Tuesday, June 17, 2014

សម្តេច​​តេជោ​​អញ្ជើញ​​ទស្សនា និង​​ដាក់​​កម្រង​ផ្កា​​នៅ​​វិមាន​យុទ្ធជន​​ពលី ទស្សនា​​តំបន់​​ពាណិជ្ជ​កម្ម និង​​ឧស្សាហ​កម្ម​​ក្នុង​​ទីក្រុង​ដាកា ព្រម​ទាំង​​វត្ត​បុរាណ

នៅ​រសៀល​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៤ ក្នុង​ឱកាស​វត្ត​មាន​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង​ដាកា សា​ធារ​ណរដ្ឋ​ប្រជាមានិត​បង់ក្លាដែស សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ប្រតិភូ​អម​ដំណើរបាន​​អញ្ជើញ​ទស្ស​នា និង​ដាក់​កម្រងផ្កា​នៅវិមាន​យុទ្ធ​ជនពលី​បង់​ក្លាដែស ដែល​បាន​បូជា​អាយុជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​មាតុភូមិ រហូត​រំដោះ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​ឯករាជ្យ​យ៉ាង​ពេញ​លេញ​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ១៩៧១។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និង​គណៈប្រតិភូ​ត្រូវ​បាន​ទទួល​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និតស្នាល ​ពីសំណាក់​ឯកឧត្តម​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​សង្រ្គាម ដើម្បី​រំដោះ​ជាតិ និង​ឯកឧត្តម​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​លំនៅដ្ឋាន និង​សា​ធារ​ណការ។

នៅ​ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នោះ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ហត្ថលេខា​លើសៀវភៅ​ក្រាំង​មាស ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​វិមាន​យុទ្ធ​ជនពលី​ដូច​គ្នា​និងបណ្តា​ថ្នាក់​ដឹកនាំ​ពិភពលោក​នានា ដែល​បាន​អញ្ជើ​ញ​មក​បំពេញ​ទស្សន​កិច្ច និង​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅវិមាន​យុទ្ធ​ជន​ពលី​ក្នុង​ទីក្រុង​ដាកា​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​បង់​ក្លាដែស។ ជា​មួយ​គ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋ​មន្រ្តី​ក៏​បាន​អញ្ជើញ​ដាំ​កូន​ឈើ ទុក​ជា​អនុស្សាវរីយ៍​នៅ​ក្នុង​វិមាន​យុទ្ធជន​ពលី​ក្នុង​ទីក្រុង​ដាកា​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​បង់ក្លាដែស​ផង​ដែរ។

បន្ទាប់​មក​នៅរសៀល​ថ្ងៃដដែល​នោះដែរ សម្តេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​គណៈ​ប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទស្សនា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ក្នុង​ទីក្រុង​ដាកា។ វត្តមាននៃការ​អញ្ជើ​ញ​របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​គណៈប្រតិភូ​ត្រូវ​បាន​ការ​គារវកិច្ច​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​និយោជក់​កម្មករ​នៃ​តំបន់​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្មក្រុង​ដាកាជា​ច្រើន​រូប។ នៅ​ក្នុង​បទឧទ្ទសនាម​របស់​ខ្លួន​តំណាង​ថ្នាក់ដឹក​នាំ​តំបន់​ពាណិជ្ជកម្ម និង​ឧស្សា​ហ​កម្មកា​ដា​បាន​ឲ្យ​ដឹង​ថា តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ឡើង​ដោយ​រដ្ឋា​ភិបាល​បង់ក្លាដែរ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​មានក្រុមហ៊ុន​បរទេស​ជា​ច្រើន​កំពុង​បណ្តាក់​ទុន​វិនិ​យោគ​នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​នេះ។

