Wednesday, July 05, 2017

ក្រសួង​ពាណិជ្ជ​កម្ម ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​លើ​បញ្ហា​ទំនិញ​កសិផល​កម្ពុជាគ្មាន​ទីផ្សារ​ឬលក់​បាន​ក្នុង​តម្លៃ​ថោក

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើការឆ្លើយតប ទៅនឹងការរិះគន់របស់ប្រជាពលរដ្ឋតាមបណ្តាញសង្គមស្តីពីការធ្លាក់ថ្លៃទំនិញកសិផល ដែលកសិករកម្ពុជា ផលិតបាន។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដដែលនេះ បានបញ្ជាក់ថា ក្រសួង បាននិងកំពុងបំពេញការងារជាច្រើនទទួលបានលទ្ធផលជាវិជ្ជមានតាមរយៈ៖ ១-ចរចាបើកទីផ្សារ ២-ជំរុញសកម្មភាពទីផ្សារទាំងក្នុង និងក្រៅប្រទេស ៣-ចាត់វិធានការសម្រាប់ដោះស្រាយបញ្ហារាំងស្ទះទំនិញកសិផល និង ៤- កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់សម្រួលដល់ការនាំចេញទំនិញកសិកម្ម ជាដើម។





ក្រសួងមហាផ្ទៃ បញ្ជាក់ថា លិខិតធ្វើដំណើរត្រូវផ្តល់ដោយឥតគិតថ្លៃសម្រាប់ពលករស្របច្បាប់តាមរយៈក្រសួងការងារ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ បានឱ្យដឹងថា ពលករទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវផ្តល់លិខិតធ្វើដំណើរដោយ ឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លៀតឱកាសយកកម្រៃ សេវា​លើសការកំណត់ពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករ ឬមេខ្យល់ ឬអ្នករត់ការយកកម្រៃជើងសារ សូមប្រជាពលរដ្ឋដែលមានបំណងសុំផ្តល់លិខិតឆ្លងដែនធម្មតា ទាក់ទងមក នាយកដ្ឋានលិខិតឆ្លងដែនដែលមានអាសយដ្ឋានស្ថិតនៅក្នុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ចំពោះពលករបំពេញការងារស្របច្បាប់នៅក្រៅ ប្រទេស ដោយមានការទទួលស្គាល់ និងមានលិខិតបញ្ជាក់ពីក្រសួងការងារ សូមទាក់ទងមកនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយសាខាលិខិតឆ្លងដែនទាំងពីរខេត្តខាងលើ ផ្តល់ជូនតែលិខិតធ្វើដំណើរជូនពលករ ធ្វើការនៅបរទេសប៉ុណ្ណោះ៕


ឯកសារថ្មីៗស្ដីពីវិនាសកម្មនៃបេតិកភណ្ឌពិភពលោកនៅ​អារ៉ាប់ ​និងឯកសារ​សំខាន់​ជាច្រើន​ទៀតមាន​នៅក្នុង​បណ្ណាល័យ​នៃអាជ្ញាធរ​ជាតិអប្សរា​

ឯកសារដ៏កម្រមួយមានចំណងជើងថា  «Patrimoines mutilés»  ស្ដីពីបញ្ហាប្រឈមនៃសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ជាពិសេសការប៉ះពាល់បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរដោយ សង្គ្រាមនៅអៀរ៉ាក់ អាហ្កានីស្ដង់ និងស៊េរី ត្រូវបានយកមកតម្កល់ទុកនៅបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា នៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។

លោកសាស្ត្រាចារ្យ Mounir Bouchenaki  ជាអ្នកចងក្រងឯកសារនេះ  ហើយលោកគឺជា ប្រធានមជ្ឈមណ្ឌលអារ៉ាប់ ដើម្បីបេតិកភណ្ឌពិភពលោក និងជាអ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ ឯកសារនេះ និយាយអំពីបញ្ហាប្រឈម  និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមចំពោះសម្បត្តិបេតិកភណ្ឌពិភពលោក ការងារនិងសកម្មភាពនានាកន្លងមករបស់ UNESCO ទៅលើបញ្ហាប្រឈមទាំងនោះ និងអំពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីការពារ និងស្ដារឡើងវិញនូវស្នាដៃទាំងនោះ។

ក្រៅពីអត្ថបទដ៏សំខាន់ខាងលើ បណ្ណាល័យនៃអាជ្ញាធរជាតិអប្សរាក៏បានទទួលផងដែរនូវឯកសារថ្មីៗចំនួន ៤ផ្សេងទៀតគឺ ៖

១. Le Vocabulaire de l’architecture Khmère : ជានិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកស្រី ម៉ែន ចន្ទទេវី ស្ដីពី ការបកប្រែពាក្យបច្ចេកទេសពីភាសាបារាំងមកភាសាខ្មែរ សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ស្ថាបត្យកម្មខ្មែរបុរាណ និងសម័យទំនើប។

២. Le Courrier de l’UNESCO ̏ Défis 2030; Un agenda pour tousʺ: ជាព្រឹត្តិបត្រប្រចាំត្រីមាស របស់យូណេស្កូ UNESCO ដែលប្រមូលផ្តុំនូវអត្ថបទផ្សេងៗ ដែលទាក់ទងទៅនឹងបរិស្ថាន សង្គម ការអប់រំ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ល។

៣. Annual Report on the Research and Restoration Work of the Western Prasat Top :របាយការណ៍ប្រចាំឆ្នាំ ២០១៦ ស្ដីពីការស្រាវជ្រាវ និងជួសជុលប្រាសាទតុបខាងលិចរបស់វិទ្យាស្ថាន NARA។

៤.កម្រងសកម្មភាពការងាររបស់អាជ្ញាធរអប្សរាក្នុងឆ្នាំ ២០១៦ ដែលបានផ្សាយនៅលើគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរអប្សរា។ ឯកសារនេះ គឺបរិយាយអំពីសកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារអភិរក្សជួសជុល ការគ្រប់គ្រងបរិស្ថាន ទឹកនិងព្រៃឈើ ការបណ្តុះបណ្តាល ការងារស្រាវជ្រាវ ការគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍសហគមន៍ ទំនៀមទម្លាប់អ្នកស្រុកអង្គរ និងអត្ថបទជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំណេះដឹងអំពីអង្គរ។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរា មានតម្កល់សៀវភៅ និងឯកសារស្រាវជ្រាវជាង២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា។

មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ហើយបណ្ណាល័យបើកទទួលសាធារណជនរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល៕








ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ចំអក​លើក្តី​កង្វល់​របស់​សហភាព​អឺរ៉ុប​អំពីល្បែង​សង្រ្គាម​ជាមួយនឹងចិន

បណ្តា​ប្រ​ទេស​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​បាន​ព្រួយបារម្ភ​អំពី​ល្បែង​សង្រ្គាម​របស់​រុស្ស៊ី ​ស្តី​ពី​ព្រំ​ដែន​​របស់​ពួក​គេ​ ដែល​ងប់​នឹង​ការភ័យ​ខ្លាច​ នេះ​បើ​យោង​តាម​អ្នក​ការ​ទូត​កំពូល​របស់​រុស្ស៊ី។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រ​ទេស​ចិន លោក Andrei Denisov បាន​និយាយ​ថា បណ្តា​មេ​ដឹក​នាំ​អន្តរ​ជាតិ​គួរ​តែ​​ចាត់​ទុក​​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​រួម​គ្នារវាង​រុស្ស៊ី និង​ចិន​នៅ​សមុទ្រ​ Baltic ថាជា «​រឿង​ថ្មី​​» និង​ជា​ឱ​កាស​សម្រាប់​​នាវា​ជើង​ទឹកចិន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

សម​យុទ្ធ​ដែល​នឹង​​កើត​ឡើងជា​ពីរ​តំណាក់​កាល​នៅក្នុង​​រដូវ​ក្តៅនេះ​​​ គឺ​បាន​រួម​ចំណែក​ដល់​ការ​សម្រេច​ចិត្ត​របស់​អង្គ​ការ NATO ដើម្បី​ជំរុញ​ឱ្យ​មាន​ការដាក់​​ពង្រាយ​កង​ទ័ពរបស់​ពួក​គេ​នៅ​អឺរ៉ុប​ភាគ​​ខាង​កើត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ។ លោក Denisov បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដែល​គ្រប់​គ្រង​ដោយ​វិមាន​ក្រឹម​ឡាំង​ថា «​អ្នក​ដែល​ងប់​នឹង​ការ​ភ័យ​ខ្លាច​ គឺ​ងប់​នឹងការ​ភ័យ​ខ្លាច​តែ​ម្តង។ រឿង​ដែលសំខាន់​នោះ​គឺ​ថា បទ​បញ្ញត្តិ​ដែល​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិ​កា​រ​ណ៍ទាំង​នេះគួរ​ត្រូវ​បាន​គេ​គោរព»។

