Thursday, November 13, 2014

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៦

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៦ បានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តមបានគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិលើកទី៦នេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន-អង្គ ការសហប្រជាជាតិបានធ្វើការពិភាក្សាទី១ទៅលើការពិនិត្យឡើងវិញ និងទិសដៅ អនាគត នៃទំនាក់ទំនងអាស៊ាន-អង្គការសហប្រជាជាតិ ទី២ ការផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាតំបន់ និងអន្តរជាតិនិងទី៣បញ្ហាផ្សេងៗ។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈ សំខាន់នោះមេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់អង្គការសហប្រជាជាតិ ឲ្យធ្វើការ កាន់តែជិតស្និតជាមួយអាស៊ានដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ 
(DGs) និង គាំទ្រដល់ការកសាងសហគមន៍អាស៊ាន។ 
ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានវាយតំលៃខ្ពស់​ចំពោះការគាំទ្ររបស់​អង្គការ​សហ​ប្រជា​ជាតិមកលើកិច្ចខិតខំរបស់អាស៊ាន ដើម្បីឈានឆ្ពោះ​ទៅបង្កើតសហ គមន៍​របស់​ខ្លួន​នៅឆ្នាំ២០១៥ខាងមុខ និងការដាក់ចេញនូវចក្ខុវិស័យរបស់សហគមន៍ អាស៊ាន​ក្រោ​យ​ឆ្នាំ២០១៥។ មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិបានប្តេជ្ញា​សហការគ្នា​បន្ថែម​ទៀតក្នុងការគាំទ្រដល់ការងាររបស់វិទ្យាស្ថានអាស៊ាន សម្រាប់ សន្តិភាព និងការផ្សៈ​ផ្សា​រ​​(AIPR) និងកិច្ចការរបស់មជ្ឈមណ្ឌលបោស​សំអាតមីន តំបន់អាស៊ាន(ARMAC)
ជាមួយគ្នានេះ មេដឹកនាំទាំងអស់បានទទួលស្គាល់នូវសារៈសំខាន់ ​នៃកិច្ចសហ​ប្រតិ​បត្តិ​ការ​​​​លំហរសមុទ្រ ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍​គ្នាក្នុង​កិច្ច​សន្តិសុខលំហរសមុទ្រ និងការអនុវត្តច្បាប់អន្តរជាតិដែលជាប់ពាក់​ព័ន្ធនានា។
​ទន្ទឹមនឹង​នេះ មេដឹកនាំទាំងអស់បានលើកទឹកឲ្យ​មានការពិគ្រោះយោបល់​ជាបន្ត ទៀត​រវាងរដ្ឋភាគីនៃសន្ធិសញ្ញាតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ​ (SEANWFZ) និងបណ្តា​រដ្ឋមានអាវុតនុយក្លេអ៊ែរដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការចុះហត្ថ លេខាឲ្យបាន​ឆាប់ និងការផ្តល់សច្ចាប័នទៅលើពិធីសារ នៃ​សន្ធិសញ្ញាតំបន់ អាស៊ានគ្មាន​អាវុធនុយ​ក្លេ​អ៊ែរ ដោយពុំចាំបាច់មានខបម្រុងដែលទាមទារដោយបណ្តា​រដ្ឋមានអាវុធនុយ​ក្លេអ៊ែ​រ​។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់ក៏បានស្វាគមន៍ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការតាក់​តែង​សេចក្តី​ព្រាងលិខិតូបករណ៍របស់អាស៊ាន ស្តីពីការការពារនិងការលើកកម្ពស់ សិទ្ធិ​របស់ពលករទេសន្តរប្រវេសន៍។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ ឯកឧត្តមអគ្គ​លេខា​ធិកា​រ​អង្គការសហប្រជាជាតិ ក៏បានស្វាគមន៍ចំ​ពោះ​កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន​ក្នុងការបញ្ចប់ការតាក់តែង និងឯកភាពគ្នាទៅលើសេចក្តីព្រាងអនុ សញ្ញា​អាស៊ាន​ស្តីពី​ការជួញដូរមនុស្ស និងផែនការសកម្មភាពក្នុងតំបន់នៃ​អនុសញ្ញា