខាន់បំផុតសម្រាប់បម្រើឲ្យពាណិជ្ជកម្ម និងទេសចរណ៍
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីការពារជាតិថៃ នៅវិមានសន្តិភាព។ នាឱកាសនោះ លោក Prawit Wongsuwon បានជម្រាបជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីជំនួបកន្លងមកថ្មីៗរវាង លោកផ្ទាល់ជាមួយឧបនាយករដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ដែលផ្តោតលើបញ្ហាព្រំដែន សន្តិសុខ រួមទាំងបញ្ហាមួយចំនួនទៀតដែលមានការពិភាក្សាដោយរលូន ទាំងបញ្ហាសន្តិសុខ និងការព្រួយបារម្ភផ្សេងៗទៀតនៅតាមព្រំដែនគឺពុំមានបញ្ហាអ្វីចោទ។
ស្របពេលជាមួយគ្នានេះដែរ លោក Prawit Wongsuwon ក៏បានអញ្ជើញទៅទស្សនា វិមានឈ្នះ-ឈ្នះ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្រ្តរំដោះជាតិរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅពេលនោះគឺចាប់ផ្ដើមពីមនុស្សតែ៥នាក់ប៉ុណ្ណោះ រហូតទទួលបានជោគជ័យសម្រាប់ប្រទេសជាតិទាំងមូល។ ហើយលោកក៏បានស្វែងយល់បន្ថែមផងដែរតារយៈចម្លាក់ និងពិព័ណ៌អំពីដំណើររឿងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដែលដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរ គុណដល់ លោក Prawit Wongsuwon ដែលបានមកកម្ពុជា បានឃើញពីការរីកចម្រើនរបស់ប្រទេស ហើយបានទៅទស្សនាវិមានឈ្នះ-ឈ្នះ ដែលទីនោះគឺជាកន្លែងតម្កល់នូវឯកសារប្រវត្តិនៃដំណាក់កាលនីមួយៗនៅក្នុងដំណើរការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម។ ពិព័ណ៌ និងរូបចម្លាក់នៅតាមជញ្ជាំងវិមាន គឺបានបង្ហាញនូវតួអង្គសំខាន់ៗនានា ដែលបានចូលរួមចំណែកនៅក្នុងដំណើរការរំដោះប្រទេស និងកសាងសន្តិភាពសម្រាប់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រ ចំពោះកិច្ចពិភាក្សាកន្លងមកថ្មីៗរវាងគណៈកម្មការនៃប្រទេសទាំងពីរ ដែលមានរូប លោក Prawit តំនាងអោយភាគីប្រទេសថៃ ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលតំណាងអោយភាគីកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ផងដែរថា គណៈកម្មការនៃប្រទេសទាំងពីរនេះមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមានសុខសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន ដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់បម្រើឲ្យពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរអោយកាន់តែល្អជិតស្និទ្ឋថែមទៀត៕
នៅសល់តែ ១៧ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់
ភ្នំពេញ៖ យើងនៅចងចាំយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, លោកនាយករដ្ឋមន្ត្រី នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេនោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។
នៅក្នុងករណីភ្នាល់នេះ សូមរំលឹកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ថា បើគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសល់រយៈពេលតែ ១៧ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលកំណត់នៃការភ្នាល់ពោលគឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះទណ្ឌិត សម រង្ស៊ី គួររៀបចំកក់សំបុត្រយន្តហោះ និងសម្ភារមួយចំនួន ត្រឡប់មកកាន់មាតុភូមិដ៏កំសត់មួយនេះ ដើម្បីត្រៀមដេកគុកតាមកិច្ចសន្យាភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី នេះបើតាមសម្តីរបស់អ្នកវិភាគ។