បើ​យោង​តាម​មន្រ្តីអឺរ៉ុប​ភាគ​ខាង​កើតបាន​ឱ្យ​ដឹង​ថា រុស្ស៊ី​មាន​ប្រ​វត្តិ​រំលោភ​បទ​​បញ្ញត្តិ​មួយ​ចំនួន​ដែ​ល​គ្រប់គ្រង​ការ​ធ្វើ​សម​យុទ្ធ​យោ​ធា។ អគ្គ​លេ​ខា​ធិ​ការ​អង្គ​ការ NATO លោក Jens Stoltenberg បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ថា «​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​មាន​សិទ្ធិ​ធ្វើ​សម​យុទ្ធ​កង​កម្លាំង​​របស់​ខ្លួន ប៉ុន្តែ​រឿង​ដែល​សំខាន់​នោះ​គឺ​ថា ការ​ធ្វើ​សម​យុទ្ធ​នេះ​ត្រូវបាន​ធ្វើ​ឡើង​តាម​មធ្យោបាយ​មួយ​ដែល​អាច​ព្យាករណ៍បាន និងមាន​តម្លាភាព។ យើង​រំពឹង​ថា ​រុស្ស៊ី​​នឹង​​អនុ​វត្ត​ន៍​តាមកាតព្វ​កិច្ច​ទាំង​នោះ ពួក​គេ​មិន​ទាន់​បាន​​ធ្វើ​រឿង​នោះ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ​ ប៉ុន្តែ​យើង​រំពឹង​ថា ពួក​គេ​នឹង​ប្រ​កាន់​ខ្ជាប់​កាតព្វ​កិច្ច​អន្តរ​ជាតិ​ ដែល​ទាក់​ទង​ទៅ​នឹង​តម្លា​ភាព​ និង​ការ​ត្រួតពិនិត្យ​ជា​លក្ខ​ណៈ​អន្តរ​ជាតិ​នៃ​ការ​ធ្វើ​សម​យុទ្ធ Zapad។ ​អង្គ​ការ NATO មាន​តម្លា​ភាព ​នៅ​ពេល​ដែល​ខ្លួន​​និយាយ​ដល់​ការ​ធ្វើ​សម​យុទ្ធ​របស់​យើង។ យើង​មិន​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​បាន​ជាក់​លាក់​នូវ​អ្វី​ដែល​រុស្ស៊ីកំពុង​តែ​ធ្វើ​នោះ​ទេ ក៏​ប៉ុន្តែ​យើង​កំពុង​តែ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ក្រអឺត​ក្រ​ទម​របស់​រុស្ស៊ី»។

បើយោង​តាម​អ្នក​ជំនាញ​ផ្នែក​សន្តិ​សុខ​ជាតិ​ដែល​បាន​សរសេរ​នៅ​ក្នុង​ទស្សនាវដ្តី The National Interest បាន​ឱ្យ​ដឹង​ថា ល្បែង​សង្រ្គាម​របស់​រុស្ស៊ី​កាល​ពី​ឆ្នាំ​២០១៣ គួរ​ឱ្យកត់​សម្គាល់​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​​ទិដ្ឋ​ភាពយុទ្ធ​វិ​ធី​ជាច្រើន​បាន​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការ​អន្តរាគមន៍​ជា​យ​ថា​ហេតុ​ណា​មួយ​របស់​រុស្ស៊ី​ ទាំង​នៅ​តំបន់ Crimea និង​ប្រ​ទេស​ស៊ី​រី​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទំនាក់​ទំនង​សហ​រដ្ឋ​អា​មេ​រិក និង​រុស្ស៊ី​មាន​ភាព​រង្គោះ​រង្គើក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ រដ្ឋ​ការ​របស់​លោក Obama បាន​រិះ​គន់​ប្រ​ធា​នា​ធិប​តី​រុស្ស៊ី លោក Vladimir Putin ចំពោះ​ការ​បោះ​ឆ្នោត​ពុក​រលួយ ខណៈ​ដែល​សមា​ជិក​សភាសហ​រដ្ឋ​អា​មេ​រិកដែល​មាន​មុខ​មាត់​បាន​ចោទ​ប្រ​កាន់​លោក Putin ថា​ បាន​សម្លាប់​អ្នករិះ​គន់​ក្នុង​ប្រទេស​​របស់​គាត់​។ ហើយ​តំបន់​ជាប់​របស់​រុស្ស៊ីនៅ​ Crimea និង​ការ​ឈ្លាន​ពាន​នៅក្នុង​​​ប្រ​ទេស​អ៊ុយ​ក្រែនភាគ​ខាង​កើត​ គឺ​បាន​បង្ក​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ ដែល​ក្រុម​ការ​ងារ​របស់​ប្រ​ធា​នា​ធិប​តី Trump បាន​សន្យា​ថា​នឹង​នៅ​តែ​ដាក់​ឱ្យ​អនុ​វត្ត​ន៍​រហូត​ដល់​រុស្ស៊ី​ដក​ចេញ៕​

(​ប្រភព: Business Insider ចុះថ្ងៃទី០៤ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧)


ប្រធានអង្គការសហ​ប្រជាជាតិ​ថ្កោលទោស​កូរ៉េខាងជើង​ ដែលកាន់​តែធ្វើឱ្យ​មានស្ថានភាព​ដ៏គ្រោះថ្នាក់​

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា អំពីការបាញ់មីស៊ីលកូរ៉េខាងជើង ដែលក្រុងព្យុងយ៉ាងអះអាងថា គឺជាការសាកល្បងដ៏ជោគជ័យលើកទីមួយនៃការបាញ់មីស៊ីលឆ្លងទ្វីប។​

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នេះគឺជាទង្វើដែលជាការរំលោភបំពានដ៏គឃ្លើន ទៅលើសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏ជាការបង្ហាញនូវស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរឡើង»។​

គាត់បាននិយាយបន្ថែមថា «មេដឹកនាំកូរ៉េខាងជើងត្រូវតែបញ្ឈប់សកម្មភាពបង្កហេតុ ហើយត្រូវតែគោរពយ៉ាងពេញលេញទៅនឹងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានរំពឹងទុកថា នឹងជួបប្រជុំគ្នានៅថ្ងៃពុធសម្រាប់កិច្ចប្រជុំបិទទ្វារជាបន្ទាន់មួយ បន្ទាប់ពីក្រុងព្យុងយ៉ាងប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលបាញ់ឆ្លងទ្វីបលើកដំបូង។​

ឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley កាលពីថ្ងៃអង្គារបាននិយាយតាមទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតចិនលោក Liu Jieyi ដែលជាអ្នកកាន់តួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែនេះ ដើម្បីពាំនាំសំណើររបស់អាមេរិកឱ្យមានកិច្ចប្រជុំបន្ទាន់មួយ។​

លោក Guterres បាននិយាយសង្កត់ធ្ងន់ថា «សារៈសំខាន់នៃការរក្សាបាននូវឯកភាពរបស់សហគមន៍អន្តរជាតិនៅក្នុងការលើកមកដោះស្រាយ ចំពោះភាពប្រឈមដ៏ធ្ងន់ធ្ងរនេះ» នេះជាការនិយាយទៅដល់ភាពមិនចុះសម្រុងគ្នាងរវាងអាមេរិក និងចិន។​

ចិនកំពុងតែជម្រុញឱ្យមានការជួបពិភាក្សារវាងមហាអំណាចពិភពលោក និងកូរ៉េខាងជើងស្តីពីការលុបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក៏ប៉ុន្តែអាមេរិកនៅតែរក្សាគោលជំហរថា ក្រុងព្យុងយ៉ាងត្រូវតែបញ្ឈប់ជាមុនសិននូវការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។​