សូម​បញ្ជាក់​ដែរ​ថា សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លា​ដែស​ស្ថិតនៅ​ក្នុង​ឧបទ្វីប​ឥណ្ឌាមា​ន​ព្រំប្រទល់​ខាង​លិច​ខាង​ជើង និង​ខាង​កើត​ជាប់ និង​ប្រទេស​ឥណ្ឌា​ខាង​អាគ្នេយ៍​ជាប់ និង​ប្រទេស​មីយ៉ាន់ម៉ារ និង​ខាង​ត្បូង​ជាប់ និង​ឈូង​សមុទ្រ​បឹងហ្គាល់​មាន​ផ្ទៃដីទំហំ ១៤៧ ពាន់ ៥៧០គីឡូម៉ែត្រការ៉េ និង​មាន​ប្រជាជន​រស់​នៅ​សរុប​ប្រមាណ​ជាង ១៥០លាននាក់​ក្នុងឆ្នាំ​២០១១ ​ជាប់​លំដាប់​លេខរៀង​ទី៨ នៃ​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​លើ​ពិភព​លោក។ សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដែស បាន​ទទួលឯក​រាជ្យ​ពី​សា​ធា​រណ​ឥណ្ឌា​នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១ និង​ជា​ប្រទេស​ប្រកាន់​របប​នយោបាយ​ប្រជាធិប​តេយ្យ​អាស្រ័យ​សភា។

កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)ឆ្នាំ២០១២​មាន​កំណើន​៦,៣២% ក្នុង​នោះ GDP សំរាប់​មនុស្សម្នាក់​មាន​ចំនួន ៧៧២​ដុល្លា​អាមេរិក។ GDP តាម​វិស័យ​គិត​ជា​ភាគរយ​ក្នុង​ឆ្នាំ​២០១៣ វិស័យ​កសិកម្ម​មាន១៧,២% វិស័យ​ឧស្សាហកម្ម​ស្មើ​និង២៨,៩% និង​វិស័យ​សេវា​កម្ម​ស្មើ និង៥៣​,៩%។ ការនាំ​ចេញ​សំខាន់ៗ​របស់​បង់ក្លាដែស​រួម​មាន​សំលៀក​បំពាក់​ក្រណា​ត់​បង្គស្បែកតែសេរ៉ា​មិច​។ លើទំនាក់​ទំនង​សេដ្ឋកិច្ច និង​ពាណិ​ជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-បង់ក្លាដែស​ក្នុង​ឆ្នាំ២០១១ មាន​ទឹក​ប្រាក់​ទំហំ ៦​លាន​១សែន ៤ម៉ឺន ដុល្លា​អា​មេ​រិកឆ្នាំ២០១២ មានទឹកប្រាក់ ៨លាន ៨សែនដុល្លា និងឆ្នាំ​២០១៣​ មានទឹក​ប្រាក់​ទំហំ ៥លាន ៣សែន ៣ម៉ឺន ៤ពាន់ ២៤០ដុល្លាអាមេរិក។

នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើក​ការ​អភិ​វឌ្ឍ​ជនបទ និង​វិស័យ​យោធា​កម្ពុជា​បាន​បញ្ជូន​កង​យោធពល​ខេមរៈ​ភូមិន្ទ​ទៅ​ចូល​រួម​ហ្វឹកហ្វឺន​ទីលានលំហាត់​យោធា​សំរាប់​គាំទ្រ​ប្រតិបត្តិការ​សន្តិភាព ពហុ​ជាតិ​សាសន៍​នៅសាធារណរដ្ឋ​ប្រជា​មានិត​បង់ក្លាដែសពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៨។ ជា​មួយ​គ្នានេះ​កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែ​ធ្នូ ​ឆ្នាំ២០១០ បង់ក្លា​ដែស​បាន​បញ្ជូន​គណៈ​ប្រតិភូ​ទីស្តីការ​នាយករដ្ឋមន្រ្តី​បង់ក្លាដែស មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅកម្ពុជា​ដើម្បី​ស្វែង​យល់​ពីទស្សន​វិស័យ​នៃការកាត់បន្ថយ​ភាព​ក្រីក្រ និង​ការលើក​កម្ពស់​ជីវភាពរ​ស់នៅ​រប​ស់​ប្រជាជន​នៅ​តំបន់ជនបទ និង​ជា​មួយ​គ្នានេះ​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ បង់ក្លា​ដែស​ក៏បាន​បញ្ជូន​គណៈ​ប្រតិភូ​មក​ធ្វើ​ទស្សន​កិច្ចសិក្សានៅ​កម្ពុជា​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ ស្តីពី​ការ​កាត់​បន្ថយភាព​ក្រីក្រ​លើ​គំរោង​សាងសង់​លំនៅ​ដ្ឋាន​សំរាប់​គ្រួសារ​ក្រីក្រ និង​គំរោង​គ្រប់គ្រង​ដីធ្លី​នៅ​កម្ពុជា។