សូមបញ្ជាក់ថា នាពេលថ្មីៗលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរកំណាព្យចំនួន ៤ឃ្លា បង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្កការងឿងឆ្ងល់យ៉ាងខ្លាំងដល់មិត្តអ្នកអានផងដែរ។
កំណាព្យ ៤ឃ្លា ដែលលោកបានបង្ហោះនៅលើ Facebook ថ្ងៃនេះ មានខ្លឹមសារយ៉ាងដូច្នេះ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង) សង្សារបងអើយដល់ពេលហើយ ឬនៅ?។ ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង) ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។
កំណាព្យ ៤ឃ្លា របស់ប្រមុខរាជរដ្ឋាភិបាលដែលជាអ្នកចូលចិត្តតែងនិពន្ធមួយរូបដែរនោះ បានបង្កការងឿងឆ្ងល់ជាខ្លាំងចំពោះអត្ថន័យដ៏ជ្រាលជ្រៅបង្កប់នៅក្នុងកំណាព្យនេះ។
មានពាក្យមួយឃ្លាគេតែងតែលើកឡើងថា គ្រប់សកម្មភាព គ្រប់ទង្វើរបស់អ្នកនយោបាយ គ្មានសកម្មភាពណាមួយ ឬទង្វើណាមួយដែលមិនភ្ជាប់ជាមួយបញ្ហានយោបាយនោះឡើយ។ សម្រាប់កំណាព្យខាងលើរបស់លោកនាយករដ្ឋមន្រ្តី ក៏ត្រូវបានគេសន្និដ្ឋានមានអត្ថន័យផ្សារភ្ជាប់ទៅបញ្ហានយោបាយផងដែរ។
អ្នកតាមដានបញ្ហានយោបាយបានសន្និដ្ឋាន កំណាព្យនេះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានចេតនាយ៉ាងពិតប្រាកដផ្ញើទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី គ្រាដែលការភ្នាល់រវាងលោកនាយករដ្ឋមន្រ្តី និងទណ្ឌិតរូបនេះជិតដល់ឱសានវាទ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។
អ្នកតាមដានបញ្ហានយោបាយ បានសាកល្បងបកស្រាយឃ្លាកំណាព្យខាងលើនេះយ៉ាងដូច្នេះ។
ឃ្លាទី១ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ»។ លោកនាយករដ្ឋមន្រ្តី ចង់បញ្ជាក់ថា ទោះបីទណ្ឌិត សម រង្ស៉ី ប្រឹងប្រែងធ្វើសកម្មភាពគ្រប់បែបយ៉ាងឲ្យលោកតបត និងឆ្លើយតប តែលោកនៅតែរក្សាភាពស្ងាត់ស្ងៀមគ្មានការតបតអ្វីទាំងអស់។
ឃ្លាទី២ «សង្សារបងអើយដល់ពេលហើយឬនៅ?»។ ឃ្លានេះ លោកធ្វើជាសួរឌឺទៅទណ្ឌិត សម រង្ស៉ី តែតាមការពិតលោកចង់រំលឹកថា ការភ្នាល់រវាងលោក និងទណ្ឌិត សម រង្ស៉ី ជិតដល់ពេលហើយ។
ឃ្លាទី៣ «ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ»។ ឃ្លានេះ លោកបានបញ្ជាក់ថា លោកគ្មានការស្នើសុំការលើកលែងទោសដល់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ ដោយលោកចាត់ទុកទណ្ឌិតរូបនេះជាមនុស្សចិត្តខ្មៅ។ ចិត្តខ្មៅ ក៏ព្រោះតែលោកធ្លាប់បានសូមព្រះរាជទានលើកលែងទោសពីរដងរួចមកហើយ តែទណ្ឌិតនេះមិនត្រឹមតែមិនដឹងគុណនោះទេ ថែមទាំងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរថែមទៀតដល់រូបលោក និងក្រុមគ្រួសារ។
ឃ្លាទី៤ «ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ ឃ្លានេះ លោកចង់គូសបង្ហាញថា មានឧបសគ្គជាច្រើននៅចំពោះមុខទណ្ឌិត សម រង្ស៉ី ធ្វើម្តេចនឹងអនុញ្ញាតឲ្យទណ្ឌិតរូបនេះអាចវិលត្រឡប់ចូលស្រុក ដូចអ្វីដែលខ្លួនបានសន្យាជាមួយអ្នកគាំទ្រនោះ។
នេះគ្រាន់តែជាការសាកល្បងបកស្រាយពីអត្ថន័យនៃកំណាព្យរបស់លោកនាយករដ្ឋមន្រ្តី ពីសំណាក់អ្នកតាមដានបញ្ហានយោបាយតែប៉ុណ្ណោះ។ តែអត្ថន័យពិតនៃកំណាព្យនេះ គឺមានតែរូបជាម្ចាស់កំណាព្យប៉ុណ្ណោះទើបអាចបញ្ជាក់បាន៕
Subscribe to:
Posts (Atom)