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un បានឈរពិនិត្យមើលការបាញ់មីស៊ីលឆ្លងទ្វីបដែលគេហៅឈ្មោះថា Hwasong-14 missile ដែលអ្នកជំនាញនិយាយថា សព្វាវុធបែបនេះអាចបាញ់ដល់កោះ Alaska របស់អាមេរិក។

វិទ្យាស្ថានវិទ្យសាស្រ្តការពារជាតិកូរ៉េខាងជើងបាននិយាយថា សព្វាវុធប្រភេទនេះអាចបាញ់ដល់រយៈកម្ពស់ ២,៨០២ គីឡូម៉ែត្រ ហើយអាចហោះបានរយៈចម្ងាយ ៩៣៣ គីឡូម៉ែត្រ។

មេបញ្ជាការអាមេរិកប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិកនិយាយបញ្ជាក់ពីការសាកល្បងនេះ ហើយនិយាយថា មីស៊ីលបាញ់ឆ្លងទ្វីបនេះបានហោះរយៈពេល ៣៧ នាទី មុនពេលធ្លាក់ទៅក្នុងសមុទ្រជប៉ុន។ ខ្លួនបាននិយាយថា ការបាញ់សព្វាវុធនេះមិនបានគំរាមដល់អាមេរិកខាងជើងទេ។​

ការសាកល្បងបាញ់សព្វាវុធនេះ បានកើតមានឡើងចំពេលដែលអាមេរិកប្រារព្ធថ្ងៃឯករាជ្យជាតិរបស់ខ្លួន ដែលធ្វើឱ្យប្រធានាធិបតី Donald Trump ទាមទារចិនដែលជាសម្ព័ន្ធមិត្តការទូតដ៏ចម្បងរបស់កូរ៉េខាងជើង ដើម្បីឱ្យបញ្ចប់នូវទង្វើមិនបានការនេះ៕

ប្រភព: AFP/ Channel News Asia ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧

ដើម្បីបង្កើនគម្របព្រៃឈើ ​នៅក្នុងខេត្តរតនគិរី​ អាជ្ញាធរ​ខេត្តបាន​ចែកកូន​ឈើប្រណីត​៣៥០០ដើម​ ជូន​ប្រជាពលរដ្ឋដាំ​

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ កូនឈើប្រណីតចំនួន ៣៥០០ដើម ត្រូវបានលោក មួង ប៉យ ប្រធានក្រុមប្រឹក្សា ខេត្តរតនគិរី និង លោក ថង សាវុន អភិបាលខេត្តរតនគិរី យកចែកជូនប្រជាពលរដ្ឋដាំនៅតាមន្ទីរស្ថាប័ន ព្រមទាំងសាលារៀន ដើម្បីបង្កើនគម្របព្រៃឈើនៅក្នុងខេត្តរតនគិរី។
លោក មួង ប៉យ បានឲ្យដឹងថា ការចែកកូនឈើប្រណីតយកទៅដាំនេះ បានធ្វើឡើងក្នុងពេលដែលខេត្តរតនគិរីប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២១០៧ នៅទំនប់វារីអគ្គិសនីអូរជុំ ស្ថិតក្នុងភូមិត្រងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដោយមានការចូលរួមពីសិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ សរុបជាង៣០០នាក់។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រុក្ខទិវា ៩ កក្កដា ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសគំនិតដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឲ្យបានយល់កាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត អំពីអត្ថប្រយោជន៍ នៃព្រៃឈើ ការពារព្រៃឈើ ខ្យល់ព្យុះ ព្រៃឈើរការពារការហូរច្រោះដី ព្រៃឈើរជួយឲ្យមានទឹកភ្លៀង ព្រៃឈើរជួយការពារប្រភពទឹក និងព្រៃឈើរជួយទ្រទ្រង់ការពារមនុស្សសត្វ។ លោកបានបញ្ជាក់ថា កូនឈើដែលចែកជូនមន្ទីរ អង្គភាព និងប្រជាពលរដ្ឋក្នុងថ្ងៃនេះ រួមមានបេង នាងនួន ធ្នង់ សរុបជាង៣៥០០ដើម សម្រាប់ធ្វើការដាំលើផ្ទៃដីទំនប់ ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងឲ្យដឹងថា ទិវាពលកម្មដាំកូនឈើជាប្រពៃណីជាតិ គឺជាការអនុវត្តន៍នូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋភិបាល ក្នុងកិច្ចការ ការពារធនធានធម្មជាតិ ជាពិសេសក្នុងគោលដៅគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញ ពីព្រោះថាព្រៃឈើ មានតម្លៃយ៉ាងធំធេង សម្រាប់មនុស្សជាតិ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិត របស់ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ច។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។
អភិបាលខេត្តរតនគិរី បានបន្តថា ព្រៃឈើជាប្រភពនៃជីវិត ជាប្រភពនាំមកនូវទឹកភ្លៀង ជាជម្រកដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសត្វព្រៃគ្រប់ប្រភេទ ផ្តល់ជាវត្ថុធាតុសម្រាប់ជាឱសថបុរាណ ផលិតជាប្រភេទសេវាកម្មសង្គមដ៏មានតម្លៃ។ ទន្ទឹមនេះ ព្រៃឈើជាប្រភពមួយដ៏សំខាន់ ក្នុងការផ្តល់ស្បៀងអាហារ ក្នុងកាលៈទេសៈ ស្រុកមានគ្រោះទុរភិក្សរាំងស្ងួត ដោយផ្តល់ជា ផ្លែឈើ និងសាច់សត្វជាដើម។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ដាំដើម ឈើគ្រប់ប្រភេទឲ្យបានច្រើន នៅតាមវត្តអារាម តាមភូមិដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងនេះ ឲ្យដុះលូតលាស់ឡើងជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាតិ លើពិភពលោកសម្រាប់ មនុស្សជំនាន់ក្រោយផងដែរ៕










ដើម្បីសុខភាពប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្ស

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង និងក្រុមការងារ ដោយមានកិច្ចសហការពី អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ បាទី ស្ថិតក្នុងក្រុងបាវិត ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង ១០០ នាក់។
ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
ការទទួលខុសត្រូវលើ«សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ១២៥ ផ្ទាំង ផងដែរ៕





នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងដាក់ចេញនូវទិសដៅឆមាសទី២ ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៧កន្លងទៅនេះ សភាពការណ៍ពិភពលោកមានការប្រែប្រួលបត់បែន និង​ពោរពេញទៅដោយភាពចម្រូងចម្រាសស្មុគស្មាញជាច្រើន ដូចជាបញ្ហាសង្គ្រាមប្រឆាំងភេរវកម្ម បញ្ហាជម្លោះអធិបតេយ្យបញ្ហាវិបត្តិអាវុធនុយក្លេអ៊ែរ ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ​ដោយធម្មជាតិ ព្រមទាំងជំងឺឆ្លងរាតត្បាតផ្សេងៗ បាននិងកំពុងគំរាមកំហែងទូទាំងសកលលោក។
ចំណែកឯសភាពការណ៍ក្នុងប្រទេសវិញ ព្រឹត្តិការណ៍សំខាន់ៗដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសឹង្ហបុរី មីយ៉ាន់ម៉ា ឡាវ នាយករដ្ឋមន្ត្រីវៀតណាម លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្សី និងឥស្សរជនជាន់ខ្ពស់បរទេសជាមិត្ត អញ្ជើញមកប្រទេសកម្ពុជា ព្រមទាំងពិធីបុណ្យជាតិ អន្តរជាតិនានា។ រីឯ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម មានបទល្មើសកើតឡើងក្នុងនោះមានបទឧក្រិដ្ឋ បទមជ្ឈិម បណ្តាល​ឱ្យមនុស្សស្លាប់ រងរបួស និងសម្ភារៈបាត់បង់មួយចំនួន។ មានការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម កូដ​កម្ម ទាមទារតវ៉ាផ្សេងៗ ។ល។
កងរាជអាវុធហត្ថ បានបំពេញការងារ និងធ្វើសកម្មភាពមួយចំនួនដូចជា៖
– ការពារគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំ ពិធីសម្ពោធសមិទ្ធផលនានារបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យផ្សេងៗសរុបចំនួន៥៣.៨៦៩លើក។
– ជួយសម្រួលសណ្តាប់ធ្នាប់របៀបរៀបរយចរាចរណ៍កកស្ទះ ជូនប្រជាពលរដ្ឋ និងការដង្ហែក្បួនទាមទារតវ៉ាផ្សេងសរុបចំនួន៦.៨៦២លើក។
– បានធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ពនៅតាមទីសាធារណៈលទ្ធផល ត្រួតពិនិត្យអាវុធឆ្លងកាត់ កែសម្រួលឯកសណ្ឋានយោធា ដកហូតខោអាវ មួកមួយចំនួន។
– ស្រាវជ្រាវបង្ក្រាបបទល្មើសបានចំនួន១.៣៦៦លើកក្នុងនោះមានអំពើប្លន់ប្រដាប់អាវុធ ឃាតកម្ម រំលោភសេពសន្ថវៈ ជួញដូរមនុស្ស សញ្ចារកម្ម បង្ខាំងមនុស្សដោយខុសច្បាប់ លួច ឆបោក ធ្វើឱ្យខូចខាតដោយចេតនា ហិង្សាដោយចេតនា ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត រំលោភលើទំនុកចិត្ត ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន ដំណាំកញ្ជា ប្រទូសកេរ្តិ៍ខ្មាស់ ក្មេងទំនើង ទទួលផលចោរកម្ម ហិង្សាសហព័ទ្ធ ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ បទល្មើសជលផល។
– បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសចំនួន២.៣៥២នាក់ និងចាប់យកវត្ថុតាងមួយចំនួនកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានី ខេត្តតាមនីតិវិធី។
– សហការពង្រឹងការអនុវត្តច្បាប់និងបទបញ្ជាចំនួន៦.៥៣១លើកមាន៖ ជាមួយនគរបាលជាតិ ស្ថាប័នពន្ធដារ គយនិងរដ្ឋាការ រដ្ឋបាលព្រៃឈើ អង្គការអភិរក្សសត្វព្រៃ អភិរក្សដែនជីវៈចម្រុះ ក្រសួងរ៉ែថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋបាលជលផល កាំកុងត្រូល និងក្រុមចម្រុះ។

ចំពោះការសហការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២៧ សសរ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន១៩៦នាក់ និងចាប់យកវត្ថុតាងរួមមាន រថយន្ត១១៣គ្រឿង គោយន្តកន្ត្រៃ២៣គ្រឿង ត្រាក់ទ័រ០៤គ្រឿង រណារយន្ត២៩គ្រឿង ទោចក្រយានយន្ត២១គ្រឿង ម៉ាស៊ីនជ្រៀកឈើ០៣គ្រឿង ឈើគ្រញូង២០.៧៤០គីឡូក្រាម ឈើប្រភេទលេខ១,២ ចំនួន១.១៦២,៩៩២ម៉ែត្រត្រីគុណ និង១.៥០១ដុំ៕



ត្រាំ​ និងចិន៖ ​ផលវិបាក​សម្រាប់​អាស៊ីអាគ្នេយ៍​

មុន​ពេល​ពិធី​ចូល​កាន់តំណែង​របស់​គាត់​ អ្នក​ជំនាញ​ចិន​បាន​វិនិច្ឆ័យ​ថា ត្រាំ ដែល​ជា​អ្នក​ជំនួញ​ជោគ​ជ័យ​ម្នាក់នោះអាច​ត្រូវបាន “សម្រប” ឲ្យ​ធ្វើ​តាម​ផល​ប្រយោជន៍​របស់​ចិន​ និង​​ជា​យ​ថា​ហេតុ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​ធ្វើ​ជា​មួយ​ជាង​ គ្លីន​តុន។ ភ្លាម​បន្ទាប់​ពី​ជាប់​ឆ្នោត ត្រាំ បាន​បញ្ចប់​ក្តី​រំពឹង​នេះ​ជា​មួយ​នឹង​កាយវិការ​ ពាក្យ​សម្តី ​និង​ការ​សរសេរ​នៅ​ធ្វីតធើ​របស់​គាត់។ បន្ទាប់​​ពី​ទទួល​ការ​ហៅ​ទូរស័ព្ទ​​អបអរសាទរ​​ពី​ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen មក ត្រាំ បាន​​សួរ​ថា ហេតុ​អ្វី​បាន​ជា​​អាមេរិក​ត្រូវ​តែ​គាំទ្រ​ជំហរ “ចិន​តែ​មួយ” និង​ជៀស​វាង​ការ​បង្កើន​​​ទំនាក់ទំនង​ជា​មួយ​តៃវ៉ាន់។
ប្រធានាធិបតី​ ត្រាំ នៅទីបំផុត​ ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឲ្យ​ទស្សនៈ​ដើម​របស់​អាមេរិក​អំពី​គោល​នយោ​បាយ “ចិន​តែ​មួយ”។ ទោះបីជា​កិច្ចប្រជុំ​កំពូល​មិន​ផ្លូវ​ការ​របស់គាត់​ជា​មួយ​ប្រធានាធិបតី​ ស៊ី ជីនពីង​​ នៅ​ដើម​ខែមេសា​មាន​ដំណើរការ​ល្អ​ក៏​ដោយ ក៏​ ត្រាំ បាន​ដាក់​ឲ្យ​សមភាគី​ចិន​របស់​គាត់​ស្ថិត​ក្នុងការ​ការ​ពារ​ដែរ។ គាត់​បាន​បង្ហាញ​ច្បាស់​ថា គាត់​អាច​ចាត់​វិធានការ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ដែល​មាន​ផល​វិបាក​អវិជ្ជមាន​ធ្ងន់​ធ្ងរ​​ចំពោះ​ចិន។ ប៉េកាំង​ត្រូវ​បាន​បង្ខំ​​ឲ្យ​ត្រៀម​ដល់​​ភាព​មិន​ច្បាស់​លាស់​ពី​ប្រធានាធិបតី​អាមេរិក​ម្នាក់ដែល​ផ្តល់​តម្លៃ​ដល់​ភាព​មិន​អាច​ប៉ាន់​ស្មាន​ទុក​ជា​មុន ​និង​ភាព​តាន​តឹង​ដើម្បី​សម្រេច​ដល់​គោល​ដៅ។​
បន្ទាប់​​ពី​កិច្ច​ប្រជុំ​នោះ រដ្ឋាភិបាល​ត្រំា​បាន​រក្សា​សម្ពាធនយោ​បាយ​ខ្លាំង​លើ​ចិន​ដើម្បី​ប្រើ​ប្រាស់​អំណាចសេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​បញ្ឈប់​ការ​អភិវឌ្ឍន៍​​​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ក្នុង​ខណៈ​​ដែល​បង្ក​រ​ការ​ភ័យ​ថា នឹង​មាន​ជម្លោះ​នៅ​ឧបទ្វីបកូរ៉េនោះ ប្រធានាធិបតី​ ត្រាំ បាន​សម្តែង​ក្តី​គោរព​ផ្ទាល់​ខ្លួន​គាត់​ដល់​ប្រធានាធិបតី ស៊ី។ គាត់​បាន​សន្យា​ដល់​ក្រុង​ប៉េកាំង​​អំពី​ការ​ទុក​មួយ​អន្លើ​សិន​​នូវ​ការ​ចរចា​​ពី​អតុល្យ​ភាព​​ពាណិជ្ជកម្ម​ធំៗ​របស់​ប្រទេស​ទាំង​ពីរ​ និង​បញ្ហា​សេដ្ឋកិច្ច​ផ្សេងទៀត។​
ភាព​មិន​ច្បាស់លាស់​ថ្មី​របស់​ចិន​លើ​ប្រធានាធិបតី​អាមេរិក​​បាន​បន្ថែម​​ដល់​មូល​ហេតុ​សម្រាប់​ក្រុង​ប៉េកាំង​ក្នុងការ​ជៀសវាង​ យ៉ាង​ហោច​សម្រាប់​ពេល​ឥឡូវនេះនូវ​ការ​ពង្រីក​ទឹកដី​ដ៏ចម្រូង​ចម្រាស់​នៅ​សមុទ្រ​ចិនខាងត្បូង។ ថាតើ​រឿង​នេះ​នឹង​មាន​រយៈ​ពេល​យូរ​ប៉ុន្មាននោះ​គឺ​​ស្ថិត​នៅ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ។​
ជាង​នេះទៅទៀត ការជាប់​រវល់​​របស់​រដ្ឋការ ត្រាំ ជា​មួយ​នឹង​កូរ៉េខាង​ជើង​និង​ចិន​នោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រសាត់​អណ្តែត​​ក្នុងគោល​នយោ​បាយ​អាមេរិក​នៅ​អាស៊ីអាគ្នេយ៍។ ត្រាំ និង​មន្ត្រី​របស់​គា​ត់​បាន​ប្រកាស​បញ្ចប់​គោល​នយោ​បាយ “ងាក​កម្លាំង​ទៅ​អាស៊ី” របស់​រដ្ឋការ​ អូបាម៉ា​ និង​លប់​ចោល​​​គោល​នយោ​បាយ​សេដ្ឋកិច្ច​ដ៏សំខាន់​នោះគឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក។​
អ្វីដែល​មាន​នៅ​ក្នុង​គោល​នយោបាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់ ត្រាំ​ នោះ​បាន​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់​​​យឺតយ៉ាវ​ និង​​​ចោះៗ​ដោយ​សារតែ​​រដ្ឋការ​ដែល​មិន​មាន​មន្ត្រី​គ្រប់​គ្រាន់ ​​និង​គ្មាន​ទស្សនៈ​យុទ្ធ​សាស្ត្រ​ច្បាស់លាស់។ ទើប​តែ​ពេល​ថ្មី​ៗ​នេះទេ​ដែល​ពួក​គេ​ចាប់​ផ្តើម​​បង្ហាញ​​ចំណាប់​អារម្មណ៍​ក្នុងការមាន​ទំនាក់​ទំនង​វិជ្ជមាន​ជា​មួយ​អាស៊ី​អាគ្នេយ៍។​
