នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានធ្វើបទបឋកថា ដ៏មានសារៈសំខាន់បំផុត អំពីខ្លឹមសារនៃសៀវភៅ “ស” ជាភាសាខ្មែរ និងភាសាអង់គ្លេស ផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ស្ដីពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ នៃរដ្ឋសភា ដោយមានអ្នកចូលរួមស្ដាប់ប្រមាណ ៥០០ នាក់ មកពីក្រសួងស្ថាប័ននានា រួមមាន សមាជិករាជរដ្ឋាភិបាល មន្ដ្រីរាជការ អាជ្ញាធរ សមត្ថកិច្ច អ្នកអត្ថាធិប្បាយវិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន និងនិស្សិតមួយចំនួនផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា
“សៀវភៅ “ស” នេះ ធ្វើឡើងដើម្បីបូកសរុបអំពីព្រឹត្តិការណ៍បោះឆ្នោតជាតិ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ទាំងមូល និងបញ្ជាក់ជូនអំពីការពិតលើគ្រប់ទិដ្ឋភាព
និង ដំណាក់កាលនៃការបោះឆ្នោត។ សៀវភៅ “ស” របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
មានលក្ខណៈខុសគ្នាពីសៀវភៅ “ស” ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខុសគ្នាត្រង់ថា សៀវភៅ “ស” របស់ គ.ជ.ប គឺសរសេរបូកសរុបអំពីបញ្ហាវិជ្ជាជីវៈ
និងបច្ចេកទេសនៃការរៀបចំដំណើរការបោះឆ្នោត ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ
និងច្បាប់ស្ដីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ រីឯសៀវភៅ “ស”
របស់អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស គឺជាសៀវភៅដែលឈរលើមូលដ្ឋាននៃទិន្នន័យដែលមាននៅក្នុងសៀវភៅ
“ស” របស់ គ.ជ.ប រួមទាំងសកម្មភាព និង ការចោទប្រកាន់នានា របស់គណបក្សប្រឆាំង និង
អង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងមួយចំនួន មកធ្វើការបកស្រាយ និង
បំភ្លឺការពិត។ សៀវភៅ “ស” នេះ បានបកស្រាយយ៉ាងលំអិត
ទៅនឹងការចោទប្រកាន់របស់គណបក្សសង្រ្គោះជាតិ ដែលមានលក្ខណៈបំភ្លៃ បន្លំខុសពីការពិតជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍បន្ដថា ការភូតកុហករបស់គណបក្សប្រឆាំង
បានធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនដែលមិនដឹងការពិត បានជឿតាម។ ខុសពីការភូតកុហកទាំងអស់នេះ
ឯកឧត្តមបានបញ្ជាក់ថា នៅកម្ពុជា មានការប្រកួតប្រជែងគ្នាដោយសេរី
តាមរយៈការបោះឆ្នោត បែបប្រជាធិបតេយ្យ សេរីពហុបក្ស
ដែលមានគណបក្សនយោបាយចំនួន ៨ បានចូលរួមការបោះឆ្នោតក្នុងអាណត្តិទី ៥ នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានគូសបញ្ជាក់ផងដែរថា
នៅកម្ពុជាយើង អត្រាប្រជាជនដែលបានទៅបោះឆ្នោតមានចំនួនដល់ទៅ ៦៩,៦១ ភាគរយ
ដែលតួលេខនេះ បានបង្ហាញពីចំនួន
សមាមាត្រនៃប្រជាជនកម្ពុជាដែលបានទៅបោះឆ្នោតមានកម្រិតខ្ពស់ បើធៀបទៅនឹងបណ្ដាប្រទេសមួយចំនួន
ដូចជា សហអាមេរិក ឥណ្ឌា អង់គ្លេស អូស្ដ្រាលី ជាដើម ដែលក្នុងនោះ ក៏មានប្រទេសហ្វីលីពីនផងដែរ