នោះដើម្បី​ដាក់ជូន​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី២៦នៅឆ្នាំ២០១៥។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់បាន​ឯកភាព​គ្នា​ក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ ដើម្បីធ្វើការ គាំទ្រក្នុងការធ្វើ​ឲ្យបាន​សំរេច​​តំបន់អាស៊ានគ្មានគ្រឿងញៀន​នៅឆ្នាំ២០១៥។​នៅក្នុង កិច្ចប្រជុំកំពូលនោះ​ដែរ​មេដឹកនាំអាស៊ានបានជម្រុញអង្គការសហប្រជាជាតិជួយគាំ​ទ្រដល់កិច្ច​ខិតខំ​របស់​អាស៊ានក្នុងការអនុវត្តផែនការសកម្មភាព ស្តីពីសិទ្ធលើកម្ម សិទ្ធបញ្ញា(២០១១-២០១៥) ដោយរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការ ស្តីពីការត្រួត ពិនិត្យនិងការស្រាវជ្រាវ​ប្រកាស​​នីប័ត្រតក្កកម្មរបស់អាស៊ាន(ASPEC) និងការធ្វើ ទំនើបរូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធនៃអង្គភាពកម្មសិទ្ធបញ្ញាអាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំក៏បានជម្រុញ​កិច្ចការ​​របស់ស្ថាប័នអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការ តាក់តែងរបៀប​វារៈនៃការ​អភិ​វឌ្ឍ​របស់អង្គការ សហប្រជាជាតិក្រោយឆ្នាំ២០១៥ និងចក្ខុវិស័យរបស់សហគមន៍​អាស៊ាន​ក្រោយឆ្នាំ២០១៥ ដើម្បីដោះស្រាយឲ្យមាន ប្រសិទ្ធភាពនូវបញ្ហា​ទាំងឡាយរបស់​ពិភព​លោក​ដែលជាក្តីកង្វល់រួម។ ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់បានបញ្ជាក់អះអាងជាថ្មី​ពីភាពចាំបាច់បន្ទាន់ ដើម្បីពន្លឿនកិច្ច សហប្រតិបត្តិការរវាងអង្គការ​សហប្រជាជាតិ​និង​អាស៊ានក្នុងការដោះស្រាយបញ្ហា ស្តីពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ​មេ​ដឹក​​នាំទាំងអស់បានលើកទឹកចិត្តដល់ការជម្រុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ​និង​ អង្គការសហប្រជាជាតិ អំពីការអភិរក្សជីវសាស្រ្តចំរុះតាមរយៈការ​អនុវត្តអនុសញ្ញា​អង្គ​ការ​សហប្រជាជាតិ ស្តីពីជីវសាស្រ្តចម្រុះ និងការសម្របសម្រួលជា​មួយមជ្ឈមណ្ឌល អាស៊ានសម្រាប់ ជីវសាស្រ្តចម្រុះ ដោយការចែករំលែកចំណេះដឹងទៅ​លើការអនុវត្ត​ជាក់ស្តែងល្អៗក្នុងការប្រើប្រាស់ប្រកបដោយចីរភាព​នៃភាពសំបូរបែបនៃជីវសាស្រ្ត។​
ទន្ទឹមនឹងនោះមេដឹកនាំទាំងអស់ក៏បានប្តេជ្ញារួមគ្នាក្នុងការពង្រឹងបន្ថែមទៀត នៃ​កិច្ច​សហ​ប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដើម្បីធានាការ​គ្រប់​គ្រង​គ្រោះមហន្តរាយ​ធម្មជាតិនិងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។​
ក្នុងកិច្ចប្រជុំកំពូលនោះដែរមេដឹកនាំអាស៊ាន និងឯកឧត្តមអគ្គលេខាធិការ​អង្គការ សហ​ប្រជាជាតិបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តី និងឧត្តមមន្រ្តីដែលទទួលបន្ទុក ស្វះស្វែង​រកប្រភពហិរញ្ញវត្ថុនានាបន្ថែមទៅលើប្រភពដែលមានស្រាប់ ដើម្បីធានា ការអនុវត្ត​សកម្មភាព​រួមរបស់អាស៊ាន និងអង្គការសហប្រជាជាតិឲ្យមានប្រសិទ្ធ ភាព​និងទាន់​ពេលវេលា។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៦នេះ មេដឹកនាំ អាស៊ាន​ និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានឯកភាពគ្នា ក្នុងការចេញ​នូវ​សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហ ប្រជាជាតិលើកទី៦​និង​បានឈានទៅអនុម័តឯកសារ ស្តីពីផែនការការងារ
បណ្តោះ អាសន្នរបស់អាស៊ាន
-អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៥៕
\

