
Friday, November 01, 2013
បទអត្ថាធិប្បាយ៖ គណបក្សប្រឆាំងស្ថិតក្នុងសភាព បរាជ័យហើយ បរាជ័យទៀត!
ដោយ ពង្ស
សុក្រឹត្យ
ក្រោយពីសកម្មភាពឆ្លេរឆ្លាទៅបំពុលមតិអន្តរជាតិ
រួមមានសហភាពអឺរ៉ុប
សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ កុំឲ្យទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា
និងការដាក់ញត្តិ ត្រូវទទួលបរាជ័យមក បក្សប្រឆាំង
នៅតែចិញ្ចឹមចិត្តមានះ មិនព្រមទទួលស្គាល់ការពិត ហើយបានបង្ហាញកាន់តែច្បាស់ថែមទៀត
តាមរយៈការចេញលិខិតចំហរ ស្តីពីការញុះញង់ រារាំងទៅដល់បណ្តាប្រទេស
ឬស្ថាប័នផ្តល់ប្រាក់កម្ចីនានា និងអ្នកវិនិយោគនានា ឲ្យមានការចាប់អារម្មណ៏
ចំពោះគណបក្សចាញ់ឆ្នោតរបស់ខ្លួនទៀតផង។
នយោបាយប្រឆាំងនឹងផលប្រយោជន៍ជាតិ ដោយការរាំងខ្ទប់ជំនួយពីបរទេសរបស់បក្សប្រឆាំង
គឺមានជាយូរយារណាស់មកហើយ តាំងពីអាណត្តិមុនៗមកម្លេះ។ ប៉ុន្តែ
ការភូតកុហក់ និងបំភ្លៃការពិត អំពីការអភិវឌ្ឍនៅកម្ពុជា
គឺមិនអាចបិទបាំងភ្នែក អន្តរជាតិ ស្ថាប័នផ្តល់ប្រាក់កម្ចី និងវិនិយោគគិន
នានាបានឡើយ។
លិខិតចំហររបស់បក្សប្រឆាំង ព្រមានទៅដល់បណ្តាប្រទេសផ្តល់ជំនួយ
ស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិ និងអ្នកវិនិយោគនានា គឺបានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សនេះមិនបានចូលរួមសកម្មភាពធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើយ។
ផ្ទុយទៅវិញ ជាគំនិត រឹតកប្រជាពលរដ្ឋកុំឲ្យមានជីវភាពធូរធារ
នៅពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
និងត្រូវការជំនួយសង្គ្រោះបន្ទាន់ ។
ទង្វើខ្វះការពិចារណារបស់គណបក្សសង្គ្រោះជាតិ
គឺជាទង្វើក្បត់នឹងឆន្ទៈប្រជាពលរដ្ឋខ្មែរទាំងស្រុង ព្រោះប្រជាពលរដ្ឋ
ត្រូវការឲ្យមានអ្នកវិនិយោគចូលមកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា
ប្រជាពលរដ្ឋត្រូវការជំនួយពីបរទេស ដើម្បីជាប្រយោជន៍កសាងបន្តនូវហេដ្ឋារចនាសម្ព័ន្ធនានា
ដូចជាប្រព័ន្ធធារាសាស្ត្រ ស្ពាន ផ្លូវ ជាដើម ដើម្បីធ្វើឲ្យជីវភាព
កាន់តែប្រសើរឡើង។ ដូច្នេះ នេះជាយុទ្ធសាស្ត្របង្កទំនាស់ចុងក្រោយរបស់បក្សប្រឆាំង
នៅពេលដែលសន្លឹកបៀរចូលតុចរចា ត្រូវបានលើកឡើងជាបន្តបន្ទាប់ដោយក្រុមសង្គមស៊ីវិលដែលជាដៃគូររបស់គេ។
ទោះបីជាបក្សប្រឆាំង ខិតខំញុះញង់ប្រជាពលរដ្ឋផង បំផុសបាតុកម្មផង
ធ្វើញត្តិផង និងគម្រាមម្ចាស់ជំនួយ និងអ្នកវិនិយោគផង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ
ក៏សហគមន៍អន្តរជាតិ នៅតែមើលឃើញអំពីសច្ចៈធម៌របស់រាជរដ្ឋាភិបាលជានិច្ច។
បើតាមនាយកប្រតិបត្តិ ADB ប្រចាំកម្ពុជា លោក Eric
Sidgwick បានឲ្យដឹងថា ទោះបីជា គណបក្សសង្គ្រោះជាតិ បង្កចលាចល ធ្វើមហាបាតុកម្មអហិង្សាយ៉ាងណាក៏ដោយ
ក៏មិនមានផលប៉ះពាល់អ្វីចំពោះសេដ្ឋកិច្ចនៅកម្ពុជាឡើយ។ លោកសង្កេតឃើញថា