ស្តីពីជម្លោះ​នៅ​សមុទ្រ​ចិនខាងត្បូវ រដ្ឋាភិបាល​ ត្រាំ បានជ្រើស​យក​វិធី​សាស្ត្រ​​ប្រុង​ប្រយ័ត្ន​។ ខ្លួន​បាន​ជៀសវាង​​មួយ​រយៈ​នូវ​ការ​អនុវត្ត​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ម្តងម្កាល​ដោយ​នាវា​ជើងទឹក​អាមេរិក​ដែល​មាន​គោល​ដៅ​ប្រឆាំង​នឹង​សណ្ឋា​ន​កោះ​របស់​ចិន​ដែល​បាន​ចាត់​ទុក​ថា ខុស​ច្បាប់​ដោយ​តុលាការ​មជ្ឈត្តិកម្ម​អន្តរជាតិ​នៅ​ឆ្នាំ ២០១៦។ នៅ​ឥណ្ឌូនេស៊ី អនុប្រធានាធិបតី Pence បាន​លើក​ឡើង​នូវ​កា​រ​ប្តេជ្ញាចិត្ត​របស់​អាមេរិក​លើ​ “ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌” ជា​មួយ​ឥណ្ឌូនេស៊ី ជា​ប្រទេស​មួយនៅ​អាស៊ី​ដែល​មាន​ពាណិជ្ជកម្ម​លើស​​ជា​មួយ​អាមេរិក ​និង​ស្ថិត​ក្រោម​ការពិនិត្យ​ឡើង​វិញ​ដោយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក។​
បញ្ហា​សិទ្ធិមនុស្ស​នៅ​អាស៊ីអាគ្នេយ៍​ មាន​តាំងពី​រឿង​ការ​កាន់អំណាច​​ផ្តាច់ការ​​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​ និង​ការ​មាន​កម្លាំង​ខ្លាំង​របស់​របបកុម្មុយនីស្ត​នៅ​វៀតណាម​​រហូតដល់​រឿង​ការ​បង្ក្រាប​ដ៏​ចម្រូង​ចម្រាស់​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មី​មីយ៉ាន់ម៉ា​លើ​សហគមន៍​ Rohingya ដែល​ត្រូវ​បាន​គេ​​​សង្កត់សង្កិន បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ណាស់​ពី​រដ្ឋបាល​ ត្រាំ ជាង​ពី​រដ្ឋបាល​មុនៗ។ ការ​អញ្ជើញរបស់​ប្រធានាធិបតី​នាពេល​ថ្មីៗ​នេះ​ដល់​​មេដឹកនាំ​ហ្វីលីពីន​ និង​ថៃ​នោះ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ថ្មី​របស់​អាមេរិក​លើ​បញ្ហា​សិទ្ធិ​មនុស្ស។​
មន្ត្រី​​អាស៊ី​អាគ្នេយ៍​​​ត្អូញ​ត្អែ​​ត្រឹម​ត្រូវ​ថា ពួក​គេ​មាន​សមភាគី​តិច​តួច​ណាស់​នៅ​ក្នុង​រដ្ឋការ​របស់​ត្រាំ ជា​ពិសេស​នៅក្នុង​ក្រសួងការបរទេស ​និង​ការ​ពារជាតិ ដោយ​សារតែ​​ភាព​យឺត​យ៉ាវ​ខ្លាំង​របស់​រដ្ឋបាល​នោះ​ក្នុងការ​តែងតាំង​មន្ត្រី។ នៅពេល​ពួក​គេ​កំពុង​រង់ចាំ អ្នកដែល​ស្វែង​រក​យុទ្ធ​សាស្ត្រ​អាមេ​រិក​ដែល​មាន​សមាហរណ​កម្ម​ល្អ​មក​លើ​តំបន់​អាស៊ី​អាគ្នេយ៍​​នោះ​ទំនង​ជា​មាន​ការ​ខក​ចិត្ត។ ដោយ​មានការ​ទប់​ស្កាត់​វិបត្តិ​មិន​រំពឹងទុក​ណា​មួយនោះ ការ​ជាប់​រវល់​​ខ្លាំង​របស់​រដ្ឋបាល​ត្រាំ​លើ​ចំណុច​អាទិភាព​ផ្សេង​ៗទៀត​នោះ​ហាក់ដូចជា​នឹង​បន្ត​​ទៀត​សម្រា​ប់​អនាគត​ខាង​មុខ។
ក្នុង​បញ្ហា​សំខាន់​ៗ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហាក់បីដូចជា​មាន​កិច្ច​ព្រមព្រៀង​ទូលាយ​នៅ​ក្នុង​រដ្ឋាភិបាល​ ត្រាំ អំពី​ការ​ចាំបាច់​ក្នុងការ​ពង្រឹង​​ជំហរ​សន្តិសុខ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​និង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំង​មូល។ សំណើរ​បង្កើនចំណាយ​ការពារជាតិ​​​របស់​ប្រធានាធិបតី​ ត្រាំ ​នោះ​នឹង​គាំ​ទ្រ​ដល់​ការ​តាក់​តែ​ងច្បាប់​របស់​សភា​ដូចជា​​ ការ​ផ្តួច​ផ្តើម​គំនិត​ស្ថិរ​ភាព​តំបន់​អាស៊ីប៉ាស៊ី​ហ្វិក (Asia Pacific Stability Initiative) និង​ច្បាប់​​ផ្តល់​ទំនុក​ចិត្ត​​អាស៊ី (Asian Reassurance Initiative Act)។
ប៉ុន្តែ ការ​សម្រេច​បាន​ជំហរ​​បង្រួបបង្រួម​និង​ចីរភាព​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អាមេ​រិក​ ជា​មួយ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​កន្លែង​ផ្សេង​នោះ មើល​ទៅ​មាន​ការ​លំបាក​ជាង​​បញ្ហា​សន្តិ​សុខ​និង​គោល​នយោ​បាយ​ការបរទេស។ មន្ត្រី​សំខាន់​ៗ​មាន​ប្រវត្តិ​មិនចុះ​សម្រុងគ្នា​។ អ្នក​ខ្លះ​មាន​ប្រើ​សម្តី​វោហារសាស្ត្រ​ក្នុង​យុទ្ធ​នាការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​សន្យា​​ចាត់​ការ​យ៉ាង​ចាស់​ដៃ​ជា​មួយ​បណ្តារដ្ឋ​ដែល​ “ចាត់​ទុក​អាមេរិក​មិន​ស្មើភាព” និង​ “ដណ្តើម​ការងារ” ពី​កម្មករអាមេរិក។ អ្នក​ផ្សេង​ទៀត​​បាន​ប្រកាន់​ភ្ជាប់​នឹង​​ទ្រឹស្តី​​អភិរក្ស​របស់​ពួក​សាធារណរដ្ឋ​នៅ​ក្នុងការ​គាំទ្រ​​ពាណិជ្ជកម្ម​សេរី។ ​គេ​និយាយថា គោល​នយោ​បាយ​នោះ​បាន​រុញ​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​ទាំង​ពី​រនោះ។
គេ​នៅតែ​រង់ចាំ​មើល​ថា តើ​ឥទ្ធិពល​ច្រើន​កម្រិត​ណា​ដែល​អាមេរិក​នឹង​បាត់​បង់ ឬ​ទទួល​បាន​​នៅ​ក្នុង​បរិយា​កាស​មិន​ច្បាស់លាស់​ទាំង​នេះ​​។ រឿង​ច្រើន​នឹង​អាស្រ័យ​លើ​ថា តើ​ចិន​នឹង​ “បំពេញ​ចន្លោះ​ប្រហោង” នោះ​បាន​ល្អ​កម្រិត​ណា​ ឬ​អន់​កម្រិតណា​ ដោយ​សារតែ​​ភាព​មិន​ច្បាស់លាស់​របស់​គោល​នយោ​បាយអាមេរិក។ សម្រាប់​ពេល​នេះ វា​ហាក់ដូចជា​ថា ការ​ប្រណាំង​ប្រជែង​រវាង​អាមេរិក​​និង​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​នឹង​ទំនង​ជា​នៅតែ​មានភាព​​ខ្លាំង​ក្លានៅពេល​ខាងមុខ៕

