យោងលើអ្នកជំនាញសុខភាព នៃគេហទំព័រ Health Cambodia.com បានបញ្ជាក់ថា គ្រឿងញៀនមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព
គ្រឿងញៀនធ្វើឱ្យមានការប៉ះពាល់ ជាពិសេសទៅលើប្រព័ន្ធខួរក្បាលដែលជាទីបញ្ជាការ
លើគំនិត អារម្មណ៍ សកម្មភាព ការចងចាំ ការទប់អារម្មណ៍ ការភ្ញាក់រឮក សតិសម្បជញ្ញៈ
កម្លាំង ប្រាជ្ញា ស្មារតី ការអត់ធ្មត់ រហូតដល់ពិការអស់មួយជីវិត
ព្រមទាំងរស់នៅក្នុងសេចក្ដីទុក្ខវេទនារកទីបំផុតគ្មានទៀតផង។ ដូចនេះផលប៉ះពាល់
នៃគ្រឿងញៀនអាចបំផ្លាញប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន យុវនារី ដែលជាកម្លំាង
សរសរទ្រូង ឬទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។
គ្រឿងញៀនជាសារធាតុដែលអាចធ្វើឱ្យប្រព័ន្ធខួរក្បាល មានដំណើរការមិនប្រក្រតី ជួនមួយ រយៈ តែភាគច្រើនជារៀងរហូត
តាមការប្រើប្រាស់ជាក់ស្តែង។ ជាផលវិបាក វាធ្វើឱ្យសកម្មភាពការងារប្រចាំថ្ងៃ
ត្រូវអន់ថយ ឬបាត់ម្ចាស់ការមិនអាចគ្រប់គ្រងចិត្ដបាន។ ប្រសិនបើគេបើកបរយានយន្ដ
នាំឱ្យគេហ៊ានបើកបរលឿនជ្រុលហួស បង្កើតការបញ្ជាចង្កូតមិនបានត្រឹមត្រូវ ហើយអាចបង្កគ្រោះថ្នាក់ចរាចរដល់អាយុជីវិតថែមទៀត។
គ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ដែលមិនអាចគ្រប់គ្រងអារម្មណ៍
ហើយបង្កជាជម្ងឺវិកលចរិត ជួនកាលធ្វើឱ្យអ្នកប្រើប្រាស់ហ៊ានលោតពីលើផ្ទះ
ជួនកាលដើរចូលឡានកំពុងបើកបរយ៉ាងលឿន។ ផឹកស្រាច្រើន
និងប្រើយ៉ាម៉ាច្រើន អាចធ្វើឱ្យរវើរវាយតែម្នាក់ឯង
ចេះតែឮសូរសម្លេងមកគម្រាមកំហែងនៅក្នុងត្រចៀក ឬក្នុងក្បាល
សាម៉ីខ្លួនចេះតែស្រែកច្រៀងឡូឡា រត់គេចរកកន្លែងពួន ដោយមិនដឹងហេតុផល នេះគេហៅថា ជម្ងឺវិកលចរិកបង្កដោយគ្រឿងញៀន។ ជួនអាចបណ្ដាលឱ្យទៅជាជម្ងឺធ្លាក់ទឹកចិត្ដ
ចេះតែដេកមិនលក់ បាយមិនបាន អស់កម្លាំង មិនសប្បាយចិត្ដ និងចង់សម្លាប់ខ្លួន។
ពេលខ្លះគ្រឿងញៀនធ្វើឱ្យកើតជម្ងឺថប់អារម្មណ៍ ដែលសម្ដែងដោយអាការៈចេះតែភ័យខ្លាចយ៉ាងខ្លាំង
ដោយមិនមានហេតុផលណាមួយច្បាស់លាស់សោះ។ លើសពីនេះ វានាំឱ្យមានវិបត្ដិអត្ដចរិត
ធ្វើឱ្យមនុស្សស្លូតក្លាយទៅជាកាច ចេះភូតកុហក មានល្បិច ហើយនៅមិនស្ងៀមមួយកន្លែងដូចមុន
ចេះតែដើរត្រេះត្រុះ ធ្វើការមិនកើតដោយសារគ្រប់គ្រងចិត្ដលែងបាន ចេះបោកប្រាស់ លួច
ឆក់ជាដើម។ ជួនកាល រហូតដល់ប្រព្រឹត្ដនូវអំពើហិង្សា ឬបទឧក្រិដ្ឋទៀតផង។
បញ្ហាគ្រឿងញៀន ជាបញ្ហាថ្មីរបស់ប្រទេសកម្ពុជា
ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ដ។
សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រឹងប្រែងប្រយុទ្ធប្រឆាំងយ៉ាងសកម្មដើម្បីបំបាត់គ្រឿងញៀនពីលើសាកលលោក។