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៧




កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៧ បានប្រព្រឹត្តទៅក្រោមវត្ត មាន ឯកឧត្តម ស៊ីនហ្សូអាបេ (Shizo Abe) នាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី១៧នេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន-ជប៉ុន បានធ្វើ ការ ពិភាក្សា ទៅលើការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃទំនាក់ទំនងអាស៊ាន-ជប៉ុន និង បញ្ហាផ្សេងៗ។
 
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ មេដឹកនាំអាស៊ាន-ជប៉ុន បានសំដែង នូវការរីករាយចំពោះការវិវត្តន៍ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម សម្រាប់ជំរុញភាព​ជា​​ដៃគូអាស៊ាន-ជប៉ុន ដើម្បីវិបុលភាពទាំងអស់គ្នានិងផែនការសកម្មភាព(២០១១-២០​១៥) និងគ្រោងដាក់នូវផែនការសកម្មភាព​ថ្មីបន្ត។ ក្នុងកិច្ចប្រជុំ​កំពូលនោះ​ដែរ​មេដឹក​នាំ​អាស៊ាន​​បានលើកទឹកចិត្តដល់ភាគីជប៉ុនឲ្យបន្តគាំទ្រការអនុវត្តផែនទីចង្អុល​ផ្លូវ​ សម្រាប់​សហ​គមន៍​អាស៊ាន (២០០៩-២០១៥) និងសេចក្តីថ្លែងការណ៍ទីក្រុងបាលី ស្តី​ពីសហគមន៍​អាស៊ាន​នៅក្នុងសហគមន៍ប្រជាជាតិ (Bali Concord III) ។ ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន-ជប៉ុន បានកត់សំគាល់នូវរបាយការណ៍ ស្តីពី​ ការវិវត្តន៍នៃការអនុវត្តសេចក្តី​ប្រកាស​ចក្ខុវិស័យនិងផែនការសកម្មភាពអាស៊ាន-ជប៉ុន (២០១១-២០១៥)
កិច្ចប្រជុំកំពូលនោះ​ដែរ មេដឹកនាំទាំងអស់បានឯកភាពគ្នា​ក្នុងការពង្រីកកិច្ចសហ​ប្រតិ​បត្តិការ ដើម្បីបង្កើតនូវបរិស្ថានសន្តិសុខអន្តរជាតិឲ្យកាន់​តែប្រកប​ដោយ​សន្តិភាព ​និង​ស្ថេរភាព។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានកត់សំគាល់​នូវគំនិត​​ផ្តួចផ្តើម​​របស់​ជប៉ុនស្តីពីការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីសន្តិភាព​ដែលគាំ​ទ្រ​ដោយ​​សាធារណៈ​នូវសេរីភាពទេសចរណ៍ ការហោះកាត់ និងការធ្វើ​ពាណិជ្​ជកម្ម​ដោយ​គ្មាន​ការរាំង​ស្ទះ។​

ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់បានបញ្ជាក់សារជាថ្មី​អំពីសារៈសំខាន់​នៃការដោះ​ស្រា​យ​​ជម្លោះ និងបញ្ហានានាដោយសន្តិវិធី និងដោយអនុលោមទៅតាមគោលការណ៍​នៃ​ច្បាប់​​អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល រួម​ទាំងអនុសញ្ញាអង្គការសហ​ប្រជា​ជាតិស្តីពីច្បាប់សមុទ្រ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់បានយល់ថា ជម្លោះនៅសមុទ្រចិន​ខាងត្បូងត្រូវដោះស្រាយតាមការប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងជៀសវាងការ​ធ្វើ​សក​ម្ម​​ភាព​​នានាដែលធ្វើឲ្យសភាពការណ៍កាន់តែមានភាពស្មុគ្រស្មាញ។ ជាមួយគ្នា​នេះ​មេ​ដឹក​នាំអាស៊ាន បានកត់សំគាល់នូវទស្សនៈរបស់ជប៉ុនដែរថា បណ្តា​រដ្ឋដែល​ជាប់​ឆ្នេរ​សមុទ្រ​ត្រូវគោរពដល់គោលការណ៍ទូទៅ នៃច្បាប់​អន្តរជាតិពោលគឺត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អត់​ធ្មត់ ដើម្បីទប់ស្កាត់នូវសកម្មភាពជាឯកតោភាគីនានាដែលបង្កឲ្យមាន​នូវ​ការ​ផ្លាស់​​​​ប្តូរ​​រូបវ័ន្តជា​អចិន្រៃ្តយ៍ដល់បរិស្ថានសមុទ្រ។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់បានបញ្ជាក់ជាថ្មីនូវការអនុវត្តឲ្យបាន​ពេញលេញ ​និង​ប្រកបដោយសមត្ថភាពនូវសេចក្តីថ្លែងការណ៍ ស្តីពី ការប្រតិបត្តិ​របស់​បណ្តា​ភាគីនៅ​ក្នុង​​សមុទ្រចិន​ខាងត្បូង(DOC) និងកិច្ចពិគ្រោះយោបល់ដ៏មាន​សារៈសំខាន់អំពី​ក្រម​​ប្រតិ​បត្តិ​​នៅក្នុងសមុទ្រចិនខាងត្បូង​(COC)។​ 

ជាមួយគ្នានេះមេដឹកនាំទាំងអស់បានស្វាគមន៍​ចំពោះ​ការអនុម័តនូវ​សេចក្តីថ្លែង​ការណ៍​រួមអាស៊ាន-ជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រឆាំង​ភេរវកម្​មនិង​​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

មេដឹកនាំ​​អាស៊ាន-ជប៉ុន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តបង្កើន​ពាណិជ្ជ​កម្ម​​និងលំហូវិនិយោគទ្វេដងនៅឆ្នាំ២០២២ ក្នុងនោះមេដឹកនាំអាស៊ានបានលើកទឹកចិត្ត​ដល់​ភាគីជប៉ុនឲ្យជំរុញកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពយុទ្ធសាស្រ្ត សម្រាប់​ការ​អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SMEs) ក្រោយឆ្នាំ២០១៥។   

ទន្ទឹមនឹង​នេះ​មេដឹក​នាំ​​អាស៊ានក៏បានលើកទឹកចិត្តដល់ភាគីជប៉ុន ឲ្យបន្តគាំ​ទ្រដល់​ការកាត់​​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍនៅក្នុងតំបន់ តាមរយៈផែនការការងារទី២ នៃ​គំនិតផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ របៀងសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ច ពិសេសវិស័យនានា​នៃកិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់អនុតំបន់។