ប្រភព៖ East Asia Forum ចុះថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៧

លោក Xi Jinping លើកឡើងកត្តាអវិជ្ជមាននៅក្នុងការហៅទូរស័ព្ទជាមួយលោក Trump

ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់សមភាគីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទថា ទំនាក់ទំនងអាមេរិកចិនបានរងផលប៉ះពាល់ ដោយសារតែកត្តាអវិជ្ជមាននៅក្នុងការ​ហៅ​ទូរស័ព្ទប៉ុន្មានថ្ងៃ បន្ទាប់ពីទង្វើអាមេរិកធ្វើឱ្យចិនខឹងសម្បា។

ទង្វើរបស់អាមេរិកមួយចំនួន ហើយនិងការឆ្លើយតបដោយខឹងសម្បារបស់ចិនបានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតជាមិត្តភាព ដោយសារតែសម្តីរបស់លោក Trump ចាប់តាំងពីការជួបរបស់គាត់ជាមួយលោក Xi នៅរដ្ឋ Florida កាលពីខែមេសា។ លោក Trump បានធ្វើឱ្យក្រុង​ប៉េកាំង​ខឹងកាលពីសប្តាហ៍មុន នៅពេលដែលគាត់យល់ព្រមលក់សព្វាវុធឱ្យតៃវ៉ាន់ មានតម្លៃ ១៣០០ លានដុល្លារជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តដែលនៅផ្តាច់ខ្លួនមួយរង់ចាំការបង្រួបបង្រួមគ្នា។

រដ្ឋបាលអាមេរិកក៏ដាក់ទណ្ឌកម្មលើធនាគារចិន ដោយចោទប្រកាន់ថា បានទទួលលាងលុយកូរ៉េខាងជើង ហើយបានបញ្ចេញនូវកង្វល់អំពីសេរីភាពនៅក្នុងទឹកដីហុងកុងពាក់កណ្តាលស្វយ័ត ហើយ​បានដាក់ប្រទេសចិននៅក្នុងបញ្ជីដែលមានការជួញដូរមនុស្សដ៏អាក្រក់នៅក្នុងពិភព​លោក​។ ស្ថានភាពដ៏ខ្វល់ខ្វាយនៅពេលចុងក្រោយបង្អស់នេះ បានកើតមានឡើងកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុងប៉េកាំងបានវាយប្រហារយ៉ាងធ្ងន់ៗអំពីការបង្កហេតុបែបយោធា និងនយោបាយ ដ៏ធ្ងន់ៗ បន្ទាប់ពីនាវាចម្បាំងអាមេរិកបានបើកទៅជិតកោះមួយ ដែលចិនអះអាងថា ជារបស់ខ្លួន និងតៃវ៉ាន់ ហើយនិងវៀតណាមផងដែរ។

វាគឺជាការដើរល្បាត ស្តីពីសេរីភាពនាវាចរណ៍របស់អាមេរិកលើកទីពីរ នៅសមុទ្រចិនខាងត្បូងចាប់​តាំងពីលោក Trump ចូលកាន់តំណែងកាលពីខែមករា។ អ្នកនាំពាក្យក្រសួងការពារចិន ឈ្មោះ Wu Qian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិនបានបញ្ជូននាវាចម្បាំង ៣ គ្រឿង និងយន្តហោះចម្បាំង ពីរគ្រឿងដើម្បីព្រមាននាវាអាមេរិកឱ្យ ចាកចេញឆ្ងាយ។ លោក Wu បានហៅស្ថានភាពនោះថា ជាទង្វើខុសច្បាប់ ហើយព្រមានថា ចិន និងពង្រឹងការសាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធសម្រាប់ការការពារផ្សេងៗ ពង្រឹងការយាមល្បាតផ្លូវអាកាស និងផ្លូវទឹក ហើយការពារយ៉ាងរឹងមាំនៅអធិបតេយ្យ និងសន្តិសុខ អាស្រ័យទៅលើកម្រិតនៃការគំរាមកំហែង។

ប៉ុន្តែលោក Xi បានព្រមានថា ទំនាក់ទំនងប្រទេសទាំងពីរនេះបានប៉ះទង្គិច ដោយសារតែកត្តាអវិជ្ជមានមួយចំនួន ហើយគាត់សង្ឃឹមថា ប្រធានាធិបតីអាមេរិក និងដោះស្រាយបញ្ហាតៃវ៉ាន់ ដោយ​សមរម្យ យោងទៅតាមគោលការណ៍ចិនតែមួយ។ ការគំរាមកំហែងរបស់កូរ៉េខាងជើងកាន់​តែកើនឡើង។ សេតវិមានបានលើកឡើងថា ការគំរាមកំហែងកាន់តែកើនឡើងពីកម្មវិធីសព្វាវុធ​មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាននិយាយ​ថា «មេដឹកនាំទាំងពីរបានគូសបញ្ជាក់សារជាថ្មីនៅការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េគ្មានសព្វាវុធនុយក្លេអ៊ែរ។

យោងតាមសេតវិមានបាននិយាយថា តាមរយៈការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Abe ក៏បានពិភាក្សាពីការយល់ស្របរបស់ពួកគេទាក់ទងទៅនឹងការដាក់សម្ពាធកាន់តែខ្លាំងឡើងទៅលើរបបកូរ៉េខាងជើង ដើម្បីផ្លាស់ប្តូរផ្លូវដ៏គ្រោះថ្នាក់របស់ខ្លួន។ លោក Trump ក៏បានដាក់សម្ពាធទៅលើលោក Xi ដើម្បីឱ្យប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងការទូតរបស់ចិនទៅលើកូរ៉េខាងជើង ដើម្បីឱ្យកូរ៉េខាងជើងទម្លាក់ចោលកម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែមេដឹកនាំអាមេរិកបាននិយាយកាលពីខែមុនថា ការខិតខំរបស់ចិនបានទទួលបរាជ័យ។

លោក Michael Cole អ្នកសិក្សាស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ ធ្វើការនៅវិទ្យាស្ថាន​នយោបាយចិននៃសាកលវិទ្យាល័យ Nottingham បាននិយាយថា លោក Trump ហាក់ដូចជាដឹងលឿនជាងប្រធានាធិបតីអាមេរិកមុនៗថា ក្រុងប៉េកាំងនឹងមិនជួយដោះស្រាយបញ្ហាកូរ៉េខាងជើងនោះទេ។ លោក Michael Cole បានប្រាប់ទីភ្នាក់ងារ AFP ថា ចិនប្រហែលជាឆ្លើយតបជាបណ្តោះអាសន្ន តាមរយៈការផ្អាក់ទំទាក់ទំនងពីយោធាទៅយោធា ដាក់កំហិតទៅលើក្រុមហ៊ុនអាមេរិក ហើយថែមទាំងដាក់សម្ពាធទៅលើតៃវ៉ាន់។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang និយាយថា ប្រទេសទាំងពីរសម្រេច​ចិត្តដើម្បីឆ្ពោះទៅមុខនូវទំនាក់ទំនងរបស់យើង បើទោះបីជាជួបប្រទះបញ្ហាមួយចំនួនក៏ដោយ៕