បន្ទាប់​មកនៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ថ្វាយបង្គុំ​ព្រះសង្ឃ និង​ទស្សនាវត្ត​បុរាណ​មាន​ឈ្មោះ Dharmajika ដែល​ជា​វត្តមាន​វ័យ​ចំណាស់ ជាង​គេ​បង្អស់​ក្នុងទីក្រុងដាកា នៃសាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដែស។

ព្រះ​ចៅ​អធិការ​វត្ត​មាន​សង្ឃដិកា​ថា ទីអារាម​នេះ​មាន​អាយុកាល​ដ៏យូរយង់​ណាស់​មក​ហើយ ពោល​គឺ​ក្រោយ​ពី​ទទួល​បានឯករាជ្យ​មក​ថ្នាក់ដឹកនាំ​បង់ក្លាដែស ក្នុង​នោះ​រួម​ទាំង​លោក​ជំទាវ​នាយករដ្ឋ​មន្រ្តី​ហ្សេក ហាស៊ីណា ផងនោះ​បានរួម​ចំណែក​ផ្តល់​នូវថវិកា​ជាច្រើនក្នុងការ​កសាង​ទីអារាម​នេះ​ឡើងវិញ​។

ទី​អារាម​នេះ ទទួល​បាន​នូវ​ការ​ជួយ​ឧបត្ថម្ភគាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​ពី​សំណាក់​រដ្ឋា​ភិបាល​ឥណ្ឌា​ក្នុងការជួយ​កសាង​ឡើងវិញ។ ព្រះគ្រួចៅ​អធិការ​មាន​សង្ឃដិកា​ដែរ​ថា មក​ដល់​បច្ចុប្បន្ន​ទីអារាម​នេះ មាន​ព្រះ​សង្ឃ​គង់​ប្រថាប់​សិក្សា​រៀន​សូត្រ​ចំនួន​ជាង ៦៧០អង្គ ដែល​ជាព្រះសង្ឃ​ក្រីក្រ​រួម​ទាំងកុមារ​កំព្រា​ក្រីក្រ ជា​ច្រើន​នាក់​ផង​ដែរ។ ព្រះគ្រួចៅអធិការ​មាន​សង្ឃដិកា​សំដែង​នូវការ​ធ្វើគារវ​កិច្ចស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​វត្តមាន​ដ៏ឧត្តុង្គ​ឧត្តម​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និង​គណៈប្រតិភូ​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​វេលាដ៏​មាន​តំលៃ អញ្ជើញ​មកទស្សនា​ទីអារាម​ដ៏មានវ័យ​ចំណាស់​នេះ។

