ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១០ធ្នូឆ្នាំ២០១៥បានសាទរចំពោះរាល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋឲ្យតែកាបញ្ចេញមតិមានគោលបំណងចូលរួមកសាងនិងស្ថាបនាជាតិមិនមែនជាការបញ្ចេញមតិនាំមកនូវការញុះញង់បំបែកបំបាក់បង្កហឹង្សារើសអើងពូជសាសន៍សាសនា។
ថ្លែងនៅមជ្ឍមណ្ឌលសន្និបាតកោះពេជ្រក្នុងមីទ្ទីងអបអរទិវាសិទ្ធមនុស្សអន្តរជាតិខួបឆ្នាំទី៦៧ដែលសហការរៀបចំដោយសាលារាជធានីភ្នំពេញនិងគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជានៅក្រោមប្រធានបទ«សិទ្ធិយើង សេរីភាពយើង គ្រប់ពេលវេលា»ដែលមានវត្តមានចូលរួមពីលោកស្រីវ៉ាន់ហ៊ីលី( Wan Hee Lee) ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាផងដែរឧត្តមបណ្ឌឹតសភាចារ្យសុខអានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា អបអរសាទររាល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្នុងគោលបំណងចូលរួមកសាងនិងស្ថាបនាដើម្បីភាពល្អប្រសើរជាងមុន ហើយរាជរដ្ឋាភិបាលនឹងមិនស្វាគមន៍ លើកលែង ឬអត់អោនឱ្យជនដែលធ្វើការបញ្ចេញមតិដែលអាចបង្ករឱ្យមានការញុះញង់ ការបែកបាក់ជាតិ ការបង្ករសង្រ្គាម និងអំពើហឹង្សា និងការរើសអើងពូជសាសន៍ និងសាសនា ដែលត្រូវបានហាមឃាត់ដោយច្បាប់ ក៏ដូចជា បទដ្ឋានសិទ្ធិមនុស្សសកល។

ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបានមានប្រសាសន៍បញ្ជាក់ថានៅក្នុងស្រុកប្រជាធិប្បតេយ្យការគោរពសិទ្ធមនុស្សត្រូវដើរទន្ទឹមគ្នាជាមួយនិងការអនុវត្តន៍និងគោរពនីតិរដ្ឋ។ព្រោះបើគ្មាននីតិរដ្ឋវានឹងធ្វើឲ្យប្រទេសអនាធិប្បតេយ។ឯកឧត្តមបណ្ឌឹតសភាចារ្យសុខអានមានប្រសាសន៍បញ្ជាក់ថា៖ “រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរក្សាសុខសន្ដិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដើម្បីធានាបានការផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាអាទិ៍ សិទ្ធិសេរីភាពផ្នែកនយោបាយ សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការចូលរួមក្នុងកិច្ចដំណើរការប្រជាធិបតេយ្យគ្រប់ផ្នែកជូនដល់ប្រជាជនកម្ពុជាទាំងអស់។”

ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបានរំលឹកឡើងវិញថានៅក្នុងរបបប៉ុលពតការំលោភសិទ្ធមនុស្សគឺធ្ងន់ធ្ងបំផុតពេលនោះគ្មានប្រទេសឬគណបក្សណាចេញមុខមកការពារឡើយគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបង្កើតរណសិរ្សតស៊ូវាយរំដោះប្រជាពលរដ្ឋនៅថ្ងៃ៧មករាឆ្នាំ១៩៧៩។”របបប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីលើគ្រប់វិស័យ ក្នុងនោះប្រព័ន្ធអប់រំ ប្រព័ន្ធតុលាការ ច្បាប់ ប្រពៃណី សាសនា ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ក្នុងរបបដ៏យង់ឃ្នងនេះ ប្រជាពលរដ្ឋទូទៅមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធម៌ សិទ្ធិមនុស្ស សេរីភាព ឬប្រជាធិបតេយ្យ ចំពោះមុខរដ្ឋអំណាចអាវខ្មៅនោះទេ ពីព្រោះសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សក៏គ្មានផង។ ប្រជាពលរដ្ឋត្រូវបានធ្វើទារុណកម្ម ដាក់គុក និងសម្លាប់ដោយមិនចាំបាច់សំអាងលើច្បាប់ណាឡើយ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺមិនមានប្រទេស ឬអង្គការសិទ្ធិមនុស្ស ឬគណបក្សណា ចេញមុខមកការពារប្រជាពលរដ្ឋខ្មែរនោះទេ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះជាតិនិងប្រជាពលរដ្ឋគ្រប់រូបចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ”។ ទាក់ទងនិងការអនុវត្តន៍សេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស១០ធ្នូដែលអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ១៩៤៨ឯកឧត្តមបណ្ឌឹតសភាចារ្យសុខអានបានមានប្រសាសន៍ឲ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានប្រារព្វទិវាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងបានកំណត់ថ្ងៃទី១០ ធ្នូ ជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និយោជិត និងកម្មករទៀតផង ដើម្បីបញ្ជាក់ពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការការពារ ការគោរព និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងដើម្បីចូលរួមដល់ការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់ និងក្នុងសកលលោក។ ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិក កតិកាសញ្ញា អនុសញ្ញា និងពិធីសារបន្ថែមស្តីពីសិទ្ធិមនុស្សចំនួន១២ និងកំពុងពិនិត្យពិចារណាលើពិធីសារបន្ថែមនៃកតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិមួយចំនួនទៀត។

បច្ចុប្បន្ននេះ កម្ពុជាយើងជាប្រទេសដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាច្រើនជាងគេនៅអាស៊ាន។ លើសពីនេះទៀត រដ្ឋធម្មនុញ្ញបានចែងថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តរបបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស ទទួលស្គាល់ការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស ជាពិសេស គឺធានាភាពស្មើគ្នាចំពោះមុខច្បាប់ និងការការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការធ្វើដំណើរជិតឆ្ងាយ សិទ្ធិក្នុងការបង្កើតអង្គការ-សមាគម ជំនឿ សាសនា និងមានការគំាំពារដោយច្បាប់លើកម្មសិទ្ធិឯកជនស្របច្បាប់ រួមទាំងសន្ដិសុខសាធារណៈជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបានមានប្រសាសន៍ផ្តាំផ្ញើនិងអំពាវនាវថា៖ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសដ៏មានសារៈសំខាន់នេះ អំពាវនាវដល់ ប្រជាពលរដ្ឋនៃសង្គមប្រជាធិបតេយ្យថា ពលរដ្ឋគ្រប់រូបត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ហើយដាច់ខាតមិនត្រូវប្រើសិទ្ធិរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ប៉ះពាល់ដល់សិទ្ធិអ្នកដទៃឡើយ។ ការប្រើប្រាស់សិទ្ធិដែលប្រាសចាកអំពីច្បាប់ និងរដ្ឋធម្មនុញ្ញអាចនាំឱ្យសង្គមជាតិឈានទៅរកភាពអនាធិបតេយ្យ ដែលរាជរដ្ឋាភិបាល ត្រូវមានវិធានការចាំបាច់ ដើម្បីធានាបាននូវការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍជូនជាតិមាតុភូមិជាទីស្នេហានៃយើង។

អំពីការចូលរួមអនុវត្តន៍សេចក្តីប្រកាសសកលស្តីពីសិទ្ធមនុស្សរបស់អង្គការសហប្រជាជាជាតិសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិឯកឧត្តមប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ ថា៖ សាលារាជធានីបានខិតខំអនុវត្តដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវនូវរាល់គោលការណ៍ចាត់តាំងអនុវត្តនិងវិធានច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញច្បាប់បទបញ្ជារនិងបទដ្ឋានគតិយុត្តិនានាក្នុងបុព្វហេតុរក្សាឲ្យបាននូវសណ្តាប់ធ្នាប់សាធារណៈការគោរពសិទ្ធមនុស្សដើម្បីឈានទៅរកការអភិវឌ្ឍតាមបែបប្រជាធិប្បតេយនៅថ្នាក់ក្រោមជាតិយ៉ាងពិតប្រាកដ។រដ្ឋបាលសាលារាជធានីបានប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធមនុស្សនិងសេរីភាពសាធារណៈរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាពិសេសសិទ្ធក្នុងការសម្តែងមតិនិងការប្រម៉ូលផ្តុំដោយសន្តិវិធីប៉ុន្តែសិទ្ធនេះត្រូវស្ថិតនៅក្រោមច្បាប់ដោយមានអាជ្ញាធរមូលដ្ឋានគឺជាអ្នកសម្របសម្រួលនិងថ្លឹងថ្លែងអំពីការប្រើប្រាស់សិទ្ធរបស់កូដករបាតុករទៅនិងសិទ្ធអ្នកដទៃឧត្តមប្រយោជន៍ជាតិនិងគោលការណ៍សណ្តាប់ធ្នាប់សាធារណៈ។

បើតាមឯកឧត្តមប៉ាសុជាតិវង្សបានឲ្យដឹងថា៖នៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន ជាង៥០០០អង្គការមិនមែនរដ្ឋាភិបាលនិងសមាគម។បណ្តាញសារពតិមានកាសែតជាតិចំនួន៣២២អង្គភាពទស្សនាវដ្តីចំនួន១០៨អង្គភាពទូរទស្សន៍ចំនួន១៧អង្គភាពនិងសារពតិមានអន្តរជាតិចំនួន៤៤អង្គភាព។