មេដឹកនាំអាស៊ាន-ជប៉ុនបានជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ​ និងឯកជន​និង​​ឈានទៅបញ្ចប់នូវកិច្ចព្រមព្រៀង ស្តីពី ​សេវាកម្មអាកាសចរណ៍ក្នុង​តំបន់​រវាង​អាស៊ា​ន​​-ជប៉ុនជាមួយគ្នានេះមេដឹកនាំអាស៊ានបាន​ថ្លែងអំណរគុណចំពោះជប៉ុន​ដែល​បន្ត​​​​​គាំទ្រលើផែនការមេស្តីពីការតភ្ជាប់អាស៊ាននិងការតភ្ជាប់តំបន់អាស៊ីបូព៌ា ជាពិសេស​ការ​តភ្ជាប់តាមផ្លូវសមុទ្រឲ្យបានប្រសើរជាងមុន។ ​ថ្នាក់ដឹកនាំអាស៊ានក៏បាន​លើក​ទឹក​​ចិត្ត​ដល់ភាគីជប៉ុនឲ្យគាំទ្រដល់ដំណើរការ​ នៃមជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្ម​​​ភាពមីន(ARMAC)។ ជាមួយគ្នានេះមេដឹកនាំ​អាស៊ានបានសំដែង​នូវការពេញ​ចិត្តចំពោះ​កិច្ចសហប្រតិបត្តិការរបស់ជប៉ុនក្នុងការពង្រឹង​ទំនាក់ទំនងឲ្យកាន់តែ​ជិតស្និទ្ធ ​និង​បង្កើតចំណងមិត្តភាពក្នុងចំណោមយុវជនអាស៊ាន-ជប៉ុន។ 

ជាមួយគ្នានេះមេដឹកនាំ​ទាំង​អស់ ក៏បាន​អរគុណចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់​ផ្ទះ​​រៀប​​ចំវេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-ជប៉ុន តួនាទីយុវជន​ក្នុងទំនាក់​ទំនង​អាស៊ាន-ជប៉ុននៅក្នុងសតវត្សទី២១កាលពីឆ្នាំ២០១៣ និងវេទិកាសហគ្រិន​វ័យក្មេង​អាស៊ាន-ជប៉ុន ភាពជាដៃគូសម្រាប់ការអភិវឌ្ឍនៅដើមឆ្នាំ២០១៤។ ​ជា​មួយ​គ្នា​នេះ​មេដឹក​​នាំ​ទាំងអស់​ក៏បានចែករំលែកនូវចំណេះ​ដឹងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និង​ជំនាញផ្នែក​បច្ចេកវិទ្យាដែលមិនប៉ះពាល់បរិស្ថាន ដើម្បីឈាន​ទៅសំរេចបានកំណើន​នៅក្នុងតំបន់​ដោយមានកាបូនកម្រិតទាប។ 

ជាមួយគ្នានេះមេដឹកនាំអាស៊ាន-ជប៉ុន ក៏បាន​ទទួល​ស្គាល់​ពីសារៈសំខាន់​នៃការ​ថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងឧបទ្វីប​កូរ៉េ​និងអំពាវនាវ​ឲ្យបំបាត់​អាវុធ​នុយ​ក្លេអ៊ែរដោយសន្តិវិធី និងឲ្យមានការចរចារ​ប្រាំមួយ​ភាគីឡើង​វិញ​ឲ្យ​បាន​ឆាប់។ ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់ក៏បានសំដែង​នូវការព្រួយ​បារម្ភចំពោះ​ការ​បាញ់​មីស៊ីលដោយកូរ៉េខាងជើង ក្នុងនោះមេដឹកនាំទាំងអស់បានគាំ​ទ្រ​ចំពោះ​ការ​អនុវត្ត​ឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា របស់ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិ និងសេចក្តីប្រកាសរួម នៃកិច្ចចរចារប្រាំមួយ​ភាគី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៥ និងបានគូសបញ្ជាក់ផងដែរនូវសារៈ​សំខាន់ក្នុងការ​ដោះស្រាយបញ្ហាកង្វល់ផ្នែកមនុស្សធម៌របស់សហគមន៍អន្តរជាតិ រួមមានបញ្ហា​ចាប់​ពង្រត់មនុស្ស។

នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ មេដឹកនាំអាស៊ាន-ជប៉ុន​បាន​ឈាន​​ទៅចេញសេចក្តីប្រកាសរបស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើក​ទី​១៧​និង​បានអនុម័តលើសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាននិងជប៉ុន សម្រាប់កិច្ចសហប្រតិ​បត្តិ​ការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន។ ​ជាមួយគ្នានេះ មេដឹក​នាំ​អាស៊ាន-ជប៉ុនក៏បានធ្វើការកត់សំគាល់នូវរបាយការណ៍​វិវឌ្ឍន៍ ស្តីពីផែនការ​សកម្ម​ភាព​អាស៊ាន-ជប៉ុនស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕


កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១២




កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១២បានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តម ណារិនត្រាម៉ូឌី (Na​ren​dra Modi) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១២នេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន និង ឥណ្ឌា បានធ្វើការពិភាក្សាទៅលើការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃទំនាក់ទំនង អាស៊ាន-ឥណ្ឌា និងបញ្ហាផ្សេងៗ។
នៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាន-ឥណ្ឌា មេដឹកនាំទាំងអស់បានសំដែងនូវការរីករាយយ៉ាងខ្លាំង ដោយ បានឃើញកិច្ចសហប្រតិបក្តិការអាស៊ានឥណ្ឌា មានវឌ្ឍនភាព គួរឲ្យកត់ សំគាល់ និងបានវាយតំលៃ ខ្ពស់ចំពោះរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តផែន ការសកម្មភាព សម្រាប់អនុវត្ត ភាពជា ដៃគូអាស៊ាន-ឥណ្ឌា ដើម្បី សន្តិភាព វឌ្ឍន ភាព និងវិបុល ភាព រួម ឆ្នាំ២០១០-២០១៥។ ថ្លែងទៅកាន់ មេ ដឹកនាំ អាស៊ាន-ឥណ្ឌា ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១២ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រមុខ នៃរាជ រដ្ឋាភិបាល កម្ពុជា បាន ធ្វើ ការគូសបញ្ជាក់ថា ដំណើរឆ្ពោះទៅមុខរបស់ យើងគឺមិន អាចកាត់ផ្តាច់ ចេញបាន អំពីកិច្ច សហ ប្រតិបត្តិការ និងភាពជាដៃគូកាន់តែស៊ីជំរៅ រវាង អាស៊ាន និងឥណ្ឌាបានឡើយ។

តាមរយៈនេះកម្ពុជាបានស្នើឲ្យមានការជំរុញការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ នៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងអនុសាសន៍របស់ក្រុមឥស្សរជនឆ្នើមអាស៊ាន-ឥណ្ឌា ឲ្យ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះកម្ពុជាស្នើជំរុញឲ្យមានការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីសេវានិងវិនិយោគនៅចុងឆ្នាំ២០១៤សំដៅសំរេចឲ្យបាននូវការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា។
គួរបញ្ជាក់ដែរថាឥណ្ឌាបានក្លាយ ជាដៃគូសន្ទនាពេញសិទ្ធរបស់អាស៊ាននៅឆ្នាំ១៩៩៥។ មកដល់ ពេលនេះទំហំពាណិជ្ជកម្មសរុបអាស៊ាន-ឥណ្ឌាក្នុងឆ្នាំ២០១៣ មានចំនួន៦៧ពាន៨០០លាន ដុល្លា អាមេរិក។ ជាមួយគ្នានេះអាស៊ាន-ឥណ្ឌា បានកំណត់ទិសដៅឲ្យបាននូវពាណិជ្ជកម្មសរុបទ្វេភាគី ដែលមានទឹកប្រាក់១០០ពាន់លានដុល្លាក្នុងឆ្នាំ២០១៥។

នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍនៅមានកម្រិតនោះ ឥណ្ឌាបានចូលរួមបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាព និងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ឡាវមីយ៉ាន់ម៉ារ និងវៀតណាម។ ជាមួយគ្នា នេះឥណ្ឌា ក៏មានបំណងបង្កើតបន្ថែមទៀតនូវមជ្ឈមណ្ឌលទាំងពីរខាងលើ និងចង់បង្កើត មជ្ឈ មណ្ឌលបណ្តុះបណ្តាលព័តឥមានវិទ្យានៅក្នុងប្រទេសទាំងបួនផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ មេដឹកនាំអាស៊ាន-ឥណ្ឌា បានចេញនូវសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១២ និងបានកត់សំគាល់នូវរបាយការណ៍ វឌ្ឍនភាព ស្តីពីការអនុវត្តផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាពវឌ្ឍនភាព និងវិបុលភាពរួម(២០១០-២០១៥)