ព្រះ​គ្រួចៅ​អធិការ​មានសង្ឃដិការ​បន្ត​ថា វត្តមាន​ដ៏ថ្លៃថ្លា​បំផុត​របស់​សម្តេចតេជោ​នៅ​ពេល​នេះ គឺ​មិន​គ្រាន់​តែដើម្បី​រិតចំណង​ក្នុង​ផ្នែក​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ជំរុញ​ទំនាក់​ទំនង​ខាង​ផ្នែក​សាសនា​ជាមួយ និង​ព្រះសង្ឃ​គង់​នៅ​ទីក្រុង​ដាកា​ផងដែរ។ ព្រះ​គ្រូចៅ​អធិការ​មានសង្ឃដិការ​ជំរាប​ជូនសម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​ផង​ដែរ​ថា កាល​ពីពេល​កន្លង​ទៅ​ព្រះ​អង្គ​បាន និមន្ត​ទៅ​កាន់​ប្រទេស​វៀតណាម ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​ព្រះអង្គ និង​និមន្ត​ទៅកាន់​ប្រទេស​កម្ពុជា ដែល​ជាប្រទេស​មួយ​មាន​ការ​គោរព​ប្រតិបត្តិ​យ៉ាងខ្លាំង​ចំពោះ​ព្រពុទ្ធសាសនា​ ដែល​ជាព្រះបរមគ្រូ​នៃ​យើង។

សូម​បញ្ជាក់​ដែរ​ថា សាធារណរដ្ឋ​ប្រជា​មានិត​បង់ក្លា​ដែស​ប្រជាពលរដ្ឋ​មាន​ជំនឿ​សាសនា​គោរព​ប្រតិបត្តិ​ទៅលើ​សាសនា​ចំនួន​៤ផ្សេងគ្នា គឺ​សាសនាអ៊ីស្លាម​ហិនឌូ​ព្រះពុទ្ធ និង​សាស​នាគ្រឹៈ។ នៅ​ក្នុង​ឱកាស​នៃការអញ្ជើញ​ទស្សនា​ទីអារាម​ជាទីគោរព​សក្ការៈ​នោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បានប្រ​គេន​នូវ​បច្ច័យ​ចំនួន​១ម៉ឺន ដុល្លាអាមេរិ​ក​ដល់​ព្រះ​គ្រូ​ចៅ​អធិការ​ដើម្បី​ទុក​កសាង​សមិទ្ធផល​នានា ក្នុង​ទីអា​រាម​ជាទីគោរព​សក្ការៈ​នោះ។ ព្រះ​គ្រូ​ចៅ​អធិការ​មានសង្ឃដិកា​សំដែង​នូវ​ហឬទ័យ​រីករាយ​បំផុត ជូន​ចំពោះ​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី ដែល​ជាថ្នាក់​ដឹក​នាំ​ជាទីគោរព​ស្រឡាញ់​របស់​ប្រជា​ជនកម្ពុជា និង​ប្រជា​ជន​បង់​ក្លា​ដែស​ដែល​បាន​ឧបត្ថម្ភ​នូវថវិកា​ដ៏មាន​តំលៃ​បំផុត ក្នុង​ការ​ជួយ​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម​នេះបន្ត​ទៀត។ ក្នុង​នាមព្រះសង្ឃ​ក្នុង​ទីអារាម​ជាទី​សក្ការៈ​នេះ​ព្រះ​អង្គ​បាន​បូង​សួង​ដល់​វត្ថុសិក្តិ​សិទ្ធ​ក្នុង​ទីអារាម​វត្ត Dharmajika តាម​ជួយ​បី​បាច់​ថែ​រក្សា​ការ​ពារ​សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូម​ជួប​ប្រទះ​តែពុទ្ធពរ​បួន​ប្រការ ដើម្បី​បន្ត​ស្ថិត​នៅជាអ្នក​ដឹកនាំ​ដ៏ឆ្នើម​សំរាប់​ប្រជា​ជន​កម្ពុជា និង​និយាយ​ដោយ​ឡែកសំរាប់​ចំណង់សាមគ្គីភាព និង​កិច្ចស​ហ​ប្រតិបត្តិការ​ដ៏យូរ​អង្វែង​សំរាប់​ថ្នាក់ដឹកនាំ និង​ប្រជាជន​បង់ក្លាដែស​ក៏ដូច​ជាការ​គោរព​ស្រឡាញ់​ដោយស្មោះ​ស្ម័គ្រ​បំផុត​សំរាប់​ព្រះសង្ឃ​ទាំង​អស់​ដែលគង់​ប្រថាប់​នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​បង់ក្លាដែស៕