ដែលមានត្រឹមតែ ៦០ភាគរយនៃចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត តែប៉ុណ្ណោះ។
ឯកឧត្តមសភាចារ្យ សុខ អាន ក៏បានលើកឡើងផងដែរ អំពីឧបាយកលទុច្ចរិតនានារបស់បក្សប្រឆាំងក្នុងការចោទប្រកាន់ទៅលើនីតិវិធីនៃការបោះឆ្នោត
និង ល្បិចកលក្នុងការបដិសេធលទ្ធផលនៃការបោះឆ្នោត
តាំងតែពីដំណាក់កាលមុនការបោះឆ្នោត ពេលយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត
និង ក្រោយពេលបោះឆ្នោត ការប្រកាសលទ្ធផលឆ្នោតផ្លូវការ
ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកម្ល៉េះ។ ក្នុងន័យថា
គណបក្សសង្រ្គោះជាតិ មិនបានធ្វើចិត្តជាអ្នកកីឡាទេ ដោយខ្លួនចាញ់ឆ្នោតហើយ
មិនព្រមទទួលស្គាល់ការពិត។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រឆាំងបានឃុបឃិត
ជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ គឺ ខុមហ្វ្រែល និងNDI ក្នុងការបំភ្លៃតួលេខអ្នកចុះឈ្មោះបោះឆ្នោត
ដោយចោទប្រកាន់ពីការបាត់ឈ្មោះអ្នកបោះឆ្នោត ជិតពីរលាននាក់។ ប៉ុន្ដែនៅពេលដែល
គ.ជ.ប ទាមទាររកបញ្ជីឈ្មោះដែលបាត់នោះ គណបក្សប្រឆាំង និងអង្គការទាំងពីរនេះ
បានបដិសេធមិនសហការជាមួយ ក្នុងការផ្ដល់ឈ្មោះដែលខ្លួនចោទប្រកាន់ថា
បានបាត់ពីបញ្ជីបោះឆ្នោតនោះឡើយ។ ក្រៅពីនេះ
គណបក្សប្រឆាំងក៏បានប្រើប្រាស់ការឃោសនារបស់ខ្លួនផងដែរ
ដោយធ្វើការបំផុសហិង្សាពូជសាសន៍ ដើម្បីធ្វើជាវប្បធម៌
លាបពណ៌ទៅលើប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា
ថាជាជនជាតិយួន ដូចជា ការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ មានការបះបោរ
និងបង្កើតនូវអំពើដែលជាការស្អប់ខ្ពើមចំពោះគណបក្សកាន់អំណាច ជាដើម។ ជាក់ស្តែង
មានភស្ដុតាងបញ្ជាក់យ៉ាងច្បាស់ នៅតាមការិយាល័យបោះឆ្នោតមួយចំនួន
ពួកគេបានរំខានអ្នកបោះឆ្នោត និងរារាំងអ្នកបោះឆ្នោត មិនឲ្យបោះឆ្នោតជាច្រើនការិយាល័យ។
អំពើបែបនេះ គឺជាការរំលោភយ៉ាងកម្រោលទៅលើអនុសញ្ញាអន្ដរជាតិ
ស្ដីពីការលុបបំបាត់ចោល នូវគ្រប់ទម្រង់នៃការរើសអើងពូជសាសន៍
ហើយទង្វើនេះត្រូវបានចាត់ទុកថា ជាអំពើខុសច្បាប់ និងត្រូវទទួលទោសព្រហ្មទណ្ឌ
ពីព្រោះកម្ពុជាជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញានោះផងដែរ។
ការភូតកុហកមួយចំនួនទៀតរបស់គណបក្សប្រឆាំង តាមរយៈអង្គការក្រៅរដ្ឋាភិបាល
ជាសម្ព័ន្ធមិត្ត បានបង្កើតបញ្ហាដូចជា ទឹកខ្មៅជ្រលក់ដៃ អាចលុបជ្រះ តែការពិតទឹកខ្មៅដែលផលិតនៅប្រទេសឥណ្ឌានោះ
មានគុណភាពខ្ពស់ ពិបាកក្នុងការលាងជម្រះណាស់ ហើយបញ្ហានេះ
ក៏ត្រូវបានបំភ្លឺផងដែរ ពីអ្នកសង្កេតការណ៍អន្ដរជាតិមួយចំនួនថា គណបក្សប្រឆាំង
និង អង្គការក្រៅរដ្ឋាភិបាលទាំងនោះ បានបំភ្លៃរឿងនេះ ខុសពីការពិត។ ក្រៅពីនេះ
ក្រុមបក្សប្រឆាំងបានប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ដោយបង្កើតនូវព័ត៌មានភូតកុហកគ្រប់បែបយ៉ាង
ក្នុងការបំពុលបរិយាកាស បង្កើតនូវវិឆ្ឆេទកម្មស្មារតីបង្កឲ្យចលាចលក្នុងសង្គមទៀតផង។
