Thursday, December 22, 2022

សម្តេចតេជោ ហ៊ុន សែន ៖ ប្រកាសប្ដឹងអ្នកណា ដែលចោទគណបក្សប្រជាជនកម្ពុជា ថាលួចបន្លំសន្លឹកបោះឆ្នោត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងប្រកាសប្តឹងទៅលើអ្នកណាដែលចោទថា លួចបន្លំឆ្នោត ការប្តឹងនេះ ជាការទាមទារយុត្តិធម៌ផង និងដើម្បីបញ្ចប់វប្បធម៌លាបពណ៌ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមានការបោះឆ្នោតរួច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦ម៉ែត្រ ភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា អំពីការប្ដឹងទាសំណងលើទណ្ឌិត សម រង្ស៊ី ដែលបច្ចុប្បន្នទទួលបានចំនួន ៧០ម៉ឺនដុល្លារហើយ ខណៈលោក សុន ឆ័យ ក៏កំពុងតែជាប់បណ្ដឹងនៅតុលាការផងដែរ។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតមានវត្តមានចូលរួមពីគណបក្សនយោបាយទាំងអស់ ជាពិសេសអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មាននៅតាមការិយាល័យបោះឆ្នោតគ្រប់រាជធានី-ខេត្តផងដែរ។ ការបោះឆ្នោតប្រពឹត្តទៅដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែរជាបក្សប្រឆាំងចោទទៅលើគណបក្សប្រជាជនកម្ពូជា ថាបានលួចបន្លំសន្លឹកឆ្នោតទៅវិញ នេះជាទង្វើអសីលធម៌ គ្មានគុណធម៌ទាល់សោះរបស់បក្សឆាំងឱ្យតែចាញ់ឆ្នោត តែងតែទ្បាំប៉ា និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់៕




សម្តេចតេជោ ហ៊ុន សែ៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌

ព្រឹកថ្ងៃព្រហស្បតិ៍  ទី២២ ខែធ្នូ ឆ្នាំ២០២២  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦បេ តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។  

សម្តេចតេជោ  ហ៊ុន  សែន  បានថ្លែងថា  ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ  គឺជាការបែងចែកផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌  ហេីយផ្លូវ១៤៦បេ  និង១៤៨  ដែលសម្ពោធព្រឹកនេះ  គឺជាសមិទ្ធផលកេីតឡេីងដោយដៃប្រជាពលរដ្ឋផ្ទាល់  តាមរយៈ ការប្រេីប្រាស់ថវិកាជាតិ។ សម្តេចបានថ្លែងបន្ថែមទៀតថា  បេីទោះបីមានផ្លូវល្បឿនលឿន  ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ  បេីគ្មានផ្លូវតភ្ជាប់ថ្មីទេ  ពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។ សម្តេច នៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ  ដេីម្បីដោះស្រាយការលំបាកធ្វេីដំណេីរ  និងកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ៕





សម្តេចតេជោបបួលក្រុមប្រឆាំងស្បថរឿងចោទថា កម្ពុជាអភិវឌ្ឍន៍កាន់តែក្រទៅៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសផ្តើមចេញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៧៩ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ជាដើម បែរជាក្រុមប្រឆាំងចោទថា កម្ពុជាអភិវឌ្ឍន៍កាន់តែក្រទៅៗ។ ពាក់ព័ន្ធការចោទប្រកាន់បែបនេះ សម្តេចតេជោ ហ៊ុន សែន បានបបួលក្រុមប្រឆាំងស្បថដាក់ជីវិត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តើក្រុមប្រឆាំងដែលចោទថា កម្ពុជាកាន់តែក្រទៅៗហ៊ានស្បថឲ្យស្លាប់តៃហោងទេ។ សម្តេចថា អ្នកចោទថា កម្ពុជាក្រទៅៗក្រោយឆ្នាំ១៩៧៩ រកតែស្បែកជើងពាក់មិនបានផង ឥឡូវមានផ្ទះនៅ មានរថយន្តទំនើបជិះ ហើយបែរជាថា ក្រទៅៗ។

សម្តេចតេជោ លើកឡើងថា ការចោទថា កម្ពុជាកាន់តែក្រទៅៗជាអំពោះអយុត្តិធម៌ និងជាការប្រមាថមើលងាយលើជាតិសាសន៍ខ្មែរខ្លួនឯង បើទោះជាអ្នកប្រមាថនោះរស់នៅក្រៅប្រទេសក្តី តែឪពុក-ម្តាយ និងក្រុមគ្រួសារខ្លួនកំពុងរស់នៅយ៉ាងសុខស្រួលក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេស៕






សម្តេចតេជោ ហ៊ុន សែន ៖ អំពាវនាវដល់ថៅកែទាំងអស់ ប្រើប្រាស់ផ្លូវល្បឿនលឿន នឹងចំណេញដល់ខ្សែរចង្វាក់ផលិតកម្ម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា មិនទាន់ឃើញមានឡានរថលើផ្លូវល្បឿនទេ ដូច្នេះសូមជំរុញដល់ថៅកែទាំងអស់ ឱ្យអ្នកបើកបរត្រូវបើកលើផ្លូវល្បឿន នឹងនាំឱ្យចំណេញដល់ខ្សែរចង្វាក់ផលិតកម្ម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦ម៉ែត្រ ភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ៖ អំពាវនាវដល់ថៅកែទាំងអស់ ប្រើប្រាស់ផ្លូវល្បឿនលឿន នឹងចំណេញដល់ខ្សែរចង្វាក់ផលិតកម្ម

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ត ថ្វីត្បិតតែមានបុគ្គលិកមួយចំនួនជាអ្នកលួចប្រេងរថយន្តក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមថៅកែត្រូវគិតដល់ពេលវេលានៃការដឹកជញ្ជូន និងភាពរហ័សនៃចង្វាក់ផលិតកម្មបានដោះដូរ ទំនិញរហ័ស។ ទន្ទឹមនឹងចំណេញពេលវេលា និងចំណេញខ្សែរចង្វាក់ផលិតកម្ម ថែមទាំងបានធ្វើឱ្យការបើកបរលើផ្លូវល្បឿនលឿនអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បញ្ចៀសការបើកបរនៅផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះ៕




សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល គ្រោងកសាងផ្លូវដែកល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា នៅថ្ងៃអនាគត កម្ពុជា នឹងរៀបចំឲ្យមានផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ និងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦ម៉ែត្រ ភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្លូវដែកបច្ចុប្បន្ន គឺមិនទាន់អាចបម្រើនូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា បានគ្រប់គ្រាន់នៅឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត។ សម្ដេច បញ្ជាក់បន្ថែមថា ការធ្វើផ្លូវដែកល្បឿនលឿន គឺមិនចំណាយពេលយូរនោះទេដោយសារតែកម្ពុជា មានផ្លូវដែកស្រាប់ នៅពេលបច្ចុប្បន្ន៕





ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

 នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុង​ខេត្ត​ព្រះ​សីហនុ។

ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។