សម្តេច​​អគ្គ​​មហា​សេនា​​បតី​តេ​ជោ ហ៊ុន សែន ​ អញ្ជើញ​​បំពេញ​​ទស្សន​​កិច្ច​នៅ​សា​ធា​រណ​រដ្ឋ​​ប្រជាមា​និត​​បង់​ក្លាដែស

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅថ្ងៃទី​១៦​មិថុនា​នេះ បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​៣ថ្ងៃ នៅ​ទីក្រុង​ដាកា (Dhaka) នៃ​សាធា​រណ​រដ្ឋប្រជា​មានិត​បង់​ក្លាដែស។ យន្តហោះ​ពិសេស​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​ពី​រាជធានី​ភ្នំពេញ ហើយ​បាន​ធ្វើ​ការ​ចុះ​ចត​នៅ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ Hazrat Shahhalal ប្រកប​ដោយ​សុវត្តិភាព នៅ​វេលាម៉ោង៩ និង​៥០​នាទី ម៉ោង​នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លា​ដែស ត្រូវ​នឹង​ម៉ោង ១០​និង​៥០​នាទី ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

វត្តមាន​នៃការ​អញ្ជើញ​ដល់​របស់​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តីត្រូវ​បាន​ការធ្វើ​គារវ​កិច្ច​ស្វាគមន៍​យ៉ាង​កក​ក្តៅ និង​ស្និទ្ធ​ស្នាល​រាក់​ទាក់​បំផុត ពី​សំ​ណាក់​លោក​ជំទាវ ហ្សេក ហាស៊ីណា (Sheikh Hasina) នាយក​រដ្ឋមន្រ្តី នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​បង់ក្លាដែស និង​ឥស្សរជន​ជាន់​ខ្ពស់​បង់ក្លាដែស​ជា​ច្រើនរូប។

នេះ​គឺ​ជាលើក​ទី១ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន​ សែន ប្រមុខ​នៃ​រាជរដ្ឋាភិ​បាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ចផ្លូវការ នៅ​សាធា​រណ​រដ្ឋ​ប្រជា​មា​និត​បង់​ក្លាដែស បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ ព្រះ​រាជាណាចក្រ​កម្ពុជា និង​សាធា​រណ​រដ្ឋប្រជា​មានិត​បង់ក្លាដែស​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា កាល​ពីថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ១៩៩៣។ កាល​ពី​ខែមករា​ឆ្នាំ​២០០១ លោក​ជំទាវ ហ្សេក ហាស៊ី​ណា​នាយករដ្ឋមន្រ្តី​បង់ក្លាដេស បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​បង់ក្លា​ដែស អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​៣ថ្ងៃ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា។

ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ទៅ​កាន់ទីក្រុង​ដាកា​សាធា​​រណ​រដ្ឋ​ប្រជាមានិត​បង់ក្លាដែស​នៅ​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-បង់ក្លាដែស ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ពិសេស​ការជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ​ឲ្យឈាន​ដល់​ចំណុច​កំពូល​ថ្មីមួយ​ទៀត។