វិនិយោគិន នៅតែមានសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។
ដូច្នេះ ការប្រកូកប្រកាស របស់គណបក្សសង្គ្រោះជាតិ គឺមិនអាចរារាំងចំពោះសហគមន៍បរទេស
ឬស្ថាប័នផ្តល់ប្រាក់កម្ចីនានាបានទេ ព្រោះស្ថាប័នទាំងនោះ
បានតាមដាននូវរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
និងបានដឹងច្បាស់ ថា រាជរដ្ឋាភិបាលដឹកនាំប្រទេសសព្វថ្ងៃ គឺធ្វើសមស្របនឹងច្បាប់រដ្ឋធម្មនុញ្ញ
និងគ្មានអ្វីបង្កជាឧបសគ្គក្នុងការចូលរួមសហការនោះទេ។
ស្ថានភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
បាននិងកំពុងបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពវិជ្ជមាន
ហើយត្រូវបានសាធារណៈមតិ ទទួលស្គាល់ និងចេញសារលិខិតអបអរសាទរជាបន្តបន្ទាប់ចំពោះរាជរដ្ឋាភិបាល
និងសភាអណត្តិទី៥នេះ។
ជាក់ស្តែងថ្មីៗនេះ
ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលជប៉ុន
បានសម្រេចផ្តល់ជំនួយឥតសំណងជាបន្តបន្ទាប់ ដល់រាជរដ្ឋាភិបាលកម្ពុជា
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង កម្ពុជា ជប៉ុន
កាន់តែរឹងមាំថែមទៀត។ នៅក្នុងជំនួប រវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុន
ប្រចាំកម្ពុជា ភាគីជប៉ុនបានពិភាក្សាក្នុងការជួយគាំទ្រ
ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន
និងបច្ចេកទេស។ រាជរដ្ឋាភិបាលជប៉ុនបានសន្យាថា នឹងខិតខំបន្តជម្រុញឲ្យវិនិយោគិន
ជប៉ុន មកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនជាងពេលនេះថែមទៀត។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលអាណត្តិទី៥
បានដាក់ចេញនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីខែកញ្ញា
បង្ហាញថា រាជរដ្ឋាភិបាល នឹងខិតខំសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ
ដើម្បីធ្វើឲ្យកម្ពុជា អាចចាកចេញផុតពីប្រទេសមានចំណូលទាប
ឈានឡើងជាប្រទេស មានចំណូលមធ្យមកម្រិតទាប យ៉ាងយូរនៅឆ្នាំ២០១៨
និងក្លាយជាប្រទសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ រាជរដ្ឋាភិបាល
ក៏នឹងបន្តធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច
ដោយឈរលើមូលដ្ឋានភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា និងការផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជាជាមួយបណ្តាញផលិតកម្មក្នុងតំបន់ផងដែរ។
សរុបមក ការព្យាយាមមិនទទួលស្គាល់ការពិត
តាមគ្រប់រូបភាពរបស់បក្សប្រឆាំង ត្រូវទទួលបរាជ័យ
ទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ និងធ្វើឲ្យមេបក្សទាំងពីរកាន់តែអស់សង្ឃឹមខ្លាំងឡើងៗ
ហើយទីបំផុតគឺមានតែការបន្ទន់ឥរិយាបថក្នុងការចូលតុចរចា
ដោយស្ងៀមស្ងាត់ ដើម្បីលុបលាងនូវភាពអាម៉ាស់ចំពោះអ្នកគាំទ្ររបស់ខ្លួនតែប៉ុណ្ណោះ៕
Subscribe to:
Posts (Atom)