បន្ថែមពីលើនេះ
ក៏មានវិទ្យុបរទេសផ្សាយជាភាសាខ្មែរ និងវិទ្យុក្នុងស្រុកមួយចំនួន ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង
ក៏បានរួមចំណែកក្នុងការបំភ្លៃព័ត៌មាន ដើម្បីបង្កើតកំហឹងពូជសាសន៍
និងការចោទប្រកាន់នានាមកលើរាជរដ្ឋាភិបាលផងដែរ។ យើងបានកត់សម្គាល់ឃើញថា
អង្គការសិទ្ធិមនុស្សមួយចំនួន ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង ហើយដែលតែងតែប្រកាសខ្លួន
ថាជាអ្នកការពារ និងលើកស្ទួយសិទ្ធិមនុស្ស ក៏ប៉ុន្ដែផ្ទុយទៅវិញ អង្គការសិទ្ធិមនុស្សទាំងនោះ
បាននៅស្ងៀមមិនមានចេញសេចក្ដីថ្លែងការណ៍ណាមួយថ្កោលទោស
ទៅលើទង្វើរបស់គណបក្សសង្រ្គោះជាតិ ឲ្យបញ្ឈប់បញ្ហានេះទេ។
នេះសបញ្ជាក់ឲ្យឃើញថា អង្គការសិទ្ធិមនុស្សទាំងនោះ បាន
និងកំពុងអនុវត្តស្ដង់ដារពីរស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។
ការបង្កចលាចលដ៏ធំមួយទៀតនោះ
គឺគណបក្សប្រឆាំងបានធ្វើការប្រកាសក្លែងក្លាយអំពីលទ្ធផលនៃការបោះឆ្នោតបណ្ដោះអាសន្នថា គណបក្សរបស់ខ្លួនឈ្នះឆ្នោត ខណៈដែលគណបក្សប្រជាជនកម្ពុជា
បានទទួលសម្លេងឆ្នោតគាំទ្រជាង ៣លាន២សែនសម្លេង ហើយគណបក្សប្រឆាំងបានទទួលត្រឹមតែជាង
២លាន៩សែនសម្លេង។ តាមពិតភាពត្រឹមត្រូវដែលជាលទ្ធផលនៃការបោះឆ្នោត
ក្នុងអាណត្តិទី ៥ នេះ គឺគណបក្សប្រជាជនកម្ពុជា បានទទួល ៦៨អាសនៈ និងគណបក្សសង្រ្គោះជាតិ
ទទួលបានតែ ៥៥អាសនៈតែប៉ុណ្ណោះ ប៉ុន្ដែ ត្រូវបានគណបក្សសង្រ្គោះជាតិនិយាយបំផ្លើសថា
បក្សខ្លួន ទទួលបានម្ដងថា ៦៣អាសនៈ ម្ដងថា ៧៣អាសនៈ និងម្ដងថា ៧៦អាសនៈ
ដែលគ្មានអ្វីជាមូលដ្ឋានច្បាស់លាស់សោះឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរ អំពីចំនួននៃអ្នកសង្កេតការណ៍បោះឆ្នោតជាង
៤ម៉ឺននាក់ ជាពិសេសភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំង១៩០០៩ការិយាល័យ
នៅទូទាំងប្រទេស ដែលបានចុះហត្ថលេខាលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត
ក្នុងនោះមានទម្រង់ ១១០៤ និងទម្រង់ផ្សេងៗទៀតថា មានភាពត្រឹមត្រូវ គ្មានការតវ៉ា
គឺជាមូលដ្ឋានដ៏សំខាន់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ក្រុមប្រឹក្សាធម្មនុញ្ញ
បដិសេធមិនធ្វើការរាប់សន្លឹកឆ្នោតទៅតាមពាក្យបណ្ដឹងរបស់គណបក្សប្រឆាំងនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ ការភូតកុហកបំភ្លៃ បំភាន់សាធារណៈមតិជាតិ និង អន្តរជាតិ
ប្រាស់ចាកពីការពិតនោះ គឺគណបក្សសង្រ្គោះជាតិ
បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើគណបក្សប្រជាជនកម្ពុជា
ថាបានលួចបន្លំសន្លឹកឆ្នោត នៅក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា
បានធ្លាក់សម្លេងគាំទ្រពី ៩០អាសនៈ មកនៅត្រឹម ៦៨អាសនៈប៉ុណ្ណោះ។
ការចោទប្រកាន់អំពីការលួចសន្លឹកឆ្នោត គឺជារឿងភូតកុហកដែលមិនអាចទទួលយកបាន
ពីព្រោះបើគិតអំពីចំនួនភ្នាក់ងារសង្កេតការណ៍ នៅតាមការិយាល័យនីមួយៗ
