ប្រធានបទមួយដែលក្រុមប្រឆាំង និងសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល បាននិងកំពុងយកធ្វើជាប្រធានបទគោលក្នុងការវ៉ៃប្រហារមកលើរាជរដ្ឋាភិបាលនោះ គឺការយកមកបកស្រាយ និងបន្ទរនូវរបាយការណ៍សន្ទស្សន៍ប្រជាធិបតេយ្យនៃភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence
Unit) ដែលចេញផ្សាយនៅខែមករា ឆ្នាំ២០១៦នេះ ដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងការធ្លាក់ទៅក្នុងរបបផ្ដាច់ការ។
សន្ទស្សន៍នេះរកឃើញថា
ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា
ក្នុងឆ្នាំ២០១៥
ធ្លាក់ចុះ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំកន្លងទៅ
ហើយប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី១១៣
ក្នុងចំណោម ១៦៧ប្រទេស
និយាយរួម គឺស្ថិតក្នុងក្រុមប្រទេសរបបកូនកាត់ប្រជាធិបតេយ្យពាក់កណ្ដាល
ផ្ដាច់ការពាក់កណ្ដាល។
មើលឃើញផ្ទុយពីរបាយការណ៍ដែលបានលើកឡើងនេះ លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍
វាយតម្លៃក្នុងនាមរដ្ឋាភិបាលអាមេរិក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី២៦ ខែមករានេះ ជុំវិញស្ថានភាពជាក់ស្តែងដែលលោកបានមើលឃើញថា លោកពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលវិលត្រឡប់មកកម្ពុជាម្តងទៀតក្នុងឆ្នាំ២០១៦នេះ
ដោយកម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសមួយ
ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស
ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើន អាចរំដោះខ្លួនចេញពីស្ថានភាពលំបាក ដោយកាលពីមុនពួកគេអាចរកប្រាក់ចំណូលបានទាបបំផុត។ លោក John
Kerry រំលឹកថា
ខណៈដែលលោកធ្វើដំណើរមកកម្ពុជាជាលើកដំបូង រាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណត្រឹមតែ ៣៥០ពាន់នាក់ប៉ុណ្ណោះ ស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពលំបាកដោយសារសង្គ្រាមរ៉ាំរ៉ៃ។ តែបច្ចុប្បន្ន ភ្នំពេញមានប្រជាពលរដ្ឋរហូតដល់ជាង ២,២លាននាក់។
ទីក្រុងទាំងមូលពោរពេញដោយមន្ទីរពេទ្យទំនើបៗ
អាគារខ្ពស់ៗ ថាមពលប្រើប្រាស់គ្រប់គ្រាន់
និងមានភ្ញៀវទេសចរណ៍ច្រើនសន្ធឹកសន្ធាប់មកទស្សនាកំសាន្ត។ លោក John Kerry ក៏មានការភ្ញាក់ផ្អើលផងដែរ ចំពោះការវិវឌ្ឍ និងការបោះជំហានទៅមុខក្នុងទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។ មិនតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិកក៏នឹងប្តេជ្ញាផងដែរ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ អាមេរិក-កម្ពុជា
មានទស្សនៈស្របគ្នាថា
វាពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការមានដៃគូពាណិជ្ជកម្មច្រើន ហើយវាជារឿងដ៏សំខាន់ ដែលសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន។
វិលមកវិភាគលើរបាយការណ៍របស់ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច ដែលថាកម្ពុជាជាប្រទេសដែលប្រឈមនឹងការធ្លាក់ទៅក្នុងរបបផ្តាច់ការនោះ ជាដំបូងតោងឲ្យយល់ពីអត្ថន័យនៃពាក្យផ្តាច់ការជាមុនសិន។ តើពាក្យផ្តាច់ការមានន័យដូចម៉េច? ដើម្បីឲ្យងាយយល់នូវអត្ថន័យពាក្យនោះ យើងសូមលើកឧទាហរណ៍មកបញ្ជាក់ថា ប្រទេសមួយដឹកនាំដោយរបបផ្តាច់ការមានន័យថា ប្រជាពលរដ្ឋប្រទេសនោះត្រូវបានបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ជាក់ស្តែងពលរដ្ឋខ្មែរធ្លាប់បានឆ្លងកាត់រួចមកហើយ គឺរបបកម្ពុជាប្រជាធិបតេយ្យដែលមានតែឈ្មោះនោះ ហើយដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅស្គាល់ថាជារបបប្រល័យពូជសាសន៍នោះ បានបំបិទសិទ្ធិសេរីភាពប្រជាជនគ្រប់បែបយ៉ាង។ ប្រជាពលរដ្ឋគ្មានសិទ្ធិអ្វីទាំងអស់សូម្បីតែសិទ្ធិមូលដ្ឋាន គឺសិទ្ធិរស់រានមានជីវិតក៏គ្មាន នេះមិននិយាយទៅដល់សិទ្ធិទទួលបានការអប់រំ រឺសិទ្ធិបញ្ចេញមតិផង។ សម័យនោះគេអាចកាត់ទោសប្រហារជីវិតអ្នកណាម្នាក់ក៏បាន អោយតែកម្មាភិបាលខ្មែរក្រហមយល់ឃើញថាមិនស្មោះត្រង់ នឹងអង្គការ រឺប្រព្រឹត្តិខុសពីវិន័យដែលអង្គការបានដាក់ចេញ។ ក្រៅពីនោះនៅមានការពង្រាត់ក្រុមគ្រួសារឲ្យនៅដាច់ពីគ្នា, ការជម្លៀសប្រជាជនចេញពីលំនៅដ្ឋានទៅរស់នៅរួម, ការបង្ខំអោយធ្វើការហួសកំលាំង,គ្មានអាហារហូបចុកគ្រប់គ្រាន់ និងបង្ខំឲ្យរួមរស់ជាប្តីប្រពន្ធដោយគ្មានការសម្រេចចិត្តពីសាមីខ្លួនជាដើម។
ងាកមកសម័យបច្ចុប្បន្នវិញរាជរដ្ឋាភិបាលកម្ពុជា ក្នុងសម័យកាល ព្រះរាជាណាចក្រកម្ពុជាទី២នេះ បានផ្តល់ឲ្យប្រជាពលរដ្ឋនូវសិទ្ធិជាមូលដ្ឋានដែលមិនអាចខ្វះបានគឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សិទ្ធិបោះឆ្នោត និងសិទ្ធិ ជាច្រើនទៀតដែលជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ប៉ុន្តែសិទ្ធិនោះត្រូវស្ថិតនៅក្រោមច្បាប់ ដែលមិនអាចរំលោភបំពាន រឺធ្វើហួសព្រំដែននៃច្បាប់ឡើយ។ ជាការពិតគ្រួសារមានវិន័យ ប្រទេសក៏មានច្បាប់ដែរ។ របបផ្តាច់ការពិតជាមានមែន ក្នុងប្រវត្តិសាស្ត្រពិភពលោក និងអតីតកាលរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នកម្ពុជាលែងមានរបបផ្តាច់ការនេះទៀតហើយ។ ទោះបីជាមានប្រទេសមួយចំនួនក្នុងពិភពលោកបានប្រកាន់យករបបកុម្មុយនីស្តក៏ដោយ ក៏ប្រទេសទាំងនោះបានឈានបន្តិចម្តងៗទៅរកសង្គមប្រជាធិបតេយ្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជាបណ្តើរៗ។ ប្រជាជនទូទាំងពិភពលោកត្រូវបានគេមើលឃើញថាបានទទួលសិទ្ធិសេរីភាពកាន់តែប្រសើរឡើងរហូត ប្រទេសខ្លះមានក្រុមជ្រុលនិយមលួចប្រើសេរីភាពជ្រុលបង្កើតអោយទៅជាចលនាបដិវត្តជ្រុលនិយមហើយបានផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ដែលពួកគេមិនពេញចិត្ត ជាលទ្ធផលនៃទង្វើរជ្រុលនិយមរបស់ពួកគេគឺ បានកំទេចប្រទេសរបស់ខ្លួនឲ្យក្លាយជាគំនរផេះផង់។ ដោយឡែកនៅកម្ពុជាវិញ បច្ចុប្បន្នក្រុមជ្រុលនិយមដែលទាមទារសេរីភាពហួសព្រំដែន តែងបានសង្កត់ធ្ងន់ទៅលើសិទ្ធិបញ្ចេញមតិរបស់ពួកគេ ដែលពួកគេអះអាងថាត្រូវបានរឹតត្បិត ដោយរាជរដ្ឋាភិបាល ប៉ុន្តែការពិតសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់មនុស្សដាច់ខាតត្រូវតែផ្សារភ្ជាប់នឹងច្បាប់។ វាមិនខុសអីពីទស្សនៈរបស់អតីតប្រធានាធិបតីអាមេរិក ទី២៦ លោក Theodore Roosevelt ដែលបានលើកឡើងថា «សណ្តាប់ធ្នាប់គ្មានសេរីភាព និងសេរីភាពគ្មានសណ្តាប់ធ្នាប់ គឺសុទ្ធតែអន្តរាយដូចគ្នា»។
ជាការពិត ការធ្វើបាតុកម្មហិង្សាគឺមិនមែនជាសិទ្ធិទេ ព្រោះសិទ្ធិត្រូវតែផ្សារភ្ជាប់នឹងករណីកិច្ច មិនមែនមានសិទ្ធិបញ្ចេញមតិយោបល់
ហើយចង់ជេរ ចង់មួលបង្កាច់ ចង់ដៀលត្មិះ ចង់ប្រមាថអ្នកណាក៏តាមចិត្តនោះទេ។ សូម្បីប្រទេសអាមេរិកខ្លួនឯង ដែលជាបិតាប្រជាធិបតេយ្យ ក៏មានទ្រីស្តីដើម្បីការពារ ការទាមទារសិទ្ធិជ្រុលហួសហេតុរបស់ប្រជាពលរដ្ឋខ្លួន ដែលរហូតធ្វើអោយបាត់បង់សណ្តាប់ធ្នាប់
និងមិនអាចគ្រប់គ្រងបាន។
ដូច្នេះតើក្រុមជ្រុលនិយមមួយចំនួនក្នុងប្រទេសកម្ពុជាយើងដែលមានបរទេសខ្លះនៅពីក្រោយ
ចង់បានសិទ្ធិនៅពីលើច្បាប់មែនទេ? ហេតុអ្វីបានជាប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យមើលមិនឃើញកម្ពុជាក្នុងភាពខ្មៅងងឹតដូចពួកគេ? ហេតុអ្វីបានជាប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យមួយសរសើរកម្ពុជា តែបែរជាជនបរទេសមួយចំនួនតូច រិះគន់កម្ពុជាវិញ? តើពួកគាត់មានគំនុំអីជាមួយកម្ពុជាទៅ? ហេតុអ្វីបានជាតែងតែលើកឡើងថា កម្ពុជាស្ថិតក្នុងសភាពខ្មៅងងឹងបែបនេះ? ហើយតើពួកគេមានចេតនាអ្វីជាមួយខ្មែរ ព្រោះការលើកឡើងជារបាយការណ៍អគតិបែបនេះ វាពិតជាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ទាំងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងជំនួយអភិវឌ្ឍជាច្រើនទៀត។ ដូច្នេះក្នុងនាមជាយុវជនខ្មែរ យើងពិតជាមិនយល់ស្របនឹងរបាយការណ៍អគតិនោះទេ ហើយក៏សូមផ្តាំផ្ញើខ្មែរក្នុងស្រុកមួយចំនួនថា មុននឹងជឿលើអ្វីមួយ គួរគិតពីផលប្រយោជន៍ជាតិខ្លួនជាធំ បើមិនដូច្នោះទេ បរទេសមួយចំនួនដែលស្អប់ខ្មែរ និងឆ្លៀតឱកាសកេងចំណេញ និងបំផ្លាញខ្មែរដោយខ្មែរខ្លួនឯងមិនដឹងខ្លួនជាក់ជាមិនខាន៕
No comments:
Post a Comment