(ប្រភព : AFP ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧)


ក្រសួង​ទេសចរណ៍​រៀបចំបង្កើត​បណ្តាញអ្នក​ជំនាញ សាស្រ្តា​ចារ្យ និង​អ្នកស្រាវ​ជ្រាវ ដើម្បី​អភិវឌ្ឍន៍ និងលើកស្ទួយវិស័យទេសចរណ៍

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការបង្កើតបណ្តាញអ្នកជំនាញ សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍ និងពិគ្រោះយោបល់លើនិតិវិធី នៃការប្រឡងប្រណាំង សរសេរអត្ថបទស្រាវជ្រាវទេសចរណ៍ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ លោក ណេប សមុត អគ្គនាយកទេសចរណ៍ បានមានប្រសាសន៍ថា ការបង្កើតបណ្តាញអ្នកជំនាញ សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍នេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលជំនាញទេសចរណ៍។
លោក ណេប សមុត បន្តថា សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍នេះ មានភារកិច្ចចូលរួមសិក្សា ពិគ្រោះយោបល់លើការកសាងឯកសារសម្រាប់គំាទ្រដល់ការបណ្តុះបណ្តាល ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សិក្សាស្រាវជ្រាវ ផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឲ្យបានទូលាយ។
លោកបន្តថា ម្យ៉ាវិញទៀត ក្រុមនេះ ក៏មានតួនាទីសិក្សាលើលទ្ធផល នៃការសិក្សាដែលបានមកពីក្រុមបច្ចេកទេសស្រាវជ្រាវរដ្ឋ និងឯកជន ដើម្បីចូលរួមបង្កើតតាមដានវាយតម្លៃការអនុវត្ត និងកែលម្អយុទ្ធសាស្រ្ត នៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។ លោកបញ្ជាក់ថា បណ្តាញអ្នកជំនាញសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍នេះ នឹងដើរតួនាទីសំខាន់ក្នុងការបង្កើនឧត្តមភាព ភាពប្រគួតប្រជែង និងនិរន្តរភាព នៃការអភិវឌ្ឍន៍វិស័យទេសចរន៍ តាមរយៈផ្តល់របកគំហើញ និងការចូលរួមលើកកម្ពស់ការអប់រំ សិក្សាស្រាវជ្រាវ។
លោក មាន វ៉ាន់ដេត ប្រធាននាយករដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បើកទូលាយចំពោះសាធារណៈជនទូទៅ សាស្រ្តាចារ្យ និស្សិតដែលមានចំណេះដឹង និងជំនាញលើការស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ឲ្យចូលបណ្តាញអ្នកជំនាញសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍នេះ។
លោកបន្តថា អត្ថប្រយោជន៍នៃការចូលរួមក្នុងបណ្តាញនេះ គឺមានឱកាសទទួលបានអាហារូបករណ៍សិក្សាលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច អាចចូលរួមសិក្សាក្នុងគម្រោងស្រាវជ្រាវក្នុងវិស័យទេសចរណ៍ដែលគាំទ្រដោយក្រសួងផ្សេងៗ មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ទាំងផ្នែកសិក្សាធិការ និងជំនាញវិជ្ជាជីវៈទេសចរណ៍។
ជាមួយគ្នានេះ សមាជិកនៃបណ្តាញនេះ ត្រូវបានជ្រើសរើសជាគ្រូឧទេស គ្រូបង្គោលក្នុងការចូលរួម បណ្តុះបណ្តាលជំនាញទេចរណ៍ និងអត្ថប្រយោជន៍ជាច្រើនទៀត។
លោកបានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យទេចរណ៍នេះ ក្រសួងទេសចរណ៍បានចេញប្រកាសមួយ ស្តីពីការគ្រប់គ្រង និងទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលមានវិសាលភាពគ្របដណ្តប់ លើសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់នៅកម្ពុជា៕







រដ្ឋមន្ត្រី​ក្រសួងសុខាភិ​បាល ចុះត្រួត​ពិនិត្យការផ្ត​ល់សេវាជូនអ្នក​ជម្ងឺ និងការ​រៀបចំអគារ​ថ្មីរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត


លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងពិនិត្យការផ្តល់សេវាជូនអ្នកជម្ងឺ និងពិនិត្យការរៀបចំអគារថ្មីដែលជាថវិការបស់រាជរដ្ឋាភិបាល ដើម្បីពង្រីកសេវាពិនិត្យ ព្យាបាលជូនប្រជាជនអោយកាន់តែល្អប្រសើរឡើងថែមទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
នាឱកាសនោះ លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា សមិទ្ធផលថ្មីនេះបង្ហាញពីការរីកចម្រើនរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើការពង្រីកអគារថ្មី ដែលជាថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យទទួលបាននូវការថែទាំ ព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវពង្រីកពី៥០០គ្រែ ទៅ៦០០គ្រែ សម្រាប់មន្ទីរពេទ្យរដ្ឋមួយនេះ។ លោកសង្ឃឹមថា អគារថ្មីនេះអាចគ្របដណ្តប់លើជម្ងឺភ្នែក ជម្ងឺត្រចៀកច្រមុះ ជម្ងឺបំពង់ក សសៃប្រាសាទ សើស្បែកដែលរំលោះពីអគារធំដែលអាចផ្តល់សេវាពេញលេញស្របតាមមន្ទីរពេទ្យថ្នាក់ជាតិ កាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះបាន និងកំពុងផ្តល់សេវាពិនិត្យ និងព្យាបាលដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់។ លោកបន្តថាមន្ទីរពេទ្យបានពង្រីកសេវាកម្មទាំងនេះ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានទទួលការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ចន្លោះពី៦០០ទៅ៧០០នាក់ ក្នុងមួយថ្ងៃជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណជា៦០ភាគរយបានប្រើប្រាស់មូលនិធិសមធម៌របស់រាជរដ្ឋាភិបាល ដោយពិនិត្យនិងព្យាបាលជំងឺមិនគិតថ្លៃ។ លោកបន្តថា អគារថ្មីដែលនឹងសម្ពោធដាក់ប្រើប្រាស់ក្នុងពេលឆាប់ៗនេះ នឹងជួយពង្រឹងសេវាកម្មឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការបំពាក់ឧបករណ៍ពិនិត្យនិងព្យាបាលកាន់តែទំនើប ព្រមទាំងមានការបណ្តុះបណ្តាលជំនាញក្រុមគ្រូពេទ្យឲ្យកាន់តែល្អប្រសើរទៀត។ អគារថ្មីនេះមានកម្ពស់៥ជាន់ និងចំណាយថវិការសាងសង់ប្រមាណជា២លានដុល្លារសហរដ្ឋអាមេរិក៕



(សូមទស្សនាវីដេអូ) សន្ទុះ​នៃកំណើន​គាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស គឺកាន់តែ​បង្ហាញច្បាស់​ពីប្រជាប្រិយភាព​របស់គណបក្ស​ប្រជាជន​កម្ពុជា

កូនឈើសរុបជាង ៣០០ ដើម ត្រូវបានដាំក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ រៀបចំការដាំកូនឈើប្រណិតរួមមាន៖ កូនឈើក្រញូង បេង នាងនួន ឈើទាល គរគី សរុបជាង ៣០០ ដើម នៅបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីដាំកូនឈើនេះ គឺដើម្បីប្រែក្លាយសាលាមួយនេះ ទៅជាសាលាមេត្រីភាពបរិស្ថាន និងបំផុសសិស្សានុសិស្សឱ្យស្រឡាញ់ការដាំដុះ ក្នុងន័យជំរុញការផ្សារភ្ជាប់រវាងមនុស្សនិងធម្មជាតិ៕







ព្រឹត្តិការណ៍នៅថ្ងៃ៥-៦ កក្កដា មិនមែនជារដ្ឋប្រហារទេ ជាការបង្រ្កាបចលនាបះបោរនាំខ្មែរក្រហមចូលភ្នំពេញ និងនាំអាវុធខុសច្បាប់

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០​១៧នេះ បានច្រានចោល នូវការចោទប្រកាន់ថា កងទ័ពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចក្រុមព្រះ ក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ប៉ុន្តែលោកថា ព្រឹត្តិការណ៍នោះ គឺជាការបង្រ្កាបចលនាបះបោរ ដែលសម្តេចក្រុមព្រះបានទិញអាវុធទំ​នើប ហើយនាំកងកម្លាំងខ្មែរក្រហមចូលមករាជធានីភ្នំពេញ ដោយខុសច្បាប់ ដើម្បីបង្កសង្រ្គាមជាថ្មី នៅក្នុងប្រទេសកម្ពុជា។

ការចេញមុខច្រានចោលនូវការចោទប្រកាន់នេះ បានធ្វើឡើងចំថ្ងៃខួបទី២០ឆ្នាំ នៃព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលជាការប៉ះទង្គិចគ្នារវាងកងទ័ពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ និង កងទ័ពរ​បស់គណបក្សហ៊្វុនស៊ិនប៉ិចរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធ នាយករដ្ឋមន្រ្តីទី១ សម័យនោះ ហើយដែលធ្វើឡើងក្រោយពីមានការចុះផ្សាយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលថ្លែងទាមទារឱ្យអាជ្ញាធរ ស្វែងរកយុត្តិធម៌សម្រាប់មន្ត្រីជាន់ខ្ពស់ និងកងកម្លាំងរបស់បក្សរាជានិយមដែលត្រូវបានស​ម្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។

លោក ឈុំ សុជាតិ បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បើសិនជាកងទ័ពដ៏ស្មោះត្រង់របស់លោក ហ៊ុន សែន ទប់ស្កាត់មិនទាន់វេលាទេនោះ កម្ពុជាក៏មិនមានសុខសន្តិភាព និងការអភិវឌ្ឍដល់ពេលបច្ចុប្បននេះដែរ ហើយក៏ប្រហែលជាធ្លាក់ទៅក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃថែមទៀតផង។ លោក បានចាត់ទុក ការនាំទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ និងការនាំចូលអាវុធខុសច្បាប់យ៉ាងច្រើន​មកកម្ពុជារបស់គណបក្សហ៊្វុនស៊ិនប៉ិច សម័យនោះ គឺជាទង្វើរមួយដែលមិនអាចអត់ឱនឱ្យបានឡើយ ហើយកម្លាំងទ័ពដែលស្មោះត្រង់ជាមួយលោក ហ៊ុន សែន ត្រូវតែចេញអន្តរគមន៍ដោះស្រាយឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួប ២០ឆ្នាំ (៥ កក្កដា ១៩៩៧-៥ កក្កដា ២០១៧) ដែលកម្លាំងទ័ពគ្រប់គ្រង​ដោយនាយករដ្ឋមន្រ្តីទី១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងកម្លាំងទ័ពគ្រប់គ្រងដោយ​នាយករដ្ឋមន្រ្តីទី២ លោក ហ៊ុន សែន បានប៉ះទង្គិចគ្នានៅកណ្តាលរាជធានីភ្នំពេញ។ ការសាកកម្លាំងមួយប្រាវធ្វើឱ្យកងទ័ពរបស់សម្តេចក្រុមព្រះ ដែលមានការចូលរួមពីកងទ័ពខ្មែរក្រហមតាមជាយដែនផងនោះ បានចាញ់យ៉ាងដំណំ និងមន្រ្តីជាន់ខ្ពស់ របស់សម្តេចក្រុមព្រះមួយចំនួនត្រូវបានស្លាប់ផងដែរ។ ការផ្ទុះសង្រ្គាមមួយដង្ហើម​ចង្រិតនេះ ធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលអារម្មណ៍នៅដិតដាមជាមួយភ្លើងសង្រ្គាមនៅឡើយនោះ ត្រូវព្រលឹងចុងសក់ ព្រួយបារម្ភខ្លាចទុក្ខវេទនាដោយសារភ្លើងសង្រ្គាមវិលត្រឡប់មកជាថ្មី។

ប្រជាពលរដ្ឋលើកឡើងថា សំណាងដែរ ដែលចម្បាំងពេលនោះ (១៩៩៧) មិនអូសបន្លាយពេលយូរ បើមិនដូច្នោះទេរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលទើបងើបពីសង្រ្គាម ប្រហែលជាត្រូវជួបទុក្ខវេទនាធ្ងន់ធ្ងរទៀតហើយ៕





សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំជាផ្លូវការ ពាក់ព័ន្ធអាជ្ញាធរថៃចាប់បញ្ជូន ពលករខ្មែរត្រឡប់មកវិញ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំជាផ្លូវការពាក់ព័ន្ធ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីអាជ្ញាធរថៃរកឃើញពលករខ្មែរទាំងនោះ ពុំមាន​ឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ​។

យោងតាមលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ នៅព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយភាគីថៃ ត្រូវជួបប្រជុំជា បន្ទាន់ស្ដីពីការផ្លាស់ប្ដូរព័ត៌មាន នៃការចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកកម្ពុជាវិញ ដោយស្នើឲ្យភាគីថៃយកចិត្តទុកដាក់ លើការដឹកជញ្ជូន ការគោរពសិទ្ធិពលរដ្ឋ សុវត្ថិភាព សុខភាព និងស្បៀងអាហារ ឲ្យបានសមស្រប។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចសហការស្រាវជ្រាវ តាមរកចាប់ខ្លួនមេក្លោងដែល នាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដើម្បីចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ស្រប់តាមច្បាប់ជាធរមាន។


សូមអានខ្លឹមសារលម្អិត ក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ជូនអភិបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ដូចខាងក្រោមនេះ៖



នៅថ្ងៃស្អែកនេះ លោក ហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រជុំសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី នៅទីក្រុងសេអ៊ូល

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំ​សន្និសីទ​អន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties – ICAPP) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសកិច្ចប្រជុំនេះ នឹងមានកិច្ច​ប្រជុំ​វេទិកាសំខាន់ៗចំនួនបីដូចជា៖ ទី១ កិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប់ ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយប្រជាធិបតេយ្យ» និង​ «តួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី»។

ទី២ កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់ ដែលមានប្រទេសជាសមាជិកចំនួន២១ ក្នុងចំណោមសមាជិកចំនួន២៣ ប្រទេសនៅអាស៊ី នឹងចូលរួម។ កិច្ចប្រជុំនឹងផ្តោតទៅលើ៖ អនុម័តសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ អាយកាប់ ឱ្យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាអនុប្រធានអាយកាប់ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន, កិច្ចប្រជុំនានារបស់ អាយកាប់ នៅឆ្នាំ២០១៧ និង២០១៨, អនុម័តឯកសារគោល សំរេចបង្កើតក្រុមប្រឹក្សាវប្បធម៌អាយកាប់ ដែលលោក ហោ ណាំហុង បានស្នើរ និងធ្វើជាប្រធានដែលមានប្រទេសចិន ប្រទេសរុស្ស៊ី និងប្រទេសនេប៉ាល់ ជាអ​នុប្រធាន។

ទី៣ កិច្ចប្រជុំលើកទី១ នៃវេទិកានយោបាយអាស៊ី អឺរ៉ុប ដែលក្នុងឱកាសនោះ លោក ហោ ណាំហុង នឹងត្រូវបានស្នើធ្វើជាសហប្រធាននៃវេទិកានយោបាយអាស៊ី អឺរ៉ុប ជាមួយលោក Geoffrey Van Orden មកពីចក្រភពអង់គ្លេស ជាសហប្រធានវេទិកានយោបាយអាស៊ី អឺរ៉ុប។

ក្នុងឱកាសកិច្ចប្រជុំនេះដែរ លោក ហោ ណាំហុង នឹងស្នើរប្រធានបទ «ការតភ្ជាប់អាស៊ី អឺរ៉ុប» បន្ថែមលើប្រធានបទពីរផ្សេងទៀត ដែលអង្គប្រជុំបានលើក៖ «បំរែបំរួលអាកាសធាតុ» និង «នយោបាយប្រជាកលនិយម និងនយោបាយ»៕