គឺគណបក្សប្រជាជនកម្ពុជា មានចំនួនតែ ២នាក់ រីឯគណបក្សសង្រ្គោះជាតិ មានរហូតដល់ទៅ
៧នាក់ ឯណោះ។ រឹតតែអាក្រក់ជាងនេះទៅទៀត ដោយការអនុវត្តនូវល្បិចកលដែលខ្លួនបានរៀបចំទុកជាមុន
និងផ្អែកលើទិន្នន័យដែលទទួលបានពីអង្គការក្រៅរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្ត
គណបក្សប្រឆាំងបានយកធ្វើជាលេស ដើម្បីធ្វើពហិការមិនចូលរួមក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត
ដំណើរការបោះឆ្នោត និងបានប្រកាសម្ដងហើយម្ដងទៀតថា
ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោត
ឬខ្លួននឹងបដិសេធលទ្ធផលនៃការបោះឆ្នោតជាដើម។ ប៉ុន្ដែ
គណបក្សសង្រ្គោះជាតិនៅតែចូលរួមក្នុងការបោះឆ្នោតដដែល
ការពិតពួកគេធ្វើបែបនេះ គឺដើម្បីបំភាន់សាធារណៈមតិប៉ុណ្ណោះ
និងបង្កើតលេសដើម្បីបដិសេធលទ្ធផលប្រសិនបើពួកគេចាញ់ឆ្នោត ប៉ុន្ដែពួកគេនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតភ្លាមៗ
ប្រសិនបើពួកគេឈ្នះឆ្នោត។ ជាងនេះទៅទៀត
ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់គណបក្សប្រឆាំង គ.ជ.ប
បានបើកកញ្ចប់សុវត្ថិភាព ក ទៅតាមដីកាបង្គាប់របស់រដ្ឋធម្មនុញ្ញ
ដោយមានវត្តមានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាង គ.ជ.ប
តំណាងមកពីគណបក្សមានអាសនៈនៅក្នុងសភា រួមទាំងអ្នកសង្កេតការណ៍មកពីអង្គការក្រៅរដ្ឋាភិបាលជាតិ
និងអន្ដរជាតិ។ បើទោះជាយ៉ាងនេះក្ដី គណបក្សសង្រ្គោះជាតិ នៅតែបន្ដធ្វើការចោទប្រកាន់មកលើ គ.ជ.ប
និងក្រុមប្រឹក្សាធម្មនុញ្ញ ថាមានភាពលំអៀងទៅលើគណបក្សកាន់អំណាច
ក្នុងខណៈដែលស្ថាប័នឯករាជ្យទាំងពីរនេះ បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន
ដូចមានកំណត់នៅក្នុងច្បាប់។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ
គឺអ្នកសង្កេតការណ៍អន្ដរជាតិ មកពីស្ថាប័ន ICAPP និង CAPDI បានវាយតម្លៃខ្ពស់ថា តាមរយៈការបោះឆ្នោតលើកនេះ
គឺលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិតជាបានចាក់ឫសដ៏រឹងមាំនៅកម្ពុជាមែន។
មិនត្រឹមតែប៉ុណ្ណោះ គណបក្សសង្រ្គោះជាតិ
នៅតែបន្ដធ្វើការទាមទារម្ដងហើយម្ដងទៀត សុំបង្កើតយន្ដការថ្មី
គឺគណៈកម្មការចំរុះឯករាជ្យ ដែលសំណើនោះ មិនអាចទទួលយក និងអនុវត្តបាន
ដោយឈរលើមូលហេតុមួយចំនួន រួមមាន៖
-
កម្ពុជាជារដ្ឋអធិបតេយ្យ
នីតិរដ្ឋ ដែលមានច្បាប់
មានយន្ដការយុត្តាធិការច្បាស់លាស់សម្រាប់រៀបចំដំណើរការបោះឆ្នោត
និងដោះស្រាយវិវាទក្នុងដំណើរការបោះឆ្នោត។
-
ការស្នើឲ្យបង្កើតយន្ដការថ្មី
គឺជាការបំពានលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ
និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលបានចែងថា គ.ជ.ប
និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាយន្ដការសម្រាប់ដំណើរការ
និងការដោះស្រាយរាល់វិវាទទាក់ទងនឹងដំណើរការនៃការបោះឆ្នោត។
-
