Saturday, January 13, 2024

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា


(សៀមរាប)៖ នៅក្នុងសុន្ទរកថាបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណ ប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍកម្ពុជា។

ជំនួយសំខាន់ៗរបស់ចិន ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាទាំងនោះ ត្រូវបានសម្តេចពិជ័យ បញ្ជាក់ថា មានដូចជា គម្រោងព្រលានយន្តហោះខេត្តសៀមរាប ស្ពានផ្លូវតភ្ជាប់តំបន់ទន្លេមេគង្គ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងព្រលានយន្តហោះតារាសាគរ រួមជាមួយការធ្វើទំនើបកម្មលើវិស័យការពារជាតិ។

«គម្រោងទាំងនេះ សុទ្ធតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅ កម្ពុជា ដែលស្ថិតនៅក្រោមក្របខណ្ឌនៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ប្រការគួរកត់សម្គាល់ ទោះស្ថិតក្នុងអំឡុងពេលកូវីដ-១៩ ជាសកលក៏ដោយ ក៏គម្រោងទាំងនេះនៅបន្តដំណើរការសាងសង់ធម្មតា ដើម្បីសម្រេចជោគជ័យតាមផែនការកំណត់»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យ។

កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងមានភាពពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជា ប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។

សម្តេចបានបញ្ជាក់បន្ថែមថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតបន្ថែមទៀត មួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន ដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីន ពីង ដែលបានបន្តពីព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕

















កម្ពុជា-ចិន រៀបចំពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប

(សៀមរាប)៖ នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងចិន បានប្រកាសរៀបចំ «ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ពីបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ដោយមានការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានរបស់កម្ពុជាច្រើន។ 
កម្មវិធី «ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Li Shulei សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយមានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មន្រ្តីជាន់ខ្ពស់រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការខេត្តផងដែរ៕ (Fresh News)