សូម​បញ្ជាក់​ថា ក្នុងរយៈ​ពេល​ជាង២១​ឆ្នាំ​កន្លងមក​នេះ ប្រ​ទេសទាំងពីរ​កម្ពុជា-បង់ក្លាដែស បាន​ពង្រឹង​និង​​ពង្រីក​ទំនាក់​ទំនងកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា មាន​ការ​រីកចំរើន​លើ​គ្រប់វិស័យ ពិសេស​លើទំនាក់​ទំនង​អន្តរជាតិ​ប្រទេសទាំងពីរ​កម្ពុជា-បង់ក្លាដែស បាន​ធ្វើ​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ក្នុង​នោះ​កម្ពុជា​បាន​គាំទ្រ​ដល់​បេក្ខភាព​របស់​បង់ក្លាដែស ជាសមា​ជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ នៃអង្គការ​យូណេស្កូ។ បេក្ខភាព​នៅ​ក្នុង​អង្គការ​នៃសមុទ្រ​អន្តរជាតិ​ក្នុង​ក្រុមB។ ជា​សមាជិកក្រុម​ប្រឹក្សា​ប្រតិបត្តិ​សហភាព​ទូរគម​នាគមន៍​អន្តរជាតិ។ បេក្ខ​ភាព​នៅក្នុង​ក្រុម​ប្រឹក្សា​សិទ្ធមនុស្ស​របស់​អង្គ​ការ​សហ​ប្រជាជាតិ អាណត្តិ២០១៥-២០១៧ ។ សមាជិក​គណៈកម្មាធិការ ស្តីពី​ការលុប​បំបាត់​ការរើស​អើង​ប្រឆាំង​ស្រ្តីភេទ របស់​អង្គការ​សហ​ប្រជា​ជាតិ​អាណត្តិ​២០១៥-២០១៨ ​ជាមួយ​គ្នានេះ​បង់ក្លាដែស​បាន​គាំទ្រ​កម្ពុជា ជា​សមាជិក​គណៈ​កម្មាធិការ​បេតិកភណ្ឌពិភពលោក និងសមាជិកមិនអចិន្រៃ្តយ៍ នៃក្រុម​ប្រឹក្សា​សន្តិសុខ អង្គការ​សហ​ប្រជាជាតិ​អាណត្តិ២០១៣-២០១៤។

គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​អមដំណើរ​សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុងដាកា​សាធារណរដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែស​នៅពេល​នេះ​រួម​មាន​ឯកឧត្តម ហោ ណាំ ហុង ឧប​នាយករដ្ឋ​មន្រ្តី និង​ជារដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្រ្តីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋ​មន្រ្តីប្រតិភូ​អមនាយក​រដ្ឋ​មន្រ្តី និង​ជា​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ឯកឧត្តម ​ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ឯកឧត្តម កៅ គឹមហួន រដ្ឋ​មន្រ្តី​ប្រតិភូអម​នាយក​រដ្ឋមន្រ្តី​ ឯកឧត្តម ឡុង វិសាលោ រដ្ឋ​លេខា​ធិការ​ក្រសួង​ការបរទេស និង​សហប្រតិ​បត្តិ​ការអន្តរជាតិ៕

សេច​ក្តី​ជូន​​ដំ​ណឹង​ របស់​​រាជរ​ដ្ឋា​ភិបាល ជម្រាប​ឯកឧត្តម លោក​​ជំ​ទាវ​​​ប្រធាន​​ក្រុម​​ការ​ងារ​​ចុះ​​មូល​ដ្ឋាន​ ដើម្បី​​ពិនិត្យ​ និង​​គាំ​ទ្រ​​ការ​​អនុវត្តកម្ម​វិធី​​នយោបាយ និង​​យុទ្ធ​​សាស្ត្រ​​ចតុកោណ​ដំ​ណាក់​​កាល​ទី៣ របស់​​រា​ជ​រដ្ឋាភិបាល​ នៅ​តាម​​រាជ​​ធានី​ ខេត្ត​ទូទាំង​ប្រទេស​


បទយកការណ៍ ស្តីពី​ឱកាស​ទទួលបានការងារ​ធ្វើ​សមរម្យ​ និងអភិវឌ្ឍជំនាញ​បច្ចេកទេស​នៅក្នុងក្រុមហ៊ុន​ជប៉ុន Taiwa Seilla (Cambodia Coperation) (វគ្គទី៨៩)

សកម្មភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនា ដាក់កម្រងផ្កា នៅវិមានយុទ្ធជនពលី ទស្សនាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម និងទស្សនាវត្តបុរាណក្នុងទីក្រុងដាកា នៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស