Sunday, July 14, 2024

ឯកឧត្តម បួន លឹមហេង អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ



ឯកឧត្តម បួន លឹមហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្វាយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ស្វាយ។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ប្រមាណជាង១០០នាក់។


ក្នុងពិធីនោះដែរ ឯកឧត្តម បួន លឹមហេង បានមានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងអស់ ត្រូវចុះជួយមូលដ្ឋាន ចាត់តាំងអនុវត្តកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យសម្រេចបានជោគជ័យស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន ហើយក្រុមការងារ ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងជាគំរូល្អដល់សមាជិក និងអ្នកគាំទ្រក៏ដូចជាមហាជនទូទៅ ធ្វើអំពើល្អ និងពិសេសចុះជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពស្មោះត្រង់។


ឯកឧត្តម បួន លឹមហេង ក៏បានជំរុញឱ្យក្រុមការងារគណបក្សទាំងអស់ ចូលរួមអនុវត្តគោលនយោបាយ រក្សាចាស់ បង្កើនថ្មីទៅតាមដំណាក់កាលជាក់ស្តែងនៅតាមមូលដ្ឋាន សំដៅកសាងបាននូវរចនាសម្ព័ន្ធគណបក្សរឹងមាំ ដើម្បីគ្រប់គ្រងពង្រឹង ពង្រីក សមាជិក និងអ្នកគាំទ្រគណបក្សព្រមទាំងធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សឱ្យបានជាប់ជាប្រចាំ។


ឯកឧត្តម បួន លឹមហេង ក៏បានអំពាវនាវឱ្យក្រុមការងារគណបក្ស ត្រូវជួយជំរុញដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅពេលគ្រប់អាយុ ហើយជាពិសេសគឺអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមជាកម្លាំងសាមគ្គីដ៏រឹងមាំជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត៕













សារសម្លេង សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្តីពី ព័ត៌មានប្រឌិតអំពីករណីរថយន្តតាក់ស៊ីអគ្គិសនី



 CMF: 14 July, 2024


ជូនបងប្អូនជនរួមជាតិទាំងអស់ បងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យ បានជ្រាប!


ខ្ញុំទើបទទួលបានព័ត៌មានពីប្រភពច្បាស់ការមួយថា មានមនុស្សមួយក្រុមតូចបាននិងកំពុងធ្វើការកៀងគរបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាល ដោយចោទថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុម​ហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីមកពីវៀតណាម ឬចិន បើកធ្វើអាជីវកម្មតាក់ស៊ី(ដឹកភ្ញៀវ)នៅកម្ពុជា។


អំពីបញ្ហានេះ ខ្ញុំបានបញ្ជាក់ច្បាស់រួចហើយពីពេលកន្លងទៅ រួមទាំងមានសុន្ទរកថារបស់ខ្ញុំ ផ្សាយផ្ទាល់នៅពេលជួបប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដែលខ្ញុំបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលមិនដែលបានផ្ដល់អាជ្ញាបណ្ណឲ្យរថយន្តតាក់ស៊ីអគ្គិសនីពីវៀតណាម ឬពីប្រទេសណាមួយ មកធ្វើអាជីវកម្មនៅកម្ពុជាទេ។ កម្ពុជាមិនទាន់មានតម្រូវការឲ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគ ដើម្បីធ្វើក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ។ ពេលនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ជួយដល់បងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឲ្យបានល្អប្រសើរ។


ខ្ញុំសូមជូនព័ត៌មាននេះឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កកង់បីឲ្យបានជ្រាប និងកុំជឿតាមការញុះញង់របស់ក្រុមមនុស្សមួយក្រុមតូច។


ខ្ញុំសូមបញ្ជូនសារនេះ ទៅក្រុមមនុស្សមួយចំនួនតូចដែលកំពុងបំភ្លៃការពិត ហើយមានចេតនាយកព័ត៌មានមិនពិតនេះប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។ សូមអស់លោកស្ដាប់ឲ្យបានច្បាស់ និងកុំចេះប៉ុន្តែធ្វើល្ងង់ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់អស់លោក។ បើអស់លោកនៅតែបន្តសកម្មភាពយកព័ត៌មានបំភ្លៃការពិតនេះ ធ្វើជាកម្មវត្ថុប្រើប្រាស់ក្នុងចេតនាអាក្រក់ តាមរយៈការប្រមូលផ្ដុំមនុស្សធ្វើបាតុកម្ម អស់លោកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រាជរដ្ឋាភិបាលមិនអាចឲ្យអស់លោកធ្វើអ្វីស្រេចតែចិត្ត ជាពិសេសសកម្មភាពគ្មានសុច្ចរិតភាព ដែលនាំឲ្យបំផ្លាញសណ្ដាប់ធ្នាប់សង្គម ដើម្បីតែកេងចំណេញផលប្រយោជន៍​ខាងនយោបាយរបស់អស់លោកនោះទេ៕