គ.ជ.ប បានប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៣ ហើយរាល់ពាក្យបណ្ដឹងអំពីភាពមិនប្រក្រតី
ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ
ប្រកបដោយតម្លាភាព និងយុត្តិធម៌។ លទ្ធផលផ្លូវការនៃការបោះឆ្នោតត្រូវបានប្រកាសនាថ្ងៃទី
៨ ខែកញ្ញា ឆ្នាំ២០១៣ រួចហើយ។
-
ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ
ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា
ការដោះស្រាយបញ្ហានានារបស់ជាតិ គួរផ្អែកលើរដ្ឋធម្មនុញ្ញ
និងប្រគល់តួនាទីទៅស្ថាប័នមានសមត្ថកិច្ច ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ
និងច្បាប់នានារបស់ជាតិយើង។
ដោយឡែក
ពាក់ព័ន្ធទៅនឹងការបើកសម័យប្រជុំសភាលើកដំបូងនៃរដ្ឋសភា
ត្រូវបានគណបក្សប្រឆាំងព្យាយាមបំភាន់សាធារណៈមតិថា
ជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ ដែលការចោទប្រកាន់បែបនេះ
គឺជាការបកស្រាយខុសទាំងស្រុងរបស់គណបក្សសង្រ្គោះជាតិ អំពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ
ដែលករណីនេះ ត្រូវបានក្រុមអ្នកច្បាប់មួយចំនួន បានធ្វើការបកស្រាយយ៉ាងច្បាស់លាស់ហើយថា
តាមពិត មាត្រា ៨២ ថ្មី នៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី១ បានចែងថា
“រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត
តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ” ដែលផ្ទុយពីការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ
ថា ការប្រជុំសភាលើកដំបូង ធ្វើឡើង ៦០ថ្ងៃក្រោយប្រកាសលទ្ធផលឆ្នោតចុងក្រោយ។
ម្យ៉ាងវិញទៀត មាត្រា ៧៦ កថាខណ្ឌទី១ ចែងថា
“រដ្ឋសភាមានសមាជិកតំណាងរាស្ដ្រយ៉ាងតិច ១២០រូប ” មានន័យថា
តំណាងរាស្ដ្រយ៉ាងតិច ១២០រូប ត្រូវបានជ្រើសរើស នៅរាល់ពេលបោះឆ្នោតសកល។
ដោយឡែកការបោះឆ្នោតសកលនៅឆ្នាំ២០១៣ នេះ សមាជិករដ្ឋសភាមានចំនួន ១២៣រូប។
មាត្រាទាំងពីរនេះ មិនបានចែងថា សម័យប្រជុំលើកដំបូង
ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ
ត្រូវមានវត្តមានសមាជិកសភាយ៉ាងតិច ១២០ រូបនោះទេ។
ជារួម គណបក្សប្រឆាំងគ្មានទឡ្ហីករណ៍ណាមួយច្បាស់លាស់
ក្នុងការបញ្ជាក់ជំហរដ៏ត្រឹមត្រូវរបស់ខ្លួន ឲ្យស័ក្ដិសមជាអ្នកដឹកនាំគណបក្សនយោបាយមួយប្រកបដោយភាពសុចរិតនោះឡើយ
គឺមានតែការប្រើប្រាស់អំណាចនៃការបំភ្លៃ ភូតកុហក និងបំភាន់សាធារណៈមតិ តែប៉ុណ្ណោះ។
ប៉ុន្ដែ ទោះបីជាគណបក្សប្រឆាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន
បានប្រើគ្រប់ល្បិចកលដើម្បីបំផ្លាញលទ្ធផលបោះឆ្នោតក៏ដោយ
ក៏ការពិតនៅតែជាការពិតដដែល គឺរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាល
ត្រូវបានបង្កើតឡើង ហើយបាន
និងកំពុងបំពេញកិច្ចការរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និង
ច្បាប់ជាធរមានរបស់កម្ពុជា ដែលមិនមានអ្វីបង្កជាឧបស័គ្គរាំងស្ទះឡើយ។