ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដែលប្រសិទ្ធនាមថា
ស៊ូបាហ្សា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥នេះ ថា ជាសមិទ្ធផលប្រវត្តិសាស្រ្ត
ដ៏ថ្មីសន្លាងនេះ នឹងបញ្ចប់ទាំងស្រុងនូវបញ្ហាកកស្ទះសាឡាងអ្នកលឿង
ដែលបន្លឺចេញពីមាត់ពលរដ្ឋខ្មែរច្រើនទសវត្សរ៍កន្លងទៅ ជាពិសេសពេលមានបុណ្យទានធំៗ
ចូលឆ្នាំ និងភ្ជុំបិណ្ឌ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា
ស្ពាននេះដែលបានចំណាយពេលសាងសង់អស់រយៈជិត
៥ឆ្នាំ ហើយដាក់ឲ្យប្រើប្រាស់នៅមុនពេលបុណ្យចូលឆ្នាំថ្មី ឈានមកដល់តែមួយសប្តាហ៍នេះ
នឹងក្លាយជាសមិទ្ធផលដ៏ត្រកាលសម្រាប់ចងភ្ជាប់ខេត្តកណ្តាលទៅខេត្តព្រៃវែង និងស្វាយរៀង
ជាពិសេសប្រជាពលរដ្ឋខេត្តព្រៃវែង និងស្វាយរៀង អាចធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំអ្នកមានគុណ
បងប្អូនញាតិមិត្ត ដោយចិត្តសប្បាយរីករាយ។ ពួកគេលែងមានអារម្មណ៍មួរហ្មងធុញថប់
នៃការរង់ចាំ សាឡាងអ្នកលឿង ដូចឆ្នាំកន្លងទៅទៀតហើយ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា
សមិទ្ធិផលកើតចេញពីតម្លៃ នៃសន្តិភាព «ស៊ូបាសា» មិនត្រឹមតែជាសមិទ្ធផលប្រវត្តិសាស្រ្តនាំមកនូវភាពរីករាយ
ស្រស់ស្រាយសប្បាយចិត្ត បម្រើប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ
តែស្ពានដ៏វែងនៅកម្ពុជាមួយ នេះ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយសម្រាប់ប្រទេសជាសមាជិកអាស៊ានផងដែរ។
«ស៊ូបាសា»
ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នឹងចូលរួមបម្រើប្រយោជន៍យ៉ាងសំខាន់បម្រើដល់វិស័យទេសចរណ៍
និងការដឹកជញ្ជូនពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត នៅក្នុងតំបន់អាស៊ាន។
ឯកឧត្តម ត្រាំ អ៊ីវតឹក
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថាស្ពាននេះនឹងជួយសម្រួល ការកកស្ទះចរាចរណ៍ ពិសេសនៅរដូវបុណ្យជាតិធំៗ
ដូចជារដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ
ក៏ដូចជាថ្ងៃឈប់សម្រាកដទៃទៀត។ ឯកឧត្តមបន្តថា ស្ពាននេះនឹងតភ្ជាប់បណ្តាញចរាចរណ៍ដឹកជញ្ជូនដ៏សំខាន់
រវាងរាជធានីភ្នំពេញនិងផ្នែកខាងលិចទន្លមេគង្គ
ទៅនឹងផ្នែកខាងកើតរបស់កម្ពុជា ដែលរួមមានខេត្តព្រៃវែង ស្វាយរៀងជាដើម។ ឯកឧត្តម ត្រាំ អ៊ីវតឹក ឲ្យដឹងទៀតថា តំបន់ទាំងនោះជាបណ្តាខេត្តដែលមានសក្តានុពល ខាងកសិកម្មដែលជាជង្រុកស្រូវមួយ
កសិឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ។
ឯកឧត្តម ត្រាំ អ៊ីវតឹក
បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ ទាំងម្ចាស់ក្រុមហ៊ុន ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញ
និងក្រុមហ៊ុនដឹកសម្ភារសំណង់ ដឹកដី និងដឹកខ្សាច់ ជាដើម កុំដឹកជញ្ជូនលើសកម្រិតក្នុងច្បាប់
ដែលនាំឲ្យខូចខាតស្ពាន និងការកកស្ទះចរាចរណ៍លើស្ពាន។
គួរបញ្ជាក់ឲ្យដឹងថា
ការដ្ឋានសាងសង់ស្ពានអ្នកលឿងនេះ ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ ហើយបញ្ចប់រួចរាល់នៅថ្ងៃទី១៥
ខែមីនា ឆ្នាំ២០១៥។ ស្ពានអ្នកលឿងដែលតភ្ជាប់ ពីខេត្តកណ្តាលទៅខេត្តព្រៃវែង មានប្រវែងសរុប
២២២០ម៉ែត្រ និងមានទទឹងប្រវែង ១៣ ម៉ែត្រ ជាមួយនឹងកម្ពស់ស្ពាន ផុតពីផ្ទៃទឹក
នៅរដូវវស្សា ៣៧ម៉ែត្រកន្លះ ។ ស្ពាន អ្នកលឿងតម្លៃប្រមាណ១២៧លានដុល្លារ ដែលជាស្ពានបំពាក់ដោយខ្សែកាបធំជាងគេនៅកម្ពុជា
ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែមេសានេះ។
ស្ពានអ្នកលឿងត្រូវបាន
រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានសម្រេចប្រសិទ្ធនាមឲ្យឈ្មោះថាជាស្ពាន
ស៊ូបាសា ។ ស៊ូបាសា គឺជាភាសាជប៉ុន ដែលមានអត្ថន័យថា(សត្វបក្សីត្រដាងស្លាបហោះ)។
ការឲ្យឈ្មោះបែបនេះ ដោយសារតែស្ពានអ្នកលឿងសាងសង់បែបជាស្ពានយោល ដែលមានខ្សែកាបសងខាង ពណ៌លឿង ដូចជាសត្វបក្សី
កំពុងត្រដាងស្លាបហោះ ។
គួររំលឹកថា ស្ពាន «ត្សឹបាសា» ដែលដាក់សម្ពោធឲ្យប្រើប្រាស់ធ្វើឡើង នៅចំឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន
ក៏បាន បង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏ស្និទ្ធស្នាល រវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសចាក់បេតុងភ្ជាប់ស្ពានកាលពី
ខែមករា សម្តេចតេជោ បានបញ្ជាក់ថា ស្ពាន «ស៊ូបាសា» ដែលមានខ្សែកាប្លិ៍យោងសងខាង ប្រៀបដូចបក្សីមួយគូ តំណាងឲ្យកម្ពុជា-ជប៉ុន
កាន់ដៃគ្នាហោះលើវេហា ឈានទៅរកចំណងសាមគ្គីភាពដ៏ស្អិតល្មួត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា៕
អត្ថបទ៖ ច័ន្ទ ទេវី