ជម្ងឺដែលបង្កឡើងដោយសារគ្រឿងញៀនភាគច្រើនត្រូវបានចាត់ទុកក្នុងចង្កោមជម្ងឺផ្លូវចិត្ដ
ដោយយោងទៅតាមក្បួនចំណាត់ថ្នាក់ជម្ងឺអន្ដរជាតិរបស់អង្គការសុខភាពពិភពលោក។ បញ្ហាគ្រឿងញៀនចាប់ផ្ដើមមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩០មក និងរាជរដ្ឋាភិបាលបានបង្កើតច្បាប់ប្រឆាំងគ្រឿងញៀននេះនៅឆ្នាំ១៩៩៦ គ្រឿងញៀនហូរចូលមកកម្ពុជាភាគច្រើនក្រោមរូបភាពជាមេតំហ្វេតាមីន ឬយ៉ាម៉ា។ ប៉ុន្ដែគ្រឿងញៀនត្រូវបានប្រើប្រាស់ជាដំបូងក្រោមរូបភាពជាថ្នាំបង្កើនកម្លាំង សម្រាប់អ្នកធ្វើការងារធ្ងន់ និងអ្នកធ្វើការយប់ ដូចជា អ្នកលីសែង អ្នកនេសាទ អ្នករត់ពន្ធ អ្នកបើកបរជាដើម។ ក្រោយមកមានការនាំចូលគ្រឿងញៀនប្រភេទនេះកាន់តែច្រើនឡើង ដែលធ្វើឱ្យមានការប្រើប្រាស់រាលដាលពីអ្នកធ្វើការងារធ្ងន់ទៅដល់យុវជន និងសិស្សសាលាទៀតផង។ ការរាលដាលដោយសារ ឈ្មួញជួញដូរគ្រឿងញៀន បានបង្កើតជាបណ្ដាញខ្សែរយៈក្នុងសង្គម។ ហើយវាបានពង្វក់យុវជនឱ្យសេពគ្រឿងញៀនទៅតាមការ ឃោសនាបញ្ចុះបញ្ចូលរបស់ខ្សែរយៈជួញដូរ ដោយឃោសនាថា ជាថ្នាំធ្វើឱ្យសប្បាយ ឬបំបាត់ទុក្ខ។
ដោយមើលឃើញពីភាពអន្តរាយដ៏ធំធេងនៃគ្រឿងញៀន
ប្រទេសជាច្រើននៅលើពិភពលោក ក្នុងតំបន់ និងកម្ពុជាផងដែរ បានបង្កើតឲ្យមានច្បាប់បទដ្ឋានគតិយុត្ត ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារការចរាចរគ្រឿងញៀនដោយខុសច្បាប់
ព្រមទាំងដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ជនណាដែលរកឃើញថា បានប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ដូច្នេះក្នុងនាមជាយុវជនខ្មែរ យើងសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់
«សូមនិយាយថា ទេ! ចំពោះគ្រឿងញៀន»។ សម្រាប់ អ្នកប្រើប្រាស់ និងជួញដូរ សូមមេត្តាបញ្ឈប់សកម្មភាពរបស់ខ្លួន ដែលកំពុងបំផ្លាញសង្គមជាតិ
និងប្រទេសរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ អ្នកនឹងប្រឈមមុខនឹងផ្លូវច្បាប់។
យុវជនដែលកំពុងស្ថិតក្នុងវ័យដែលត្រូវបានគេអូសទាញ សូមមេត្តាកុំសាកល្បងនឹងគ្រឿងញៀនឱ្យសោះ
ព្រោះអ្នកនឹងពិបាកថយក្រោយណាស់ នៅពេលអ្នកប្រើប្រាស់វាហើយនោះ
ជាពិសេសមិនត្រឹមតែបំផ្លាញខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងថែមទៀតបំផ្លាញគ្រួសារអ្នក
និងសង្គមជាតិផងដែរ។ មួយវិញទៀត សូមប្រជាពលរដ្ឋទូទៅ មេត្តាស្វែងយល់អំពីផលវិបាក
ផលប៉ះពាល់ វិធីការពារខ្លួនពីគ្រឿងញៀន និងទោសទណ្ឌនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀនដែលអ្នកត្រូវដឹង៕